ជំនោរ​សមុទ្រ ភាគបញ្ចប់

ជំពូក ៣ ជំនោរសមុទ្រ

ល្ងាច​ថ្ងៃ​សៅរ៍ ខ្ញុំ​មក​ដល់​ភ្នំពេញវិញ។ ខ្ញុំ​គេង​ទាំង​អារម្មណ៍​រីករាយ​ ទោះបី​ជា​ការ​ធ្វើ​ដំណើរ​​ហត់​នឿយបន្តិច​ក្តី តែ​ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ និង​មាន​វេលា​លំហែ​អារម្មណ៍​នៅ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត ហើយ​ជា​ពិសេស​បាន​ទទួល​បទ​ពិសោធ​ជួយ​គេ​មិន​បាន​គុណ បែ​រ​ជា​បាន​ទោស​ ត្រូ​វ​គេ​ស្តី​ឲ្យ​ទៅវិញ។

ស្អែក​ឡើង​ថ្ងៃអាទិត្យ ខ្ញុំទៅរៀន​កួរ​ ហើយ​ក៏​ឆ្លៀត​ចូល​ហាង ​Internet ក្បែរ​សាលា​បន្តិច។ ខ្ញុំ​ខាន​ចូល​ហាង​នោះ​ជា​យូរ​មក​ហើយ ព្រោះ​ត្រូវប្តូរ​កន្លែង​លេង និង​ពេល​ខ្លះ​រវល់​ធ្វើ​កិច្ច​ការ​​លំហាត់​គណិត ​ដែល​ copy ពី ​ Note និង Profile របស់​សមុទ្រ។

ឈាន​ជើង​ចូល​ដល់ក្នុង​ហាង ខ្ញុំ​ដើរ​សំដៅ​ទៅ​ទូ​ដែល​ខ្ញុំ​ធ្លាប់​ប្រើ​ពីមុន។ ខ្ញុំ​ធ្វើ​អារម្មណ៍​ធម្មតា​ ហាក់​ដូច​ជា​មិន​បាន​គិតគូរ និង​ចាប់​អារម្មណ៍​នឹង​អ្វី​ៗ​ទាំង​អស់។ ស្ថាន​ភាព​ក្នុង​ហាង​នេះ ​ហាក់​ដូច​ជា​ធម្មតា​ទាំង​អស់​ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ។ ខ្ញុំ​ងាក​ទៅមើល​ទូ​លេខ​៥ ដែល​មាន​ស្រី​ម្នាក់​ធ្លាប់​អង្គុយ មិន​មាន​ឃើញ​ទេ។ ស្រី​ម្នាក់​នោះ!!! ខ្ញុំ​នឹក​ឃើញ​ហើយ គឺ​នារី​ដែល​ខ្ញុំ​បាន​ជួប​នៅ​មាត់​សមុទ្រ​នោះ ពិត​មែន​ហើយ គឺ​ជា​មនុស្ស​តែ​មួយ​តើ។ ខ្ញុំ​ទើប​តែ​នឹក​ឃើញ ប្រាកដ​ជា​នាង​មែន​ហើយ… គិត​ដល់​រឿង​នេះ ធ្វើ​ឲ្យ​អារម្មណ៍​ផ្លាស់​ប្តូរ​មួយ​រំពេច… ជា​ចៃ​ដន្យ​ម្លេះ មក​លេង​ក្នុង​ហាង​Internet ជាមួយ​គ្នា ខ្ញុំ​ឃើញ​នាង​តែពីរ​មិន​ដែល​បាន​និយាយ​គ្នា​ផង ដល់​ទៅ​ជួប​លើក​ទី​បី ត្រូវ​នាង​ស្តី​ឲ្យ​តែមុ្តង… គួរ​ឲ្យ​អស់​សំណើច​មែន… 😀  ខ្ញុំ​សរសេរ​ដាក់​ប្រកាស​សិន។

*Posted by ជំនោរ *៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ធ្វើ​គុណ​បាន​ទោស​ដែរទេ​? ទៅ​ជួយ​គេ​ បែរ​ជា​ត្រូវគេ​​ស្តីឲ្យ​​ទៅវិញ… បើ​អ្នក​បាន​ដឹង វា​ពិត​ជា​រឿង ​ដែល​គួរ​ឲ្យ​អស់​សំណើចណាស់​… ។

[សមុទ្រ like]

–       ជំនោរ ៖ hmm… សមុទ្រ​អត់​សរសេរ​ comment អី​ទេហ្អ? ម៉េច​គ្រាន់​តែ​Like ចឹង?

–       សមុទ្រ៖ រវល់​នៅ​ស្ថាន​ទូត! ជិតចូល​​សម្ភាស​ហើយ!! ចាំ​ទៅ​ដល់​ផ្ទះ​វិញ​ណា!!

–       ជំនោរ ៖ សម្ភាស​? នៅទូតណា? សំណាងល្អណា!!

–       សមុទ្រ ៖ 😀

–       ជំនោរ ៖ ស៊ូ! ស៊ូ!

[សមុទ្រ is offline]

*****

[សមុទ្រ is online and chat with ជំនោរ]

–       សមុទ្រ ៖ និយាយ​អ៊ីចឹង! ហេតុអ្វី​បាន​ដាក់​ឈ្មោះ​«ជំនោរ​»ទៅវិញ!

–       ជំនោរ ៖ «ជំនោរ​» ប្រែថា ខ្យល់ ជា​ឈ្មោះ​កំណើត​របស់​ខ្ញុំ​តើ! មិន​ដឹង​ហេតុអ្វី​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​មើល​ទឹក​សមុទ្រ និង​ខ្យល់​បក់! ពិសេស​ខ្យល់​នៅ​មាត់​សមុទ្រ! រលក​សមុទ្រ​ដែល​បក់​បោក​តាម​កម្លាំង​ខ្យល់​សមុទ្រ​នាពេល​សុរិយា​ហៀប​អស្តង្គត… ជា​ទិដ្ឋភាព​មួយ​គួរ​ជា​គយគន់ ដែល​បណ្តាល​​ឲ្យ​ស្រងេះ​ស្រងោច តែវាបាន​ផ្តល់​នូ​វ​មនោសញ្ចេត​នា​ពិសេស​ម្យ៉ាង​ក្នុង​ចិត្ត​ខ្ញុំ…

–       សមុទ្រ ៖ ​និយាយ​ដូច​អ្នក​ប្រលោម​លោក​! ហិហិ!

–       ជំនោរ ៖ វា​គ្រាន់​តែ​ជា​អារ​ម្មណ៍​ល្អ​តែប៉ុណ្ណោះ!…ភ្លេច​ហើយហ្អ! ​នរណាគេ​​បង្រៀន​ឲ្យ​ខ្ញុំ​គិត​វិជ្ជ​មាន​​ចំពោះ​ពិភព​លោកនោះ​? រហូត​មក​ដល់​ពេលនេះ​ ខ្ញុំ​អរគុណ​ សមុទ្រ ពិត​មែន​ ដែល​បាន​លួង​លោម​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ល្អ ជួយ​ឲ្យ​ខ្ញុំមាន​ក្តី​សង្ឃឹម​ក្នុង​ការ​រស់​នៅ! កុំ​​ឲ្យ​​យល់​ឃើញ​តែ​ទុទិដ្ឋនិយម​ខ្លាំង​ពេក​ក្នុង​ជីវិត! អរគុណ​មែន​ទែន​ណា!

–       សមុទ្រ៖ ចាត់​ទុក​ថា​ជា​ការ​ចែក​រំលែក​ចំពោះ​មិត្ត​ភាព​ដ៏​ល្អទៅចុះ…

*****

*Posted by សមុទ្រ​​ *៖ ជីវិត​​របស់​អ្នក​ មិន​កម្សត់​ពេក​នោះ​ទេ!! ថ្ងៃនេះ អ្នក​បាន​ស្វែង​រក​ពន្លឺ​សេចក្តី​សង្ឃឹម​នៃ​ជីវិត​របស់​អ្នក​ឃើញ​ហើយ។ តាម​រយៈ​ការ​តស៊ូ​យ៉ាង​ក្រាញននៀល​នឹង​ជីវិតជា​ក្មេង​​កំព្រា បាន​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​រឹងមាំ… ការ​ស្វែង​រក​ឧត្តម​ភាព​នៃ​ជីវិត​ជា​ដំណើរ​វែង​ឆ្ងាយ… ទាម​ទារ​ឲ្យ​​អ្នក​តម្កល់​ចិត្ត​ឲ្យ​រឹង​មាំ អំណត់​អត់​ធន់​ តស៊ូ​ព្យាយាម ពុះ​ពារ​មិន​ដក​ថយ…។

[ជំនោរ Like and you]

–       ជំនោរ ៖ ខាន​ចូល​ Facebook ម៉ា​​រយៈ​។ ដល់​ចូល​វិញ ប្រកាស​សុទ្ធ​តែ​ទ្រឹស្តី! គំនិត​ល្អ​មែនទែន​មិត្ត! ខ្ញុំ​សុំ​គាំទ្រទាំង​ស្រុង​!

–       សមុទ្រ ៖ មិន​មែន​ត្រឹម​តែ​ទ្រឹស្តីទេ គឺ​អនុវត្ត ​រួចហើយបាន​ជោគ​ជ័យ​ទៀតផង​។

–       ជំនោរ ៖ ល្អ!!

–       សមុទ្រ ៖ 😀

–       ជំនោរ ៖ ​និយាយ​អ៊ីចឹង សម្ភាស​នៅ​ស្ថាន​ទូ​ត​ថ្ងៃ​មុន​យ៉ាង​ម៉េច​ទៅហើយ?

–       សមុទ្រ ៖ ចាំ​Message ប្រាប់​!!

[សមុទ្រ is offline]

*****

[Message to ជំនោរ from សមុទ្រ] ម៉ោង​៨យប់​នេះ ខ្ញុំ​ចាក​ចេញ​ពីស្រុក​ខ្មែរហើយ។ ជំនោរ បើ​មាន​ពេល​ទំនេរ​ អាចមក​ជួយ​ជូន​ដំណើរ​ខ្ញុំ​ផង​បាន​ទេ នៅ​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។ សង្ឃឹម​ថា​ មិត្ត​នឹង​មក!!

ចំពោះ​ការ​​ជូន​ដំណើរ​សមុទ្រ ជា​ចំណោទ​ដែល​ធ្វើ​ឲ្យ​ជំនោរ​ពិបាក​សម្រេច​ចិត្ត​ដែរ។ ចំពោះជំនោរោផ្ទាល់​ គេ​ចាត់​ទុក​សមុទ្រ​ជា​មិត្ត​ល្អ ។ ទោះ​បី​ជា​ពួក​គេ​ស្គាល់​គ្នា​តែ​តាម​ Facebook ក៏​ពិត​មែន​ តែ​មនោសញ្ចេតនា​របស់​គេ​ត្រូវ​រ៉ូវ​គ្នា​ណាស់។ ក្នុងចិត្ត​របស់​ជំនោរ​ សមុទ្រ​ជា​មិត្ត​សម្លាញ់ មិត្ត​ដែល​យល់​ចិត្ត​បំផុត គ្រាន់​តែ​មិន​បាន​ស្គាល់​មុខ​តែ​ប៉ុណ្ណោះ​។ ម្តង​នេះ អាច​ជា​ឱកាស​ល្អ ដែល​អាច​ឲ្យ​គេ​បាន​ស្គាល់​នាង​ដោយ​ផ្ទាល់​​ក៏​ថាបាន។ ម្យ៉ាង​ជា​ការ​លើក​ទឹកចិត្ត​ចំពោះ​និស្សិត​​ខ្មែរ​ដែល​ទៅ​បន្ត​​ការ​សិក្សា​នៅ​បរទេសផង​។ នាយ​សម្រេចចិត្ត​រៀប​ចំ​ខ្លួន​ទៅ​ជូន​ដំណើរ​សមុទ្រ​នៅ​ល្ងាច​នេះ​។

*****

ម៉ោង [7:00] សារ៉ាចេញ​ពី​កន្លែង ​Check in មក​ក្រៅ​ ដើម្បី​និយាយ​ជាមួយ​គ្រួសារ​ជា​ចុង​ក្រោយ… ពេល​វេលានៃ​ការ​បែក​គ្នា​លើក​នេះ ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់។ នាង​និយាយជា​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​​ទៅ​កាន់​ស្រ្តី​ចំណាស់​ជន​ជាតិ​អូស្រ្តាលី ដែល​អង្គុយ​ក្បែរនាង​៖

–       កូន​នឹក​ម៉ាក់! ម៉ាក់​ត្រូវ​រក្សា​សុខភាព​ផង​ណា!

