Archives

ចាប់ពីពេលនេះទៅ ពលរដ្ឋខ្មែរអាចចូលទស្សនកិច្ចរដ្ឋសភាជាតិដោយសេរី

AN3

ភ្នំពេញ-២៧មិថុនា២០១៤-
ដោយ ហេង ឧត្ដម

រដ្ឋសភាជាតិជាស្ថាប័ននីតិបញ្ញត្តិមួយដ៏កំពូលរបស់ជាតិ។ កន្លងមក គេកម្រឃើញ និងដឹងឮថា មានពលរដ្ឋរាស្ត្រសាមញ្ញអាចចូលសភាជាតិបានណាស់។ ប៉ុន្តែម្សិលនេះ មន្ត្រីសមាជិកតំណាងរាស្ត្រជាន់ខ្ពស់មកពីបក្សប្រជាជនកម្ពុជា បានថ្លែងថា រដ្ឋសភាអនុញ្ញាតបើកឱ្យប្រជាជនគ្រប់គ្នា មិនថា ចាស់ក្មេង យុវជន សិស្សនិស្សិត ព្រមទាំងអង្គការ សង្គមស៊ីវិល អាចអញ្ជើញទៅទស្សនារដ្ឋសភាជាតិដោយសេរី ដោយគ្រាន់តែបំពេញពាក្យស្នើសុំ។

កាលពីរសៀលម្សិលមិញ ថ្ងៃទី២៦ ខែមិថុនានេះ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងសេដ្ឋកិច្ចបានរៀបចំឱ្យនិស្សិតនីតិសាស្ត្រទស្សនកិច្ចរដ្ឋសភា។ ថ្លែងទៅកាន់និស្សិតច្បាប់ភាសាបារាំងប្រមាណជិត១៥០នាក់ លោក ញ៉ែម ថាវី ប្រធានគណៈកម្មការទី១នៃរដ្ឋសភាជាតិ បាននិយាយថា ជាងបួនឆ្នាំហើយដែលរដ្ឋសភាអនុញ្ញាតបើកឱ្យពលរដ្ឋខ្មែរចូលទស្សនារដ្ឋសភាជាតិ តែនេះជាលើកទី១មួយ ដែលរដ្ឋសភាទទួលនិស្សិតច្បាប់ដែលប្រើប្រាស់ភាសាបារាំង។
លោកតំណាងរាស្ត្រមណ្ឌលកំពង់ធំរូបនេះបន្តថា៖ «ដោយបានការអនុញ្ញាតពីសម្តេចប្រធានរដ្ឋសភា តទៅនេះ យើងនឹងបើកឱ្យនិស្សិតចូលរួមស្តាប់ការជជែកពិភាក្សាការអនុម័តច្បាប់ នៅពេលមានកិច្ចប្រជុំសភាពេញអង្គថែមទៀត»។ លោកប្រធានគណៈកម្មការទី១នៃរដ្ឋសភាបានពោលទៀតថា៖ «យើងចង់ឱ្យយុវជន និស្សិត មកមើលការការពារច្បាប់ ថាតើវារបៀបយ៉ាងម៉េច? យុវជនត្រូវកម្លាចិត្តខ្លួនឯងឡើង ហើយត្រូវបន្តសុំចូលមកទៀត ព្រោះប្អូនៗហ្នឹងហើយដែលនឹងអាចជាអ្នកបន្តវេន»។ លោកប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា បានពោលបន្តថា៖«រដ្ឋសភា ជាសភារបស់យើងទាំងអស់គ្នា ជាសភារបស់ប្រជាជនគ្រប់គ្នា។ ដូច្នេះយើងអាចមកមើល មកទស្សនកិច្ចបានដោយសេរី។ សូមមកមើលថា អ្វីជាប្រជាធិបតេយ្យ? ហើយឱ្យស្គាល់ប្រជាធិបតេយ្យ!»។
ANស្របគ្នានេះដែរ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ បាននិយាយថា៖ «ប្រជាជនទាំងអស់អាចមកធ្វើទស្សនកិច្ចរដ្ឋភាពបាន មិនថា ក្មេងចាស់ សិស្សនិស្សិត សិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ មន្ត្រីរាជការ ឬអង្គការសង្គមស៊ីវិលនោះទេ យើងទទួលទាំងអស់»។ លោកបន្ថែមថា៖ «យើងសូមឱ្យមានអ្នកដឹកនាំក្រុម និងដាក់ពាក្យស្នើសុំមកអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ ដើម្បីយើងរៀបចំជូន ព្រោះយើងគិតគូរតែរឿងការពារសន្តិសុខនិងសណ្តាប់ធ្នាប់តែប៉ុណ្ណោះ។ ហើយយើងក៏មានក្រុមមគ្គុទេសចរជួយពន្យល់ណែនាំជូនថែមទៀត»។

