នាទី​«ជីវិត​និង​ស្នាដៃនិពន្ធ» -Rfi

oudom

នេះ​គឺ​ជា​បទ​សម្ភាស​របស់​ខ្ញុំ ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ Rfi khmer ក្នុង​នាទី​«ជីវិត​និង​ស្នាដៃនិពន្ធ» ដែល​រៀប​ចំ​កម្មវិធី​ដោយ លោក រឿន ចន្ធី ហៅ​ សិរិមុនី នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៤។

សូម​ស្តាប់​សំឡេង​ទីនេះ៖  http://mfi.re/listen/s54cju97we04aw6/HENG_Oudom_interview_with_RFI-Sereymuny-01-August-2014.mp3

oudom-.

នេះ​ជា​ប្រវត្តិ​សង្ខេប​ខ្លះៗ ដែល​បានលោក សិរីមុនី ស្រង់​យក​ទៅ​និយាយ​ និង​ចោទ​សួរ។

ហេង ឧត្ដម កើត​​ឆ្នាំ​១៩៩២ នៅ​ខេត្ត​កំពង់​ចាម និង​ធំ​ដឹង​ក្តី​នៅ​ខេត្ត​សៀម​រាប​​។ ក្នុង​កុមារ​ភាព​និង​វ័យ​ជំទង់​ ជាង​១០ឆ្នាំ​ ដែល​លោក​រស់​នៅ​ដោយ​គ្មាន​ឪពុក​ម្តាយនៅ​ក្បែរ​មើល​ថែរក្សា​ ហើយ​​លោក​បាន​​​ឆ្លង​កាត់​ជីវិត​ ជាង​៧ឆ្នាំ​​ នៅក្នុង​​មណ្ឌល​កុមារ​កំព្រា និង​ទទួល​ការ​ឧបត្ថម្ភ​ជាបន្ត​បន្ទាប់​ពី​​អង្គការ​ផ្ទះ​របស់​យើង អង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ អង្គការ​ផ្ទះ​បាយ​កុមារ និង​អង្គការ MWC ​។

ក្នុង​ដំណើរ​ជីវិតរសាត​អណ្តែត​​ រហូត​ដល់​ក្លាយ​យុវជន​ វ័យ​ជាង២០ឆ្នាំ​មកនេះ លោក​បាន​ហែល​ឆ្លង​ឧបសគ្គ​ជីវិត​ជាច្រើន ដែលពេល​ខ្លះ​​ធ្វើ​ឱ្យ​លោក ខ្មាស​អៀន រងាឯកា ខ្វះ​ភាព​កក់​ក្តៅ​ បាក់​ទឹក​ចិត្ត អស់​សង្ឃឹម… ​ ​ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​លោក​រឹង​មាំ និង​យល់​ពី​សង្គម​  ព្រម​ទាំង​ក្រេប​រស​ជាតិ​​ជីវិត​កម្សត់​កម្រ​បាន​ច្រើន​ផង​ដែរ​។

សព្វ​ថ្ងៃ លោក​ជា​និស្សិត​ឆ្នាំ​ទី៣ ផ្នែក​នីតិសាស្ត្រ​ប្រៀបធៀប នៃ​​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការបារាំង នៅ​​សាកល​វិទ្យា​ល័យភូមិន្ទ​​នីតិសាស្ត្រនិង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រាជ​ធានី​​ភ្នំពេញ។ ក្នុង​ពេល​សិក្សា លោក​ឆ្លៀត​​ធ្វើ​ការ​​ជា​ការីព័ត៌មាន​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុកមួយ​ចំនួន​។

រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់»របស់លោក​ បាន​ជាប់​ជ័យលាភី​លេខ​២ ពី​សមូហកម្ម​អក្សរ​សិល្ប៍​​​នូហាច ឆ្នាំ​២០១១។ រឿង​នេះ​បាន​​ផ្សាយ​នៅ​ឆ្នាំ​២០១៣​ និង​បោះ​ពុម្ព​លើក​ទី​២ ​ឆ្នាំ​២០១៤ ដោយ​​សមាគម​នេះ​។

ឆ្នាំ​២០១២ លោក​​បាន​ផ្សាយស្នាដៃ​រឿង​ខ្លីពីរ ​«តំណែង​ស្នេហ៍រាជិនី» និង«បុប្ផា​១៤​កុម្ភៈ​» ក្នុង​សៀវ​ភៅ​សហ​និពន្ធ ជាមួយអ្នក​និពន្ធ សួង ម៉ាក់ និង​ អ្នកនិពន្ធ ឡឹក ជំនោរ​ ដែល​មាន​ចំណង​ជើងរួម​​ថា «កាដូថ្ងៃនៃ​ក្តី​ស្រឡាញ់»​។

ដើម​ឆ្នាំ​២០១៣ លោក​បាន​ជាប់​ជ័យលាភី​លេខ​៦ ​ផ្នែក​អត្ថ​បទ​ស្រាវជ្រាវ «សំឡេង​យុវជន​ស្តីពី​អភិបាល​កិច្ច​នៃ​ឧស្សាហកម្ម​និស្សារណកម្ម» ដែល​រៀបចំ​ដោយអង្គ​ការ​​អុកស្វាម​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា និង​សាកលវិទ្យាល័យ​ន័រតុន។ ខែមិថុនា ឆ្នាំ​ដដែល​នេះ តាម​រយៈ​រឿង​«មេរៀន​ជីវិត​មួយ​របស់ពុក» លោក​បាន​ទទួល​ជ័យ​លាភី​លេខ​១​ ផ្នែក​​រឿង​​ប្រលោម​លោក​ខ្នាត​ខ្លី​ប្រធាន​​បទ​«បុរស​ល្អ» ដែល​​រៀបចំ​ឡើង​ដោយ ​សមាគម​យុវ​ជន​​ខ្មែរ​ ក្រោម​ការ​សម្រប​សម្រួល​របស់​​​អង្គ​ការ​​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍ និង​​ក្រសួង​កិច្ច​ការនារី។

ចុង​ឆ្នាំ​២០១៣ រឿង​«ចរចា»របស់​លោកត្រូវ​បាន​អ្នកនិពន្ធ​ ពៅ សុខ បញ្ចូល​ក្នុង​សៀវភៅ​«គន្លឹះ​ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ»។

ជា​កិត្តិយស​ថ្មី​មួយ​ទៀត តាមរយៈរឿងខ្លី​ «ខ្ញុំ​រៀន​ត្រួតថ្នាក់» ដែល​បាន​បក​ប្រែ​​ជា​​ភាសា​អង់គ្លេស លោក ហេង ឧត្តម ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ជាប់​ជ័យលាភី «អ្នកនិពន្ធ​អាស៊ាន​វ័យ​ក្មេងឆ្នាំ​២០១៤» ( The ASEAN Young Writer awards 2014 ) សម្រាប់​តំណាង​ពី​ប្រទេស​កម្ពុជា។ ​ជ័យ​លាភី​នេះ រៀប​ចំ​ដោយគណៈ​កម្មការ​អ្នក​និពន្ធ​អាស៊ាន (​ The S.E.A. write committee ) ដែល​មាន​ការ​ចូលរួម​ទាំង​១០ប្រទេស​នៃ​សមា​ជិក​សហគមន៍​​ប្រជាជាតិ​អាស៊ីអគ្នេយ៍ ហើយ សមាគម​ប៊ិកកម្ពុជា ( PEN Cambodia ) ជា​ស្ថាប័ន​សម្រប​សម្រួល​បញ្ចូន​ស្នាដៃ​ពី​កម្ពុជា ក្នុង​ការ​ប្រកួត​នេះ​។

​វណ្ណកម្ម​មួយ​ចំនួន​ទៀត​របស់លោក ត្រូវបាន​​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​​។

Oudom 2

នេះ​គឺ​សង្ខេប​រឿងរបស់​ខ្ញុំ​ទាំង​១០ ដែល​ត្រូវ​បាន​ស្រង់​ខ្លះយកទៅ​ជជែក​ក្នុង​កិច្ច​សម្ភាស​នោះ

(pdf) Oudom-Summary all ten stories

Publicités

សិល្ប៍វិធីនិទានរឿងបែបថ្មីក្នុងស្នាដៃអក្សរសិល្ប៍ទំនើប

តាម ​បទ​ពិសោធន៍​​កន្លង​មក ​​ទាំង​តាម​រយៈ​ការ​អាន​ប្រលោម​លោក​​របស់​អ្នក​និពន្ធ​រៀម​ច្បង​ ក៏​ដូចជាតាម​រយៈ​ការ​សរសេរ​ស្នាដៃ​ដោយ​ខ្លួន​ឯង​     អ្នក​និពន្ធ​ខ្មែរ​យើង​​​ភាគ​ច្រើន​ ចូល​ចិត្ត​ប្រើ​សិល្ប៍​វិធី​និទាន​​រឿង​(Point of View)​ តាម​បែប​បុរស​ទី​១​ និង​ទី​៣    ដែល​ការ​និទាន​បែប​នេះ​កើត​ឡើង​យូរ​យារ​មក​ហើយ ​តាំង​ពី​កំណើត​ដំបូង​របស់​​ប្រលោម​លោក ​និង​រឿង​ខ្លី​នៅ​កម្ពុជា​ម្ល៉េះ​។

ប៉ុន្តែ​សម្រាប់​សម័យ​ទំនើប​ អក្សរ​សិល្ប៍​ក៏​មាន​ការ​អភិវឌ្ឍន៍​ ការ​និទាន​បែប​មូលដ្ឋាន​ទាំង​ពីរ​​អាច​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ច្រំ​ដែល​ សម្រាប់​អ្នក​អាន​។ ដូច្នេះ​អ្នក​និពន្ធ​ខ្មែរ​ក្មេង​ៗ​មួយ​ចំនួន​ បាន​ងាក​មក​ប្រើ​​សិល្ប៍​វិធី​និទាន​បែប​ថ្មី ​​ដែល​ជួន​កាល​គេ​ប្រើ​​បុរស​ទី​១​ជា​​អ្នក​និទាន​រឿង​ ​តែ​​ឲ្យ​តួ​អង្គ​ក្នុង​រឿង​ម្នាក់​ៗ​​ចែក​គ្នា​និយាយ​ម្នាក់ម្តង​(​១​ក្នុង ​១​)​។ ខ្លះ​ទៀត​​គេ​ប្រើ​បុរស​ទី​៣​ជា​អ្នក​និទាន​រឿង​​ តែ​​លើក​យក​អារម្មណ៍​តួ​អង្គ​ផ្សេង​គ្នាមក​និយាយ​ក្នុង​កាល​អាកាស​តែ​មួយ​​ (៣​ក្នុង​១)​​​​។ ខ្លះក៏​​ឲ្យ​តួ​អង្គ​បុរស​ទី​១​និយាយ​ម្តង​ម្នាក់​​ ​តែ​ស្ថិត​ក្នុង​កាល​អាកាស​តែ​មួយ​ដែរ​(១​ក្រៅ​១)។ ឯ​ខ្លះ​ទៀត​គេ​ប្រើ​វិធីបែប​​ចម្រុះ​ គឺ​បុរស​ទី​១​ផង​ បុរស​ទី​៣​ផង​​(​៣បូក​១​)។

