«ស្រមោលអនុស្សាវរីយ៍»

រឿង ស្រមោលអនុស្សាវរីយ៍

នៅភូមិពិការ​ ស្រុកបន្ទាយស្រី​ ដែលជា​ទីជនបទ​ដាច់ស្រយាលឆ្ងាយពីទីរួមខេត្ត​សៀមរាប…

យុវជន​ម្នាក់​រាងខ្ពស់​ស្តើង កំពុង​អង្គុយគិតសញ្ជឹង ដៃស្តាំកាន់ស្លាបប៉ាកកា​សរសេរ​រន្ថើន​មួយៗ​យ៉ាង​ផ្ចិត​ផ្ចង់… ក្រោម​ពន្លឺ​ចង្កៀង​ប្រេងកាត ​ដែល​ជះរស្មី​ផ្លុង​ៗ​នៅក្នុង​ពិភព​ងងឹត​ដ៏ស្ងាត់​ជ្រងំ​នាពេល​កណ្តាល​អធ្រាត្រ ​។ ថ្មើរនេះ​ទៅ​ហើយ ​រក្សាមិនទាន់​ចូល​ដំណេក​ទៀត នាយចេះ​តែ​រសេះរសោះ អារម្មណ៍​រវើរវាយ​រក​ទី​បំផុត​គ្មាន។ អនុស្សាវរីយ៍​នៃយុវភាពបាន​មក​លង​បន្លាចរូបនាយ… ដោយ​​អារម្មណ៍​អណ្តែត​អណ្តូង​ដូច្នេះ​ហើយ​ ទើប​​​ជំរុញចិត្តធ្វើ​ឱ្យ​អ្នកចូលនិទ្រាពុំលក់​។ ​រក្សា​ក៏​ចាប់​ស្លាប​ប៉ាកកា​ចារលិខិត​មួយ​ក្នុង​សៀវភៅ​វិស្សក​ប្រវតិ្ត​ដែល​មាន​សេចក្តី​ដូចតទៅ…

ភូមិពិការ អធ្រាត្រ ថ្ងៃទី………

ជូនចំពោះមិត្តជំនិត​ជាទីនឹករលឹកយ៉ាងជ្រាលជ្រៅ !

            ទោះបីរូបកាយរបស់ឯងឃ្លាតចេញទៅក៏ពិតមែន តែគ្នាហាក់មានអារម្មណ៍ថា​វិញ្ញាណ​ក្ខន្ធ​​របស់​ឯង​​នៅ​តែ​​នៅ​ក្បែរ​​ថែ​រក្សា​​គ្នា​ជានិច្ច ។ នេះ​ជាលិខិត​ឆ្លង​ភព​លើក​ទី​៩​ហើយ  ដែល​គ្នា​សរសេរ​​​ផ្ញើជូន​ឯងណាសម្លាញ់! ប្រាំបួនឆ្នាំ​មក​ហើយ​​ដែល​ឯង​លា​ចា​ក​ចេញ​ឆ្ងាយ​ពីគ្នា​ដោយ​គ្មាន​​ថ្ងៃ​​នឹង​វិល​ត្រឡប់​មក​វិញ… ឯង​ឃ្លាត​ចាកឆ្ងាយ​ពីគ្នា​ដោយ​បន្សល់​ទុក​នូ​វ​តែ​ស្រមោល​អនុ​ស្សាវ​រីយ៍ ​ដែលដិត​ដាម​ជាប់​​នៅ​ក្នុង​អារម្មណ៍​របស់គ្នា​ជារៀង​រហូត​…។

រាល់ថ្ងៃ​នាពេលរាត្រី​ គ្នាពិបាកនឹង​ធ្មេច​ភ្នែក​ដេក​លក់​ណាស់ណាសម្លាញ់! ចិត្ត​គ្នា​តែងតែ​នឹក​​រលឹក​ទៅ​ដល់​​​រូបឯង​យ៉ាង​ធ្ងន់​និង​​គោរពដឹងគុណ​យ៉ាងជ្រាលជ្រៅ​។ គ្នា​សង្ឃឹម​យ៉ាងជឿ​ជាក់​ថា វិញ្ញាណក្ខន្ធ​របស់​​ឯង​ច្បាស់​ជា​​មាន​ភាពសុខ​ស្ងប់​​ជាក់​ជា​មិន​ខាន។ សូមឯង​កុំ​ព្រួយ​បារម្ភ​ថ្វី​សម្លាញ់! ចំពោះ​គម្រោង​​ដែល​យើង​ធ្លាប់​តែ​និយាយ​​ជាមួយនឹង​គ្នា​នោះ គ្នាបាន​បំពេញ​រួច​រាល់​ស្រេច​​បាច់​ហើយ​! បន្ទាប់ពី​គ្នាត្រឡប់មកពី​បន្ត​ការសិក្សា​នៅ​បារាំងមក រយៈ​ពេល​​ពីរឆ្នាំ​ចុង​ក្រោយ​នេះ គ្នាបាន​ខិតខំ​យ៉ាងឥតសំចៃ​ដើម្បី​​កសាង​បណ្ណា​ល័យ​មួយយ៉ាងធំ​ដែល​មាន​សៀវ​ភៅ​​ជា​ច្រើន​ពាន់​ក្បាល​​  ហើយប្រដាប់​ទៅដោយ​ម៉ាស៊ីន​​ត្រជាក់​ទៀតផង ។ គ្នា​ថែម​ទាំង​បានបង្កើត​កសិ​ដ្ឋាន​និរ​​ន្តរ៍​​ដែលមាន​ស្រះ​ចិញ្ចឹមត្រី កង្កែប ​ជ្រូក មាន់ ដាំ​បន្លែ​បង្ការ​គ្រប់​ប្រភេទចម្រុះ​… និង​ដើម​ឈើហូប​ផ្លែផ្សេង‌‌ៗ ។​ ក្រៅពី​នេះ​​គ្នា​បាន​ធ្វើ​កូនខ្ទមតូចល្មម​សម្រាប់​ស្នាក់​នៅ​ម្នាក់​ឯង​។ អ្វីៗ​​ទាំង​អស់ដូចគម្រោង​របស់​ពួក​យើងហើយសម្លាញ់ ។

