ពិពណ៌សៀវភៅនៅCCF Salon du livre et de l’édition

Salon du livre et de l’édition
Du 14 au 16 octobre
Hall d’exposition du CCF

Découvrez, pendant 3 jours, les principaux acteurs de l’édition au Cambodge et leurs plus récentes publications (en khmer et français).
Nous donnerons la parole à deux auteurs cambodgiens : M. Seng Dara, jeune écrivain et chercheur qui travaille autour de la question du
témoignage et Mme Oum Suphany, romancière mérite qui compte une trentaine de romans à son actif, dont huit ayant reçu un prix littéraire.

http://www.ccf-cambodge.org/index.php?q=comment/reply/361#comment-form

រៀនតែងនិពន្ធ

ថ្ងៃមិញលោកគ្រូអហំ ប្រធានសមាគមអក្សរសិល្ប៍នូហាច ហៅទូរសព្ទ មកសួរ ដើម្បីឲ្យចូលរួមរៀនវគ្គបណ្តុះបណ្តាលតែងនិពន្ធ រយៈពេលពីរបីថ្ងៃ គឺចាប់ផ្តើមនៅថ្ងៃ១៧ ខែតុលា គឺរៀនតែថ្ងៃអាទិត្យមួយថ្ងៃទេ។ បើលោកអ្នកចាប់អារម្មណ៍ សូមទាក់ទងសមាគមដោយផ្ទាល់ ព្រោះចំនួនសិក្ខាកាមមានកំណត់។

ទាក់ទងលេខទូរសព្ទរបស់សមាគម៖ 023 67 57 997

លោប្រធានសមាគម ឃឹម-ច័ន្ទសុអហំ៖

077 616 656

090 811 777

លោកស្រីភូ-ចរិយា៖

017​​ 615 594

099 901 001

 

ប្រេតបោះបាយបិណ្ឌ

ប្រេតបោះបាយបិណ្ឌ

ពាក្យ​ប្រាំ​ពីរ

ពីមុខធ្លាប់ឮចាស់​ពោលថា                                     យើង​គ្រប់​រូ​បា​បោះឱ្យប្រេត

បង្សុកូលឧទ្ទិសឱ្យគ្នាឆ្អែ​ត                                     កុសល​ដើមហេតុបាននាំ​ទៅ។

សម័យឥឡូវផ្ទុយស្រឡះ                                       ក្មេងបោះខុសចាស់ដោយលំនៅ

ខ្លះក៏បោះត្រូវដល់ញាតិផៅ                                    ខ្លះទៀតល្ងង់ខ្លៅកុបក្បាលគ្នា។

ស្លៀកខោPlayboyជើងបំប៉ុង                                 ចង្កេះរលុងឃើញពុំជា

សក់ក្បាលក្រហមឫកពាលា​                                   ឃើញច្បាស់វេទនាដួងចិត្តក្រៃ។

ត្រចៀកចោះក្រវិល​ដូចស្រី                                     យូកូមខុសដីយប់ទាំងថ្ងៃ

បោះជាន់ជើងគ្នាវាយរញ៉ៃ                                      នេះហើយម្ចាស់ថ្លៃថ្ងៃភ្ជុំបិណ្ឌ។

ចលាចលពាសពេញតែវត្ត                                     ចាស់ទុំរត់ឃាត់វានៅប៉ិន

ឌឺដងវោហារមើលវាគ្មិន                                        ចង់សាកបំណិនមិនប្រណី។

ឯក្រុមស្រីៗមិនណយដែរ                                      ភ្លេចខ្លួនស្រី​ខ្មែរ​ថែ​ទឹកដី

ស្លៀតខោសំពត់Miniខ្លី                                         សក់ក្បាលលេងអីមើលមិនយល់។

ទៅ​វត្តញ៉ែគ្នាសន្សំកម្ម                                          មិត្តសង្សារចាំសេពកាមកល

ឱ្យគេនិន្ទាពុកម៉ែខ្វល់                                            អាសូរកង្វល់ប្រពៃណី។

បើអ្នកបោះបាយសុទ្ធតែប្រេត                                 ជាហេតុនាំ​ខ្លួនធ្លាក់អវចី

ប្រេតបោះឱ្យប្រេតស្ដាយតិចអី                                គួរតែ​លកលៃឱ្យអ្នកអត់។

ឱ្យគ្នាបានហូបចំណីនំ                                         ដែលរៀបសមរម្យព្រោះគ្នាខ្សត់

កុំបោះកុបបាចជាន់សង្កត់                                      ជួយអ្នកកម្សត់បានបុណ្យជាង៕

ថ្ងៃបុណ្យភ្ជុំបិណ្ឌវេណ៨ សៅរ៍ ១២ កញ្ញា ២០០៩

ហេង-ឧត្តម

តំណែងស្នេហ៍​រាជិនី

តំណែងស្នេ​ហ៍រាជិនី

           នៅមុខវត្តបទុមវតី មាន​អ្នកដើរហាត់ប្រាណ អ្នកលក់នំចំណីអាហារ អ្នកសូមទាន ក្មេង​តូច​ខ្លះ​រុញ-ខ្លះ​យួរ​​ធុង​ទឹក​សុទ្ធ ដើរ​ចុះ​ឡើងទៅមកឥតដាច់រយៈ។ ក្រោមដើមពោធិ៍​ខ្យល់ជំនោរត្រជាក់ នា​សិសិររដូវ បាន​បក់​មក​ប្រលែង​លេង​​រំពើតរំពើន​នឹង​ដង​ខ្លួន​ប្រាណ​របស់ខ្ញុំ សក់​របស់​ខ្ញុំបានពត់​ពេន​អែន​អន​ទៅតាម​កម្លាំង​ខ្យល់ ដៃទាំង​គូ​របស់​ខ្ញុំ​​កំពុង​ក្រសោប​វណ្ណកម្ម «តំណែងស្នេហ៍រាជិនី» ដែល​ជា​ពន្លក​ស្នា​ដៃ​ដ៏ក្មេងខ្ចីរបស់ខ្ញុំ។

ខ្ញុំបង្វិលមកក្រប​ខ្នង​សៀវភៅ​ មានសរសេរ​អក្សរ​​ថា៖

«សេចក្តី​ស្រឡាញ់​ជា​អ្វី? ជាស្នេហា ? ជាការលះបង់? លះបង់អ្វី? ពេលវេលា និង អាយុ ជីវិត ?​… ជួន​កាល  យើងស្រឡាញ់ គេ តែ គេមិនស្រឡាញ់យើងវិញ មានពេលខ្លះ គេ ស្រឡាញ់ យើង ប៉ុន្តែ យើង​ពុំ​ស្រឡាញ់ គេវិញក៏មាន ។

សេចក្តីស្រឡាញ់ គឺចង់ឲ្យ  មនុស្ស ដែល យើងស្រឡាញ់ទទួល បាននូវសេចក្តីសុខ ទោះបី ជា គេមាន ក្តីសុខ ជា មួយបុគ្គល ទី៣ ក៏យើង នៅតែ ស្រឡាញ់ គេដែរបើ យើង ស្រឡាញ់ គេ ពិតប្រាកដ មែន យើង​គ្មាន​សិទ្ធិ បៀតបៀន គេថែម ទៀតបើមិនដូច្នេះ មានន័យ ថាយើង ពុំ ស្រឡាញ់ គេពិតនោះទេ។

គ្រប់អ្វី ទាំងអស់ របស់ មនុស្ស ដែល យើងស្រឡាញ់មាន​ គឺជាទី ស្រឡាញ់ របស់យើង។ អំពើល្អ របស់គេ គួរឱ្យសរសើរ និងគោរ ស្រឡាញ់ ឯអំពី អាក្រក់ របស់ គេ​នោះ​ គឺ​គួរ​ឱ្យ​អាណិត អាសូរ​ និង​ចង់​ជួយ​កែប្រែ។

យើងស្រឡាញ់ នរណាម្នាក់ មិន សង្ឃឹម រំពឹងថា ចង់បានអ្វី ពីគេមកវិញ ឬចង់ផ្តល់ អ្វីឱ្យ គេ នោះ ក៏ ទេ ដែរ គឺចង់មាន ន័យ ថា បន្ទាប់ ពីយើងទាំងពីរជួបជុំគ្នា អ្វីៗត្រូវបានផ្លាស់ប្តូរ ចំណុចទន់ ខ្សោយ​ខ្វះ​ខាត​នឹង ត្រូវ បាន កែ ប្រែ បំពេញ ឱ្យបានល្អប្រសើរឡើង ។

ជីវិតរបស់អ្នករស់នៅមិនយូរប៉ុន្មានទេចូរស្រឡាញ់មនុស្ស ដែលស្រឡាញ់អ្នក។ សូម ចង ចាំ ថា ជីវិតរបស់អ្នក មិន ប៉ុន្មានយូរនោះទេ តើអ្នក មានពេលវេលាឯណា ទៅ ស្រឡាញ់ មនុស្ស ដែល មិន​ស្រឡាញ់​អ្នកនោះ?…»

ខ្ញុំបិទសៀវភៅដាក់ចុះលើបង់ ក្បែរគំនរសៀវភៅជាច្រើនក្បាល ដែលខ្ញុំទើបនឹងទិញ ហើយ​ក្រោ​ក​​​​ឈរ​​តម្រង់​​ខ្លួន​ សម្លឹង​ឆ្ពោះ​ទៅ​ទិសខាងកើត ជា​ត្រើយម្ខាង​នៃសេចក្តី​សង្ឃឹមដ៏វែងឆ្ងាយ… អារម្មណ៍​​របស់​​ខ្ញុំ​ស្រមៃ​វិលវល់ក្នុង​ផ្នូរ​អនុស្សាវរីយ៍​នៃយុវភាព​ដ៏ស្រស់​ត្រកាល…។

ស្នូរកណ្តឹងរោទិ៍នៅវិទ្យាល័យ បញ្ជាក់ថាជាសញ្ញាចេញលេង…

សិស្សានុសិស្សទាំងឡាយ រូតរះស្ទុះដើរចេញក្រៅថា្នក់តម្រង់ទៅតូបលក់ចំណីអាហារ។ ក្នុង​ថា្នក់​​ទី​១២​​​ពិសេស​សម្រាប់​សិស្ស​ពូកែ នៅ​សល់​តែ​សិស្សមិនដល់ប្រាំនាក់ផង ដែលនៅអង្គុយជជែក​គ្នា​ពី​​មេរៀន​​ត្រង់​ចំណុច ​​ដែលពួក​គេ​​មិន​បានយល់​ច្បាស់ កាល​ពី​​ម៉ោ​ងមុននេះ។

រតនៈមិត្តរបស់ខ្ញុំអង្គុយ​ក្បែររាជិនី​ ជជែក​គ្នាពី​នេះ​ពី​នោះ​​មិនដាច់សូរ… ខ្ញុំអង្គុយ​នៅ​តុ​ខាង​ក្រោយ មិន​មាននរណា​និយាយ​រក​​សោះ។​ គ្មាន​អីក្រៅ​ពីដក​ដង្ហើម​ធំចំហ​មាត់​ដក-ក​ស្ដាប់​ពួក​គេទាំងពីរ​នាក់ ​ពិគ្រោះ​គ្នា​នោះ​ទេ… យូរៗម្ដងគេ​និយាយ​ចូល​ដល់​រឿង ​ដែល​ពាក់​​ព័ន្ធ​​នឹង​ខ្ញុំ​ ទើប​គេ​​ងាក​មក​សើច​ដាក់ខ្ញុំម្តងៗ…។

យើងទាំងបីនាក់​សុទ្ធតែមានចំណាត់ថា្នក់ប្រដំប្រសងគ្នា ក្នុងតារាង​កិត្តិយស​រៀងរាល់ខែ និង​​បំ​ណាច់​​ឆ្នាំ តាំង​តែ​​ពី​ថ្នាក់​ទី១១​មក​ម្ល៉េះ! ខ្ញុំនិងរតនៈបានស្គាល់គ្នាមកយូរហើយ ព្រោះផ្ទះយើងនៅ​ជិត​គ្នា។ យើង​ជិះ​កង់​​ទៅ​មក​ជា​មួយ​គ្នា​។ ពេល​កង់​របស់ខ្ញុំខូច រតនៈ​ជួយ​ឌុបខ្ញុំទៅរៀន ហើយដល់​ពេល​កង់​របស់​រតនៈ​បែក ខ្ញុំមាន​នាទី​​ជា​អ្នក​ឌុបរតនៈ​​​ទៅ​សាលា​វិញ​ម្តង។

ឆ្នាំនេះ ឪពុកម្តាយរបស់រតនៈទិញម៉ូតូយ៉ាងទំនើបឲ្យគេ ដើម្បីជាការលើកទឹកចិត្តក្នុង​ការ​សិក្សា​ឆ្នាំ​ប្រឡង។ រតនៈ​បាន​យក​ម៉ូតូ​មកឌុបខ្ញុំទៅរៀនរាល់ពេល។ ខ្ញុំចេះខ្លាចក្រែងចិត្តរតនៈ​ដែរ តែ​រតនៈ​​ថា​មិន​អ្វី​ទេ​តែ​រហូត។ យូរៗទៅ យើង​កាន់​តែ​រឹត​ចំណង​មិត្ត​ភាព​ជាមួយ​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។ យើង​ទៅ​សា​លា ទៅ​បណ្ណាគារ ទៅ​បណ្ណា​ល័យ​ជា​​មួយ​គ្នា ដើម្បីទិញសៀវភៅ អាន​សៀវ​ភៅ​​ទាក់​ទង​កម្ម​វិធី​សិក្សា តែ​ពីរ​នាក់​រហូត។ យើងទាំងពីរ​នាក់​ស្រឡាញ់​រាប់​អាន​គ្នា​ចាក់​ទឹ​កមិនលេច រហូត​ដល់​មិត្ត​ភក្តិ​រួម​ថ្នាក់​បង្អាប់​​ឲ្យ​យើង​ថា​ជាហ្គេយ៍(ប្រុសស្រឡញ់ប្រុស) ថាជា​ប្ដី​​ប្រពន្ធនឹងគ្នា… ពេលរៀន​ចប់​រៀប​ការ​​ជាមួយគា្ន​តែ​ម្តង​ទៅ!​ ពួកយើង​ហួស​ចិត្ត​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​មិន​រួច​។

រតនៈ​ និង​ខ្ញុំជាមនុស្សចូលចិត្តកសាងអនុស្សាវវីយ៍ណាស់​។ ពីរនាក់យើងនេះ ជាអ្នក​ស្រឡាញ់​​អនុ​ស្សាវវីយ៍ ស្លាប់​​ក្នុង​មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ… សូម្បីតែ​ចេញ​ណាក៏​ដោយ​ ក៏​យើង​គិត​ដល់​ការ​កសាង​បង្ក​​មនោ​សញ្ចេតនា​អនុស្សា​វវីយ៍​ដែរ។ ជាពិសេសទៀត​នោះ​ យើងសុទ្ធ​តែជ្រើសរើសថ្ងៃ​សម្រាប់​​ទិញ​សៀវភៅ។ យើង​ទៅបណ្ណាគារ​ និងផ្សារ​សម្រាប់​ទិញ​សៀវភៅ​ ភាគ​ច្រើនតែ​ក្នុង​ថ្ងៃ​ពិសេសទេ។ ផុត​ពី​ថ្ងៃ​ពិសេស យើង​កម្រ​ទិញ​ណាស់ ប្រសិន​បើ​ទិញ​ក៏​ទិញ​តិចតួច​ដែរ ​ហើយទាល់​តែ​សៀវភៅ​នោះ​ចាំបាច់​ទៀត ទើប​យើង​សម្រេច​ចិត្ត​ទិញ​។ ថ្ងៃពិសេសខ្លះ ពួក​យើង​អត់​មាន​លុយ​សម្រាប់​រក​ទិញ​សៀវ​ភៅ​ទេ តែ​យើង​ខិត​ខំ​​ធ្វើ​យ៉ាង​ណា​រក​ប្រាក់​ឲ្យបាន ដើម្បីទិញ​សៀវភៅ ​ទោះ​បី​ត្រូវ​អត់​បាយ​ថ្ងៃ​ត្រង់ ក៏​យើង​ត្រូ​វទិញ​ឲ្យបា​ន​ខ្លះ​ដែរ ។

តួយ៉ាងឆ្នាំមុននេះ ថ្ងៃទី១៤កុម្ភៈ២០០៨ យើងជិះកង់ទៅបណ្ណាគារតាំងព្រលឹម ស្រប​ពេល​​នឹង​យុវជន​ជា​​ច្រើន​ចេញ​ម៉ូតូ ឡាន​ឌុបសង្សារដើរលេងកម្សាន្ត ក្រេបរសជាតិស្នេហា​នា​យុវភាព​ដ៏​ស្រស់​បំព្រង​របស់​ពួក​គេ។ ពួក​យើង​ផ្ញើ​កង់​​រួច​រាល់ហើយ ក៏​តម្រង់​ជើង​ឈាន​ចូល​បណ្ណាគារ ដែល​ផ្ទុក​ទៅ​ដោយ​សៀវភៅ​រាប់​រយ​ពាន់​ក្បាល​​ និងប្រដាប់ដោយ​ម៉ាស៊ីន​ត្រជាក់​ទៀត​ផង​ ។

«តោះរតនៈ! ឡើងលើ! ទៅ​ជាន់សៀវភៅប្រលោមលោក តែម្តងទៅកុំឲ្យយូរការ!» ខ្ញុំនិយាយ​ទៅ​មិត្ត​សម្លាញ់​របស់ខ្ញុំ។

«ជីវិនឯង! ពិតជាងប់ងល់នឹងប្រលោមលោកមែនទែន​ហើយ រក​ទិញ​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​​មើល៍​ខ្លះ​ទៅ! ប្រឡង​មិន​មែ​នចេញ​មេរៀន​ប្រលោម​លោក​ឯង​នេះ​ទេ​!» រតនៈ​តប​សង្កត់​ចិត្ត​ដ៏​ពុះ​កញ្រ្ជោល​​របស់ខ្ញុំ។ ខ្ញុំក៏និយាយ​ចំអក​លេងសើច​ជាមួយ​នឹង​រតនៈ​ថា​៖

«គ្នាយល់ហើយ! អរគុណ​ចំពោះ​អនុសាសន៍​របស់​លោក​គ្រូ! លោក​សាស្រ្តាចារ្យ​មហា​បរិញ្ញា​អើយ! អ្នក​វិភាគ​​ខាង​សង្គម​សាស្រ្ត​ និង​ចិត្ត​សាស្រ្ត! គ្នា​ក្រែង​តែ… ដល់វិភាគខ្លាំងពេកទៅ វិភាគ​ដល់​សិច​​សាស្រ្ត​ និង​តណ្ហា​សាស្រ្ត​ទៀតទេ! ឯង​នេះ!»

«ចំមែនឯងនេះ! តោះទៅក៏ទៅដែរ!» រតនៈតប​យល់​ព្រម​ឡើង​លើ ជាន់​ដាក់សៀវភៅ​ប្រលោម​​​​​លោក​ជា​មួយ​ខ្ញុំ​។ យើង​ដើរ​រើសយក​​សៀវភៅតាមការគ្រោងទុកក្នុងក្រដាស ដែលយើង​បាន​កត់​​ទុក​ជា​ស្រេច​នូវចំណង​ជើង​​សៀវ​ភៅ​ដែល​ត្រូវទិញ។ យើង​គិត​តែ​ដើរ​សម្លឹង​សៀវ​ភៅ ដែល​យើង​ត្រូវ​ការ ដោយ​មិន​បាន​ចាប់​អារម្មណ៍​នរណា​ទាំង​អស់​ដែល​នៅ​ក្នុងបន្ទប់ដ៏ធំនោះ។ ខ្ញុំ​ឈានទៅមុខមិនរួច ព្រោះ​​ត្រូវ​ស្ទះ​​ដោយ​នារី​ស្លៀក​ពាក់​សម​រម្យ​ម្នាក់​ កំពុង​បើក​ទំព័រ​សៀវ​ភៅ​ប្រលោម​​លោក​មនោ​​សញ្ចេត​នា​មួយ​ក្បាល។ ខ្ញុំ​ងើប​មើលមុខ​នាង ​ដើម្បី​សុំ​ផ្លូវ ស្រាប់តែ៖

«ហ៎ះអ្ហា​… ជីវិនមកទិញសៀវភៅដែរ! »

សំឡេងរបស់រាជិ​នីស្រួយស្រេះដូចរគាំងមាសឧទាន​មក​កាន់​ខ្ញុំ​។

«បាទ! ចុះរាជិនីមកយូរហើយ? រកបានសៀវភៅអ្វីខ្លះហើយហ្នឹង!»

«ទើបតែមកដល់មុននេះបន្តិចទេ…  អូ! រតនៈមកដែរ! ពិសេសមែនណ៎!»​ នាង​ភ្ញាក់​ពេល​ឃើញ​​វត្តមាន​របស់​រតនៈ​ ដែល​នៅ​ខាង​ក្រោយ​ខ្ញុំ​។

«ហ្នឹងហើយ… រាជិនីមកតែម្នាក់ឯងទេ? មិនបបួលមិត្តដទៃទៀតមកជាមួយផងទេ?» រតនៈ​តប​ ដោយ​ឆ្លៀត​សួរ​បន្ថែម។

«គេដើរលេងជាមួយមិត្តភក្តិគេបាត់អស់ហើយ។ រតនៈអត់ដឹងទេ ថ្ងៃ​នេះ​ជា​ថ្ងៃពិសេស​ណា​!​» នាង​និយាយ​​ទាំង​ញញឹម​ប៉ព្រាយ។

«ដឹង! ថីមិនដឹងនោះ! មកពីថ្ងៃនេះ ជាថ្ងៃពិសេស ទើបមកបណ្ណាគារហ្នឹងណា!» រតនៈ​ឆ្លើយ​វិញ​យ៉ាង​​រហ័ស។

ស្ដាប់គេ​សន្ទនា​គ្នាយូរគ្រាន់ដែរហើយ ខ្ញុំក៏លូកមាត់៖

«និយាយអ៊ីចឹង! រាជិនីមានបានទទួលផ្កាកុលាបពីមនុស្ស​ពិសេសណាម្នាក់នៅ សម្រាប់​ថ្ងៃ​ពិសេស​​ដូច្នេះ បាន​ជា​មក​រក​ទិញ​សៀវ​ភៅតែម្នាក់ឯង?»