1.   វិធី​និទានបែប​ ១​ក្នុង​១

ខ្ញុំ​សូម​ដាក់​ឈ្មោះ​វិធី​ដំបូង ​ដែល​លើក​មក​និយាយ​ក្នុង​ពេល​នេះ​​ជា​បណ្តោះ​អាសន្ន​​ថា វិធី​និទាន​បែប« ​១​ក្នុង​១​»។ វិធី​និទាន​ប្រភេទ​​នេះ អ្នក​និពន្ធ​​ប្រើ​បុរស​ទី​១​ជា​អ្នក​និទាន​រឿង​ ​តែ​ឲ្យ​តួ​អង្គ​ក្នុង​រឿង​ចែក​គ្នា​និយាយម្តង​ម្នាក់​ ដែល​វិធី​បែប​នេះ​អាច​ប្រើ​តួអង្គ​ចាប់​ពី​ពីរ​នាក់​ឡើង​ទៅ​ ឬ​អាច​ប្រើ​តួ​អង្គ​ក្នុង​រឿង​និយាយ​ទាំង​អស់​គ្នា​ក៏​បាន​។ ខ្ញុំ​ហៅ​ ​​«​១​ក្នុង​១​» គឺ​បាន​ន័យ​ថា អ្នក​និពន្ធ​​​ប្រើតួ​អង្គ​​បុរស​ទី​១​ម្នាក់​​ឲ្យ​​​មក​និយាយ​ហេតុ​ការណ៍​​ ក្នុង​រឿង​ប្រាប់​អ្នក​អាន​ រួច​ប្តូរ​ឲ្យ​តួ​អង្គ​បុរស​ទី​១​ផ្សេង​ទៀត ​(ដែល​ពី​មុន​ជា​បុរស​ទី​៣) ​​មក​និយាយ​ហេតុ​ការណ៍​ប្រាប់​ម្តង ​​ដោយ​​​តួ​អង្គ​ជា​បុរស​ទី​១​ពី​មុន​នោះ​​ក្លាយ​ជា​បុរស​ទី​៣​វិញ​​។ ការ​ប្រើ​វិធី​និទាន​បែប​នេះ ​​អាច​ធ្វើ​បាន​ចំពោះ​តួអង្គ​គ្រប់​គ្នា​នៅ​ក្នុង​រឿង​ ឬ​​ជ្រើស​រើស​យក​តែ​តួអង្គ​​សំខាន់​ៗ​​​ក៏​បាន អាច​ជា​តួ​អង្គ​ឯក​ក្នុង​រឿង​ ឬ​តួអង្គ​​បន្ទាប់​បន្សំ​ដែល​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​នឹង​តួអង្គ​ ឯក​។ ​ប៉ុន្តែ​​អ្នក​និពន្ធ​និង​អ្នក​អាន​ខ្លះ​បាន​ឲ្យ​ទស្សនៈ​ថា ការ​ប្រើ​វិធី​និទាន​បែប​នេះ​ ​អាច​ធ្វើ​ឲ្យ​អ្នក​អាន​វង្វេង​វង្វាន់​បាន​ ព្រោះ​ម្តង​អ្នក​នេះ​និយាយ​ ម្តង​អ្នក​នោះ​និយាយ ​​ត្រឡប់​ត្រឡិន​​មិន​ដឹង​សាច់​រឿង​។ អ្នក​និពន្ធ​ខ្លះ ​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​​មុន​នឹង​ឲ្យ​តួ​អង្គ​ណា​ម្នាក់​និយាយ​ គឺ​គេ​ដាក់​ឈ្មោះ​តួ​អង្គ​នោះ​ជាមុន​សិន​ ហើយ​ចុះ​បន្ទាត់​សរសេរ​សាច់​រឿង​បន្ត​​ ឧទាហរណ៍​តួ​អង្គ​​​ឈ្មោះ​បូរិន​ គេ​សរសេរ​នៅ​ដើម​បន្ទាត់​ថា​​៖ Borin​, Borin’s Part, Borin’s Talk, Borin’s Version ឬ​​ Special Part : Borin Talk ជា​ដើម​។ ​​សម្រាប់​ប្រលោម​លោក​ដែល​​ប្រើ​សិល្ប៍​វិធី​បែប​នេះ​ ហើយ​​មាន​ដាក់​លក់​នៅ​តាម​​ទី​ផ្សារ​ហើយ​នោះ​​ គេ​ឃើញ​មានរឿង​​ «ខែ​រងា»​ របស់​អ្នក​និពន្ធ​ សុខ​ ចាន់​ផល​ ជា​ដើម​​​​​​​, នេះ​បើ​គេ​មិន​រាប់​ពី​ប្រលោម​លោក​ដែល​បក​ប្រែ​ពី​បរទេស​។ ​ក្នុង​សិល្ប៍​វិធី​នេះ​ដដែល​ អ្នក​និពន្ធ​ខ្លះ​មិន​បាន​សរសេរ​ឈ្មោះ​តួ​អង្គ​បញ្ជាក់​​​ទេ ​ដោយ​​​គ្រាន់​តែ​ចុះ​បន្ទាត់​​ហើយ​ចាប់​ផ្តើម​សាច់​រឿង​យក​ប៉ុណ្ណោះ​​ ដូចជា​ក្នុង​រឿង​ «ភ្លេច​»​ ​និង​រឿង​ «​បែក​ផ្លូវ​» របស់​ខ្ញុំ​ដែល​ធ្លាប់​ដាក់​ផ្សាយ​ក្នុង​ប្លក់​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ​ នេះ​​​។ អ្នក​និពន្ធ​ខ្លះ​ទៀត​មិន​​​ដាក់​ឈ្មោះ​ហើយ​មិន​ចុះ​បន្ទាត់​ទៀត​ ដោយ​ឲ្យ​ទស្សនៈ​ថា នៅ​ពេល​​អាន​ អ្នក​អាន​នឹង​ចាប់​បាន​ដោយ​ខ្លួន​​ឯង​ គ្រាន់​តែ​អាច​ភាំង​ៗ​ក្នុង​ពេល​ដំបូង​បន្តិច​ប៉ុណ្ណោះ​ ដូចជា​ក្នុង​រឿង​ «​ព្រោះ​ថ្ងៃ​ស្អែក​រស់​គ្មាន​អូន​»​ របស់​អ្នក​និពន្ធ​​ សួន ​សុបិន ​ជា​ដើម​។

2. វិធី​និទាន​បែប ៣​ក្នុង​១

សម្រាប់​វិធី​និទាន​រឿង​​មួយ​​នេះ​​ អ្នក​និពន្ធ​​បាន​​ប្រើ​ការ​និទាន​បែប​​បុរស​ទី​៣​ជា​គោល​​ ​តែ​លើក​យក​​កាល​អាកាស​ និង​ហេតុ​ការណ៍​ដែល​កើត​ឡើង ​មក​និយាយ​ច្រំ​ដែល​ ដោយ​​ចែក​ព្រឹត្តិការណ៍​ អារម្មណ៍​ និង​ចិត្ត​​គំនិត​របស់​តួ​អង្គ​ម្នាក់​ៗ​ផ្សេង​ៗ​គ្នា។ ក្នុង​វិធី​នេះ​​អ្នក​និពន្ធ​​ប្រៀប​ដូច​ជា​​​អ្នក​ស៊ើប​អង្កេត​​ដែល​មាន​ ញាណ​ពិសេស​​អាច​បែង​ភាគ ​និង​ស៊ើប​ដឹង​ពី​អារម្មណ៍​​ចិត្ត​​​គំនិត​របស់​តួ​អង្គ​នីមួយ​ៗ​បាន​យ៉ាង​ ច្បាស់​ ព្រោះ​ក្នុង​កាល​អាកាស​តែ​មួយ​​​ ​ក្នុង​ឆាក​ដូច​គ្នា អ្នក​និពន្ធ​​អាច​និយាយ​ពី​អារម្មណ៍​ និង​សកម្មភាព​របស់​តួអង្គ​​ពី​រ​ ឬ​បី​នាក់ ​ឬ​ច្រើន​ជាង​នេះ ​​បាន​លម្អិត​ និង​ផ្សេង​ៗ​គ្នា​គួរ​ឲ្យ​​អស្ចារ្យ​​​។ ​ខ្ញុំ​ដាក់​ឈ្មោះ​បណ្តោះ​អាសន្ន​ឲ្យ​វិធី​និទាន​នេះ​ថា «​៣​ក្នុង​១»​ ព្រោះ​ប្រើ​បុរស​ទី​៣​ដើម្បីប្រាប់​​រឿង​ពី​តួ​អង្គ​ម្នាក់​ៗ​ក្នុង​កាល​ អាកាស​តែ​មួយ​។ ​​សិល្ប៍​វិធី​បែប​នេះ​ អ្នក​និពន្ធ​មិន​បាច់​ចុះ​បន្ទាត់​ ឬ​សរសេរ​​ឈ្មោះ​តួអង្គ​មុន​ទេ ព្រោះ​វា​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ការ​និទាន​បែប​បុរស​ទី​៣​ដែរ​ ខុស​ត្រង់​ថា ​អ្នក​និពន្ធ​ប្រើ​កាល​អាកាស​​តែ​មួយ​ តែ​ប្រើ​សកម្មភាព​និង​អារម្មណ៍​ផ្សេង​គ្នា​​ក្នុង​ការ​ពណ៌នា​។ ខ្ញុំ​​ចាប់​ផ្តើម​សរសេរ​រឿង​តាម​វិធី​នេះ​ដំបូង​ បន្ទាប់​ពី​បាន​មើល​​កុន​បរទេស​​រឿង​មួយ​​ គឺ​បន្ទាប់​ពី​តួ​អង្គ​ពីរ​នាក់​ជួប​គ្នា​​ អ្នក​ដឹក​នាំ​រឿង​​បាន​យក​ឆាក​ និង​ប្លង់​ដែល​តួ​អង្គ​ទី​១​បាន​ឃើញ ​មក​ពណ៌នា។​ ម្តងទៀត​​​គេ​​យក​ឆាក​ និង​ប្លង់​ដែល​តួអង្គ​ទី​២​​បាន​ឃើញ​មក​ពណ៌នា​​ គឺ​ធ្វើ​ឲ្យ​អ្នក​មើល​ជ្រួត​ជ្រាប​ពី​អារម្មណ៍​របស់​តួកុន​ទាំង​ពីរ​​បាន​ ជ្រាល​ជ្រៅ​ និង​ច្បាស់​លាស់​ជាង​តាម​ការ​ដឹក​នាំ​រឿង​បែប​ធម្មតា​។ ដូច្នេះ​ខ្ញុំ​ក៏​សាក​យក​វិធី​នេះ ​មក​ប្រើ​ក្នុង​ការ​សរសេរ​ប្រលោម​លោក​វិញ​ម្តង​ ដោយ​សង្ឃឹម​ថា​អ្នក​អាន​នឹង​​​ជ្រួត​ជ្រាប​ពី​អារម្មណ៍​តួអង្គ​នីមួយ​ៗ​បាន​ ស៊ី​ជម្រៅ​ជាង​មុន​។ ​ឧទាហរណ៍​​សម្រាប់​វិធី​បែប​នេះ​ អាច​រក​អាន​​បាន​ក្នុង​រឿង​ «​ថិរវេលា​» ដែល​សរសេរ​ដោយ​​ខ្ញុំផ្ទាល់​​​។

3.   វិធី​និទាន​បែប​ ១​ក្រៅ​១

វី​ធី​និទាន​​នេះ​ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​វិធី​និទាន​បែប ​​​«៣​ក្នុង​១» ​ដែរ​ ខុស​គ្នា​ត្រង់​ថា​​អ្នក​និពន្ធ​​ប្រើ​បុរស​ទី​១​ដើម្បី​​និទាន​រឿង។ ​ខ្ញុំ​ហៅ ​«​១​ក្រៅ​១​» ព្រោះ​ថ្វី​បើ​តួ​អង្គបុរស​ទី​១​ទាំង​នោះ​​​ស្ថិត​នៅ​ក្នុង​​កាល​អាកាស​ដូច​ គ្នា​(The Same Setting) តែ​ពួក​គេ​មិន​អាច​ស្វែង​យល់​ពី​អារម្មណ៍​ ឬ​ ចិត្ត​គំនិត​របស់​តួ​អង្គ​ដទៃ​ទៀត​បាន​ទេ​ ខុស​ប្លែក​ពី​វិធី​ «​៣​ក្នុង​១​» ដែល​បុរស​ទី​៣​ជា​អ្នក​និពន្ធ​ដឹង​ពី​អារម្មណ៍​របស់​តួអង្គ​ខ្លួន​ដែល​មាន​ ចំពោះ​គ្នាយ៉ាង​​ច្បាស់​។ ​ម្យ៉ាង​ទៀត​ សូម​កុំ​ច្រឡំ​វិធី​នេះ​ទៅ​នឹង​វិធី​ «​១​ក្នុង​១​»​ ព្រោះ​«​១​ក្នង​១​» តួ​អង្គ​និទាន​រឿង​ក្នុង​កាល​អាកាស​ផ្សេង​គ្នា ​ឯ«​១​ក្រៅ​១»​តួ​អង្គ​និយាយ​ក្នុង​កាល​អាកាស​តែ​មួយ​។​ឧទាហរណ៍​​សម្រាប់​ វិធី​​នេះ​ សូម​អាន​រឿង​ «​បែក​ផ្លូវ​» របស់​ខ្ញុំ​​។

4.   វិធី​​ចម្រុះ ឬ​ ៣បូក​១

សម្រាប់​វិធី​និទាន​រឿង​ចុង​ក្រោយ​នេះ ​ជា​វិធី​ចម្រុះដោយ​អ្នក​និពន្ធ​ប្រើ​វិធី​និទាន​បែប​បុរស​ទី​១​ផង​ បុរស​ទី​៣​ផង​ សរសេរ​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​រឿង​តែ​មួយ​។ វិធី​បែប​នេះ​ខ្ញុំ​ធ្លាប់​ឃើញ​អ្នក​និពន្ធ​រៀម​ច្បង​យើង​ប្រើ​រួច​មក​ហើយ​ ដែល​កាល​នោះ​មិន​ធ្លាប់​ដឹង​សោះ​ ថា​អ្នក​និពន្ធ​អាច​ប្រើ​វិធី​នេះ​បាន​ដូច​គ្នា ​ព្រោះ​ដំបូង​គិត​ថា វា​ជា​វិធី​ទល់​ច្រក​របស់​អ្នក​និពន្ធ​ប៉ុណ្ណោះ​ ដ្បិត​​អ្នក​និពន្ធ​មិន​អាច​ប្រើ​វិធី​តែ​មួយ​(បុរស​​ទី​១​ឬ​ទី​៣)​​ដើម្បី​ ពណ៌នា​សាច់​រឿង​របស់​ខ្លួន​ឲ្យ​​គ្រប់​ជ្រុង​ជ្រោយ​បាន​។ បើ​ចាំ​មិន​ខុស​ទេ ការ​សរសេរ​​បែប​នេះ​ ធ្លាប់​ឃើញ​មាន​នៅ​ក្នុង​រឿង​ «​កម្រង​ផ្កា​ម្លិះ​» របស់​អ្នក​និពន្ធ​ ម៉ៅ​សំណាង​។ ចំណែក​រឿង​របស់​ខ្ញុំ​ក៏​មាន​ខ្លះ​ៗ​ដែរ​ ដូច​ជា​​ក្នុង​រឿង​ «​សង្សារ​ប្រុស​»​ ជា​ដើម​។ ក្នុង​នោះ​អ្នក​និពន្ធ​ សួន​ សុបិន​ ក៏​ប្រើ​វិធី​បែប​នេះ​ក្នុង​រឿង​ «​ព្រោះ​ថ្ងៃ​ស្អែក​រស់​គ្មាន​អូន​»​ ផង​ដែរ​។