–       ម៉ាក់​ក៏​នឹក​កូន​ដែរ។ កូន​ធំ​ហើយ ត្រូវ​ចេះ​គិត​គូរ​ពីខ្លួន​ឯង​។

អ្នក​ស្រី​Julie និយាយដោយ​សម្តី​ថ្មមៗ​​ទៅ​កាន់​កូ​នស្រី​ធម៌​សម្លាញ់​ចិត្ត​របស់​គាត់។ គាត់​ចិញ្ចឹម​នាង​ជាង​១០​ឆ្នាំ​មក​ហើយ គាត់​យល់​ច្បាស់​ពី​ចរិត​របស់​សារ៉ា ពី​ការ​បារម្ភ​របស់​នាង​ចំពោះ​រូប​គាត់​ជាម្តាយ។ ម្តាយ​ធម៌​នេះ​មាន​ចិត្ត​មេត្តា​ចំពោះ​សារ៉ាណាស់។ គាត់ឲ្យ​នាង​រៀន​សាលា​ល្អៗ និង​ទិញ​ផ្ទះ​សមរម្យ​ឲ្យ​នាង​ស្នាក់នៅ​ ព្រម​ទាំង​ផ្តល់​ដើម​ទុក​ឲ្យ​បង្កើត​ហាង​Internet ទៀត​ផង។​ អ្នក​ស្រី​ផ្អាកគិត​បន្តិច​ក៏​សួរ​កូនបន្ត​៖

–        ចុះ​កូន​ប្រាប់​ម៉ាក់ថា ត្រូវ​ចាំ​មិត្ត​ម្នាក់​មែន​ទេ?

–       គេ​ប្រាកដ​ជាមក…

កំពុង​តែ​ជជែក​គ្នា​ ប្អូន​ស្រី​ចិញ្ចឹម​របស់​សារ៉ា​ កេះដៃ​នាង៖

–       បង​ស្រី! ពូ​ដែល​ទៅ​លេង​Internet ហាង​យើង​នោះ​មក​ហើយ! នោះ​គាត់។

សារ៉ា​នាក​តាម​ដៃ​របស់​ប្អូ​នស្រី។ នាង​ស្រែក​ហៅគេ៖

–       ជំនោរ! ជំនោរ! ​ខ្ញុំ​នៅ​ទីនេះ..

ជំនោរ​ងាក​មក​ប្រភព​សំឡេង​ នាយ​ភ្ងាក់​ព្រើត​ ដូច​គេ​ចោល​នឹង​ដុំ​ដី។ នាយ​ឃើញ​នារី​ដែល​កំពុង​នៅ​ពី​មុខ​នោះ គឺ​ជា​ស្រី​ម្នាក់​ដែល​គេ​ធ្លាប់​ឃើញ​នៅ​ក្នុង​ហាង​Internet  ហើយ​ជា​នារី​តែ​មួយ​ដែល​គេ​ជួប​នៅ​មាត់​សមុទ្រ…

–       នាង គឺ​ជា​​… សមុទ្រ!! (ជំនោរ​ឧទាន​តិចៗ)

–       ត្រូវ​ហើយ!! នេះ​ម៉ាក់​ខ្ញុំ និង​ប្អូន​ស្រី​របស់​ខ្ញុំ​។

ជំនោរ​លើក​ដៃ​គោរព​តាម​របៀប​ខ្មែរ។

–       ចៃ​ដន្យ​មែន​ទេ!!

–       ម៉េច​មិន​នឹក​ស្មានហ្អ!!

–       មិន​ស្មាន​ថា មាន​មិត្ត​ជា​ម្ចាស់​ Internet សោះ​!

–       មិន​អី​ទេ ចាំ​ខ្ញុំ​ប្រាប់​ប្អូ​ន​ស្រីខ្ញុំ! ​ឲ្យ​Free ​Internet ​មួយ​ថ្ងៃ​តែម្តង ឲ្យតែ​មាន​ពេល​មក​លេង​..

ជំនោរ​សើច​ញឹមៗ ដោយ​ហួច​ចិត្ត​ ដោយ​មិន​នឹក​ស្មាន​ មិត្ត​ដែល​គេ​ធ្លាប់​តែ​ជួប​តាម ​Facebook ពេល​នេះ​ឃើញ​មុខ​គ្នា​​ពិត​ប្រកដ​ហើយ ហើយ​ក៏​ជា​មនុស្ស​ដែល​គេ​ធ្លាប់​ឃើញ​មុន​រួច​មក​ហើយ​ដែរ។

*****

*Posted by ជំនោរ​ *៖ ទីបំផុត​ខ្ញុំ​បាន​ស្វែង​រក​មិត្ត​ភក្តិ​មួយ​ដ៏​ល្អ ហើយ​គេ​ម្នាក់​នោះ​ ជាមិត្ត​ល្អ​ជានិច្ច​ចំពោះ​រូប​ខ្ញុំ! ថ្ងៃ​នេះ សមុទ្រ បាន​ចាក​ចេញ​ពីស្រុក​ខ្មែរ​ហើយ នាង​ទៅ​បន្ត​ការ​សិក្សានៅ​ប្រទេស​អូស្រ្តាលី​! នាង​បាន​ផ្តាំ​ខ្ញុំ​ថា ជីវិត​កូន​អ្នកក្រ ជីវិត​ក្មេង​កំព្រា​ត្រូវតែ​រៀន​ឲ្យ​បាន​ខ្ពង់​ខ្ពស់!

[សមុទ្រ Like and you]

មិន​អ្នក​អាន​ទាំងឡាយ រង់ចាំ​ជួប​ជំនោរ និង​ សមុទ្រ​នៅក្នុង Face book ពេល​ក្រោយទៀត៕

* The End *

*

ខែធ្នូ ២០១០

ចប់​ថ្ងៃ ០១ ខែ ០១ ឆ្នាំ ២០១១

Publicités

រឿង ជំនោរសមុទ្រ (ភាគ​២)

ជំពូក ២ ជំនោរសមុទ្រ

ខ្ញុំ​មក​លេង​ឆ្នេរ«​កោះ​ឬ​ស្សី»ដ៏​ស្រស់​ស្អាត​​ជាមួយ​គ្រួសារ។ ដូច​ជា​ប្លែក​ណាស់ ដែល​លោក​ប៉ា​នាំ​គ្រួសារ​ដើរ​លេង​ តែក៏​ល្អដែរ ដែល​គាត់​ធ្វើ​ឲ្យ​អ្នក​ម៉ាក់​សប្បាយ​ចិត្ត។ ខ្ញុំ​ក៏រីករាយ​ណាស់​ដែរ ដែល​ពួក​គាត់​មាន​ពេលវេលា​សម្រាប់​គ្នា​។

កាល​ពីមុន ខ្ញុំ​តែង​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​គ្រួសារ។ ខ្ញុំ​ទទួល​អារម្មណ៍​ថា ប៉ានិង​ម៉ាក់​ គិត​តែ​ខំ​ប្រឹង​ធ្វើ​ការ មិន​សូវ​គិត​គូរ​ខ្វល់​ខ្វាយ​ និង​បារម្ភ​ចំពោះ​ខ្ញុំទេ តែ​ដល់​គិត​ពិចារ​ណា​យូរ​ទៅ និង​បាន​ សមុទ្រ ជួយ​និយាយ​ណែនាំ​ ខ្ញុំ​ក៏​ចាប់​ផ្តើម​កែ​ប្រែ​ការ​គិត​អវិជ្ជមាន​បន្តិច​ម្តងៗ។ ជា​កា​រពិត​ ខ្ញុំ​ទទួល​ស្គាល់​ ពេល​ខ្លះ​ ក៏​មាន​កូន​ៗ​មួយ​ចំនួន កំពុង​តែ​គិត​ដូច​ខ្ញុំ​ពីមុន​ដែរ គឺ​ចង់​ឲ្យ​ ឪពុក​ម្តាយ​នៅ​ក្បែរ​ខ្លួន យក​ចិត្ត​ទុក​ដាក់​ មើល​ថែរក្សា ផ្តល់​ភាព​កក់​​ក្តៅ ការ​ថ្នាក់​ថ្នម និង​យល់​ចិត្ត​គ្រប់​បែប​យ៉ាង… តែ​វា​មិន​អាច​​ដូច​ដែល​យើងបាន​គិត​នោះ​ទេ ព្រោះ​ឪពុកម្តាយ​ មិន​អាច​នៅ​ជិត​យើង​តែ​រហូត​ដែរ។

មេឃ​ស្រទុំ អាកាស​ធាតុ​មាត់​សមុទ្រ​ត្រជាក់​ណាស់ ប្រហែល​មិន​យូរ​ ឬ​ឆាប់ៗនេះ​ ច្បាស់​ជា​មាន​ភ្លៀង​ធ្លាក់​ជាមិន​ខាន ហើយ​ខ្ញុំ​ក៏​បាន​មើល​តំណក់​ទឹក​ភ្លៀង​ធ្លាក់​ចូល​សមុទ្រ​ដោយ​រីករាយ​។ ខ្ញុំ​ដើរ​លើ​ឆ្នេរ​ខ្សាច់ដ៏​ស្ងប់​ស្ងាត់។​ ធម្មជាតិ​នៅទីនេះ​បរិសុទ្ធ​​ល្អណាស់… ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​ស្រស់​ថ្លា… តែ​ខ្ញុំ​ក៏​នឹក​​ដល់​មិត្ត​ភក្តិ​ទាំង​ឡាយ​ក្នុង​​ Facebook ដែរ​ ពិសេស​ សមុទ្រ ជាមនុស្ស​តែម្នាក់​គត់​ដែល​តែ​ង​​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ…  ពេល​នេះ​ បើ សមុទ្រ​ មិត្ត​នារី​ដ៏​ល្អ​របស់​ខ្ញុំ ​មក​លេង​សមុទ្រ​ដែរ មិន​ដឹង​ជា​សប្បាយ​យ៉ាង​ណា​នោះ​ទេ តែបើ​នាង​មក​ក៏​ខ្ញុំ​មិន​ស្គាល់​មុខ​ដែរ ព្រោះ​ព្យាយាម​សុំ​មើល​រូប​ថត​របស់នាង​យ៉ាង​ក៏​ណា​ ក៏​មិន​ឲ្យ ប៉ុន្តែ​ក៏​សប្បាយ​ចិត្ត បើ​បា​នដឹង​ថា នាង​មក​លេង​លំហែ​កាយ​នៅ​មាត់​សមុទ្រ​ ដែល​មាន​អាកាស​ធាតុ​ល្អបែបនេះ។

និយាយ​ពី សមុទ្រ​​ នោះ​កាល​ណាខ្ញុំ​តែង​មាន​អារម្មណ៍ល្អ​ចំពោះ​នាង​ និង​អាណិត​នាង ។ ខ្ញុំ​នៅ​ចាំ​ Message របស់​នាង ហើយ​​ខ្ញុំ​តែង​តែ​អាន​ ពេល​ដែល​ខ្ញុំ​កើត​ទុក្ខមិន​សប្បាយ​ចិត្ត។ Message នោះតែង​តែ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​ជានិច្ច។ ខ្ញុំ​អាន​ស្ទើរ​តែ​ចាំ​រត់​មាត់​ទៅ​ហើយ។

Message: […] ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​មិត្ត ក្នុង​នាម​ជា​អ្នក​ចូល​ចិត្ត​មើល​ទឹក​ភ្លៀង និង​តំណក់​ទឹក​ភ្លៀង​ដូចគ្នា។ ខ្ញុំ​ឃើញ​ប្រកាស (Post) ​របស់​ជំនោរ​ ភាគ​ច្រើន​គឺ​និយាយ​ពី​អារម្មណ៍​សោក​សៅ មិន​សប្បាយ​​ចិត្ត បើ​រីករាយ​ក៏​តិច​តួច​ណាស់។ បើ​និយាយ​ឲ្យចំ​គឺ​មិន​សូវ​​ពេញ​ចិត្ត​​នឹង​ជីវភាព​គ្រួសារ។