ទន្ទឹមពេលដែលមានការបើកឱ្យប្រជាជនចូលទស្សនកិច្ចសភា សមាជិកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាហាក់ចង់សម្តែងចេតនាហៅដៃគូសហការ ពោលគឺសមាជិកសភាជាប់ឆ្នោតដទៃទៀតរបស់បក្សសង្គ្រោះជាតិដែលធ្វើពហិកាមិនចូលប្រជុំសភា ឱ្យមករួមដៃគ្នាបម្រើរាស្ត្រ។ លោក ញ៉ែម ថាវី ប្រធានគណៈកម្មការទី១នៃរដ្ឋសភាជាតិ បាននិយាយក្នុងសម្តីស្រទន់ និងស្និទ្ធស្នាលផងថា៖ «យើងចង់ឱ្យរដ្ឋសភានេះជាវេទិកាពិភាក្សា ឱ្យមានការចូលប្រជុំសភា ជាទីកន្លែងប្រជាធិបតេយ្យ។ និយាយអ៊ីចឹង ខ្ញុំនឹកលោកជុំទាវ ឯកឧត្តមដទៃទៀតដែលនៅខាងក្រៅ ពុំទាន់បានចូលប្រជុំសភា។ ខ្ញុំនឹកលោកជុំទាវ ឯកឧត្តមទាំងអស់ ដែលធ្លាប់ធ្វើការច្រើនឆ្នាំមកជាមួយគ្នា ធ្លាប់ពីសាកាហ្វេជាមួយគ្នា និងធ្លាប់សួរសុខទុក្ខគ្នា!»៕

AN4AN1AN2

 

Publicités

លោក ព្រាប កុល៖«ទំនុកចិត្តលើខ្លួនឯងជាដើមទុនសំខាន់ដំបូងបំផុតសម្រាប់ជោគជ័យក្នុងជីវិត»

Preap Kol

 ភ្នំពេញ-ពុធ២៥ មិថុនា២០១៤-

ដោយ ហេង ឧត្តម

 ក្នុង​​វគ្គសិក្សា​អ្នក​ដឹក​នាំ​វ័យក្មេង កាល​ពីល្ងាច​ម្សិលមិញ ក្រោម​ប្រធាន​បទ «ការ​អភិវឌ្ឍ​ខ្លួន និង​ការ​គិត​វិជ្ជមាន» លោក ព្រាប កុល បាន​ថ្លែង​ថា ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ គឺ​ជា​ដើម​ទុន​ដំបូង​សំខាន់​បំផុត​ សម្រាប់​កសាង​ជោគ​ជ័យ​ក្នុង​ជីវិត។ លោក​បន្តថា គ្មាន​នរណា​ស្គាល់​យើង​ច្បាស់ ដឹង​ពី​យើង​ច្បាស់ ជាង​យើង​ខ្លួន​ឯង​នោះទេ។ គ្មាន​អ្នក​នរណា​ពូកែលើក​ទឹ​កចិត្ត​ដ៏​មាន​ប្រសិទ្ធភាព​ ក្រៅ​ពី​យើង​ខ្លួន​ឯងឡើយ​។

 

មាន​បុគ្គល​ច្រើន​ណាស់​ដែល​ឧស្សាហ៍​ធ្លាក់​ទឹក​ចិត្ត។ កម្លាំង​ចិត្ត​ដែល​ទទួល​បាន​ អាច​នឹង​រលត់​រលាយ​ទៅវិញក្នុង​រយៈពេល​​ណា​មួយ ប្រសិន​បើ​គេ​មិន​ចេះ​ថែរក្សា​សន្ទុះ​កម្លាំង​ចិត្ត​នោះ​ទេ​។ ឆ្លើយ​តប​នឹង​សំណួរ​របស់​សិក្ខាកាម លោក​ ព្រាប កុល បាន​ប្រាប់ថា «យើង​ខ្លួន​ឯង​ ជា​អ្នក​លើក​ទឹក​ចិត្ត​ខ្លួន​ ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត ហើយ​លើស​នរណាៗ​ទាំង​អស់។ យើង​ត្រូវតែ​មាន​សង្ឃឹម និង​ជឿជាក់​លើ​ខ្លួន​ឯង»។