«មិនមានទេ បានតែពាក្យជូនពរពីស្រុកបារាំង…» នាងយកដៃខ្ទប់មាត់ ហាក់ដូចជា​មិន​ចង់​ប្រាប់​ រួច​​​និយាយ​​បន្តបង្វែរ​សាច់​រឿង «ហើយ​​​នែ​!​ ថ្ងៃ​ពិសេស​ៗ​ដូចជា ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​នេះ​ជា​ដើម ខ្ញុំ​ចូល​ចិត្ត​​រក​ទិញ​សៀវ​ភៅ​​​ទុកជា​អនុស្សា​វ​រីយ៍​​វិញ​ ល្អ​ប្រសើរ​​ជាង​បាច់​ផ្កា​កុលាប រកអី​កាត់​ថ្លៃ​ពុំ​បានទេ! ខ្ញុំ​ស្រឡាញ់​ថ្ងៃ​ពិសេស… ខ្ញុំចូល​ចិត្ត​ថ្ងៃ​ល្អ​ៗ ព្រោះខ្ញុំមានឱកាស​ចេញ​ដើរ​ទិញ​សៀវ​ភៅ​…»

នាងនិយាយមិនទាន់ចប់ស្រួលបួលផង រតនៈ​កាត់៖

«អូ! ដូចគ្នាម្ល៉េះ! »

«រាជិនីចូលចិត្តទិញសៀវភៅក្នុងថ្ងៃពិសេសដែរ? រតនៈនិងខ្ញុំឲ្យតែថ្ងៃណា រៀងលេខល្អ ឬថ្ងៃ​បុណ្យ​​​ជាតិ ទិវា​អន្តរ​​ជាតិ​នានា យើង​​តែងនាំគ្នាមកទិញសៀវភៅរាល់លើក! មិនដឹង​ស្មាន​ថា ​មាន​រាជិនី​ម្នាក់​​ទៀត ​ដែល​ចូល​ចិត្ត​រកទិញ​សៀវភៅនៅ​ថ្ងៃ​ពិសេស​ដែរ​សោះ​​! ពិត​ជា​មាននិស្ស័យមែន!»

ខ្ញុំនិយាយចប់ យើងសើចរួមគ្នាតិចៗ ។

«អ៊ីចឹង! តោះយើងរកសៀវភៅទៅកុំឲ្យថ្ងៃទាន់ ព្រោះយើងប្រញាប់ទៅបណ្ណាគារ​ផ្សេង​ទៀត រក​ឲ្យ​បាន​ច្រើន​​សម្រាប់​ថ្ងៃ​ពិសេស ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់…»

រតនៈរំលឹកពួកយើងទាំងអស់គ្នា ឲ្យរកសៀវភៅ​ទៅតាមសេចក្ដីប្រាថ្នា។ កុំនៅ​ជជែកគា្ន​ច្រើន​នាំ​​ឲ្យ​ខាត​​​ពេល​ច្រើន ព្រោះ​យើង​​ត្រូវចូលបណ្ណាគារដទៃផ្សេងទៀត។

ខ្ញុំដើររកសៀវភៅ«ស្ដាយ» របស់​លោក ខូ-តារាប្ញទ្ធិ ដែល​​ខ្ញុំ​បាន​អាន​ចប់​ក្នុង​​បណ្ណា​ល័យ​ចំនួន​ពីរ​លើក​មកហើយ តែខ្ញុំមិនទាន់​ទិញ​ទេ ​ទុក​ចាំ​ដល់ថ្ងៃ១៤​កុម្ភៈ​សិន​ទើប​ខ្ញុំ​ទិញ។ ការ​ទន្ទឹង​រង់​ចាំ​របស់​ខ្ញុំ​​បាន​មកដល់ ខ្ញុំយកសៀវភៅ «ស្ដាយ» ពីរក្បាល សៀវភៅ«ប្រវត្តិសាស្ត្រខ្មែរ» ត្រឹង-ងា កំណាព្យ​របស់​​លោក  យិន-លួត គយ-សារុន និង សៀវ​ភៅ​ប្រលោម​លោក​បែប​ចារ​កម្ម​ស៊ើប​អង្កេត​របស់​លោក វង់​-ផឿង ព្រមទាំង​សៀវ​ភៅសិក្សា​កថា និង​ប្រលោម​លោក​​របស់​លោក​ វ៉ាន់-ឌីកាអុន សុទ្ធ-ប៉ូលីន ជា​ដើម សរុប​ទៅ​ជាង​១០​ក្បាល។ រួចខ្ញុំក៏ដើរតម្រង់មករាជិនី៖

«រាជិនី! បានអានរឿង«ស្ដាយ» នេះឬនៅ? ល្អណាស់ណា! ខ្ញុំអានចប់ពីរដងហើយ!»

«អូ! ខ្ញុំកំពុងតែចង់រកផង! មិត្តភក្តិរបស់ខ្ញុំប្រាប់ថាល្អមើល! តម្លៃអប់រំល្អខ្លាំងណាស់! នៅ​ទូ​​មួយ​ណា​? ខ្ញុំទៅ​រក​មួយ​ក្បាល​ដែរ…​»

«មិនចំបាច់ទេ! ​ខ្ញុំយកពីរមកហើយតើ! ចាំខ្ញុំទិញជូនមួយសម្រាប់ទុក​ជាអនុស្សាវរីយ៍​ថ្ងៃ​ពិសេស​ចុះ​ណា!»

«តែ…»

«កុំទើសទាល់អី! យើងមិត្តភក្តិរួមថា្នក់នឹងគា្នទេ​តើ! “ធម្មទានឈ្នះ អស់ទានទាំងពួង” ណា!»

« អ៊ីចឹង! យល់ព្រម… ខ្ញុំដូរជីវិនមួយវិញ នេះសៀវភៅប្រលោមលោក«កុលាបមួយទង» របស់​លោក​ គង់-រង្សី »

«ប្រសើរ​ណាស់អ៊ីចឹង! ខ្ញុំ​ជឿ​ថា​បន្ទាប់​ពីរាជិនី​អានចប់ នឹងយល់កាន់តែច្បាស់ពី ថ្ងៃបុណ្យ​នៃ​សេចក្ដី ស្រឡាញ់ ដែល​យុវ​ជនខ្មែរ​មួយ​ចំនួន ភើ្លតភ្លើន​​យល់​ច្រឡំ​ថា​ជា«ថ្ងៃបុណ្យសង្សារ» ហើយ​ប្រព្រឹត្ត​​អំពើមិន​គប្បី​​ផ្សេងៗ​ ដែល​បណ្តាល​​ឱ្យល្អក់កករ​ដល់​ប្រពៃ​ណីជាតិ… ហើយ​​ចំពោះ​រឿង​«កុលាបមួយទង»នេះ ទោះបី​ជាខ្ញុំ​អាន​ចប់​ទៅ​ហើយ​ក៏​ដោយ ក៏ខ្ញុំត្រូវតែ​រក្សា​ទុក​យ៉ាងស្អាត​ ព្រមទាំង​អ៊ុត​គម្រប​​ប្លាស្ទីក​​ជា​មួយ​រឿង​«ស្ដាយ» ដែល​ខ្ញុំទិញនេះដែរ តែ​ខ្ញុំចង់​ឱ្យរាជិនី​ជួយ​ចារ​នៅ​​ទំព័រទី​មួយ​បន្តិច​​ថា​ ឱ្យ​មកខ្ញុំ! បានទេ?»

«មិនថ្វីទេ ប៉ុន្តែជីវិនក៏ត្រូវ​សរសេរឱ្យខ្ញុំវិញដែរ!»

ខ្ញុំដកប៊ិក​ចេញពីហៅប៉ៅ ហើយសរសេរនៅទំព័រ​ទីមួយនៃរឿង«ស្ដាយ»ថា «ជូនរាជិនី ថ្ងៃ១៤ កុម្ភៈ​២០០៩ ពេលព្រឹក នៅ​បណ្ណាគារពីយុវមិត្តជីវិន» សរសេររួចយើងប្រគល់​ជូនគ្នា​ទៅវិញ​ទៅ​មក​​ហើយ​ ​នាង​ក៏​លា​ពួកយើង​ទៅ​គិតលុយ​ ហើយ​​ទៅផ្ទះមុន​បាត់​ទៅ។

ខ្ញុំឈរឱបសៀវភៅ​ ដែល​នាង​ទើប​នឹង​​ចារ តំណក់ទឹក​ស្លាបប៉ាកកានៅថ្មីៗថា «ជូនចំពោះ មិត្ត ជីវិន សម្រាប់ ថ្ងៃបុណ្យនៃ សេចក្តី ស្រឡាញ់ ទុក ជា​អនុស្សាវរីយ៍ ពីរាជនី» ខ្ញុំត្រេកអរឡើង​ឈរ​ទ្រឹង​ភ្លឹក​រហូត​​ដល់​រតនៈ​មកទះ​ស្មា​ពី​ក្រោយ ហើយ​ហុចសៀវភៅ​«កំណត់​ហេតុស្នេហ៍» របស់​ក្រុមយុវ​អ្នក​និពន្ធ​ខ្មែរ មក​ឱ្យ​ខ្ញុំ​ ព្រម​ទាំង​​ស្រដី​ថា​៖

«នេះនែ! សៀវភៅ«កំណត់ហេតុស្នេហ៍» ដែលគ្នាឃើញឯងអានក្នុង​បណ្ណាល័យ​ថ្ងៃមុន​នោះ​ណា​! រាជិនី! គេ​ទិញ​ឱ្យ​​យើង​ម្នាក់​មួយ ពេលឯងទៅរើសៀវភៅនៅ​ចុងទូ​ខាងនោះ! នាងទុកនឹង​គ្នា​ថា ​ចាំ​ឱ្យឯង​មួយ​ផង… តោះឯងរក​បាន​អស់​នៅ? យើងនឹង​អាល​ទៅ​បណ្ណាគារ​មួយទៀត!»

«អ៎! រួចរាល់ហើយ!…» ខ្ញុំឆ្លើយទាំងស្រមៃ​គិតវែងឆ្ងាយ​…

«អ៊ីចឹងទៅគិតលុយទៅ! គ្នាបានបួន ប្រាំ​ក្បាលដែរ… តោះ!»

«តោះ…» ខ្ញុំតបនឹងរតនៈដូចកាត់​ទៅៗ​ ដោយខ្ញុំកំពុងនឹកគិត​ដល់រាជិនី។ នាងមានចរិត​ល្អ​អស្ចារ្យ​យ៉ាង​… នាង​មាន​​គម្រោង​​ឱ្យសៀវភៅមកពួកយើង មុនខ្ញុំទិញសៀវភៅ​ជូននាង​ទៅ​ទៀត​។ មិន​ធម្មតាទេ!​ ខ្ញុំ​ក៏​រំភើប​ដែរ ដែលខ្ញុំ​មិន​ជូន​អ្វី​ទៅ​នាងក្រៅ​ពីសៀវភៅ​ ហើយខ្ញុំក៏​មិនចង់​បាន​ផ្កា​កុលាប ឬចង់បាន​អ្វី​នាង​វិញ ក្រៅពីសៀវភៅ​ដែលនាង​ទិញ​ជូន​នោះ​ដែរ។

ខ្ញុំ​ដើរ​​រក​ទិញសៀវភៅ​បន្ត​ទៅទៀត​ជាមួយ​រតនៈ​ រហូត​​ដល់​អស់​ប្រាក់​រលីងពីខ្លួន​ ហើយយើង​ក៏ត្រឡប់​មក​ផ្ទះ​វិញ​រៀង​​ខ្លួន។ ថ្ងៃ​នេះ​ ខ្ញុំ​លង់ក្នុង​ការគិតពិចារណា​មួយ​យ៉ាង​វែង​ឆ្ងាយ​… ខ្ញុំបាន​ស្ពាយ​យក​អនុស្សាវរីយ៍​នៃការទិញ​សៀវ​ភៅ​​យ៉ាង​ធ្ងន់​ យ៉ាងច្រើន​លើស​លប់​ត្រឡប់មកផ្ទះវិញ។

***

ពេល​ដែល​គិត​ដល់​អនុស្សាវរីយ៍​ឆ្នាំ​មុន ខ្ញុំខ្វល់ខ្វាយអន្ទះអន្ទែង។ ខ្ញុំព្រួយ​ចំបែងក្រែ​​ង​នាង​បាន​គេ​។ ពេលនេះ ខ្ញុំសារភាព​ចំពោះ​ចិត្ត​ខ្លួនឯង​​ហើយ​ថា ​ខ្ញុំ​ស្រឡាញ់​នាង ​​ចង់​​បាន​​​ជាគូ​គ្រង​​ជីវិត លុះ​ថ្ងៃ​អវ​សាន​នៃជីវិត! តែ​ខ្ញុំគិតបានត្រឹមតែ​គិត​ម្នាក់​ឯង​។ ខ្ញុំ​លួច​ស្រឡាញ់​គេ​ម្នាក់​ឯង។ ខ្ញុំរង់នៅ​ការ​ឈឺ​​ចាប់​​ក្រំក្រៀម​​ចិត្ត​ម្នាក់​ឯង​។ ស្នេហា​របស់​ខ្ញុំ ជា​ស្នេហា​ផុត​សង្ឃឹម។

នាង​ប្រាប់​ថា «ស្នេហា​ មិនមែន​ជា​អ្វី​ៗ​គ្រប់​យ៉ាង​នោះ​ទេ… ជីវិត​ជា​ការ​ជ្រើស​រើស! យើង​អាច​រាប់​​អាន​​គ្នា​បាន​ត្រឹម​ជា​មិត្ត»​។ ខ្ញុំមិន​យល់​ខ្លួន​ឯង​សោះ! ដឹង​ថា​ស្រឡាញ់​គេ​មិន​​បាន​ហើយ នៅ​តែ​ស្រឡាញ់​​ត​ទៅ​ទៀត។ ខ្ញុំរក​ច្រក​ចេញ​ពុំឃើញ​សោះ​ ខ្ញុំ​តប់​ប្រមល់​ម្នាក់ឯង។

ខ្ញុំកាន់​តែ​លង់បាក់​ចិត្ត​ទៅ​លើ​នាង​កាន់​តែ​ខ្លាំង​ហើយ។ ខ្ញុំ​ទៅ​សាលារៀន​មួយថ្ងៃៗ ​ឱ្យ​តែ​បាន​ឃើញ​មុខ​របស់​នាង​តែ​ប៉ុណ្ណោះ ដូច​ជា​ពាក្យ​ចាស់​ថា​ស្រឡាញ់​បាត់​មុខ​មិន​បាន ​ឱ្យ​តែ​បាន​ឃើញ​ដំបូល​ផ្ទះ​របស់​គេ​បាន​បន្តិច​ក៏​​អស់​ចិត្ត​ដែរ… ថ្ងៃ​ដែល​រាជិនី​​អត់​មក​រៀន​ ខ្ញុំ​អន្ទះ​សា​​​ខ្លាំងណាស់​… ខ្ញុំ​រៀន​មិន​ចូល​ទាល់​តែ​សោះ! ខ្ញុំគិត​ពីនាង​រហូត តើនាង​កើត​អ្វី? ប្រហែល​នាង​ឈឺ​ទេដឹង? សូម​ឱ្យ​នាង​កុំមាន​ជំងឺ​អី្វ​ឱ្យសោះ… ខ្ញុំ​ព្រួយ​​បារម្ភ​ និ​ង​គិតពី​នាង​គ្រប់​វេលា។ មួយ​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​ក៏​បាន​ជិះ​កង់​កាត់​ផ្ទះ​របស់​នាង​ម្តង​ដែរ​ ទើប​ខ្ញុំ​អស់​ចិត្ត…

នៅក្នុងបន្ទប់​រៀន ខ្ញុំចេះតែដក​ដង្ហើម​ធំ។ ពេល​កត់​មេរៀន ខ្ញុំឃើញ​រាជិនី​​និយាយ​ជា​មួយ​រតនៈ។ ខ្ញុំ​សែន​ឈឺចិត្ត​ខ្លោ​ច​ផ្សារក​ថ្លែង​ឱ្យត្រូវនឹងទំហំនៃទុក្ខព្រួយរបស់ខ្ញុំមិនបាន! មិនដឹងជា ចិត្ត​គំនិត​​អវិជ្ជ​មាន​ទាំងនេះ​ មក​សន្ធិត​ក្នុង​ចិត្ត​រប​ស់​ខ្ញុំ​តាំង​ពីពេល​ណា​នោះ​ទេ​។

ខ្ញុំសង្កេត​ឃើញ​ចំណង​មិត្ត​​ភាព​រវាង​ខ្ញុំ ​និង​​រតនៈកាន់​កាន់​តែ​ស្រាល​ធូររលុង​ទៅ​វិញ​​បន្តិ​ចម្តង​ៗ ​ដោយគ្មាន​មូល​ហេតុ​​ច្បាស់​លាស់​សោះ។ សូម្បីតែ​ខ្ញុំ​​ខ្លួនឯងក៏ឆ្ងល់​ដែរថា ហេតុអ្វី​បាន​ជាដូច្នេះ​ទៅ​វិញ​?​… ខ្ញុំ​លែង​​ជិះម៉ូតូ​ជាមួយ​រតនៈទៀតហើយ!  ខ្ញុំមក​ជិះ​កង់​​របស់ខ្ញុំវិញ រតនៈសង្ស័យ​ក៏​សាក​​សួរ​មក​កាន់​ខ្ញុំ ពេល​ចេញ​ទៅ​ផ្ទះ​៖

«គ្នាឃើញឯងដូចជា​ប្លែក​ដល់​ហើយ! ប៉ុន្មាន​អាទិត្យនេះ ឯងទៅបណ្ណាល័យ បណ្ណាគារ តែ​ម្នាក់​​ឯង​ ដោយ​​មិន​បាន​ហៅគ្នា​សោះ។ គ្នាមិនប្រកាន់ថាអីនោះទេ តែគ្រាន់​តែសួរ​ ដើម្បី​ឱ្យ​បាន​ដឹង! គ្នាដូច​ជា​មិន​យល់​សោះ​តែម្តង! ហើយ​ឥឡូវ​នេះ​ឯង​ឈប់ជិះម៉ូតូ​ជាមួយគ្នាទៀត។ មាន​បញ្ហា​អី​មែន​ទេ?»

«ឯងមិនចាំបាច់យល់អីទាំង​អស់​! គ្រាន់​តែដឹង​ថា ខ្ញុំមិនចង់​ឱ្យលំបាក​ដល់ឯង​ទៀតទេ។ ណា​មួយ​ខ្ញុំ​មាន​កង់​ ខ្ញុំ​ជិះ​វាពី​ដើម​មក​ហើយ ហើយខ្ញុំប្តូរមក​ជិះវាវិញ ក៏គ្មានបញ្ហាអីចោទនោះដែរ! មិនអីទេ កុំ​បារម្ភ​ពី​ខ្ញុំអី!»

«ឯងយ៉ាងម៉េច​ហ្នឹងជីវិន? ឯងប្លែកច្រើនណាស់! សូម្បីតែ​ពាក្យ​សម្តី​ ដែលយើងធ្លាប់​ហៅគ្នា​​​សម្លាញ់​អី​កន្លង​មក ឥឡូវនេះក៏ឯងឈប់ប្រើអស់ហើយ។ ឯងនិយាយ​​នឹង​គ្នា​ដោយ​ពាក្យ​«ខ្ញុំ»ទៅវិញ។ ប្រាប់​​គ្នា​មក​ឯង​មាន​​រឿង​អី​មែន​ទេ​? ឬ​ក៏​គ្នា​ធ្វើ​ឲ្យ​ឯង​អត់​សប្បាយ​ចិត្ត​ត្រង់​ណាហ្អា?»