ឥឡូវ​នេះ​ប្រជាពលរដ្ឋ​ក្នុង​ភូមិគ្នា​ចេះអានអក្សរ​ដាច់បានច្រើន​គ្នាណាស់ ពិសេស​កុមារ​ និង​​យុវ​ជន​​​ក្នុង​​ភូមិ​ចាប់​ផ្តើម​មាន​គំនិត​​ស្រឡាញ់​សៀវភៅ ​និង​​ស្តាយ​ពេលវេលា​ក៏​មានកាន់តែ​ច្រើន​ផងដែរ។ គ្នា​បាន​បំផុស​ឱ្យ​ខាង​សាលា​បឋម​សិក្សា​បង្កើត​ជាបណ្ណា​ល័យ​​សម្រាប់​កុមារ​ និង​មនុស្ស​​​ទូទៅ នៅ​សាលា​ឃុំ​ក៏​មាន​​បណ្ណា​ល័យ​​ដែរ ។ ជា​រៀង​​រាល់ខែ​គ្នា​បាន​ចំណាយ​ប្រាក់​សន្សំ​មួយ​ចំនួន​សម្រាប់​ទិញ​សៀវភៅ​ថ្មីៗ​ដាក់​បណ្ណាល័យ​ទាំងនោះ។ លើស​ពី​នេះ​ទៀត គ្នា​បាន​​ទាក់​ទង​ អ្នកនិពន្ធ យុវអ្នកនិពន្ធ និង អង្គការ​មួយ​ចំនួន​​ដែល​បំពេញ​​បេសកកម្ម​លើ​ផ្នែក​អប់រំ​អភិ​វឌ្ឈ​​សៀវ​ភៅ ដើម្បី​ជួយ​ផ្តល់​ជា​ស្នាដៃ​និងសៀវភៅ​អាន ព្រម​ទាំង​ឯក​សារ​ថែមទៀតផង។ មិន​តែ​ប៉ុណ្ណោះ​​គ្នា​មាន​បណ្តាញ​អង្គការ​ស្មគ្រចិត្ត​ចុះ​មក​បណ្តុះ​បណ្តាល​​ផ្នែក​កសិ​កម្ម​​​រាល់​ដើម​ខែ។ ស្រុក​ភូមិ​ដ៏កម្សត់របស់គ្នានេះ​បាន​ផ្លាស់​​​ប្រែ​មុខមាត់​ថ្មីច្រើន​ណាស់សម្លាញ់  ។

ឯងដឹងទេ? នៅបណ្ណាល័យ​ដ៏ធំរបស់​យើងមាន​ដាក់តាំងរូប​អ្នកប្រាជ្ញ​ជាច្រើន​។ អ្នក​និពន្ធ​ល្បី​ៗ​​គ្រប់​​ប្រទេស​ វីរជនឆ្នើម បុរសរដ្ឋ អ្នកស្នេហាជាតិ… ហើយនៅ​ជញ្ជាំង​ជិត​មាត់ទ្វារក៏មាន​រូប​សិស្ស​​ពូកែ​ជា​ច្រើន​រូ​ប​ដែល​គ្នា​​បាន​ប្រមូល​ទុក​ជារៀងរាល់​ឆ្នាំ។ ការ​ដាក់​​រចនាបថ​ដ៏មាន​សោ​ភ័ណ​ភាពយ៉ាង​ល្អស្អាត​ដូច្នេះ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្តដល់កុមារ អ្នក​រៀន​សូធ្យ​ជំនាន់​ក្រោយ​​បាន​ស្គាល់​និង​មាន​​កម្លាំងចិត្ត​រឹងមាំ ក្នុងការ​សិក្សា​និង​ក្នុងជីវិត ​ដើម្បី​ធ្វើ​​ឱ្យ​​ពួក​គេ​មាន​ការ​តាំង​​ចិត្ត​ជា​វិជ្ជមានថា «‍‍‍‍‍គេមាន​ខួរក្បាល​មួយ​គីឡូ​កន្លះ គេ​ជា​មនុស្ស​​ដូចតែ​យើង​ដែរ! គេអាច​ធ្វើ​បាន​ យើង​​ក៏អាច​ធ្វើបាន​ដែរ…» សម្លាញ់! មួយ​វិញ​ទៀត​ឯងដឹងទេ? ក្នុង​ចំណោម​រូបថត​ទាំង​នោះ ក៏​មាន​រូប​របស់​ឯងផងដែរ គឺជា​រូប​ពេល​ដែលឯងឡើង​ទទួលរង្វាន់​ថ្នាក់រាជធានីនោះណា! គ្នាបាន​ដាក់​ព្យួរ​នៅក្បែរ​តុ​ទទួល​ភ្ញៀវ​ ដើម្បី​ឱ្យ​អ្នកទាំងអស់​គ្នា​បាន​ដឹង​​ផង​ដែរថា ឯង​ក៏​ជាសិស្សឆ្នើម​មួយ​នាក់ដែរ! ឃើញ​ទេ សម្លាញ់! ឡូយ​ណាស់​ណា!

