រឿង​សម្រាប់កុមារ «កូន​ថៅកែស្ករគ្រាប់»

កូន​ថៅកែស្ករគ្រាប់

Des bonbons

[…]

នៅ​ក្នុង​ថ្នាក់ ខ្ញុំ​រៀន​ពូកែ​ជាង​គេ តែ​ខ្ញុំ​មិន​ដែល​បាន​ជាប់​លេខ​មួយ​ទេ។ ចំណាត់​ថ្នាក់​លេខមួយ​លើគេ​ក្នុងតារាកិត្តិយសរាល់​ខែ​បាន​ទៅ ​ខែនឌី ។ គេ​គ្រប់​គ្នា​ហៅ​នាង​ថា «កូន​ថៅកែ​ស្ករ​គ្រាប់»។ ខ្ញុំ​មិន​ខឹង​ និង​ច្រណែន​នឹង​នាង​ទេ ព្រោះ​នាង​មាន​លុយច្រើន តែ​ខ្ញុំ​លួច​អន់​ចិត្ត​ម្តង​ម្តាល​ដែរ!

បើ​និយាយ​ពី​សិស្ស​លេខ​មួយ ខែនឌី​ នេះ! ខ្ញុំ​និយាយ​ដើមគេ​​ទេ នាង​រៀន​ចាញ់​ទាំង​សិស្ស​លេខ​ដប់ផងក៏​មិន​ដឹង​! ទើប​តែ​អាយុ​១​២ឆ្នាំ​សោះ តែង​ខ្លួន​មើល​តែ​តួ​កូរ៉េ សក់​ក្បាល​មាន​ស្ទើរ​គ្រប់​ពណ៌ ផ្កាឈូក ស្វាយ ទឹក​ក្រូច ហើយ​គាប​អ៊ុត​ត្រង់​ទៀត… បើ​ស្លៀក​សំពត់​វិញ ឡើង​ខើច​ខ្លី​លើ​ជង្គង់ ខ្ញុំ​ខ្មាស់​គេ​ជំនួស​នាង… គ្មាន​គ្រូណា​ហ៊ាន​ហើប​មាត់​ថាឱ្យ​ខែន​ឌី​ឡើយ​… អ្នក​ណា​មិន​ស្គាល់​ «កូន​ថៅកែ​ស្ករ​គ្រាប់»!

ម៉ាក់​ឱ្យ​លុយ​ខ្ញុំ​រាល់​ព្រឹក​តែ​បីពាន់​ទេ បួន​ពាន់​យ៉ាង​ច្រើន។ ខ្ញុំ​ត្រូវ​ទុក​ញ៉ាំ​បាយ​ពីរពាន់ ទិញ​ក្រដាស​ប្រឡង និង​សន្សំ​ខ្លះ​ទុក​ពេល​ត្រូវ​ការ​ចាំ​បាច់ មិន​បាច់​សុំ​លុយ​ម៉ាក់។ ខ្ញុំ​មិន​សូវ​ចាយ​វាយ​លុយ​ខ្ជះ​ខ្ជាយ​ទេ។ ឯ​ខែនឌី​វិញ ប៉ា​គេ​ឱ្យ​ចាយ​មួយ​ម៉ឺន តែពេល​ខ្លះ​ នាង​នៅ​មក​ខ្ចី​លុយ​ខ្ញុំ​ចាយ​ទៀត។

ខែនឌី យក​ស្គរគ្រាប់ និង​នំ​ពី​​ហាង​ប៉ា​នាង​មក​លក់ឱ្យ​​មិត្ត​ភក្តិនៅ​សាលា​​ទៀត តែ​នាង​នៅ​តែ​ចាយ​លុយ​មិន​គ្រាន់។

រាល់ថ្ងៃ​សីល​យើង​ត្រូវ​ទិញ​អីៗ​ជូន​គ្រូ។ ខ្ញុំក៏​​ត្រូវ​ដក​លុយ​ថ្លៃ​បាយ​ទិញ​ផ្កាឈូក​ជូន​គ្រូ។

ពេល​អ្នក​គ្រូ​មក​ដល់ គាត់​មិន​សូវ​សប្បាយ​ចិត្ត​ទេ ព្រោះ​លើ​តុ​គាត់​មាន​សុទ្ធ​តែ​ផ្កាឈូក។ គាត់​និយាយ​ឡើង​ដោយ​ក្តៅ​ស្លឹក​ត្រចៀក​ថា៖

–       «អាណា​ទិញ​ផ្កាឈូក​មក៍! យក​ទៅវិញ​ឱ្យ​អស់!»