លោក​ថ្លែង​ទៀតថា យើង​ត្រូវចេះ​មើល​អ្នក​ដទៃជុំ​វិញ​ខ្លួន។ មើល​អ្នក​ខ្ពស់​ជាង​យើង ហើយ​ប្រាប់ខ្លួន​ឯងថា គេ​អាច​ធ្វើ​បាន ហេតុអ្វី​យើងមិន​អាច? គឺយើង​ក៏​អាច​ធ្វើ​បាន​ដែរ។ មើល​អ្នក​ទាប​ជាង​​យើង ហើយ​ប្រៀបធៀប​​ពី​សំណាង​និង​ឱកាស​របស់​ខ្លួន​ ត្រូវ​សរសើរ​ខ្លួន​ឯង​ដែល​មាន​សំណាង​ជាង​គេ​ ព្រោះ​ថា ក៏​មានគេ​លំបាកច្រើន​ជាង​យើង​ទៀត។ ដូច្នេះ​មិន​ត្រូវ​ចុះ​ចាញ់​ទេ។

មិន​តែប៉ុណ្ណោះ ​លោក​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជារូបនេះ បាន​ស្នើ​ឲ្យ​សិក្ខាកាម​មើល​ខ្សែភាព​យន្ត​ និងអាន​សៀវភៅ​ដែល​ស្តី​ពី​ជីវិត​តស៊ូ​របស់​បុគ្គល​ជោគជ័យ និង​ជីវិត​របស់​ជនល្បីៗ ដែល​មាន​ប្រវត្តិ​លំបាក ហើយ​ប្រឹង​ប្រែង​​ជម្នះ​រហូតទទួល​​បាន​ជោគជ័យ។ លោក​បាន​លើក​ឧទាហរណ៍​ លោក Bill Clinton អតីត​ប្រធានាធីបតី​នៃ​សហរដ្ឋ​អាមេរិក ដែលជា​ក្មេង​កំព្រាកើត​ក្នុង​គ្រួសារ​ក្រីក្រ និង​មាន​ឪពុក​ចុង​ជា​ជន​ប្រមឹក និង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ។ លោក ព្រាប កុល ថា បើ​ Bill Clinton បណ្តែតបណ្តោយ​ឲ្យ​ស្ថាន​ភាព​នេះញ៉ាំ​ញី​ជីវិត​គាត់ ប្រហែល​ជា​គាត់​គ្មាន​ថ្ងៃ​​អាច​ក្លាយ​ជា​​ប្រធានាធីបតី​នៃ​សហរដ្ឋ​អាមេរិក ទេ។ Hirotada Ototake និង Nick Vujicic ដែល​កើត​មក​មិន​មាន​ដៃ​និង​ជើង​ទាំង​ពីរ។ បើ​យើង​មើល​ពី​ខាង​ក្រៅ​ទៅ យើង​ចាត់​ទុក​ពួក​គាត់​ជា​ជន​ពិការ​ទៅហើយ ។ តែ​ចំពោះ​ពួក​គាត់ៗ​ពុំ​ដែលគិតនិង​​និយាយ​ថា ពួក​គាត់​មាន​ពិការ​ភាព​នោះឡើយ គឺ​គាត់​គ្រាន់តែ​ខុស​គេ​តែប៉ុណ្ណោះ។

Oudom with Preap Kol

ស្របពេល​ជាមួយ​គ្នា​នេះ លោក ព្រាប កុល ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ចូលរួម​ក្នុង​វគ្គ​នេះ អាន​សៀវភៅចំណង​ជើង​ថា «ជោគជ័យ និង អត្ថន័យជីវិត, មាគ៌ាទៅកាន់ភាពជោគជ័យនិងសុភមង្គល» ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោកផ្ទាល់។ លោក​ ព្រាប កុល បាន​រម្លឹក​ថា លោក​ជាកូន​ចៅ​អ្នក​ក្រស្រុក​ស្រែ និងធ្លាប់​ជា​ក្មេងវត្ត​ផង។ លោក​បាន​តស៊ូ​ជម្នះ​ឧបសគ្គ​លំបាក​ក្នុង​ជីវិត​ និង​ចាប់​ផ្តើម​​ធ្វើ​ការ​តាំងតែ​ពី​វ័យ​ក្មេង រហូត​មាន​ជោគ​ជោគជ័យ​ជាបន្ត​បន្ទាប់។ លោក​បាន​ចាប់​ផ្តើម​ការងារ​ពី​បុគ្គលិក​ថ្នាក់​ទាប​បំផុត​រហូត​ដល់មាន​តំណែង​ខ្ពស់​បំផុត គឺ​​ក្លាយ​ជា​អ្នក​ដឹកនាំ​ស្ថាប័ន។ លោក​ពោលបញ្ជាក់​ថា បទពិសោធ​និង​រឿង​រ៉ាវ​លំបាក​ដែល​លោក​ឆ្លង​កាត់​ទាំង​អស់ គឺ​មាន​កត់​ត្រា​ក្នុង​សៀវភៅ​នេះ។

