«មរណភាព​នៃ​មិត្ត​ខ្ញុំ»

Publié Mai 1, 2011 par HENG Oudom

ប៉ុន្មាន​ថ្ងៃ​នេះ ​ភ្លៀង​ធ្លាក់​​យ៉ាង​​ខ្លាំង… តំណក់​ទឹក​ភ្លៀង​ស្រក់​ចុះ​​​ហាក់​ដូច​ជា​ចង់​ទម្លុះ​ក្រហែង​ដី​ និង​ហាក់បី​​ដូច​ជា​​ខឹង​នឹង​អ្វី​មួយដែល​ពុំ​អាច​ស្មាន​ដឹងបាន​។

ចំពោះ​​ខ្ញុំ​ ទឹក​ភ្លៀងនេះ​​បាន​ជួយ​លាង​ជម្រះ​សម្អាតតំណក់​​ឈាម​នៃ​ជន​​រង​គ្រោះ​ និង​ឈាម​របស់​អ្នក​ស្លាប់​ កាល​ពី​ព្រឹត្តិ​ការណ៍​ផ្អើល​រត់​ជាន់​គ្នា​ នា​​រាត្រី​ថ្ងៃ​ទី២២វិច្ឆិ​កា២០១០​ នៅ​លើ​ស្ពាន​ពេជ្រ… តែ​ភ្លៀងពិត​ជា​​​មិន​អាច​លាង​ជម្រះ​​សេចក្តី​សោក​ស្តាយ​ឲ្យ​​អស់​ពីក្នុង​​ដួង​ចិត្ត​ខ្ញុំ​បាន​ឡើយ… តំណក់​ទឹក​ភ្លៀង​មិន​អាច​លាង​ជម្រះ​អារម្មណ៍​សោក​សៅ​នៃ​សេចក្តី​ក្រៀម​ក្រំ​ចិត្ត​របស់​អ្នក​ដែលបាន​​​បាត់​បង់​សាច់​ញាតិ​ និង​​ជន​រង​គ្រោះ​ បាន​នោះ​​ទេ​។ ​មហា​សោក​នាដ​កម្ម​ដ៏​រន្ធត់នេះ​​ ការ​សោក​ស្តាយ​មាន​ទំហំ​ធំ​ធេងណាស់​លើស​លែង​នឹង​ពិពណ៌នា​​​បាន​។

បន្ទាប់​ពី​សម័យ​ប៉ុល​ពត​ខ្មៅ​ងងឹតដ៏ជូរចត់ផុតរលត់​​៣០ឆ្នាំ​កន្លង​ទៅ មិន​មាន​វិនាស​​កម្ម​ដល់​ថ្នាក់​សម្លាប់​ប្រជា​ជន​​ខ្មែរ​យ៉ាង​ច្រើន​ដូច​ព្រឹត្តិ​ការណ៍​កោះ​ពេជ្រ​នេះ​ឡើយ។ ​រឿង​​ហេតុ​ដែល​គួរ​ជា​ទី​សោក​សង្រេង​​បំផុត​របស់​ខ្មែរ​ បាន​ដក់​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជា​និច្ច… ហើយ​​ភាព​មន្ទិល​សៅ​ហ្មង​ទាំង​ឡាយ​ ភាព​មិន​អស់​ចិត្ត​ចំពោះ​ព្រឹត្តិការណ៍​ផ្អើល​រត់​ជាន់​គ្នា​នោះ​ បាន​ធ្វើ​ឲ្យខ្ញុំ​គិត​គូរ​ច្រើន​ ហើយ​អារម្មណ៍​របស់​ខ្ញុំ​ពោរ​ពេញ​ដោយ​​​ភាព​ក្រៀម​ក្រំ​ជា​ពន់​ពេក​។

ថ្ងៃនេះ​ ​ជាថ្ងៃ​គម្រប់​ខួប​៧ថ្ងៃ​នៃ​អ្នក​ដែល​បាត់​បង់​ជីវិត​៣៥៣ និង​របួស​ជិត​៤០០​នាក់​ ក្នុង​រាត្រី​ថ្ងៃ​២២​វិច្ឆិកា២០១០ គឺ​នៅ​ថ្ងៃ​បញ្ចប់​នៃពិធី​បុណ្យ​ទូក​។ នា​​ពេល​ល្ងាច ពន្លឺ​សុរិយា​ហៀប​​អស្តង្គត​ បាន​ជះ​រស្មី​យ៉ាង​ក្តៅ​ហួត​ហែង​ខុស​ពី​ធម្មតា។ ខ្ញុំ​​ជិះ​កង់​ទៅ​ទី​ឋាន​ដ៏​ស្រងេះ​ស្រងោច​នោះ។ មនុស្ស​ម្នា​ជា​ច្រើន​ ដែល​ជា​គ្រួសារ​សាច់​ញាត្តិ​​របស់​ជន​រង​គ្រោះ​ បាន​មក​សែន​​ព្រេន ឧទ្ទិស​កុសល​ជូន​មរណជន។​ ខ្ញុំ​ចុះ​ពី​កង់​កញ្ចាស់ដោយ​អារម្មណ៍​តក់​ស្លុត…។​ ទោះ​​បី​ជា​ល្ងាច​បន្តិច​ហើយ តែ​​កម្តៅ​ថ្ងៃ​នៅតែព្យាយាម​​ដុត​កម្លោច​​សួន​ស្មៅ​ឲ្យឆេះ​ខ្លោច។​ ស្មៅ​​​ដែល​ធ្លាប់​តែ​បៃ​តង​ស្រស់​ បែរ​ជា​ក្រៀម​ស្វិត​អស់​ទៅ​វិញ​​…។ ព្រឹត្តិ​ការណ៍​ដ៏​សោក​សៅ​នេះ​​ដូច​ជា​នៅ​ថ្មី​ៗ​ក្នុង​អារម្មណ៍​​ខ្ញុំ…។ មិន​ខុស​ពី​អ្នក​ដែល​មាន​​ឈាម​ជ័រ​ខ្មែរ​ដទៃ​ទៀត​នោះ​ទេ ខ្ញុំ​មាន​​អារម្មណ៍​មិន​ស្រឡះក្នុង​ចិត្ត​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ មនោ​រម្មណ៍​ធ្វើឲ្យខ្ញុំ​គិត​ច្រើន ខ្ញុំ​នឹក​ដល់​វេលា​ដែល​ទើប​នឹង​​កន្លង​ផុត​ទៅ​ថ្មីៗ…។

ថ្ងៃ​បុណ្យ​អ៊ុំ​ទូ​កទីមួយ មិន​ដឹង​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ល្អ​សោះ ហាក់​មាន​ប្រផ្នូល​មិន​ច្បាស់​​អ្វីម្យ៉ាង ដែល​មិន​អាច​ដឹង​ទុក​ជាមុន។ ខ្ញុំ​មិន​សប្បាយចិត្ត​ឡើយ​ ទោះ​បី​ជា​ថ្ងៃនោះ​​មាន​​មនុស្ស​កកកុញ​មក​ដើរ​លេង​កម្សាន្ត​ក្នុង​ពេល​ដ៏​រីករាយ​នៃ​បុណ្យ​ប្រពៃ​ណី​ជា​តិ​នេះ​ក៏​ដោយ ក៏​អារម្មណ៍​របស់​ខ្ញុំ​ហាក់​នៅ​ឯកោតែ​ម្នាក់​ឯងដដែល​។ សំឡេង​មនុស្ស​អ៊ូ​អរ សំឡេង​តន្ត្រីសម័យទំនើប​ឮ​រំពង​អឺង​កង បាន​វាយ​ប្រហារ​សភាព​ស្ងប់​ស្ងាត់​ដែលធ្លាប់​តែ​​នៅ​ជា​មួយ​ខ្ញុំ​។ ក្រោម​ដើមពោធិ៍​ដែ​ល​ជា​កន្លែង​ស្ងាត់​ស្ងៀម​សម្រាប់​ខ្ញុំ​បណ្តែត​អារម្មណ៍​អាន​សៀវភៅ ឬ​សរសេរ​រឿង​ ពេល​នេះ​ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ឡើយ។ ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ហេល​ហាល​រសេះរសោះ​​យ៉ាង​ម៉េច​មិ​ន​យល់​។ ពេល​ចេញ​ពី​ផ្ទះ​​ដំបូង ខ្ញុំ​​គិត​ថា​ មក​ដើរ​លេង​បន្តិចដើម្បី​ឲ្យលំហែ​ចិត្ត​ខ្លះ ​មុន​នឹង​ទៅ​​ខេត្ត​តាកែ​វ​នៅ​ថ្ងៃ​ស្អែក​នេះ។

ខ្ញុំ​រក​មើ​ល​ក្រុម​មិត្ត​អ្នកនិពន្ធ​របស់​ខ្ញុំ​មិន​ឃើញ​សោះ ដោយ​មនុស្ស​ច្រើន​ពេក​ស្ទះ​គ្រប់​ច្រកផ្លូវ​​ ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​មក​ក៏​ថា​បាន។ សំណាង​ដែរ​ដែល​ខ្ញុំ​ជិះ​កង់ មិន​លំបាក​រឿង​ស្ទះ​ចរាចរណ៍​ច្រើន។ ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេងយើង​​ តែង​តែ​ជួបជជែក​ពិភាក្សា​គ្នា​នៅ​ក្រោម​ដើមពោធិ៍​ មុខវត្ត​បទុមវតី។ ក្រុម​យុវ​អ្នក​និពន្ធ​ខ្មែររបស់​យើង​ មាន​រហស្ស​នាម​ថ្មី​មួយ​ទៀត គឺ«​​អ្នក​និពន្ធ​ក្រោម​ដើម​ពោធិ៍»។ ទី​នោះ​ហើយ​ ជា​ទី​តាំង​ដែលយើង​ងាយ​ស្រួល​ជួប​ជុំ​គ្នា ព្រោះ​នៅ​ជិត​«សមាគម​អ្នក​និពន្ធ​ខ្មែរ»​ស្រាប់​ផង យើង​ចេញ​ពីរៀន​នៅ​សមាគម​ ដែល​នៅក្នុង​វត្ត ហើយ​​មក​ផ្តុំ​គ្នា​នៅ​​ក្រោម​ដើមពោធិ៍​ ញ៉ាំ​អី​ជុំគ្នា ឬ​ក៏​និយាយ​ជជែក​ពី​នេះ​ពី​នោះ ដោយមិន​ភ្លេច​ទាញ​ចូល​ការ​តែង​និពន្ធ​របស់​យើង​ឡើយ។