ខ្ញុំ​រាង​អន់​ចិត្ត​បន្តិច ព្រោះ​ខំ​ដក​លុយ​ថ្លៃ​បាយ​ទិញ​ជូន​គាត់​ហើយ គាត់​មិន​យក​ទៀត។ ខ្ញុំ​ក៏​ដើរ​ទៅ​យក​ផ្កាឈូក​លើតុ​មកវិញ។ សិស្ស​ដទៃ​អត់ហ៊ាន​ឡើយ ពួក​គេ​​អីចឹងតែ​ធម្មតាទៅ​ហើយ ទាល់​តែ​ខ្ញុំ​បោះ​មេ​មុន​ទើប​គេ​ទៅ​តាម​ក្រោយ។

–       «ឯង​មក​រក​អី!»

–       «ខ្ញុំ​មក​យក​ផ្កាឈូក​ទៅវិញ»

–       «យក​ធ្វើ​អី! អ្ហា!»

–       ខ្ញុំ​និយាយ​រអ៊ូតិចៗ «ក្រែង​កូន​សិស្ស​ ត្រូវ​ស្តាប់​គ្រូ!» ខ្ញុំ​ឌឺ​ឱ្យ​អ្នក​គ្រូ! ខ្ញុំ​មិន​ខ្លាច​គាត់​ទេ ព្រោះ​ខ្ញុំ​អត់​ខុស​អី​ផង។ គាត់​ថា​ឱ្យ​ទៅ​យក​ ខ្ញុំ​ទៅ​យក​ហើយ ប្រុង​ស្តី​ឱ្យខ្ញុំ​​ទៀត។

តាំង​ពី​ថ្ងៃ​នោះ​មក​ អ្នក​គ្រូ​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​ខ្ញុំ​ទេ។ គាត់​ស្រឡាញ់​តែ​ខែនឌី។ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ធ្វើ​ខុស​ចំពោះ​អ្នក​គ្រូ​ ព្រោះ​ហ៊ាន​ធ្វើ​ផ្គើន​គាត់ តែ​ខ្ញុំ​មិន​ដឹង​សុំ​ទោស​គាត់ឬ​អត់​នោះ​ទេ។

តាំង​ពី​ដើម​ឆ្នាំ​យើងត្រូវ​រៃអង្គាស​ប្រាក់​គ្នា​មួយ​ថ្ងៃ​មួយ​រយ​ ពីររយ​សន្សំទុក​ទិញ​អំណោយ​​អីៗ​ជូន​លោកគ្រូ​អ្នក​គ្រូ​នៅ​ថ្ងៃ​៨មីនា។ ថ្ងៃ​សិទ្ធិ​នារី តែ​យើង​ក៏​ត្រូវ​ទិញ​កាដូ​ជូន​លោក​គ្រូ​ប្រុសៗ​ដែរ។ ខ្ញុំ​យក​ទឹក​ក្រូច​ពី​ផ្ទះ​ជូន​អ្នក​គ្រូ។

«ស្រីខួច ឯង​យកទឹក​ក្រូច​តែ​៤កំប៉ុងប៉ុណ្ណឹងទេហ្អី?»

«ចាស់! បើ​ខ្ញុំ​ប្រាប់​ម៉ាក់​ ហើយ​ម៉ាក់​ឱ្យ​តែ​ប៉ុណ្ណឹង!» ខ្ញុំ​និយាយ​ដោយ​គួរ​អាណិត​ផង និង​អៀន​ផង។ អៀន​អ្នក​គ្រូ ព្រោះ​តែ​អំណោយ​តិ​​ច​ជាង​គេ។ កូន​គេ​ជូន​អ្នក​គ្រូ​សុទ្ធ​តែ​ទាំង​កេសៗ។ ចំណែក​ឯ​«កូន​​ថៅកែ​ស្ករ​គ្រាប់» វិញ យកនំ​​ជូន​គ្រូពីរបីធុង។ បើ​ខ្ញុំ​ជា​«កូន​ថៅកែ​ទឹក​ក្រូច»​វិញ ខ្ញុំ​ជូន​អ្នក​គ្រូ​ដប់​កែស​តែ​ម្តង…