ខ្ញុំ​យល់​! ហើយ​ក៏​បាន​ទទួល​ស្ថានភាព​បែប​នោះ​ដែរ​។ កាល​ពីមុន​ ខ្ញុំ​ជា​ក្មេង​ទំយើណាស់ ជា​ក្មេង​ដែល​មាន​អ្វី​ៗ​គ្រប់​យ៉ាង ចង់​បាន​អី​ បាន​នោះ ព្រោះ​ប៉ា​ម៉ាក់​ជា​អ្ន​ក​មាន តែ​ក្រោយ​មក បន្ទាប់​ពីបាត់​បង់​លោក​ប៉ា​ទៅ… (តាម​ពិត​ទៅ​ខ្ញុំ​មិន​គួរ​និយាយ​ប្រាប់​ជំនោរ​ទេ ពេល​ដែល​រម្លឹ​ក​រឿង​គ្រួសារ វា​ចេះ តែ​ធ្វើឲ្យ​ទឹក​ភ្នែក​ខ្ញុំ​ហូរ រឿង​រ៉ាវ​ដ៏​សោក​សៅ​ក្នុង​អតី​តកាល​ទាំង​ឡាយ បាន​ផុស​ឡើង​ក្នុង​អារម្មណ៍ខ្ញុំ… ប៉ុន្តែខ្ញុំ​យល់​ថា វា​អាច​នឹងមាន​​ប្រយោជន៍​​ចំពោះ​មិត្ត)​។ បន្ទាប់​ពីបាត់​បង់​លោក​ប៉ា​ទៅ… គ្រួសារ​ខ្ញុំ​ធ្លាក់​ចុះ។ ខ្ញុំ​ត្រូវ​រស់ក្នុង​ស្ថាន​ភាព​ជីវភាព​ដ៏​វេទនា​ជាមួយ​ម្តាយ តែ​បន្ទាប់​​មក​ទៀត បាន​ប៉ុន្មាន​ឆ្នាំ… ម្តាយ​ខ្ញុំ​ក៏​បាន​​ចាកចេញឆ្ងាយ​ពីរូប​ខ្ញុំ​ទៀត… គាត់​បាន​ឃ្លាត​ឆ្ងាយ​ពីខ្ញុំ​ដោយ​គ្មាន​ថ្ងៃ​នឹង​ត្រឡប់​វិល​វិញ​ឡើយ។ ជំនោរ​សាក​គិត​មើលទៅ ពី​កូន​ស្រី​អ្នក​មាន​ម្នាក់ មក​ជា​ក្មេង​ស្រី​កំព្រា​ ដែល​ត្រូវ​រង​នូវ​ពាក្យ​សម្តីប្រមាថ​មើល​ងាយពី​មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម ព្រោះ​តែ​ឪពុក​ម្តាយ​ខ្លួន​កើត​ជំងឺ​អេដស៍…​ តើខ្ញុំ​​អាច​នឹង​សម្រប​ខ្លួន​នឹង​ស្ថានភាព​ថ្មី​របស់​ខ្លួន​បាន​ដោយ​របៀ​ប​ណា? ពេល​ខ្លះ​ បើ​អាច​ធ្វើ​ទៅបាន​ ខ្ញុំ​ស្ទើរ​តែ​ចង់​គេ​ច​មុខ​ ពី​មនុស្ស​​ទាំង​ឡាយ​ផង…

តែពេល​នោះ ​ខ្ញុំ​ត្រូវ​ប្រ​ឈម​មុខ​នឹង​ការ​ពិត ហ៊ាន​ទទួល​យក​​ការ​ពិត និង​រិះ​រក​ដំណោះ​ស្រាយ សម្រាប់​ជីវិត​ខ្លួន​ឯង​។ ដាច់​ខាត ខ្ញុំមិន​ឲ្យ​ភាព​​សោក​សៅ និង​ទុក្ខ​ព្រួ​យ​ទាំង​ឡាយ​ញាំញី​ជីវិត​ខ្ញុំ​ឡើយ ខ្ញុំ​​ត្រូវ​ជម្នះ​ភាព​លំបាក​ទាំង​នោះ ដើម្បី​ឆ្ពោះ​​ទៅ​កាន់​អនាគត​ដ៏​ល្អ​​ដែល​កំពុង​រង់​ចាំ​យើង។

ពេ​លដែ​លខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​បំផុត ខ្ញុំ​នឹក​ដល់​ពាក្យ​មួយ​ឃ្លាថា «យើង​លំបាក​ប៉ុណ្ណឹង នៅមាន​អ្នក​ខ្លះ​លំបាក​ជាង​ហ្នឹង​ទៅទៀត!»។ ពាក្យ​នេះ បាន​ជួយ​ខ្ញុំ​កុំ​ឲ្យ​គិត​ច្រើន​ និង​ចេះ​តែ​តូច​ចិត្តបាន​ខ្លះ​ដែរ។ ប៉ុន្តែពេល​ដែល​ខ្ញុំ​ដើរ​កាត់​ផ្ទះ​នរណា ឬ​ឃើញ​ក្រុម​គ្រួសារ​គេ ជួប​ជុំ​គ្នា ញ៉ាំ​បាយ​ជុំ​គ្នា ឬ​លេង​ជុំ​គ្នា … ខ្ញុំ​មិន​យល់ថា ហេតុអ្វី​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន…

និយាយ​ដោយ​ស្មោះ ជំនោរ ​ពិត​ជា​សំណាង​មែន​!! ដែល​មាន​ឪពុក​ម្តាយ ហើយ​គាត់​អាច​ទំនុក​បម្រុង ​ជំនោរ ​បានយ៉ាង​ល្អ។ សូម​រក្សា​ពេល​វេលា​ឱកាស​ដ៏​ល្អ​នោះ​! ពីមិត្ត សមុទ្រ  […]

ពេល​ដែល​អានMessageនេះ ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​បាន​នៅ​ជិត​​នាង ហើយ​បាន​និយាយ​ចែក​រំលែកថ្លែង​ពីអារម្មណ៍​ទុក្ខ​សោក​ចំពោះ​កាន់​គ្នា​ទៅវិញ​ទៅមក។

*****

«​សត្វ​ស្លាប!… ខ្ញុំ​ចង់​ហោះ​ហើរ​ដូច​ឯង…»

សម្រែក​មួយ​យ៉ាង​ស្រាល​ឮ​រំពង​មក​ប៉ះ​ត្រចៀក​របស់​ខ្ញុំ ដែល​កំពុងតែ​លង់ស្លង់​​អារម្មណ៍​។​ នោះ​គឺជា​សំឡេង​​ក្មេង​ស្រី​ជំទង់ម្នាក់ កំពុង​ខ្ទប់​ដៃ​​ស្រែក​ទៅ​កាន់​សមុទ្រ នៅ​ពេល​ដែល​នាង​ឃើញ​ហ្វូង​សត្វ​សមុទ្រ​ហិច​ហើរ​ប្រណាំ​ង​នឹង​ជំនោរ​សមុទ្រ​​យ៉ាង​សប្បាយ​រីក​រាយ។ ប្រហែ​ល​ជា​នាង​ចង់​មាន​សេរី​ភាព​ក្នុង​ការ​ហោះ​ហើរ​ដូច​សត្វស្លាប​ទាំង​នោះ​ហើយ​មើល​ទៅ។

យុវតី​ស្លៀក​ពាក់​ខោអាវ​យ៉ាង​ឆើត​ឆាយ គន់​មើល​គួរ​ឲ្យ​ចាប់​ចិត្ត។ ក្នុង​សម្លៀក​បំពាក់​សម័យ​ទំនើប ខោ​ខូវ​បយ​ខ្លី​ត្រឹម​ជង្គង់​ពណ៌ខៀវ នាង​​ពាក់​ខ្សែ​ក្រវាត់​ក្បាល​ធំ​ពណ៌​ត្នោត ​ស្បែក​ជើង​ប៉ាត់​តា​ពណ៌​ស ជាមួយ​​ស្រោម​ជើង​ប្រផេះ… ក្នុង​ភាព​ជា​យុវ​វ័យ​ដូច្នេះ​ស្រាប់​ផង​ នារីនេះ គួរ​ឲ្យទាក់​ទាញ​ចិត្ត​ជា​ខ្លាំង ព្រោះ​​សាច់​នាង​សម៉ដ្ឋ​ខៃ​ ត្រូវ​នឹង​ពាក់អាវ​យឺត​ពណ៌​ស​ដៃ​ខ្លី​ថែម​ទៀត​នោះ ធ្វើ​ឲ្យ​អ្នកណា​​ដែល​បាន​ឃើញ​សម្ជស្ស​ធម្មជាតិ​របស់​នាង នឹង​សម្លឹង​គយ​គន់​មើល​មិន​ដាក់​ភ្នែកឡើយ… យុវ​នារី​អ៊ុត​សក់​ត្រង់​ភ្លឹង​ទម្លាក់​មក​លើ​ស្មា ខ្យល់​សមុទ្រ​បក់​មក​ប៉ះ​រាង​កាយ​ដ៏ល្វត់​ល្វន់​របស់​នាង ជំរុញ​ឲ្យ​សក់​ដ៏​ស្រលូន​ចេះ​តែ​ប្រឡែង​លេង​នឹង​ស្មា​ទាំង​គូ​… បបូរ​មាត់​ក្រហម​រាងក្លែប​​ក្រូច​បញ្ចេញ​ស្នាម​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍​ជានិច្ច បង្ហាញ​ឲ្យ​ឃើញ​ធ្មេញ​ទន្សាយ​ស​ដូច​ភ្លុក… នាង​ផាត់​ម្សៅ​មុខតិចៗ ព្រោះ​មុខរបស់​​នាង​ស​ស្រាប់​ទៅហើយ។

–       បងសារ៉ា ! ម៉ាក់​ហៅ​ញ៉ាំបាយ… គ្រាន់​តែ​ចុះ​ពី​ឡាន​មិន​បាន​ប៉ុន្មាន​ផង​ ប្រុង​មក​លេង​ទឹក​ហើយ! តោះ​ចាំ​ញ៉ាំ​បាយ​សិន​ អូន​មក​លេង​ដែរ! (ក្មេង​ស្រី​តូច​ម្នាក់​មក​ហៅ​នារី ដែល​ស្រែក​​ទាម​ទារ​សេរីភាព​អំបាញ់​មិញ​​នេះ​)

យុវ​នារី​បែរ​ខ្នង មិន​ស្តី​តប ហើ​យ​ទៅកាន់​ដៃ​ប្អូន​ស្រី។ នាង​តូច​នោះ​ចេះ​តែ​និយាយរហូត​ តាម​និស្ស័យ​របស់​ក្មេងនិយាយ​ច្រើន ​ចម្លែក​តែ​ស្រស់​​ស្រីមិន​តប​អ្វី​សោះ។ មុន​នេះ​នាង​គ្រាន់តែ​ស្រែក​ទៅ​កាន់​សមុទ្រ​ហើយ ក៏​ឈប់​បាត់​មាត់​​រហូត​តែ​ម្តង សូម្បីតែ​តប​ទៅ​ប្អូន​បន្តិច​ក៏​មិន​តប​ដែរ។

នាង​ដើរ​កាត់​មុន​ខ្ញុំ។ ទោះបី​នាង​ស្លៀក​ពាក់​ឡូយ​ឆាយ​មែន តែ​ក៏​មើល​ទៅ​ យើង​អាច​ឃើញ​សម្រស់​ពី​ធម្មជាតិ​របស់​នាង​បាន​យ៉ាង​ច្បាស់​ថា ធម្មជាតិ​ពិត​ជា​បាន​ផ្តល់​រូប​សម្ជស្ស​ដ៏​ល្អ​ស្រស់​សោភា​ដល់​នាង​មែន។ ពេល​នាង​ដើរ​កាត់​ខ្ញុំ នាង​ក្លិន​ខ្លួន​ក្រមុំ​ក្រអូប​ភាយ​មក​ប៉ះ​ច្រមុះ​របស់​ខ្ញុំ…

មិន​ដឹង​ថា ជា​ញញឹម​សល់​ឬ​យ៉ាងណា​នោះ​ទេ តែ​នាង​បាន​ចោលស្នាម​ញញឹមមក​ខ្ញុំ​ដែរ… ជាទម្លាប់​ធម្មតា​របស់​អ្នក​មាន​សុជីវធម៌​ទេ ដែលនាង​​ញញឹម​ដាក់​មនុស្សគ្រប់គ្នា តែ​ស្នាម​ញញឹម​របស់​នាង​ ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ប្លែក​អ្វី​ម្យ៉ាង។ ក្នុង​អារម្មណ៍​ដ៏​តូច​មួយ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា នាង​ជា​នារី​ដែល​ខ្ញុំ​ធ្លាប់​ជួប​ក្នុង​សុបិន​និម្មិត​ណាមួយ… ខ្ញុំ​ទទួល​អារម្មណ៍​ថា ដូច​បាន​ស្គាល់​នាង​នៅ​កន្លែង​ណា តែដូចជា​រក​នឹក​មិន​ឃើញ​សោះ…

ខ្ញុំ​តាម​សម្លឹង​មើ​លនាង​ដើរ​ចេញ​ទៅ​។ នាង​ដើរ​សំដៅហ្វូង​មនុស្ស​ដ៏ច្រើន រហូត​បាត់​ស្រមោល… តើ​ពេល​ណា​នឹងបាន​ជួប​នាង​ម្តង​ទៀតទៅ? បែប​គ្មាន​សង្ឃឹម​ទេ! ពិភព​លោក​នេះ​ធំទូលាយ​ណាស់!