អត្ថបទ​ដោយ​៖ សួង​ ម៉ាក់​ (ផ្កាយ​ណូវែល)

អ្នកនិពន្ធជំនាន់ថ្មី

អ្នកនិពន្ធជំនាន់ថ្មី

​by Tararith

អ្នកនិពន្ធជាមនុស្សសេរី និងជាអ្នកច្នៃប្រឌិតបង្កើតថ្មី ដែលត្រូវការដឹងរឿងរ៉ាវ ក្នុង ធម្មជាតិ និងសង្គមជាច្រើន ដើម្បីយកមកប្រឌិតប្រៀបធៀប ទៅតាមទំនោរ នៃឆន្ទៈ របស់ខ្លួនទុកជាការកំសាន្ត និងពិចារណា សំដៅ​ទៅ​រក​ការ​បង្កើត​គំនិត​ថ្មី។ អ្នកនិពន្ធ អាចតាក់តែងព្រឹត្តិការណ៍មួយទៅជាកំណាព្យ ជា​រឿងប្រឌិត ជាចម្រៀង ភាពយន្ត និងរូបថ្លុក កំប្លុក​កំប្លែ​ង​ក៏មានដែរ ទៅតាមជំនាញ ឬទេពកោសល្យរបស់ខ្លួន ដោយរើសយកស្ថានការណ៍​សង្គមណាមួយ ទុក​ឲ្យ​អ្នក​អាន​ពិចារណា។

ក្នុងទសវត្សទី៥០, ៦០ និង៧០អ្នកនិពន្ធខ្មែរមួយចំនួន ប្រឹងប្រែងត្រួសត្រាយកសាងស្នាដៃរបស់​ខ្លួន រហូត​ទទួល​បាន​ការគាំទ្រពីសាធារណៈជន ពិសេសក្នុងរបបសាធារណរដ្ឋ ដែលមានការបោះពុម្ពផ្សាយច្រើន ឯបច្ចុប្បន្ន អ្នកនិពន្ធ

ហាក់បានចាត់ទុកជាក្រុមមនុស្ស ដែលមិនមានសារៈសំខាន់ និងពុំមានអ្នកគ្រប់ គ្រងត្រឹមត្រូវ ទោះបីមានក្រុម សមាគម​អ្នក​និពន្ធពីរ ឬបី ប្រឹងប្រែងឈរដោយខ្លួនឯង ទាំងត្រដាបត្រដួសក៏ដោយ ក៏គេមិនអាចរកឃើញភាពច្បាស់លាស់មួយ

ដើម្បីអភិឌ្ឍន៍វិស័យសំណេរ និងជាទីសង្ឃឹមសម្រាប់អ្នកនិពន្ធខ្មែរស្រករថ្មីឡើយ។

នៅប្រទេសកម្ពុជា វិជ្ជានិពន្ធ មិនទាន់ជាមុខវិជ្ជាវិទ្យាសាស្រ្តមួយ ដូចមុខវិជ្ជាឯទៀតទេ ការដែល​ប្រជា​ជន​ខ្មែរ​មួយ​ចំនួន​បច្ចុប្បន្ន អាចតាក់តែងនិពន្ធបាន ការដែលគេ ហៅអ្នកនិពន្ធ ថាជាអ្នកនិពន្ធ គឺ​មាន​តិចណាស់ ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះបណ្ដាលវិជ្ជានិពន្ធ។ ឯការបណ្ដុះ​បណ្ដាល​ទៀត​សោត​មាន​រយៈ​ពេល​ខ្លីហើយ​មិនមានមេរៀនច្បាស់លាស់​តាម​បែប​វិជ្ជា​ជីវៈ សម្រាប់អ្នកសិក្សាឡើយ។ គ្រូបង្រៀន មួយចំនួន ដែលត្រូវបានអញ្ជើញឲ្យចូលទៅក្នុងថ្នាក់ គ្រាន់តែជាអ្នកឧទ្ទេស

នាម រំលែកបទពិសោធ ដែលពួកគាត់មានទៅឲ្យអ្នកជំនាន់ថ្មីតែប៉ុណ្ណោះ ឬ មួយពួកគាត់បង្ហាញយ៉ៗទៅសិក្ខាកាម ពី​របៀប​សរសេរកំណាព្យ ឬប្រលោម លោកតាមបែបបុរាណ ជាជាងវែកញែកបង្ហាញពីគំនិត ដែលមាននៅក្នុងអត្ថ​បទ​អក្សរសិល្ប៍ទាំងនោះ ឬបង្កើតគំនិតថ្មី សម្រាប់បម្រើសេចក្ដីត្រូវការ របស់អ្នកអានក្នុងសង្គមសព្វថ្ងៃ។ ពេល​ខ្លះ​វាគ្មិន​មិន​ហ៊ាន​បកស្រាយនូវទស្សនៈរបស់រឿង ដែលឆ្លុះបញ្ចាំងមកសង្គម ឬសំណួររបស់សិក្ខាកាម ព្រោះគាត់បារម្ភ គឺបារម្ភថា អាចនឹងប៉ះពាល់ដល់ផ្នែកនយោបាយ ឬការដឹកនាំរបស់ស្ថាប័នខ្លះក្នុងរដ្ឋាភិបាល ក៏មានដែរ។

មានរឿងមួយដែលគួរយកមកគិតពិចារណា គឺក្នុងដំណាក់កាលរៀនសូត្រមុខវិជ្ជា
ទូទៅនៅវិទ្យាល័យ ឬមហាវិទ្យាល័យ មនុស្សម្នាក់ៗរៀនអស់សៀវភៅច្រើនណាស់
តែមានមនុស្សតិចណាស់ ដែលបានសរសេរ ឬផ្សាយសៀវភៅមួយក្បាល ពិសេស
ប្រជាជនខ្មែរ កុំថាឡើយសរសេរសៀវភៅ សូម្បីនិយាយចេញមកនូវអ្វីដែលខ្លួនរង
ទុក្ខ រងគ្រោះ ក៏មិនហ៊ាននិយាយដែរ ព្រោះខ្លាចនិយាយទៅ នាំឲ្យខ្លួនកាន់តែមាន
ទោសថែមទៀត។ ជាក់ស្ដែង ខ្មែររាប់លាននាក់រងគ្រោះ ក្នុងរបបខ្មែរក្រហម តែ
មានអ្នកសរសេរអំពីរឿងទាំងនេះតែប៉ុន្មាននាក់ប៉ុណ្ណោះ ហើយអ្នកដាក់ពាក្យ
បណ្ដឹងទៅតុលាការអន្ដរជាតិ ដើម្បីរកយុត្តិធម៌ ក៏មិនមានច្រើនដែរ។ នេះសបញ្ជាក់
ឲ្យឃើញថា ការអប់រំនៅកម្ពុជានៅមានភាពទន់ខ្សោយនៅឡើយ ពិសេសវិស័យ
តែងនិពន្ធ ដែលការមិនយកចិត្តទុកដាក់លើបញ្ហានេះ នាំឲ្យសង្គមពុំមានការតស៊ូមតិ
ហើយរិតតែបណ្តោយឲ្យមានភាពផ្ដាច់ការក្នុងសង្គម ដែលត្រូវការការកសាងលទ្ធិ
ប្រជាធិបតេយ្យថែមទៀត។

ប្រទេសកម្ពុជាជាប្រទេសក្រីក្រ មានអ្នករស់នៅក្រោមបន្ទាត់នៃភាព្រីក្រ ប្រហែល

៣០ភាគរយ ក្នុង​ចំណោមនោះ ក៏មានអ្នកនិពន្ធផងដែរ។ អ្នកនិពន្ធខ្មែរសម័យបច្ចុប្បន្ន

នៅចូលចិត្ត នៅស្រឡាញ់ និងចង់ចូលរួមលើកស្ទួយវិស័យនេះ នាំគ្នាជួបជុំគ្នា រៀន

សូត្រ អាន សរសេរ និងផ្សព្វផ្សាយ។ ការខ្វះខាតក្នុងជីវភាពរស់នៅ ជាហេតុនាំឲ្យ

អ្នកនិពន្ធមមាញឹករត់ទៅប្រកបរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិត។ ការរស់នៅដោយ

ពឹងផ្នែកលើរបរជាអ្នកនិពន្ធ មានអ្នកនិពន្ធខ្មែរតិចណាស់ដែលធ្វើបាន ហើយរឹត

តែមានការលំបាក ប្រសិនជាអ្នកនិពន្ធរូបនោះ ជាអ្នកនិពន្ធឯករាជ មិនចំណុះអ្នក នយោបាយ ឬមិនមែនជាសមាជិកគណបក្សនយោបាយដែលមានអំណាច ឬ

គណបក្សនយោបាយផ្សេងទៀត។

ព្រោះតែភាពក្រីក្រ បាននាំឲ្យអ្នកនិពន្ធមួយចំនួនសរសេរបម្រើអ្នកមានអំណាច
ដោយពុំដឹងខ្លួន ដើម្បីទទួល​បានលាភសក្ការៈ បុណ្យសក្កិពីអ្នកនយោបាយ ឬ
ការសន្យាផ្សេងៗ។ អ្នកនិពន្ធខ្លះចង់សរសេរពីបញ្ហាសង្កម តែពួកគេបារម្ភ នឹង
ស្ថានភាពរបស់គេ ហើយក៏បោះបង់គំនិតនេះចោល។ ជាងនេះទៀត ស្ថានប័ន
ផ្សព្វផ្សាយខ្លះ បានជ្រើសរើសអ្នកនិពន្ធឲ្យធ្វើការងារ តែមើលយូរៗទៅ ហាក់
ដូចជាគេបាន ឲ្យប្រាក់ខែទៅអ្នកនិពន្ធ ដើម្បីបំបិទមាត់តែប៉ុណ្ណោះ។ ម៉្យាងទៀត
មានសមាគមខ្លះ ដែលធ្វើការងារខាង ផ្នែកតែងនិពន្ធ ត្រូវបានគ្រប់គ្រងដឹកនាំ
ដោយអ្នកនយោបាយ ដែលចង់មិនចង់ អ្នកនិពន្ធរណបទៅនឹងឥទ្ធិពលរបស់
អ្នកដឹកនាំនោះស្រេចទៅហើយ។

អ្នកនិពន្ធមួយចំនួននៅកម្ពុជា តែងតែជួបនឹងការប្រឈមមុខ បន្ទាប់ពីផ្សាយ

ស្នាដៃរបស់ខ្លួន ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើង? ព្រោះអ្នកនិពន្ធ

សរសេរពីបញ្ហា ដែលកើតមានឡើងក្នុងសង្គម ពិសេសបញ្ហាពុករលួយ ការ

ប្រើប្រាស់អំណាចជ្រុសហួសរបស់អ្នកមានអំណាច និងក្រុមគ្រួសារខ្លះ ការ
រំលោភយកដីធ្លី ការសម្លាប់មនុស្សក្រៅច្បាប់ អំពើផិតក្បត់របស់អ្នកមាន
អំណាច ការកាប់បំផ្លាញព្រៃឈើ ការរំលោភច្បាប់នានារបស់មន្រ្តី សិទ្ធិ
សេរីភាពរបស់មនុស្ស ពិសេសគឺសរសេររិះគន់ជនជាតិយួន ឬទំនាក់ទំនង
របស់មន្រ្តីនយោបាយជាមួយយួន និងបញ្ហបាត់បង់ទឹកដីខ្មែរជាដើម។ មានអ្នក
និពន្ធជាច្រើន បានតែងនិពន្ធ និងផ្សាយស្នាដៃរបស់ខ្លួន តាមកាសែត ទស្សនា
វដ្ដី និងប្លក់ ដោយប្រើឈ្មោះប្រឌិត ការលាក់បាំងអត្តសញ្ញាណបែបនេះ ព្រោះ
អ្នកនិពន្ធដឹងខ្លួនឯងច្បាស់ណាស់ថា អាចនាំទៅរកសេចក្ដីសុខ ជាជាងមាន
ទុក្ខទោស បើអជ្ញាធរ ឬអ្នកមានអំណាចរកឃើញ និងចោទប្រកាន់។

ជាក់ស្ដែងការស្លាប់ ការនិរទ្ទេស និងចាប់អ្នកសារព័ត៌មានខ្លះដាក់ពន្ធនាគារ អាច

ជាការគំរាមដោយផ្ទាល់ ឬដោយប្រយោលចំពោះសេរីភាពបញ្ចេញមតិ។ អ្នកនិពន្ធ

ជាអ្នកបញ្ចេញមតិសេរីមួយ នៅពេលដឹងពីព័ត៌មានទាំងនេះ អ្នកនិពន្ធញ៉ាក មិន

ហ៊ានសរសេរប្រឌិត បញ្ចេញគំនិតដែលខ្លួនមាន ជាក់ស្ដែង ព្រះតេជគុណ ថាច់

ប្រីយ៍ជាគឿន ជានិពន្ធនាយកកាសែតព្រៃនគរ និងជាកវីផងនោះ ថ្មីៗនេះ ត្រូវ

ទទួលការគំរាមពីអ្នកមានអំណាច រហូតបង្ខំឲ្យព្រះអង្គនិរទ្ទេសខ្លួន ចេញពីប្រទេស

កម្ពុជា។ លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក និងជាអ្នកនិពន្ធផង