ក្នុង​បទបង្ហាញ​ដែល​មាន​រយៈ​ពេល​ជាង​ពីរម៉ោង លោក​ ព្រាប កុល ប្រាប់ថា គេ​ត្រូវ​កំណត់​អត្ថន័យឬ​និយម​​នៃ​ភាព​ជោគ​ជ័យ​ និង​គោល​ដៅ​ជីវិតផ្ទាល់​ខ្លួន ឲ្យ​បាន​ច្បាស់​លាស់។ និយម​ជោគជ័យ​មាន​Successគេ​ផ្តល់​ឲ្យ​ជាច្រើន ចំពោះ​លោកវិញ លោកថា«​ជោគ​ជ័យគឺ​ជា​សម្រេច​គោល​ដៅ​ក្នុង​ជីវិត​ ដោយ​មិនធ្វើ​ឲ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ បរិស្ថាន និង​សង្គម​ជាតិ»។

លើស​ពីនេះ ការកំណត់​គោល​ដៅ​ជីវិត​គឺ​សំខាន់​ណាស់។ ពេល​មាននិង​ដឹង​គោល​ដៅ​ហើយ ត្រូវមាន​ទំនុ​កចិត្ត និង​ជឿ​ជាក់​លើ​ខ្លួន​ឯង ព្រម​ទាំង​ចាប់​ផ្តើម​ធ្វើ​សកម្មភាពដើម្បី​សម្រេច​បាន​គោល​ដៅ​នោះ​ ដោយ​មិន​ទម្លាក់​ការ​ខិតខំព្យាយាម​ប្រឹង​ប្រែងឡើយ​។ លោកបន្ថែមថា ការ​ជឿជាក់​លើ​ខ្លួន​ឯង គឺ​ជា​ដំណើរ​ទៅ​កាន់​ភាព​ជោគជ័យ​៕

 

 

វាគ្មិន​រូបនេះ បាន​បន្ត​ចែក​រំលែក​ចំណុច​សំខាន់​ៗ​ផ្សេង​ទៀត​ផង​ដែរ យើង​សូម​ស្រង់​ចំណុច​ខ្លះ​មក​បង្ហាញ​ដូច​ខាង​ក្រោម​នេះ​ ៖

-ការ​ជឿលើ​ជំនឿ​ចាស់​គំរិល (ភាសិតដែល​ពុំ​សម​ហេតុផល) ត្រូវតែ​លុបបំបាត់។

-ត្រូវ​យល់ពី​ច្បាប់​នៃ​ទំនាញ (Law of Attraction)