«គ្មានអីទេ! គ្រាន់តែប៉ុន្មានថ្ងៃនេះ ខ្ញុំមិនសូវស្រួលខ្លួន ចេះតែឈឺច្រើន​ សុខភាព​ខ្សោយ​តែ​ប៉ុណ្ណឹង​ ​មិន​អី​ទេ​!» ខ្ញុំ​និយាយ​ចប់​​ ដើរចេញពីរតនៈយ៉ាងប្រញាប់ ទុកឱ្យគេ​នៅឆ្ងល់តែម្នាក់ឯង។

«អេះ! ជីវិន!…» រតនៈស្រែក​ពីក្រោយខ្នងខ្ញុំ តែខ្ញុំធ្វើមិនឮសំឡេង​របស់គេហៅសោះឡើយ។ ខ្ញុំដើរ​យ៉ាង​​លឿន​ធ្វើ​យ៉ាង​ណា​ឱ្យ​ផុត​​បាត់ពីមុខពីមាត់​របស់​គេ​។

ខ្ញុំគ្មានហេតុផល​អ្វីត្រូវ​ដើរចេញ​ពីរតនៈយ៉ាងដូច្នេះសោះ។ តើហេតុអ្វីទៅបានជាចិត្ត​របស់​ខ្ញុំ​បញ្ជា​​​ឱ្យធ្វើ​យ៉ាង​នេះ​? ឬមួយមក​ពី​​ខ្ញុំ​ស្រឡាញ់រាជិនី​ខ្លាំងពេក? ខ្ញុំប្រច័ណ្ឌ​នឹង​រតនៈ​ ដែល​និយាយ​ស្និទ្ធ​​ស្នាល​ជា​មួយ​នឹងនាង​?… គិតៗ​ទៅ​ខ្ញុំ​នេះ​មិន​គួរក្បត់​មិត្ត​ភាព​ ដោយសារតែ​ស្នេហាសោះ! ខ្ញុំ​បាន​បណ្តោយ​ឱ្យ​ស្នេហា​លួច​លាក់​មក​ដឹកមុខ។

ពីមួយ​ថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែដើរគោចរទៅមុខឥតឈប់ឈរ ព្រមទាំងក្រសោប​យក​​សេចក្តី​​សង្ឃឹម​​ដ៏​ស្តួច​ស្តើង​របស់​ខ្ញុំបន្តិចម្តងៗទៅជាមួយផង ហើយចាក់បញ្ចូលមកក្នុងទ្រូង​របស់​ខ្ញុំ​វិញ នូវ​ទុក្ខ​សោក​គ្រាំ​គ្រា​ចិត្ត សេចក្តី​ឈឺ​ចាប់​ សេចក្តី​ច្រណែន​ប្រច័​ណ្ឌ គំនិតហួងហែង… អារម្មណ៍​រវើរ​វាយ​ខ្វល់​ខ្វាយតែម្នាក់ឯង ។

ជិតមួយឆ្នាំមកហើយ ដែល​ខ្ញុំរស់រងទុក្ខតែម្នាក់ឯង! ថ្ងៃ១៤កុម្ភៈឆ្នាំមុន… ឥឡូវខែកុម្ភៈ​រំកិល​​ខ្លួន​​មក​ដល់​​ទៀត​ហើយ។ អារម្មណ៍ខ្ញុំបែរ​ជារជើបរំជួលរកថា​មិនត្រូវសោះ។ ខ្ញុំនឹក​ស្រណោះ​ដល់​កាល​គ្រា​កន្លង… នឹក​ដល់​​អនុស្សាវ​រីយ​​នៃការទិញសៀវភៅ ។ ខ្ញុំលើកយក​សៀវភៅ​ ដែល​រាជិនី​ទិញ​ឱ្យ ​មក​មើល មក​អា​ន​ហើយ​អាន​ទៀត​សាជាថ្មី។ ទោះ​បី​ជា​ខ្ញុំអានចប់ជា​ច្រើន​លើក​មក​ហើយ​ក៏​ដោយ​ ក៏​សាច់​​រឿង​ខ្លឹម​សារ​នៅ​តែពីរោះទាក់ទាញ​អារម្មណ៍​របស់ខ្ញុំដដែល។​ ខ្ញុំ​​នឹក​គិត​ថា ​នឹងរក​ទិញវត្ថុ​អនុ​ស្សា​វ​រី​យ៍​ណា​មួយជូន​នាង​​​ក្នុង​​ឆ្នាំនេះវិញម្តង។​ ខ្ញុំរក​មិត្ត​ភក្តិ​ជិតស្និទ្ធ​​របស់​នាង ​ដើម្បី​​សួរ​ពី​ចំណង់​​ចំណូល​ចិត្ត​របស់​នាង ​ក្រៅ​ពី​ការ​អានសៀវភៅ​។ គិតហើយខ្ញុំ​ក៍​ឆ្លៀត​​ឪកាសក្នុង​ថ្នាក់ពេលគ្រូលីប ក៏ដើរ​សំដៅ​ទៅតុ​របស់​ពិសី ​ដែល​ជាមិត្តនារីដ៏ស្និទ្ធស្នាលរបស់រាជិនី​។ ខ្ញុំ​ផ្តើមកម្រង​​សន្ទនា៖

«សួស្តីពិសី​! ខ្ញុំអាចអង្គុយ​លេង​ទីនេះបានទេ?» ខ្ញុំនិយាយទាំងមើលមុខនាងចំ ហើយ​ចង្អុល​ដៃទៅ​រក​​កៅ​​អី​ជិត​ខ្លួន​នាង។

«មានអីជីវិន! អង្គុយមកចុះ… សំណាង​ហើយខ្ញុំថ្ងៃនេះ​ មានបុរសសង្ហាមកអង្គុយក្បែរ» នាង​តប។ យើង​សើច​ព្រម​​គ្នាដោយមិនប្រកាន់គ្នានោះទេ។

«បានសម្តីណាស់ណ៎!…» ខ្ញុំរៀងនិយាយលេងបន្តិចផង​ ​ ហើយក៏ចាប់ផ្តើម​បង្វែរ​ចូល​សាច់​ការ «និយាយ​​អ៊ីចឹង ខ្ញុំអាច​សុំ​សួរ​មួយបានទេ?»

«បាន! រីករាយនឹងឆ្លើយ…» ​នាងងក់ក្បាលមួយៗ ព្រមទាំង​បញ្ចេញស្នាមញញឹម​ទាំងបិទ​មាត់​មិន​​ជិត​មក​​រក​ខ្ញុំ​ដោយ​​សុទ្ធ​ចិត្ត មើលទៅនាង​ហាក់បីដូចជាពេញចិត្ត​ខ្លាំងណាស់​ ដោយ​បាន​និយាយ​ជាមួយ​នឹងខ្ញុំ។ តាម​មិត្តភកិ្ត​រួម​ថ្នាក់​មួយចំនួនប្រាប់ខ្ញុំ​ និង​ខ្ញុំ​សង្កេត​មកខ្លះៗផងដែរ អាច​សន្និ​ដ្ឋាន​បាន​​ខ្លះៗ​ថា ​ពិសីច្បាស់​ជា​មាន​ចិត្ត​មក​លើ​រូ​ប​ខ្ញុំ​ខ្លះ​ដែរ ​តែខ្ញុំដូចជាមិនមានចិត្ត​ស្រឡាញ់​នាង​វិញ​សោះ។ ខ្ញុំបែ​រជា​ទៅ​ចាប់​ចិត្ត​ប្រតិ​ព័ទ្ធ​ស្រឡាញ់​​មិត្តរបស់​នាង​ទៅ​វិញ។ កំពុង​តែ​លង់ក្នុ​ងមនោគតិ​ ពិសី​ក៏​និយាយ​ឡើង​ធ្វើ​ឱ្យ​​ខ្ញុំ​ភ្ញាក់​អារម្មណ៍​ឡើង​វិញ ។

«អេ!​គិតដល់ណាហើយហ្នឹងនេះ?»

«អូ! កំពុង​តែគិត​សំណួរ​ហ្នឹងណា!»​ខ្ញុំនិយាយ​បង្វែរ «នែ! ​ខ្ញុំចង់សួរថា តើពិសីចូលចិត្ត​អ្វី​ជាង​គេ​? ហើយ​ស្រឡាញ់​​​ពណ៌អីដែរហ៎?»

«ហះ ហាស…» នាងសើចមួយៗមុននឹងតបមកខ្ញុំ «ពណ៌!!… ខ្ញុំ! ខ.» នាងយក​ចង្អុលដៃ​បត់​ម្រាម​​​ដាក់​លើ​​បបូរ​មាត់​ កែវ​ភ្នែក​របស់​នាងហាក់ដូចជាកំពុងរកនឹក «​ខ្ញុំចូលចិត្តកុន​ទន្សាយតូចៗ គួរឱ្យ​ស្រឡាញ់​​ណាស់! ​ហើយ​ចូល​ចិត្ត​​ពណ៌​ស​ និងផ្កាឈូក។ ចុះ​ជីវិន​វិញ​?»

«ខ្ញុំមិនដឹងថា ស្រឡាញ់ចូលចិត្តអ្វីឱ្យប្រាកដនោះទេ! ​តែ​ខ្ញុំដូចជាចូលចិត្តពណ៌​ណា ដែល​តំណាង​​ឱ្យ​សភាព​​លូត​លាស់​​​ ពណ៌​ធម្ម​ជាតិដូចជាពណ៌បៃតង ពណ៌ខៀវ ផ្ទៃមេឃ។ នែ!ហើយ​ចុះ​ពិសី​មាន​ដឹង​ទេ ​រាជិនី​ចូល​ចិត្ត​អ្វី​ដែរ​?​»

«អ៎! អានីចូលចិត្ត​របស់អ្វីរាងកំប្លែងៗ តុក្កតា ហើយនឹងសៀវភៅ! អូ! ភ្លេច​ប្រាប់​ពួក​យើង​ទាំង​​ពីរ​​ចូលចិត្ត​អាន​ប្រលោម​លោក​ម​នោសញ្ចេតនាណាស់…» នាងនិយាយរាប់គួរឱ្យចាប់​អារម្មណ៍​ណាស់​… ឈប់​បន្តិចនាងក៏បន្ត៖

«កាលពីប៉ុន្មានថ្ងៃមុនឮថា វាសនា​គូ​ដណ្តឹងរបស់នី ដែលកំពុងរៀន​ដុកទ័រ​​នៅ​ស្រុក​បារាំង​​ផ្ញើ​តុក្កតា​ខ្លា​ឃ្មុំ​យ៉ាង​ធំ​មួយ​ឱ្យ…»

ពិសី​និយាយមកដល់​ត្រង់​នេះ​ ខ្ញុំស្តាប់​មិនចូល​ទៀត​ទេ! ខ្ញុំភ័​ន្តភាំងស្រឡាំងកាំង…

ការ​ពិតរាជិនី​មាន​​​គូ​ដណ្តឹង​​រួចហើយ… ខ្ញុំ​ដូច​​ជាអស់កម្លាំង​រលីង​ពីខ្លួន។ បេះដូង​របស់ខ្ញុំ​ដូច​ជា​ថប់​ៗ​យ៉ាង​ម៉េច​រក​ថា​មិន​ត្រូវ…​ សេចក្តី​រំពឹង… សេចក្តី​សង្ឃឹមរបស់ខ្ញុំត្រូវរលាយ​សាប​សូន្យ ​ដូចក្រមួន​ត្រូវ​ថ្ងៃអស់ទៅ​ហើយ! រាជិនី​​មាន​​គូ​ដណ្តឹង​ទៅ​ហើយ!… ភ្នែក​ទាំងគូរបស់​ខ្ញុំ​ដូចជាប្រែ​ពណ៌ទៅជា​ក្រហម​​ច្រាល មុខ​​ខ្ញុំ​ប្រែមាន​ធាតុ​ក្តៅ​​ឧណ្ហៗ​ចេញ​ភាយ​ៗ​​មកក្រៅ ប្រអប់ដៃ​ដ៏ខ្សោះ​កម្លាំង​បាន​ផ្លាស់​ប្តូរ​ធាតុ​ត្រជាក់​មក​ជំនួស​វិញ… ខ្លួន​ប្រាណ​​របស់​ខ្ញុំ​ពេល​នេះ​ ហាក់​ដូច​ជា​មនុស្ស​ឥតវិញ្ញាណ… ខ្ញុំគ្មាន​កម្លាំង​​​ដ៏​តិច​តួច​សោះក្នុងខ្លួន មាត់​របស់​ខ្ញុំ​រក​ហា​​និយាយ​ស្តី​លែង​កើត វា​លែង​​កម្រើក​​បាន​វិស័យ​ប្រៀប​បាន​នឹង​ដុំថ្ម​ដ៏ធំយ៉ាង​ធ្ងន់​មក​សង្កត់​។ សំឡេង​ជួង​​រោទិ៍​ឡើង ​ប្រាប់​ដំណឹង​ថា​ ដល់​​ពេល​ចូល​រៀន​វិញ​ហើយ តែ​ក្នុង​​ថ្នាក់​​របស់ខ្ញុំ​ ​នៅតែ​ស្ងាត់​​ជ្រងំ​ដដែល ព្រោះ​​គ្រូ​លីបដល់​ទៅពីរម៉ោង។

តែ​សំឡេង​ស្នូរ​ជួង​​​បាន​ដាស់​សតិ​អារម្មណ៍​ឱ្យវិលមក​រក​ការ​សន្ទនាវិញ ទាំង​ស្ទាក់​ស្ទើរ។

«អ៊ីចឹង! រាជិនីមាន​គូដណ្តឹងហើយ?» ខ្ញុំសួរបញ្ជាក់​ទៅពិសី​ដើម្បីបានចម្លើយពិត ដោយ​មិន​ចាប់​​អារម្មណ៍​​​ថា​នាង​​និយាយ​​ម​ក​ដល់​ត្រឹម​ណា​នោះ​​ទេ។ ខ្ញុំដឹង​តែម្យ៉ាង គឺចង់​បាន​ចម្លើយ ដែលចេញ​ពីក្រអូម​មាត់​របស់​នាង​យ៉ាង​ឆាប់​រហ័ស យ៉ាង​អន្ទះ​សាជាទីបំផុត ។

«អូ៎! ជីវិនអត់ដឹងទេ? រៀនជាមួយគ្នាពីរឆ្នាំ​ហើយហ្នឹង! គេភ្ជាប់ពាក្យនឹង​គ្នាតាំងពីតូចមកម្ល៉េះ! រាជិនី​និង​​​វាសនា​​ជា​បង​ប្អូន​ជី​ដូន​មួយនឹងគ្នា។ នៅដើមឆ្នាំក្រោយ គេរៀបការហើយ ព្រោះ​រាជិនី​រៀន​ចប់​បាក់​ឌុប​ ឯ​វាសនា​វិញនោះ ​ក៏ចប់​ដុក​ទ័រដែរ។ អូហូ! សម​គ្នា​ណាស់! ខ្ញុំឃើញរូបថត​របស់លោក​ដុកទ័រ​វាសនា​នោះ ដែល​អានី​បង្ហាញ គេសង្ហាដល់​ហើយ ហើយក៏​រៀន​ពូកែទៀត!»

ខ្ញុំស្តាប់​ពិសីនិយាយរៀបរាប់តទៅទៀតមិនចូល​ទេ។ ខ្ញុំ​ចង់តែ​ដើរចេញ​ភ្លាម​តែ​ម្តង តែ​ខ្លាច​ក្រែង​​ចិត្ត​ពិសី​ និង​ខ្លាច​​នាង​​ចាប់​ថ្នាក់​បាន​… ខ្ញុំក៏និយាយ​ស្រួលបួល ដើម្បី​​សុំលានាង ។

«អរគុណពិសីច្រើន! គ្រូអត់រៀនទេ ខ្ញុំរកទៅផ្ទះមុនហើយ!»

«អេ… ម៉ោងចុងក្រោយគ្រូមកវិញណ៎ា!»

«អឺ! ហ្នឹងហើយ…» ខ្ញុំគ្រាន់​តែ​ហើបមាត់​ប៉ុណ្ណោះ​ តែខ្ញុំគ្មាន​ខ្វល់ពីការចូលរៀន​ម៉ោងក្រោយ​ណា​​ទៀត​​នោះ​ទេ។ ខ្ញុំដើរ​ចេញ​ពី​ថ្នាក់​ទាំង​ដំណើរ​ធេងធោង ជើង​ស្ទើរមិនជាប់​ដី…​ អារម្មណ៍​របស់ខ្ញុំ​នឹក​​គិត​ទៅ​​រក​រាជិនី​ ឥត​ឈប់ឈរ​​សំឡេង​​ដ៏ស្រទ​ន់របស់​នាង ​បាន​ស្ថិត​​នៅ​រងំក្នុងត្រចៀក ​ក្នុង​ដួង​ចិត្ត​ដ៏​ស្លោក​ស្រពោន​របស់ខ្ញុំ… ​អ្វី​ៗ​ដែល​ខ្ញុំធ្លាប់តែ​ងតែ​គិត​នោះ ​គ្រាន់តែ​ជាការ​ស្រមើ​ស្រមៃរវើ​រ​វាយ​​​តែ​ប៉ុណ្ណោះ​… ខ្ញុំ​បាក់​​ចិត្ត​លង់​ស្រឡាញ់​រាជិនី​តែ​​ម្នាក់​ឯង… ខ្ញុំតែង​តែ​លួង​លោម​ចិត្ត​ខ្លួន​ឯង​ជានិច្ច​ថា នាង​ក៏​មាន​នឹក​គិត​មក​ខ្ញុំ​វិញ​ខ្លះដែរ តែ​ពេល​នេះ​ខ្ញុំ​ទើប​តែ​​ដឹង​ខ្លួនថា ខ្ញុំកំពុង​លង់​ខ្លួនក្នុង​ការ​ស្រមើ​ស្រមៃ​ឥត​ន័​យ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​នឹក​គិត​​ដល់​រូបនាង តែ​វាជាការ​នឹក​គិត​តែ​ម្នាក់​ឯង​ដ៏​គួរឱ្យ​សង្វេគ… គិត​ទៅ ខ្ញុំលួចស្រឡាញ់នាងតែម្នាក់ឯង តែ​រាជិនី​​​គ្មានចិត្ត​ដ៏តិចតួច​សម្រាប់​​ខ្ញុំ​វិញ​សោះ​​ឡើយ។ ខ្ញុំ​ព្យាយា​ម​រំងាប់​ចិត្ត​ខ្លួន​ឯង តែមិនបាន​ផល​សោះ… សេចក្តី​ឈឺ​ចាប់​​កាន់តែ​មាន​ទម្ងន់​ធ្ងន់​​ទ្វេ​ឡើង។

អស់រយៈពេល៣ថ្ងៃមក​ហើយ ដែលខ្ញុំអត់បានទៅសាលារៀន… ខ្ញុំដេក​ឱបក្រសោប​ទុក្ខ​ព្រួយ​​តែ​​ម្នាក់​ឯង ទោះ​បី​ជា ​ខ្ញុំ​ទៅ​រៀន ​ក៏ខ្ញុំរៀនមិនចូលដែរ… ខ្ញុំបាន​គិត​ច្រើនណាស់​… ការ​លួច​ស្រឡាញ់​រាជិនី​​នេះ បាន​ធ្វើ​ឱ្យ​ខ្ញុំ​បង់ខាត​អស់​យ៉ាង​ច្រើន​នូវចំណង​មិត្តភាព​រវាង​ខ្ញុំនិង​រតនៈ… ខ្ញុំបាន​ប្រកាន់​ប្រច័ណ្ឌ​​ច្រណែន​​នឹងរតនៈ​ដោយ​ភ័ន្ត​ច្រឡំ។ ខ្ញុំខុសធ្ងន់​ណាស់! ខ្ញុំមិនគិតខំប្រឹងប្រែង​រៀន​សូត្រ… ​ខ្ញុំ​ចំណាយ​ពេល​វេលា​ និង​អាយុជីវិតរបស់ខ្ញុំ​ទៅ​គិត​​ពីរាជិនី​… ខ្ញុំបាន​ធ្វើខុស​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់ ​ចំពោះ​សេចក្តីសង្ឃឹម​រំពឹង​ទុក​របស់​លោកឪពុក​អ្នក​ម្តាយរបស់ខ្ញុំ ។

ដើម្បី​ព្យា​យាម​កាត់​ចិត្ត​បំភ្លេច​រាជិនី​ចេញ​ពី​បេះ​ដូង​ ដែល​​ប្រលាក់​ដោយក្តី​ស្នេហ៍លង់​ចិត្ត​ ជំនួស​វិញ​ដោយទឹក​សម្អាត​​​​​មិត្ត​ភាព​ដ៏​សក្តិ​សិទ្ធិ ខ្ញុំ​តែង​តែ​ស្រាវជ្រាវ​សៀវភៅ​ និងអាន​ឯក​សារ​ស្តី​ពី​មិត្ត​ភាព និង​​ស្នេហា​មក​អាន។  ខ្ញុំ​បាន​អាន​អត្ថ​បទ​ជា​ច្រើន​។

«តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? ស្នេហាមានច្រើន ស្នេហាជាតិ ស្នេហាឪពុកម្តាយ ស្នេហា​បង​ប្អូន… តែក្នុងទីនេះ យើង​សូម​លើក​យក​តែ​ស្នេហា​ ដែល​គេកត់សម្គាល់​ក្នុង​ជម្រៅ​បេះដូង​យុវវ័យ​ចំពោះគ្នា យកមក​សិក្សាតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះ នៅ​ក្នុង​ជី​វិត​​លោកិយ៍យើង​ មាន​ទាំង​សប្បាយ​រីករាយ​ ត្រេក​ត្រអាល មា​ន​ទាំង​កម្រត់​កម្រ​​ស្រក់​ទឹក​​ភ្នែក​ ជួប​​ជុំ ព្រាត់ប្រាស់ ផ្អែម​ល្អែម ល្អូក​ល្អើន ស្អិត​រមួត​ជា​ង​ទឹក​ឃ្មុំ មាន​ប្រៃ​ល្វីង​ជូរចត់​… មាន​គ្រប់​រស​ជាតិ ។ A.Lunasarki បានសន្និដ្ឋានថា ៖ សេចក្តីស្នេហាជា​ការ​តែងលម្អ​ដ៏មហិមា។ សេចក្តី​ស្នេហា​ធ្វើ​ឲ្យ​ធម្មជាតិ​រីកស្រស់បំព្រង…។

ទាក់ទិននឹង​រឿងរ៉ាវស្នេហានេះ មានមតិ​ជាច្រើន​ត្រូវបានលើកឡើង។

អ្នកប្រាជ្ញល្បីល្បាញ​ Oliver Wendell Holmes ធា្លប់​ចាត់​ទុកថា៖ «សេចក្តីស្នេហា​ ជាកូនសោ​មានតួនាទី​ចម្រុះ បើកបាន​គ្រប់ទ្វារទាំងអស់ នាំយើងទៅដល់សុភមង្គល។»

អ្នកប្រាដកនិយមចូលចិត្តប្រៀបធៀប ស្នេហាទៅនឹងដួងព្រះចន្ទ។ គេនិយាយយ៉ាងនេះថា៖ «សេចក្តី​ស្នេហា​ដូច​ជា​រូបព្រះចន្ទ បើសិនជាវា​មិន​ធំឡើងទេនោះ វានឹងតូចទៅ។»

ការលួចស្រឡាញ់ប្រតិព័ទ្ធ​នរណាម្នាក់​ក៏ជាស្នេហាដែរ គឺជាស្នេហាសម្ងាត់។ ស្នេហាសម្ងាត់នេះ​ ចេញ​ពី​ក្រអៅ​បេះ​​ដូងសម្ងាត់ ដែលលបលួច​គេងគិត​ផ្សងតែម្នាក់ឯង។ ជាការពិត​អ្នក​លួច​ស្រឡាញ់​នរណា​ម្នាក់ តែង​តែ​គិត​គូរ​ខ្វល់​ខ្វាយ​​ចំពោះមនុស្ស ដែលខ្លួន​ស្រឡាញ់​ស្ទើរ​តែ​គ្រប់​ដង្ហើម​ចេញចូល ហើយ​អារម្មណ៍​របស់​គេ​ជានិច្ចកាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ម្ចាស់​ស្នេហ៍​​របស់​ខ្លួនគ្រប់វេលា។ លោក​សម្បត្តិ និស្សិត​ខ្មែរ​នៅ​ប្រទេស​កាណាដា​បានសរសេរប្លក់​ផ្ទាល់​ខ្លួន​របស់​លោក​ថា៖ «…ជាធម្មតា អ្នកស្រលាញ់ មានបេះដូងលោតខុសចង្វាក់ច្រើនជាង អ្នកដែលត្រូវបានគេ ស្រលាញ់់។ …»