*****

វេលា​រសៀល​បន្តិច ភ្លៀង​ក៏​បង្អុរ​ឡើង… មនុស្ស​ទាំង​ឡាយ​នាំ​គ្នា​រត់​​ចូល​ជ្រក​ភ្លៀង​។ ចំពោះខ្ញុំ​ មិន​មែន​ជា​រឿង​ប្លែក​ទេ ដែល​ជា​អ្នកចូលចិត្ត​​ទឹកភ្លៀង។ ភ្លៀង​ជា​ផ្នែក​សំខាន់​សម្រាប់​ជីវិត… ហេតុអ្វី​បាន​ចាំ​បាច់​រត់​ទៅ​ជ្រក​កុំ​ឲ្យទទឹក… អ្នក​ដើរ​ក្រោម​តំណក់​ទឹក​ភ្លៀង​រែង​អី​នឹង​ទទឹកនោះ​…

កំពុង​តែ​ដើរ​តាម​ឆ្នេរ​ រលក​បាន​បោក​នឹង​ស្មង​ជើង​ខ្ញុំ​តិចៗ។

ភ្នែក​ខ្ញុំ​ឃើញ​ស្រមោល​មនុស្សមាន​សក់​វែង គឺ​ជា​​ស្រី​ម្នាក់​ដើរ​សំដៅ​សមុទ្រ… ដូច​ជា​មិន​ស្រួល​ទេ​ដឹង (ខ្ញុំ​គិតក្នុងចិត្ត) ហេតុអ្វី​ពេល​ភ្លៀង​ដូច្នេះ​ហើយ នាង​ដើរ​ម្នាក់​ឯង​ទៅ​កាន់​សមុទ្រ​ទៀត?… តិច​នាង​ប្រុង​ធ្វើ​អ្វី មិន​ល្អទៅ? ឬ​គិត​ខ្លី ចង់​សម្លាប់​ខ្លួន?

នាង​ដើរ​ចុះសមុទ្រកាន់​តែ​ជ្រៅ… ខ្ញុំ​ឃើញ​ស្ថាន​ការ​កាន់​តែ​មិន​ស្រួល​ហើយ ក៏​ប្រញាប់​រត់​ចុះ​ទៅ ឃាត់​នាង។

–       អេ! អ្នកនាង​ប្រុង​ធ្វើ​អ្វី​ហ្នឹង? កុំ​គិត​ខ្លី​ណា!! (គ្រាន់​តែ​មាត់​និយាយ​ប៉ុណ្ណេះ ដៃ​របស់​ខ្ញុំ​ប្រញាប់​ទៅចាប់​ដៃ​នាង​ជាប់​ ឃាត់​មិន​ឲ្យ​ដើរ​ទៅ​មុន​ទៀត​។)

–       លោក​ឯងប្រុ​ង​ធ្វើ​អី​ខ្ញុំ​ហ្នឹង បាន​ជា​មក​ចាប់​ដៃ​គេ​ចឹង? លែង​ខ្ញុំ​ភ្លាម!!

–       ខ្ញុំ​​មិន​លែង​ទេ ដរាប​ណា​អ្នក​មិន​ព្រម​ឈប់​ចង់​សម្លាប់​ខ្លួន​នោះ!

–       នរណា​ប្រាប់​លោក​ថា ខ្ញុំ​សម្លាប់​ខ្លួន!! ខ្ញុំ​មក​លេង​សមុទ្រ!! ខ្ញុំ​ងូត​ទឹក​ភ្លៀង​ផង​ វាយ៉ាង​ម៉េច!!

–       អ៊ីចឹង! អ្នក​នាង​មិន​ប្រុង​គិត​ខ្លី សម្លាប់​ខ្លួន​ទេ​មែន​ទេ? (ខ្ញុំ​និយាយ​ទាំង​ភ្ញាក់​ផ្អើល ដោយ​គិត​ខុស។)

–       យ៉ាប់​! ជីវិត​ ខំ​ប្រឹង​រស់ ទម្រាំ​​ធំ​បានប៉ុណ្ណេះ ឲ្យ​មក​ស្លាប់​ងាយ​ៗ​ដោយ​សារ​តែ​ការ​គិត​ខ្លី​យ៉ាង​ម៉េច​បាន!!

–       ខ្ញុំ​ស្មាន​តែ…

–       ហើយ​ស្មើណា​ទើប​អាច​លែង​ដៃ​ខ្ញុំ​បានហ្អាលោក!

–       អ៎! សុំទោស​អ្នក​នាង!!

–       ខ្ញុំ​គ្មាន​ទោស​ឲ្យ​លោក​ទេ!! ប្រុស​ស្អី!! ហ៊ានមក​ចាប់​ដៃ​កូន​ស្រី​គេ​! មិន​ចេះ​ខ្មាស!!

ខ្ញុំ​ដូច​ជា​មិងមាំង​ពេល​ដែល​នាង​ថា ឲ្យ​ខ្ញុំ​ចំ​ៗ​ដូច្នោះ។ ខ្ញុំ​ខំ​ទៅជួយ​នាង​ ខ្លាច​ក្រែង​នាង​ប្រុង​គិត​ខ្លី តែ​មក​ត្រូវ​នាងស្អី​ឲ្យ​ទទេ។

ប្រហែល​ជា​អៀន​ខ្លាំង​ហើយ បាន​ជា​នាង​គ្រវាត់កៀស​ដៃ​ខ្ញុំ​ចេញ ហើយ​ដើរ​យ៉ាង​លឿន​ឡើង​គោ​ក។ នាង​ឆ្នាស់​ឆ្នើម​សម្បើប​ណាស់​ដែរ។ ខ្ញុំ​ខំ​បារម្ភ មក​ជួយ បែរ​ជា​​ថា​ឲ្យ​ខ្ញុំ​មាំង​ៗ​តែ​ម្តង។

អូ! នឹក​ឃើញ​ហើយ ខ្ញុំ​ចាំមុខ​បាន​ហើយ គឺ​នារី​ដែល​ស្រែក​ទៅ​កាន់​សមុទ្រ​កាល​ពី​ព្រឹក​មិញ​នេះហើយ។ ពី​ព្រឹក​ធ្វើ​ឫក​ពា​មឺះៗ ដូច​ជា​មិន​ចង់​និយាយ​ស្តី ដល់​ពេលនេះ លត់​ឯង​មួយ​រយៗ​តែ​ម្តង។ ចំ​ជា​យ៉ាប់​មែន!

រឿងជំនោរ​សមុទ្រ ជំពូកទី១ ជួប​គ្នា​នៅ FACEBOOK

ជំនោរ​សមុទ្រ

និពន្ធ​ដោយ​ ហេង ឧត្ដម

ជំពូក ១ ជួប​គ្នា​នៅ FACEBOOK

*Posted by ជំនោរ *[…] ជាម​នុស្ស​ដែល​មាន​អ្វីៗ​គ្រប់យ៉ាង តែ​អ្នក​ជាមនុស្ស​ម្នាក់​ដែល​មាន​អារម្មណ៍ ថា​ខ្វះ​ខាត​អ្វី​ទាំង​អស់! […]

–       Comment by សមុទ្រ៖ មិន​យល់?

–       ជំនោរ៖ អ្នក​យល់​បាន​យល់! អ្នក​ដែល​មិន​យល់​ក៏​ពិបាក​ពន្យល់​ដែរ!

–       សមុទ្រ៖ ចង់​មាន​ន័យ​ថា​ម៉េច?

–       ជំនោរ៖ ចង់​ប្រាប់ថា…

–       សមុទ្រ៖ ប្រាប់​មក​ចាំ​ស្តាប់…

–       ជំនោរ៖ អត់​ចង់!… ចាំ​ពេល​ក្រោយ​ចុះ​…! ហិហិ!

–       សមុទ្រ៖ យ៉ាប់ហ្មង!…

ជំនោរ​ is offline… […]

ថ្ងៃនេះ​ ក៏​ដូចជា​រាល់​ថ្ងៃ​ដែរ ខ្ញុំ​ទៅ​ហាង​អ៊ិនធឺណែត​ ដើម្បី​ស្រាវជ្រា​វ​ឯកសារ​មេរៀន​ និង​លេង​ Facebook ផង។ សម័យ​ឥឡូវ​បច្ចេកវិទ្យា​ជឿន​លឿន​ទំនើប​ណាស់ គេ​និយាយ​ទាក់​ទង​គ្នា​តាម​ប្រព័ន្ធ ​Internet បាន​យ៉ាងងាយ​ស្រួល ហើយ​រហ័ស​ទាន់​ចិត្ត​…

ការពិត​ទៅ​ ខ្ញុំ​មាន​ Computer ​ភ្ជាប់ ​Internet ​នៅផ្ទះ​ដែរ តែចំពោះ​ថ្ងៃ​សៅរ៍-​អាទិត្យ​ ខ្ញុំ​ទៅ​រៀន​កួរ​បន្ថែម​នៅ​សាលា​​ជ័យថាវី ហើយពេល​ថ្ងៃត្រង់ ចេញ​ពី​​រៀន ​ញ៉ាំ​បាយ​ផ្សារ​ហើយ ក៏​​ឆ្លៀត​ចូល​ហាង​អ៊ិនធឺណែត​ជិត​សាលា​បន្តិច ជា​ការ​​ប្តរ​បរិយា​កាស បន្ធូរ​អារម្មណ៍​ខ្លះ ​កុំ​ឲ្យ​អផ្សុក​ផង។ ​ប្រើតែ​ម្នាក់​ឯង​នៅ​ផ្ទះ​ កណ្តោច​កណ្តែង​ណាស់ ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ​ទៅ​ហើយ។ ចូល​ហាង​បែបនេះ អស់លុយ​បន្តិច​មែន​ តែក៏​សប្បាយ​ចិត្ត​ម្យ៉ាង​ដែរ!