-គិត​បែប​វិជ្ជមាន និង​ប្តូរ​ភាសា​និយាយ​

-មាន​ទំនាក់​ទំនង​ល្អ

-បង្កើន​ស្នាមញញឹម

-ចេះ​គ្រប់​គ្រង​ពេល​វេលា​

-កសាង​ភាព​ជា​អ្នក​ដឹកនាំ

-កាត់​បន្ថយ​ទុក្ខ​វេទនា

-យល់​ពី​កម្ម (Karma) ក្នុង​ពុទ្ធសាសនា

-ធ្វើ​ជា​អ្នក​គិត​ផ្លូវ​ត្រូវ

-កំណត់អត្ថន័យនៃ​ភាព​ជោគជ័យ​ផ្ទាល់​ខ្លួន

-ការ​ពារ​ខ្លួន​ពីការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

-ចេះ​ទទួល​ស្គាល់​កំហុស

-ចេះ​អត់​ឱន

-គ្រប់​គ្រង​កំហឹង

-គិតគូរពីការ​ថែរក្សាសុខភាព

-មាន​ភាព​ហ្មត់ចត់។…

TIc

កម្ពុជាអាចនឹងស្លាប់ដោយ«ជំងឺឱកាសនិយម» បើមិនព្យាបាលរោគសញ្ញាពុករលួយ

10511192_679148678805323_5054874170988739587_n

ភ្នំពេញ-អង្គារ៍ ២៤ មិថុនា ២០១៤-

ដោយ ឧត្តម 

វាគ្មិនពីរ​នាក់​​ដែលជា​​មន្ត្រី​របស់​អង្គការតម្លាភាពកម្ពុជាបាន​ប្រៀប​ធៀប​ជំងឺ​ពុក​រលួយ​ក្នុង​សង្គម​ខ្មែរ ដូចទៅ​នឹង​ជំងឺ​អេដស៍។  ជំងឺ​អេដស៍ ដែល​គេ​គ្រប់​គ្នា​ដឹង​ថា បណ្តាល​មកពី​មេរោគ​HIV បំផ្លាញប្រព័ន្ធ​ការ​ពារនិង​លូតលាស់​របស់​រាងកាយ ហើយ​សម្លាប់​មនុស្ស​ដោយ​ជំងឺ​ឱកាស​និយម។ មន្ត្រី​ទាំងពីរ​ បន្តថា បើ​មិន​មាន​ចំណាត់​ការ​ត្រឹម​ត្រូវ​និង​មាន​ប្រសិទ្ធភាព​ទេ កម្ពុជា​អាច​នឹង​ស្លាប់​ដោយ​សារ​ជំងឺឱកាស​និយម​នៃ​រោគ​​ពុករលួយ។ 