មែន…​ រាល់​លើក​ដែល​ខ្ញុំគិត​ទៅ​រាជិនីគឺ​អ៊ីចឹង! ខ្ញុំ​តែ​ង​តែ​គិត​ដល់​នាង​​គ្រប់​ពេល ខ្ញុំ​បារម្ភ​ចំពោះ​នាងគ្រប់​វេលា… នេះ​​ជា​អារម្មណ៍​របស់​អ្នក ​ដែល​មាន​ស្នេហា​មែន​ទេ? រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ចាប់​ផ្តើម​បាក់​ចិត្ត​ស្រឡាញ់​នាង​តាំង​តែ​ពី​ពេល​ណា​មក​នោះ​ទេ ដូច​ជា​ពិបាក​យល់​ចិត្ត​ខ្លួន​ឯង​ដែរ… អាន​ត​វិញ​ប្រសើរ​ជាង។

លោក​បាន​បន្ត​ទៀត​ថា«ស្នេហាមានឥទ្ធិពលខ្លាំងណាស់ លើជីវិតមនុស្សម្នាក់ៗ ដោយម្យ៉ាងក៏ មកពីយើងមិន អាចរស់ឬ​មិនចង់់រស់់នៅម្នាក់់ឯង ហើយម្យ៉ាងទៀត វាទាក់ទងនឹងតណ្ហាកាមទេព ដែលនំាឲ្យ​មនុស្សគ្រប់វ័យត្រូវការគូ ស្នេហ៏ប្រចាំជីវិតនោះ។»

ពាក្យ​ថា​ «ស្នេហា» អ្នក​និពន្ធ កវីបណ្ឌិត​ អ្នក​ប្រាជ្ញ ខិតខំ​ស្រាវជ្រាវ​រុក​រក​ និង​សរ​សេរចងក្រង​រាប់​ម៉ឺន​ទំព័​រសៀវ​ភៅ នៅតែ​​​ទាន់​ស្វែង​រក​ឃើញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ… ដរាប​ណា​ជី​វិត​នៅ​តែ​មាន ពិភព​លោក​​មិន​​ទាន់​រលាយ​ សេច​ក្តី​​ស្នេហា នៅតែ​មាន​ពន្លកឥទ្ធិពល​​ក្នុង​នៅ​ដួង​​ចិត្ត​មនុស្ស​លោក ។

បើស្នេហាមានឥទ្ធិពលខ្លាំងក្លាយ៉ាងនេះ  គេគួរប្រយ័ត្នប្រយែង មិនត្រូវបណ្តោយ​ឲ្យមាន​ការ​ភ័ន្ត​ច្រឡំ​ចំពោះ​សេចក្តី​សង្ឃឹមបណ្តោះអាសន្ន ដែលកើតឡើង​តែមួយ​រយៈខ្លី​ក្នុងពេល​វេលា​របស់​អ្នក​នោះ​ទេ។ សេចក្តីស្នេហា មិនមែន​គ្រាន់​តែ​ជា​«ផ្លេកបន្ទោរ»ឆ្វាចឡើង ហើយ​ក៏​រួចស្រេច​នោះទេ។ នៅ​ពេល​​ដែល​អ្នក​ពិត​ជាស្រឡាញ់​មនុស្សម្នាក់ ​ក្រៅ​ពី​ការ​ស្រឡាញ់​រូបរាង អ្នក​ថែមទាំង​ត្រូវ​ពិនិត្យ​មើល​សតិអារម្មណ៍ អាកប្ប​កិរិយា​ និងមនោសញ្ចេតនារបស់មនុស្ស​ដែល​យើង​​ស្រឡាញ់​នោះផង។ សេចក្តី​ស្នេហា​មិន​អាច​កំណត់​​ឡើង ដោយសារការរំភើប​មួយ​រំពេច​នោះទេ  ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​សាកល្បង។ សេចក្តី​ស្នេហា​ស្មោះត្រង់ និងធំធាត់​ឡើងជាបណ្តើរៗតាមពេលវេលា ផ្ទុយទៅវិញ​ បើសិន​ជា​​​គ្រាន់​តែ​កម្រិត​ចំពោះ​តែត្រឹម​អារម្មណ៍រំភើបតែមួយ​មុខនោះ មិនយូរប៉ុន្មាន​សេចក្តីស្នេហានោះ​នឹង​រុះ​រោយ ហើយ​ស្លាប់​​ដោយ​ក្រៀម​ក្រោះជាក់ច្បាស់​បំផុត។ [...] ទំ.១៩ «ក្បួនសេបគប់មិត្ត១០០ឆ្នាំ» ដោយទៀ-ថេន។

Paul Staroul មាន​ប្រសាសន៍ថា៖ «សេចក្តីស្នេហា គឺជា​ជំងឺមួយ​ដ៏ធ្ងន់នៅពេល​ចុង​បញ្ចប់​នៃ​យុវ​វ័យ។»

អ្ន​ក​ប្រាជ្ញ​បារាំង​ដ៏​ល្បី លោក Victor Hugo និយាយថា «ជីវិតដូចជាផ្កា ស្នេហាដូចជាទឹកឃ្មុំ។

ពេលខ្លះ ស្នេហា គ្រាន់តែ​ជា​ល្បែងលេងសើចសប្បាយ… ស្នេហាគឺជាការបោកប្រាស! ពាក្យ​ផ្អែម​ពីរោះ​លន្លង់​លន្លោច​​រកគ្នា​… គឺ​ជា​ពាក្យ​លួងលោមភូត​កុហក​ទាំងអស់។ ស្នេហា​បរិសុទ្ធ គ្មានទេ! គឺ​ជា​ កិលេស​​អពង្គល ដែលធ្វើឲ្យ​យើង​ឈ្លក់វង្វេងស្មារតី តែក្នុងរយៈដ៏ខ្លី… សែនខ្លី…។

អ្នកនិពន្ធ​សុទ្ធ-ប៉ូលីន បានសរសេរក្នុង«ជីវិតឥតន័យ» យើង​សូម​ដក​ស្រង់​មក​បង្ហាញ​ជូន​អាន​ដូច​ត​ទៅ​។​  […] «ខ្ញុំជាកំលោះ​ប្រដាប់ដោយ​បេះ​ដូង​ដែក។ ចាប់​តាំងតែ​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​​ហ៊ាន​អះអាង​ថា គ្មាន​ព្រួញ​របស់​នារីណា​មក​ទម្លុះ​ទម្លាយ​បេះ​ដូង​ខ្ញុំ​បាន​ឡើយ។ ស្នេហា​ជា​វត្ថុ​អ្វីទៅ? គ្មាន​នរណា​ដឹង​សោះ! មានតែខ្ញុំម្នាក់ទេ ដែលដឹងថា អ្វី​ជា​ស្នេហា… គឺ​ជា​សម្បត្តិឥត​ន័យ… វត្ថុ​ដែលគ្មាន… ដែលជា​ស្រមោល​… ដែល​ស្ថិត​នៅតែក្នុង​ការ​ស្រមៃ។ ចំណែក​ស្នេហា ​ដែល​​គូ​សង្សារ​តែងនិយមប្រាប់​គ្នា​គឺ​ជារឿង​បោកប្រាស។ ឱ! ស្នេហា​នោះ ដែល​គេស្មាន​តែបរិសុទ្ធ គឺ​ជា​ល្បែងទេតើ… ពាក្យ​ផ្អែម​​ពីរោះ​ដែលគេផ្តោះផ្គង​រកគ្នា… គឺ​ជា​ពាក្យ​ភូត​កុហក​ទាំងអស់។ ស្នេហា​បរិសុទ្ធ​នោះ… គឺជាក្រសោម​កិលេស​អពង្គល ដែលធ្វើឲ្យ​យើង​វង្វេងស្មារតីតែក្នុងរយៈដ៏ខ្លី… សែនខ្លី…។

ខ្ញុំ​ជាមនុស្សមិនវង្វេង… ខ្ញុំយល់ច្បាស់… ខ្ញុំជាឥតជឿស្នេហាទេ… ស្នេហាបរិសុទ្ធគ្មានស្ថិត​នៅ​ទេ​… គឺគ្រាន់​តែ​ជា​ពាក្យ​ប៉ុណ្ណោះ។ ស្នេហាដែលស្ថិតនៅ គឺសុទ្ធ​តែ​ជាល្បែងទាំងអស់។ អូយ! ខ្ញុំខ្ពើ​ម​ណាស់ស្នេហា! ខ្ញុំ​ជាមនុស្ស​គ្មាន​ស្នេហា! ខ្ញុំជាមនុស្ស​អស់​កិលេស!!!…» […] «ជីវិតឥតន័យ» ជំពូក «អតីតកាលរបស់សារ៉ាក់» ត្រង់អត្ថបទ «ខ្ញុំ​ជា​មនុស្ស​គ្មាន​ស្នេហា» ទំព័រ.១៣៤

ប្រិយ​មិត្ត​ម្នាក់​បាន​មាន​យោបល់ថា «ស្នេហាគឺដូចថ្នាំពេទ្យ ជាថ្នាំមួយប្រភេទដែលមានមុខពីរ ស្នេហាជាដើម ហេតុនៃសេចក្តីឈឺចាប់ ស្នេហាជាដើមហេតុនៃសេចក្តីសុខស្នេហាជាសេចក្តីទុក្ខ ស្នេហាជាទឹកឃ្មុំ។ ស្នេហាជាដាវមុខស្រួច ដែលអាចចាក់​សម្លាប់​មនុស្សគ្រប់ពេល តែវាក៏ជាថ្នាំពេទ្យ ដែលល្អបំផុតនៅពេល ដែលត្រូវបានគេចាក់បេះដូង ឲ្យ​ធ្លុះធ្លាយ… អូយស្នេហាអើយស្នេហា អ្នកពិត ជាពិបាកស្វែងយល់ណាស់… ម្តងធ្វើឲ្យ​ខ្ញុំសើច ម្តងធ្វើឲ្យ​ខ្ញុំក្រៀមក្រំ…។» លោក​វណ្ណ​ពិសិដ្ឋ ប្រិយមិត្ត​របស់​លោក​សម្បត្តិ​ក្នុង​ប្លក់​វើត​ប្រេស។

អ្នកនិពន្ធ វង់-ផឿង បានសរសេរថា៖ ស្នេហា គឺការរួម​រស់​ជាមួយ​គ្នា​យ៉ាង​ស្មោះអស់​មួយ​ជីវិត​រវាង​បុរស​ម្នាក់​និង​នារី​ម្នាក់។ ការរួមរស់​ជាមួយ​គ្នាយ៉ាង​ស្មោះ​នេះ មានគោលបំណង​បង្កបង្កើត​ឡើង នូវ​លក្ខណៈ​សម្បតិ្ត (Condition) ងាយស្រួល(Commode) និងមាំ​ទាំ (Solide) ដើម្បីទទួល​នូវសុខុមាលភាព និង​សុភមង្គលក្នុងផ្លូវសម្ភារៈ មនោ​សញ្ចេត​នា និងចរិត (Sentiment et Caractère) ដែលមនុស្សម្នាក់ៗ​មិនអាច​នឹង​ស្វែង​រកបាន កាលបើ​ខ្លួន​រស់នៅតែ​ម្នាក់​​ឯង (Solitaire)។ រូបភាព​ស្របច្បាប់​និងសាមញ្ញរបស់ស្នេហា គឺពិធីអាពាហ៍ពិពាហ៍។ […] សៀវ​ភៅ «ការ​ជ្រើស​រើស​​សម្លាញ់​១០០ឆ្នាំ» ទំ.១២-១៣។

លោក សួន​សុបិនបាន​សរសេរ​ វាចាអ្នកនិពន្ធ ក្នុង​រឿង«ថ្ងៃស្អែក…​ព្រោះ​គ្មាន​អូន​»«Tomorrow without you » ​ថា «សម្រាប់​ពាក្យ​ថា​ «ស្នេហា» ជួន​កាល​មិន​គ្រាន់​តែ​សម្តែង​ចេញ​តាម​រយៈ​ការ​​ស្រលាញ់​​តែ​មួយ​មុខ​នោះ​ទេ តែ​វា​ទាម​ទារ​ឲ្យ​ម្នាក់​ៗ​មានការ​លះ​បង់​ មាន​ការធ្វើ​​ពលិកម្ម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

«ពលិកម្ម » មាន​ន័យ​ធំធេង​ណាស់​សម្រាប់​សេចក្តី​ស្នេហា។ បើ​ពលិកម្ម​កាន់​តែ​មាន​វិសាល​ភាព​ប៉ុណ្ណា សេចក្តី​ស្នេហា​​ក៏​មាន​លើស​លប់​ទៅ​តាម​នោះ​ដែរ។ ​​មាន​តែ​សេចក្តី​ស្រលាញ់​តែ​គ្មាន​​ពលិកម្ម​ ​មិន​អាច​ហៅ​ថា​​​ស្នេហា​បាន​ទេ… ស្នេហា​គឺ​ជា​ការ​លះ​បង់!

«ស្នេហា​និង​ពលិកម្ម» គឺ​​ជា​វត្ថុ​ពីរ​ដែលត្រូវ​ដើរ​​ទន្ទឹម​គ្នា​ជា​និច្ច។ មាន​ស្នេហា​មាន​​ពលិកម្ម​ មាន​ស្នេហា​​មាន​ការ​លះ​បង់… ស្រលាញ់​មនុស្ស​ម្នាក់​ ត្រូវ​​​ហ៊ាន​លះ​បង់​ហ៊ាន​ធ្វើ​​ពលិកម្ម​​បូ​ជា​សេចក្តី​សុខ​​ផ្ទាល់​​ខ្លួន​​ ដើម្បី​មនុស្ស​ម្នាក់​ទៀត​ដែល​ខ្លួន​ស្រលាញ់​។

«ស្នេហា»​ មិន​បាន​បង្គាប់​ឲ្យ​មនុស្ស​ធ្វើ​ពលិកម្ម​នោះ​ទេ តែ​មនុស្ស​ខ្លួន​ឯង​គួរ​តែ​មាន​សម្បជញ្ញៈ​​និង​ស្មារតី​ភ្ញាក់​រឭក​មួយ​ ថា​ខ្លួន​គួរ​ធ្វើ​​ពលិកម្ម​ចំពោះ​មនុស្ស ​​ដែល​ខ្លួន​កំពុង​ស្រលាញ់​ឬ​អត់?»[…]

តើស្នេហាជាអ្វី? យុវវ័យមួយចំនួនដែលប្រឡូកក្នុងពិភព​ស្នេហា ហើយទទួលបាននូវការ​ខក​ចិត្ត​នោះ​ តែង​ស្រែក​​​សួរ​រក​ន័យ​ឲ្យ​ស្នេហា! តើស្នេហាជាអ្វី?… រហូតមកទល់ពេលនេះ ពុំទាន់​មាន​នរណា​ម្នាក់​ អាចឆ្លើយ​សំណួរ​នេះ​បាន​​ពិន្ទុ១០ ហើយក៏គ្មាននរណាម្នាក់ក្នុងលោកយើងនេះ ឆ្លើយខុស​ រហូត​​បាន​ពិន្ទុ​០​នោះ​ដែរ។  ដូច្នេះ​សំណួរ ​ដែល​ពុំ​ទាន់​មានចម្លើយប្រាកដនេះ នៅតែចោទ​សួរដដែល តើស្នេហាជាអ្វី?… តើស្នេហាជាអ្វី? បើ​ស្នេហា​ជា​ការ​សេចក្តី​ស្រឡាញ់​វិញ តើចុះ​​សេចក្តី​ស្រឡាញ់​នោះជា​អ្វី? ជា​ស្នេហា​វិញមែនទេ? ពិតជា​មិនអាច​ត្រឡប់​ចុះ​ឡើង​ដោយ​ងាយ​ៗ​ពេក​នោះទេ។ អ្នកខ្លះ​ និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ថា ស្នេហាជាការលះបង់? តើ​ពិត​ការ​លះ​បង់ឬមែន? លះ​បង់​អ្វី? ពេលវេ​លា និង អាយុ​ជីវិត? សម្បតិ្ត​ទ្រព្យ​ធន?… ឬអ្វីផ្សេងទៀត?… ចំណុចនេះ​ ត្រូវបាន​បុគ្គល​មាន​គំនិត​មិន​ល្អ​មួយ​ចំនួន​ យក​មក​ធ្វើ​ជាលេស​ ដើម្បី​កេង​ចំណេញលើនារីភេទ។ នៅថ្ងៃពិសេស ថ្ងៃបុណ្យ​នៃ​សេចក្តី​ស្រឡាញ់ (បុណ្យសង្សារ) ចំពោះមុខ​គូស្នេហ៍របស់ខ្លួន ​ប្រុសខ្លះលួងលោម​ថា ស្នេហា​ជា​ការ​លះ​បង់​ណា​អូន…។ ប្រការនេះ ធ្វើ​ឲ្យ​ស្រ្តី​ខ្មែរ​មិនតិច​ទេ​ ដែល​ត្រូវ​ខាតបង់… គឺបាត់បង់ព្រហ្មចារិនី។

ជាការពិត ស្នេហា​ជាការលះបង់ តែ​ពុំមែន​លះបង់​គ្រប់អ្វីៗ​ដោយ​មិន​បាន​គិត​ពិចារណានោះ​ដែរ។ លះបង់​ក្នុង​ដំណាក់​កាល​ណាមួយ អា​ច​ជា​ពេលវេលា ក្នុង​ការ​ជួប​សំណេះសំណាល​គ្នា លះបង់​ក្នុងការ​ចែករំលែកនូវ​ចំណេះដឹង ការពិភក្សា ឬជាធនធាន​ក្នុងគ្រា​​អាសន្នអន្ធ​ក្រ​ណាមួយ… និយាយ​មួយ​​លែកទៀត បានជា​គេថា ស្នេហា​ជា​ការ​លះ​បង់​នោះ គឺ​ចង់​សំដៅដល់​ ការហ៊ាន​លះបង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ទៅបុគ្គល​ទីបី (ក្នុង​ករណី​ដែលគេពុំស្រឡាញ់​យើង​វិញ​) សុខ​ចិត្ត​​លះបង់​គេ​ ឲ្យ​គេ​មានសេរីភាព ក្នុងការជ្រើសរើស​គូ​ដំណើរ​ជីវិត​របស់​គេ។ សេចក្តី​ស្រឡាញ់ គឺ​ចង់​ឃើ​ញ​ម​នុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទទួល​បាន​នូវ សេចក្តីសុខ ​សុភមង្គល ទោះបី​ជា​គេមាន​ក្តីសុខ​នឹង​មនុស្ស​​ទី​បី ក៏​យើង​នៅតែ​ស្រឡាញ់​គេជា​និច្ចដែរ ឥត​មាន​ថម​ថយ​ឡើយ… បើ​យើង​ស្រឡាញ់​គេ​ពិត​ប្រាកដ​មែន យើង​គ្មាន​សិទ្ធិ​បៀត​បៀន​គេ​ថែម​ទៀត… បើ​មិន​​ដូច្នេះ​ទេ មាន​ន័យ​ថា យើង​ពុំ​​ស្រឡា​ញ់​គេ​ពិត​ប្រាកដ​នោះទេ…។ សេចក្តីស្នេហា! ជួន​កាល​យើង​ស្រឡាញ់​គេ តែ​គេ​មិន​ស្រឡាញ់​យើង​វិញ ហើយ​ផ្ទុយ​មក​វិញ មាន​ពេល​ខ្លះ​ទៀត គេ​ស្រឡាញ់​យើង​ ប៉ុន្តែ​យើង​ពុំ​ព្រម​ស្រឡាញ់​គេ​វិញ ​ក៏សឹង​​មាន។ ការលើកឡើងមកដ៏គួរឲ្យអស់សំណើចនេះ ក៏គេហៅថា ស្នេហាដែរ [...]