[…]

ដោយ ហេង ឧត្តម

Publicités

«សៀវ​ភៅ​ និង​កែវ​ចរណៃ»

«សៀវ​ភៅ​ និង​កែវ​ចរណៃ»

ដោយ៖ ហេង​ ឧត្តម

រាល់ពេល​ល្ងាច ក្រោយ​ពីត្រឡប់​មក​ពី​សាលារៀន​វិញ ក្មេង​ប្រុស​តូចម្នាក់​​ឈ្មោះ​សីហា តែង​តែ​ទៅ​លេង​ផ្ទះ​មិត្ត​ភក្តិ​របស់គេ​ផ្សេងៗ​គ្នា។ សីហាមាន​អាយុ​១១ឆ្នាំ។ គេ​ជា​សិស្ស​ស្លូត​បូត​គួរឱ្យ​​ស្រឡាញ់​ណាស់ និង​មាន​មិត្តភិក្តិ​ច្រើន​ជាង​គេ​នៅ​ក្នុង​ថ្នាក់​ទី៦។ ត្បិត​តែ​សីហា​មាន​មិត្ត​ច្រើនមែន​ តែ​ក្នុង​នោះ​មាន​តែ​៥នាក់​ប៉ុណ្ណោះ​​ដែ​ល​ជិត​ស្និទ្ធ​ខ្លាំងជាង​គេ​។

ថ្ងៃ​មួយ​ម្តាយ​របស់​សីហាបាន​ទិញ​សៀវ​ភៅ​រូប​ភាព​​មួយដ៏​ធំ​យ៉ាង​ស្រស់​ស្អាត​ និង​​មាន​រូប​ភាព​ជា​ច្រើន​ គួរ​ឱ្យ​ទាក់​ទាញ​ចិត្ត​ មាន​រូប​ផ្កា ដើមឈើ សត្វ​ព្រៃ ត្រី…​ គេ​ស្រឡាញ់​សៀវភៅ​នោះ​ខ្លាំង​ណាស់ ហើយ​តែង​តែយក​ទៅ​បើ​ក​មើល​ជា​មួយ​មិត្តភក្តិ​ទាំង​៥នាក់ នៅ​ផ្ទះ​ពួ​ក​គេ​ម្តង​ម្នាក់​ៗ រៀង​រាល់​ល្ងាច ​ពេល​ចេញ​ពី​សាលា។

ក្នុង​ចំណោម​មិត្ត​ភក្តិ​ទាំង៥នាក់នោះ មា​នតែ​មេសាម្នាក់​ទេ ដែល​ចូល​ចិត្ត​រូប​ភាព​ដូ​ចសីហា​ដែរ។ ពួក​គេ​និយាយ​​ត្រូវរ៉ូវ​គ្នា​ណាស់។

–       ពួក​យើង​មាន​ចិត្ត​ដូច​គ្នា​ណាស់​! ខ្ញុំ​ចូល​ចិត្ត​ឯង​ជាង​គេ។ (សីហា​ពោល)

ដើម្បី​កុំ​ឱ្យ​មិត្ត​ភក្តិ​ដទៃ​ទៀត​ច្រណែន​គ្នាសីហា ដាក់​វេន​មើល​សៀវភៅ​ជាមួយ​ពួក​គេ​ម្តង​ម្នាក់​ៗ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ។ វេន​របស់​មេសា គឺ​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍។

រាល់​ព្រឹក​សីហា តែង​តែ​ញ៉ាំ​អាហា​រ​ពេល​ព្រឹក​ជាមួយ​ឪពុក​ម្តាយ​មុន​នឹង​ចេញ​ទៅ​សាលា ហើយ​ឪពុកម្តាយ​របស់​សីហា ក៏ត្រូវ​ចេញទៅ​ធ្វើ​ការ​ផង​ដែរ។ នៅ​បន្ទប់​ទទួល​ភ្ញៀវ​ ម្តាយ​សីហា​កំពុង​អាន​កាសែត ឯ​សីហា​មើល​សៀវភៅ​រូបភាព។ ពេល​ឪពុក​របស់​គេ​លើក​ម្ហូប​មក​រៀប​ចំ​លើ​តុ​រួច​រាល់។ ម្តាយ​នាំ​សីហា​ទៅ​លាង​ដៃ​មុន​ញ៉ាំ​បាយ ឪពុក​គេ​ក៏​យក​កន្សែង​ជូន​ដៃ​ឱ្យ​ប្រពន្ធ​ និង​កូន។ ​ក្នុង​គ្រួសារ​តូច​ដ៏​រីក​រាយ​ ពួក​គេ​ស្រស់​ស្រូប​អាហារ​ជុំ​គ្នា​ដោយ​បរិយា​កាស​សុភមង្គល។