ល្ងាចថ្ងៃចន្ទទី២៣ មិថុនា ជាការចាប់ផ្តើមដំបូងនៃវគ្គសិក្សាពីអ្នកដឹកនាំវ័យក្មេងរបស់គម្រោងថ្នៃប្រឌិតថ្មី នៅអង្គការតម្លាភាពកម្ពុជា។ លោក ប៉ិច ពិសី បានធ្វើជាវាគ្មិនចំពោះប្រធានបទ«បញ្ហាប្រឈមចំពោះការអភិវឌ្ឍរបស់កម្ពុជា»។
ក្នុងបទបង្ហាញរយៈពេលជិត១ម៉ោងកន្លះ នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជារូបនេះ បានលើកឡើងនូវឧបសគ្គប្រឈមធំៗចំនួន៥ដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា។ ពោលគឺ កង្វះធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ប្រព័ន្ធតុលាការដែលមិនអាចជឿទុកចិត្តបាន កង្វះខាត់ហិរញ្ញវត្ថុ និងអំពើពុករលួយ។
ស្ថិតក្នុងសម្លៀកបំពាក់អាវព័ណ៌ប្រផេះខោខ្មៅអ៊ុតភ្លីយ៉ាងស្អាត ប្រដាប់ដោយពាក់វ៉ែនតា និងដៃកាន់មេក្រូផង លោក ប៉ិច ពិសី ថ្លែងពន្យល់ចំណុចនីមួយៗយ៉ាងលម្អិត ដូច្នេះថា៖
១-ឧបសគ្គកង្វះធនធានមនុស្ស គឺខ្វះខាតមនុស្សមានសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈច្បាស់លាស់។ ផ្នែកបំណិនជីវិតក៏ពុំទាន់គ្រប់គ្រាន់ ខណៈពេលដែលកម្ពុជានៅជាប្រទេសដែលប្រើកម្លាំងពលកម្មសម្រាប់រកចំណូលនៅឡើយ។
២-ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ គឺកម្ពុជាមានប្រព័ន្ធគមនាគមន៍ តែពុំគ្រប់គ្រាន់។ យើងនៅមិនទាន់មានប្រព័ន្ធផ្លូវគោក ទឹក និងអាកាស ល្អនិងមានបទដ្ឋានអន្តរជាតិនៅឡើយ។ យើងគ្មានប្រព័ន្ធទឹកស្អាត មានតែនៅទីក្រុង។ ផ្លូវថ្នល់ក៏នៅសាងសង់តែជាប់រហូត។ ឯផ្លូវទឹកវិញ យើងគ្មានកំពង់ផែសម្រាប់នាវាធំចុះចតទេ ដែលជាហេតុនៃការនាំទំនេញចូលមកកាន់តែថ្លៃ។ ទាំងនេះនាំឲ្យការវិនិយោគចំណាយដើមទុនផលិតច្រើនលើការដឹកជញ្ជូន។
៣-ប្រព័ន្ធតុលាការដែលមិនអាចជឿទុកចិត្តបាន៖ អង្គការតម្លាភាពកម្ពុជា បានធ្វើការស្ទង់មតិកាលពីឆ្នាំ២០១១ និង២០១៣កន្លងទៅ ឃើញថា ប្រជាជនខ្មែរមិនទុកចិត្តលើវិស័យស្វែងរកយុត្តិធម៌នោះ។ ដូច្នេះ កាលណាប្រជាពលរដ្ឋមិនមានទំនុកចិត្តលើតុលាការនិងនគរបាល ពួកគេនឹងស្វែងរកភាពត្រឹមត្រូវតាមដែលគេយល់ ឬក៏បាតុកម្ម។ ឧទាហរណ៍ ដូចជាការកាត់ទោសរបស់មហាជនចំពោះជនសង្ស័យថាជាចោរលួច ឬជនរំលោភភេទកន្លងមក ដែលត្រូវបានវាយសម្លាប់ ព្រមទាំងបាតុកម្មទាមទារសិទ្ធនិងដីធ្លីកន្លងមក ដែលនៅបរទេស បាតុកម្មអាចរំលំរដ្ឋាភិបាល ដូចនោះ ខាងអារ៉ាប់ (និទាឃរដូវនៅអារ៉ាប់ Arabe Sprint) លីបី អេហ្សីប ជាដើម។
៤-កង្វះខាត់ហិរញ្ញវត្ថុ ៖ ការផ្គត់ផ្គង់ថវិកាជាតិចំពោះក្រសួងនីមួយៗនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងតម្រូវនៃការអភិវឌ្ឍ។ ឯផ្នែកឯកជន ធនាគារ ក៏ពុំអាចផ្តល់ឥណទានដល់ជនស្រទាប់ក្រីក្របានទូលំទូលាយដែរ។
៥-អំពើពុករលួយ៖ ត្រូវបានលោក ប៉ិច ពិសី សង្កត់ធ្ងន់ថា ជាឧបសគ្គចម្បង ដែលកំពុងបន្តរីករាលដាល់គ្រប់ចរន្តឈាមនៃសង្គមខ្មែរ 10509620_679149185471939_6151330747068058196_nទាំងផ្នែកឯកជន អង្គការសង្គមស៊ីវិល និងផ្នែកអំណាចគ្រងគ្រងរដ្ឋ។
លោកនាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជារូបនេះ ហាក់ផ្តោតការចាប់អារម្មណ៍ខ្លាំងចំពោះចំណុចទី៥នេះ ដោយលោកបានពន្យល់លម្អិតដល់សិក្ខាកាមវ័យក្មេងទាំង៣០នាក់។ លោកបានរៀបរាប់ពីមូលហេតុសំខាន់ៗ និងជាទូទៅនៃកំណើតអំពើពុករលួយ ដោយចែកជាពីរផ្នែក គឺផ្នែកបុគ្គលឯកជន និងផ្នែកស្ថាប័នរដ្ឋ។ ចំពោះផ្នែកបុគ្គលឯកជន គឺបង្កឡើងដោយសារការគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនពេក ផ្នត់គំនិតសម្ភារៈនិយម ការលោភលន់ អាត្មានិយម ការមិនយល់ច្បាស់ពីអំពើពុករលួយ និងការមិនស្អប់អំពើពុករលួយ។ ឯផ្នែកស្ថាប័នរដ្ឋ គឺភាពធូរលុងនៃការអនុវត្តច្បាប់ ការគេងចំណេញពីសេវាសាធារណៈ លួចម៉ោងរដ្ឋទៅធ្វើការផ្ទាល់ខ្លួន… ជាដើម។
មានបទពិសោធជាង១០ឆ្នាំក្នុងផ្នែកអភិបាលកិច្ចនិងអភិវឌ្ឍសហគមន៍ លោក ប៉ិច ពិសី បង្ហាញពីផលប៉ះពាលនៃអំពើពុករលួយដូច្នេះថា «វានាំឲ្យប៉ះពាលដល់ ផ្នែកតាក់តែងច្បាប់និងគោលនយោបាយ សន្តិសុខសុវត្ថិភាព សេវាសាធារណៈ បរិស្ថាន អភិវឌ្ឍន៍និងសេដ្ឋកិច្ច ព្រមទាំងសុខុមាលភាព»។
10511372_679149288805262_629093956640170640_nដល់ត្រង់ចំណុចនេះ លោកវាគ្មិន បានគូសបញ្ជាក់ថា «កម្ពុជាអាចនឹងត្រូវដួលរលំ បើមិនចាត់វិធានការប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាពនោះទេ»។ ដោយប្រៀបធៀបអំពើពុករលួយទៅនឹងជំងឺអេដស៍ លោកបន្តថា«កម្ពុជាអាចនឹងស្លាប់ដោយសារជំងឺឱកាសនិយមដូចជំងឺអេដស៍ដូច្នោះដែរ»។
ភ្ជាប់នឹងចំណុចនេះ វាគ្មិនបន្ទាប់ គឺកញ្ញា ណារ៉ា សុខេមា បានពញ្ញាក់អារម្មណ៍ថា មានអ្នកខ្លះធ្វើអ្វីមួយខ្លាចខុសគេ ហើយខ្លាចគេថា យើងឆ្កួត 10509540_679149385471919_8483358084243155543_nដូច្នេះពេលគេពុករលួយក៏ពុករលួយតាមគេដែរ។ និយាយដោយស្នាមញញឹមនិងសំណើចផងនោះ កញ្ញាចោទសួរថា «ចុះបើគេកើតអេដស៍ម្តេចមិនទៅកើតអេដស៍នឹងគេដែរទៅ?»
មន្ត្រីវ័យក្មេងក្នុងគម្រោងថ្នៃប្រឌិតថ្មី បន្តថា «កម្ពុជាមានយុវជនច្រើនលើសលុប ជិត៧០ភាគរយនៃប្រជាជនសរុប។ ក្នុងនាមជាយុវជនហ្នឹង តើយុវជនអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសជាតិ?»។ កញ្ញាសុខេមា បានចែករំលែកគោលការណ៍ទាំង១០ ដែលភាគច្រើនជាបទសោធរបស់នាងផ្ទាល់ និងដែលធ្វើឲ្យនាងមានជោគជ័យមកដល់ថ្ងៃនេះ។ វាគ្មិនវ័យក្មេងរូបនេះ បានប្រលូកនឹងដំណើរឆ្លងទ្វីបជាច្រើនប្រទេសមកហើយ បានប្រាប់ថា ចំណុចទាំង១០នោះគឺ ការស្វែងរកចំណេះដឹង កុំឲ្យគេបូមខួរ ហ៊ានទាមទារ គោលការណ៍សុចរិតភាព ការចែករំលែក ធ្វើការងារស្មគ្រចិត្ត ចំណាប់ផ្តើមដោយមានគំនិតបង្កើតថ្មី ចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ ហ៊ានប្រឆាំងនឹងអំពើមិនល្អ និងលើកទឹកចិត្តអ្នកធ្វើល្អ។ ជាសារចុងក្រោយ ដែលមន្ត្រីរូបនេះ ចងផ្តល់ឲ្យ គឺ ទោះបីយើងមិនអាចធ្វើអ្វីច្រើនធំដុំក៏ដោយ ក៏យើងអាចចាប់ផ្តើមធ្វើល្អបន្តិចម្តងៗ ពីចំណុចតូចៗ ដោយសេចក្តីស្រឡាញ់។