ដោយ​មិន​មាន​ជួប​នរណា​ដូច្នេះ ខ្ញុំ​សម្រេច​ដើរ​ម្នាក់​ឯង​ទាំង​ចិត្ត​រាង​ឯកោ​បន្តិចដែរ។ ខ្ញុំ​​ប្រុង​ដើរ​ទៅ​លេង​កោះ​ពេជ្រ តែ​មនុស្ស​កកស្ទះ​ខ្លាំង​ពេក ខ្ញុំ​ដើរ​បាន​ត្រឹម​តែ​ស្តូប​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន​ ណាត ក៏​ប្តូរ​ចិត្ត​មិន​ទៅ​កោះ​ពេជ្រ ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​ត្រូវ​រៀប​ចំ​ខ្លួន​ឡើង​ឡាន​ទៅ​លេង​តាកែវ​ស្អែក​នេះ។

ភូមិ​​ស្រែ​ននោង ទិដ្ឋភាព​ស្រុក​ស្រែ​នៅ​ទី​នោះ ធ្វើឲ្យចិត្ត​ខ្ញុំ​បាន​ធូរ​ស្បើយ​ច្រើន។ ខ្ញុំយក​ពេល​អាន​សៀវភៅ​ និង​សរសេរ​រឿង​ខ្លះ​ផង។ ពេល​វេលា​ប្រព្រឹត្ត​ទៅ​ធម្មតា រហូត​ដល់​ម៉ោង​៤ទៀប​ភ្លឺ ថ្ងៃ​២៣វិច្ឆិកា អ្នក​ភូមិ​ផ្អើល​ឆោឡោដាស់​គ្នា​មើល​ទូរទស្សន៍ ព្រោះ​មាន​​អ្នក​ភ្នំពេញ​​ហៅ​​ទូរសព្ទ​មក​ប្រាប់​ថា បាក់​ស្ពាន​កោះ​ពេជ្រ ស្លាប់​មនុស្ស​ជា​ច្រើន​រយ​នាក់។ ខ្ញុំក្រោក​ពី​​កន្ទេល​​យ៉ាង​​ប្រញាប់​ ហើយ​រួស​រាន់​ទៅ​មើល​នឹង​គេ។ ទូរ​ទស្សន៍​​សខ្មៅ បញ្ចេញ​ផ្ទាំង​រូប​ភាព​ ដែល​មិន​នឹក​ស្មាន​ដល់ថា​មាន​រឿង​បែប​នោះ​កើត​ឡើង។ ខ្ញុំ​ទប់​អារម្មណ៍​កុំ​ឲ្យ​តក់​ស្លុត​ខ្លាំង​​ពេក ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែកខ្លួន​ឯង។​ ​មនុស្ស​ជា​ច្រើន​រយ​នាក់​នៅ​កកកុញ​លើ​គ្នារើ​ខ្លួន​មិន​រួច ប៉ូលីស​លើក​អ្នក​ស្លាប់​ដាក់​តម្រៀប​ជិត​គ្នា​ជា​បន្តបន្ទាប់។ គំនរ​មនុស្ស​យ៉ាងចង្អៀត​ណែន អ្នក​​ខ្លះ​បក់​ដៃឲ្យជួយ… ឡាន​អគ្គីភ័យ​បាញ់​ទឹក​ឲ្យធូរ​ អាច​ដក​ដង្ហើម​ខ្លះ… អ្នក​ដែល​រក​ឃើញ​ស្គាល់​សាច់​ញាតិ​កូនចៅ​​ខ្លួន​ ស្រែក​ទ្រហោ​យំគួរ​ឲ្យ​អាណិត​ខ្លោច​ចិត្តជា​ពន់​ពេក​​… គួរ​ឲ្យ​រន្ធត់​បំផុតទៅ​ទៀត​នោះ​​ សំឡេង​ឡានពេទ្យ​ដឹក​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​យ៉ាង​អឺង​កងគួរ​ឲ្យ​ព្រឺ… ទិដ្ឋភាព​ទាំង​នេះ​ចលា​ចល​ជា​ពន់​ពេក ស្ទើរ​តែ​រក​យល់​ពុំ​កើត…។

ខ្ញុំ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្តី​រាយ​ការណ៍​របស់​ពិធី​ករ​ ដើម្បី​ដឹង​មូល​ហេតុ តែក្រុម​សមត្ថ​កិច្ច​​ពុំ​ទាន់ស៊ើប​អង្កេតពី​​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ មាន​តែ​ពាក្យ​ចចាម​អារាម​ថា ស្ពាន​​​បាក់ ខ្លះ​ថា ​ខ្សែភ្លើង​ឆក់ ខ្លះទៀតថា មាន​គេ​បំពុល​​ឧស្ម័នវិទ្យុ​សកម្ម… ពុំ​ទាន់​មាន​​អំណះ​អំណាង​មួយ​ណា​យក​ជា​ការ​បាន​សោះ​។ លោក​នាយករដ្ឋ​មន្ត្រី​មាន​សេចក្តី​ថ្លែង​​ការណ៍​​​ជា​បន្ទាន់ចំនួន​បី​ដង​ គឺនៅ​ម៉ោង​​ជាង​មួយ​ម្តង ម៉ោងបី​ជិតភ្លឺម្តង និង ពេល​ព្រឹក​ព្រលឹម​ស្រាងៗ​ម្តងទៀត ដើម្បី​ចូលរួ​ម​រំលែក​ទុក្ខ​​ដល់គ្រួសារ​សព និង​ជន​រង​គ្រោះ​។ លោក​នាយករដ្ឋមន្រ្តី​​ប្រកាស​ចាត់​តាំង​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ឧបទ្ទវហេតុលើ​ស្ពាន​ពេជ្រ ​ជា​បន្ទាន់​ផង​ដែរ​។ ពុំមាន​សញ្ញាណ​ណា មួយ​បង្ហាញ​ថា នេះ​ជា​អំពើ​ភេវរ​កម្ម​​ឡើយ តែ​ក្រុម​ជំនាញ​នឹង​បន្ត​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្តទុកដាក់​បំផុត។ ទូរ​ទស្ស​ន៍​​ចាក់ផ្សាយ​សា​ចុះ​សាឡើង​នូវ​រូប​ភាព​​ដដែលៗ ខ្ញុំ​មើល​ច្រើន​ដង​នៅតែស្លុតចិត្ត​ និង​មិន​នឹក​ស្មាន​ថា​ រឿងនោះ​ក្លាយ​ទៅ​ជា​បែបនេះ។ អ្នក​ភូមិ​មើល​រហូត​ដល់​ទូរទស្សន៍​អស់​អាគុយ អ្នក​ខ្លះ​ហៅ​ទូរ​សព្ទ​ទៅ​សួរ​កូន​ចៅ​របស់​ខ្លួន ខ្លះ​សួរ​សាច់​ញាតិ តែ​សមត្ថកិច្ច​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​ច្បាស់​លាស់​នៅ​ឡើយ​​។ រូបភាព​សោក​នាដកម្ម​នៅ​ដក់​ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​ថ្មី ខ្ញុំ​ចាប់​ផ្តើម​មិន​ស្រឡះ​ក្នុង​ចិត្ត… ខ្ញុំមិន​អាច​ទាក់​ទង​សួរ​ដំណឹង​នរណា​បាន​ទាំង​អស់ ព្រោះ​ទូរសព្ទ​អស់​ថ្មរលីង ដល់​ថ្នាក់​​រលត់​តែម្តង។ មិន​ដឹង​ថា មាន​មិត្តភក្តិ​របស់​ខ្ញុំ​ត្រូវ​រង​គ្រោះ​ដែរ​ឬ​ទេ! ខ្ញុំ​បន់​ស្រន់​ក្នុង​ចិត្ត​ សូម​​ឲ្យ​ពួក​គេ​សុខ​សប្បាយ​ផង​ចុះ…។

ព្រឹក​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ព្រោះ​ត្រូវ​ចូល​រៀនថ្ងៃ២៤​ស្អែកនេះ។ មេឃ​ចាប់​ផ្តើ​ម​ស្រទុំ​តាំង​ពី​ព្រលឹម​ ហើយ​​ភ្លៀង​រលឹមតិច​ៗ​ឥត​ដាច់​សូរ។ លុះ​ដល់​ម៉ោង​ជាង​៩ ភ្លៀងបាន​បង្អុរមក​យ៉ាង​ខ្លាំង​ស្ទើរ​បាក់​មេឃ ធ្វើ​ឱ្យខ្ញុំ​មិន​អាចត្រឡប់​មក​ភ្នំពេញ​ពេល​ព្រឹក​​នោះ​បាន​ទេ​។ ​ទម្រាំ​បាន​ចេញ​ដំណើរ​ពី​ខេត្តតាកែវ​ ម៉ោង​ជាង១០​ទៅ​ហើយ ទេសភាព​តាម​ដង​ផ្លូវ​មិន​មាន​អ្វី​ទាក់​ទាញ​​អារម្មណ៍​ខ្ញុំ​ក្រៅ​តែ​ពី​ភាព​សោក​​សង្រេង​នោះ​ឡើយ។ តំណក់​ទឹក​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មិន​ដាច់រយៈ។

ជិះ​ឡាន​ឈ្នួល​ត្រូវ​ចំណាយ​ពេល​ច្រើន ទម្រាំ​មក​ដល់​ផ្ទះនៅ​ភ្នំពេញ ម៉ោង​ជិត​​១​រសៀល ខ្ញុំ​ពុលឡាន ឈឺក្បាល អស់​កម្លាំងមែន​ទែន អស់​កម្លាំង​កាយ​មិន​សូវ​ប៉ុន្មាន​នោះ​ទេ តែ​​ខ្ញុំ​ពុំ​មាន​កម្លាំង​ចិត្ត​​នឹង​ប្រឈម​មុខ​ចំពោះ​​ការ​ទទួល​យក​នូវ​ឧបទ្ទ​វ​ហេតុ​ដ៏​អាក្រក់​នោះ… ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​ឈឺ​! ប៉ុន្តែ​ខ្ញុំ​មិន​អាច​លេប​បាយ​ចូល​ពោះ​បាន​… ខ្ញុំ​សំងំ​ដេក ដេក​ទាំង​អត់​បាន​បាយ​​ទឹក​អ្វី​ទាំង​អស់ រហូត​​ដល់​ល្ងាច​។ ខ្ញុំបន្ត​​ដេក​អត់​បាយ​ដល់ព្រលប់។