ឯងមាន​ចាប់អារម្មណ៍ទេ? កូនខ្ទម​ក្បែរបណ្ណាល័យ​នេះ គ្នាធ្វើនេះដូច​ជាបដិ​វត្ត​សម្ភារ​និយម​​អស្ចារ្យ​យ៉ាង​ហើយ! សុខចិត្ត​ដេកក្នុង​កូនខ្ទមប្រក់​ស្បូវ ឯសៀវភៅ​ដេកសុទ្ធ​តែ​ម៉ាស៊ីន​ត្រជាក់​។ គ្នាធ្វើនេះ​ ឱ្យ​អ្នកមាន​ខ្មាស​រអៀស​ខ្លួនម្តង! មិនអីទេ​សម្លាញ់ អ្នកដទៃ​ថា យ៉ាងម៉េច​ក៏​ថា​​ទៅ ព្រោះ​គេមាន​មាត់​ ឱ្យ​ឃាត់គេម្តេចបាន​? ការណ៍​សំខាន់​ឱ្យ​តែ​យើង​ជឿជាក់​ថាខ្លួន​យើង​ធ្វើល្អ​ទៅបាន​ហើយ ។

            ជាចុងក្រោយ​នេះ​គ្នា​សូមឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​របស់​ឯង​ឱ្យបាន​សោយ​សុគតិ​ភព កុំ​វិល​វល់​​ព្រួយ​​បារម្ភ​ចំពោះ​អ៊ំប្រុស អ៊ំស្រី​ និង​ ប្អូនៗរបស់​ឯងឡើយ ។ គ្នាបាន​ទៅ​លេង​និង​មើល​ថែ​ពួក​គាត់​រាល់​សប្តាហ៍​​ដែរ ។ គ្នា​ចាត់ទុកពួកគាត់​ដូច​ជា​ឪពុក​​ម្តាយនិង​បងប្អូ​ន​បង្កើត​​របស់គ្នា​ដែរ។ គ្នា​គោរពស្រឡាញ់​ពួក​គាត់​ណាស់​! គ្នា​លាទៅ​សម្រាក​ហើយ​ណា ព្រោះ​ថ្ងៃ​​ស្អែក គ្នា​ត្រូវមាន​សិក្ខា​សា​លា​ថ្មី​មួយទៀត​ផង​សម្រាប់​ដើម​ខែ​នេះ។ លាហើយ​សម្លាញ់!

            ពីគ្នារក្សា យុវមិត្តដ៏កម្សត់របស់ឯង!

រក្សា​សរសេរ​ចប់ ហើយពិនិត្យ​សាចុះសាឡើងជាថ្មីម្តង​ហើយម្តង​ទៀត ។ ត្រង់កន្លែងខ្លះ​ នាយ​សើចផង យំ​​ផង​តែ​ម្នាក់​ឯង ។ នាយនឹកគិត​ដល់​ព្រឹត្តិការណ៍ ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​របស់ជំនិត ហេតុ​អកុសល​នេះនៅ​តែ​ដិត​​ជាប់​ក្នុង​ខួរ​ក្បាល​​របស់​រក្សា​ជានិច្ច​ដែ​ល​មិន​​អាចបំភ្លេចបាន ។

ថ្ងៃដ៏អាក្រក់នោះ ជំនិត​បានជូនរក្សា មកដល់បន្ទប់​ជួល​គ្រាន់​តែ​រក្សា​ចុះ​ពី​លើ​ម៉ូតូភ្លាម ។ ជំនិត​លើក​ដៃ​​​ជា​សញ្ញា​​លា​គ្នា ហើយ​ក៏​​ប្រុង​បត់​ម៉ូតូចេញទៅ ស្រាប់តែរក្សាស្រែក​យ៉ាង​ភ្លាត់​សំឡេង​ថា៖ ​«ជំនិត​ប្រយ័ត្ន​! ឡាន​…» រំពេចនោះមានឡាន​ដ៏​ទំនើប​ថ្មីស្រឡាង​ពណ៌​​ខ្មៅ​រលើប​មួយគ្រឿង​បើកក្នុង​ល្បឿន​យ៉ាង​លឿន​​មក​បុក​ជំនិត​​យ៉ាង​ពេញ​ទំហឹង។ ជំនិត​ត្រូវ​ឡាន​បើក​កៀរ​បន្តទៀត​ប៉ុន្មាន​ត្រឡប់ បណ្តាល​ឱ្យ​ស្លាប់​​ភ្លាម​មួយ​​រំពេច​នោះ ហើយម្ចាស់​ឡាន​នោះក៏បើក​រត់​គេច​ខ្លួន​បាត់​ទៅ ។ រក្សា​បានត្រឹម​តែ​យំ​សោក​​ស្តាយ​បោក​ខ្លួន ឱប​សាក​សព​មិត្រជាទីស្រឡាញ់របស់ខ្លួន​តែ​ប៉ុណ្ណោះ… នឹក​ស្រមៃ​មក​​ដល់​ត្រឹមនេះ​ទឹកភ្នែក​ពីរ​តំណក់​បាន​ស្រក់​ហូរ​​​រមៀលមក​លើ​ផែនថ្ពាល់របស់​រក្សា… នាយ​យក​ខ្នង​ដៃស្តាំ​ជូន​តំណក់ទឹក​ក្តៅ​ឧណ្ហ​ៗនោះចេញពីថ្ពាល់​ដោយ​មិន​នឹក​គិត​​​ថាការស្រក់​ទឹក​របស់​កូន​ប្រុសនេះជាភាព​ទន់​​ជ្រាយនោះទេ តែ​វាជាការ​ស្រឡាញ់​មិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅ​នឹងរកអ្វីមក​ថ្លែង​ឱ្យ​ស្មើ​បាន​។​ នាយងើប​ដើរ​​ចេញពី​តុសរសេរ​ មកក្រៅខ្ទម​ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​ដើម្បី​​ជាការបន្ធូរ​អារម្មណ៍​ដ៏តានតឹង​នេះ ។