ជាដំណោះស្រាយ ចំពោះបញ្ហាប្រឈមនិងអំពើពុករលួយនៅកម្ពុជា លោក ប៉ិច ពិសី បានផ្តល់អនុសាសន៍ថា មានតែការរៀបចំប្រទេសឲ្យមានប្រព័ន្ធតុល្យភាពអំណាច និងអភិបាលកិច្ចល្អនោះទេ ទើបកម្ពុជាគេចផុតពីជំងឺពុករលួយ និងឈានឆ្ពោះទៅរកកិច្ចអភិវឌ្ឍ។
នៅក្នុងសេចក្តីសន្និដ្ឋានរបស់វាគ្មិនទាំងពីរ ពួកគេហាក់បានមូរមាត់គ្នាថា បើអំពើពុករលួយពុំអាចលុបបំបាត់ដោយមានប្រសិទ្ធភាពនោះទេ កម្ពុជាអាចនឹងត្រូវស្លាប់ដោយសារជំងឺ របស់សង្គម។ ហើយពួកគេថា យុវជនជាកម្លាំងសកម្មមួយក្នុងដំណើរការជួយកែប្រែបញ្ហាទាំងអស់នេះ៕

 

ដោយតែខ្ញុំទើបឯងធ្វើអត្តឃាត!

a

សូមទោសណាសម្លាញ់ ដោយតែខ្ញុំទើបឯងធ្វើអត្តឃាត!! សូមទោសមែនណា!!

មុននេះ គ្រាន់តែបើបង្អួចប៉ះបន្តិច សៀវភៅក៏ធ្លាក់ប្រាវ!!
ប្រហែលគេខឹងនឹងខ្ញុំដែលខាននិយាយជាមួយនឹង​ពួក​គេយូរពេលហើយទេដឹង!! ហ៊ឹម…

មួយ​រយៈ​ចុង​ក្រោយ​នេះ មិន​សូវ​បាន​អាន​សៀវភៅ​សោះ ព្រោះ​ជាប់​រវល់រៀន​នៅសាលា និង​មាន​លេស​ផ្សេងៗទៀត!! lol..