គ្មាន​គោល​បំណង​អ្វីធំ​ដុំ​នោះ​ទេ ដែល​ខ្ញុំ​ប្រើ​ Facebook នោះ គឺថាខ្ញុំ​ចង់​មាន​មិត្តភក្តិ​ច្រើន ដើម្បីជជែក​គ្នា​ កុំ​ឲ្យ​អផ្សុក​ពេក។ ពេល​ដែល​ខ្ញុំ​អត់​សប្បាយ​ចិត្ត គឺ​មានតែ​មិត្ត​ភក្តិ​នេះ​ហើយ ដែល​អាច​ជួយ​ខ្ញុំ​បាន​ច្រើន​ ជាង​នរណាៗ​ទាំង​អស់។ តែ​ពេល​ខ្លះ​ ក៏​ខ្ញុំ​គិត​ថា ជា​ការ​ខាត​បង់ពេ​លវេលា​ច្រើន ក្នុង​ការ​លេង​វា​ផង​ដែរ។ ជា​ធម្មតា​ទេ វា​មាន​គុណ​សម្បត្តិ​ ឬ​គុណ​វិបត្តិ​ អាស្រ័យ​ទៅ​លើ​បុគ្គល​ដែល​ប្រើ​ប្រាស់​វា​ តែ​ប៉ុណ្ណោះ។

ខ្ញុំ​ Search ​រក​ឈ្មោះ​ប្លែក​ៗ​ដូច​ជា​ឈ្មោះ​ដែល​ទាក់​ទង​នឹង​ធម្មជាតិ ខ្យល់ មេឃ គង្គា សមុទ្រ ផ្កាយ ផ្កា ត្រចៀក​​កាំ នាគ ឥន្ទ្រី… ជា​ដើ​ម បន្ទាប់​មក​ខ្ញុំ Add as friend និង​ Send request ស្រាប់​តែ​មួយ​សន្ទុះ​សោះ ឈ្មោះ​ «សមុទ្រ»​ confirm (Add friend) មក​វិញភ្លាម​តែ​ម្តង។ ចៃ​ដន្យពេក​​ទេ​ហ្អី! ម៉េច​ក៏​លឿន​ម៉្លេះ? តែ​វាមិនមែន​ចៃដន្យ​ពេក​ទេ ដែល​គេ​ Online ដែរនៅ​ពេលនេះនោះ​។ ខ្ញុំ​ប្រញាប់​ chat ទៅ​លេង​ជាមួយ​គេ​ភ្លាមតែ​ម្តង៖

–       ជំនោ៖ សួស្តី សុំស្គាល់​ផង!

–       សមុទ្រ៖ អ្នក​រៀន​គណិតវិទ្យាស្វាគមន៍

–       ជំនោ៖ សុទ្ធតែអ្នកគណិតវិទ្យាទៀត… កំពុង​តែ​ខ្សោយគណិតវិទ្យាស្រាប់​ផង! សូមជួយណែនាំ​ផង​បាន​ទេ អ៊ីចឹង​?

–       សមុទ្រ៖ មើលលំហាត់​នៅក្នុង Profile របស់ខ្ញុំទៅ! សាកល្បង​ធ្វើ​លេង​សិន​ទៅ! លាសិនហើយ! ប្រញាប់!

–       ជំនោ៖ អីក៏ប្រញាប់ម៉េះ…

យ៉ាប់​មែន និយាយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង! មិន​ទាន់​ដឹង​អី​ផងសុំ​ទៅមុនបាត់!

មួយ​សន្ទុះ​ក្រោយ​មក​នារី​ម្នាក់ ​ដែល​អង្គុយ​នៅ​ទល់​មុខ​ខ្ញុំ​ដើរ​ចេញ​ពី​ទូ​ Computerទៅ​តុ​គិត​លុយ មួយ​រំពេច​សោះ ក៏​ចេញ​ទៅ​ក្រៅ​បាត់​។ គ្រាន់​តែ​ឃើញ​មួយ​ភ្លែត ភ្នែក​ខ្ញុំ​បាន​ចាប់​រូប​ភាព​​បាន​យ៉ាង​រហ័ស​។ នាង​ស្លៀក​ពាក់បែប​សាមញ្ញ តែ​មាន​ការ​ទាក់​ទាញ​​មែន​ទែន​ចំពោះ​ក្រសែ​ភ្នែក​បុរស​កំលោះ​ដូច​ខ្ញុំ​។ ស្រីយុវវ័យ​នេះ ពាក់​អាវ​ឆ្នូត​ពណ៌​ឈាម​ជ្រូក​ ខោខ្មៅ​វែង​ ស្បែក​ជើង​សង្រែក​ធម្មតា​។ សក់ដ៏​ខ្មៅ​រលោង​របស់​​នាង​ចង​យ៉ាង​មានរបៀប។ ហេតុអ្វី​បាន​ជា​ភ្នែក​ខ្ញុំ​ចាប់​រូប​នាង​បាន​លឿន​ម្ល៉េះ? ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ គឺ​មក​ពី​សក់​ដ៏​វែង​ត្រឹម​ចង្កេះ​របស់​នាង​តែម្តង។ ខ្ញុំ​ចូល​ចិត្ត​ស្រី​ណា​សក់​វែង​ខ្មៅ​ក្រិប​របៀប​នេះ​ណាស់​។ នាង​ចេញ​ទៅបាត់​ហើយ តែ​សក់​ដ៏​រលោង​ស្អាត​នៅតែ​​ស្ថិត​នៅ​ក្បែរ​ខ្ញុំ​ជានិច្ច គឺ​ក្នុង​រង្វង់​ភ្នែក​ដែល​បញ្ចូន​រូបភាព​ទៅ​កាន់​ខួរក្បាល។

តាម​ទម្លាប់​ខ្ញុំ រៀង​រាល់​សប្តាហ៍ ខ្ញុំ​តែង​តេ​ផ្លាស់ប្តូរ​ហាង​លេង​ Internet ជា​ច្រើនកន្លែង​ផ្សេងៗគ្នា។ តែអាទិត្យ​នេះ ​ខ្ញុំ​មក​ដល់​ហាង​ដដែល​ ដែល​ខ្ញុំ​បាន​ប្រទះ​នារី​សក់​វែង​នោះ ស្រាប់​តែ​​ឃើញ​នាង​​ម្តង​ទៀត​។ ចំ​ជា​ចៃដន្យ​មែន ពីរសប្តាហ៍​ហើយ​ ដែល​នាង​​មក​ប្រើ​អ៊ិន​ធឺណែតនៅ​កន្លែង​នេះ… ឬ​ជា​ចៃដន្យ? មិន​គួរ​សោះ ព្រោះ​ខ្ញុំ​តែង​តែ​ប្តូរ​ហាង​ Internet រាល់​ដង​ … ឬ​ក៏​នាង​មក​ប្រើ​តែ​កន្លែង​មួយ​នេះ ខ្ញុំ​សង្កេត​ឃើញ​នារី​ម្នាក់​នោះ​ ស្លៀក​ពាក់​សម្លៀក​បំពាក់​ដដែល​ដូច​ថ្ងៃ​មុន​ដែរ គ្រាន់​តែ​ដូរ​ស្បែង​ជើង​ គឺ​ពាក់​ស្បែង​ជើង​ប៉ាតា​វិញ។​ ម្យ៉ាង​ដែរ មើល​ទៅ​ស្អាត​គ្រាន់​បើ! មនុស្ស​ស្អាត​ស្លៀក​ពាក់​ម៉េច​ក៏​នៅ​តែ​ឃើញ​ស្អាត​​ដែរ។

ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ចំពោះ​បបូរ​មាត់​ដ៏​ស្អាត​ដូច​ក្លែប​ក្រូច​របស់​នាង​ណាស់… ដង​ប្រាណ​របស់​នាង​តូច​ល្វត់​ល្វន់​ រាង​តូ​ច​ស្អាត បើ​តាម​ស្មាន​កម្ពស់​ជិត​ប្រហែល​ខ្ញុំ​ទៅ​ហើយ… ភ្នែក​ខ្ញុំ​ឧស្សាហ៍​ដៀង​មើលទៅ​នាង ទឹក​មុខ​របស់​នាង​ស្ងប់​ស្ងៀម​ណាស់ ​មើល​ទៅ​ទៅ​នាង​ជា​មនុស្ស​គិត​ច្រើន​ដូច​ខ្ញុំ​ដែរ…

នាង​អង្គុយ​តែ​ទូ​ដដែល​ដូច​ថ្ងៃ​មុន​ដែរ។ អូយ​ពូកែ​សង្កេត​ម្ល៉េះ​ខ្ញុំ​… បាន​ហើយ​ កុំ​ពិនិត្យ​គេ​ខ្លាំង​ពេក​។ ប្រកាស​ចំណាប់​អារម្មណ៍​សិន។

*Posted by ជំនោរ *៖ ពេល​ភ្លៀង​ធ្លាក់ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណាដែរ? ប៉ុន្មាន​ថ្ងៃនេះ ភ្លៀង​ធ្លាក់​​​ជាប់​រហូត​តែម្តង… រុក្ខជាតិ​ចាប់​ផ្តើម​បៃតង​ស្រស់​… ទឹក​ភ្លៀង​ធ្វើ​ឲ្យ​រាង​កាយ​ខ្ញុំ​រងា តែ​បេះ​ដូង​ខ្ញុំ​កក់​ក្តៅ​… សង្ឃឹម​រាត្រីនេះ ភ្លៀង​នឹង​​ធ្លាក់​បង្អុរ​តំណក់​ទឹក​ស្រោច​ស្រព​ផែន​ពសុធា…

–       សមុទ្រ៖ ខ្ញុំ​ចូលចិត្ត​ភ្លៀង​! មើល​ភ្លៀង​ធ្លាក់​ និងដើរ​កាត់​ភ្លៀង!

–       ជំនោរ ៖ មិន​នឹក​ស្មាន​ថា មាន​អ្នក​ចូល​ចិត្ត​មើល​ទឹក​ភ្លៀង​ដូច​ខ្ញុំ​សោះ! មាន​អារម្មណ៍​ថា កក់​ក្តៅ.. យប់​នេះ​ចង់​ឲ្យ​ភ្លៀង​ទល់​ភ្លឺ…

–       សមុទ្រ៖ ដូចគ្នា… សង្ឃឹម​!!

–       ជំនោរ ៖ យើង​អាច​រាប់​អាន​គ្នា​ជាមិត្ត​បាន​ទេ ព្រោះ​ជា​អ្នក​ចូល​ចិត្ត​ទឹក​ភ្លៀង​ដូច​គ្នា…

–       សមុទ្រ៖ មាន​អីបាន​តើ!! ស្វាគមន៍​ជានិច្ច!!

–       ជំនោរ ៖ ហ៊ឹម…

–       សមុទ្រ៖ hmm…

–       ជំនោរ ៖ មិន​ធុញ​ទេ​ហ្អី! លេង​ជា​មួយ​នឹង​អ្នក​មិន​ចេះ​ប្រើ… ខ្ញុំ​វាយ​ Khmer  Unicode​យឺត​ណាស់!

–       សមុទ្រ៖ មាន​នរណា​ចេះ! មុន​ដំបូងអ៊ី​ចឹង​ហើយ! យូរ​ៗ​ទៅ​ចេះ​វាយ​បាន​ដូច​តែ​គេ​ដែរ។ ក្រសួង​គេ​ឲ្យ​ប្រើ​ខ្មែរ​យូនីកូដគ្រប់​ស្ថាប័ន​ និង​ជា​ផ្លូវ​ការ​ទូ​ទៅ​ហើយ! បើ​មិន​ចេះ​ក៏មិន​កើត​ដែរ។

–       ជំនោរ ៖អរគុណ​ដែល​មិន​ប្រកាន់! ខ្ញុំ​នឹង​ព្យាយាម​!!

–       សមុទ្រ៖ ហិហិ! 😀 ! ព្យាយាម​បន្ថែម​ទៀត​ទៅណា!

–       ជំនោរ ៖ បាទ! ខ្ញុំ​នឹង​ព្យាយាម! សង្ឃឹម​ថា មិត្ត​នឹង​ជួយ​គាំទ្រ និង​ផ្តល់​កម្លាំង​ចិត្ត​ជានិច្ច!

–       សមុទ្រ៖ 😀 ស៊ូៗ!!