អារម្មណ៍រវើរវាយ​របស់រក្សាបានអូសទាញ​នាយឱ្យធ្លាក់​ទៅកាន់​ពិភព​អនុស្សាវរីយ៍​នៃថ្ងៃ​មួយ​ដែល​ជំនិត​បាន​​ជួយ​ដោះ​ស្រាយ​​បញ្ហាឱ្យនាយ…

នៅបង់អង្គុយក្រោមដើមឈើក្នុងបរិវេណ​វិទ្យាល័យ…​ ស្នូរជួង​ចេញលេង​បាន​បន្លឺឡើង សិស្សា​នុ​សិស្ស​ទាំង​​ឡាយ​បាន​​ជជែកគ្នាអ៊ូអរ​ ដើរតម្រង់​ទៅរកកន្លែង​លក់​នំក្នុង​សាលា។ ឯរក្សា​អង្គុយ​នៅលើ​បង់​ម្នាក់​​ឯង​ យ៉ាង​​​ស្ងៀម​ស្ងាត់​​ឆ្ងាយដាច់ពីគេ។ នាយ​ចងចិញ្ចើមម្នាក់​ឯងដោយគិតមិនលេច​សោះ​… គំនិត​ជា​ច្រើន​​បាន​ផុស​ក្នុង​​ខួរក្បាលរបស់នាយ យូរៗម្តង​នាយ​​ដក​ដង្ហើម​ធំ ហើយក៏ធ្លាយវាចា៖

« ហ៊ី! លំបាកចិត្តដល់ហើយ! មើលទៅកូនគេមានម៉ែពុកនៅ​ក្បែរ​សប្បាយមាន​ក្ដី​សុខ…»

ជំនិតដើរ​តម្រង់មក​រក្សា ដោយដៃកាន់នំចំណី​ពីរថង់ ​មក​ទាន់​ស្តាប់​ឮសម្តី​រក្សា ដែលពោលចុង​ក្រោយ នាយ​​​ក៏​ផ្តើម​តប​សម្តី​៖

«អូរក្សា! ឯងអង្គុយ​ធ្វើអីម្នាក់ឯង​អីចឹង? គ្នា​ឮសូរតែ​ដក​ដង្ហើម​ធំ ហើយឮ​និយាយ​តែ​លំបាកៗ​អីទេ! ឯង​​ពិបាក​ចិត្ត​រឿងអី? ប្រាប់គ្នាបានទេ ក្រែងលោគ្នាអាច​ជួយបានខ្លះណា! »

«មិនអីទេជំនិត!» រក្សានិយាយទាំងស្ទាក់ស្ទើរ «អរគុណឯងច្រើនហើយ! គ្នាមិនមានបញ្ហា​អី​ធំ​ដុំទេ!»​ នាយ​ហាក់ដូចជា​មិនចង់ប្រាប់​មិត្តពីទុក្ខលំបាកនោះទេ ។

«ប្រាប់គ្នាមកណា ប្រសិន​ជាឯង​គិត​ថា គ្នាជាមិត្ត​របស់ឯង!​ ឯងភ្លេចហើយ ក្រែងយើងស្គាល់​គ្នាយូរ​ហើយ​​មែន​ទេ? ឬ​ឯង​មិន​ទុកចិត្តគ្នាអ្ហ៎? និយាយមក​ចុះ ​បើគ្នាអាចជួយបាន​ គ្នា​នឹងប្រឹងប្រែង​ជួយឱ្យ​អស់​ពី​លទ្ធ​ភាព ​សមត្ថភាព​ណា​​សម្លាញ់​»

«គ្នាសូមអរគុណ​ឯងហើយជំនិត!​ ត្បិត​តែឯង​ជាកូន​អ្នកមាន​តែ​ឯង​មិនប្រកាន់​ខ្លួន​មក​រាប់​អាន​​នឹង​ខ្ញុំ​ដែល​​​ជា​កូន​​អ្នក​​ក្រខ្សត់​… គ្នាសូមអរគុណ​ជាថ្មីម្តងទៀត​ទៅចុះ​ចំពោះ​សមាន​ចិត្ត​ដ៏ល្អ​របស់​ឯង​នេះ។»

ជំនិតសើចតិចៗលួងលោមចិត្តរក្សា «មិនថ្វីទេសម្លាញ់! ដូចឯង​ដឹង​ស្រាប់​ហើយ យើងជាមិត្ត​រួម​ថ្នាក់​នឹង​​គ្នា​មាន​រឿង​​អ្វី​យើងត្រូវ​ចេះ​ជួយគ្នា​មិនថាអីចឹង!»​ ជំនិតទះស្មា​រក្សា​ថ្មមៗបង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ…​ ស្ងាត់បន្តិច​ជំនិត​បន្ត«​គ្នា​សង្កេតឃើញទឹកមុខរបស់​ឯង​​ប៉ុន្មាន​ថ្ងៃនេះ​ដូចជាមិន​សប្បាយ​ចិត្ត​សោះ ហើយ​មិន​និយាយស្តី​រក​នរណា​ទាំង​អស់​! ឯងមាន​បញ្ហាអី​មែនទេ?»

