អ្នកនាំពាក្យ គួរធ្វើជាឆ្កែចចក ឬជាកូនក្រមុំ?

Publié décembre 28, 2016 par HENG Oudom

 

អ្នកនាំពាក្យ ជាគឺបុគ្គលសំខាន់មួយរូបរបស់ស្ថាប័នរដ្ឋនិងឯកជន ឬជាអ្នកតំណាងឲ្យបុគ្គលសំខាន់ណាម្នាក់។ ប្រសាសន៍របស់អ្នកនាំពាក្យឲ្យស្ថាប័នសាធារណៈ គឺមានភាពចាំបាច់ណាស់ ក្នុងឆ្លើយតបនឹងបញ្ហា ឬស្រាយបំភ្លឺចំពោះចម្ងល់របស់សាធារណជន។ ចំពោះសង្គមខ្មែរបច្ចុប្បន្ន តួនាទីជាអ្នកនាំពាក្យ គឺជាតំណែងថ្មីមួយដែលគេទើបតែបានឮច្រើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នកនាំពាក្យមួយចំនួន ហាក់ពុំទាន់អាចបំពេញតួនាទីរបស់ខ្លួនបានពេញលេញនៅឡើយ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យខ្លះ ត្រូវរងការរិះគន់ជាញឹកញយ។ ចំពោះមុខការទិតៀនយ៉ាងដូច្នេះ ទើបអ្នកនាំពាក្យមួយចំនួន បានចោទសួរទៅវិញថា តើអ្នកនាំពាក្យ គួរតែធ្វើជាឆ្កែចចក ឬជាកូនក្រមុំ?

យើងស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/porte-parole-rfi-oudom-28-12-2016

porteparole

អ្នកនាំពាក្យ ដែលគេបៀបប្រដូចថាមានឥរិយាបថដូចជាឆ្កែចចក ព្រោះបុគ្គលនោះ អាចបុគ្គលិកលក្ខណៈកាចសាហាវ។ ទាំងពាក្យសម្តីនិងមុខមាត់ ដែលសម្តែងការឆ្លើយតបចំពោះសាធារណជន ឬអ្នកសារព័ត៌មាន ពុំសមហេតុផល មិនគួរឲ្យចូលចិត្ត ឬក៏មិនអាចទទួលយកបាន។ ពេលខ្លះ អ្នកនាំពាក្យបែបនេះ ឆាប់ប្រតិកម្មខ្លាំង ទាំងទទឹងទិស និងឆ្លើយតបប៉ាតណាប៉ាតណីមិនដឹងទិសតំបន់ ឬក៏ពេលខ្លះ ឆ្លើយឲ្យតែបានឆ្លើយ ប៉ុន្តែពុំអាចយកជាការបាន។ ចំណុចទាំងនេះហើយ ទើបគេប្រដូចអាកប្បកិរយារបស់អ្នកនាំពាក្យមួយចំនួន ទៅជាចរិតរបស់សត្វចចក។

ចំណែក អ្នកនាំពាក្យជាកូនក្រមុំវិញ គឺគេសម្គាល់តាមន័យធៀប សំដៅទៅដល់កូនក្រមុំក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមិនសូវនិយាយស្តី ស្ងប់ស្ងាត់ មិនតបតច្រើន។ ពោលគឺ អ្នកនាំពាក្យ ដែលគ្មានពាក្យនាំ ស្ងាត់ស្ងៀម និងមិនខ្ចីឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ឬសាធារណជនទាល់តែសោះ។

ដូច្នេះ ទាំងអ្នកនាំពាក្យ បែបកូនក្រមុំ និងអ្នកនាំពាក្យបែបឆ្កែចចក គឺទំនងពុំមែនជាការប្រាថ្នាចង់បាន សម្រាប់ការផ្តល់ព័ត៌មានទៅដល់មហាជន និងអ្នកសារព័ត៌មានជាទូទៅនោះទេ។

ដូចដែលគេបានដឹងហើយថា អ្នកនាំពាក្យឲ្យស្ថាប័នសាធារណៈនីមួយៗ គឺមានភាពសំខាន់ចាំបាច់ណាស់ ក្នុងឆ្លើយតបទាន់សភាពការ និងបកស្រាយបំភ្លឺចំពោះរាល់ចម្ងល់របស់សាធារណជន។ ហេតុនេះ អ្នកនាំពាក្យដែលប្រជាពលរដ្ឋចង់បាន និងចង់ឃើញនោះ គឺជាបុគ្គលដែលអាចផ្តល់ព័ត៌មានល្អបំផុត និងសមរម្យអាចទទួលយកបាន។

លក្ខខណ្ឌ ដែលថា អ្នកនាំពាក្យ គឺជាមនុស្សដែលអាចផ្តល់ព័ត៌មានបានល្អ  និងសមរម្យអាចទទួលយកបាន ទាំងពីរចំណុចនេះ គឺបានផ្តល់ជាចំណោទលំបាកខ្លាំងសម្រាប់អ្នកនាំពាក្យតែម្តង។ ព្រោះថា ជាញឹកញយ អ្នកនាំពាក្យខ្លួនឯងត្រូវរងនូវភាពលំបាក ចំពោះមុខការរិះគន់របស់សាធារណមតិផង និងត្រូវរងសម្ពាធមួយជាន់ថែមទៀតពីស្ថាប័នរបស់ខ្លួន ឬពីចៅហ្វាយនាយរបស់ខ្លួន។