ពេល​ញ៉ាំ​បាយ​ ឪពុក​សីហា​តែង​ប្រាប់​ថា៖

–       កូន​ត្រូវ​ប្រយ័ត្ន​កុំ​និយាយ​ខ្លាំង​ៗ​ពេល​ញ៉ាំ ក្រែង​ខ្ទាត​អាហារ​ប្រលាក់​ខោអាវ និង​ចេះ​ប្រុង​ប្រយ័ត្ន​ ខ្លាច​បែក​កែវ​ចរណៃណា​ ព្រោះ​វា​មាន​តម្លៃ​សម្រាប់​គ្រួសារ​យើង​ណាស់​។

សីហា​ដឹង​ថា ឪពុក​គេ​ស្រឡាញ់​កែវចរណៃ​នោះ​ណាស់ ព្រោះ​គាត់​ខំ​ថែរក្សា​យូរយារ​ណាស់​មក​ហើយ យូរៗ​ម្តង​ ពេល​មាន​ពិធី​សំខាន់​ក្នុង​គ្រួសារ​ ទើប​គាត់​យក​មក​ប្រើ តែ​ចំពោះ​សីហា​វិញ​ ហាក់​ដូចជា​មិន​ខ្វល់​ និង​ចាប់​អារម្មណ៍​ ចំពោះ​កែវនោះ​សោះ ព្រោះ​វា​គិត​ថា មិន​មែន​ជា​របស់​ខ្លួន។ គេ​ស្រឡាញ់​តែ​​សៀវភៅ​រូប​ភាព​របស់​គេ​តែប៉ុណ្ណោះ។ រាល់​​ពេល​ចេញ​ចូលផ្ទះ​ម្តងៗ ​ឪពុកម្តាយ​របស់សីហា​ឧស្សាហ៍​ ក្រលេក​មើលកែវ​ចរណៃ​នោះជានិច្ច ព្រោះ​កែវដ៏​ស្រស់​ស្អាត​នេះហើយ ដែល​ជា​ចំណង​ស្នេហ៍​ដំបូង​របស់​ឪពុក​សីហា ទិញ​ជូន​ភរិយា​ កាល​សារភាពស្នេហា​គ្រា​ដំបូង។

នៅ​ល្ងាច​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍ សីហា​ទៅ​មើល​សៀវភៅ​រូបភាព​នៅ​ផ្ទះ​របស់​មេសា។ ពួក​គេ​ទៅ​អង្គុយ​នៅ​មាត់​ពីហ្សិន​ទឹក។ សីហា​ឱ្យ​មេសា​កាន់​សៀវភៅ​បើក​មើលដោយ​ផ្ទាល់​​ ព្រោះ​គេគិត​ថា មេសា​​ជា​មិត្ត​ជិត​ដិត​បំផុត ដែល​ទុក​ចិត្ត​ជាង​គេ។ រំពេច​នោះ​ មេសា​បើក​មើល​មិន​ប្រយ័ត្ន​ ក៏​របូត​ដៃ​ធ្លាក់​សៀវភៅ​ចូល​ទៅ​ក្នុង​​ទឹក។ គេ​ប្រញាប់​លោត​ចូល​ទឹក ទៅស្រង់​សៀវភៅ​មក​វិញ។ តែគួរ​ឱ្យ​ស្តាយ! ​គឺ​ហួស​ពេល​ហើយ! សៀវ​ភៅ​ទទឹក​​អស់​ទៅហើយ​។ រូបភាព​ទាំង​អស់​បែក​ពណ៌មើល​លែង​​យល់។ ដោយ​សារ​ស្តាយ​សៀវ​ភៅ​​ខ្លាំង​ពេក សីហាខឹង​មេសា​ខ្លាំង​មែន​ទែន គេ​និយាយ​ទាំង​ទឹក​ភ្នែកលាយ​កំហឹង៖

–       យើង​ស្អប់​ឯង​ជាង​គេ!