«បើជំនិតឯង​សួរ​ដេញដោលអ៊ីចីង​ទៅហើយ គ្នា​ប្រាប់​ទៅ​ចុះ តែ​គ្នា​យល់​ថាទីនេះ​មានមនុស្ស​ច្រើន​រញ៉េរ​ញ៉ៃ​ណាស់ គ្នា​គិត​ថា យើង​គួរទៅ​និយាយគ្នានៅ​បង់មុខ​បណ្ណាល័យជាតិ ឬទៅបណ្ណាល័យ​អាលីយង់ស៍​វិញ​ស្ងាត់​ល្អ​ជាង។»

«យល់ព្រម! គ្នាថាទៅបណ្ណាល័យអាលីយង់ស៍វិញ ព្រោះគ្នាត្រូវទៅសងសៀវភៅផង។ ណាមួយ​វា​​ជិត​ជាង! តោះអ៊ីចឹង! ពីរ​ម៉ោងក្រោយ​គ្រូលីប! ប្រហែលមិនអីទេ!»

«ល្អ! គ្នាទៅយក​កង់​សិន! ចាំមួយភ្លែត!» រក្សានិយាយហើយងើបស្ទុះបម្រុងទៅយកកង់ តែត្រូវ​ជំនិត​ឃាត់ ។

«មិនបាច់​ទេ! ជិះម៉ូតូ​ជាមួយ​គ្នាទៅ​ឆាប់ជាង! ឆ្ងាយគ្រាន់បើដែរ ជិះម៉ូតូ​ជាមួយគ្នាទៅ! ចាំមួយ​ភ្លែត​ណា គ្នាទៅ​យក​ម៉ូតូ​នៅ​កន្លែងផ្ញើសិន!» ថាហើយជំនិត​ដើរសំដៅ​ទៅកន្លែង​ផ្ញើកង់ម៉ូតូ​ ។ មួយ​សន្ទុះ​ក្រោយមក បន្ទាប់ពីពាក់​មួយ​សុវត្ថិ​ភាព​រួច​ស្រេច​ហើយ​សំឡេងស្មាស​សូន្យ​ប្រាំបួន​ក៏បាន​បរ​ចេញ​ទៅ​ ។

លើថ្នល់សំឡេងអ៊ូអរនិងធូលីផ្សែងពុលយ៉ាងអឺងអាប់ ទោចក្រយានយន្តកំពុងធ្វើដំណើរ ដែល​បញ្ជា​ដោយដៃ​ជំនិត ។ នាយ​បើក​ម៉ូតូបណ្តើរ ឆ្លៀតមកនិយាយ​ជា​មួយ​​នឹងរក្សាបណ្តើរ៖

«និយាយអីចឹងរក្សាឯងធ្វើកាតខ្ចីសៀវភៅហើយនៅ?»

«អត់ទាន់ទេ! គ្រាន់តែពេលគ្នាទំនេរ គ្នាជិះកង់​ទៅអង្គុយ​អាន ណាមួយសន្សំទុកលុយ​ខ្លះ​បង់​គ្រូ​និងទិញ​សម្ភារៈ​ចាំ​បាច់​ខ្លះ​!» រក្សាតប ។

ជំនិតសើចរលាក់តិចៗ «ល្អហើយ! អ៊ីចឹងចាំគ្នា​ចេញថ្លៃកាតឱ្យឯង​ចុះណាស៎! ដើម្បី​ឱ្យ​ឯង​បានខ្ចី​យក​មក​ផ្ទះ ធ្វើ​យ៉ាង​នេះ ចំណេញ​ពេល​អានបានច្រើន​ហើយមាន​ពេល​គិតច្រើន​ផង!»

«តែគ្នា…» រក្សាអល់អែក «គ្នាមិនចង់​រំខានដល់ឯង​ច្រើនទេ! មើល៍គ្រាន់តែរឿងរបស់គ្នាសោះ ខាត​ពេល​​របស់ឯង​ម៉ា​គគោក អស់សាំងម៉ូតូទៀត!..»

«មិនអីទេ មានរំខានមាន​ខាតអីទេ គ្នាត្រូវមកសងសៀវភៅនៅល្ងាចនេះដដែលទេ ដូច​តែ​គ្នា​ហ្នឹង! បាន​ហើយកុំ​ប្រ​បែក! មិត្ត​ល្អត្រូវ​ចេះ​ជួយគ្នា! ឥឡូវយើងសន្យាធ្វើជាកល្យាណមិត្ត មិត្តល្អ​នឹង​គ្នា​ណា! ថ្ពក់​ដៃ​មក៍! » ជំនិតនិយាយ​ចប់​ ក៏ហុច​កូនដៃ​ទៅក្រោយ ដើម្បីថ្ពក់ដៃនឹងរក្សា។

«យល់ព្រម មិត្តល្អ!» រក្សាថ្ពក់កូនដៃជាមួយជំនិតព្រមទាំងរលាក់តិចៗផង ។

«គ្នាសប្បាយចិត្ត​ពេក  ភ្លេចគិតថាហួសបណ្ណាល័យទៅហើយ បត់ទៅក្រោយបន្តិចសិន!» ជំនិត​ស៊ីញ៉ូ​បត់​ត្រឡប់​ក្រោយ​វិញ ជិះបានបន្តិចក៏ដល់ល្មម។ ជំនិត​យក​ម៉ូតូ​ទៅ​ផ្ញើ​ហើយក៏​ពោល​ទៅ​កាន់​មិត្ត​ខ្លួន «តោះ​ប្រញាប់​​សង​សៀវ​ភៅ​ ហើយ​ធ្វើកាត​ឱ្យ​ឯង​ផង ​លឿនឡើង!»

អ្នកទាំងពីរ​ដើរចូលបណ្ណាល័យ​ បន្ទាប់ពីធ្វើកាតឱ្យរក្សានិងសងសៀវភៅរួចរាល់ហើយ យុវមិត្ត​ទាំង​ពីរ​មក​អង្គុយ​ជជែក​គ្នា​នៅ​កន្លែងអង្គុយខាងមុខបណ្ណាល័យ ។

«រួចរាល់ហើយ រក្សាពីថ្ងៃនេះទៅឯងអាចខ្ចីសៀវភៅអាននៅផ្ទះបាន ហើយបានពេលយូរទៀត!»