********

ខ្ញុំ​ជាមនុស្ស​មិន​សូវ​ចេះមាត់​ក​អី​ច្រើន​ទេ កុំតែ​បាន ​Facebook​ ប្រហែល​មិន​បាន​សម្តីវោហារ​​ប៉ុណ្ណេះ​ផង​ទេ។ រាល់​ពេល​អផ្សុក​អត់​សប្បាយ​ចិត្ត​ Facebook​ ជួយ​ជជែក​លេង​ឲ្យ​បាន​ធូរ​ចិត្ត​ខ្លះ​ដែរ តែ​ពេល​ខ្លះ​ទៀត​ក៏​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ថប់​លើ​ស​ដើម​ក៏​មាន…

កន្លង​មក ខ្ញុំ​តែង​តែ​Posted ពីអារម្មណ៍ ហើយ សមុទ្រ ក៏​តែង​តែ​ជួយជា​​យោប​ល់​មក​ខ្ញុំ​ជានិច្ច…

*Posted by ជំនោរ *៖ តើអ្នក​ធ្លាប់​មា​ន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដែរ​ទេ? ​អ្នកមាន​អារម្មណ៍ថា ​ស្ថិត​ក្នុង​ស្ថាន​ភាព​​ស្មុគ​​ស្មាញ មិន​ចូល​ចិត្ត​អ្វីៗ​ទាំង​អស់… ឃើញ​អ្វីៗ​ក៏​ធុញ​ទ្រាន់​ និង​នឿយ​ណាយ… នោះ​ អ្នក​​ច្បាស់​ជា​យល់​ពី​អារម្មណ៍​​ខ្ញុំ​នៅ​ពេលនេះ!!

–       Comment by សមុទ្រ៖ កុំ​ស្មុគ​ស្មាញ​ខ្លាំង​ពេក! ជីវិត​បើ​ជួប​តែ​រឿង​ល្អ​ តែ​រហូត​ក៏​ពិបាក​ដែរ! មាន​រឿង​កម្សត់​ និង​សប្បាយ​រីករាយ​​ ទើប​មាន​ន័យ… មាន​រសជាតិ ។ ដូច​សម្ល​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​ចាន​អ៊ីចឹង!  ទាល់​តែ​មាន​​គ្រឿង​គ្រប់​រសជាតិ​! ដូច​គេថា​សម្ល​ត្រូវ​គ្រឿង ទើប​ឆ្ងាញ់! មែន​ទេ? យ៉ាង​ណា​មិញ​ ក្នុង​ជីវិត​ មិន​មែន​នរណា​ជួប​តែ​រឿងល្អរហូត ឬ​​អាក្រក់​កម្សត់​តែ​រហូត​នោះ​ទេ មា​នកម្សត់​ខ្លះ សប្បាយ​ខ្លះ​ជា​ធម្មតាទេ!… សម្លឹង​ពិភព​លោក​ដោយ​អារម្មណ៍​​វិជ្ជមាន…

********

*Posted by ជំនោរ *៖ ថ្ងៃ​​នេះ នៅ​ពេល​ដែល​ខ្ញុំ​ឆ្លុះ​កញ្ចក់​ ខ្ញុំ​មាន​អារម្មណ៍​ថា ស្អប់​កញ្ចក់ និង​មិន​ពេញ​ចិត្ត​ខ្លួន​ឯង! គ្រប់​គ្នា​ស្អប់​ខ្ញុំ​ហើយ​មែ​នទេ? សូម្បីតែ​លោក​ប៉ានិង​អ្នកម៉ាក់?…

–       សមុទ្រ៖ មាន​រឿង​អី​ទៀត​ហើយ? មាន​ឪពុកម្តាយ​ណា​ស្អប់​កូន​នោះទេ! ឬខ្ញុំ​និយាយ​ខុស?

–       ជំនោរ៖ មិន​ដឹង​ថា​ខុស​ ឬ​ត្រូវ​នោះ​ទេ! តែចំពោះ​ខ្ញុំ​គឺ​ពួក​គាត់​មិន​ដែល​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ខ្ញុំ​ទេ! ប៉ា​ចុះ​ទៅ​ខេត្ត​បាត់ៗ ម៉ាក់​ចេញ​រក​ស៊ី​លក់​ដូរ​ពេញ​ៗមួយ​ថ្ងៃ… ផ្ទះ​ដូច​ជា​ធំ​ទូលាយ​ដែរ​ តែ​ក្នុង​ចិត្ត​ខ្ញុំ​វិញ តូច​ចង្អៀតពេក​​ណាស់!

–       សមុទ្រ៖ សាក​គិត​ឡើង​វិញ​ទៅ​មើល!  ពួក​គាត់​ធ្វើ​អ្វីៗគ្រប់​យ៉ាង​គឺដើម្បី​នរណា​? ​មិន​ដើម្បី​កូន? គួរ​តែ​យើង​ជា​កូន​យក​ប្រាក់​ ដែ​លជា​កម្លាំង​ញើស​ឈាម​របស់​គាត់​ទៅ​ចាយ​វាយ​ឲ្យ​បាន​ជា​ប្រយោជន៍ និង​ចំណាយ​លើកា​រសិក្សា​ឲ្យ​បាន​ល្អ! កុំ​ខ្ជះ​ខ្ជាយ… មិត្ត​សំណាង​ហើយ ដែល​មាន​ប៉ា​ម៉ាក់​សម្រាប់​ហៅ អ្នក​ខ្លះ​មិន​មាន​សំណាង​បាន​ឪពុក​ម្តាយ​ហៅ​ផង។ សាក​គិត​ជា​ថ្មីមើល៍… ធ្វើ​អារម្មណ៍​​ឲ្យ​ល្អ! យក៍​ល្អ​ គួរ​ព្យាយាមនៅ​ជិត​ពួក​គាត់​ ហើយ​យក​ចិត្ត​ទុក​ដាក់ចំពោះ​ពួក​គាត់​​ កុំធ្វើ​ឲ្យ​ពួក​គាត់​ពិ​បាក​ចិត្ត។….

–       ជំនោរ៖ ហេតុអ្វី​រឿង​ល្អ​ជា​ច្រើន​ខ្ញុំ​មិន​គិត​ គិត​តែ​រឿង​អវិជ្ជមាន​ទៅវិញ? អរគុណ​សមុទ្រ​ហើយ​ដែល​តែង​តែ​ជួយ​ដាស់​តឿន!!

********

*Posted by ជំនោរ *៖ «ថ្ងៃនេះជា​វេលា​ដែល​ខ្ញុំ​ត្រូវបញ្ចប់​ទំព័រ​អារម្មណ៍​សោកសៅ… គំនិត​អវិជ្ជមាន​ក្នុង​ជីវិត ស្រមោល​អតីតកាល​ដែល​តែង​តែ​មក​អន្ទោល​តាម​លងបន្លាច​ប្រាណ​ខ្ញុំ… ខ្ញុំ​ត្រូវតែ​ជម្រះ​ស្រមោល​អតីត​កាល​ក្នុង​ដួង​ចិត្ត.. អរគុណ​មិត្ត​សមុទ្រ​ ដែល​ជួយ​ដាស់​តឿន​ខ្ញុំ​រាល់​លើក​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត… ខ្ញុំ​ត្រូវ​សម្លឹង​ពិភព​លោក​ក្នុង​កែវ​ភ្នែក​វិជ្ជាមាន និង​បេះ​ដូង​សុទិដ្ឋនិយម…»

–       [សមុទ្រ and you Like]

–       ជំនោរ៖ លា​ហើយ​ស្រមោល​អតីត​កាល… ខមា​ទោស​ពេលវេលា​ដែល​កន្លងទៅ​ដោយ​ឥត​ប្រយោជន៍… ចំពោះ​កា​រ​គិត​ខ្វល់​ខ្វាយ​ពីរឿង​ដែល​ធ្វើមិន​ឲ្យ​សប្បាយ​ចិត្ត។

–       សមុទ្រ៖ ត្រឹម​ត្រូវ!! សូម​ក្រោក​ឈរ​ឡើង​ ហើយ​សម្លឹង​ទៅ​មើល​ពិភព​លោក​ក្នុង​ន័យ​វិជ្ជមាន​ នោះ​អ្នក​នឹង​ឃើញ​ថា ជីវិត​របស់​អ្នក​នឹង​ពោរ​ពេញ​ទៅ​ដោយ​កម្រង​បុជ្ជាដ៏​ស្រស់​បំព្រង!! ជា​កម្លាំងចិត្ត​ជានិច្ច! គាំទ្រ!

(សូម​រង់​ចាំ​អាន​ភាគ​ទីពីរ)

ខ្ញុំ​ពិត​ជា​ចង់​បាន​យោបល់​របស់​ប្រិយមិត្ត ដើម្បី​បន្ត​សាច់​រឿង និង​បញ្ចប់​រឿងនេះ។

សូម​អរគុណ​ទុ​ក​ជាមុន។

បាដិហារិយ៍​​ ថ្ងៃ​​គ្រីស្តម៉ាស

បាដិហារិយ៍​​ ថ្ងៃ​​គ្រីស្តម៉ាស

Storyline:

«ចង់ នៅ ជាមួយ រហូត ចង់ ធ្វើ អ្វី ដើម្បី ជា ច្រើន តែ ទី បំផុត ខ្ញុំ ក៏ ធ្វើ អ្វី មិន បាន សោះ …»

ខាសឹគិ

ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ ​​ដែល​មាន​ជំងឺ​បេះ​ដូង​តាំង​ពី​កើត​​ ចេញ​ចូល​​មន្ទីរ​ពេទ្យ​ជាប់​រហូត​​។ ទី​បំផុត​ ជំងឺ​បេះ​ដូងក៏​​កាន់​តែ​ធ្ងន់​ធ្ងរ​​ រហូត​ត្រូវ​​ធ្វើ​ការ​វះ​កាត់​ជា​​បន្ទាន់​នៅ​បំណាច់​​ខែ​ធ្នូ​។

ខុរុ

កូន​ឆ្កែ​​អនាថា​ ដែល​វង្វេង​ផ្លូវ​ចូល​មក​ក្រោយ​មន្ទីរ​ពេទ្យ​ ចៃ​ដន្យ​បាន​ជួប​នឹង​ខាសឹគិ ហើយពួក​គេ​​ទាំង​ពីរ​ក៏​ក្លាយ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​។

« បាដិហារិយ៍ ថ្ងៃ គ្រី ស្ត ម៉ាស » នឹង​ធ្វើ​ឲ្យ​លោក​អ្ន​ករំជើប​រំជួល​ទប់​ទឹក​ភ្នែក​មិន​បាន ​ដោយសារ​​​ឥទ្ធិពល​​នៃ​មិត្ត​ភាព​​​រវាង​​​មនុស្ស​ ​និង ​សត្វ​​…

ឆាប់​ៗ​នេះ​ ដើម្បី​ស្វាគមន៍​ថ្ងៃ​គ្រីស្តម៉ាស​!!