សំឡេងទូរសព្ទ​​រោទិ៍ កាត់​ដំណេក​ដ៏​ក្រៀម​ក្រំ​របស់​ខ្ញុំ គឺ​លេខ​​ទូរ​សព្ទ​របស់​​ប្រធាន​តំណាង​ក្រុម​យុវ​អ្នក​និពន្ធ​​ខ្មែរ។ ខ្ញុំ​មិន​ដឹង​ថា គាត់​មាន​កិច្ច​ការ​អ្វី​នោះ​ទេ។

«ជម្រាប​សួរ​បង!» ខ្ញុំ​ឆ្លើយ​ទាំង​ងោក​ងុយ​ដោយ​អស់​កម្លាំង​ជា​ខ្លាំង។

គាត់​និយាយយ៉ាង​លឿន​រក​តែ​ខ្ញុំ​តបប្រាប់​គាត់​​ថា «ពេល​ខ្ញុំ​នៅតាកែវ ទូរស័ព្ទ​អស់​​ថ្ម»​មិន​​ទាន់​សោះ! ហើយ​ខ្ញុំ​ទើបតែ​បញ្ចូល​ភ្លើង​ពេល​មក​ដល់​ភ្នំពេញ​ទេ។ គាត់​និយាយយ៉ាង​​ច្រើន។ ខ្ញុំ​ចាប់​​សេចក្តីបាន​​ដឹង​ថា គាត់​​បារម្ភ​ពី​​ខ្ញុំ៖

«…ខេមរា ទៅ​ណា​ម៉េច​មិន​ប្រាប់​ពួក​យើង​ផង? ដឹង​ថាគ្រប់​គ្នាគេ​​បារម្ភទេ? ម្នាក់​ៗ​ខំ​តេ​សួរ​រក​ខេមរាខ្វាត់​ខ្វែង! ឪពុក​ម្តាយ​របស់​​ខេមរា ​ក៏ភ័យ​ខ្លាំងណាស់​ដែរ គេ​ខំ​សួរ​អ្នក​នេះ​អត់​ដឹង អ្នកនោះ​អត់​ដឹង! ហើយ​ម៉េច​បាន​បិទ​ទូរ​សព្ទ​អ៊ីចឹង?​…​ ឆាប់​តេ(Tél)ទៅ​ឪពុក​ខេមរាឯង​ទៅ ព្រោះ​គាត់​បារម្ភ!…»

ខ្ញុំគ្រាន់​តែ​​កាត់​យល់​ថា គ្រប់​គ្នា​ព្រួយ​បារម្ភ​ពី​ខ្ញុំ។ ខ្ញុំ​មិនបាន​​ចាប់​អារម្មណ៍​អ្វី​ដែល​គាត់​និយាយ​​ពី​ដំបូង​នោះ​ទេ ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​និយាយ​អ្វី​ខ្លះទៀត​​នោះ​ដែរ តែដល់​ចំណុច​មួយ​​ ខ្ញុំ​ស្រាប់​តែ​ភ្ញាក់​ស្មារតី​តែ​ម្តង គឺ​គាត់​និយាយ​ដោយ​សំឡេង​ស្រងូត​ស្រងាត់​ថា៖

«ខេមរា ដឹង​ថា មិត្តអ្នក​និពន្ធ​យើងម្នាក់​ឈ្មោះ ទឹម រ័ត្នមុន្នី ​បាន​ស្លាប់​បាត់​បង់​ជីវិត នៅ​​កោះ​ពេជ្រ​ដែរទេ? ​…»

«គឺ​​មុន្នីពូកែ​តែង​កំណាព្យ​នោះ​មែន​ទេ ខ្ញុំ​សួរ​បញ្ជាក់​ ដោយស្វាង​ពី​ភាព​​ងងុយ​អស់​រលីង។

«គឺ​គាត់​ហ្នឹង​ហើយ! គឺ​ទឹម រ័ត្នមុន្នី ជា​និស្សិត​មក​ពី​ឧត្តរមាន​ជ័យ ស្នាក់​នៅ​សមាគមអ្នក​ឧត្តរ​មាន​ជ័យ​។ ក្រុម​អ្នកនិពន្ធ​យើងនឹង​ចូលរួម​ពិធី​ដង្ហែកាន់​ទុក្ខ​នៅ​ល្ងាច​នេះដែរ!»

ខ្ញុំ​ស្រងាកចិត្ត​ពេល​ដឹង​ដំណឹងដ៏​អកុសល​នេះភ្លាម​។ មជ្ឈដ្ឋាន​អក្សរសាស្រ្ត​យើង​កំពុង​ខ្វះ​​ខាត​ធន​ធាន​មនុ​ស្ស​​ផង ហើយ​ត្រូវ​​បាត់​បង់​មនុស្ស​មាន​សមត្ថភាព​ដូច​​មុន្នី​នេះ​ទៀត។ ខួរ​ក្បាល​ខ្ញុំ​ចាប់​ផ្តើម​បង្វិល​ការ​ចង​ចាំ​នឹក​ទៅ​ដល់​អនុស្សាវរីយ៍​ទាំង​ឡាយ​ ដែល​ខ្ញុំ​បាន​ជួប​ជា​មួយ​​មុន្នី។

ខ្ញុំ​ស្គាល់រ័ត្ន​មុន្នី​ដំបូងដោយ​ចៃ​ដន្យ​បំផុត គឺ​​នៅ«អង្គការ​រូមធូរីដ​កម្ពុជា»  នៅ​ពេល​រៀន​បណ្តុះ​បណ្តាល​អ្នក​និពន្ធ​រឿង​សម្រាប់​កុមារ។ មុន្នីមានថ្វី​មាត់​ប្រកប​​សំនួន​វោហា​រ​សាស្រ្ត ​និង​ជាមនុស្ស​រាក់​ទាក់​ រាប់​អាន​មិត្ត​ភក្តិ​ខ្លាំង​ណាស់​។ ថ្វី​ត្បិត​តែ​មិន​សូវ​ជិត​ស្និទ្ធ​នឹង​គ្នា​ខ្លាំង​ តែ​ក៏​អាច​រាប់​ថា​​ យើង​មានចំណង​​មិត្តភាព​មួយ​ល្អ​ដែរ។ ខ្ញុំ​គោរ​ព​គាត់​ជា​រៀម​ច្បង​កវី​ដែល​មាន​ទេព​កោសល្ល​ម្នាក់​។ ​មុន្នី ជា​និស្សិតក្រី​ក្រ​​មក​ពីខេត្ត​ឧត្តរមានជ័យ។ ខ្ញុំ​នៅ​ចាំថា​ ពេល​ព្រឹក​នៃ​ថ្ងៃ​​ចូល​រៀន​ដំបូង​ ខ្ញុំ​និយាយ​ជាមួយនឹង​​គាត់​មុន​គេ។ ខ្ញុំ​សួរ​​នាំ​គាត់ ដោយនឹក​ស្មាន​ថា​ គាត់​ជា​​និស្សិត​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​ហើយមើល​ទៅ​ តែ​គាត់ឆ្លើយ​​​ថា៖

«ខ្ញុំ​ចង់រៀនផ្នែកអក្សរសាស្ត្រខ្មែរ​​​ខ្លាំងណាស់ តែគ្មានលទ្ធភាពរៀន បង្ខំចិត្តទៅ​​​រៀនផ្នែកទីផ្សារវិញព្រោះជាប់អាហារូបករណ៍ ស្រាប់។»

ចិត្ត​ខ្ញុំ​ចាប់​ផ្តើម​មានអារម្មណ៍​រវើ​រវើយ​ទៅគាស់​កកាយ​អនុស្សាវរីយ៍​អតីត​កាល​ជា​ច្រើន រហូត​ដល់​ឈប់​នឹង​មួយ​កន្លែង ដែល​​គ្រានោះ កាល​ពី​ប៉ុន្មាន​ជា​២ខែ​មុន នៅ​ថ្ងៃ​មួយ​ពេល​​ល្ងាច​ ខ្ញុំ​បាន​ទៅ​ជួប​ជុំ​មិត្ត​​អ្នកនិពន្ធ​ក្រោម​ដើមពោធិ៍​ ហើយ​ក៏​ឈៀង​ចូល​​សមាគម​អ្នកនិពន្ធ​ខ្មែរបន្តិច​ផង ស្រាប់​តែ​ជួប​មុន្នី​កំពុង​បណ្តើរ​កង់​ចូល​មក​ដែរ​ដោយ​ចៃ​ដន្យ។ ខ្ញុំ​ប្រញាប់​សួរ​នាំ​រាក់​ទាក់​គាត់ ព្រោះ​តាំង​ពី​រៀន​​ចប់​នៅ​អង្គ​ការ​​រូម​ធូរីដ​មក យើង​មិន​ដែរ​ជួប​គ្នា​ទៀត​សោះ។ គាត់​ប្រាប់ខ្ញុំ​​ថា​ គាត់ប្រញាប់​​មក​ដាក់​អត្ថបទ​កំណាព្យ​ ជូន លោកគ្រូ វ៉ែន​-សុន និង ​លោក​គ្រូ​ វ៉ា-សំអាត ដើម្បី​យក​ទៅ​ប្រឡងប្រកួត​ប្រជែង​ស្នាដៃ​កំណាព្យ​​នៅ​ប្រទេស​កូរ៉េ។ ខ្ញុំ​ជួប​មុន្នី​​តែ​ម្តង​នោះ​ ក៏​លែង​បាន​ជួបរហូតមក​ទល់​ពេលនេះទទួល​ដំណឹង​អកុសល​ថា​គាត់ចាក​ចេញ​​​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​វិល​វិញ​!… ខ្ញុំមិន​បាន​ដឹង​ថា កំណាព្យ​របស់​មុន្នី​​ជាប់​ ឬ​ក៏​យ៉ាង​ណា! តែ​ពេលនេះ ម្ចាស់​វណ្ណកម្ម​​បាន​លា​ចាកលោក ​​ទៅ​មុន​កំណាព្យ​ប្រកាស​លទ្ធ​ផល​បាត់​ទៅ​ហើយ… គួរ​​ឲ្យ​សោក​ស្តាយ​ជា​ទីបំផុត។ ខ្ញុំ​ពិតជា​មាន​ក្តី​សោក​ស្តាយ​ជាខ្លាំង​ចំពោះ​ការ​បាត់​បង់​ធន​ធាន​​​មនុស្ស​ដ៏​សំខាន់​នេះ​​​… ។