«ត្រូវអរគុណឯងម្តងទៀតហើយ!» រក្សាពោលថ្លែងអំណរគុណចំពោះមិត្ត។

«គ្នាប្រាប់ហើយ ថាមិនបាច់គុណស្រ័យអីទេ! បើជួយបានគ្នាប្រាកដជាជួយហើយ… អូប៊ិះតែ​ភ្លេច! ចុះ​ឯង​​ល្មម​អាច​ប្រាប់​គ្នា​បានហើយ! ចំពោះបញ្ហាទុក្ខលំបាករបស់ឯងនោះណា បើគ្នាអាចជួយ​បាន​គ្នា​មិន​រា​រែក​ឡើយ​… ត្រូវចេះចែក​រំលែក​គ្នា​ណា និយាយមកចុះ!» ស្រុះស្រួលគ្នាហើយ រក្សាក៏​ចាប់​ផ្តើម​រៀប​រាប់​ពី​ទុក្ខ​លំបាក​​របស់ខ្លួនឯង ឲ្យ​ជំនិតបានដឹង។

«គ្នាមានបញ្ហាបន្តិចបន្តួចនៅផ្ទះ!​ គ្រួសារគ្នាពុំមានលទ្ធភាព​គ្រប់គ្រាន់​ឱ្យគ្នារៀនតទៅមុខ​ទៀត​បាន​​​ទេ ណា​មួយ​នៅ​ភ្នំពេញ​ត្រូវ​​ចំណាយច្រើនណាស់ គ្នានៅ​ជាមួយគេ ជួយកិច្ចការផ្ទះ​ ធ្វើសព្វ​មុខ នៅ​មិន​ត្រូវ​ចិត្ត​គេ​ទៀត ខាតពេលរៀន​អស់​ច្រើន​ណាស់​​ដោយ​សារ​ការងារក្នុងផ្ទះគេនោះ។ ហើយឆ្នាំ​នេះ​ត្រូវ​ប្រឡង​ទៀត។ គ្នា​ខ្លាច​តែប្រឡង​ធ្លាក់ទេ… គ្នាចង់​ទៅនៅវត្ត ឬរក​ផ្ទះ​ជួល​នៅផ្សេង​ម្នាក់​ឯង​​បានរៀន​សូធ្យ​ស្ងាត់​តែ​ម៉ែរបស់គ្នា​អត់​មាន​​ប្រាក់គ្រប់គ្រាន់ សម្រាប់ជួលផ្ទះ​ឱ្យ​គ្នា​នោះ​ទេ!» រក្សា​បញ្ចេញ​ខ្យល់​​ដង្ហើមធំ ហើយ​និយាយ​បន្ត៖ «ម្យ៉ាង​ទៀត​​ឪពុកគ្នា​ឈឺធ្ងន់… គោលក់អស់ហើយ​សល់​តែ​មេ​ផើម​​មួយ​ក្បាល។ ចំណែក​ឯ​ប្អូន​ៗ​របស់​គ្នា​ក៏ច្រើនទៀត! ម៉ែ​លំបាកណាស់ រីងខ្សោះខ្លួនអស់ហើយ!… រឿង​​​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យគ្នា​ពិបាកចិត្ត!…»

«គ្នាយល់ហើយ… ឈប់លំបាកចិត្តទៅសម្លាញ់! ចាំគ្នាជួយ! គ្នានិយាយ​ម៉ាត់ណាគឺម៉ាត់ហ្នឹង! កុំ​បារម្ភ​អី! ឥឡូវអ៊ីចេះចុះ យើង​​រកបន្ទប់ជួលតូចល្មម​បានហើយ… តម្លៃត្រឹមម្ភៃឬសាមសិបដុល្លារ ស្នាក់​នៅ​រៀន​សូធ្យ​សិន​ទៅ។ ទម្រាំ​រៀនចប់ ឯងនឹង​មាន​ការ​​ងារ​ធ្វើ! ចំពោះថ្លៃទឹកភ្លើង ចាំគ្នា​ជា​អ្នក​ចេញ។ ហើយ​រឿង​បាយទឹក​ ឯង​អាច​យក​អង្ករ​ពី​ស្រុក​ខ្លះមក ហើយធ្វើម្ហូប​សម​រម្យ​ល្មម​អាច​​អាស្រ័យ​​បាន​ទៅ​បាន​ហើយ! យើងជឿជាក់ថា ឯង​​ប្រាកដ​ជាអាច​តស៊ូ​បាន​ណា​សម្លាញ់!»

«បានស្តាប់សម្តីរបស់ឯងដូច្នេះ គ្នាត្រេកអរខ្លាំងណាស់! គ្នាសូមអរគុណឯង…»

រក្សាលើក​ដៃ​ប្រណម្យ​សំពះមិត្ត​ ។

ជំនិតឃាត់ «អេ! កុំធ្វើអ៊ីចឹងអី! គ្នាគ្រាន់តែជួយមិត្តក្នុងគ្រាលំបាកបន្តិចបន្តួចទេតើ! ហើយគ្នា​ក៏មិន​ឱ្យ​ឯង​​នៅ​ម្នាក់​​ឯង​ឯណា ប្រហែលជាគ្នាទៅផ្ទះនោះជាមួយឯងដែរ… តែចាំមើល​គ្នាសុំ​ប៉ាម៉ាក់គ្នា​សិន!​»

រក្សានិយាយទាំងចិត្តរំភើប «គ្នាសូមអរគុណឯងម្តងទៀត! គ្នាមិនដឹងជាមាន​ពាក្យឯណាមក​ថ្លែង​អំណរ​​គុណ​ដល់​ឯង​នោះ​ទេ។ នាពេលនេះ គ្នាគ្មានអ្វីក្រៅពីការលើកដៃប្រណម្យនិងពាក្យសម្តី​អរគុណ​នេះ​ឡើយ​! អរគុណ​ច្រើន… អរគុណ​ណា​ស់​សម្លាញ់!»