ដោយអ្នក​និពន្ធ​ផ្កាយ​Novel (អ្នកនិពន្ធ​អាចម៌ផ្កាយ)

ជី​វប្រវត្តិ អ្នកនិពន្ធ ប៉ិច-សង្វាវ៉ាន

លោកជំទាវ ប៉ិច សង្វាវ៉ាន

ជីវប្រវត្តិពិស្តារ ​របស់​លោក​ជំទាវ​ ប៉ិច​ សង្វាវ៉ាន

នាម​ដើម ​ព្រហ្ម សង្វាវ៉ាន

លោក​ជំទាវ​ ប៉ិច សង្វាវ៉ាន​​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​តាំង​ពី​នៅ​វ័យ​ក្មេង​ម៉្លេះ។

ក្នុងពេល​ដែល​យុវនារី​មួយ​ចំនួន​ក្នុង​ជំនាន់​នោះ​គិត​ពី​ការ​សប្បាយ​ ​ លោក​ជំទាវ​ ប៉ិច សង្វាវ៉ាន​បែ​រជា​គិត​ និង ​​ស្រមៃ​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​​មួយ​រូប​របស់​កម្ពុជា​​ ហើយ​តែង​តែ​ចិញ្ចឹម​ចិត្ត​ប៉ង​ប្រាថ្នា​ជា​​និច្ច​ចង់​ចូល​ជា​សមាជិកា​ម្នាក់​នៃ​សមាគម​អ្នក​និពន្ឋ​ខ្មែរ។

ចាប់កំណើត​នៅ​ថ្ងៃ​ទី២៤ ​​​ខែ​វិច្ឆិកា ​​ឆ្នាំ​១៩៤៧ ​​នៅ​សង្កាត់​លេខ​៤​ រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​​ដែល​ប្រកាន់​ខ្ជាប់​នូវ​ទំនៀមទម្លាប់​ប្រពៃ​ណី​ខ្មែរ។ លោក​ជំទាវ​ ប៉ិច​សង្វាវ៉ាន នាម​ដើម​ ព្រហ្ម សង្វា​វ៉ាន ជា​បុត្រី​ច្បង​របស់​លោក​ ចៅ យ៊ី ស៊ុម ​ចាង​ហ្វាង​​ (សព្វ​ថ្ងៃគេ​ហៅ​ថា​ប្រធាន) សាលា ​ឧទ្ធរណ៍​​ក្រុង​ភ្នំពេញ និង​លោក​ស្រី ឌីវណ្ណ​ ដឺឡូ​ប៉េស៍ (Diwann de LOPEZ) ជាមេផ្ទះ។  ​​លោក​ជំទាវ​ ប៉ិច​​សង្វាវ៉ាន​មាន​បង​ប្អូនទាំង​អស់​១២​នាក់ គឺ​មាន​ប្អូន​ស្រី​៧​នាក់ ​និង​ប្អូន​ប្រុស​៤​នាក់។ ​សព្វ​ថ្ងៃ​នេះ​ នៅ​រស់​តែ​១១​នាក់​ប៉ុណ្ណោះ​​គឺ​ ​ម្នាក់​បានបាត់បង់ជីវិត​​នៅ​​ពេល​ភៀស​ខ្លួន​ក្នុង​ប្រទេស​ឡាវ។​​​​ សព្វ​ថ្ងៃ​នេះ ​ ប្អូនៗ៨​នាក់​រស់​នៅ​ប្រទេស​បារាំង និង​ ពីរ​នាក់ទៀត​រស់​នៅ​ឯ​សហរដ្ឋ​អាមេរិក។

តាំង​ពី​អាយុ​៨​ឆ្នាំ កុមារី ព្រហ្ម សង្វាវ៉ាន ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​ និង​ សៀវភៅ​បារាំងណាស់​។​ លុះ​ដល់ចម្រើន​​​វ័យ​បាន​១៣​ឆ្នាំ កុមារីនេះ​កាន់​តែ​មាន​ចំណង់​ចំណូល​ចិត្ត​​អាន​សៀវភៅខ្លាំង​ឡើងៗ គឺ​ចូល​ចិត្ត​អាន​សៀវភៅ​សិក្សា​ទាំង​ភាសា​ខ្មែរ ​ភាសា​​បារាំង សៀវភៅ​ប្រលោម​លោក​ខ្មែរ​ផ្នែក​មនោសញ្ចេតនា ​និង​ជីវិត​សោក​សៅ។

លោកជំទាវ ប៉ិច សង្វាវ៉ាន ហៅ ព្រហ្ម សុទ្ធធីតា រូបថត ឆ្នាំ១៩៦៨ អាយុ ២១ ឆ្នាំ

អាយុ ​១៦​​ឆ្នាំ​ កញ្ញា ព្រហ្ម សង្វាវ៉ាន ចាប់​ផ្តើម​សរសេរ​រឿង​ខ្លីៗ​ ដោយ​ហេតុ​ថា នៅ​មុន​ថ្ងៃ​ប្រឡងមធ្យម​សិក្សា​ប័ត្រ​ ភាគ​ទី​១ (​ បាក់អង​ Bacc I ) មួយ​ថ្ងៃ ​មិត្តនារី​រួម​ថ្នាក់​ពីរ​បី​នាក់ ​ដែល​មិន​ប្រឡង​ផ្លោះ​បាន​នាំ​គ្នា​មកដល់ផ្ទះ រំខាន​ដល់​ការ​រំលឹក​មេ​រៀន​ឡើង​វិញ ​ដើម្បី​ត្រៀម​ខ្លួន​ប្រឡង​ផ្លោះ​យក​មធ្យម​សិក្សា​ប័ត្រ​ទី១​​នៅ​ថ្ងៃ​ស្អែក។ ទោះ​​បី​ជាមិត្ត​ភក្តិ​ទាំង​អស់​នោះ​បាន​ដឹង​ច្បាស់ហើយ​​ថា ត្រូវ​ប្រឡង​នៅ​ថ្ងៃ​ស្អែក​ក៏​ដោយ ​ក៏​ពួក​គេ​មិន​ត្រឡប់​ទៅ​វិញ​​ឡើយ។​ យុវនារីនេះ មាន​ការ​ អាក់​អន់​ចិត្ត​នឹង​មិត្ត​នារី​ទាំង​អស់​នោះ​ណាស់។ ការ​អាក់​អន់​ស្រពន់​ចិត្តនេះ​​បាន​ជំរុញ​ឲ្យព្រហ្ម សង្វាវ៉ាន ​ចាប់​ដងប៉ាកកា​បង្ហូរ​ទឹក​ខ្មៅ​ជម្រុះ​ភាព​សៅហ្មង​តាម​រយៈ​ការ​សរសេរ​រឿង​ខ្លីៗ​ រួច​ផ្ញើ​ទៅ​ជូន​លោក​ ម៉ៅ ប៊ុន​ថន ​ដែល​ជា​អ្នក​និពន្ឋ និងជា​អ្នករៀប​ចំ​ផ្សាយ​នាទី​ភាគ​និទានរឿង​ប្រលោម​លោក​ប្រចាំ​វិទ្យុជាតិ​ ភ្នំពេញ។ ​លោក​ម៉ៅ ប៊ុន​ថន ​ដែល​ជា​អ្នក​និពន្ឋ​រឿង​ផ្នែកអប់រំ ​ក៏​បាន​យក​សាច់​រឿង​ខ្លីៗ​របស់ ​កញ្ញា​ព្រហ្ម សង្វាវ៉ានទៅ​បញ្ចូល​ក្នុង​រឿង​ប្រលោម​លោក ដែល​​លោកបាន​និពន្ឋ​ ​ហើយ​ក៏​​ផ្សាយ​​តាម​រលក​អាកាស​វិទ្យុជាតិ ក៏​ប៉ុន្តែ​លោក​ពុំ​បាន​ បញ្ចេញឈ្មោះប៉ាកកា ឬរហស្សនាម ព្រហ្ម សុទ្ធ​​ធីតា​​ម្តង​ណា​ឡើយ។​ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្មេរដ៏ក្មេង​ខ្ចី​នេះ ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់​ទៅ​ហើយ ​ថែម​ទាំង​មាន​មោទនភាពយ៉ាង​​ក្រៃ​លែង​ក្នុង​គ្រា​នោះ។​ ម៉្លោះ​ហើយ ទឹក​ចិត្ត​ស្នេហា​អក្សរ​សាស្រ្ត និង​ការ​ចង់​សាង​ឈ្មោះ​ជា​អ្នក​និពន្ឋ​ ដែល​បាន​ដុះ​ចាក់​ឫស​កប់​យ៉ាង​ជ្រៅ ហើយ​ក៏​បានចាប់ប៉ិច​ពន្លកក្នុង​ដួង​ចិត្ត​​​តាំង​ពី​ពេល​នោះ​មក។

នៅ​ឆ្នាំ​១៩៦៨​ កញ្ញា ព្រហ្ម ​សង្វា​វ៉ានពុំ​អាច​ទប់​សន្ទុះ​ចិត្ត ​ដែល​ចង់​ក្លាយ​ជា​អ្នកនិពន្ធ​​ត​ទៅ​ទៀត​​ ក៏​បាន​សាក​ល្បង​និពន្ធ​រឿង​ទី​មួយ​មាន​ចំណង​ជើង​ថា​ «នេះ​ឬ​ចិត្ត​ប្រុស?»​ តាម​ការ​ស្នើ​សុំ​របស់​មិត្ត​​នារី​បី​នាក់​ ដែល​បាន​និយាយ​រឿង​វិបត្តិ​ផ្ទាល់​ខ្លួនប្រាប់​។​​ កញ្ញា​បាន​ប្រើ​នាម​ប៉ាកកា​ថា​​«ព្រហ្ម សុទ្ធ​​ធីតា»។ រឿង​នេះអ្នក​និពន្ធ​ ​​ ជូ​ ថានី ​និង​​ដែល​ជា​នាយក​សារព័ត៌មានកោះសន្តិភាព​យក​ទៅចុះ​ផ្សាយ​ក្នុង​កាសែត​នេះ។​ បន្ទាប់​មក​រឿង​ «នេះ​ឬ​ចិត្ត​ប្រុស?» ក៏ត្រូវ​បាន​លោក​ ម៉ៅ ប៊ុន​ថន​ សុំ​ក្តី​អនុញ្ញាត​យក​ទៅ​រៀប​ចំ​ជា​ភាគៗ​ផ្សាយ​ក្នុង​នាទីភាគ ​និទាន​​រឿង​ប្រលោម​លោក​តាម​រលក​ធាតុ​អាកាស​វិទ្យុ​ជាតិ​ចាប់​ពីថ្ងៃ​៥​ កក្កដា​រហូតដល់ ​ខែ​កញ្ញា​ឆ្នាំ​១៩៦៨​ទើប​ចប់​។​ សូម​បញ្ជាក់​​ដែរ​ថា រឿង«នេះ​ឬ​ចិត្ត​ប្រុស?» ​មានដាក់​អម​ចម្រៀង​មួយ​បទ​ដែល​និពន្ឋ​ដោយ​លោក​ ម៉ា ឡៅពី​ ផង​ដែរ​​។ បទ«នេះ​ឬ​ចិត្ត​ប្រុស?» នេះ ​ច្រៀង​ដោយ​អ្នក​ស្រី សូ សាវឿន​។ យុវវតីពុំដែលគិត​ស្មាន​ទាល់​តែ​សោះ​​ថា ​រឿង​«នេះ​ឬ​ចិត្ត​ប្រុស?» បាន​ទទួល​លិខិត​គាំទ្រ និង​​​សរសើរ​យ៉ាង​ច្រើន​ដល់​ម្លឹង​ពី​មជ្ឃដ្ឋាន​អ្នក​ស្តាប់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុន្តែ​ក្នុង​ចំណោម​សំបុត្រ​ទាំង​អស់​នោះ​ ក៏មាន​លិខិត​រិះ​គន់​មួយ​ច្បាប់​ដែរ​ពី​យុវជន​ម្នាក់​​ឈ្មោះ ឃ្នុះ​ ទាំ សិស្ស​វិទ្យាល័យ​ព្រះ​សុរាម្រិត នៅ​ខេត្ត​កំពង់​ឆ្នាំង។

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ១៩៦៩​ កញ្ញា ព្រហ្ម ​សង្វាវ៉ាន​បាន​និពន្ធ​​រឿង​ «ថ្ងៃ៤​ កក្កដា»​ដោយ​​ប្រើ​រហស្សនាម​ថា ​«ព្រហ្ម សុ​ទ្ធ​ធីតា​»ជា​ថ្មី។ ​រឿង​នេះ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន «ដំណឹង​ចុង​ក្រោយ» របស់លោក ជុំ កែម។  ព្រហ្ម សង្វាវ៉ាន ពុំ​ហ៊ាន​ប្រើ​នាម​ពិត​ទេ ព្រោះ​នៅ​​ជំនាន់​នោះ​ គេ​ពុំ​ទាន់​ផ្តល់​តម្លៃ​ឲ្យ​អ្នក​និព​ន្ធ​​នារី​នៅ​ឡើយ ហើយ​ម៉្យាង​ទៀត​ពុំ​ចង់​ឲ្យ​លោក​ប៉ា​ជ្រាប​ ​និង​ប្រកាន់​ខឹង​ដែរ ពីព្រោះលោក​មិន​ចូល​ចិត្ត​ឲ្យ​បុត្រីធ្វើ​អ្វី​ក្រៅពី​ខិតខំ​សិក្សា​រៀន​សូត្រឲ្យ​បាន​ជោគជ័យ​ និង​បាន​សញ្ញាប័ត្រ​ខ្ពង់ខ្ពស់​នោះ​ទេ។