ខ្ញុំ​​ចាប់​អារម្មណ៍​ចំពោះ​សំណេរ​របស់​បង​សម្បត្តិថា «មិនទាន់ដឹងចិត្តអ្នកដែលសួរថាតើស្នេហា ជាអ្វី? មានច្រើនគ្នាណាស់នំាគ្នាសួរថាស្នេហាជាអ្វី? ប៉ុន្តែគេគ្រប់គ្នាប្រាកដជាចេះស្នេហា!! ស្នេហា តាមន័យដែលយើងដឹងឮគ្រប់គ្នា គឺការស្រលាញ់់ស្និទ្ធស្នាលស្រលាញ់ស្អិតរមួតនឹងអ្វីមួយឬនរណា ម្នាក់​។ ដូចគេថាស្នេហាមាសប្រាក់ ស្នេហាបង ស្នេហាអូន ស្នេហាប្រទេសជាតិ… អ៊ីចឹង ពាក្យ «ស្នេហា» មិនមែនប្រើសម្រាប់តែចំពោះបុរសស្រ្តី ដែលស្រលាញ់គ្នាជាគូគ្រង ជាគូស្នេហ៍នោះទេ។ ទោះបីយ៉ាងណា ន័យដែលប្រើទូលំទូលាយ គឺស្នេហារវាងប្រុស និងស្រីក្នុងបំណងកាម គុណ និងចំណងរស់នៅជាមួយគ្នាបេះមិនដាច់់ ដែលហៅថាស្នេហាបរិសុទ្ធ។» ប្រកាសក្នុង​ប្លក់​ ខែសីហា ២០១០ «ស្នេហា​កើត​ចេញ​ពី​បេះ​ដូង ឬ​ពីខួរក្បាល»។

Henry Wadsworth Long Fellow បាននិយាយដែរថា៖ នៅពេលដែលស្រឡាញ់ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត មិនគ្រាន់តែនិយាយទេ គេថែមទាំងបញ្ចេញបង្ហាញឲ្យឃើញច្បាស់ទៀតផង។

សេចក្តីស្រឡាញ់ ជា​ការ​បូ​ជា​ លះ​បង់​ឱ្យ​មនុស្ស​ ដែល​យើង​ស្រឡាញ់​មាន​ការ​រីក​ចម្រើន​​លូត​លាស់​… ហើយ​បើ​ទី​បំផុត ​គេ​ទៅ​មាន​អ្នក​ថ្មី​ទៀត​ ដែល​ល្អ​ជា​ង​យើង​ យើង​មិន​ត្រូវ​ទោមនស្ស​ កើត​ទុក្ខ​ឈឺ​​​ចាប់​នោះ​ទេ។ បើ​យើង​កើត​ទុក្ខ​ឈឺ​ចាប់​ ហើយ​ទៅ​ឈ្នា​នីស​​បៀត​បៀន​​គេ នោះ​មាន​ន័យ​ថា​ យើង​មិន​ស្រ​ឡាញ់​គេ​ដោយ​ស្មោះ​ទេ។ វា​ពុំ​មែន​ជា​ស្នេហា​ពិត​នោះ​ទេ។ យើង​មិន​ចាំ​បាច់​កើត​ទុក្ខ​ខ្វល់​ខ្វាយ​រីង​រៃ​ឡើយ​ ព្រោះ​យើង​បាន​បំពេញ​ធ្វើ​នូវ​អ្វី​ៗ ​ដែល​យើង​ត្រូវ​ធ្វើរួច​រាល់​ហើយ ដើម្បី​មនុស្ស​ដែល​យើងស្រឡាញ់​នោះ…

«កូលាបតែងមានបន្លា ស្នេហាតែងមានឧបសគ្គ» ស្ទើរតែមិនមាននរណាម្នាក់មិនចាំពាក្យ​ទំនឹម​​ទំនៀម​​នេះឡើយ រហូតដល់មានអ្នកខ្លះក្រឡៃជា «កូលាបតែងមានបន្លា ការសិក្សា​តែង​មាន​ឧប​សគ្គ»​ ទៀតផង។

យើង​បាន​យល់​យ៉ាង​ច្បាស់ហើយ​​ថា កូលាប​តែ​ង​មាន​បន្លា… ហេតុនេះ ​បើ​យើង​ស្រឡាញ់​ផ្កា​កូលាប​​ យើង​ត្រូវ​តែ​ហ៊ាន​ទទួល​យក​​នូវ​បន្លា​របស់​កូលាប​នោះ​។ យើង​បង្កើត​សេចក្តី​ស្នេហា​មក ក៏​យើង​​ត្រូវ​​តែ​​ហ៊ាន​ទទួល​យក​នូវ​សេចក្តី​​សប្បាយ​រីករាយ​ពេល​ជួប​ជុំ និងទទួល​យក​ការ​​ឈឺចាប់​នៅ​ពេល​បែក​បាក់​​ព្រាត់​ប្រាស់​គ្នា​ផង​ដែរ ។

ការស្រឡាញ់ងប់ងល់របស់​អ្នកមានស្នេហាទាំងឡាយ តែងតែត្រាំខ្លួន​ក្នុង​ក្លិនក្រអូប និងរស​ផ្អែម​​ល្ហែម​​ពោរ​ពេញ​​ទៅដោយ​សភាព​អណ្តែតអណ្តូង។ ទោះ​ជា​ស្រឡាញ់​ងប់ងល់​យ៉ាង​ណាក៏ដោយ ក៏​ត្រូវ​​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ។ មិនត្រូវឲ្យមនោសញ្ចេតនា នៃ​បេះដូង​បោកបញ្ឆោត​ វិចារណ​ញ្ញាណ​​នោះ​ឡើយ​។

មនុស្សមានជីវិតរស់នៅរហូតមកដល់ពេលនេះ មិនមាននរណាម្នាក់ ដែលមិនមានបាន​សាង​នូវ​​កំហុស​នោះទេ មិនថាដោយចេតនា ឬអចេតនាក្តី បើមិនច្រើនក៏តិចដែរ ដាច់ខាត់​មានជានិច្ច ក្នុង​ផ្នែក​ណា​មួយ​មិនខាន។ យើង​ក៏​ដឹង​ផង​ដែរថា កំហុស​ជាផ្នែកមួយ​នៃ​ជីវិត។ បើ​យើង​មិនខុស​ ក៏​មិន​អាច​រក​ត្រូវ​ឃើញ​ផងដែរ។ សូ​ម្បី​តែ​សេចក្តី​ស្រឡាញ់​ពេលខ្លះ ក៏មានកំហុសដែរ! គ្រាន់​តែ​ស្រឡាញ់​ក៏​មាន​​ខុសដែរ!…

ប្រការនេះ យើងអាច​និយាយជាគតិបានថា គ្រប់​​អ្វី​ទាំង​អស់​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ គឺ​ជា​ទី​ស្រឡាញ់​​របស់​យើង។ អំពើ​ល្អ​របស់​គេ​គួរ​ឱ្យ​កោត​សរសើរ​ និង គោរព​ស្រឡាញ់ រី​ឯ​អំពើ​អាក្រក់ កំហុស​របស់គេ​វិញ​នោះ គឺ​គួរ​ឱ្យ​អាណិត​អាសូរ ព្រមទាំង​​​ចង់​ជួយ​កែ​ប្រែ។ ចិត្តវិទូ​បូព៌ាប្រទេសម្នាក់បាន​សន្និដ្ឋាថា ស្រឡាញ់​នរណា​ម្នាក់​គួរ​តែ​ដឹង​ពី​ប្រការ​​អាក្រក់របស់អ្នកនោះ ហើយស្អប់នរណាម្នាក់​ក៏ត្រូវដឹង​ប្រការល្អ​របស់អ្នកនោះដែរ។

សេចក្តីស្រឡាញ់ មិន​ទាម​ទារ​នូវ​ការ​តប​ស្នង​អ្វី​មក​វិញ​នោះ​ទេ។ ជា​ការ​ពិត យើង​ស្រឡាញ់​នរណា​ម្នាក់​ មិន​សង្ឃឹម​រំពឹង​ថា ចង់​បាន​អ្វី​ពី​គេ​មក​វិ​ញ ឬ​ចង់​ផ្តល់​អ្វី​ឱ្យ​គេ​ នោះក៏​ទេដែរ គឺ​ចង់​មាន​ន័យ​​សេចក្តីថា បន្ទាប់​ពីយើង​ទាំងពីរ​នាក់​ជួប​ជុំ​គ្នា អ្វី​ៗ​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ។​ ចំណុច​ទន់​ខ្សោយ​កង្វះ​​ខាត​ទាំង​ឡាយ​​​នឹង​ត្រូវ​បាន​កែ​ប្រែ​ និង បំពេញ​បន្ថែម​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ។

លើ​ស​ពី​នេះ​ មាន​ពេល​ខ្លះ​ សេច​ក្តី​ស្នេហា កើត​​ចេញ​ពី​មិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅ​ផង​ដែរ ។ មិត្ត​ភាព​បាន​បង្កប់​នូវ​កូនពន្លក​​សេ្នហា​យ៉ាង​សម្គម​​មួយ​ដែល​អាច​នឹង​ឈាន​ដល់ដំណាក់​កាល​​បង្កើត​បាន​ជា​ស្នេហា​យ៉ាង​កក់​ក្តៅ ។

ត្រង់នេះ​ខ្ញុំ​យល់​ស្រប តាម​ការស្រាវជ្រាវរបស់លោក​​សម្បត្តិ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ប្លក់​របស់​លោក​ត្រង់ «ការស្ទង់់មតិមួយអំពីន័យថាស្នេហា»​។​ គាត់បានសរសេរថា៖ «…មិត្តភាពមិនមែនស្នេហា ហើយស្នេហាមិនមែនមិត្តភាព។ មិត្តភាព គឺទាមទារការស្រលាញ់់គ្នាទៅវិញទៅមក។ រីឯស្នេហាមិន អ៊ីចឹងទេ… សេចក្ដីស្នេហាចំពោះនរណាម្នាក់់ ទោះជាមិនបានទទួលនូវសេចក្ដីស្នេហាតបវិញ ក៏គេនៅ តែអាចស្នេហា បានដែរ ។…» ([1])

អ៊ីចឹង មាន​ន័យថា ខ្ញុំ​ស្រឡាញ់​រាជិនី​នោះ ជា​ស្នេហា​ ហើយ​មែន​ទេ…? ប្រហែល​ហើយ​មើល​ទៅ​…

យើងឃើញថា មានមតិ​ច្រើន​ដែល​បាន​ចូលរួម​យ៉ាងសកម្មក្នុង​ការលើកឡើងពីស្នេហានេះ។ ជា​​ចុង​ក្រោយ​ យើងសូម​ចូលរួម​បន្តិច​ផងដែរថា ចំពោះស្នេហា​ជារឿងដែលមិនអាច​ខ្លះបានក្នុងជីវិត ជាផ្នែកមួយ​សំខាន់​សម្រាប់​ជីវិត តែក៏គាប្បី​ប្រព្រឹត្ត​ទៅ​ឲ្យ​បានសមស្រប​តាម​កាលៈទេសៈផងដែរ។ លើស​ពីនេះ មុន​នឹង​ក្រលាស់អណ្តាត​សារភាព​សេចក្តី​​ស្នេហា​ចំពោះ​នរណាម្នាក់ ត្រូវ​ពិចារណា​ឲ្យ​បាន​គ្រប់​​ជ្រុង​ជ្រោយ​ជា​មុន។ ដូចសម្តី​របស់ទស្សនវិទូ និងគណិតវិទូ Descartes បាន​មាន​ប្រសាសន៍​ថា «ត្រូវ​បង្វិល​អណ្តាត​៧​ជុំ​សិន សឹម​និយាយ»។ ពាក្យទូន្មានពិតជាត្រឹមត្រូវ មិនថា ក្នុង​ការ​និយាយ​កិច្ច​ការ​ទូទៅ ឬសន្ទនា​ក្នុង​កិច្ច​ស្នេហានោះទេ។ មុន​ធ្វើ មុន​និយាយ​អ្វីក៏ដោយ ក៏​ត្រូវ​គិត​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមុន នេះជាប្រ​ការ​ចាំបាច់! […]

ទោះ​បី​ជា​អត្ថបទ​ទាំង​នេះ មាន​ទស្សនៈ​យល់​ឃើញ​ប្លែក​ៗ​យ៉ាងណា​ក៏​ដោយ ក៏​ខ្ញុំបាន​ពិចារណា​រួចហើយថា «ខ្ញុំមិនអាចស្ថិតក្នុង អន្លង់ រណ្តៅ ទុក្ខព្រួយ ដូច្នេះ រហូត នោះទេ ! «ជីវិត មនុស្ស ខ្លី ណាស់ តើ​អ្នក​មាន ពេលវេលាឯណា ទៅស្រឡាញ់មនុស្ស ដែលមិន ស្រឡាញ់ អ្នក នោះ?» «សេច​ក្តី ស្នេហា គឺជា ការ លះ បង់ » កន្លងមក ខ្ញុំបាន លះបង់ ពេល វេលា និង អាយុជីវិត របស់ ខ្ញុំ ចំពោះ នាង តែ​ពេល​នេះ ខ្ញុំ​ត្រូវ ហ៊ានលះបង់ នាង ដើម្បី សេចក្តីសុខ របស់ នាង។ សេចក្តីស្រឡាញ់ គឺចង់ ឱ្យ មនុស្ស ដែល ខ្លួន​ស្រឡាញ់​​បាន​សេចក្តី​សុខ ទោះបី ជាគេ មិនបាន នៅរួមរស់ ជា​មួយ​រូប យើង ក៏ ដោយ ក៏យើងនៅតែ ស្រឡាញ់​គេ…»

ខ្ញុំ​គិត​រួចស្រេចបាច់ហើយថា ខ្ញុំត្រូវ​តែព្យាយាម​កាត់ចិត្តបំភ្លេចរាជិនី​…

ពេលនេះ ខ្ញុំបានចាប់​ផ្តើម​ស្រាយទុក្ខព្រួយរួចបន្តិចម្តងៗ​… ខ្ញុំចាប់​ផ្តើម​ញញឹម​សាជាថ្មី… ទ្រូង​របស់​ខ្ញុំ​​បែរ​ជា​ស្រាល​ ដូច​​ជា​ដក​​បន្លា​ចេញ​ពីដើមទ្រូង។ ខ្ញុំសើច​ញញឹម​សាជាថ្មី​ម្តង​ទៀត… សើច​នឹង​ទង្វើ​ឆ្កួត​វង្វេង​របស់​ខ្លួន​កន្លង​​មក… ខ្ញុំរៀប​ចំ​ស្លៀកពាក់​យ៉ាង​សមរម្យ ​ហើយ​ទាញកង់​សំដៅ​ទៅ​ផ្ទះ​របស់​រតនៈ ទាំង​អារម្មណ៍​អន្ទះសា​ចង់​​សារភាព​កំហុស​ចំពោះ​រតនៈ។

ពេលមកដល់ខ្ញុំឃើញ រតនៈកំពុងស្រោចផ្កា ក៏ដើរលបៗពីក្រោយកុំឱ្យគេដឹងខ្លួន ហើយ​និយាយ​៖

«អេ… រតនៈនៅស្រោចផ្កាទៀតហ្អា?…»

«អូស! ជីវិនទេ! ថ្ងៃនេះ​ ដូចជាប្លែក​ដល់ហើយ មកលេង​គ្នាដល់​ផ្ទះ​តែម្តង! ខ្យល់បក​ពីខាង​ណា​ហ្នឹង​?​» រតនៈ​និយាយ​ដោយ​រំភើប​ចិត្ត។

ខ្ញុំចាក់សម្តីទប់វិញភ្លាម «ខ្យល់បក់មកតែពីខាងខ្យល់បក់ហ្នឹងណា មាន​ខាងណាទៀតអ្ហ៎!»

«ហាស ហា​…» យើងសើចព្រមគ្នា។

«ឯងដឹងថ្ងៃ​នេះ ជាថ្ងៃពិសេស​ណា! ថ្ងៃទី​ពីរ ខែពីរ បន្តិចទៀត​ម៉ោងពីររសៀល​ហើយ! គួរតែ​ទៅ​រក​ទិញ​​សៀវ​ភៅ​ សម្រាប់​ថ្ងៃពិសេស​ណា!» ខ្ញុំនិយាយកាត់ផ្ទាំងសំណើច។

«គ្នាទន្ទឹង​រង់ចាំ​ឯងយូរថ្ងៃមកហើយ! គ្នាខ្លាចមិនហ៊ាន​ទៅរក​ឯងដល់ផ្ទះឯងទេ តាំងតែពីថ្ងៃ ​ដែល​ឯង​ដើរ​ចេញ​ពី​គ្នា​ថ្ងៃ​នោះ​ម្ល៉េះ​! គ្នាខ្លាចក្រែងឯងប្រកាន់ខឹងនឹងគ្នារឿងអ្វីមួយ…»

«ឱ្យគ្នាសូមទោស​ឯងចុះ​ណាសម្លាញ់ កំហុស​ទាំង​ប៉ុន្មាន​ គឺ​មក​ពី​គ្នាទាំងអស់… គ្នានឹង​និយាយ​ប្រាប់​​​ឯង តែ​មិន​មែន​​ពេល​នេះ​ទេ!​ ចាំថ្ងៃណាមួយឯង​នឹង​ដឹង!​ គ្នានឹងសរសេររឿង​នោះទុក» រតនៈ​ចងចិញ្ចើម​ដោយ​ឆ្ងល់។ «កុំបាច់ឆ្ងល់​ច្រើន​អីសម្លាញ់! គ្រាន់តែ​ដឹងថា គ្នាជាអ្នកខុស​ទៅ​បាន​ហើយ! រឿង​កន្លងមក គ្នា​សូម​ទោស​ឯងផង  ចំពោះ​អាកប្ប​កិរិយា ឆ្គាំឆ្គង​អស់​ទាំងពាក្យ​សម្តី​ និងកាយវិការ​ណាមួយ​មិន​សមរម្យ​ទៅ​លើ​ឯង​​ដោយ​ប្រការ​ណាមួយ។ សូមឯងអភ័យ​ទោស​ឱ្យគ្នាផង! គ្នា​សន្យា​ថា ​ពេល​ដែល​គ្នា​សរសេររឿង​នោះ​ចប់ គ្នា​ឱ្យ​ឯង​អាន​មុនគេ។ គ្នាដាក់​ចំណងជើងថា…» ខ្ញុំគិតមួយសន្ទុះ «តែ​មិន​ទាន់​ប្រាប់​ឯង​ទេ! ហាស​ហា! តោះ​យើងទៅរកទិញសៀវភៅ​ថ្ងៃ​ហើយ ប្រយ័ត្ន​ហួស​ម៉ោង​ពីរ!»

«ចំមែនឯង​នេះ… ខំតែ​ចាំស្តាប់​!… ទៅក៏ទៅ! គ្នាទៅ​ប្តូរ​ខោអាវ​សិន​…» ថាហើយ​រតនៈ​រត់​ឡើង​លើ​ផ្ទះ។

ស្លៀកពាក់​រួចរាល់ហើយ រតនៈអូសកង់​កញ្ចាស់​ ដែល​យើង​ធ្លាប់​ជិះ​ជាមួយ​មក។ ខ្ញុំក៏សួរ៖

«ម៉េចឯង​មិនជិះ​ម៉ូតូ?»

«ជិះកង់​សប្បាយចិត្តជាង! ម្យ៉ាង​បើម្នាក់ជិះកង់​ម្នាក់​ជិះ​ម៉ូតូមិន​កើតទេ ហើយ​បើ​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​ មិន​សប្បាយ​​ទេ! ជិះកង់​ម្នាក់​មួយដូច្នេះ ល្អជាង​ ព្រោះយើង​ខាន​និយាយ​​នឹងគ្នា​យូរ​ហើយ!»

«ល្អ​! អ៊ីចឹងតោះ! កុំឱ្យ​អស់សាំង និងចំណេញ​សុខភាព​ផង! ជិះកង់​អាចជួយ​កាត់​បន្ថយ​ការ​ឡើង​កម្តៅ​ផែន​ដី​ទៀត!»

«អូហូ! បានសម្តីផងណ៎! បែកគ្នាយូរ! តោះ…»

ពួកយើងទាំងពីរ​បានវិលមកភាព​ជិតស្និទ្ធគ្នាសាឡើង​វិញ បន្ទាប់​ពី​មានការប្រេះឆា​កន្លង​មក។

យើងបានទិញសៀវភៅជាច្រើន​ បន្ទាប់មកយើងនាំគ្នាអង្គុយនៅ​សួនច្បារវត្តបទុម​វតី ព្រម​ទាំង​បណ្តើរ​កង់​​កាត់​វិមានឯករាជ្យ ដើរមើល​ទេសភាព និងអានសៀវភៅដែល​ទើប​នឹងបានទិញ។ យើង​និយាយ​ជជែក​រៀប​រាប់​​ជា​ច្រើន​​ពី​អារម្មណ៍ ពីអក្សរសិល្ប៍ វិបត្តិគ្រួសារ… ​រហូត​ដល់​ម៉ោង​ដប់​ប្រាំពីរ​ល្ងាច​ ទើប​ត្រឡប់​​មក​ផ្ទះ​រៀងៗខ្លួន។

ខ្ញុំបានទិញសៀវភៅ​ប្រលោម​ជាច្រើន​ក្បាល ព្រមទាំងសិក្សាកថាមួយចំនួនទៀត។ មាន​ប្រលោម​លោក​​មួយ​ដែល​ត្រូវនឹង​ស្ថានភាពផ្លូវចិត្ត​របស់ខ្ញុំ​ គឺរឿង«លះស្នេហ៍បែរសិក្សា»។ ខ្ញុំបាន​អាន​រហូត​ដល់​យប់​​រំលង​អធ្រាត្រ​​ទើបចប់ ហើយ​ចាប់​ផ្តើម​សរសេររឿងមួយដែរ។

ដល់ថ្ងៃ១៣កុម្ភៈ ខ្ញុំបាន​យក​សំណៅ​រឿង​ឱ្យ​រតនៈ​អានមុន​គេ តាមការសន្យា។ ស្អែកឡើង ថ្ងៃ​១៤​កុម្ភៈ យុវជន​ប្រុស​ស្រី ​ដែល​​កំពុងឈ្លក់វង្វេង​នឹងសេរីភាពយ៉ាងដាច់​បង្ហៀរ​បាន​ជិះ​ម៉ូតូ​ រថយន្ត​ទំនើប​ៗឆ្វែល​ចុះឆ្វែល​ឡើង​យ៉ាង​សប្បាយ​​រីករាយ​ ហាក់បី​ដូច​ជា​​មិន​ចង់ឱ្យ​ថ្ងៃពិសេស​នេះ​រំលង​ផុតទៅ​ មិន​ចង់ឱ្យ​យុវភាព​របស់​ពួកគេ រសាត់បាត់​ទៅ​ដោយ​មិនបាន​ក្រេប​រសសោភណភាព​នៃ​សម្ភារ​និយម​​។ ដូច​ឆ្នាំមុនដែរ រតនៈនិងខ្ញុំនាំគ្នា​ទៅរកទិញ​សៀវភៅ​សម្រាប់​ថ្ងៃដ៏​ពិសេស​​នេះ។ យើង​ចូល​បណ្ណាគារ​ដដែល​ដូច​ឆ្នាំមុន… ហើយក៏បាន​ជួបរាជិនី ​និង​ពិសី​កំពុង​​រក​សៀវភៅនៅថត​ខាង​លើ​ ដែល​​ពួកនាង​ឈោង​យក​មិនដល់។

«សួស្តីកញ្ញាទាំងពីរ​ ទុកឱ្យ​ខ្ញុំជួយ…» ខ្ញុំនិយាយឡើង។

«អ៎! ជីវិន និងរតនៈទេ!» រាជិនីបន្លឺបែប​ភ្ញាក់ផ្អើល។

«ឆ្នាំនេះ ប្លែកណាស់​មាន​ពិសី​មកដែរ!» រតនៈពោលតិចៗទៅពិសី។

នាងតបទាំងស្នាមញញឹម ព្រមទាំងមើលមុខទៅរាជិនី​ «កុំតែ​បានរាជិនីនាំមក​ទេ កុំ​អី​គ្មាន​បាន​មក​ជួប​ជី​វិន និង​រតនៈ​ឯង​ទេ… គួរ​តែ​អរគុណ​មិត្ត​ភក្តិ​ដ៏​ល្អ​ម្នាក់​នេះ​​ទើបត្រូវ!» នាង​និយាយ​បែប​ចំអកគួរ​ឲ្យ​ខ្នាញ់។

«មិនមាន​គុណស្រ័យអីទេ!» រាជិនី​ចង្អុលមក​ខ្ញុំ «អេ៎! ជីវិន​ថា ជួយយក​សៀវភៅឱ្យហ៎!» នាងនិយាយ​រំញែក​ ដូច​កូន​ក្មេង​គួរ​ឱ្យស្រឡាញ់។

«ឡើយតែ​និយាយ​ប៊ិះភ្លេច! ចាំមួយភ្លែត​រាជិនី! ខ្ញុំ​យក​ឱ្យ…» ខ្ញុំក៏ឈោង​ជំទើត​ដក​យក​ប្រលោម​លោក​«ស្រមោស​ស្នេហ៍» ដែល​នាង​​ចង្អុល​ប្រាប់​នោះ។ «នេះ! ពិសី! រាជិនី!»