នោះ ធ្លាប់ទទួលទោសជាប់គុករាប់ខែ។ តើអ្នកនិពន្ធគួរសរសេរអំពី អ្វីដើម្បីកុំឲ្យ

មានទោស? បើអ្នកនិពន្ធសរសេរអ្វីតាមដែលគេប្រាប់នោះ គេមិនមែនជាអ្នកនិពន្ធ

ឡើយ។

បើដឹងថាសរសេរពីបញ្ហាទាំងនេះនឹងមានគ្រោះថ្នាក់ ហេតុអ្វីមិនឈប់សរសេរ ឬ

សរសេរពីអ្វីផ្សេងវិញ? នេះជាសំណួរ ដែលយើងតែងតែបានទទួលពីអ្នកអាន

ពីមិត្តភក្តិខ្លះ។ អ្នកនិពន្ធមានច្រើនប្រភេទ តែទាំងអស់គ្នាគឺប្រាថ្នានាំការកម្សាន្ដ

ទៅអ្នកអាន និងអ្នកទស្សនា អ្នកនិពន្ធដែលសរសេរអំពីបញ្ហាសង្គម ព្រោះគេ

ឈឺឆ្អាល មិនអាចអត់ធ្មត់ ឬទុកឲ្យរឿងរ៉ាវអយុត្តិធម៌ក្នុងសង្គមរំលងទៅបាន។ ចំពោះ

ទង្វើរំលោភបំពានរបស់មនុស្សមួយចំនួនមកលើជនសាមញ និងការធ្វើនយោបាយ

ដែលនាំទៅរក ការបាត់បង់អធិបតេយ្យភាពជាតិ មិនមែនជាសិទ្ធផ្ដាច់មុខរបស់

មនុស្សមួយក្រុម ដែលកំពុងតែមានអំណាចនៅក្នុងសង្គម ឬកំពុងតែដឹកនាំសង្គម

នោះទេ រឿងរ៉ាវក្នុងសង្គមទាំងមូល ក៏មិនមែនជារបស់អ្នកនយោបាយតែម្នាក់ឯង

ឬជនមួយក្រុមនោះដែរ គឺមានប្រជាជនចូលរួមទទួលខុសត្រូវផង ព្រោះប្រជាជន

ចូលរួមគ្រប់សកម្មភាពរបស់រដ្ឋាភិបាល ពិសេសការបោះឆ្នោតជាសាកលជ្រើស

រើសតំណាងរាស្រ្ត ដូច្នេះហើយទើបអ្នកនិពន្ធ បំពេញតួនាទីរបស់ខ្លួន គឺសរសេរ

ពីអ្វីដែលគេមើលឃើញ ពីអ្វីដែលជាឧត្តមគតិរបស់គេ ដើម្បីបង្ហាញទៅសាធារណ

ជនឲ្យបានដឹង។ បើប្រជាជន បើអ្នកនិពន្ធនិយាយ ឬសរសេររិះគន់ទង្វើ ឬ

ព្រត្តិការណ៍សង្គមមិនបាន ធ្វើឲ្យមានទោសមានន័យថា អ្នកទទួលខុសត្រូវ

ក្នុងសង្គមកំពុងតែបិទបាំងពីភាព អសមត្ថភាពរបស់ខ្លួន ឬមានអ្វីដែលមិនប្រក្រតី

មិនលែង។ ការសរសេរតិទៀន រិះគន់អ្នកដឹកនាំ ពិសេសអ្នកដឹកនាំក្នុងសង្គម

ផ្ដាច់ការ អ្នកនិពន្ធនឹងជួបប្រទះនឹងគ្រោះថ្នាក់ពិតប្រាកដ តែអ្នកនិពន្ធនៅស្ងៀម

មិនបាន ព្រោះគេមិនចង់រស់នៅ ដោយឃើញទង្វើជិះជាន់ បំបិទសេរីភាពមនុស្ស

ជាតិដូចគ្នា។

អ្នកនិពន្ធ មានឋានានុក្រមនៅក្នុងសង្គម ដូចអ្នកបច្ចេកទេស ឬអ្នកនយោបាយដែរ។ អ្នកនិពន្ធខ្លះត្រូវគេគោរព គេចាត់ទុកថា ជននោះ និងស្នាដៃរបស់គាត់ ថាជាស្នាដៃ ឆ្នើម និងជាអ្នកមានប្រជាប្រិយ៍ មានគំនិតថ្វីដៃសរសេរល្អ អ្នកនិពន្ធខ្លះ ទើបតែចាប់ ផ្ដើមសរសេរ ដែលត្រូវរៀនសូត្រយូរអង្វែង ឯអ្នកនិពន្ធ ខ្លះទៀតសរសេរយករួចតែ
ខ្លួន ស្នាដៃរបស់គេ សរសេរសរសើរអ្នកដឹកនាំ ដើម្បីប្រាក់កាសតិចតួច គឺគេអាច ធ្វើបានតែប៉ុណ្ណឹង​ដោយពិបាករាវរកឲ្យឃើញនូវឧត្តមគតិថ្លៃថ្លា និងការបង្កើតថ្មីអ្វីទេ។ សំណេររបស់អ្នកនិពន្ធប្រភេទនេះ មាននៅគ្រប់សម័យកាល ពិសេសសម័យបច្ចុប្បន្ន។

នៅប្រទេសកម្ពុជា មានអ្នកនិពន្ធច្រើនរស់ដោយភាពស្ងាប់ស្ងាត់ តែក៏មានអ្នក

និពន្ធមួយចំនួនផងដែរ ដែលរងការគម្រាមដោយផ្ទាល់ ឬដោយប្រយោល ពីជន

អានាមិក ឬអ្នកមានតួនាទីធំដុំក្នុងសង្គម រហូតដល់ធ្វើឲ្យអ្នកនិពន្ធខ្លះរត់ភៀស

ខ្លួនចេញពីប្រទេស ទៅសុំសិទ្ធិជ្រកកោណនៅបរទេសក៏មាន។

អ្នកនិពន្ធគឺជាអ្នកប្រឌិតព្រឹត្តិការណ៍ក្នុងសង្គម ធ្វើឲ្យអត្ថបទមួយមានលំនាំចាប់ផ្ដើម និងបញ្ចប់ ឯនយោបាយជាអ្នកបង្កើតព្រឹត្តិការណ៍សង្គម ឲ្យកើតឡើងជាក់ស្ដែង តាមរយៈកម្មវិធី ឬទង្វើរបស់ខ្លួន។ អ្នកនិពន្ធ មិនមែនជាអ្នកនយោបាយទេ តែពេលខ្លះ អ្នកនយោបាយបានចោទអ្នកនិពន្ធថា បានបម្រើនយោបាយ ឬប្រឆាំងជំទាស់នឹង នយោបាយក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយនោះ។ ផ្ទុយទៅវិញ អ្នកនិពន្ធ ជាអ្នកបម្រើអារម្មណ៍សាធារណជនក្នុងសម័យកាលរបស់គេ។ ឯអ្នកនយោបាយ

វិញ តែងតែស្ដែងឲ្យឃើញនូវអំពើផ្សេងៗ ដូចជាអំពើពុករលួយ ការប្រើអំណាច

ផ្ដាច់ការ មិនគោរពច្បាប់ និងការរំលោភបំពាននានា តាមកម្លាំងបុណ្យសក្តិរបស់គេ

ដែលធ្វើឲ្យអ្នកនិពន្ធខ្លះចាប់យកព្រឹត្តិការណ៍ទាំងនោះមកតាក់​តែងមិនចប់មិនហើយ

នាំឲ្យអ្នកនយោបាយរអៀសខ្លួន បង្កើតច្បាប់ការពារមុខមាត់របស់ខ្លួន ដោយខ្វះ

ហេតុផល និងកាន់តែអាមាសចំពោះមុខសាធារណៈជន ហើយពួកគេកាន់តែខិតខំ

បិទបាំងភាពអាមាសរបស់គេថែមទៀត។

បញ្ញាវន្ដមួយចំនួនបានក្លាយទៅជាអ្នកទទួលទោសទណ្ឌ នេះជាការធម្មតា ដែល

អ្នកសរសេរ អ្នកនិពន្ធ ជាអ្នកមានទោសនៅក្នុងសង្គមផ្ដាច់ការនានា ហើយច្បាប់

ទម្លាប់មិនដែលបានចាប់ជនបង្កហេតុ មកកាត់ទោសឡើយ នៅកម្ពុជាក៏មាន

ករណីដូចគ្នានេះដែរ។ ព្រឹត្តិការណ៍ទាំងនេះ បញ្ជាក់ថា សង្គមខ្មែរត្រូវការការកែ
ទម្រង់វែងឆ្ងាយថែមទៀត ពិសេសសិទ្ធិក្នុងការបញ្ចេញមតិ ដូចដែលមានចែង
ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលការអនុវត្តនៅមានតិចតួចនៅ
ឡើយ។

ដើម្បីបញ្ចៀសកុំឲ្យមហាជនចាប់អារម្មណ៍នឹងការកាន់អំណាចដ៏យូររបស់ខ្លួន
និងបក្សពួកខ្លួន អ្នកនយោបាយខ្លះ តែងតែបន្ទោសទៅលើស្ថានការរបស់សង្គម
ពីមុនៗ ពិសេសក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ថាជាមូលហេតុដែល
បណ្ដាលឲ្យសង្គមសព្វថ្ងៃអន់ថយ ព្រោះថាសង្គមបច្ចុប្បន្ន ចាប់ថ្ដើមពីបាតដៃ
ទទេរ។ ការប្រៀបធៀបនេះ បើស្ដាប់គឺពិរោះ អាចជាការពិត តែបើគិតវិញ នឹង
ឃើញថា អ្នកដឹកនាំពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យសង្គម ដែលខ្លួន
កំពុងគ្រប់គ្រងចម្រើនទៅមុខបាន ទើបលើកយកឧបសគ្គជាង៣០ឆ្នាំមុនមក
ប្រៀបធៀប ដោយមិនបានយកភាពអន់ថយរបស់ខ្លួន ទៅតទល់ជាមួយ
ប្រទេសរីកចម្រើនរបស់ពិភពលោកឡើយ។ ជាងនេះទៀត គ្មាននរណាអាច
និយាយពីភាពអន់ថយ ពុករលួយ និងភាពផ្ដាច់ការរបស់ខ្លួនបានថែមទៀតផង
ពិសេសអ្នកនិពន្ធ បើកាលណាតាក់តែង ពីភាពអសមត្ថភាពរបស់អ្នកនយោបាយ
ដែលបង្ហាញតាមរយៈការដឹកនាំសង្គមដោយខុសឆ្គងនោះ អ្នកនិពន្ធអាចនឹងមាន
ទោសមិនលែង។