​មុន្នី​ ជា​យុវកវី​មាន​ទេព​កោសល្យ​យ៉ាង​ប៉ិន​ប្រសប់​​​ខាង​តែងកំណាព្យ មិន​តែ​ប៉ុណ្ណោះ​ ខ្ញុំ​​ចាំ​បាន​ថា កាល​រៀន​នៅ​អង្គ​ការ​​​រូមធូរីដ មុន្នី​​​​ចេះ​ច្រៀង​យ៉ាង​ពីរោះ និង​ចេះ​លេង​សើច​កំប្លែង​បាន​យ៉ាង​ល្អ ធ្វើ​ឲ្យមិត្ត​​សិក្ខា​កាម​យើង​សើច​ស្ទើរ​រឹង​ពោះគ្រប់​ៗ​គ្នា​… ម្យ៉ាង​ដោយសារ​មុន្នី​និយាយ​​រដឺន​សំនៀង​អ្នក​ឧត្តរមានជ័យ​ស្រាប់​ផង ពេល​គេ​​ស្តាប់សំឡេង​ទៅ ​គួរ​ឲ្យ​ចង់​សើច ព្រោះ​ជា​សំនៀង​ពីរោះ​ពី​ធម្មជាតិ​។ សិក្ខា​កាម​​គ្រប់​គ្នា​ស្គាល់​​មុន្នី​យ៉ាង​ច្បាស់ ព្រោះ​គាត់​ជា​​​មនុស្ស​​ពូកែ​ចូល​ចិត្ត​កំប្លែង​បង្ក​បរិយា​កាស​រីករាយ​ពេល​រៀននេះ​តែ​ម្តង​… ជា​ហេតុ​ធ្វើ​​ឲ្យ​យើង​​កត់​ត្រា​​​ឈ្មោះ​«ទឹម រ័ត្នមុន្នី» ក្នុងប្រអប់​បេះ​ដូង​រំភើបបាន​​ដោយ​ងាយ។

នៅ​ពេលទៅ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្ត​កំពង់​ស្ពឺ ដើម្បី​បិទ​បញ្ចប់​វគ្គបណ្តុះ​បណ្តាល ពេល​​ជិះ​ឡាន​ មុន្នី​​បាន​ច្រៀង​​ចម្រៀង​ជំនាន់​ស៊ីន​ស៊ីសាមុត​ និង​និយាយ​រឿង​កំប្លែង​​​ឲ្យ​ពួក​យើង​ស្តាប់។ ខ្ញុំ​មិន​នឹក​ស្មានថា គាត់​ចេះ​ចាំ​បទ​ពីរោះៗ​ពី​​សម័យ​សង្គម​ចាស់ស្ទើរ​តែគ្រប់​បទ​។ បទ​ខ្លះ គ្រាន់​តែ​បង្ហើបទំនុក​​ក្បាល​ដំបូង មុន្នី​ចេះ​ច្រៀង​បាន​ទាំង​អស់​។ ​ពេល​​ត្រឡប់​មក​វិញ យើង​គ្រប់​គ្នា​មិន​ថា​ប្រុស​ស្រី ចាស់​ក្មេង​ទេ គឺ​បាន​ច្រៀង​ឆ្លើយ​ឆ្លង​ទាំង​អស់​គ្នា។ ពេល​ចុង​ក្រោយ ចុះ​​ពី​លើ​ឡាន​ មុន្នី​​បាន​ចែក​កំណាព្យ​​​ទៅ​សិក្ខា​កាម​ម្នាក់​ពីរ​សន្លឹក​​… អត្ថ​បទ​កំណាព្យ​ទាំង​​​នោះ​នៅ​នឹង​យើង​រាល់​គ្នា​ជានិច្ច​… ក្នុង​នោះ​មាន​កំណាព្យ​«បាយ​​​កក» គួរឲ្យចាប់​អារម្មណ៍​​ខ្លាំង​ជាង​គេ ដែល​តែង​ពី​ជីវិត​និស្សិត​​ក្រី​​ក្រ​មក​ពី​ស្រុក​ស្រែ​ខ្វះ​ខាត​មុ​ខ​ក្រោយ ត្រដរ​រស់ខំ​រៀន​​ដោយ​ទទួល​ទាន​បាយ​កក… ខ្ញុំ​យកកំណាព្យ​​«បាយកក»ដែល​មុន្នី​ឲ្យ មក​មើល​ឡើង​វិញ។ មុន្នី​តែង​ជា​ ​«បទ​បថ្យា​វដ្ត»​ ហាក់​នៅ​ថ្មីៗចំពោះ​មុខ​អនុស្សាវរីយ៍​កម្សត់​កម្រ៖

បាយ​អើយ​បាយ​កក​បាយ​សល់​បាត​ឆ្នាំង​            ជួន​សល់​តែ​ក្តាំង​ខ្មៅ​ខ្លាំង​ខ្លះ​ខ្លោច​

ព្រលឹម​ក្រោក​ឡើង​ជួន​មាន​ស្រមោច​                 ដៃ​ប្រឹង​បេះ​បោច​គោះ​ដេញ​​​ឲ្យ​គេច​។​

ប្រហុក​ត្រី​ងៀត ​ល្ងលីង​មិន​ភ្លេច​                      អ្នក​ម្តាយ​ខ្ចប់​វេច​ច្រក​ផ្ញើ​មក​ឲ្យ​

លក​លៃ​ចម្អែត​តាម​ហេតុ​​ខ្សត់​ខ្សោយ​                 ភ័ព្វ​ព្រេង​អំណោយ​ផ្តល់​ឲ្យ​មិន​ថ្លា​។​

គិត​ចង់​បាយ​ថ្មី​ទិញ​ឆី​តាម​ផ្សារ​​                        មានលុយ​ពីណា​គ្រប់​ត្រឹម​ឈ្នួល​ផ្ទះ

គ្រប់​ម្ហូប​ព្រឹក​ល្ងាច​កំដរ​ក្រពះ​                          ពេល​ព្រឹក​ថ្ងៃ​រះ​​មិន​មាន​​​គ្រប់​ទេ​។​

ពុក​ម៉ែ​​នៅ​ស្រុក​លក់​ស្រែ​ស្រូវ​រេ​                        ប្រឹង​មិន​ទំនេរ​ផ្ញើ​ឲ្យ​កូន​រៀន​

ញាតិ​មិត្ត​បង​ប្អូន​ទីក្រុង​សោះ​គ្មាន​                    ស៊ី​អត់​ស៊ី​ឃ្លាន​រស់​ទាំង​​ត្រ​ដរ​។​

​​បាយ​អើយ​បាយ​កក​សម្រាប់​ខ្ញុំ​ក្រ                     បាយ​ថ្មី​ក្តៅ​ស​សម្រាប់​គេ​គ្រាន់​

ព្រលឹម​បាយ​ក្តៅ​គ្រា​នេះ​មិន​ទាន់​                      គ្រា​ក្រោយ​ជំនាន់​ប្រហែល​អាច​ក្តៅ។​

បាយ​ព្រឹក​ក្តៅ​ល្អ​កុំ​ទាន់​ហា​ហៅ​                       បាយ​កក​ក្តាំង​ខ្មៅ​ហៅ​ចុះ​ស្ម័គ្រ​ជិត​

ប្អូនៗ​ខ្មែរ​អើយ​ចូរ​អ្នក​ពិនិត្យ​                           អ្នក​គ្រាន់​ជីវិត​មិន​ជិត​បាយ​កក​។​                    

ឲ្យ​ដូច​បាយ​ក្តៅ​មិន​ដែល​ខាន​ខក​                     អ្នក​គ្រាន់​ទិញ​ច្រក​គិត​គូរ​បេតី​

បើ​ជា​បាយ​កក​ជិត​អ្នក​ក្រក្រី​                           ជីវិត​សម​អី​រស់​ក្រ​លំបាក​៕​

ខ្ញុំ​រសាប់​រសល់​​ក្នុង​ចិត្ត​អស់​ទៅហើយ ធ្វើកិច្ចការ​អ្វី​មិន​កើត​សោះ​ឡើយ​ ចាប់នេះរបូត​ចាប់​នោះ​របេះ។ ខ្ញុំ​ព្យាយាម​​ស្តាប់​វិទ្យុ ​ដើម្បី​ដឹង​ពត៌មាន​ឲ្យច្បាស់​ការ តែ​ខ្លួន​​ខ្ញុំ​ចេះ​តែ​ព្រឺៗ​បាស់​រោម រន្ធត់ចិត្ត អាណិត​ឈាម​ជ័រ​ជាតិ​ខ្មែរ​ដែល​ស្លាប់​យ៉ាង​​អាណោច​អាធ័ម​ អារម្មណ៍​ខ្ញុំ​ចេះ​តែ​ដិត​ដាម​នឹង​រូបភាព​នៃមហា​​សោកនាដកម្មនោះ​… ​សំឡេង​ម្តាយ​​ស្រែក​​​​​​​ហៅ​កូនដែល​​ស្លាប់​បាត់​ទៅ​ហើយ សូមឱ្យរស់​ឡើងវិញ…  សូរ​សំឡេង​ទួញ​យំ​សោក​​នៃ​​​​គ្រួសារ​សព… សំឡេង​​សារ៉ែន​រថយន្ត​សង្គ្រោះ​បន្ទាន់​ស្រែក​ឮស្ទើរ​តែ​កក្រើក​រាជធានី​ភ្នំពេញ​ទៅហើយ…