ការលំបាករបស់អ្នកនាំពាក្យ មានច្រើនយ៉ាង តែទីមួយបំផុតនោះ គឺជាបុគ្គលដែលត្រូវជួបប្រឈមមុខជាមួយអ្នកកាសែតញឹកញយ ស្ទើរតែច្រើនជាងគេជាងឯងនៅក្នុងស្ថាប័ន និងដែលត្រូវក្បាលមេក្រូ ឬកាំម៉េរ៉ារបស់អ្នកកាសែត ភ្ជុងស្ទើររាល់ថ្ងៃ។ ហើយបើត្រូវធ្វើជាអ្នកនាំពាក្យដែលល្អទៀតនោះ គឺអាចត្រូវឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មានពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា គ្រប់ពេលវេលា មិនថាថ្ងៃឬយប់នោះទេ។ ពេលខ្លះ ក៏ត្រូវឆ្លើយសំណួរដដែលៗសាឡើងវិញថែមទៀតផង។ ទាំងនេះ គឺជាការហត់នឿយ និងជាភាពលំបាកមួយផ្នែករបស់អ្នកនាំពាក្យ។

ភាពលំបាកលើសពីនេះ គឺនៅពេលខ្លះ អ្នកនាំពាក្យ អាចនឹងគ្មានពាក្យសម្រាប់នាំ ដោយសារតែគ្មានព័ត៌មានគ្រប់ជ្រោយពីគ្រប់ច្រកល្ហករបស់ស្ថាប័ន។ ដ្បិតថា នៅក្នុងស្ថាប័ននីមួយៗ មានផ្នែកផ្សេងៗគ្នាជាច្រើន។ អ្នកនាំពាក្យតែម្នាក់ ឬពីរបីនាក់ ទំនងជាមិនអាចក្តាប់បញ្ហាបាន ឬដឹងគ្រប់រឿងនោះឡើយ។

ចំណែកព័ត៌មានខ្លះទៀត បើទោះបីជាអ្នកនាំពាក្យបានដឹងក្តី ក៏ពុំអាចទម្លាយចេញបានដែរ ដោយសារតែជាការសម្ងាត់របស់ស្ថាប័ន ហើយរឿងខ្លះ គឺជារឿងស្មុគស្មាញ ឬក៏ជាបញ្ហាបច្ចេកទេសស៊ីជម្រៅ ដែលពុំអាចពន្យល់ក្នុងរយៈពេលខ្លីបាន ជាដើម។

ទុក្ខលំបាករបស់អ្នកនាំពាក្យ មួយផ្នែកទៀតនោះ គឺអាចនឹងនាំពាក្យខុស ឬនិយាយមិនត្រូវចិត្តចៅហ្វាយនាយ ហើយអាចធ្លាក់តំណែង បាត់បង់តួនាទី ឬក៏ត្រូវបញ្ឈរជើង ផងក៏អាចថាបាន។ ត្រង់ចំណុចនេះ ត្រូវគេមើលឃើញថា កៅអីរបស់អ្នកនាំពាក្យ គឺជាកន្លែងគ្រោះថ្នាក់មួយ។ ពោល បើនិយាយខុស គឺធ្លាក់ភក់ជ្រាំ ហើយពេលខ្លះ បើនិយាយត្រូវ គេសប្បាយចិត្ត អាចបានត្រឹមរួចខ្លួន។

បើទោះបីជា អ្នកនាំពាក្យ អាចនឹងត្រូវប្រឈមច្រើនដូច្នេះក្តី តែជាទូទៅ គេសង្កេតឃើញថា ពួកគេទាំងនោះ អាចនឹងទទួលផលចំណេញ ជាលាភសក្ការៈ ឡើងតំណែងបុណ្យសក្តិ ទទួលកិត្តិយសធំដុំ ចេញមុខចេញមាត់ច្រើននៅក្នុងសង្គម។ ដ្បិតថា អ្នកនាំពាក្យរបស់ស្ថាប័នសាធារណៈមួយចំនួន គឺត្រូវប្រជាពលរដ្ឋជាទូទៅមើលឃើញថា ច្រើនតែនិយាយតម្រូវចិត្តមេកើយ ឬធ្វើយ៉ាងណា និយាយការពារតែផលប្រយោជន៍របស់ស្ថាប័នខ្លួន។

ដូច្នេះ ដើម្បីឲ្យក្រុមអ្នកនាំពាក្យរបស់ស្ថាប័នសាធារណៈ ក្រុមអ្នកកាសែត និងសាធារណជន អាចយល់ពីទុក្ខលំបាករៀងៗខ្លួន គឺគួរឈ្វេងយល់ពីគ្នាទៅវិញទៅមកឲ្យបានច្រើនជាងមុន ឬក៏អាចរកឱកាសជួបជជែកគ្នា ក៏ជាការល្អប្រសើរដែរ។ ក៏ប៉ុន្តែ នៅក្នុងស្ថានភាពដូចសព្វថ្ងៃ អ្នកនាំពាក្យដែលតំណាងឲ្យស្ថាប័នសារធាណ គឺក៏គួរតែពង្រឹងព័ត៌មាននៅក្នុងស្ថាប័នរបស់ខ្លួនឲ្យបានច្បាស់លាស់ ហើយចែកព័ត៌មានឲ្យបានលឿនរហ័ស និងគ្រប់ជ្រុងជ្រោយ។ក្នុងតួនាទីជាអ្នកនាំពាក្យ បើទោះបីជាតិចឬច្រើន គឺចាំបាច់ ត្រូវតែមានពាក្យសម្រាប់នាំ៕

Laisser un commentaire