«មិនថ្វីទេ! តោះល្ងាចហើយ! យើងជូនឯងទៅសាលាដើម្បីយកកង់ ហើយគ្នា​ត្រឡប់​ទៅផ្ទះ​សុំ​ម៉ាក់ប៉ា​គ្នា​​សាក​មើល​សិន​… តែសូមឯងទុកចិត្តលើគ្នាចុះ! សង្ឃឹមឱ្យហើយចុះណា!»

គេទាំងពីរក៏ត្រឡប់មកផ្ទះបំពេញភារកិច្ចតាមសម្តីរៀងៗខ្លួន។ តាំងពីថ្ងៃនោះមក​ជំនិតមក​នៅ​ផ្ទះ​ជួល​ក្នុង​​បន្ទប់​តូច​ល្មម​មួយ​​តែ​ពីរនាក់រក្សា ។ នាយប្រាប់ហេតុផលទៅឪពុកម្តាយថា ឆ្នាំនេះ​ត្រូវជា​ឆ្នាំ​ប្រឡង ដូច្នេះ​ត្រូវ​រៀន​គួរ​ច្រើន​និង​រៀន​ស្វ័យ​សិក្សា​ពិភាក្សាជា​មួយ​​រក្សា​ពេល​យប់​បន្ថែម​ទៀត ។ ​ចំពោះ​ថ្លៃ​ផ្ទះ​នាយ​ប្រាប់​ថា​ត្រូវ​ចេញ​ពាក់កណ្តាលម្នាក់ តែ​ផ្ទុយ​​ទៅ​វិញ​ជំនិត​ចេញ​តែ​ម្នាក់ឯងទេ ដោយ​​យក​ប្រាក់​ចាយ​វាយ​ប្រចាំ​ថ្ងៃ​សន្សំ​សម្រាប់​បង្គ្រប់ ។

ចាប់តាំងពីថ្ងៃនោះ​មកនៅជាមួយគ្នាមក អ្នកទាំងពីរត្រូវដៃត្រូវជើងគ្នាណាស់។ រក្សាជួយ​បង្រៀន​ភាសា​​ខ្មែរ​ទៅជំនិត ហើយ​ជំនិតជួយបង្ហាត់គណិតវិទ្យាដល់រក្សាវិញ។ ក្រុមរបស់គេនេះខិតខំរៀន​ស្រាវ​ជ្រាវ ទាំង​យប់​ទាំង​ថ្ងៃឥតឈប់ឈរ​ ដោយ​មិន​បណ្តោយ​​ឱ្យពេល​វេលា​កន្លង​ផុត​មួយវិនាទីណា​ដោយ​អត់​បាន​​​ប្រយោជន៍​នោះ​ឡើយ។ ជំនិតតែងតែយកចំណី​អាហារឆ្ងាញ់ៗ​ពី​ផ្ទះ​មក​​​ឱ្យរក្សា​បរិ​ភោគ​រាល់​ពេល​។ រក្សា​​ខ្លាចក្រែង​ចិត្ត​ជំនិត​ណាស់​ដែរ តែចំពោះជំនិតមិនថាអីនោះទេ។ នាយក៏​សប្បាយ​ចិត្ត​ណាស់​ដែរ​ ដែល​បាន​រស់នៅ​តស៊ូជាមួយរក្សា បាន​ស្គាល់​និងភ្លក្ស​រសជាតិ​នៃ​ការ​កម្សត់អន់​ក្រ​នៃជីវិត​ទុគ៌ត​ភាព ។

ការជ្រើសរើសប្រឡងសិស្សពូកែត្រូវបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ… ដោយឡែកឆ្នាំនេះ ជំនិត​មាន​​ឱកាស​​ជាប់​នឹង​គេ​ដែរ តែគួរឱ្យ​ស្តាយ​នាយ​​ត្រូវធ្លាក់ពេលជម្រុះថ្នាក់រាជធានី។ ឯរក្សា​មិត្ត​របស់​​គេ​ជាប់​បាន​ទៅ​ប្រកួត​ប្រជែង​កម្រិត​ទូទាំង​ប្រទេស​​ទៀត​នេះ​​ជាជោគ​ជ័យ​យ៉ាងសម្បើមសម្រាប់​ពួក​គេ​ពីរ​ និង​​ក្រុម​គ្រួសារ​ ។

នៅក្រុងកំពង់សោមនាពេលព្រឹក​ ការប្រកាសលទ្ធផលប្រឡងសិស្សពូកែបានចាប់ផ្តើមឡើង​។ គណៈ​មេ​ប្រយោគ​​បាន​ប្រកាស​តាមឧគ្ឃោសនសព្ទមកដល់ «លេខពីរ យុវសិស្សឈ្មោះពៅ-រក្សា មក​ពី​វិទ្យា​ល័យ​…​» ស្នូរ​ទះ​ដៃ​លាន់ឮ​រំពង​ឡើង មេ​ប្រយោគ​​ប្រកាស​ហៅឈ្មោះបន្ត… រក្សា​អរ​រំភើប​ស្ទើរ​មិនជឿខ្លួនឯង… អ្នក​រំភើប​បិទ​​មាត់​មិន​ជិត ចង្វាក់​បេះដូង​ដើរ​ញាប់​ខុស​ពី​ធម្មតា​… រក្សា​បាន​ហៅ​ទូរសព្ទ​ប្រាប់ដំណឹងទៅជំនិត៖

