Gangubai Kathiawadi ដើម្បីស្រីផ្កាមាស

Publié Mai 16, 2022 par HENG Oudom

កុនឈ្មោះ Gangubai Kathiawadi ជារឿងឥណ្ឌាថ្មីមួយ ដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកបីដង។

ស្រក់ទឹកភ្នែក មិនមែនព្រោះតែអាណិតអាសូរទេ (ជាក់ស្តែង មានមនុស្សជាច្រើននាក់ណាស់ ដែលមិនចង់បានក្តីអាណិតអាសូរនោះទេ គឺគេចង់ឲ្យយើងយល់ពីតម្លៃរបស់មនុស្ស និងគោរពគ្នា)។

ពេលមើលរឿងនេះ ខ្ញុំស្រក់ទឹកភ្នែក ដោយសារក្តីរំភើប និងកោតសរសើរ។

រំភើបចំពោះវីរភាពនៃនារីបម្រើសេវាកម្សាន្តផ្លូវភេទ។ កោតសរសើរចំពោះការតស៊ូព្យាយាម របស់ពួកគេដែលធ្វើការដោយស្មារតីទទួលខុសត្រូវ និងប្រកបដោយកិត្តិយស។

បើសង្ខេបសាច់រឿងយ៉ាងខ្លី គឺក្មេងស្រីជំទង់ម្នាក់ ចាញ់បោកប្រុសស្នេហ៍ ដែលយកទៅលក់ឲ្យបន។ បននេះហើយដែលធ្វើឲ្យនារី Gangubai ផ្តើមងើបបះបោរទាមទារសិទ្ធិ ដើម្បីឲ្យនារី«ផ្កាមាស» មានពេលឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍។

ផ្តើមពីបននេះហើយ ដែលនាងជំរុញសាធារណៈមតិឲ្យកូនៗរបស់ស្រីបន មានសិទ្ធចូលរៀន។

ផ្តើមពីបននេះហើយ ដែលធ្វើឲ្យនាង Gangubai ឈានជើងចូលក្នុងឆាក​នយោបាយ។…

នាងក្លាយជានារីជាទីពឹងនៃស្ត្រីផ្សេងទៀត រាប់ពាន់នាក់ នៅស្រុកឥណ្ឌា។

នាងល្បីបែបនេះបាន ក៏ព្រោះបុរសអ្នកកាសែតម្នាក់ (ជាចំណែកមួយ) ដែលធ្វើការដោយត្រឹមត្រូវសម្រាប់សង្គម។

-តម្លៃធំនៃរឿង គឺចង់ឲ្យ«ការរកស៊ីផ្លូវភេទ ដែលធ្វើការដោយស្មគ្រចិត្ត ត្រូវទទួលស្គាល់ស្របច្បាប់»។

-កុន​មានរយៈពេល២ម៉ោងកន្លះ ដែល​អាចជា​​មើ​ល​អាទិ៍​ក្នុង ណេតហ្វ្លិច។

Laisser un commentaire