អ្នកនិពន្ធ កាន់ប៊ិកសរសេរ មានគំនិតប្រឌិត និងមនោសញ្ចេតនាច្រើន ឯអ្នកនយោ

បាយគ្រប់គ្រងប្រទេសជាតិទាំងមូល មានទាហាន ប៉ូលីលនៅក្នុងដៃ បង្កើតច្បាប់

ដើម្បីគ្រប់គ្រងមនុស្ស និងស្ថានការណ៍សង្គម ដែលការងារនេះមិនដូចគ្នាទេ តែអ្នក

នយោបាយត្រូវផ្ដល់ឱកាសឲ្យអ្នកនិពន្ធឲ្យបានច្រើន ចៀសវាងចាត់ទុកអ្នកនិពន្ធ

ជាសត្រូវ ឬជាក្រុមមនុស្សបំរើនយោបាយឲ្យបក្សជំទាស់ ព្រោះតែសំណេររបស់

ពួកគេ មិនគាំទ្រសកម្មភាពរបស់ខ្លួន។ កាលណារដ្ឋណាមួយចាត់ទុកអ្នកនិពន្ធជា

ខ្មាំងរបស់សង្គមខ្លួន អ្នកកាន់អំណាចនៃរដ្ឋនោះ ឬច្បាប់រដ្ឋនោះ នឹងដំណើរការទៅ

ដោយជ្រុលនិយមមិនលែង។ អ្នកនិពន្ធបច្ចុប្បន្ន មិនស្ថិតនៅឯកោដូចអ្នកនិពន្ធ

សម័យមុនៗឡើយ គឺយើងមានការទាក់ទងគ្នា ជួយគ្នា ទាំងនៅក្នុងស្រុក និងនៅ

លើឆាកអន្ដរជាតិ ដែលសំឡេងអំពាវនាវរបស់អ្នកនិពន្ធ ធ្វើឲ្យមានរលកជា

អន្ដរជាតិ ដូចដែលលោក Liu Xiaobo អ្នកនិពន្ធចិនបានទទួលអីចឹងដែរ។

ជារួម ទោះបីមានការគំរាមខ្លះក៏ដោយ អ្នកនិពន្ធខ្មែរបច្ចុប្បន្ន កំពុងធ្វើដំណើរ

សន្សឹមៗ អភិវឌ្ឍន៍ស្នាដៃរបស់ខ្លួន ដោយមានអ្នកនិពន្ធក្មេងៗមួយចំនួនកំពុង

ដើរតួនាទីក្នុងសង្គម ព្យាយាមអភិវឌ្ឍន៍ការតែងនិពន្ធ និងបោះពុម្ពផ្សាយ ដោយ

បង្កើតblog ផ្សព្វផ្សាយគំនិតរបស់ខ្លួន ទោះបីពួកគេដឹងថាស្ថិតក្នុងភាពភ័យខ្លាចក្ដី

តែដើម្បីជួយជំរុញឲ្យវិស័យនេះទៅមុខលឿន ជំនួយគ្រប់យ៉ាងពីអ្នកនិពន្ធបរទេស

អង្គការ ស្ថាប័ននានាជាការចាំបាច់ ដើម្បីចូលរួមលើកស្ទួយការបណ្តុះបណ្ដាល

ការបោះពុម្ពផ្សាយ ឆ្ពោះទៅរកការកសាងសមត្ថភាពអ្នកនិពន្ធខ្មែរជំនាន់ថ្មី ដែល

សម្បូរណ៍ដោយទេពកោសល្យស្រាប់ហើយនោះ ឲ្យរិតតែមានវិជ្ជាជីវៈនិពន្ធ

ពេញលេញ បំរើការអាន និងការរីកចម្រើននានាក្នុងងសង្គមដោយស្ងៀមស្ងាត់

សន្ដិភាព សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីនៅកម្ពុជា៕

ស្ថានភាពអ្នកនិពន្ធខ្មែរបច្ចុប្បន្ន

ស្ថានភាពអ្នកនិពន្ធខ្មែរបច្ចុប្បន្ន

by Tararith

១.ប្រវត្តិអ្នកនិពន្ធខ្មែរសម័យមុន

ខ្មែរជាជាតិសាសន៍មួយដែលកើត និងរស់នៅលើទឹកដី​កំណើត​របស់​ខ្លួន​តាំង​​ពីយូរ​យារ​ណាស់​​មកហើយ ខ្មែរមានអក្សរ ភាសា មានការតែងនិពន្ធតាំងពី បុរាណ​កាល​ម្ល៉េះ។

វិស័យតែងនិពន្ធបានវិវត្តន៍ ទៅតាមសង្គមកាល ដូចជាកាល ពីជំនាន់ដើម អ្នកនិពន្ធ តាក់​តែងកំណាព្យ​ដើម្បី​​សូត្រថ្វាយ​​ព្រះអាទិទេព តែងសម្រាប់ព្រះរាជា ដោយចារនៅតាមផ្ទាំងសិលា តាម​សស្រ្ដាស្លឹក​រឹត និងក្រោយមក​ទៀត ទើបមានសរសេរនៅក្នុងសៀវភៅ និង​ភាពយន្ត។

អ្នកនិពន្ធមុន និងក្នុងសម័យមហានគរ ភាគច្រើនគឺជាពួកអ្នកមានឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម ពិសេស​គឺ​ជា​អ្នក​​ ដែលស្ថិតនៅក្នុងត្រកូលក្សត្រ និងពួកព្រាហ្មណ៍ អ្នក​កាន់​សាសនា។ តែ​ក្រោយ​មក​បន្ទាប់ពីព្រះពុទ្ធ​សាសនា​ចូលមកជ្រៅក្នុង ស្រទាប់មហាជន វិស័យតែងនិពន្ធ បានផ្លាស់ប្តូរប្រែប្រួល​បន្ដិច​ដោយ​អ្នក​និពន្ធ​មានពួកវណ្ណៈក្សត្រ ព្រះ​សង្យ និងមហាជន។ ការតែង និពន្ធ មានការប្រែប្រួល ខ្លាំង គឺចាប់ពី​សម័យ​ឧត្ដុង្គ​និងបន្ទាប់មកក្នុង​ដំណាក់កាលអាណា​និគម​និយមបារាំង។

អ្នកនិពន្ធ តែងតែនិពន្ធពីសាសនា ទំនៀមទម្លាប់ប្រពៃណី និងស្ថានការណ៍សង្គម​។ ពិសេស​​បន្ទាប់​​ពីដំណាក់​កាល​អាណានិគមនិយមបារាំង អ្នកនិពន្ធខ្មែរបានតាក់ តែង​ប្រឌិតរឿង និង​កំណាព្យល្បើកជាច្រើន ដែលស្នាដៃទាំងនេះបម្រើការកម្សាន្ត និង​ការ​ត្រិះរិះពិចារណា ដល់​សារធារណជន។

មានអ្នកនិពន្ធខ្មែរសម័យមុនជាច្រើន ដែលអ្នកអានខ្មែរ សព្វថ្ងៃមិនស្គាល់ឈ្មោះ តែ​ពួក​គេ​បាន​បន្សល់​ទុក​ស្នាដៃ​ដ៏ច្រើន ជាធនធានសម្រាប់ការដុះដាលរបស់ មនុស្ស​ខ្មែរជំនាន់ថ្មី គ្រាន់​ពិចារណា រៀនសូត្រ​គ្រប់​សម័យ​កាល។

រឿងព្រេងខ្មែរ រឿងធនញ្ជ័យ អាជ័យមីគ្រត កំណាព្យល្បើកដ៏ច្រើន ដែល សរសេរ​នៅក្នុង​សាស្រ្ដា​ស្លឹករឹត ឬនិយាយតៗគ្នា គ្មានអ្នកនិពន្ធច្បាស់លាស់ ឡើយ អក្សរ​សិល្ប៍បែបនេះ បានបង្កប់ទៅដោយទស្សនវិជ្ជា​ខ្មែរ​ ការរិះគន់សង្គម សម័យនោះ និង​ជាប្រភពនៃវប្បធម៌ដ៏ជ្រាលជ្រៅ។ អ្នកសិក្សាតែងហៅអក្សរ សិល្ប៍​បុរាណទាំងនេះ​ថា​​អក្សរ​សិល្ប៍ប្រជាប្រិយ៍។

២.អ្នកនិពន្ធ និងសង្គមបច្ចុប្បន្នការតែងនិពន្ធ

មិនមែននរណាក៏អាចធ្វើបាននោះទេ ពិសេស ចំពោះ​ប្រជា​ជន​​ខ្មែរ។ នៅក្នុង​សង្គមខ្មែរបច្ចុប្បន្ន ដែលពុំ សូវ​មានគេយកចិត្តទុកដាក់ វិស័យតែង និពន្ធ​ស្ថិត​ក្នុងស្ថាន​ភាព​​ត្រូវ​គេ​មើល​រំលង។ អ្នកនិពន្ធខ្លួនឯង ក៏​ទទួល​ស្គាល់ការលំបាកនេះ​ដែរ។

ការមិនរីកដុះដាលនៃវិស័យតែងនិពន្ធនៅកម្ពុជា​ទាក់ទងនឹងមូលហេតុ​គឺ៖

ក. ពុំមានការបណ្ដុះ ឬសម្រួចទេពកោលស្យអ្នកជំនាន់ថ្មី និងបរាជ័យជាបន្ត​បន្ទាប់​របស់​អ្នក​និពន្ធ​​ដូចគ្នា បានធ្វើឲ្យ ក្មេងជំនាន់ក្រោយលេងចង់តែងនិពន្ធ។ ម្យ៉ាង​ទៀត ក្នុងស្ថានភាព​សព្វ​ថ្ងៃ ដែល​ពិភពលោក​កំពុង​​ជ្រោមជ្រែងលើកស្ទួយសិទ្ធិ ​ក្នុងការ​បញ្ចេញមតិ ក្នុងសង្គម​ខ្មែរ ប្រជាជនខ្មែរក៏ ទន្ទឹងចាំទទួលយក​លទ្ធិ​ប្រជា​ធិបតេយ្យ​មួយ​ពេញលេញដែរ តែតាមការ​វាយតម្លៃរបស់សហគមន៍ អន្ដរជាតិឃើញថា សង្គម​ខ្មែរ​សព្វ​ថ្ងៃ អនុញ្ញាតឲ្យមានការ​បញ្ចេញ​មតិតិច​ណាស់ ដែល​ប្រការ​នេះ អ្នកអាច​មើល​ឃើញដោយខ្លួន​ឯង គឺសមាគមអ្នកនិពន្ធខ្មែរ ដែលពីមុន​ស្ថិត​ក្នុងភាព​អព្យា​ក្រិត ឯ​សព្វថ្ងៃ តម្រូវគ្រប់គ្រងដោយអ្នកមាន អំណាចនៅក្នុង​សង្គម ដោយគេយក​នាយករដ្ឋ​មន្រ្ដី​ខ្មែរ​ទៅ​ដាក់ពីលើធ្វើជា ប្រធានកិត្តិយស ហើយ​សមា​គម​​​ដ៏​មានប្រជាប្រិយ​ក្នុង​ស្រុកមួយនេះ ចង់មិនចង់​ក៏​បង្ហាញឲ្យឃើញពី​អំណាច ដែលមិនអាច​មាន​អ្នក​និពន្ធ​​ណាម្នាក់ជាសមាជិក ហ៊ានបញ្ចេញមតិ ឬ​សរសេររិះ​គន់​សង្គម និងមនុស្ស​ក្នុង​រដ្ឋា​ភិបាលបច្ចុប្បន្ន​ដែរ គឺមានតែសរសេរសរសើរលើកជើងតែប៉ុណ្ណោះ ដើម្បីទទួលបានរង្វាន់ ឬលាភ​សក្ការៈផ្សេងៗ។

អ្នកនិពន្ធខ្មែរហាក់កំពុងតែលង់លក់ក្នុងដំណេក ព្រោះតែ​គេមិនសរសេរ គេ មិនបាន​ទទួល​​ការ​​ហ្វឹក​ហ្វឺន​ការ​តែងនិពន្ធ​តាមបែបលក្ខណៈវិទ្យាសាស្រ្ត និងការ​រៀបចំឲ្យមានការ​ពិភាក្សាជាទូទៅ។ មួយទៀត​គឺ​សមា​គម​អ្នក​និពន្ធ​ខ្មែរ រៀបចំឲ្យមាន​ការប្រកួត​ប្រជែង​តែងនិពន្ធ ដែល​មាន​ប្រធានបទ​កំណត់ គឺ​ការ​លើក ស្ទួយ​អ្នក​កាន់អំណាច​សព្វ​ថ្ងៃ និងទំនាក់ទំនង​ជាមិត្តភាពរវាងកម្ពុជា​វៀត​ណាម ដែលហាក់ កំពុង​ប្រលោមអ្នក​តែង​និពន្ធខ្មែរ ឲ្យចូលក្នុងសូង បណ្ដុះមិត្តភាពខ្មែរ យួន ចៀសវាងការរិះគន់យួន ពិសេសអំពីបញ្ហាទឹកដី ហើយអ្នកនិពន្ធខ្លះប្រឹងរកពាក្យអួតសរសើរដើម្បី ឲ្យបានរង្វាន់​ឬកិត្តិយសតែប៉ុណ្ណោះ។

. ការគម្រាមកំហែង ដោយផ្ទាល់ ឬដោយប្រយោល ជាហេតុធ្វើឲ្យអ្នកនិពន្ធ​បាក់​ស្បាត មិន​ចង់និយាយ ឬសរសេរ ឬបញ្ចេញមតិរបស់ខ្លួន។ ទោះចង់ ឬ មិនចង់ ការ​បញ្ចេញ​មតិ​នៅកម្ពុជា បាន​ឡោម​​ព័ទ្ធទៅ​ដោយ​ភាព​ភ័យខ្លាច ដ៏ចាស់គំរិល។

អ្នកនិពន្ធ មិនមែនជាអ្ននយោបាយទេ អ្នកនិពន្ធពុំមានឱកាស កាន់អំណាច ហើយ​​ក៏ពុំ​ដែល​ចង់​បាន​អំណាច​ដែរ។ អ្វីដែល អ្នកនិពន្ធប្រឌិតឡើង គឺដើម្បីឲ្យមាន​ការ​​កម្សាន្ដ និង​​​ឲ្យ​សង្គម​​មនុស្ស​ពិចារណា គឺ​ពិចារណា ដើម្បីឈានទៅរកការរីក​ចម្រើន ការ​ផ្លាស់​​ប្ដូរ​ឥរិយា​បថ និងទៅរក​សុភមង្គល​​ក្នុងសង្គម។ តែ​អ្នក​នយោបាយខ្លះ តែងតែ​យក​អ្វីៗដែល​អ្នក​​និពន្ធ​សរសេរ ទៅ ប្រៀបធៀបនឹងទង្វើរបស់ខ្លួន ទៅ​ប្រៀប​នឹង​​អំពើ​មិនស្មោះត្រង់ ដែលខ្លួន​បាន​ប្រព្រឹត្ត ហើយចោទប្រកាន់ ថា​អ្នកនិពន្ធ​បរិហារ​​កេរ ថា​អ្នក​និពន្ធ​និយាយ​​មិន​ពិត ថាអ្នក​និពន្ធ​រិះគន់គេ និង បង្កើតជាលេស​ចាប់​ចង ឬសម្លាប់​ដោយគ្មានការជំនុំជម្រះ​ក៏​មាន ដែល​រឿងរ៉ាវ ទាំងនេះ អ្នកនិពន្ធខ្មែរគ្រប់ជំនាន់សុទ្ធ តែមានពិសោធហែលឆ្លង​កាត់។