–       ឱ្យ​គ្នា​សុំ​ទោស! (មេសា​និយាយ​ទាំង​ញ័រធ្គាមដោយ​រងា​ជា​ខ្លាំង។)

–       យើង​ស្អប់!​ ស្អប់ៗឯង​បំផុត…

ថា​ហើយ សីហា​ជូត​ទឹក​ភ្នែក​ ហើយ​រត់​សំដៅ​ទៅ​​ផ្ទះ​យ៉ាង​លឿន មិន​ងាក​ក្រោយ​មើល​មេសា​ ដែល​កំពុង​​តែលុត​ជង្គង់​សុំ​ទោស​នោះ​ឡើង។

រត់​មក​ដល់​ផ្ទះ សីហា​រត់​ចូល​ក្នុង​បន្ទប់​ ហើយ​បិទ​ទ្វារ​លាន់​ឮ​យ៉ាង​ខ្លាំង។ សំឡេង​នោះ​ឮខ្ទរ​ដល់​ឪពុក​នៅ​ផ្ទះ​បាយ។ សីហា​មិន​ខ្ចី​មើល​អ្វី​ទាំង​អស់ សូម្បី​តែ​កែវ​ចរណៃដ៏​ស្រស់​ស្អាត ​ដែល​ដាក់​តាំង​នៅ​ជិត​ទ្វារ​បន្ទប់​របស់​គេ​ក៏ដោយ បើ​តាម​កំហឹងពេលនេះ ​សីហា​ចង់​តែ​បោកវា​​ចោល​ថែម​ទៀតផង។ ពេល​នេះ ចំពោះ​គេ​ ទោះបី​ជា​កែវ​នោះ​​ស្អាត ​និង​មាន​តម្លៃ​ប៉ុណ្ណា ក៏មិន​មាន​តម្លៃ​ស្មើទឹក​ចិត្តស្រឡាញ់​​​សៀវភៅ​រូប​ភាព​​របស់​គេ​ឡើយ​។ សីហា​លោតទម្លាក់​ខ្លួន​​ទៅ​លើ​គ្រែ​ ដេក​យំ​ជា​ខ្លាំង គេ​តាំង​ចិត្ត​ថា ឈប់​ទៅ​លេង​ និង​ឈប់​និយាយ​រក​មេសា​ជា​រៀង​រហូត។ ពេលនេះ​ គេ​ស្អប់​មេសា​ជា​ខ្លាំង។ សីហា​យំ​រហូត​ដល់​គេ​ង​លក់ទាំង​មិន​ទាន់​ញ៉ាំ​អាហារ​ពេល​ល្ងាច​ផង។ ទឹក​ភ្នែករបស់​សីហា​នៅដិត​ដាម​ពេញ​ថ្ពាល់ទាំង​គូ។ ម្តាយ​​មក​ថើប​ថ្ងាស់កូន ហើយ​លួង​លោម និង​​ដាស​កូន​ឱ្យ​ញ៉ាំបាយ​ ព្រោះ​ខ្លាច​កូន​ប្រុស​សម្លាញ់​តែ​មួយ​ឈឺ។ ឪពុក​គេ​សន្យាថា នឹង​ធ្វើ​ម្ហូប​ដែល​សីហា​ចូល​ចិត្ត​ឱ្យ​ញ៉ាំ​នៅ​ថ្ងៃ​ស្អែក។

–       កូន​​ព្រម​ញ៉ាំ​បាយ​ តែ​មិន​ព្រម​ឈប់​ខឹង​នឹង​មេសា​ឡើយ។ (សីហានិយាយ ដោយ​ងក់ក្បាល)

–       មេសា​ធ្វើ​អ្វី​កូន បាន​ជា​កូន​ខឹង​នឹង​គេ​ខ្លាំង​បែបនេះ? (ម្តាយ​សួរ​ដោយ​ថ្នម​សម្តី)