«ចាស៎! ចាស៎អរគុណ!»

«មិនអីទេ! ពួកយើងទៅរកសៀវភៅរបស់​យើងហើយណាស់ តោះរតនៈ»

«អញ្ជើញលោក!»

រាជិនី​​និយាយរាងលេងសើចផង ជួយ​ស្នាម​ញញឹមនៃ​មិត្តភាព​​យ៉ាង​កក់ក្តៅ​។

ខ្ញុំញញឹមតប តែមិនស្តី​អ្វី​​ទេ​ ព្រោះ​សម្តី​របស់​នាង​ពេលនេះ​ លែង​ចាក់​ដួង​ចិត្ត​របស់ខ្ញុំ​ទៀតហើយ! យើងជា​មិត្ត​ល្អ​នឹង​គ្នា​តែ​ប៉ុណ្ណោះ ខ្ញុំកាត់​ចិត្តរួច​រាល់ជ្រះស្រលះ​ហើយ​ គ្មានមន្ទិល​សៅ​ហ្មង​ចំពោះ​រឿង​ស្នេហា​សម្ងាត់​ក្នុង​ប្រអប់​ចិត្ត​ជា​មួយ​នាង​ទៀត​​ទេ។ បេះដូង​របស់ខ្ញុំ​បាន​ឆ្លើយ​ថា នាង​ជាមិត្ត​នារីដ៏ល្អ ឆ្លាតឈ្លាសវៃ ខ្លាំងពូកែ ក្លាហាន សុភាព ​ចេះ​ជួយ​ចែក​រំលែក​ ចរិយាមារយាទរម្យទម សាក​សម​ជានារី​​ខ្មែរដ៏ល្អប្រពៃ។ នាង​​នឹង​​ក្លាយ​ជា ឧត្តមភរិយា​ដ៏ល្អរបស់​លោក​វាសនា ដុក​ទ័រ​នៅ​បារាំង​នោះ ហើយជាមាតា​ដ៏ល្អ​ ប្រកប​​ដោយ​ព្រហ្ម​វិហារ​ធម៌ ​សម្រាប់​កូនរបស់​នាង​ពេលអនាគត។

ខ្ញុំបាន​ស្វែង​រក​សៀវភៅ​«លះស្នេហ៍បែរសិក្សា» របស់​លោកជិន-មាស ហើយទិញ​​ជូនរាជិនី។ ខ្ញុំបាន​សរសេរ​នៅ​ទំព័រដំបូង«១៤ កុម្ភៈ ២០០៩ ជូនរាជិនី ពីមិត្ត រួមថ្នាក់ ជីវិន»

ចំពោះសំណៅរឿង​ ដែល​ខ្ញុំ​សរសេរនោះ ខ្ញុំបានរៀប​ចំ​ជាសៀរភៅ​យ៉ាងស្អាត មាន​ចំណង​ជើងថា «តំណែង ស្នេហ៍ រាជិនី»។ ខ្ញុំ​ក៏បាន​ចារ​នៅ​ទំព័រទីមួយផងដែរថា«ជូន មិត្តរាជិនី សូមឱ្យ មិត្ត​ភាព​របស់​យើង ទាំងពីរ​ស្ថិត ស្ថេរ ជា និរន្តរ៍ ពី​ជីវិន»

រីឯពិសី​វិញ ខ្ញុំជូនរឿង​«ស្តាយ»។ ខ្ញុំសរសេរ​ក្រោម​អារម្ភក​ថា​អ្នក​និពន្ធ «ជូន ចំពោះ​ពិសី សម្រាប់​​ទុក​ជា​​អនុ​ស្សាវ​រី​យ៍ ថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់នេះ ពីយុវ មិត្ត ជីវិន»។ រាជិនីក៏​ទិញ​សៀវភៅ​ជូន​​ពួកយើង​វិញ​ដែរ​ គឺ​រឿង​«ជើង​មេឃថ្មី» «ម្តាយក្មេកទំនើប» «ស្រមោលស្នេហ៍» និពន្ធ​ដោយ​លោក​ស្រី ប៉ិច-សង្វាវ៉ាន «ក្រោម មេឃ ពណ៌ ខៀវ នៃ​ទីក្រុងតូក្យូ» និពន្ធ​ដោយ​លោក​ស្រី ​ប៉ែន-សេដ្ឋារិន និង «ក្រលេក មើល ភ្លើង ឆេះ ស្រុក ខ្មែរពី ត្រើយ ម្ខាង» ដោយលោក ជៀប-គីម​ហ៊ាង ។ នាងសរសេរ​នៅ​ទំព័រមុខថា «ជូនមិត្តទាំងបី ពិសី ជីវិន រតនៈ ទុក ជា អនុស្សាវរីយ៍ ពីមិត្តនារី រាជិនី ១៤ កុម្ភៈ ២០០៩ ហត្ថ​លេខា រាជិនី» នាង​ក៏​បាន​ផ្តាំ​​តាម​ពិសី​ផងដែរថា  ត្រូវ​ចែកគ្នាអាន​ម្តង​ម្នាក់​​ ។

បន្ទាប់​ពី​ជូន​សៀវភៅគ្នារួច​ហើយ​យើង​ក៏បែកគ្នា​។ រតនៈនិង​ខ្ញុំ​នៅតែ​បន្ត​ដើររក​ឯកសារ​ប​ន្ត​ទៅ​ទៀត​ ហើយ​​យើង​ទិញ​ទឹក​អំពៅម្នាក់មួយថង់​ជិះកង់​តម្រង់​មុខវាំង​ ដើម្បី​អង្គុយ​លំហែ​​កម្សាន្ត​អារម្មណ៍​ បន្ទាប់​​​មក​យើង​​បណ្តើរកង់​និយាយ​គ្នារហូតកាត់​មុខ​វត្តបទុមវតី វិមានឯករាជ្យ​… យើង​ឈប់​កង់​និយាយ​​គ្នា​លេង​ និង​អាន​សៀវ​ភៅ ស្រូបយក​ខ្យល់អាកាស ព្រមទាំងមើល​យុវជន​ប្រុស​ស្រី​ ស្លៀកពាក់​ ឡូយ​​ឆាយ​ ជិះម៉ូតូ​បណ្តើរគ្នា​ នា​ថ្ងៃ​​ពិសេស​សម្រាប់​ពួក​គេ។

ក្រោយពីបាន​អានរឿង«តំណែងស្នេហ៍រាជិនី» របស់ខ្ញុំរួចម​ក​ មិត្តទាំងបី​បាន​ដឹង​ថា ​ខ្ញុំ​លួច​​ស្រឡាញ់រាជិនី តែ​ខ្ញុំ​ក៏​បាន​ត្រៀមចិត្តទទួលការពិត​រួចហើយដែរ។ ពួកគេ​មិនខឹង​ប្រកាន់​នឹងខ្ញុំ ថែម​​ទាំងអាណិត​រូបខ្ញុំ​ថែម​ទៀត​។ នេះ​គ្រាន់​តែ​ជា​អារម្មណ៍​​ស្រមើ​ស្រមៃ​នាវ័យ​យុវ​ភាពតែ​ប៉ុណ្ណោះ​​។ យើង​នៅ​តែ​រាប់​អាន​គ្នា​ដូច​ពីមុនអ៊ីចឹង គ្មានផ្លាស់ប្តូរ​ឡើយ។ យើង​​បាន​សច្ចា​ថា នៅ​ពេល​នរណាម្នាក់​មាន​ទុក្ខ យើង​ទាំងបួននឹងជួយគ្នាទៅ​វិញទៅមក។ យើង​ខំ​ប្រឹងរៀន​ទាំង​អស់​​​គ្នា​ ដើម្បី​ប្រឡង​​យក​សញ្ញា​បត្រ​​មធ្យម​សិក្សា​ទុតិយ​ភូមិ ​នាពេលខាងមុខ​ឱ្យបាន​និទ្ទេសល្អ។

ថ្ងៃប្រឡងបានរំកិលខ្លួនចូលមកដល់ យើងរាល់គ្នា​លីស្លាបប៉ាកកាចូលប្រយុទ្ធក្នុងសមរ​ភូមិ​​សិក្សា​​​នេះ ដោយ​​គ្មាន​ខ្លាចរអែង ព្រោះយើងបានត្រៀម​លក្ខណៈរួចរាល់ស្រចហើយ។ ពួក​យើង​បាន​រៀន​​ស្វ័យ​សិក្សា​​ជាក្រុម​រាល់​ថ្ងៃ​នៅ​ផ្ទះ​រាជិនី។ ដូច្នេះ​ ចំពោះ​លទ្ធផល​ប្រឡង​ គ្មាន​អ្វីត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ។

ថ្ងៃ​ប្រកាស​លទ្ធផលបាន​មក​ដល់​ពិសី​​បាន​និទ្ទេស.សេ ឯរតនៈ រាជិនី​ និង ខ្ញុំ​បាន​និទ្ទេស​.បេ​ដូច​គ្នា​។ យើង​បាន​ធ្វើ​ពីធីជប់លៀង​តូចមួយ​ ដើម្បី​​អបអរការទទួលបានជោគជ័យ​នេះ។

ចំពោះ​មហាវិទ្យាល័យ​សម្រាប់​បន្តការ​សិក្សា​ ​ត្រូវ​​​បាន​ពិសីជ្រើសរើសរៀន​មុខវិជ្ជាគណនេយ្យ​ តាម​ចំណង់​ចំណូល​​ចិត្ត​របស់​នាង។ នាងបង់​ហា​សិប​ភាគ​រយ។ ចំណែក​​រាជិនីរៀន​ច្បាប់ការ​ទូត​ ព្រោះ​នាង​ស្រឡាញ់​តាំង​តែ​ពី​តូច​មក​ម្ល៉េះ និង​នាងមាន​ទេព​កោសល្យ​ពូកែ​​និយាយ​ ក្លាហាន ណាមួយ​ឪពុក​ម្តាយ​របស់នាងសុទ្ធតែ​ធ្វើការ​នៅ​ស្ថាន​ទូត​បារាំង​​ផង។ ដោយ​ឡែករតនៈវិញរៀនសេដ្ឋកិច្ច​។

ខ្ញុំ​រៀនផ្នែក​ទេសចរណ៍ ព្រោះខ្ញុំ​ស្រឡាញ់​​មុខវិជ្ជានេះណាស់។ ខ្ញុំចង់​និយាយ​ប្រាប់​បរទេស​ឱ្យ​បាន​ដឹង​ពី​ប្រវតិ្ត​អង្គរ ប្រាសាទខ្មែរ  ព្រំ​ប្រទល់​​ដែនដីសី​មា​របស់ប្រទេសខ្មែរយើង ពីក្បាច់រចនាដ៏​ល្អ​វិចិត្រ​​នៃ​​រចនា​បថ​ក្បាច់​ខ្មែរ… ហើយ​ខ្ញុំ​ចង់​ឃើញវិស័យ​ទេស​​ចរណ៍ ​នៅ​ស្រុក​យើងមានការ​អភិវឌ្ឈ​ជឿន​លឿន​​ទៅមុខ ព្រោះ​វិស័យ​​​ទេសចរណ៍ជា​ឧស្សាហ​កម្ម​​គ្មាន​ផ្សែង​។ គិតទៅល្អគួរដែរ! ពួកយើង​សុទ្ធ​តែ​បាន​អាហារូប​ករណ៍​គ្រប់​គ្នា គ្រាន់តែ​ពិសី​ត្រូវបង់​ពាក់​កណ្តាល​តែ​ប៉ុណ្ណោះ។

រាជិនី សម្រេចចិត្ត​ពន្យារពេលរៀប​ការ។ នាងគិត​ថាចាំ​រៀនចប់មានការងារធ្វើ មាន​ប្រាក់​ខែ​ត្រឹម​ត្រូវ​សិន ព្រោះ​មិន​ចង់​រស់នៅ​ពឹង​លើ​ប្តី​ទាំងស្រុងនោះឡើយ។ ឪពុកម្តាយ និង​គូដណ្តឹង​របស់នាងក៏​យល់​​ព្រម​នឹង​គំនិត​នាង​​ដែរ។

ពេលវេលា​មិនរង់ចាំយើងទេ រយៈពេលបួនឆ្នាំនៃ​ការសិក្សា​បរិញ្ញាបត្ររបស់យើងត្រូវបាន​បញ្ចប់​។ ពួក​យើង​​មាន​ការងារ​ធ្វើ​តាំង​ពីឆ្នាំទីពីរ ទីបីម្ល៉េះ! សំណាងល្អជាងគេ​គឺពិសីនាង​បាន​ការ​ងារ​តាំង​ពីឆ្នាំ​ទី​​មួយ ដោយ​សារ​នាង​មាន​ចំណង​ទាក់​ទងល្អជាមួយនឹង​ប្រធាន​អង្គការមិន​មែន​រដ្ឋាភិបាលមួយ​កន្លែង​។​ នាង​ស្រឡាញ់​ក្មេងកំព្រា ហើយ​នាង​ក៏​ត្រូវ​បាន​​គេអញ្ជើញ​ទៅធ្វើ​ការ​​ជាជំនួយ​ការ​គណ​នេយ្យករ​ ប្រចាំ​​សាខា​ធំរបស់​អង្គកា​រនោះ​នៅ​ភ្នំពេញ។ ក្រុមយើងសុទ្ធ​តែ​មាន​​ជំហររឹង​មាំ​រៀង​ៗ​ខ្លួន។

យប់​ថ្ងៃ​ចេះ​តែ​រំលង ផ្លាស់​វេន​គ្នា… ថ្ងៃចូលរោង​ការ​​របស់​រាជិនីកាន់តែ​ខិត​ជិត​មក​ដល់​ទៅ​ហើយ​។  មិត្ត​ទាំងបី​នាក់​​ពិគ្រោះ​គ្នា​នឹង​រៀប​ចំវត្ថុ​អនុស្សាវរីយ៍​មួយ សម្រាប់​ជា​ចំណង​មិត្ត​ភាព​​ចំពោះ​រាជិនី​ មិត្ត​នារី​ដ៏ល្អរបស់យើង​។ ពិសី​ស្នើឱ្យ​ខ្ញុំ៖

«ជីវិនគួរតែរៀបចំ​កែសម្រួល​រឿង«តំណែងស្នេហ៍រាជិនី» របស់ជីវិនឯងនោះ ដើម្បី​បោះ​ពុម្ព​ជូន​ពរ​​ថ្ងៃ​អាពាហ៍​ពិពាហ៍​​របស់អានី ​។ ល្អ​ទេ​ជីវិន? ចុះរតនៈយល់យ៉ាងម៉េចដែរ?»

រតនៈមានខ្លួនក៏តប «ខ្ញុំយល់ស្របនឹងយោបល់របស់​ពិសី ​តែខ្ញុំយល់ថា គួរតែ​ជីវិនឯងប្តូរ​ចំណង​​ជើង​​ទៅ​ល្អ​ជាង ព្រោះខ្លាច​ក្រែង​​រង្គៀស​ដល់ចិត្ត និងប៉ះពាល់ដល់អារម្មណ៍​អនាគត​ស្វាមីរបស់​នាងនោះ​ណ៎ា!»

«ម្យ៉ាង​ដែរ!… ល្អណាស់ដែរតើ! សម្រេចអ៊ីចឹងចុះ! គ្នាសូមអរគុណពួកឯងទាំងពីរហើយ ដែលជួយបញ្ចេញ​យោបល់​​ក្នុង​​រឿង​នេះ។ គ្នា​នឹង​កែ​សម្រួល​ពិនិត្យរឿងនោះឡើងវិញ»

ខ្ញុំបាន​ចំណាយ​ពេល​យ៉ាង​រីករាយ សម្រាប់​ពិនិត្យកែ​សម្រួល​សំណៅរឿង​សា​ឡើង​វិញ​។ ខ្ញុំ​បាន​សម្រេច​​ចិត្ត​ប្តូរចំណងជើង​ថា​«ថ្ងៃពិសេសមួយ និងបញ្ចូន​ទៅរោង​ពុម្ព​ ដើម្បី​បោះ​ផ្សាយ ព្រមទាំង​សូម​រក្សា​កម្ម​​សិទ្ធិ​បញ្ញាពី​បណ្ណា​ល័យ​ជាតិ​ទៀត​ផង ។

ថ្ងៃសិរីជ័យមង្គល​របស់រាជិនី និងវាសនា​បានប្រាកដឡើង។ មិត្ត​យើងទាំងបី​បាន​ធ្វើចំណង​ដៃ​ជា​​​វត្ថុ​អនុ​ស្សា​វរីយ៍ ​និង​​សៀវភៅ​យ៉ាង​ស្អាត​ជូនដល់​គូស្វាមីភិរិយាថ្មី។ នាពេល​ពិសា​ភោជនា​ហារ ពិសី​ រតនៈ និង ខ្ញុំ​បាន​ចូល​​រួម​គ្នា​តែង​​កំណាព្យ​ សម្រាប់​ជូន​ពរ​ថ្ងៃ​អាពាហ៍ពិពាហ៍​ដ៏មហោ​ឡារិក​នេះ។ កំណាព្យ​​មានពីរ​អត្ថបទ​ រតនៈ​​ និង​​ពិសី​ជា​អ្នក​ស្មូធ្យ​​ម្នាក់​មួយ ហើយខ្ញុំ​ជាអ្នក​កូត​ទ្រ​កំ​ដរ​ ព្រោះ​ពុក​ខ្ញុំ​ជា​តន្រ្តី​ករ​ភ្លេង​បូរាណខ្មែរស្រាប់ ខ្ញុំ​ចេះកូតទ្រ ល្មម​អាច​ស្តាប់​បាន​។

ជិត​ចុង​​កម្មវិធី រតនៈ​បាន​សុំ​ពិសីឡើងរាំ ខ្ញុំ​សុំ​អនុញ្ញាត​​ពីលោក​វាសនា ​ដើម្បី​​សុំ​វិជ្ជនីឡើងរាំ ចង្វាក់រាំរង់ ហើយ​ពីរ​គូ​យើង​ដូរ​គូ​គ្នា​រាំ​​ចង្វាក់​រាំ​ក្បាច់មួយ​បទ​ទៀត​។ ចុង​ក្រោយ​បទ« ណា ទៅ ឋាន សួគ៌» ដែល​ពោល​ដោយ​អ្នក​នាង ​ហួយ-មាស និង​បកស្រាយដោយលោក​អធិ​រាជ​​សំឡេង​មាស​ ស៊ិន-ស៊ី សា មុត បាន​បន្លឺ​​ឡើង…

ទិវាអាពាហ៍ពិពាហ៍បានបញ្ចាប់​ទៅដោយ​សេចក្តី​សប្បាយរីករាយ​ជាទីបំផុត​ និង​ដោយ​បាន​បង្កប់​ទុក​នូវ​មនោ​សញ្ចេត​នា​អនុស្សាវរីយ៍យ៉ាងកក់ក្តៅ​លាក់កប់នៅក្នុង​ប្រអប់ទ្រូង​របស់​យើងគ្រប់​ៗគ្នា ដែល​គ្មាន​ថ្ងៃនឹង​អាច​បំភ្លេច​បាន​។

រតនៈ ​និងពិសី​កំពុង​តែ​ស្វែងយល់​ចិត្តគ្នា​ ព្រម​ទាំង​កសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា។​ ពួក​គេ​គ្រោង​​នឹង​កំណត់​ថ្ងៃរៀប​អាពាហ៍ពិពាហ៍ដែរ នៅដើម​ឆ្នាំក្រោយ បន្ទាប់ពីទិញផ្ទះថ្មី​រួច​៕

២៨កញ្ញា២០០៩

ដោយ​ហេង​-ឧត្ដម

លោកអ្នកអាចចុចយកនៅទីនេះ តំណែងស្នេហ៍រាជិនី


[1] លោកអ្នក​អាច​ចូលទស្សនាបានក្នុងប្លក់នេះ http://sambatt.wordpress.com/

ទំនួញប្រេតនារដូវបុណ្យភ្ជុំបិណ្ឌ

ទំនួញប្រេតនារដូវបុណ្យភ្ជុំបិណ្ឌ

បទពាក្យ៧

(ពោល)១.​ បពិត្រ អស់លោក សប្បុរស       ក្មេងចាស់ ទាំងអស់ ទាំងប្រុសស្រី

ខែភ្ជុំ ដាក់បិណ្ឌ ក្នុងឆ្នាំថ្មី                                   គួរតែ លក់លៃ ទៅវត្តវ៉ា ។