នៅកម្ពុជាប្រព័ន្ធព័ត៌មានស្ទើរតែទាំងអស់ ត្រូវបានគ្រប់គ្រង ឬឃ្លាំមើលដោយ​រដ្ឋាភិបាល ការសរសេរ ឬ​តែង​​និពន្ធ និងផ្សព្វផ្សាយ កម្រនឹងគេចរួចពីការតាមដាន​របស់ មនុស្សរបស់រដ្ឋាភិបាលណាស់។ មានអ្នក​ប្រជាធិបតេយ្យ អ្នក ស្រឡាញ់សេរីភាពជាច្រើន ដែលប្រឹង​ប្រែង​រើបម្រះចេញ​ពី​សង្គម ដែលគ្រប់ គ្រង​របៀបផ្ដាច់ការដូច សព្វថ្ងៃ តែពួកគេត្រូវ​លង​បន្លាច និងត្រូវរងនូវ​ទារុណកម្ម​ដូចបានបញ្ជាក់ខាងលើ។​កាល​ពីការបោះឆ្នោតឆ្នាំ២០០៨ អ្នកកំប្លែង ឈ្មោះឡោស៊ី និងលោកចម្រើន ត្រូវ​បាន​គណ​បក្សនយោ​បាយ​មួយ ជួលឲ្យលែងកំប្លែង ក្រោយមកគណបក្សកាន់​អំណា​ច​គម្រាមអ្នក​ទាំង​នេះ​រហូត ចុងក្រោយ លោក​ឡោស៊ី សម្រេចចូលបម្រើ​គណ​បក្ស​នយោបាយនោះ។ ការ គំរាមដល់អាយុជីវិតនៅតែបន្ត ហើយ​មិន​អនុញ្ញាតឲ្យ​អ្នក​កំប្លែង​រូបនេះ ចេញសម្តែង​តាមគ្រប់កញ្ចក់ទូរទស្សន៍។ រហូត ដល់ពេលនេះ នាយ​ឡោ​ស៊ី បានសុំអភ័យទោសរាប់​សិបដង ទៅនាយករដ្ឋមន្រ្ដី ឬអ្នកដឹកនាំគណបក្ស តែនៅតែគ្មាន​ឱកាស​ចេញ​សម្ដែង​ដដែល។ គាត់រស់នៅ​ដោយ​សារមុខរបរសម្ដែងកំប្លែងរាល់ថ្ងៃ​គាត់​គ្មាន​ការងារធ្វើទេ ព្រោះ​តែ​មិន​មាន​នរណា​ហ៊ាន​ជួលគាត់។

នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ប្រទេសថៃ សឹង្ហបុរី ម៉ាឡេស៊ី ជាប្រទេស​ដែល​នាំ​មុខ​ផ្នែក​សេដ្ឋកិច្ច ហើយ រដ្ឋាភិបាលប្រទេសទាំងនេះ មានឆន្ទៈក្នុងការជំរុញឲ្យ​វិស័យ​​វប្បធម៌រីក​ចម្រើន អ្នក​និពន្ធ ក៏​បាន​ការ​ទទួលស្គាល់ពីមហាជនទូទៅផង ដែរ តែ​នៅ​​​កម្ពុជាប្រទេស​ដ៏​ក្រីក្រ​មួយនេះ គ្មាន​មូល​និធិ​សម្រាប់​ផ្ដល់​ឲ្យ​អ្នក​និពន្ធឡើយ តែបើ​គេ​ឲ្យវិញ គឺដើម្បីមប្រើ​ប្រយោជន៍​នយោបាយ​របស់​ពួកគេ​តែ ប៉ុណ្ណោះ។ អ្នកនិពន្ធ​មិន​​មានសេរីភាព ក្នុងការ​បញ្ចេញ​គំនិត​ដោយ​សេរី​ឡើយ។

ការជ្រើសរើសវិជ្ជាជីវៈជាអ្នកនិពន្ធ អ្នកនិពន្ធទាំងឡាយដឹងជាមុនថា យើងនឹង​ប្រឈម​មុខ យើងនឹង​ទទួល​ទោស​ ត្រូវរត់ចោលស្រុក យើងអាចនឹងត្រូវគេ សម្លាប់ តែជនដែលតាម​ឈ្លានីសអ្នកនិពន្ធភ្លេច​គិតថា គេ​កំពុង​តែបំផ្លាញ វប្បធម៌របស់ខ្លួន ព្រោះថា បើគ្មាន​អ្នក​និពន្ធ បើគ្មានអ្នកនិពន្ធ​ឯក​រាជទេ អ្វីដែល អ្នក​បាន​ឮ​គឺ​មានសំឡេងតែមួយគត់ ហើយមនុស្សជំនាន់ក្រោយ និងបាត់​បង់​ឱកាសដឹងឮរឿង រ៉ាវរបស់​មនុស្ស​ជំនាន់​មុន តាមរយៈការប្រឌិតរបស់អ្នកនិពន្ធ ពេល​នោះ​ហើយ ដែលសង្គមមិនអាចរីក​ចម្រើន​បាន​ឡើយ​។​ ជាក់ស្ដែង ក្រោមការគ្រប់គ្រង​របស់​ពួកខ្មែរក្រហម ដែលមានការកាប់​សម្លាប់យ៉ាងរង្គាល ហើយ បំផ្លាញ​មរតកវប្បធម៌​គ្មាន​សល់ រហូតដល់ពេលនេះ​ជិត​៤០ឆ្នាំហើយ សង្គមខ្មែរ មិនទាន់​មាន​អ្នក​និពន្ធ​ឆ្នើម​ មិន​ទាន់មានអ្នកនិពន្ធកម្រិត​អន្តរជាតិនៅឡើយទេ។ យើងជាខ្មែរ ត្រូវហ៊ានទទួលស្គាល់ថា ដូន​តា​យើង​ខ្លះ និង​សម័យរបស់យើងនេះ បានប្រព្រឹត្តមិនគប្បីចំពោះអ្នកនិពន្ធ ដែលជា​ផ្នែក​មួយ នាំ​ឲ្យ​អក្សរ​សាស្រ្ត​ជាតិ វប្បធម៌ ជាតិឈានទៅរកការរលត់រលាយ។

៣.អ្នកនិពន្ធ និងស្នាដៃ

សព្វថ្ងៃ ព្រោះតែសង្គមខ្មែរនៅមានការត្បិតត្បៀត សិទ្ធិសេរីភាពអ្នកនិពន្ធ ជា​ហេតុ​ធ្វើឲ្យ​អ្នកនិពន្ធ ​ស្ងប់​ស្ងាត់​។ នៅក្នុងសង្គមខ្មែរ ពុំមានស្នាដៃរបស់អ្នកនិពន្ធ ជំនាន់ ថ្មី​ណាមួយ​លេច​​ធ្លោ​នៅ​ឡើយទេ ដោយ​ហេតុ​ថា អ្នកនិពន្ធមិនមានទំនាក់ ទំនងគ្នា អ្នក​និពន្ធមិនបាន​ទទួល​ការ​បណ្តុះបណ្តាលឲ្យស៊ីជម្រៅ អ្នក​និពន្ធ​មិន ទទួលមាន​គំនិតថ្មី​ពី​ខាង​ក្រៅ អ្នកនិពន្ធ​ក្រីក្រ មិនមានពេលគ្រប់គ្រាន់នឹងគិតគូរ អំពី​ការ​តែង​និពន្ធ ឲ្យ​បាន​​ពេញលេញ អ្នកនិពន្ធនៅ​មានភាព​ខ្លាច​រអា មិនហ៊ានបោះពុម្ពផ្សាយស្នាដៃ​របស់ខ្លួន។​ស្នា​ដៃ​មួយ​ចំនួន ដែលមាននៅលើទីផ្សា ភាគច្រើន គឺជាស្នាដៃដែលផ្សាយ​ដដែលៗ ស្នាដៃ​មួយ​ចំនួនធំ មិន​ទាន់​មាន​គុណសម្បត្តិ អាចជួយឲ្យអ្នកអានរកឃើញពន្លឺ​ថ្មី​ឡើយ។

ប្រជាជនខ្មែរមានទម្លាប់អានសៀវភៅតិចណាស់ នេះជាមូលហេតុមួយ ដែល អ្នក​និពន្ធ​ពិបាក​​​បញ្ចេញ​ស្នា​ដៃ​របស់ខ្លួនទៅលើទីផ្សារដែរ ព្រោះថានៅកម្ពុជា មិនទាន់ មាន​​អ្នក​បោះ​​ពុម្ពផ្សាយ​ល្អទេ តែបើមានវិញ គឺអ្នកនិពន្ធត្រូវបង្ខំចិត្តលក់ ស្នាដៃរបស់គេ យ៉ាង​ថោក​បំផុត ទៅ​ឲ្យអ្នក​បោះ​ពុម្ពផ្សាយ​​​ផ្ដាច់​មុខ​តែ​ម្ដង​។​ក្នុង​ទស​វត្សទី៧០ ប្រជាជនកម្ពុជាជាងប្រាំលាននាក់ដែលរងគ្រោះ ព្រោះរបប ខ្មែរ​ក្រហម តែ​មាន​អ្នក​សរ​សេរ​អំពី​ដំណើរជីវិតកាលនោះប្រហែល១០០នាក់ ប៉ុណ្ណោះ។

៤.អ្នកនិពន្ធ និងការអប់រំ

អ្នកនិពន្ធខ្មែរសម័យថ្មី ភាគច្រើនមិនមានការបណ្ដុះ បណ្តាលតាមបែបវិទ្យា សាស្រ្ត​ទេ។ ការ​​ចេះតែង​និពន្ធ​ ពិសេសកំណាព្យ គឺចេះអ្នកនិពន្ធយើងអាចតែង បានតែ​ទម្រង់ ឬតាម​បែប​បទរបស់អ្នកនិពន្ធមុនៗ តែ​ប៉ុណ្ណោះ ដែលទម្រង់ នៃ ការតែងនិពន្ធ និងអត្ថន័យ​នៅ​មាន លក្ខណៈបុរាណ ឯខ្លឹមសារដ៏ស៊ីជម្រៅ ដូច បស្ចឹម​ប្រទេស គឺ​យើងទទួលស្គាល់ ថា​នៅ​​មានកម្រិតនៅឡើយ។

អ្នកនិពន្ធ ដែលចេះភាសាបរទេស អ្នកនិពន្ធ ដែល មានឱកាសចេញទៅ​បរទេស និង​ទទួល​ការបណ្តុះ បណ្ដាល​នៅបរទេស គេមានសមត្ថភាពខ្ពស់ក្នុងការ​តែង​និពន្ធ។ តែ​អ្នកនិពន្ធ​ខ្មែរ​តិចណាស់ ដែល មាន​សំណាង​ចេញពីប្រទេសរបស់ខ្លួន ព្រោះសង្គម​ខ្មែរ​ហាក់ដូចជា​បិទជិត ហើយអ្នកនិពន្ធបរទេសតិចណាស់ ដែលធ្វើ ការ​សហការ​ជាមួយ​អ្នកនិពន្ធខ្មែរ។ តែបើគេសហការការវិញ គឺក្នុងបំណងតែ មួយគឺបំបិទមាត់ អ្នក​​និពន្ធមិនឲ្យបញ្ចេញ​មតិ​រិះគន់ នេះជាអ្វីដែលមានកន្លងមក។ កត្តាទាំង​នេះហើយ ដែល​បណ្តាល​ឲ្យ​អ្នក​និពន្ធ​ខ្មែរ ក៏ដូចវិស័យតែងនិពន្ធធ្លាក់ចុះ។

៥.ប្រភេទនៃការតែងនិពន្ធ

អ្នកនិពន្ធនៅកម្ពុជា មិនទាន់បានបែងចែកដូចនៅ ប្រទេសជឿនលឿនទេ មាន អ្នក​និពន្ធ​​ខ្លះ អាច​តែង​កំណាព្យ​ ចម្រៀង និងប្រលោមលោកផងដែរ ឯអ្នកនិពន្ធ ខ្លះ ទៀត​អាចតែងភាព​យន្ដ តែអ្នក​និពន្ធ​ភាព​យន្ដ​មិនមានច្រើនទេ ស្របនឹងសម័យកាល​បច្ចុប្បន្ន ដែលវិស័យ​ភាពយន្ដធ្លាក់ចុះខ្សោយ​ផង។

អ្នក​និពន្ធក៏មានឋានៈដូចអ្នកនយោបាយដែរ តែអ្នក និពន្ធត្រូវកសាងសមត្ថភាព ដោយ​​សរសេរ និង​ផ្សាយ​ឲ្យបានច្រើន ឲ្យមានន័យទើបឈានទៅដល់មានការ​ទទួលស្គាល់​ពី​មហាជន។ ម្យ៉ាងទៀត នៅ​កម្ពុជា​មិន​សម្បូរណ៍របៀបតែងនិពន្ធ ដូចនៅ ​បណ្ដាប្រទេស​ផ្សេង​ទេ ឧ:​ បើនិយាយពីMeta fiction គឺ យើង​មិនដឹងថា តើ​ជារបៀបគិត របៀបតែង និង​គំនិតក្នុងរឿងបែបនេះយ៉ាងណាទេ។