–       គេ​ធ្វើ​ឲ្យ​ជ្រុះ​សៀវភៅ​រូបភាព​របស់​កូន ធ្លាក់​ចូល​ទឹក។ វា​ខូច​អស់​ហើយ កូន​លែង​បាន​មើល​វា​ទៀត​ហើយ។

–       ឈប់​ខឹង​! ឈប់​ខូច​ចិត្ត​ទៅ! ចាំ​ម៉ាក់​ទិញ​សៀវភៅ​មួយ​ទៀតឱ្យ​។ (ម្តាយ​អង្អែល​ក្បាល​កូន​)

–       តែ​វា​មិន​ដូច​មុន​ឡើយ! (សីហាតប)

ស្អែក​ឡើង ឪពុក​របស់​សីហា​ធ្វើ​ម្ហូប​ឆាបន្លែគ្រប់​មុខឱ្យ​គេ​ញ៉ាំ ព្រោះ​គេ​ចូលចិត្ត​បន្លែណាស់។ នៅ​លើ​តុ​អាហារ​ មាន​របៀ​ប​រៀប​ចំ​បាន​យ៉ាង​ស្រស់​ស្អាត​ លើ​ស​រាល់​ថ្ងៃ គឺ​មាន​ទាំង​បាច់​ផ្កា ចានស្លាប​ព្រា​សុទ្ធ​តែ​ថ្មី កម្រាល​តុ​ក៏​ថ្មី និង​មាន​កែវ​ចរណៃ​ផង​ដែរ។ ថ្ងៃនេះ ​ជា​ថ្ងៃពិសេស​សម្រាប់​គ្រួសារ​ហើយ ទើប​ឪពុក​សីហា​ដាក់​កែវនេះ​រៀប​ចំ​លើ​តុ ហើយ​នៅ​ជិតខ្លួន​​សីហា។

អ្វី​ដែល​ស្មាន​មិន​ដល់!! សីហា​ញ៉ាំ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ដៃ​ប៉ះ​កែវ​ចរណៃ​ធ្លាក់​បែក​ខ្ចាយ។

–       បង​កែវយើង! (ម្តាយ​សីហា​ភ្លាត​មាត់​ជា​ខ្លាំង​ ទៅ​ស្វាមី)

សីហា​ប្រុង​យំ​បន្តិច​អី​បន្តិច​មិន​ដឹង​ ព្រោះ​គេ​ទើប​តែ​មាន​អារម្មណ៍​ដឹង​ច្បាស់​ថា កែវនេះ​ឪពុក​ម្តាយ​របស់​គេ​ស្រឡាញ់​ខ្លាំង​ណាស់។ គេ​ភ័យ​ផង ខ្លាច​ផង… ហើយ​ក៏​យំ។

ឪពុក​សីហា​ភ័ន្ត​ភាំង​មួយ​រំពេច តែគាត់​ខំប្រឹង​ទប់​អារម្មណ៍ ហើយ​និយាយ​លើក​ទឹក​ចិត្ត​កូន៖

–       កុំ​យំ​អី​កូន​សម្លាញ់! «កែវ​ដែល​បែក​ហើយ យើង​មិន​អាច​បិទ​កាវ​ឱ្យ​ជាប់​ឡើងវិញ​បាន​ទេ!»។ កូនកុំ​​យំ​សោក​ស្តាយអី! តែ​កូន​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ទៅ​ថ្ងៃ​ក្រោយ កុំ​ឱ្យ​បែក​ទៀត។

សីហាទៅឱប​ឪពុក ហើយ​​យំ ឪពុក​ក៏​ឱបកូន​វិញ រួច​អង្អែល​ក្បាល​​កូនថ្នម។ ភ្លាម​នោះ​ដោយសារ​គិត​ឃើញអ្វី​ម្យ៉ាង សីហា​​រត់​ចេញទៅក្រៅ​ផ្ទះ​យ៉ាង​លឿន។ ឪពុកម្តាយ​ឆ្ងល់ ក៏​រត់​តាម​កូន។ សីហា​រត់​យ៉ាង​ប្រញាប់​សំដៅ​ទៅ​ផ្ទះ​របស់​មេសា តែ​ផ្ទះ​នោះ​បិទ​ទ្វារ​ គ្រួសារ​របស់​មេសា​បាន​ចេញ​ទៅ​ដើរ​លេង​តាម​ខេត្ត​បាត់​ទៅហើយ។ គេក៏​ត្រឡប់​មក​ផ្ទះ​វិញ​ ទាំង​អារម្មណ៍​សោកសៅ។