២.កុំនៅ សំងំ តែក្នុងផ្ទះ                                    ឬដើរ លេងផ្តេស ផ្តាសហ៊ីហា

បុណ្យទាន មិនឆ្ងាញ់ ៗតែស្រា                      ជេរគេ ឡូឡា ពាសពេញផ្លូវ ។

៣.ណ្ហើយ ឈប់ខាន ប៉ុណ្ណឹងហើយ             កុំនៅ កន្តើយ ខំរិះរេ

តោះទៅ បុណ្យរាប់ បាត្រជាមួយគេ              កុំនៅ ទំនេរ ឥតបានការ ។

(សូធ្យ)៤.ម៉ែឪ រស់នៅ បឹ្រងព្រោះកូន           ដល់សូន្យ ជីវិត បាត់សង្ខារ

មិនដឹង ជាកើត នៅទីណា                                 ជាមនុស្ស ទេព្តា ឬជាប្រេត ។

៥.បើកើត ជាមនុស្ស ឬទេព្តា                            ប្រសើរ ថ្លៃថ្លា ព្រោះស្គាល់ហេតុ

ខ្លាចណាស់ តែភ្លាត់ ធ្លាក់ជាប្រេត                       បាក់ពោះ គ្រហែត អត់អាហារ ។

៦.ស៊ីតែ ខ្ទុះឈាម និងលាមក                                 រូបកាយ អាក្រក់ គួរអនិច្ចា

វេទនា ខ្លាំងណាស់ ក្នុងសង្ខារ                            មិនដឹង ថ្ងៃណា នឹងស្រាកស្រាន្ត ។

៧.នេះហើយ ព្រោះកម្ម ចិញ្ចឹមកូន                      អកុសល នាំខ្លួន ឱ្យរំខាន

សោយទុក្ខ ពុំសុខ ក្នុងសន្តាន                             អស់លោក គ្រប់បា្រណ ខំរិះរេ ។

៨.ឥឡូវ ភទ្របទ ខែភ្ជុំបិណ្ឌ                                   ប្រេតទួញ ស្រែកយំ ព្រោះនឹកកូន

យម្ភុបាល(១) ដោះលែង ឱ្យរួចខ្លួន                       ទៅរក តាដូន កូនប្រពន្ធ ។

៩.អនិច្ចា អើយរ៉ា អាសូរពេក                                  ប្រេតហូរ ទឹកភ្នែក រងទុក្ខធ្ងន់

ទៅរក គ្រប់វត្ត ខំគយគន់                                  មិនឃើញ ប្រពន្ធ កូនខ្លួនឡើយ ។

១០.ឃើញតែ ញាតិគេ ដទៃ                                   បានខំ លកលៃ ម្ហូបអាហារ

បាយទឹក នំចំ ណីទុកជូនដូនតា                  បរិភោគ កាលណា គេបានឆ្អែតគ្រប់គ្នា

១១.ឈប់ស្លេះ ត្រឹមនេះ មិននិយាយ                        ស្តីពី ពួកប្រេត ដែលកំព្រា

យំសោក បោកខ្លួន ក្បែរវិហារ                             រងទុក្ខ វេទនា ជាអនេក ។

១២.យកដៃ គក់ទ្រូង ទួញយំថា                               ឱ អនិច្ចា ខ្លួនខ្ញុំពេក

កាលនៅ ជាមនុស្ស ខំទូលរែក                            យប់ថ្ងៃ ឥតដេក ព្រោះតែកូន ។

១៣.ឥឡូវ ភ្លាត់ខ្លួន ទៅជាប្រេត                               គេបាន ស៊ីឆ្អែត ឥតនឹកនា

ឱ! ខ្លួន ខ្ញុំអើយ សែនវេទនា                               កំព្រា ខ្លោចផ្សា ឈឺចុកចាប់ ។

(ពោល) ១៤.ហេតុនេះ គួរគិត សង្វេគ                     អាសូរ ប្រេតពេក ដេកផ្ងារផ្ងាប់

ស្រេកឃ្លាន ខ្លាំងណាស់ ស្ទើរនឹងស្លាប់                  រៀបរាប់ សារសព្ទ ស្រែទួញថា ។

១៥.ឱ!កូន សម្លាញ់ មាសឪពុក                                        រូបឪ សោយទុក្ខ ព្រោះកូនប៉ា

ឥឡូវ បាត់កូន នៅទីណា                                មិនឃើញ យាត្រា មកនឹងគេ ។

១៦.អ្នកដឹង ទេថា រូបឪពុក                                   សោយទុក្ខ ពុំសុខ ព្រោះតែកូន

បំបាត់ ជីវិត សត្វឱ្យស្លាប់សូន្យ                           ឱ្យតែ រូបកូន បានសុខសាន្ត ។

១៧.ឥឡូវ ដល់កម្ម តាមមកដល់                             ផ្តល់ឱ្យ ឪពុក ពុំដែលក្សាន្ត

សោយទុក្ខ ពុំសុខ ក្នុងសន្តាន                           គ្មានថ្ងៃ ស្រាកស្រាន្ត ម្តងណា ។

១៨.កូនអើយ សូមកូន កើតជាមនុស្សស្គាល់ខុសត្រូវ     កូនពៅ គួរគិត ដល់បិតា

ស្រេកឃ្លាន ខ្លាំងណាស់ ព្រោះអត់អាហារ      មិនដឹង ថ្ងៃណា នឹងបានហូបឡើយ ។

១៩.ឥឡូវ ជិតដល់ គម្រប់ថ្ងៃ                                  យម្ភុបាល(១) មកហៅ ឪពុកហើយ

ឱ កូន សម្លាញ់ មាសឪពុកអើយ                         កូនអើយ តើកូន នៅទីណា?

២០.បើមុន នឹងទៅ ឪសុំជួប                                   បានហូប មួយមាត់ រសអាហារ

ស៊ូស្លាប់ ទៅចុះ ប្រុសជីវ៉ា                                  ឪពុក ឥតថា ទេកូនអើយ ។

២១.ឥឡូវ ដើររក គ្រប់តែវត្ត                                  មិនឃើញ មកសោះ កូនពិសី

ឪអស់ សង្ឃឹម នឹងបានចំណី                                       ឱ កូន ប្រុសស្រី ឪពុកលាហើយ !

២២.ប្រេតទួញ ៗទាំង អស់សង្ឃឹម                           តាំងពី ព្រលឹម ទល់ព្រលប់ ហើយ

ទ្រូងប្រេត ថែថប់ ឥតល្ហែល្ហើយ                           ម្ល៉េះសម្លាញ់អើយ ខានឃើញមុ​ខ ។

២៣.រឿងនេះ ឈប់ស្លេះ បន្តិចចុះ        ​                    អស់លោក ស្រីប្រុស ពិចារណា

ឃើញថា រឿងហ្នឹង ព្រោះនរណា                         ព្រោះតែ បុត្រា និងបុត្រី ។

២៤.នាំឱ្យ ឪពុក កើតជាប្រេត                                 ដើមហេតុ ព្រោះតែ នំចំណី

រកស៊ី ​ចិញ្ចឹម កូនប្រុសស្រី                                ដល់ពេល ក្សិណក្ស័យ រងទុក្ខធ្ងន់ ។

២៥.បើសិន ជាយើង កូនកតញ្ញូ                               ត្រូវតែ គិតគូរ ពីរឿងគុណ

កុំយក តៀមស្រា ធ្វើស្រែបុណ្យ                          ប្រយត្ន វាធ្ងន់ ជាងខ្មោចឪ ។

២៦.ខែភ្ជុំ ដាក់បិណ្ឌ មករាប់បាត្រ                            រៀបចំ ឱ្យស្អាត ម្ហូមចំណី

បង្សុកូល ឧទ្ទិស ដល់តាយាយ                           ញតិមិត្ត ប្រុសស្រី ដែលចែកឋាន ។

២៧.ឱ្យគាត់ បានហូប ចំណីនំ                                ដែលធ្វើ ដោយដៃ យ៉ាងចំនាន

ហូបហើយ កាលណា ឱ្យពរបាន                         សួស្តី សុខសាន្ត ដល់កូនចៅ ។

២៨.រឿងនេះ បើសិន អស់លោកណា                        ដែលមាន បា្រជ្ញា បានបំពេញ

ផលនោះ  នឹងជូន ដល់យើងវិញ             សោយសុខ ពោរពេញ ដល់និព្វាន ហោង។

២៩.ឈប់ស្លេះ សង្ខេប ដោយវាចា                           ខ្ញុំពេជ្រ សុខា សូមលើកដៃ

អភ័យ អត់ទោស ញាតិទាំងប្រុសស្រី                  ខ្ញុំសូម បញ្ចាប់ខ្លី តែប៉ុណ្ណេះ ៕

(១) យម្ភុបាល សូមមើល​វចនានុក្រមខ្មែរ​ត្រង់ពាក្យ យមៈ (ពាក្យយម្ភុបាល គួរលែងប្រើ) គប្បីប្រើ យមបាល…។

សីហា-កញ្ញា​ ២០០៩

វាយអត្ថបទកាព្យដោយយុវសិស្ស​ ហេង-ឧត្ដម

ចុចយកទំនួញប្រេតនារដូវបុណ្យភ្ជុំបិណ្ឌ

មិត្តនិងស្នេហា

មិត្តភាពនិងសេចក្តីស្នេហា
*មិត្តភាព និងស្នេហា ជាប្រធានបទដំបូងដែលខ្ញុំគ្រោងនឹងលើកឡើងសម្រាប់ធ្វើការពិភាក្សា ក្នុងប្លក់នេះ។ ក្នុងកាលៈទេសៈរបស់ខ្ញុំនេះ ខ្ញុំយល់ថា មិត្តភាពពេលខ្លះវាមានតម្លៃជាងស្នេហាយ៉ាងធំធេងលើសលែងនឹងបរិយាយ… មិត្តភាពអាចជួយយើងដើរទៅរកផ្លូវល្អ សម្លឹងឃើញផ្លូវជាវិជ្ជមានក្នុងវិថីជីវិត… មានសង្ឃឹមនឹងបន្តដំណើរជីវិតទៅមុខតទៅទៀត… (តែក៏មានមិត្តខ្លះអូសទាញទៅរកផ្លូវមិនគាប្បីដែរ ចំពោះខ្ញុំ បើមិត្តអូសទាញមិត្តទៅផ្លូវខុសនោះ មិនហៅថាមិត្ត ឬមិត្តល្អឡើយ) ប៉ុន្តែស្នេហានិងការបោកប្រាស់ សេចក្តីភ័ន្តច្រឡំ ដោយយល់ខុស ដោយមាយា (សូមអាន៖យុវវ័យមាយា របស់លោកយឹម-កិច្ចសែ។) បានធ្វើឲ្យការប្រព្រឹត្តទៅនៃជីវិតរបស់ខ្ញុំកាន់តែដុនដាបជាខ្លាំង រហូតដល់ពេលខ្លះមិនដឹងថាត្រូវគិតយ៉ាងណាទៅទៀតសម្រាប់ថ្ងៃស្អែក… ប៉ុន្តែអារម្មណ៍មិត្តភាពបានមកស្រោចស្រពពន្លកជីវិតរបស់ខ្ញុំឲ្យស្រស់ថ្លាឡើងវិញ…
ខ្ញុំសប្បាយចិត្តពេលមានមិត្ត! មានមិត្តយល់ចិត្ត ចេះចែករំលែកសុខទុក្ខចំពោះគ្នាទៅវិញទៅមកមិនថាស្ថិតក្នុងកាលៈទេសៈណានោះទេ…
ខ្ញុំសូមអរគុណមិត្តទាំងឡាយ… មិត្តដែលយល់ចិត្ត!! មិត្តដែលស្និទ្ធស្នាល…
*តទៅនេះ ខ្ញុំសូមលើកយកការដកស្រង់នូវអត្តបទខ្លះដែលនិយាយពីមិត្តភាព៖
មិត្តខ្ញុំម្នាក់បានដាស់តឿនខ្ញុំថា «មិត្តភាព គ្រាន់តែជាការបោកប្រាស់ កេងចំណេញយកផលប្រយោជន៍តែប៉ុណ្ណោះ» តែបន្ទាប់ពីរាប់អានគ្នាយូរៗទៅ គេក៏ព្រមទទួលស្គាល់ថា មិត្តភាពមិនប្រាដកសុទ្ធតែជាការបោកប្រាស់នោះទេ។
មិត្តខ្ញុំម្នាក់ទៀតប្រាប់ខ្ញុំថា «ការរាប់អានមិត្ត មិនចាំបាច់កំណត់ពេលនោះទេ!»
បងប្រុសម្នាក់បាននិយាយថា «រវាងស្នេហា និងមិត្តភាព បើឲ្យគាត់ជ្រើសរើស គាត់សុខចិត្តជ្រើសយកមិត្តភាព!»
មានម្នាក់ទៀតបន្ថែមថា «ការរាប់អានមិត្ត ក៏ត្រូវមានកម្រិតដែរ គឺមានមិត្តស្និទ្ធស្នាល (មិត្តល្អ មិត្តសម្លាញ់ មិត្តយល់ចិត្ត) មិត្តធម្មតា និងពួកម៉ាក»។ រហូតមកដល់ពេលនេះខ្ញុំនៅតែមិនយល់ពីសម្តីរបស់គេនេះ មិត្តល្អ មិត្តស្និទ្ធស្នាល មិត្តយល់ចិត្ត? ខុសគ្នាយ៉ាងណា? មានកំណត់កម្រិតដែរឬ?
ខ្ញុំបានអានអត្ថបទមួយ ខ្ញុំសូមដកស្រង់៖
«មិត្តដ៏ប្រសើរ គឺមិត្តជួយសង្គ្រោះគ្មាទៅវិញទៅមក មិត្តបោះបង់ចោលគ្នាក្នុងគ្រាមានទុក្ខ មិត្តត្រេកអរសប្បាយរីករាយក្នុងពេលឃើញមិត្តបានសេចក្តីសុខចម្រើន មានកេរ្តិ៍ និង មានទ្រព្យជាដើម មិនចង់ចេះដឹងម្នាក់ឯងឱ្យមិត្តល្ងង់ខ្លៅ បើខ្លួនចេះដឹងអ្វីចង់ឱ្យមិត្តចេះដឹងដូចគ្នា មិនចេះរករឿងច្រណែនចំពោះមិត្ត មិននិយាយអាក្រក់ពីមិត្ត កាលណាឃើញមិត្តប្រព្រឹត្តខុស និយាយដាស់តឿនមិនឱ្យមិត្តជ្រុលជ្រួសទៅក្នុងផ្លូវខុស មិត្តមិនអ៊ឺអើតែមាត់ គឺនិយាយយ៉ាងណាធ្វើយ៉ាងនោះមិនចេះកុហកបញ្ចោតគ្នា ចេះចង្អុលផ្លូវមិត្តឱ្យធ្វើការងារណាដែលមានប្រយោជន៍ និងបានទ្រព្យដោយសុចរិតជាដើម នេះហៅថា «កល្យាណមិត្ត» ជាមិត្តកម្ររកបានណាស់។….» ប្រភព៖ មិត្តល្អកម្ររកបាន A GOOD FRIEND IS HARD TO FIND របស់លោកស្វាយ-គិន។
ខាងក្រោមនេះជារឿងនិងចម្រៀងដែលខ្ញុំបានអាន និងស្តីពីមិត្តភាព៖
*«កៀនកាមហាមិត្តនៃខ្ញុំ» និង«ការស្រមៃ» ដោយបងញូង-ចាន់ណារិន្ទ។ ជារឿងទីមួយដែលធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនចំពោះមិត្តភាពដ៏អស្ចារ្យ ហើយតែងតែតក់ជាប់ក្នុងដួងចិត្តរបស់ខ្ញុំ… តាមរយៈរឿងនេះ ខ្ញុំធ្វើឲ្យខ្ញុំយល់បានច្រើនបន្ថែមទៀតក្នុងការរាប់អានមិត្ត។
*បទចម្រៀង «ព្រោះយើងជាមិត្ត» ដោយបងសុខ-ចាន់ផល។ ជាបទដែលខ្ញុំរំភើប រញ្ជួលចិត្តចំពោះមិត្ត ខ្ញុំតែងតែចាក់ស្តាប់ជារឿយៗពេលទំនេរ.. ពេលខ្លះខ្ញុំស្ទើរនឹងស្រក់ទឹកភ្នែក…
*«មិត្តភាពមួយ» ដោយលោកស្រី ស៊ិន-ចាន់យ៉ា។ ខ្ញុំភ្លេចសាច់រឿង ភ្លេចឈ្មោះតួខ្លះទៅហើយ គ្រាន់តែចាំថា ក្នុងផ្ទៃរឿងបានបង្កនូវគំនិតទស្សនអប់រំល្អៗ មានទ្រឹស្តីអ្នកប្រាជ្ញជាច្រើន… ហើយជាពិសេស តួមិត្តនារីម្នាក់ ដែលលួចស្រឡាញ់បុរសម្នាក់ តែប៉ះចាំមិត្តបុរសនោះ មានប្រពន្ធកូនរួចហើយ តែមានបញ្ហាប្រេះឆានឹងគ្នា បុរសនោះបានដាក់ចិត្តស្រឡាញ់នាង តែនាងមិនអាចធ្វើបាបចិត្តភរិយារបស់បុរសនោះបានឡើយ ក្នុងភេទជាស្រី្តដូចគ្នា។ នាងបានលះបង់សេចក្តីស្រឡាញ់ផ្ទាល់ខ្លួន ជួយសម្របសម្រួលបញ្ហាក្នុងគ្រួសារនេះ រហូតដល់ប្តីប្រពន្ធរស់នៅ ចុះសម្រុងយល់ចិត្តគ្នាឡើងវិញ ហើយពួកគេនៅតែជាមិត្តល្អ មិត្តជិះស្និទ្ធនឹងគ្នាជានិច្ច… ពិតជាគួរឲ្យរំភើបចំពោះទឹករបស់នារីម្នាក់នេះមែន។
*«មិត្តភាពមួយ» ដោយបងសួក-ម៉ាក់ (អាចម៌ផ្កាយ)។ ជារឿងទីមួយ បន្ទាប់ពីរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ដែលធ្វើឲ្យខ្ញុំអានចប់ដល់ទៅពីរបីដង និងរញ្ជួលចិត្តរលីងរលោងទឺកភ្នែក ហើយធ្វើឲ្យប្អូនប្រុសជីដួនមួយរបស់ខ្ញុំយំ ព្រមទាំងមិត្តនារីខ្ញុំម្នាក់ក៏ត្រូវបង្ហូរទឹកភ្នែកផងដែ…។ តាមរយៈរឿងនេះ ខ្ញុំធ្វើឲ្យខ្ញុំយល់បានច្រើនបន្ថែមទៀតពីមិត្តភាព។
*បើប្រិយមិត្តអ្នកអានមានស្គាល់សៀវភៅដទៃទៀត ដែលនិយាយពីមិត្តភាពល្អៗ សូមជួយចែករំលែកប្រាប់ដល់ខ្ញុំផង។ សូមអរគុណទុកជាមុន។

ប្រាសាទបន្ទាយស្រី​La temple de Banteysrey

ក្នុង​ចំណោមបណ្តា​ប្រាសាទ​នៅ​តំបន់​អង្គរ ប្រាសាទ​បន្ទាយ​ស្រី ជា​ប្រាសាទ​ល្អ​វិសេស​មួយ​ មាន​ឈ្មោះ​ល្បី​ជា​ង​គេ មាន​ក្បាច់​ល្អិច​ឆ្មារ​រស់​រវើក​ជាង​ប្រាសាទ​នានា។ ប្រាសាទ​បន្ទាយ​ស្រី (ត្រិភូវន​មហេស្វរ) ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះ​រាជ​គ្រូ​យជ្ញ​​វរាហៈ នៅ​ពាក់​កណ្តាល​ទី២ នៃ​សតវត្សទី១០ ក្នុង​ឆ្នាំ​៩៦៧ ក្នុង​រជ្ជកាល​ ព្រះ​បាទ​រាជេន្រ្ទ​វ័រ្មន នាម​បច្ឆា​មរណៈ «សីវលោកា» និង ព្រះ​បាទជ័យ​វ័រ្មនទី​៥ នាម​បច្ឆា​មរណៈ «បរម​វិរ​លោកា​»។ តាម​សិលា​ចារឹក​ប្រាសាទ​នេះ​ឈ្មោះ ឥស្វរបុរៈ (ក្នុង​សៀវភៅរបស់ ហ.ម៉ារសាល់ (H.Marchal) ឈ្មោះ ត្រិភុវ​តម​ហេ​ស្វរៈ ប្រែថា «ស្ថាន​នៃ​ព្រះ​ឥសូរ ជា​ធំ​​​ក្នុង​ត្រៃភព»)។ ប្រែថា «បុរី​នៃ​ព្រះឥសូរ» មិនមែន​ឈ្មោះ បន្ទាយ​ស្រី ដូច​យើង​ស្គាល់​នោះ​ទេ។

*/*ខ្ញុំ​បាន​យក​ឯកសារ

-សៀវភៅ ភាសាខ្មែរ ថ្នាក់ទី១០ របស់​ក្រសួង​អប់រំ ទំព័រ​១៨៥

-សៀវភៅ ប្រាសាទបន្ទាយស្រី មឺសែល-ត្រាណេ និង​ អួង​វន ទំព័រទី២

-សៀវភៅ មគ្គុទេសក៏នគរ ព្រះភិក្ខុ ប៉ាង-ខាត់ ទំព័រ​១០៧

-សៀវភៅ ប្រវតិ្តសាស្រ្តខ្មែរ លោក​ ត្រឹង-ងា ទំព័រ​៨៧

-សៀវភៅ ដើមដំណើតអង្គរ ម៉ារ-បូ ទំព័រ​២៥៨

មកផ្ទៀង​គ្នា​ឃើញ​ថា​ដូចត្រូវ​​គ្នា​ ទាំង​កា​ល​បរិច្ឆេទ មាន​ព្រះរាជា… តែ​ខុស​ត្រង់​ឈ្មោះ​ជា​ភាសា​សំស្ក្រឹត

-តាម​សិលា​ចារឹក​ប្រាសាទ​នេះ​ឈ្មោះ ឥស្វរបុរៈ (ក្នុង​សៀវភៅរបស់ ហ.ម៉ារសាល់ (H.Marchal) ឈ្មោះ ត្រិភុវ​តម​ហេ​ស្វរៈ ប្រែថា «ស្ថាន​នៃ​ព្រះ​ឥសូរ ជា​ធំ​​​ក្នុង​ត្រៃភព»)។ ដកពី​ មគ្គុទេ្ទសក៏​នគរ ប៉ាង-ខាត់ ទំ.១០៩។

-នៅ​គ.ស.​៩៦៧​ ព្រះ​រាជ​គ្រូ​យជ្ញ​​វរាហៈ​ បាន​សាង​ប្រាសាទ​បន្ទាយ​ស្រី (ត្រិភូវន​មហេស្វរ) ដែល​ស្ថិត​នៅ​ខាង​ជើង​ក្រុង​យសោធរបុរ។ ដកពីសៀវភៅ ប្រវតិ្តសាស្រ្តខ្មែរ លោក​ ត្រឹង-ងា ទំព័រ​៨៧។

ឯកសារ​មួយ​សរសេរ ត្រិភុវ​តម​ហេ​ស្វរៈ មួយទៀត ត្រិភូវន​មហេស្វរ ខ្ញុំ​មិន​ប្រាកដ​ថា​មួយណា​សរសេរ​ត្រូវ​នោះ​ទេ។ បើ​តាម​ខ្ញុំ​យល់ ប្រហែល​ជា​មុន​ដំបូង​លោក​អ្នក​និពន្ធ​សរសេរ​ត្រូវ ​តែអ្នក​រៀប​ចំបោះ​ពុម្ព ឬ​អ្នក​វាយ​អត្ថបទ​សាឡើង​វិញ វាយ​ខុស​ ក៏​អាច​ថា​បាន ម្យ៉ាង​ដោយឯកសារ​ដែល​ខ្ញុំ​មាន​នោះ គឺ​សុទ្ធ​តែ​សៀវភៅ​បោះពុម្ព​ថ្មី​ទាំង​អស់ ពុំ​មាន​ច្បាប់​ដើម​នោះ​ទេ។

ហេតុនេះ សូម​ជួយ​បញ្ជាក់​ខ្ញុំ​ផង សូមអរគុណ

ជួយ​ប្រាប់ផង ខ្ញុំ​អាន​អត់​ចេញ ត្រិភុវ​តម​ហេ​ស្វរៈ? ត្រិភូវន​មហេស្វរ? ព្រះ​រាជ​គ្រូ​យជ្ញ​​វរាហៈ?