«ជំនិត…អាឡូ…ឮទេហ្នឹង?…អាឡូ!» ស្នូរខ្យល់​រលកស្តាប់មិនបាន មួយសន្ទុះ ។

«អូរក្សាហ្អេះ? ម៉េចជាប់ទេ…» សំឡេងពីចុងខ្សែម្ខាង ។

«ជាប់លេខពីរណាសម្លាញ់ គ្នាតេទៅប្រាប់ឯងមុនគេ!…»

«ជយោ! រក្សាពូកែមែនសម្លាញ់! គ្នាត្រេកអរណាស់! គ្នាសប្បាយចិត្តមែនទែន! សូមជួយ​ត្រេកអរ​​ផងណា​សម្លាញ់​!​»

រក្សាតបដោយការដឹងគុណថា៖ «ទាំងនេះក៏ដោយសារតែ​ឯងជួយដែរ គ្នាអរគុណ​សម្លាញ់​ឯង​ខ្លាំង​​​ណាស់! បើ​គ្មាន​​ឯង​ទេ គ្នាក៏មិនមានថ្ងៃនេះដែរ! ជំនិត! គ្នាអរគុណឯង និងគ្រួសារ​របស់​ឯង​ខ្លាំង​ណាស់​…»

«មិនអីទេ សម្លាញ់!…» សំឡេងជំនិតពីចុងខ្សែម្ខាងឯភំ្នពេញតប «វាក៏ជាការខិតខំប្រឹងប្រែង​របស់​ឯងដែរ! ឯង​មាន​​ចាំ​ទេ? ក្នុង​រឿង«មិត្តភាព​មួយ» របស់អ្នកនិពន្ធអាចម៍ផ្កាយ ដែលគ្នា​​ឱ្យ​ឯងក្នុង​ថ្ងៃ​បុណ្យ​​ខួប​កំណើតរបស់ឯងនោះណា! ត្រង់​ឃ្លា​ចុង​ក្រោយថា«ពេលវេលា…»

រក្សានិយាយកាត់យ៉ាងលឿន «ពេលវេលាមិនអាចត្រឡប់ថយក្រោយបានទេ! ហេតុនេះចូរមិត្តទាំង​អស់​​គ្នាធ្វើ​អំពើ​​ល្អចំពោះគ្នាទៅវិញទៅមក មុនពេលអ្វីៗទាំងអស់នៅសល់ត្រឹមតែពាក្យថាយឺត​ពេល​។ ​»  គ្នា​ចាំ​! ម៉េចត្រូវទេ?»

«ត្រូវហើយ!.. ល្អណាស់!» ជំនិតបង្អន់បន្តិចហើយបន្ត «នែនិយាយអ៊ីចឹងថ្ងៃណាឯងមកវិញ? គ្នា​យើង​​​ចាំ​ជប់​លៀង​ជា​មួយ​ឯង​ម្តងទៀតណា!»

«ឥឡូវកំពុងប្រកាសលទ្ធផល! បន្តិចទៀតឡើងទទួលរង្វាន់! ស្អែកគ្នាត្រឡប់ទៅវិញហើយ​… អ៊ីចឹង​ប៉ុណ្ណឹង​​សិន​ចុះ! គ្នាខ្ចីទូរសព្ទសិស្សពូកែម្នាក់ហៅទៅឯងទេ…»

«អឺ… អរគុណច្រើន… សំណាងល្អ!»

«អរគុណដូចគ្នា! លាហើយសម្លាញ់! ស្អែកជួបគ្នា!»

នឹកមកដល់ត្រង់នេះ រក្សាញញឹមតែម្នាក់ឯង ដៃអង្អែលស្ទាបទូរសព្ទ​ក្នុង​ហោប៉ៅ​ហាក់ដូចជាទើប​នឹង​បញ្ចប់​​​ការ​សន្ទនា​ជា​មួយ​​នឹងជំនិតពិតៗ… ដោយអស់កម្លាំងខ្លះដែរ រក្សាក៏​ចូលមកក្នុង​ខ្ទមវិញ បិទ​សៀវ​ភៅ​កំណត់​​ហេតុ ​និង​ពន្លត់​ចង្កៀង ហើយ​ក៏និទ្រា​លង់​លក់ទៅ ។

«ខ្ញុំមានថ្ងៃ​នេះ! ក៏ដោយសារតែ​មិត្តសម្លាញ់របស់ខ្ញុំដែរ»សំឡេងរបស់រក្សាក្នុងអង្គសិក្ខាសាលា​ ​«ឆ្លៀត​ឱកាស​​នេះខ្ញុំ​សូម​អរគុណ​ចំពោះជំនិតជាអនេក!… សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួល​បាន​​និទ្ទេសល្អ កិត្តិ​នាម​សិស្សពូកែ អាហារូបករណ៍ទៅ​សិក្សានៅបរទេស និង ជោគជ័យជាច្រើនទៀត​បាន​មក​ពីការ​ខិត​ខំ​តស៊ូ​ប្រឹង​ប្រែង អត់ធ្មត់ព្យាយាម ​និង​មាន​ការជំរុញ លើកទឹ​ក​ចិត្ត ជួយទាំង​កម្លាំង​កាយ​ចិត្ត កម្លាំង​សម្ភារៈ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​សម្លាញ់ជំនិត! តែគេ​ពុំ​បាន​រស់នៅ​ជាមួយយើងឡើយ… គេ​រស់នៅ​សែនឆ្ងាយ… មានតែ​ស្រមោល​អនុ​ស្សាវរីយ៍​ទេដែល​ដិតជាប់នៅ​ក្នុងអារម្មណ៍​របស់ខ្ញុំ​ជារៀង​រហូត​… ៕

សរសេរចប់ម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០០៩

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s