សីហា​មិន​សប្បាយ​ចិត្ត​ ព្រោះ​មាន​ពាក្យ​មួយ​ឃ្លាចង់​និយាយ​ប្រាប់ទៅ​​មេសា។

ព្រឹក​ថ្ងៃ​ចន្ទ សីហា​អត់​ញ៉ាំ​បាយ​ពេល​ព្រឹក​ទេ ដោយសារ​ប្រញាប់​ទៅ​ជួប​មេសា​ពេក។

–       ឱ្យ​ខ្ញុំ​សុំ​ទោស​សីហា​ម្តងទៀត ដែ​លធ្វើ​ឱ្យ​ទទឹក​សៀវភៅ​ដែល​ឯង​ស្រឡាញ់។ (មេសា​និយាយ​គួរ​ឱ្យ​អាណិត។)

–       មេសា​មិត្ត​សម្លាញ់! សៀវភៅនោះ​ទទឹក​ខូច​អស់​ទៅ​ហើយ ដូច​​«កែវ​ដែល​បែក​ហើយ យើង​មិន​អាច​បិទ​កាវ​ឱ្យ​ជាប់​ឡើងវិញ​បាន​ទេ!»​។

ពួក​គេ​យល់ ហើយ​ឱប​គ្នា​យ៉ាង​រីករាយ៕

ទិវាសិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃសុក្រ ១០ ធ្នូ ២០១០

«សំឡេង​ដ៏​រំខាន​ »

«សំឡេង​ដ៏​រំខាន​ »

ដោយ៖ ហេង​ ឧត្តម

រាល់​ពេល​ល្ងាច ពេល​ចេញ​ពី​សាលា​រៀន​ រចនា​កុមារី​តូចតែង​តែ​មក​ផ្ទះ​យឺតរាល់​ដង។ ផ្ទះ​នោះ​មាន​រឿងរ៉ាវ​​ប្លែក​ៗ​ជានិច្ច។  យើង​មិន​ដឹង​ថា នាង​ដើរ​យឺត ឬ​នាង​​មិន​ចង់​ចូល​ផ្ទះ​នោះទេ។

មក​ដល់​ផ្ទះ នាង​តូច​អាយុ​១២ឆ្នាំ ឃើញ​ថូ​ផ្កា​បែក​ខ្ចាយ កុមារី​រត់​ចូល​ក្នុង​បន្ទប់​នាង​យ៉ាង​លឿន ព្រោះ​មិន​ឮ​សំឡេងប្រកែក​គ្នា​របស់​ឪពុក​ម្តាយ​នាង​ទៀត​ទេ។ រចនា​គេង​ទាំង​អារម្មណ៍​រវើរវាយ…

*

*          *

ល្ងាច​បន្ទប់​ ពេល​នាង​មក​ដល់​ផ្ទះ ស្រាប់​តែ​មិន​ឃើញ​រូប​ថត​អាពាហ៍​ពិពាហ៍​របស់​ឪពុក​ម្តាយ​។ មួយ​សន្ទុះ​ក្រោយ​មក នាង​ឮសូរអ្វី​ម្យ៉ាង​​បែក​ប្រាវ… ប្រហែល​ជា​សំឡេង​បែក​កែវ​ផង​ក៏​មិន​ដឹង!

រចនា​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច​ ព្រោះ​ត្រចៀក​របស់​នាង​ មាន​អ្វី​ម្យ៉ាង​ ដែល​តែង​តែ​មក​រំខាន​ជានិច្ច។

ល្ងាច​បន្ទប់​មក​ទៀត កុមារី​តូច​ឃើញ​ម៉ា​ញ៉េ​ធ្លាក់​ពី​លើ​ផ្ទះ​មក​ដីបែក​ខ្ទេច​ខ្ទី។ នាង​គិត​ក្នុង​ចិត្ត «​មិន​បាច់​បារម្ភថា វា​មិន​បែក​នោះទេ​លោក​ប៉ា»។

«បើ​បង​នៅតែ​ធ្វើ​អ៊ីចឹង​ទៀត យើង​លែង​លះ​គ្នា​តែ​ម្តង​ទៅ។» ជា​សំឡេង​ស្រីម្នាក់​​ ដែល​ឮ​ចេញ​ពី​បន្ទប់ឪពុក​​របស់​នាង​។