កវី យូ បូ បា​នសរសេរព័រណ៌នាក្នុង​រឿងខ្លី ២០ឆ្នាំចាំស្នេហ៍ថា សៀវភៅ​ជា​មិត្ត​សម្លាញ់​របស់​គាត់។

មាន​ស្លោក​ថ្មីៗ​ ដែល​គេ​ធ្លាប់​លើក​ឡើងថា «ការ​អាន​ធ្វើ​ឲ្យ​យើង​ចេះ​កាន់​តែ​ច្រើន។ ការ​អាន​ធ្វើ​ឲ្យ​យើង​ដឹង​កាន់តែ​តិច»។

 

ដំណើរមួយនៃ​ជីវិត!

ពេលខ្លះ ក្នុងជីវិត អ្នកអាចនឹងគិតថា អ្នកត្រូវធ្វើដំណើរម្នាក់ឯង!!

តែមិនប្រាកដដូច្នេះទាំងស្រុងនោះទេ! មានអ្នករួមដំណើរនឹងអ្នកដែរតើ!!

គ្រាន់តែគេនៅក្រោយ ឬទៅមុនអ្នក ហើយអ្នកខ្ឡះ ក៏នៅប្រដំប្រសងនឹងអ្នក!!

ដូច្នេះ សូមអ្នកមានសមានចិត្តចំពោះជនរួមដំណើរជីវិតផងគ្នា!!

@Heng Oudom

@Heng Oudom

 

បណ្តាំមរណៈ របស់​រឿង​ប្រឌិតមួយ ដោយ ព.ព.

-បណ្តាំមរណៈថា បើខ្ញុំស្លាប់​ទៅសូមកុំចាំបាច់និយាយពីចំណុចល្អរបស់ខ្ញុំធ្វើអី សូមនិ​យាយតែពីកំហុស​បានហើយ មុនពេលបូជា ដើម្បីឲ្យព្រលឹងរបស់ខ្ញុំបានដឹង នឹងធ្វើការកែប្រែ​ ឲ្យក្លាយជាបុគ្គលដែលល្អឥតខ្ចោះ… បើ​ជាតិក្រោយ ​។

បន្ទាប់​ពី អានរឿង​ប្រឌិតមួយ ដោយ ព.ព. ខ្ញុំ​សូម​ដកស្រងឃ្លា​ល្អ​មួយ​ចំនួន…

-អ្នកមានជីវិត គឺជាម្ចាស់ ប្រវត្តិ​សាស្រ្ត​នៃ​អ្នក​ស្លាប់​។

-ជាធម្មតាជោគជ័យអាស្រ័យយើងកំណត់ និងឲ្យតម្លៃថា អ្វីជាជោគជ័យ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែគ្រប់ជោគជ័យគឺពុំដែលកើតឡើងដោយចៃដន្យនោះទេ ហើយឱកាស នៃ​ការ​កើតក៏មានតិចណាស់ដែរ ជានិច្ចកាលតែងលេចជារូបរាង​ដោយ​សារ​ការ​តស៊ូ​ព្យាយាម​ដ៏មោះមុត… ប៉ុន្តែបរាជ័យវិញនោះគឺជាសភាវៈ​ឱកាស​និយម​តាម​ជា​ស្រមោល​គ្រប់​ជំហាននៃមនុស្សគ្រប់ៗរូប ហើយកើតឡើង​ដោយ​គ្មាន​នរណា​ប្រាថ្នា​សម្រាប់​​ខ្លួន​នោះទេ។

– តាង៉ុយ

«… ពុតលោកជាធំ           ច្រងោប៉ុនភ្នំ ឯងមើលមិនច្បាស់

               បម្រើលោកណា     លោកហ្នឹងជាម្ចាស់ លោកស្អប់អ្វីណាស់

                             ប្រាសចាកឲ្យឆ្ងាយ …»

-«ខ្ញុំជាកូន ម៉ែដែរអត់? បើខ្ញុំជាកូនម៉ែដែរ ម្តេច​ក៏​ខួរ​ក្បាល​ខ្ញុំគិ​តខុសពីបងៗ?»

-កុំចង់មក ដណ្តើមអំណាចអញ… អញ​មិន​ទាន់​ងាប់​ទេ… បើអញងាប់ ក៏មិនទាន់ ដល់វេនអ្ហែងដែរ… វាមានលេខរៀង..

-តើខ្ញុំគួរទទួលកញ្ចប់សំណូកដែលវេចជាមួយបណ្តាសា និងឱនក្បាល លក់​ឧត្តម​គតិ​ដែរឬទេ?

-“លោកជោគជ័យ កំពុងតែរង់ចាំ អ្នកព្យាយាម ទៅទទួលគាត់”