នៅ​រាត្រី​នេះ តាំង​ពី​ល្ងាច​មកម្ល៉េះ ខ្ញុំ​​ឮ​ពាក្យ​ចចាម​អារាម​ឲ្យ​សែន​ចេក​ ផ្លែ​ឈើ ព្រោះ​គេ​ល្បី​ថា អ្ន​ក​ស្លាប់​នៅ​កោះ​ពេជ្រ​​​នឹង​មក​យក​អ្នក​ដែល​ដេកលក់​១០០នាក់ទៀត។ ទន្ទឹម​​​នឹងនេះ​មាន​ការ​ផ្ទុះ​ពាក្យ​ចចាមអារាម​ពី​ការស្លាប់​​មនុស្ស​​​៥០​​នៅ​ខេត្ត​​​តាកែវ នៅ​កំពង់​ចាម​៤០នាក់​ ក្រឡាប់​ឡាន​នៅ​ស្គន់ ​ក្រឡាប់​រថយន្ត​ក្រុង​នៅ​ស្ពាន​ជ្រោយ​ចង្វា លិច​ស្រឡាង​នៅ​អ្នក​លឿង និង​ព្រែក​​តា​មាក់ ព្រមទាំង​លេខ​ទូរសព្ទ​ក្រហម​តេ​ចូល​ កុំ​ឲ្យលើក​ជា​ដើម សុទ្ធ​តែ​ជា​ការ​ឃោសនា​អកុសល នាំ​ឲ្យប្រជា​ជន​ដែល​មាន​ជំនឿ​អរូបិយ បាន​រៀប​ចំដុត​ទៀន​ធូប​​សែន​ព្រេន​​ពេញ​មុខ​ផ្ទះ។ ផ្លែឈើ​ឡើងថ្លៃ ពិសេស​តម្លៃ​ចេក​ឡើង​ថ្លៃ​យ៉ាង​គំហុក​តែ​​ម្តង​ ពី​មួយ​​ស្និត ​១៨០០រៀល ដល់ពីរពាន់ ឡើង​ដល់​ប្រាំ​ពាន់ មួយ​ម៉ឺន ពីរម៉ឺន បី​ម៉ឺន និង​ឡើង​រហូត​ដល់១០ម៉ឺន​ នៅ​ម៉ោង​១១ជាង​ជិត​ពាក់​កណ្តាល​អធ្រាត្រ​ គឺ​មាន​និស្សិតនៅ​សកល​វិទ្យាល័យ​មួយ​បាន​ទិញ​សែន​ទៀត​ផង​។ ខ្មែរមួយ​ចំនួន​​ចូល​ចិត្ត​តែ​ជឿ​គេ ជឿជំនឿអរូបិយ ​ដោយ​​មិនបាន​​ពិចារណា​ឲ្យស្រប​នឹង​លក្ខណៈ​វិទ្យាសាស្រ្ត​សោះ ជាហេតុជន​អគតិមួយ​ចំនួន​​ឆ្លៀត​ឱកាស​ធ្វើ​ជំនួញ​លើ​សោកនា​ដកម្ម​របស់​ខ្មែរ​… គួរឲ្យអាណិត​​អាសូរ​ណាស់​!! ឱ! អ្នក​ជំនួញ​ គ្មាន​មេត្តា​សោះ អ្នក​រកស៊ី​កេង​ចំណេញ​លើ​ទឹក​ភ្នែក​ខ្មែរ​ដែល​ហូរ​ស្រក់​​ចំពោះ​មុខ​មហា​សោក​នាដ​កម្ម​…។ ខ្ញុំ​មិន​អាច​ធ្មេច​ភ្នែក​ដេក​លក់បាន រហូត​ដល់​ពាក់​កណ្តាល​អាធ្រាត្រ​ ខ្ញុំ​សរសេរ​កំណាព្យ​មួយ​ប្រកាស​ក្នុង​ទំព័រ​​ហ្វែស​ប៊ុក (Facebook)​។

[…]       ទឹកភ្នែក​​ហូរស្រក់               រាប់លានតំណក់                 ដក់គ្មានពេលល្ហែ

ព្រឹត្តិការណ៍ស្ពាន​ពេជ្រ         រំលេចរឿងខ្មែរ                   «ណាហ្គា»នៅក្បែរ

តែបែរព្រងើយ។

សោកនាដកម្ម                   ដួងចិត្តប្រេះ​ស្រាំ                ជីវិតខ្មែរអើយ

មកលេងភ្នំពេញ                គិតថាបានស្បើយ              មិនដឹងសោះឡើយ

ត្រូវបង់ជីវិត… […]

ខ្ញុំ​ដឹងថា កាព្យ​នេះ​មិន​សូរ​ជួន​ល្អ​ទេ តែ​ខ្ញុំ​សម្រេចចិត្ត​ប្រកាស​ ទើប​ខ្ញុំ​អាច​ទៅ​ដេក​បាន​… ខ្ញុំ​​រន្ធត់ និង​តក់ស្លុត​ចំពោះរឿងរ៉ាវ​ព្រឹត្តិការណ៍​សោកនាដកម្មរបស់ខ្មែរ… ប្រជា​ជន​ខ្មែរ​ជា​ច្រើន​​នាក់​បាន​​បង្ហូរ​ទឹក​ភ្នែក តែ​ដងប៊ិក​របស់ខ្ញុំ​ហាក់​ពុំ​មាន​យំសោក​នឹង​រឿង​អកុ​សល​នេះ​សោះ​​… ប្រហែល​ជា​ទឹកប៊ិករបស់​ខ្ញុំ​កកស្ទះ​អស់​ទៅ​ហើយមើល​ទៅ…។ ខ្ញុំ​រង​នូវ​សំពាធ​ផ្លូវ​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​បាន​ស្តាប់​ឮមិត្តភក្តិ​និយាយប្រាប់ ស្តាប់​វិទ្យុ មើលទូរទស្សន៍ និង​អាន​គេហ​ទំព័រ​សារ​ពត៌​មាន​​ផ្សេងៗ ចំនួន​អ្នក​រងរបួស​បន្ត​ស្លាប់​ជា​បន្ត​បន្ទាប់ អត្រា​ចំនួន​អ្ន​ក​ស្លាប់​កើន​ឡើង​ដល់៤៥៦នាក់… ខ្ញុំ​មិន​អាច​ធ្មេច​ភ្នែក​ដេក​លក់​បាន រហូត​ដល់​រាត្រី​កណ្តាល​អធ្រាត្រ។ ខ្ញុំ​សម្រេច​តែង​កាព្យ​ប៉ុន្មាន​ឃ្លាទៀត តែ​មើល​ទៅ​មិន​ជួន​ល្អ​សោះ ព្រោះ​អារម្មណ៍​​សោក​ស្តាយ​រក​និយាយ​មិន​ត្រូវ… ។

នៅ​ថ្ងៃទី​​២៤…

ព្រឹក​ឡើង​មក​ដល់​សាលា ពេល​គោរ​ព​ទង់​ជាតិ លោកគ្រូ​ប្រកាស​ដំណឹង​អកុសល​មួយ​ទៀត គឺមាន​​មិត្ត​រួម​សាលា​របស់​ខ្ញុំ​ស្លាប់​៤នាក់ និង​ម្នាក់​ទៀតរង​របួសជើង​ជា​ទម្ងន់​ ក្នុង​ព្រឹត្តិកាណ៍​នៅ​កោះ​ពេជ្រ​នោះ​ដែរ។ សិស្សា​នុ​សិស្ស​ឱន​​មុខ​ចុះ​​គោរព​វិញ្ញាណ​ក្ខន្ធ​ជន​ដែល​ទទួល​អនិច្ចកម្ម ​រយៈ​ពេល​៣នាទី។ ព្រឹក​នោះ​ យើង​មិន​សូវ​បាន​រៀន​អ្វី​ច្រើន​នោះ​ទេ ព្រោះ​ការ​ស្លាប់​មនុស្ស​នៅ​កោះ​ពេជ្រ​ ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក។

ខ្ញុំបាន​​អាន​កាសែត គេ​សរសេរថា រដ្ឋាភិបាល​ប្រកាស​លុប​តួលេខ​​អ្នក​ស្លាប់ពី​៤៥៦​នាក់​ មក​ត្រឹម​៣៥១​នាក់​វិញ និង​អ្នក​​របួស​៣៩៥នាក់ ដោយ​លើក​​ហេតុផល​ថា របាយ​ការណ៍​​ពី​ខេត្ត និងរាជ​ធានីខុសគ្នា គឺ​មាន​ការ​ភ័ន្ត​ច្រឡំ។ ខ្ញុំ​មិន​ដឹង​សេចក្តី​ពិត​យ៉ាងណា​នោះ​ទេ ហើយ​​ក៏​មិនអាច​ដឹង​បាន​។ ខ្ញុំ​នៅតែ​បន្ត​តាម​ដាន​ពត៌មាន​បន្ត​ទៀត។

កាល​ពី​ថ្ងៃ​ទី​២៣ ម្សិលមិញ​ រដ្ឋាភិបាល​ប្រកាស​យក​ថ្ងៃ​ទី​២៥វិច្ឆិកាជា​រៀង​រាល់​ឆ្នាំ ជា​ទិវា​​​រំលឹកថ្ងៃ​កាន់​ទុក្ខ​របស់​​​​ជាតិ។ សម្រាប់​​​សាលា​ខ្ញុំ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្តាល​ទាំង​ថ្ងៃទី​​២៤ និង​​២៥​ គឺទាំង​ពីរ​ថ្ងៃ​តែម្តង។

ខ្ញុំ​ដឹង​ថា​ អារម្មណ៍​ខ្ញុំ​ពេល​នេះ​រវើរវាយ​អស់​ទៅហើយ… ខ្ញុំ​គ្មាន​អារ​ម្មណ៍​រៀន​សោះ​ ហើយ​ខ្លួន​ខ្ញុំ​ក៏​ឈឺ​ទៀត​បន្ទាប់​​ពី​​ត្រូវ​ទឹក​ភ្លៀង​ ខ្ញុំក្តៅ​ខ្លួន​ក្អក​ផ្តាសាយ​ធំ… ទោះ​បី​ជា​យ៉ាង​ណា អារម្មណ៍​នឹកសង្វេគ​ ចំពោះ​ជន​ដែល​បាន​បាត់​បង់​​ជីវិត និង​រង​គ្រោះ​នៅ​កោះ​ពេជ្រ​​ នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ មិន​ងាយ​នឹង​បំភ្លេច​បាន​ឡើយ។

នរណា​ៗ​ក៏​មានសេច​ក្តី​សោក​ស្តាយ​ ចំពោះ​មហន្ត​រាយ​នោះដែរ… វិសាល​ភាព​នៃ​សោក​​នាដកម្ម​បាន​ល្បី​រន្ទឺ​ពាស​ពេញ​​ពិភព​លោក។ ពេល​ចេញ​លេង​ ខ្ញុំ​សុំ​លោកគ្រូ​បណ្ណា​រក្ស​​​ចូល​ឆែក​អ៊ិន​ធឺណែត មើល​ពត៌មាន និង​ប្រកាស​ដំណឹង​នៃ​មរណ​ភាព​មិត្ត​ខ្ញុំ ក្រោម​ចំណង​ជើងថា​ ​«ផ្សែង​ដែល​ឆេះពីថ្ងៃមិញ គឺជាផ្សែងសពរបស់​មិត្ត​»៖