រវាង​ប៉ា និងម៉ាក់ រចនា​មិន​ចង់​រស់​នៅ​ដោយ​គ្មាន​នរណា​ម្នាក់ឡើយ ហើយ​នាង​ក៏​មិន​ចង់​រស់​នៅ​ក្នុង​សំឡេង​រំខាន​បែបនេះ​តែ​រហូត​ដែរ។

នៅ​សាលារៀន ក្មេង​ស្រី​រចនា​ចេះ​តែ​និយាយ​រវើ​រវាយ​តែ​ម្នាក់​ឯង​។ ពេល​ម៉ោង​រៀន នាង​មិន​សូវ​ស្តាប់​​គ្រូពន្យល់ប៉ុន្មាន​ទេ ហើយ​ពេល​ចេញ​លេងវិញ​​ នាង​ក្រាប​ក្បាល​លើ​តុ។

*

*          *

ឃើញ​កូន​មាន​អាកប្បកិរិយា​ប្លែក​ពេក​ ឪពុក​រចនា​សួរ​ប្រពន្ធ៖

អូន​ឃើញ​កូន​ស្រី​យើង​ប្លែក​ទេ!

អូន​សង្កេត​ឃើញ នាង​ចេះ​តែ​ដើរ​ភ្លឹក​ៗ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ អូន​បាន​ទូរស័ព្ទ​ទៅ​សួរ​គ្រូដែរ​។ គ្រូថា​ ពេល​​ខ្លះ នាង​ចេះ​តែ​និយាយ​ម្នាក់​ឯង។ ពេល​ខ្លះ​ទៀត ធ្វើ​ភ្នែក​បែប​ឆ្ងល់ៗ​ម្នាក់​ឯង​ មិន​សូវ​ស្តាប់​គ្រូ​ទេ។

បង​គិត​ថា យើង​ត្រូវគិត​ពី​កូន​យើង​ផង​! កុំ​គិត​តែ​ធ្វើ​ការ​ច្រើន​ពេកទេ! ទុក​ពេល​សម្រាប់នៅ​ជាមួយ​​កូន​ផង​! អូន​យល់​ម៉េច​ដែរ?

ល្អ! បង​និយាយ​ត្រូវ! ពេល​ល្ងាច​ថ្ងៃ​មុន អូន​រយ៉ែ​ឡាន​ប៉ះ​ថូផ្កា​នៅ​មុខ​ផ្ទះយើង​​​បែក​ អូន​ចង់​ទិញ​ដាក់​ថ្មីមួយ​ទៀត។

ហ្នឹង​ហើយ បងដើរ​មិន​ប្រយ័ត្ន ​ជ្រុលស្នា​​ប៉ះ​ស៊ុម​រូប​ថត​រៀប​ការ​របស់​យើង ធ្លាក់​បែកទៅ​។ បង​ក៏​ចង់​ទិញ​ដាក់​តាំង​ថ្មី​ដែរ។

អ៊ីចឹង​យើង​នាំ​កូន​ដើរ​ផ្សារ​ថ្ងៃ​នេះ​តែ​ម្តង​ទៅ!

យល់​ស្របគ្នា​ហើយ ប្តី​ប្រពន្ធទាំង​ពីរ​​ដើរ​ចូលទៅ​​បន្ទប់​កូន​ស្រីតែមួយ​របស់​ពួក​គេ​។

*

*          *

រចនា​! រចនា​ភ្ញាក់​ឡើង​កូន​ទៅ​ដើរ​លេង​ផ្សារ​ជាមួយ​ប៉ា!

មក៍​ងើប​ឡើង​កូន​ស្រីម៉ាក់។

កុមារី​រចនា​ងើប​ឡើង នាង​ស្ទាប់​រក​ម៉ា​ញ៉េ​របស់​នាង។ រចនា​អរ ​ព្រោះ​វា​មិន​បាន​បែក​ទេ។ នាង​គ្រាន់​តែ​យល់​សប្តិ​មិន​​ល្អ​តែ​ប៉ុណ្ណោះ ៕

ថ្ងៃសៅរ៍ ១១ ធ្នូ ២០១០