៦.តម្លៃជាអ្នកនិពន្ធ

អ្នកនិពន្ធ មានតម្លៃ មានកិត្ដិយស ដោយគ្មាននរណាប្រកួតប្រជែងបាន ហើយ តម្លៃ​នេះ​មិន​មែន​បាន​ដោយ​ការបោះឆ្នោត គៃបំបាត់សន្លឹកឆ្នោតទេ គឺបាន​មក​ដោយ​សុចរិត ដោយ​គំនិត​ប្រាជ្ញាច្នៃប្រឌិត គឺជា​កិត្តិ​យសដែលមនុស្សជាតិទទួល ស្គាល់ ព្រោះ​​​អ្នកនិពន្ធ និពន្ធ​រឿងប្រលោមលោក កំណាព្យ និង​អត្ថ​បទ​ផ្សេង​ៗ ឡើង ដើម្បី​បម្រើសាធារណៈជន។ បើ​បទ​និពន្ធរបស់​គេ​មាន​លក្ខណៈសាកល ទៀតនោះ នោះ​គេ​ពិត​​​ជា​បានទទួល ការគាំទ្រពី​ពិភពលោក​មិនខាន។ ដោយឡែក អ្នកនិពន្ធខ្មែរ ដែលស្នាដៃនៅមានកម្រិត​ស្រាប់នោះ ថែមទាំងមិន ទាន់​មាន​​ការលើកទឹកចិត្ត ពីស្រទាប់មហាជន និងរដ្ឋាភិបាលថែមទៀត។ ទន្ទឹម នោះ អ្នកនិពន្ធ​​មួយ​ចំនួន រងនូវការ​ប្រមាថ ការគំរាមគំហែង ដែលធ្វើឲ្យពួក​គេពិបាកទ្រាំ​ទ្រ និងសុខចិត្ត​បោះបង់ចោលការ​តែងនិពន្ធក៏​មាន។ អ្នកនិពន្ធខ្មែរ ពុំមានត្រូវបាន​គេតម្លៃឡើយក្នុង សង្គម​ខ្មែរបច្ចុប្បន្ន។

៧. អ្នកនិពន្ធ និងសេរីភាព

ក្នុងដំណាក់កាលដែលអ្នកនិពន្ធត្រូវគេបោះបង់ចោល មានយុវអ្នកនិពន្ធមួយ ចំនួន​បាន ព្យាយាម​ដុះ​ដាល​ដោយ​​ខ្លួនឯង ដោយពួកគេតែងនិពន្ធ ហើយចេញ ផ្សាយ​តាម​Blog​របស់​គេ។ អ្នក​និពន្ធ​មួយ​ចំនួនទៀត បង្កើត​ឲ្យមានបណ្ដាញទាក់ ទងតាម​រយៈ​​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក៏មាន។ ប៉ុន្ដែអ្វីទាំង​នេះ ដែល​អ្នក​និពន្ធ​កំពុង​ធ្វើ​​ នៅតែនាំមក​នូវ​ការ​បារម្ភដដែល ព្រោះ​សព្វ​ថ្ងៃ ការគំរាមកំហែង​មិន​ទាន់បាន ធូរស្រាលនៅឡើយ​ទេ​។​ លោកហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក និងជាសមាជិកអង្គការ ភែន​កម្ពុជា​ ធ្លាប់​ត្រូវ​បាន​អ្នក​​មានអំណាចប្ដឹងរហូតជាប់គុក ព្រោះតែគាត់ សរសេរអត្ថបទ អំពីបញ្ហាអំពើពុក​រលួយនៅកម្ពុជា។ លោក​គឹម សុខា កាល នោះជាប្រធាន អង្គការសិទ្ធិ​មនុស្ស​មួយ លោក​ម៉ម សូណង់ដូ ជានាយកវិទ្យុ សំបុក​ឃ្មុំ ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលចាប់​ដាក់គុកអស់ជាច្រើនខែដែរ រួមទាំងអ្នក កាសែត​ផ្សេងទៀត ត្រូវបាន​តុលាការ​កោះហៅ​ជាបន្ដបន្តាប់ ព្រោះតែការ បញ្ចេញមតិរបស់ពួក ចុងក្រោយគឺលោក សេង គុណការ បុគ្គ​លិក​​អង្គការ​ស្បៀង​អាហារ​ពិភព​លោកគ្រាន់តែចែកផ្សាយការរិះគន់មេដឹកនាំរដ្ឋាភិបាលខ្មែរ ដែល​ដក​ចេញ​ពីគេហទំព័រខេអាយ ត្រូវតុលាការរាជធានីភ្នំពេញផ្តន្ទាទោស យ៉ាងតក់ក្រហល់ នេះ​ជា​វិធាន​ការ​បំបាត់​​សេរី​ភាព​បញ្ចេញ​មតិ របស់រដ្ឋាភិបាល ខ្មែរបច្ចុប្បន្ន។ ប្រសិន​បើអ្នកនិពន្ធណាហ៊ានសរសេរ​បញ្ចេញ​មតិ​រិះ​គន់ អ្នកនិពន្ធ ខ្មែររូបនោះ ពិតជាវាសនាមិនខុសពីចូលគុកឡើយ។

មានអ្នកនិពន្ធខ្លះ ដោយសារតែមានការគាបសង្កត់ខ្លាំងពេក ធ្វើឲ្យពួកគេបង្ខំចិត្ត រត់​គេច​​ចេញពី​ស្រុក​ទេស​ ព្រាត់ប្រាសក្រុមគ្រួសារ ហើយកសាងជីវភាពថ្មីនៅ បរទេស​ទាំង​លំបាក​​លំបិន។ អ្នកនិពន្ធ​ណា ដែល​ហ៊ានសរសេររិះគន់ចំពោះ ឬ មិនចំពោះដល់​អ្នក​មាន​ឋានៈ​យសស័ក្កក្នុង​រដ្ឋា​ភិបាល អ្នក​និពន្ធ​នោះ មិន​ដែល ទទួលមាន វាសនា​ល្អឡើយ។ ប៉ុន្មានឆ្នាំមុននេះនេះ លោកគង់ ប៊ុន​ឈឿន អ្នក​និពន្ធ​​​ជើងចាស់ លោក​​ជាអ្នកនិពន្ធ​ប្រលោម​លោក កំណាព្យ ចម្រៀង និងភាព យន្ដ​ផងនោះ ចុង​ក្រោយ​​​​​សម្រេច​​និរទេសខ្លួន​ទៅ​រស់នៅប្រទេសន័រវេស។ អ្នក និពន្ធឈ្មោះ ប៉ែន ពុទ្ធសភា កំពុងតែរត់គេចខ្លួនពីការ​តាម​ចាប់​របស់​អជ្ញា​ធរ ដែលរហូតមកដល់ពេលនេះ មិនដឹង​ថានៅទីណាផង។

៧.សារជាតិអ្នកនិពន្ធ

អ្នកនិពន្ធ ជាមនុស្សពិសេស ដែលបង្កើតប្រវត្តិសាស្រ្ដបាន ដោយប្រឌិតទាំង ស្រុង ហើយ​ស្នាដៃ​របស់​គេ​បង្ហាញ​នូវតថភាពសង្គម។ អ្នកនិពន្ធខ្មែរ ក៏មានអត្ត សញ្ញាណ​នេះដែរ។ អ្នកនិពន្ធមានឋានៈវណ្ណៈ ដូច​អ្នក​នយោ​បាយដែរ តែផ្ដល់កិត្តិយស​ដោយ​មហាជន និងទទួលទោសទណ្ឌពី អ្នកមានអំណាចក្នុងសង្គម។ នៅ​កម្ពុជា អ្នកនិពន្ធណាដែលសរសេររិះគន់ដល់រដ្ឋាភិបាល ដោយផ្ទាល់ ឬ ដោយ​ប្រយោល ថារដ្ឋាភិ​បាល​មិន​គោរព​សិទ្ធ​មនុស្ស ថារដ្ឋពុករលួយ ប្រទេសផ្ដាច់ការ អ្នក​និពន្ធ​នោះ ត្រូវបានគេកត់សំគាល់ មិន​យូរ​មិនឆាប់នឹងត្រូវទទួល ទោសទណ្ឌ ហើយ​គេ​អាចនឹង​ចាត់ទុកថា អ្នកនោះជាសមាជិក សកម្ម​របស់​គណ​បក្សនយោបាយ ទោះ​បី​អ្នកនិពន្ធរូប​នោះ​ មិន​មែនជាសមាជិក​របស់បក្សនយោ បាយណាមួយក្តី។ មាន​អ្នក​និពន្ធខ្លះ ចុងក្រោយ ត្រូវបង្ខំ​ចិត្ត​ចូលរួមក្នុងគណបក្ស​នយោបាយ​ដែរ ព្រោះបើមិន​ចូល​រួម​ជា​សមា​ជិក​គណ​បក្ស​​នយោបាយ​ទេ ពួកគេ មិនបានជំនួយពេល​មាន​គ្រា​អាសន្ន ឬការគំរាមកំហែងជាយថា​ហេតុ​​ណាមួយ ការពិតសូម្បីតំណាងសិទ្ធិ មនុស្ស​អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏រដ្ឋា ភិបាល​នេះ​ ចោទ​ប្រកាន់ថា ធ្វើការ​បម្រើ​ឲ្យគណបក្សប្រឆាំងដែរ។ជារួមស្ថានភាពសង្គមខ្មែរ មិនអនុញ្ញាតឲ្យអ្នកនិពន្ធ បញ្ចេញមតិដោយសេរីបាន​ឡើយ មិន​ត្រឹមតែប៉ុណ្ណោះ អំពើ​ហឹង្សា ឬការចាប់ចង ការកោះហៅតាមរយៈ​តុលា​ការ​នៅតែជាបញ្ហា នៅតែជា​ការ​គំរាមដល់អារម្មណ៍អ្នកនិពន្ធដែរ។ មាន​តែការ​សម្លឹងមើល និង​ជួយ​ជ្រោម​​ជ្រែងពី​បរទេសទេ ដែលនាំឲ្យមានការអនុវត្តប្រជា​ធិប​តេយ្យនៅ​កម្ពុជា ការបញ្ចេញមតិប្រព្រឹត្តទៅ​បាន​រលូនខ្លះ៕

បញ្ជាក់៖ អត្តបទនេះ ស្រាវជ្រាវដោយលោកខូ-តារាឫទ្ធិ ហើយត្រូវ​បាន​ប្រកាស​ក្នុង​គេហទំព័រ«អក្សរសិល្ប៍ខ្មែរ» នៅថ្ងៃMonday, December 20, 2010

វិធីតែងឃ្លោងបារាំង

វិធីតែងឃ្លោងបារាំង

លោកនូ ហាច

ស្រាវជ្រាវដោយ Tararith

បាទនៃឃ្លោងមានច្រើនបែប  ប៉ុន្តែមានតែ៣បែបទេ ដែលគេចូលចិត្តប្រើជាងគេ គឺបាទមាន៨ព្យាង្គ មាន១០ព្យាង្គ នឹងមាន១២ព្យាង្គ។ ក្នុងគាថានីមួយៗ មាន ២បាទឡើងរហូតដល់១២បាទ។ គេនិយមប្រើជាងគេគាថា ដែលមាន៤បាទ។​ មានកាព្យខ្លះឥតបានចែកជាគាថាទេ។

ចុងចួននៃឃ្លោងបារាំងមាននៅតែត្រង់កន្ទុយបាទប៉ុណ្ណោះ។ នៅក្នុងបាទ១០ ព្យាង្គ និងបាទ១២ព្យាង្គ មានកម្រិតម្យ៉ាងជា ភាសាបារាំងហៅថាសេហ្សួរ  (cesure)។ កំរិតនេះឃាំងបំបែកបាទជាពីរផ្នែក។ ក្នុងផ្នែកនីមួយៗត្រូវមាន ព្យាង្គគ្រប់​ចំនួន ហើយកុំឲ្យមានសព្ទឯណា​ ដែលមានព្យាង្គពីពីរឡើងទៅនោះ នៅជាស្ពានចំឡងពីផ្នែកទីមួយ ទៅផ្នែកទីពីរឡើយ។

បាទ១០ព្យាង្គត្រូវមានកម្រិតនោះត្រឹមព្យាង្គទី៤​ (មានអ្នកនិពន្ធខ្លះប្រើកម្រិតនោះ ត្រឹមព្យាង្គទី៥)ឯបាទ១២ព្យាង្គវិញ ត្រូវមានកម្រិតនោះ​ចំពាក់កណ្តាលស្មោះ គឺ ត្រឹមព្យាង្គទី៦ជានិច្ច​ (អធិប្បាយនេះតាមក្បួន ពួកក្លាស់ស៊ិក, រ៉ូមង់ទិក និងប៉ារ ណាស់​ស៊្យាង។ មានចិន្តកវីជំនាន់ឯក្រោយខ្លះ ហ៊ាន​រំលោភលើតម្រានេះម្តងៗដែរ)។​ដើម្បីបំភ្លឺកម្រិតសេហ្សួរនេះ ខ្ញុំសូមលើកឧទាហរណ៏ខាងក្រោមនេះមកបំភ្លឺ​៖