«នៅថ្ងៃទី២៥

ក្នុង​គ្រា​ទុក្ខ​សោក​ដ៏​ក្រៀម​ក្រំ​នេះ គ្រប់គ្នា​ស្ទើរ​តែ​មិន​ជឿ​ចំពោះ​រឿងហេតុ​ដែល​កើត​ឡើង​នេះ… វិសាល​​​ភាព​នៃ​វិនាស​​កម្ម​មាន​ទំហំ​​ធំធេង​ពេក…។ យើង​ពិ​ត​ជា​មិន​អាច​ទទួល​យក​ដំណឹង​ដ៏​សោក​សៅ​នេះ​បាន​​ឡើយ… តែ​នេះ​… តែ​ពេលនេះ ថ្ងៃនេះ​ ក្រុម​គ្រួសារ​មុន្នី​​​បានរៀប​ចំ​​បូជា​សព​របស់មុន្នី​​ នៅ​ឧត្តរ​មាន​ជ័យ​​! អ្វី​ៗ​ទាំង​អស់​បាន​រលាយ​ដូច​ផ្សែង​ដែល​ហោះ​ទៅ​កាន់​អាកាស​វេហា​ជា​មួយ​សព​របស់​​​មុន្នី​ហើយ… ប៉ុន្តែ​យើង​នៅតែ​ចង់​ចាំ​ជានិច្ចថា ទឹម រ័ត្ន​មុន្នី ជាយុវ​កវី ​ជា​អ្នក​និពន្ធ​ខ្មែរ​វ័យក្មេងដ៏មាន​ទេព​កោសល្ល​… ដើម្បី​​រំលឹក​ដល់​វត្តមានមិត្ត​​អ្នក​និពន្ធ​​​ស្នេហា​អក្សរសាស្រ្ត​ជាតិ​យើង​ម្នាក់​​នេះ​ ខ្ញុំ​នឹង​សរសេរ​ចង​ក្រង​រឿង​មួយ​ឧទ្ទិស​ចំពោះ​​មរណភាព​របស់​មុន្នី​ សូម​ឲ្យវិញ្ញាណក្ខន្ធ​របស់មិត្ត​​ទៅ​កាន់​ទី​ស្ងប់សុខ និង​សុគតិ​ភព​កុំ​បី​ឃ្លៀង​ឃ្លាតឡើយ​។»

រូបភាព​របស់​អ្នកប្រើ​ហ្វែសប៊ុក​​ និង​ផ្ទៃ​ហ្វែសប៊ុក ព្រម​ទាំង​ប្លក់​វើត​ប្រេស ក្នុង​​ប៉ុន្មាន​ថ្ងៃ​នេះ​ គឺពណ៌ខ្មៅ​ទាំង​អស់។ មនុស្ស​គ្រប់​គ្នា​លើ​ពិភព​លោក ចូល​រួម​កាន់​ទុក្ខ​ចំពោះ​មហា​សោក​នាដ​កម្ម​របស់មនុស្ស​ជាតិ។ ក្រុម​អ្នក​និពន្ធ​ខ្មែរ​​ក៏​បាន​ប្រកាស​ដំណឹង​មិត្ត​អ្នកនិពន្ធ​ ទឹម រ័ត្នមុន្នី​ស្លាប់​ដែរ។ មាន​មតិ​ជា​ច្រើន​ចូល​រួម​រំលែក​ទុក្ខ៖

–       បូផា៖ តែ​អ្វី​ៗ​នៅ​លើ​លោក​នេះ មិន​ទៀង​ទាត់​នោះ​ទេ​។ ជីវិត​កើត​មក​ តែង​ចាស់​ ឈឺ​ ស្លាប់​​។ តែ​មិត្ត​ខ្ញុំ​នេះ អត់​ទាន់​បាន​ឆ្លង​កាត់​ដំណាក់​ទាំង​បួន​នេះ​ចប់​សព្វ​គ្រប់​ផង ក៏​លា​ពួក​យើង​ទៅ​បាត់​ហើយ…​។ ​ព្រឹត្តិការណ៍​២២​ វិច្ឆិកា ​ពិត​ជា​ឃោរ​ឃៅ​មែន​ទែន​!!  ខ្ញុំ​​នៅចាំសម្តីមុន្នី​​​ថា រៀនខាងផ្នែកទីផ្សារទេ តែមកតែងកំណាព្យឈ្ងុយ​! គាត់​ជា​មនុស្ស​រួសរាយ រាក់ទាក់ កំប្លែង មាន​វោហាសាស្រ្ត​ និង​មាន​ទឹក​ដម​ក្រអួន​ក្រអៅ… តែ​ពេលនេះ… គឺ​ស្តាយ​រក​ទី​បំផុត​គ្មាន​…»

–       ខេមរា៖ «ពិត​ជា​ស្តាយ… គាត់ចង់រៀនអក្សរសាស្រ្តខ្មែរណាស់​ តែគ្មានលទ្ធភាពបង់លុយ​ចូល​​រៀន ​​ព្រោះតែភាពក្រីក្រ…»

–       ឡាវ័ន៖ «ថ្វីត្បិតថាខ្ញុំមិនដែលស្គាល់គាត់​ ​តែខ្ញុំទើបតែអាន«បាយកក»​ស្នាដៃកំណាព្យរបស់មុន្នីក្នុងប្លក់របស់ ​«កវី អ្នក​និពន្ធ​​ខ្មែរ​» ​អម្បាញ់មិញនេះ។ខ្ញុំពិតជាមានការភ្ញាក់ផ្អើលនិងស្ញប់ស្ញែងនឹងភាពប៉ិនប្រសប់របស់មុន្នី​​ជាខ្លាំង។ខ្ញុំមិននឹកស្មានថាកំណាព្យដ៏ល្អបែបនេះកើតចេញពីទឹកដៃរបស់កំលោះ​​វ័យក្មេងម្នាក់សោះ ទោះបីជាមិត្តភក្តិខ្ញុំដែលជាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្រ្តខ្មែរក៏ខ្ញុំជឿថាគេមិនអាចទាន់តែងកំណាព្យ​​ដ៏ល្អបែបនេះ​នៅ​​ឡើយដែរ តែគួរឲ្យស្តាយ​… ដែលយើងបានបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃនេះបាត់ទៅហើយ​… បើមានជាតិក្រោយខ្ញុំ​សង្ឃឹមថា គាត់នឹងនៅតែកើតមកជាកូនខ្មែរហើយ​​អាចសម្រេចក្តីបំណងរបស់គាត់បានយ៉ាងត្រចះត្រចង់កុំឲ្យដូចជាតិនេះ​…»

–       រស្មី៖ «ខ្ញុំ​ក៏​សង្ឃឹម​ដូច្នោះ​ដែរ​… ហើយ​ក៏​ជូន​ពរឲ្យគាត់​កើត​ជា​កូន​អ្នក​មាន​ធន​ធាន​ អាច​​មាន​លទ្ធ​ភាព​រៀន​តាម​ចំណង់​។ អ្នក​មាន​ទេព​កោសល្ល​បែបនេះ គួរ​តែ​បាន​សម្រេច​​​រៀន​នូវ​ជំនាញ​ ដែល​ខ្លួន​ចង់រៀន… »

–       គាឡុង៖ «ការស្លាប់​របស់​មុន្នី ជា​ការ​បាត់បង់ធនធានមនុស្សម្នាក់ទៀតដ៏​សំខាន់​របស់​ខ្មែរ​! ក្នុង​នាម​ជាកូន​ខ្មែរ​​មួយរូប ខ្ញុំ​សុំ​ចូល​រួម​​រំលែកទុក្ខដែរ។ រឿងដ៏​រន្ធត់​នេះ ​​នៅ​តែ​ដិត​ដាម​ក្នុង​អារម្មណ៍​ខ្ញុំជានិច្ច មិន​ដឹង​ថា​ថ្ងៃ​ណា​​ទើប​អាច​ធូរ​ស្បើយ​​ឡើយ។​»

–       ចម្រើន៖ «សូមចូលរួមសោកស្តាយផង! គ្មាននរណាមិន​រន្ធត់ សោកស្តាយនោះ​ឡើយ​… សោក​ស្តាយ​ និង លើស​​ពី​ការ​សោក​ស្តាយទៅទៀត។ ថ្វី​ត្បិត​តែ​ធន​ធាន​មនុស្ស​កំពុង​​អភិវឌ្ឍ តែ​ការ​បាត់​បង់​ធនធាន​មនុស្ស​គឺ​ជា​ការ​ខាតបង់មួយដ៏ធំ គួរ​ឲ្យ​ស្តាយ​ជា​ទី​បំផុត!  »

–       លីម៖ «សុំចូលរួមស្តោក​ស្តាយ និង​សុំចូលរួបរំលែក​មរណទុក្ខ​ផង។ ពិត​​ជាគួរឲ្យ​ស្តោក​ស្តាយ​ណាស់​ដែល​​ពួ​ក​យើង​ត្រូវ​​បាត់​បង់​អ្នកមានទេពកោសល្យម្នាក់ទៀត។ ពិត​ជា​មិនយុត្តិធម៌​ទេ ហេតុអីក៏មនុស្ស​ល្អ​ៗ​​ត្រូវ​ស្លាប់​ទាំង​វ័យ​ក្មេង​បែប​នេះ!»

–       ជីវ័ន៖ «និយាយ​ពី​សេចក្តីសោក​ស្តាយ​… ហួស​នឹង​ថ្លែងទៅហើយ… សម្រាប់​​សោក​នាដ​កម្ម​មួយ​នោះ…​សុំ​ចូល​រួម​​រំលែក​​ទុក្ខ​ផង! ជីវិតពិតជាមិនទៀងទាត់មែន…»

–       សុផាត៖ «គួរឱ្យស្តាយអ្នកដែលមានទេពកោសល្យបែបនេះណាស់ ខ្ញុំ​សុំ​ចូល​រួម​រំលែក​​ទុក្ខនេះផង យ៉ាងណា​គាត់​ក៏​ជា​ពល​រដ្ឋមកពីឧត្តរមានជ័យដូចគ្នា! »

–       អ្នកនិពន្ធ កែវ​ ច័ន្ទបូរណ៍៖«ខ្ញុំសូមចូលរួមកាន់មរណទុក្ខ​ជាមួយអ្នកទាំងអស់គ្នា! សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​រ័ត្ន​មុន្នី​បាន​​ទៅ​​ដល់​សុគតិភព!»