វគ្គតែងនិពន្ធសៀវភៅសម្រាប់កុមារ ដោយSipar

អង្គការSiparបើកវគ្គបណ្តុះបណ្ដាល

វគ្គតែងនិពន្ធសៀវភៅសម្រាប់កុមារ

សម្រាប់អ្នកនិពន្ធខ្មែរ

ពីថ្ងៃទី០៨ ដល់១៨ ខែធ្នូ ឆ្នាំ២០១០ (រាប់បញ្ចូលទាំងថ្ងៃបុណ្យ និងថ្ងៃសៅរ៍)

សូមអានម៉ែលខាងក្រោម និងប្រកាសដំណឹង​Annonce kh និង Inscription kh

 

Dear all,

Please find the attached announcement from SIPAR. You can also forward this email to people who are interested in this training.

Many thanks and best regards,

Huot Socheata

Editorial Coordinator

SIPAR

9, St. 21, Chamcarmorn, Phnom Penh ( P.O. Box 31 )

Tel: 023 216 001

www.sipar-books.com

www.sipar.org

ឱកាសផ្សព្វផ្សាយស្នាដៃ!

សេចក្ដីជូនដំណឹង

            អំឡុងពេលនៃការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យប្រោន លោកខូ តារាឫទ្ធិ អ្នកនិពន្ធ​មកពីប្រទេសកម្ពុជា នឹងរៀបចំបោះពុម្ពផ្សាយសៀវពីរ ដែលមានការចូលរួមពីអ្នកនិពន្ធ ពីបណ្ណា​ប្រទេសផ្សេងៗជាច្រើន។ សៀវភៅទាំងពីរនេះនឹងត្រូវផ្សាយ នៅប្រទេសកម្ពុជា និងនៅសហរដ្ឋ​អាមេរិកក្នុងឆ្នាំ២០១០ និង២០១១ មានសៀវភៅ​កំណាព្យ និងសៀវភៅរឿងខ្លីៗ។

            សូមជូនដំណឹងដល់អ្នកនិពន្ធខ្មែរ ដែលមានបំណងរំលែកស្នាដៃរបស់ខ្លួន ចូលរួមផ្សព្វផ្សាយក្នុងសៀវភៅទាំងពីរនេះ អាចសរសេរជាភាសាខ្មែរ ឬភាសាអង់គ្លេសក៏បាន។

          ប្រធានបទ៖ សរសេរដោយសេរី ជាប្រភេទអក្សរសិល្ប៍ទំនើប ដែលនិយាយពីរឿងរ៉ាវ​សម័យបច្ចុប្បន្ន។

          កំណាព្យ៖ មួយអត្ថបទមិនលើសប្រាំទំព័រ ទទួលត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០

          រឿងខ្លី៖ មួយអត្ថបទមិនលើសដប់ទំព័រ ទទួលត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០

            ការចូលរួមរបស់កវី អ្នកនិពន្ធខ្មែរ ជាផ្នែកមួយដ៏សំខាន់ ដើម្បីលើកស្ទួយ វិស័យអក្សរសិល្ប៍អក្សរសាស្រ្ដជាតិ។

            សូមទាក់ទងផ្ញើសា្នដៃរបស់ខ្លួនតាមអាសយដ្ឋានខាងក្រោម៖

KHO Tararith

Watson Institute
Brown University
111 Thayer Street, Box 1970
Providence, RI 02912
Tel: 401.863.9744

ឬតាមអ៊ីម៉ែលៈ khmerlite@gmail.com

សូមអរគុណ!

**លោកអ្នកអាចចុចយកប្រកាសដំណឹងជាខេមរភាសា និងភាសាអង់គ្លេសនៅទីនេះAnnouncement

**សូមថ្លែងអំណរគុណចំពោះលោកជំទាវប៉ិច-សង្វាវ៉ាន ដែលផ្ញើដំណឹងនេះមក និងបងប្រុសអ្នកនិពន្ធសួង-ម៉ាកដែលប្រកាសដំណឹងនេះ ។

ចាប់ផ្តើម..ឈប់ស្តាយ!

ចាប់​ផ្តើម​.. ឈប់​ស្តាយ!

ថ្ងៃ​នេះ ខ្ញុំ​ទៅ​កន្លែង​ធ្វើ​ការ​ ដើម្បីដាក់​ពាក្យ​សុំ​ឈប់​ តែ​ជា​ទទួល​ការ​ងារ​ជា​ច្រើន​បន្ថែម​ទៀត។ ខ្ញុំ​គ្រាន់​តែ​បាន​បង្ហើប​ប្រាប់មេ និង​បងៗ​អ្នក​គ្រប់​គ្រង សម្រប​សម្រួល។ ​ដោសារ​មិត្ត​រួម​ការ​ងារ​ចុះ​ទៅ​កំពង់​ចាម​អស់ នៅ​ការិយាល័យ​សល់​គ្នា​ប៉ុន្មាននាក់តែប៉ុណ្ណោះ ហើយ​ប្រធាន​ប្រញាប់​ឲ្យ​ចុះ​សម្ភាស​គេ​យក​ពត៌មាន។ គេ​ក៏​ហៅ​ខ្ញុំ​ទៅ​ជាមួយ​​ ធ្វើ​ជា​អ្នក​សម្ភាស.. ខ្ញុំ​ក៏​សម្រេចចិត្ត​ជួយ​ជា​ចុង​ក្រោយ​ចុះ ដើម្បី​ទុក​ស្នាដៃ​មុន​ពេល​ដែល​ចាក​ចេញ​ទៅ.. ខ្ញុំ​ទៅ​សម្ភាស​លោក​នាយក​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៍​អាជីពនិង​ធុរកិច្ច និង​និស្សិត​ម្នាក់។ សម្ភាស​ថត​ចប់​សព្វ​គ្រប់​ហើយ ត្រឡប់​មក​កន្លែង​វិញ។ អង្គុយ​មិន​ទាន់​បាន​ស្រួល​ខ្លួន​បន្តិច​ផង មាន​ផែន​ការពីរ​ទៀត ទីមួយ ​ត្រូវ​ចុះ​ទៅក្រុម​ប្រឹក្សា​យុវជន​កម្ពុជាទៀត​ ដើម្បី​យក​សម្ភាស​យក​ពត៌មានបន្ថែម​ទៀត។ ខ្ញុំ​ក៏ទៅ​សម្ភាស​លោក​ប្រធាន​តំណាង​យុវជន​នៅ​ភ្នំពេញ ព្រម​ទាំង​និស្សិត​ពីរនាក់​ទៀត រហូត​ដល់ម៉ោង​ជាង១២ថ្ងៃត្រង់​..ហួស​ពេល​បាយ​ទៀត​ហើយ​ខ្ញុំ.. ),,( ។ កិច្ច​ការ​ទី២ បើ​មិន​ភ្លៀង​ទេ​ពេល​​ថ្ងៃ នៅ​ម៉ោង​ពីរ​ ត្រូវ​សម្ភាស​នៅ​អង្គការ​យូណេស្កូ ។ សំណាង​ដែរ គ្រាន់​តែ​ម៉ោង​១កន្លះ​ជាង ​ភ្លៀងបង្អុរ​មក​ជា​ខ្លាំង! ធ្វើ​​ឲ្យ​ផែន​ការ​ត្រូវ​រសាយ.. អត់​បាន​ទៅអង្គការ​យូណេស្ក តែ​ខ្ញុំ ក៏​​ត្រូវ​តែ​មក​កន្លែង​ធ្វើ​ការ​ដដែល ដើម្បី​និយាយ​ពីការ​ឈប់​លា​លែង​ឲ្យ​ច្បាស់ តែ​មេ​អត់​នៅ.. អ្វី​ៗ​ត្រូវ​រង់ចាំ​ទាក់​ទង​តាម​ទូរសព្ទ និង​ម៉ែលចុះ។ តែ​ខ្ញុំ​ប្រាកដ​ច្បាស់​ហើយ​ថា នឹង​ត្រូវ​ឈប់ ព្រោះ​បើ​មេ​មិន​មក​ក៏​ ខ្ញុំ​បាន​ជម្រាប​គាត់​ព្រឹក​មិញ​ហើយ​ដែរ គាត់​បាន​ស្តាប់​ហេតុ​ផល ហើយ​ក៏​មិនទាន់​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ដែរ។

និយាយ​ពី​ម្សិលជា​ថ្ងៃ​បើ​ប្រាក់​ដំបូង​របស់ខ្ញុំ!! គួរ​ដែរ!! ធ្វើ​ការ​ជាង​ពីរ​ខែ​ហើយ បើ​សរុប​ទាំង​ពី​ពេល​Trainingផង តែ​ខ្ញុំ​ទើប​តែ​បើក​ប្រាក់​ខែដំបូងបាន​​.. ខ្ញុំ​តេទៅជម្រាប​ពុក នេះ​ជា​ការ​ប្រលូក​ក្នុង​ជីវិត​ការ​ងារ​ដំបូង​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំទិញ​ទឹក​សណ្តែក​ ដែល​បង​ប្រុស​ចូល​ចិត្តជូន​​គាត់ដែរ… ហើយ​ទិញ​នំ​បត់ និងអន្សម​ជូន​គាត់.. ស្តាយ​ដែរ រក​ត្រប៉ែ​ខ្មៅ​អត់​ឃើញ មាន​លក់.. សុំ​ទោស​ណា!!

ធ្វើ​ជា​អ្នក​និពន្ធ អ្នក​យក​ពត៌​មាន​វ័យ​ក្មេង ខ្ញុំ​ស្រឡាញ់​ការ​ងារនេះ​​ណាស់.. ហើយ​ខ្ញុំក៏​​បាន​ទទួល​ឱកាស​ក្នុង​​អភិវឌ្ឍ​ខ្លួន​ជា​ច្រើនផង​ដែរ ក្នុង​ស្ថាប័ននោះ។ ខ្ញុំ​បាន​រៀន​សូត្រ​ជាច្រើន​ពី​ការងារ ពី​ភាព​ម្ចាស់​លើ​ខ្លួន​ឯង មិន​ប្រចាំ​គ្នា​ ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម មាន​គំនិត​ផ្តួច​ផ្តើម មើល​ការ​ខុស​ត្រូវ​​​សម្ភារៈ​ចុះ​បេសកម្ម​ការ​ងារ ​គោរ​ព​មន​សិការ​ការងារ ទំនួល​ខុសត្រូវចំ​កិច្ច​ការ ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ចំពោះ​បុគ្គលិក សីលធម៌​ក្នុង​ការងារ គោរ​ពម៉ោង​ពេល​ធ្វើការ…។ បើ​និយាយ​ពី​ម៉ោង​ធ្វើការ គឺ​រយៈ​ពេល​ធ្វើ​ការ​តែ​បី​ម៉ោង​ទេ ៨ដល់១១ព្រឹក ពី​ចន្ទ​ដល់​សុក្រ តែមាន​​ពេល​ខ្លះ​ ខ្ញុំ​ត្រូវ​ធ្វើ​តាំងពី​ព្រឹក ដល់​ល្ងាច រហូត​ដល់​យប់​ទៀ​ត​ផង ហើយ​ពេល​ខ្លះ​ធ្វើ​​ថ្ងៃ​សៅ​រ៍​ អាទិត្យទៀត​ផង ហើយ​ក៏​ដាច់​បាយ​ថ្ងៃ​ត្រង់​ញឹក​ដែរ​ មិន​មែន​អត់​ញ៉ាំ​ទេ គឺ​ញ៉ាំ​អត់​ទៀត​ពេល ហើយ​ក្រពះ​ក៏​ចាប់​ផ្តើម​ជេរ​ជា​ប្រចាំ​ថ្ងៃ​ដែរ មាន​អារម្មណ៍​ថា វា​ចាប់​ផ្តើ​ម​ថា ដំណើរ​ការ​មិន​សូវ​ស្រួល​ហើយ គឺ​វា​ឈឺ..។

ខ្ញុំ​ទទួល​ស្គាល់​ខ្លួន​ឯង​ថា ក្នុង​កំឡុង​ពេល​ធ្វើ​ការ​កន្លង​មក ខ្ញុំ​មិន​ដែល​ទៅ​ធ្វើ​ការ​យឺត​ហួស​ពី​១៥នាទី​នោះ​ទេ មាន​តែ​ទៅ​មុនជិត​​កន្លះ​ម៉ោង​ផង​​ក៏​មាន ហើយ​ក៏​មិន​ដែល​ចេញ​មុន​ម៉ោង​ច្រើន​នោះ​ដែរ លុះ​ត្រា​តែឈឺ ឬ​មាន​ការ​ប្រញា​ប់​បន្ទាន់ តែជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំតែង​ចេញធ្វើ​ការ​​ក្រោយ​គេ​ជា​និច្ច​ ខណៈ​ដែល​មិត្ត​រួម​ការ​ងារមួយ​ចំនួន​​ ​អង្គុយ​ធ្វើ​ការមើល​តែ​ម៉ោង។

មាន​អ្វី​ត្រូវ​ស្តាយ​មែន​ទេ?…T,T

មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ ខ្ញុំ​បាន​ប្រឹង​សម្រុក​ធ្វើ​ការ​ងារ​បន្ទាប់​ប្រញាប់​ ឲ្យ​ទាន់​ពេល​.. ហើយ​​ក៏​ជិត​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​លា​លែង​ពី​ការ​ងារ​ដែរ។ ពេល​នោះ ខ្ញុំ​បាន​ត្រៀម​ចិត្ត​ឈប់​ធ្វើ​ការ​ជា​ស្រេច​ទៅ​ហើយ។ នៅ​ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ថា​ត្រូវ​ឈប់​ ​ មាន​ឱកាស​ល្អ​ៗ​ជាច្រើន​សម្រាប់​ខ្ញុំ​..។ ថ្មី​ៗ​នេះ មាន​ឱកាស​ពិសេស ដោយឮ​ល្ហៀង​ៗថា គេ​ត្រូវ​ជ្រើស​រើស​ពិធី​ករ​ថ្មី.. ដែល​ជា​មុខ​តំណែង​ ដែល​ខ្ញុំ​ប្រាថ្នា​តាំង​តែ​ពី​ឈាន​ជើង​ចូល​កន្លែង​ធ្វើ​ការដំបូង​នោះមក​​ម្ល៉េះ.. តែ​ពេល​នេះ ​ឱកាស​ហុច​មក​ដល់ ខ្ញុំ​ត្រូវ​ច្រាល​ចោល​ទៅវិញ ទាំង​អាល័យ… ប្រការ​គួរ​ឲ្យ​ស្តាយ មួយទៀត​នោះ​ គឺ​កាល​ពី​សប្តាហ៍​មុន​ គេ​ត្រូវ​ឲ្យ​ចុះ​ខេត្តកំពង់​ធំ ជាមួយ​គណៈប្រតិភូ​ខាង​សិក្សា​អប់រំជប៉ុន តែ​​ខ្ញុំ​ត្រូវ​អាក់​ខាន​មិន​បាន​ទៅ​ចូលរួម ពិត​ជា​គួរ​ឲ្យ​ស្តាយ! ហើយ​អ្វី​ដែល​ប្រសើរ​ជា​នោះ គឺ​ក្រុម​ខ្ញុំ​ខ្វះ​អ្នក​កាន់​ម៉ា​ស៊ីន​ថត​Professional គេ​ត្រូវ​ជ្រើ​ស​ថ្មី​ទៀត ដើម្បី​ចូល​បណ្តុះ​បណ្តាល​ ហើយ​អ្ន​ក​ដែ​ល​ត្រូវ​ជ្រើស​នោះ គឺ​ជា​ខ្ញុំ​ទៀត… (ព្រោះ​ក្រុម​យើង​មាន​អ្នក​និពន្ធអត្ថបទ​ពី​រនាក់​ហើយ ត្រូវ​ដក​ម្នាក់​ទៅ​រៀន​កាន់​កាំ​ម៉េ​រ៉ា)…

គិត​ទៅ ខ្ញុំ​ជួប​តែ​ការ​បាត់​បង់​ឱកាស​មែន​ទេ? ឆ្លើយ​ថា មិន​ទេ.. ខ្ញុំ​ក៏​បាន​ត្រៀ​ម​ផ្លូវ​ផ្សេង​សម្រាប់​ខ្លួ​នដើរ​ដែរ។ បើ​គិត​ពី​ការ​ដែល​ខ្ញុំ​ខាត​បង់​ក្នុង​ការ​ងារ​នោះវិញ ក៏​ច្រើ​ន​ណាស់​ដែរ។ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​វេលា​ជា​ច្រើ​ន នៃ​ពេល​វ៉ាកង​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ការ ខ្ញុំ​សុខ​ចិត្ត​អត់​ទៅ​រៀន​គួរ សុខ​ចិត្តលះបង់​ទម្លាប់​ល្អ​របស់ខ្ញុំ​​ មិន​អាន​សៀវភៅ​ប្រលោម​លោក សៀវភៅ​សិក្សា​ដែល​ខ្ញុំ​ចូល​ចិត្ត.. ​ពេល​វេលា​សម្រាប់​នៅ​ជិត​​បង​ប្អូន.. ក៏​​ត្រូវ​បាត់​​បង់.. ក្រះចាប់​ផ្តើម​ឈឺ ព្រោះ​បាយ​អត់​ទៀត​ពេល.. ភ្នែក​ចាបផ្តើ​មធ្វើ​ទុក្ខ ​ស្រវាំង ដោយ​មើល​កុំព្យូទ័រ​ច្រើ​ន​ពេក.. អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ភាសា​បារាំងដែល​ខ្ញុំ​ចូល​ចិត្ត ភាសាអង់​គ្លេស​ដែល​គួរ​តែ​រៀន​​ និងអក្សរ​សាស្រ្ត​​ខ្មែរ​ដែល​ខ្ញុំ​ស្រឡាញ់ បំណង​ចង់​ខ្លាយ​ជា​សិស្ស​ពូកែ ជា​អ្នក​និពន្ធ ​ត្រូវ​ធ្លាក់​ចុះ​ជា​លំដាប់ ដោយសារ​តែ​មិន​បាន​ទៅ​រៀន​ទៀត​ទាត់ ហើយ​ពេល​នេះ ត្រូវផ្អាក​ទាំង​ស្រុង​តែ​ម្តង…។ ពេល​វេលា​តែង​និពន្ធ រឿង​ថ្មីៗ កំណាព្យផ្សេងៗ​ ក៏​ត្រូវ​បាត់​បង់ ហើយ​ក៏​សរសេរ​លែង​កើត​.. មនោ​សញ្ចេត​នា​អារម្មណ៍​រំភើប​ ក៏​មិ​នមានរីក​​ដុះ​ដាល់​ក្នុង​ដួង​ចិត្ត​ដ៏​ស្លោក​ស្រពោន​នេះ​សោះ..

តែ​ការ​បាត់​បង់​ទាំ​ង​នេះ មិន​អាច​បញ្ចប់​ទៅរហូត​នោះ​ឡើយ.. ខ្ញុំ​ត្រូវ​តែ​យក​វា​មក​វិញ!!! ខ្ញុំ​បាន​តាំង​ចិត្តស្រេច​​ហើយ!! ..

​ស្អែក​ជា​ថ្ងៃ​ចូល​រៀន​ថ្នាក់​ថ្មី.. និង​ជា​ការ​ចាប់​ផ្តើម​កសាង​ជើង​មេឃ​ថ្មី​នៃ​ក្តី​សង្ឃឹ​ម​របស់ខ្ញុំ។ ខ្ញុំ​​ត្រូវ​តែ​រឹង​មាំ!! ស៊ូស៊ូ!!