១  ២ ៣ ៤ ៥ ៦ ៧ ៨​​​​ ៩​​ ១០ ១១ ១២

វាយោដែលបក់ជូនរំភើយពិដោរផ្កា​ស្រ​​​ឡិត។

បាទនេះខុសនឹងកម្រិតសេហ្សួរព្រោះសព្ទរំភើយមានពីរព្យាង្គគឺ​​​​​​រំ១ភើយ១។ ដូច្នេះ តោងសព្ទនេះនៅក្នុងផ្នែកទី១ ទី២ ទាំងមូល​ទើបបានត្រឹមត្រូវ។ បើប្រសិន​ជាខ្ញុំសសេរ​​៖

១ ២ ៣ ៤ ៥ ៦ ៧ ៨​​​​ ៩​ ១០ ១១​ ១២​    វាយោដែលផាត់រំភើយពិ​​ដោរនៃផ្កាស្រ​​ឡិត ដូច្នេះវិញ បាទរបស់ខ្ញុំ ក៏បានពេញលក្ខខ័ណ្ឌបរិបូណ៌ តាមកម្រិតសេហ្សួរ។ ឯបាទ៨ព្យាង្គ គ្មានកម្រិតសេហ្សួរទេ។ មុននឹងបញ្ចប់ ខ្ញុំសូមជូនសព្ទ័ដែល បាន​សន្មត់ប្រើក្នុងការពន្យល់នេះ ចំពោះ អ្នកដែលចេះភាសា បារាំង៖

ព្យាង្គ(pied), បាទ(vers), ចុងចួន(rime), គាថា(strophe), ឃ្លោង(poesie), កាព្យ(poeme)

ទីបំផុតនេះ ខ្ញុំសូមជូនកាព្យមួយ បែបមាននាមថាសុណ្ណេ sonnet ក្នុង​ភាសាបារាំង។ កាព្យនេះ មាន ៤គាថា, គាថាទី១ និងទី២ មាន៤-បាទ ហើយ​តម្រៀបចុងចួនដូច្នេះ៖ក, ខ, ខ, ក, – ក, ខ, ខ, ក។គាថាទី៣ និងទី៤ មាន៣ឃ្លា៖ គ, គ,ឃ -ង, ឃ, ង។ គេអាចផ្លាស់គាថាទី៤ តម្រើបចុងចួនច្នេះវិញក៏បាន៖  ង, ង, ឃ។

លលក

ថ្ងៃត្រង់។ វាលស្រែក្តៅដូច ជាភ្នក់ភ្លើងមួយយ៉ាងធំ,

ព្រះអាទិត្យចិត្តឃោរឃៅកំឡោចស្មៅ និងកញ្ជ្រាំង

ចំហាយខ្យល់បក់ភិបៗ លើទឹកល្អក់នៃត្រពាំង

ដែលមានកុកសំគមមួយ ចាប់កំពិសដោយសំងំ។

សត្វនានាស្ងាត់មាត់ជ្រៀប។ ចង្រិតដែលជាភិរម្យ

របស់ស្រុកស្រែនោះសោត ក៏ពួនជ្រកធ្វើស្លាំងកាំង,

អ្នកគង្វាលគោដេក, ដៃគងថ្ងាស, ស្រមុគខ្លាំង។

ក្រោមដើមអម្ពិលមួយ ដ៏មានម្លប់ត្រជាក់ត្រជុំ។

នៅវេលាដ៏ក្តៅហប់ ទូទៅទាំងវាលព្រៃព្រឹក្ស,

មានលលកមួយមកទំ លើមែកមួយដែលឥតស្លឹក

ហើយបក្សីនោះតាំងច្រៀង គ្រលួចពីរោះឥតបី។

ក្នុងផ្ទៃស្ង​ប់, សំឡេងនេះ ដែលថ្លាដូចចរណៃ

មកញ៉ាំងអ្នកដែលដេកខ្នងផ្ទាល់ដីឲ្យមានស្រមៃ

ឃើញវិមានឋានសួគ៌ា និងកញ្ញាល្អប្រិមប្រីយ។

ចុងចួនក្នុងឆន្ទបារាំងមានបួនបែប៖

១-ចុងចួនរាបសាៈ        កក, ខខ…

២-ចុងចួនប្រទាក់ៈ        កខកខ…

៣-ចុងចួនប្រកៀកៈ      កខខក…

៤-ចុងចួនផ្ទួនៈ              កខខកក…

បានជាថាផ្ទួនដូច្នេះ ព្រោះកទី២ ដែលបានជួននឹង កទី១ហើយនោះ មាន​​ជួនផ្ទួន នឹងកទី៣ទៀត។ក្នុងភាសាបារាំងវចនៈឯណា ដែលមានអក្សរe  នៅចុងគេ សម្គាល់ថាពាក្យ​​នេះមានចុងញី បានជាហៅដូច្នេះព្រោះអក្សរe នេះ ញ៉ាំងឲ្យ​ពាក្យ​​មានសំឡេងវែង។ ឯពាក្យដែលឥតមានអក្សរនេះ គេចាត់ថាជាចុងចួន​ឈ្មោល។ ក្នុងការ​តែង​ឃ្លោង គេត្រូវប្រតិបត្តិតាមកម្រិតមួយ ដែលចាត់ឲ្យ​លាយចម្រុះ​ចុង​​ចួនឈ្មោល និងញី ដើម្បីឲ្យមានតូរ្យតន្រ្តីរងំឡើង។ ភាសាខ្មែរ​យើង​មិន​អាច រកចុងចួនញី, ឈ្មោល បែបយ៉ាងនេះបានឡើយ ដូច្នេះគប្បីអ្នក​សរសេរទាំងឡាយ ខំរកពាក្យឯណា ដែលមានសំឡេងកំបុតមក​លាយ​​នឹង​ពាក្យ ដែលមានសំឡេងវែង មកឆ្លាស់គ្នា ជាចុងចួន ដើម្បីឲ្យ​មាន​តូរ្យ​តន្រ្តីជានិច្ច​ក្នុងសាច់កាព្យ។ មានអ្នកអានខ្លះ ដែលមិនទាន់ច្បាស់សេចក្តីក្នុងការតែងឃ្លោងបែប​បារាំង​នោះ ក៏និយាយបដិ សេធថា ឆន្ទបែបនេះមិនពីរោះ ព្រោះរកធ្វើបទធ្វើបាទអ្វីមិនកើត។ យល់យ៉ាងនេះនឹងទុកជាត្រឹមត្រូវបានមែន បើប្រសិនជាយើងចូលចិត្តតែ​នឹង​តូរ្យតន្រ្តី​រងំជើយៗ ហើយមិនរវល់នឹង​សេចក្តី​ពិត សេចក្តីមែន ដែលឋិតនៅ​ក្នុងធម្មជាតិ។ ធម្មតាសិល្បវត្ថុទាំងឡាយ ដែលមានលក្ខណៈសមរម្យ នឹងនិយម​អ៊ឺរ៉ុប ហើយដែលអ្នក ផងគេចាត់ថាត្រឹមត្រូវនោះ តែងមានឧត្តមប្រាថ្នាមួយ​យ៉ាង​ខ្ជាប់ គឺខំធ្វើខំរចនាឲ្យបាន​ដូចនឹងធម្មជាតិ។ បដិមាករដែលឆ្លាក់​លើ​ថ្មជារូប, ជាងគំនូរដែលខំ​ភ្ចាប់កិរិយានារី នៅលើសំពត់មួយផ្ទាំង​នោះ សឹងតែមាន​អារម្មណ៍​តែមួយដូចគ្នាទាំងអស់ គឺផ្ចិតផ្ចង់ឲ្យរូបនោះ, ថ្មចម្លាក់នោះមានជីវិតដូចជារស់, ដូចជាពិតនៅក្រោមភ្នែកអ្នកទស្សនាមែន។ ឯឆន្ទដែលលោក បាន បញ្ចូលទៅក្នុងចំណោមសិល្បវត្ថុដែរនោះ ក៏មិន​ត្រូវប្រាសចាក កម្រិតដែល ពោលខាងលើនេះទេ។ អ្នកតែងឃ្លោងតោង​រវាំងកុំឲ្យសាច់កាព្យលើសហួស ឬថយចុះពីសេចក្តីពិតនោះឡើយ។​ មិនតែប៉ុណ្ណោះសោត ឆន្ទតោងមានគុណ សម្បត្តិមួយយ៉ាងលើសក្បួន​ចម្លាក់ ឬក្បួន​គំនូរ​ទៅទៀត៖ គឺ ត្រូវមានតូរ្យដន្ត្រី។ ភ្លេងនេះកើតឡើង​ដោយ​ចុងចួន, ដោយចង្វាក់,​ ដោយការ​រើសពាក្យ ដែលមាន សម្លេងឲ្យ​សម​តាមកាលសម័យ។

ខ្ញុំយល់ថាចុងចួន ដែលមាននៅតែចុងបាទនោះ ហាក់ដូចជាដើមៗមិន​មានរណ្តំ ដល់ចុងចួន​ខ្មែរ​ទេ តែខ្ញុំយល់ថាជាការល្មមហើយព្រោះបើរក​ចុង​ចួនច្រើនពេក នាំឲ្យអ្នកនិពន្ធឃ្លាតពី​សេចក្តី​ពិតសេចក្តីមែន។ ចង្វាក់ក្នុងឃ្លោងបែបបារាំង កើតដោយការតម្រៀបប្រយោគខ្លី-​វែង ទុក​ជា​ប្រយោគនោះរលត់​នៅ កណ្តាលបាទ ក៏គេមិនអំពល់ដែរ ឲ្យតែសម​នឹងកិរិយា ឬសភាវៈនែ រឿងប៉ុណ្ណោះ។ ការរើសពាក្យនេះ  ជាឧបសគ្គមួយយ៉ាងធំក្នុងការតែងឃ្លោង។ ឧបមាថា យើង​ចង់និយាយ​ពី​សេចក្តីព្រួយ យើងមិនត្រូវជ្រើសយកពាក្យណា ដែលមាន សំឡេង​រឹងពេកទេ តែគម្បីរកពាក្យ​ធ្ងន់ៗ លុះដល់អានទៅ​សំឡេង​ពាក្យនោះ ហាក់ដូចជាមកសង្កត់ទ្រូងអ្នកមើល។ ក្នុងការរើស​ពាក្យ​មានចិន្តកវី បារាំងឆើតៗ ខ្លះ ចេះរៀបឲ្យបានដូចជាសម្លេងខ្យល់ បើគេនិយាយពីព្យុះក្នុង​សមុទ្រ ឬដូចជា សម្រែកពស់  បើគេនិយាយពីពស់​ ដែលប្រុងលោតទៅខាំ។ល។

ជាអវសានកិច្ច អ្នកតែងឃ្លោងត្រូវចៀសវាងកុំរចនារឿងឯណា ដែល​មាន​សភាវៈរាបសា ដ៏គប្បី​សរសេរជាពាក្យរាយបាននោះឲ្យសោះ។ យើង​ត្រូវយក តែបទឯណា ដែលស្ទួយចិត្តឲ្យរំភើប ឲ្យ​បាន​ជ្រះថ្លាលើរម​ណីយដ្ឋានខុសពី ធម្មតា។ ឲ្យដូចធម្មជាតិ,ឲ្យមានតូរ្យតន្រ្តី, ឲ្យ​ប្រកប​តែនឹងតំរិះ ជ្រាលជ្រៅ នេះហើយ​ជាភារៈរបស់ចិន្តកវី។ សូមអ្នកផងល្បងមើលចុះ ថ្ងៃណាមួយ​គង់អក្សរ សាស្រ្តខ្មែរនឹងបញ្ចញរស្មី​ទូទៅ​​ក្នុងលោក ដែលអាចនាំឲ្យបរទេស​ទាំង ឡាយស្គាល់​ប្រទេស​យើង, ស្រឡាញ់ប្រទេសយើងដែល​ជាគុណសម្បត្តិមួយ ដ៏ឧត្តម គប្បីអ្នក​ស្នេហា​ជាតិ​រួម​កម្លាំងគ្នា ខំយឹត​យោង​ឲ្យបានមកទុកបូជាប្រិយ មាតុភូមិ​របស់​យើង។ អ្នកមើលចុះ រេបិន្រ្ទ​ណេតតាគរៈ ដែលជាចិន្តកវីដ៏ល្បី នៃជាតិ​ឥណ្ឌូ។ កាព្យរបស់​បណ្ឌិតនេះ គេបានប្រែចេញ​គ្រប់​មហាភាសានៃលោកទាំងមូល។ នៅពេលដែលគាត់ធ្វើមរណៈកាលទៅ ប្រជាជាតិទាំង​សាកល សឹង តែសោក​ស្តាយ ហើយ ចូលកាន់មរណសញ្ញាដោយស្មោះពីចិត្ត៕

បញ្ជាក់៖ អត្តបទនេះ ស្រាវជ្រាវដោយលោកខូ-តារាឫទ្ធិ ហើយត្រូវ​បាន​ប្រកាស​ក្នុង​គេហទំព័រ​«អក្សរសិល្ប៍ខ្មែរ» នៅថ្ងៃ Tuesday, December 14, 2010