–       អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន«ក្រោយពីបានអានអត្ថបទដ៏សោកសង្រេងរបស់ក្មួយខេមរា ដែល​មានចំណង​ជើង​ថា​«ផ្សែង​​ដែល​ឆេះពីថ្ងៃមិញ គឺជាផ្សែងសពរបស់​មិត្ត​» ខ្ញុំប៉ិច សង្វាវ៉ាន មាន​មាន​ចិត្ត​ក្រៀមក្រំជាពន់ពេក​នៅ​ពេល​​​ដែល​បានដឹងថា​ មជ្ឈ​ដ្ឋាន​​អក្សរ​សាស្ត្រ​អក្សរសិល្ប៍ខ្មែរ​ បាន​បាត់​បង់​យុវអ្នកនិពន្ឋខ្មែរ​មួយរូប ក្នុង​ព្រឹត្ត​ការណ៍​ដ៏សែន​រន្ឋត់នៅ​កោះ​ពេជ្រ​នា​ថ្ងៃ​២២​​វិច្ឆិកា២០១០ គួរ​ឲ្យសោក​ស្តាយជាទីបំផុត។ ខ្ញុំសូម​ចូល​រួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​ទាំង​អស់​របស់​​សព​យុវ​អ្នកនិពន្ឋ​ទឹម​ រ័ត្នមុន្នី ​ដែលបាន​បាត់បង់​ជីវិត​នៅ​កោះ​ពេជ្រ។ ​សូម​ឲ្យវិញ្ញាណក្ខន្ធ​ទឹម រ័ត្នមុន្នី​បាន​​សោយ​សុខ​ក្នុងសុគតិភព។​ បើសិនជាមានជាតិ​ក្រោយ​មែន សូមឱ្យទឹម រ័ត​មុន្នី​បាន​ក្លាយ​ទៅ​ជា​កវី​អ្នក​និពន្ឋ​ខ្មែរ​ ឬជាអ្នកប្រាជ្ញ​ខ្មែរ​​ម្នាក់​ដ៏ល្បីល្បាញ​នៅក្នុង​ពិភព​លោក​​​ទាំង​មូល​។»

–       ខេមរា​៖ «អរគុណអ្នកគ្រូ និង បង​ប្អូន​ទាំង​អស់! ចំពោះ​ការ​បាត់​យុវ​កវី អ្នកនិពន្ធ​ខ្មែរ​ដ៏​មាន​ទេព​កោសល្យ​​នេះ សូម​ឲ្យ​ទឹក​ចិត្ត​​នៃសេចក្តី​​ស្រឡាញ់ និង​ទំហំ​នៃ​សេចក្តី​​សោក​ស្តាយ​របស់​អ្នក​ទាំង​អស់​គ្នា បានដឹង​​ជ្រាប​ដល់​វិញ្ញាណក្ខន្ធ​ភារត​អ្នកនិពន្ធ​រ័ត្ន​​មុន្នី។​ សូម​​វិញ្ញាណ​ក្ខន្ធរបស់មុន្នីទៅដល់សុគតិភព!!»

ខ្ញុំ​សម្គាល់​ឃើញ ថ្ងៃ​ទី​២៣ និង២៤កន្លងទៅ​នេះ អាកាសធាតុស្ងប់​ស្ងាត់ មេឃស្រទុំ​ជាប់​រហូត​… ខ្យល់​ក៏​មិន​បក់​បោក​ផាយ​​ផាត់ដូច​សព្វ​មួយ​​ដងឡើយ​​ សូម្បី​តែ​ធម្មជាតិស្ងៀម​ស្ងាត់​ហា​ស្តី​មិន​បាន​ដែរ​។ មនុស្ស​ និង​ធម្មជាតិ ហាក់​ដូច​ជា​កំពុង​ត្រៀម​ខ្លួន​ទទួល​​យក​ព្រឹត្តិ​ការណ៍​ដ៏​សោក​សៅ​​នោះ​ ទាំង​ក្តី​ឈឺចាប់។

ខ្មែរ​យើង​មិន​អាច​បោះ​បង់​ចោល​នូវ​ស្មារតី​ជួយ​គ្នាបានឡើយ គុណធម៌​នៃ​ស្មារតី​ជួយ​គ្នា​ទៅវិញ​ទៅ​មក​របស់​ខ្មែរ​នៅតែ​រស់​ដុះ​ដាលជានិច្ច។​ ខ្មែរ​នៅ​គ្រប់​ទី​កន្លែងក្នុង​ស្រុក ក្រៅ​ស្រុកបាន​​ផ្តល់​ជំនួយ​មក​ជន​រង​គ្រោះ នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្អើល​រត់​ជាន់​​គ្នា​នៅ​កោះ​​​ពេជ្រ។ កាល​ពី​ពេល​ថ្មីៗ​នេះ គេ​ប្រកាសថា ជន​ដែល​ស្លាប់​បាត់​បង់​ជីវិត​ ​ ត្រូវ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភជាង​​១ម៉ឺន​២ពាន់​ដុល្លារ! ចំនួន​ទឹកប្រាក់​ អាច​នឹង​កើន​ឡើង​ជា​លំដាប់បន្ត​ទៅ​ទៀត​​ បើ​តាម​សន្ទុះនៃ​ជំនួយ​សប្បុ​រស​ធម៌​​ពី​គ្រប់​​មជ្ឈដ្ឋាន។ ខ្ញុំ​សង្ឃឹម​ថា​ គ្រួសារ​ជន​រងគ្រោះ​នឹង​បាន​ទទួល​ប្រាក់​នោះ​ដល់​​​ដៃ​ ។

មិន​ដឹង​​គ្រួសារអ្នក​បាត់​បង់​ជីវិតគិតយ៉ាងណា​ ចំពោះ​លុយ​​ជាង​​​១ម៉ឺន២​ពាន់​ដុល្លារ​ដែល​​បាន​​មក​នោះ​! អារម្មណ៍​​នៃ​ចិត្ត​សង្វេគ​​ធ្វើ​​ឲ្យខ្ញុំ​ស្រងេះ​ស្រងោចជា​ខ្លាំង!  ១ម៉ឺន២ពាន់​ដុល្លារ​​បាន​មក ​ដោយសារ​តែ​ការ​ប្តូរ​យក​ជីវិត​មនុស្ស​​​ម្នាក់! ប្តូរ​កូន​ប្រុស​ម្នាក់! ឬ​កូន​ស្រី​ម្នាក់!

ចុះ​គ្រួសារ​មុន្នី! យ៉ាងណា​ទៅវិញ? ពិត​ជា​គួរឱ្យសង្វេគ​ខ្លាំង​ណាស់!​ ​ តើ​ប្រាក់នេះ អាចទិញ​​ជីវិត​អ្នកនិពន្ធ​ដ៏​មាន​ទេពកោសល្យ​ម្នាក់នេះ និង​ប្រជា​ជនស្លូតត្រង់​​៣៥១នាក់​​បាន​ទេ? នៅ​ពេល​នេះ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ក្រៅ​ពី​គិត និង​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត​ម្នាក់​ឯង។

មូល​ហេតុនៃ​ការ​ស្លាប់​បាត់​បង់​ជីវិត និង​រង​របួស​​នៅ​កោះ​ពេជ្រ​នៅ​តែ​​មិនទាន់​​ដឹង​ច្បាស់​​​លាស់ ការ​ផ្អើល​រត់​ជាន់​គ្នា បាក់​ស្ពាន ឆក់​ខ្សែ​ភ្លើង ខ្លះ​ថា ផ្ទុះ​គ្រាប់​បែក​ ពាក្យ​ចចាម​អារាម​​ខ្លះ​ទៀត​ថា ប្រទេស​ជិត​ខាងចង់​សម្លាប់​ធ្វើ​បាប​ខ្មែរ​តែម្តង បាន​ជា​បំផុស​ឲ្យផ្អើល​រត់​ជាន់​គ្នា។ ខ្ញុំ​នៅ​តែ​មិនទាន់​​ជឿ​ខាង​ណា​ទាំង​អស់ ខ្ញុំ​ចេះតែ​ស្តាប់ តាម​ដាន​ពត៌មាន​ និងគិត​តែ​ម្នាក់ឯង។

ខ្ញុំ​ស្តាប់​វិទ្យុ ឮគេ​និយាយ​បទយក​ការណ៍​​ពីគ្រួសារ​មួយ ដែល​មាន​ឪពុក​ពិការ ម្តាយ​ស្លាប់ សល់​ប្អូនតូច​ៗនៅ​​រៀន​។ គ្រួសារនេះ ​អាច​រស់​បាន​ ដោយឲ្យកូន​ស្រី​ក្រមុំ​មក​ធ្វើ​ការ​រោង​ចក្រ​នៅ​ភ្នំពេញ ហើយ​ផ្ញើ​ប្រាក់​បន្តិច​បន្តួច ចិញ្ចឹម​គ្រួសារ​នៅ​ស្រុក តែ​ពេល​នេះ​កូន​ស្រី ដែល​ជា​ជន្ទល់​គ្រួសារតែ​ម្នាក់​គត់ ​ត្រូវ​លា​ចាក​លោក​បាត់​ទៅ​ហើយ គ្រួសារ​នាង​មិន​ដឹង​ត្រូវ​ពឹង​ពាក់​នរណា​ទៀត​ទេ។

មាន​គ្រួសារ​មួយ​ទៀត​នៅ​តាខ្មៅ បាន​ស្លាប់​កូន​៦នាក់​អស់​តែ​ម្តង។ ​ថ្ងៃ​បុណ្យ​ទូក​ទី​១ ម្តាយ​ឃាត់ មិន​ឲ្យទៅ​ដើរ​លេង​ទេ។ ថ្ងៃទី​២​ក៏មិន​ឲ្យដើរ​លេងដែរ​ ព្រោះ​បារម្ភ​ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់។ លុះ​​ដល់​ថ្ងៃ​ទី​៣ គិត​ថា​ឲ្យ​កូន​សប្បាយ​ម្តង​ចុះ ស្រាប់​តែ​ត្រូវ​ស្លាប់​បាត់​​បង់​ជីវិត​ទាំងអស់​នៅ​ស្ពាន​កោះពេជ្រ។ ពិត​ជា​គួរ​ឲ្យអាណិត​ពន់​ពេក។ មិន​ដឹង​ម្តាយ​យំសោក​បោក​ខ្លួន​សោក​សង្រេង​​ប៉ុណ្ណា​ទេ​…​ នេះ​គឺ​ជា​មហាទុក្ខ​ធ្ងន់…។

ពេល​ខ្ញុំ​ចូលអាន​សៀវភៅ​ក្នុង​​បណ្ណាល័យ ខ្ញុំ​ដើរ​សំដៅ​ទូ​​សៀវភៅប្រវត្តិ​សាស្រ្ត​ ព្រោះ​ខ្ញុំ​​ចង់​ស្វែងយល់​​ពី​ប្រវត្តិ​​សាស្ត្រ​ខ្មែរ​ និង​ទំនាក់​ទំនង​ខ្មែរ​នឹង​ប្រទេស​ជិត​ខាង​ឲ្យ​ច្បាស់ ខ្ញុំ​រើឃើញ​សៀវភៅ​មួយ​ចំនួន​ដែល​ខ្ញុំមិន​ទាន់​បាន​អាន «ប្រវត្តិសាស្ត្រ​ខ្មែរ​» «ដំណើរ​ទៅ​ទិស​ខាង​លិច​» «ទុក្ខ​ខ្មែរ​ក្រោម» «បាត់​ដំបង​សម័យ​លោកម្ចាស់» «អាថ៌កំបាំង​​ក្នុង​​វាំង​ស្តេច​ខ្មែរ» «ស្វែង​​យល់​ពី​ខ្មែរ​ក្រហម» «បងធំទីមួយ»… តែ​ខ្ញុំប្លែក​អារម្មណ៍​ជា​ខ្លាំង ព្រោះ​ទាំង​គ្រូ ទាំង​សិស្ស និងទាំង​​បណ្ណារក្ស​ ជជែក​គ្នា​ឡើង​អ៊ូរ​ពេញ​បណ្ណាល័យ គ្រប់​គ្នា​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចំពោះព្រឹត្តិការណ៍នៅ​កោះ​ពេជ្រខ្លាំង​ណាស់​ អ្នក​ខ្លះ​អាន​កាសែត ខ្លះទៀត​ឆែក​អិន​ធឺណែត ហើយ​អ្នក​មួយ​ចំនួន​ទៀតឈប់​អាន​សៀវភៅ​ដូច​ទម្លាប់​រាល់​ដង​ហើយ តែបែរ​ជា​ជជែក​គ្នា​ឡើង​កង​រំពង​រក​ស្តាប់​មិន​យល់…។ ខ្ញុំ​មិន​បាន​និយាយ​អ្វី​នឹងគេ​ទេ ខ្ញុំ​ឮតែ​សំឡេង​គេ​ជជែកគ្នា​​ច្រើន​នាក់​​ពេក មិន​ដឹង​ជា​សម្តី​នរណាឲ្យ​ពិត​ប្រាកដ​​​៖

«រហូត​ដល់​ថ្ងៃ​ទី​៣០​វិច្ឆិកា​ ទើប​មាន​សេចក្តី​ប្រកាសរបស់​ក្រុម​អ្នក​ស៊ើប​អង្កេត​​ថា មូល​ហេតុ​នៃ​ឧបទ្ទវ​ហេតុ​នៅ​លើស្ពាន​ពេជ្រ​​គឺ​ដោយ«សារ​ការ​ផ្អើល​រត់​ជាន់​គ្នា»។ រឿង​ហេតុ​ដែល​កើត​ឡើងនៅ​កោះ​ពេជ្រ​​នោះ គ្មាន​នរណា​ម្នាក់​ត្រូវ​ទទួល​ទណ្ឌកម្ម ឬ​ទោស​​កំហុស​អ្វី​ទាំង​អស់​គ្នា​។ »

ម្នាក់​ៗ​ខំ​ប្រឹង​ដណ្តើម​គ្នា​និយាយ​…

«គេ​ឈប់​ហៅ«​កោះ​ពេជ្រ​»ទៀត​ហើយ គេ​ហៅ«កោះ​ខ្មោច»​វិញហើយ»

សំឡេង​មួយ​ទៀត​បន្លឺ​ឡើង…

«បើ​រឿង​ធ្ងន់​ធ្ងរ​បែប​នេះ កើត​នៅ​ស្រុក​គេ​វិញ អ្នក​​ធំៗ​​ចុះ​ពី​តំ​ណែង​ដោយ​ស្មគ្រ​ចិត្ត​ខ្លួន​ឯង​តែ​ម្តង​! មិន​ចាំ​បាច់​គេ​ដេញ​ទេ គេ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ណាស់… តែរឿង​​នៅ​កោះ​ពេជ្រ អត់​មាន​អ្នក​ទំនួល​ខុស​ត្រូវពិត​ប្រាកដឡើយ ម្នាក់​ៗ​គេច​វេស​មិន​​ព្រម​ទទួល​ខុស​ត្រូវ… ខ្ញុំ​មិន​ដឹង​ថា ​អ្នកណា​ជា​អ្នក​​ទទួល​ខុស​ត្រូវចំពោះ​រឿង​នេះ​នោះ​នៅ​ឡើយ​ទេ? ហើយ​ក៏​មិន​ច្បាស់​ថា មាន​នរណា​ម្នាក់​ចេញ​ខ្លួន​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នោះ​ដែរ។ »

ខ្ញុំ​គិត​តែ​ពី​ឱន​ក្បាល​ចុះ​ចំពោះ​ទំព័រ​សៀវភៅ ហាក់​ដូច​ជា​មិន​ខ្វល់​នឹង​សំឡេង​អ៊ូរ​អរ​ទាំង​នេះ តែ​ត្រចៀក​ខ្ញុំ​នៅតែ​ឮគេ​និយាយ​តិចៗ​ ដូច​ជា​មិន​ចង់​ឲ្យ​អ្នកក្រៅពី​មនុស្ស​ក្នុង​ក្រុម​គេ​ស្តាប់​បាន​៖

«ខ្ញុំ​ឮ​អ្នក​ខ្លះនិយាយ​​ថា លោក​ប្រធាន​គណៈ​កម្មា​ធិការ​អចិន្រ្តៃ​យ៍​រៀបចំ​ការបុណ្យ​ជាតិ​ និង​​អន្តរជាតិ​បាន​សុំ​លា​លែង​ពី​តំណែង បន្ទាប់​ពី​ឧបទ្ទវ​ហេតុ ប៉ុន្តែលោក​​មិន​ត្រូវ​បាន​អនុញ្ញាត​​​ឲ្យលាលែង​នោះ​ឡើយ ព្រោះ​ឧបទ្ទវ​ហេតុ​នោះ បាន​កើត​ឡើង​ដោយ​មិន​​អាច​រំពឹង​ទុក​បាន ហើយ​ជា​រឿង​មិន​មែន​ជា​កំហុស​របស់​អ្នក​ណា​ទាំង​អស់​។»

មាន​សំឡេង​មួយមិន​ដឹង​ជា​​មកពី​ណា​ បង្ហើប​ប្រាប់​ទៀត​ថា​៖

«នៅ​រាត្រី​ថ្ងៃ​០១ធ្នូ ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​កោះពេជ្រ​បាន​ស្លាប់​ម្នាក់ទៀត ដោយ​សាររង​របួស​ធ្ងន់​ធ្ងរ​ពេក ធ្វើ​​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ម្នាក់​ទៀត គឺ​៣៥២នាក់។ ស្រាប់​តែ​ថ្ងៃទី០៥ធ្នូ ស្រ្តី​ជនរងគ្រោះ​ខ្មែរ​ឥស្លាម​ម្នាក់​ទៀត ត្រូវ​ស្លាប់ចុង​ក្រោយ​គេ​ ដោយពុំ​អាច​ធន់​នឹង​​របួស​ធ្ងន់​ធ្ងរ​ពេក!… តើ​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត?​»

            «តើ​ក្រុម​គ្រូពេទ្យ​គិត​យ៉ាងណា? ពេទ្យ​ស្រុក​យើង​ បើ​គ្មាន​លុយ​ទេ… សុំទោស​ទៅ! កុំ​សង្ឃឹម​ថា ជា!…»

            «មាន​គ្រូ​ពេទ្យខ្លះ គេ​មាន​ក្រម​សីលធម៌​កម្រិត​ចំណេះ​ដឹង​របស់​គេ​ពិត​ប្រាកដ​ដែរ​តើ! ក្នុង​កាលៈទេសៈ​បែប​នេះ មាន​តែ​ខ្មែរ​យើង​ជួយ​គ្នា​ឲ្យ​បាន​ច្រើន​បំផុត…»

ខ្ញុំ​អាន​សៀវភៅ​ទៅ​មុខ​ទៀត​លែង​កើត ព្រោះ​មាន​សំឡេង​រំខានកាន់​តែ​​ខ្លាំងៗ​ ខ្ញុំ​សម្រេច​ចិត្ត​ដើរ​ចេញ​ពីបណ្ណាល័យ តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ ខ្ញុំ​មិន​ចង់​ដឹង ហើយ​មិន​ចង់​ឮ​ថា ​​មាន​នរណា​ម្នាក់ ​​​បាត់​បង់ជីវិត​ទៀត​ឡើយ។ ខ្ញុំដើរ​បណ្តើ​រ​ ពោល​តិច​ៗ​ក្នុង​ពោះ​បណ្តើរ ​សូម​​​​ឲ្យជន​រង​គ្រោះ​ទាំ​ង​ឡាយ​ឆាប់​ជា​សះ​ស្បើយ សូម​វិញ្ញាណ​​ក្ខន្ធរបស់អ្នក​ស្លាប់​ទាំង​អស់​ទៅ​ដល់​សុគតិភព…៕

កែសម្រួលឡើងវិញ​

 ថ្ងៃព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១១

 

2 commentaires sur “«មរណភាព​នៃ​មិត្ត​ខ្ញុំ»

  • អានអត់ទាន់ចប់ទេ ទើបតែបានពាកកណ្ដាល ព្រោះឥលូវម៉ោង ១០ កន្លះហើយ ចាំស្អែកចាំ អាបបន្ដរ…..ហាស់ហា​ជក់ចិត្ដ…………

  • Laisser un commentaire