ក្រោយពី​បាន​ជាប់មធ្យម​សិក្សា​ប័ត្រ​ភាគទី២ (​ស្នាក​ប័ត្រ​ភាគ​ទី​២ បាក់​ឌុប Baccalauréat 2ème partie ) ​នៅ​ឆ្នាំ​១៩៧០ កញ្ញា​​បាន​ដាក់​​ដងប៉ាកកា​ចុះ​ផ្អាក​ការ​និពន្ធ​​​សិន ព្រោះ​ជាប់​បន្ត​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​​សេដ្ឋកិច្ច ​ ក្នុង​មហាវិទ្យាល័យ​​​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។​ ទន្ទឹម​ជា​មួយ​នោះ កញ្ញា​ក៏បាន​សិក្សា​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ក្នុង​មហាវិទ្យាល័យ​ អក្សរសាស្ត្រ និង​មនុស្សសាស្ត្រដែរ ​ក្នុង​អំឡុង​​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៣។ ក្រោយ​ពី​បាន​ប្រឡង​ជាប់​ចូល​មហាវិទ្យាល័យ ​គរុកោសល្យ ព្រហ្ម សង្វាវ៉ានបាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​ក្នុង​មហាវិទ្យាល័យ ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច​ ​ដែល​កញ្ញា​​មិន​ស្រឡាញ់​ផ្នែក​នេះ​​សោះ ​ ​តែខំ​ទ្រាំ​រៀន​ ដើម្បី​បំពេញ​ចិត្តលោក​ប៉ា​ ប៉ុន្តែ​មិន​បាន​ជោគ​​ជ័យដូច​បំណង​លោក​ប៉ា​ឡើយ​​ហើយ។ ​​កញ្ញា​សង្វាវ៉ានបាន​សម្រេច​ចិត្ត​ទៅ​​សិក្សា​ក្នុង​មហាវិទ្យាល័យ​​ គរុកោសល្យ​ ដើម្បី​ឈោង​ចាប់​យក​មុខងារជា​សាស្ត្រាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​វិញ​ឲ្យ​សម​ស្រប​ទៅ​តាមនិស្ស័យ​ពី​កំណើត និង​នៅ​តែ​បន្ត​ការ​សិក្សាក្នុង​មហា​វិទ្យាល័យ​អក្សរសាស្ត្រ និង​ មនុស្សសាស្ត្រ​ដដែលមិន​ចោល​ឡើយ។

ការ​ស្រមៃ​ និងបំណង​​ប្រាថ្នា​របស់​ ព្រហ្ម ​សង្វាវ៉ាន​ក្នុង​ការ​ចង់​ក្លាយ​ជាសមាជិកា​នៃ​សមាគម​​អ្នក​និព​ន្ធ​​ខ្មែរ​ ក៏​បាន​សម្រេច​ដូច​ក្តី​បំណង ​នៅ​ថ្ងៃ​ទី១៩​ ខែ​តុលា ឆ្នាំ​១៩៧៣​ ដោយ​បាន​ចូល​ជា​សមាជិកាសកម្ម ​លេខ​១៩៣។ ​នៅ​ក្នុង​ប័ណ្ណ​សមាជិក​របស់​សមាគម កញ្ញា​បាន​ពាក់​ឈ្មោះ​ស្វាមី​ថា លោក​ស្រី ប៉ិច​ ឈុន​ ទៅ​តាម​ទម្លាប់របស់​ស្ត្រីមាន​ស្វាមី​ ក្នុង​ជំនាន់​នោះ​នៅ​ប្រទេស​យើង។ ​នៅប្រទេស​បារាំង  ស្ត្រី​រៀប​កា​ររួច គេប្រើ ឬ​ពាក់​តែ​នាម​ត្រ​កូល​របស់​ប្តី​ ភ្ជាប់​ជាមួយ​គោត្តនាម​របស់​ខ្លួន​​ជាភរិយា​ដូច​​ ឈ្មោះ​ដែល​លោក​ជំទាវ​  ប៉ិច សង្វាវ៉ាន ប្រើ​សព្វ​ថ្ងៃ​នេះ។

បិតា មាតារបស់លោកជំទាវប៉ិច សង្វាវ៉ាន ឯ.ឧ. ប៉ិច ឈុន និងលោកជំទាវ ប៉ិចសង្វាវ៉ាន រូប​ថតរៀបអាពាហ៍ពិពាហ៍

ស្ថានភាព​គ្រួសារ

ឯ.ឧ. ប៉ិច ឈុន និងលោកជំទាវ ប៉ិច សង្វាវ៉ាន រូប​ថត​ពេលរៀបអាពាហ៍ពិពាហ៍ នៅ​រាជធានីភ្នំពេញ

កញ្ញា​ ព្រហ្ម សង្វាវ៉ាន​បាន​រៀប​អាពាហ៍ពិពាហ៍​ នៅ​ថ្ងៃ​ទី​១ ​ខែ​មករា ​ឆ្នាំ​១៩៧២​ ក្នុង​ទី​ក្រុង​ភ្នំពេញ ជា​មួយ​ឯកឧត្តម ​ប៉ិច ​ឈុន ​បញ្ញវ័ន្ត​ខ្មែរ​មួយ​រូប​  ដែល​ជាអតីត​នាយកការ​នំា​ចូល (Chef de Service Import)​ នៃ​ក្រុម​ហ៊ុន​សែល​កម្ពុជា (Société SCHELL du Cambodge) ​ បច្ចុប្បន្ន​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សង្គម​កិច្ច​ និង​វប្បធម៌​ ​មាន​ឋានៈ​រដ្ឋ​មន្រ្តី នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី​។ លោក​ជំទាវ​ និង​ ឯក​ឧត្តម ប៉ិច​ឈុន​ (ឈ្មោះ ​បារាំង​ប៉ិច រីសាដ៍ PECH RICHARD) មាន​កូន​ចំនួន​បួន​នាក់​ គឺ​ កូនស្រី ​ម្នាក់​និង ​កូន​ប្រុស​បី​នាក់​។

-កូន​ស្រី​ឈ្មោះ ប៉ិច សង្វានីដា​

កូន​ប្រុស​ទាំង​៣​នាក់ឈ្មោះ

– ប៉ិច ​ បញ្ញា ​ហ្សេរ៉ាល់ ​

– ប៉ិច​ ហ្វ្រេដេរិក វ៉ាំង​សង់​

– ប៉ិច វិរៈសិទ្ឋ វិចទ័រ​

ឯកឧត្ដម. ប៉ិច ឈុន និង ​លោកជំទាវ ប៉ិច សង្វាវ៉ាន

សព្វ​ថ្ងៃ​នេះ លោក​ជំទាវ និង​ ឯក​ឧត្តម ​ប៉ិច ​ឈុន​មាន​ចៅ​៣​នាក់។

លោក​ជំទាវ​ ប៉ិច ​សង្វាវ៉ាន នាម​ដើម​ព្រហ្ម សង្វាវ៉ាន ហៅ​ ព្រហ្ម​ សុទ្ធ​ធីតា ​ស្រឡាញ់​សមាគម​អ្នក​និពន្ឋ​ខ្មែរ​ និង​ស្រឡាញ់​មុខ​ងារ​សាស្ត្រាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​ណាស់។ ​​លោក​ជំទាវ ពុំ​ដែល​គិត​សូម្បី​ម្តង​ណា​ឡើយ​ថា​ ខ្លួន​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ទឹក​ដី​កម្ពុជា​​​មាតុប្រទេស ទោះបីជា​ស្ថានការណ៍​ប្រទេស​ជាតិ ធ្លាក់ក្នុងភ្លើងសង្គា្រម​វឹកវរ​យ៉ាង​ណា​ក៏​ដោយ។ ​នៅ​ទី​បំផុត ព្រឹត្តការណ៍​បដិវត្តន៍​របស់​ខ្មែរ​ក្រហម​ដ៏​ខ្មៅ​ងងឹត​១៧​មេសា​  ១៩៧៥​បាន​ បញ្ចប់​ក្តី​ស្រមៃ​​របស់​លោក​ជំទាវ​គ្មាន​សល់​អ្វី​សោះ​ឡើយ។ សំណៅ
រឿង​ទាំង​អស់​របស់​លោកជំទាវក៏ត្រូវ​បាន​វិនាស​បាត់​ដែរ។

ក្នុង​ឆ្នាំ​១៩៧៥ លោក​ជំទាវ ​និង​ស្វាមី​ទើប​ តែ​មាន​កូន​តូចៗ​ពីរ​នាក់។ ​ក្រុម​គ្រួសារ​ទាំង​អស់​ទ្រាំ​រស់​នៅ​យ៉ាង​លំបាក ​និង​អត់​ឃ្លាន​ ក្នុង​របបខ្មែរ​ក្រហម​បាន​តែ​៣​ខែ​ប៉ុណ្ណោះ​ ក៏​បាន​សម្រេច​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​របបកម្មុយនីស្ត​ខ្មែរ ​ដែល​គ្មាន​សេរីភាព ​និង​គ្មាន​អ្វី​បរិភោគ​យ៉ាង​នេះ​ ដោយ​បាន​ឆ្លង​កាត់តាម​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​ ហើយ​បាន​មក​ដល់​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​២​មករា ​១៩៧៧ ដោយ​បាន​បន្សល់​ទុក​សព​ប្អូន​ស្រី​ម្នាក់​ឈ្មោះ ព្រហ្ម វេតថូរីយ៉ា​ ដែល​បាន​បត់​បង់​ជីវិត ​ដោយ​ជំងឺ​គ្រុន​ចាញ់​ក្នុង​មន្ទីរ​ពេទ្យ​បដិវត្តន៍ក្នុង​ប្រទស​លាវ។​ សព​របស់នាងបាន​យក​ទៅ​កប់​នៅ​ក្នុង​ព្រៃ​ឫស្សី​យ៉ាង​អណោច​អ​ធ័ម​នៅ​មឿង​ភីន​ប្រទេស​លាវ។ ​ ការ​ស្តាយ​ស្រណោះ​ចំពោះប្អូន​ស្រីកម្សត់​បាន​ជំរុញ​ឲ្យ​លោក​ជំទាវ​សរសេរ​រឿង​ខ្លី​មួយ​ ដែលមានចំណងជើង​ថា «ខ្លោច​ផ្សា​នៅ​មឿង​ភីន»​ ឬ «អស្តង្គត»។

ជីវភាព​រស់​នៅ និង​ការងារ​លើ​ទឹក​ដី​បារាំង​ និង សកម្មភាព​វប្បធម៌ក្នុង​រយៈពេល​រស់នៅ​ក្នុង​ប្រទេស​បារាំង​បួន​ឆ្នាំ​ដំបូង លោក​ជំទាវ​តែង​តែ​បង្ហូរ​ទឹកភ្នែក​​ ក្នុង​ពេល​ណា​ស្តាប់​ចម្រៀង​ខ្មែរ​ម្តងៗ ព្រោះស្រណោះ​ខ្លួន​ និង​សោក​ស្តាយ​ប្រទេសជាតិ​ ព្រម​ទាំង​​អ្វីៗ​សព្វ​យ៉ាង​ ដែល​ធ្លាប់​បានរស់​នៅ​ក្សេម​ក្សាន្ត។​ ជ្រក​កោន​លើ​ទឹក​ដីបារាំង ​លោក​ជំទាវ​មិនដែល​ភ្លេច​ខ្លួន​សោះ​ឡើយ​។ ការ​ស្រឡាញ់​វប្បធម៌​ខ្មែរ​នៅ​តែ​ដក់ជាប់​ក្នុងចិត្ត​ឥត​រសាយ ជា​ពិសេស​អក្សរសាស្រ្ត និង​អក្សរសិល្ប៍ ​ដែល​លោក​ជំទាវ​សែន​ស្រឡាញ់​ដ៏​លើស​លប់​ក្នុង​ជាតិ​នេះ។

នៅ​ក្រុង​ស្ត្រាស់បួរ​ នា​ប៉ែក​ខាង​កើត​ប្រទេស​បារាំង​ ជាទី​ដែលលោក​ជំទាវ ប៉ិច សង្វាវ៉ាន​ និង​គ្រួសារ​រស់​នៅ​យ៉ាង​សុខសាន្ត លោក​ជំទាវ​​បាន​ជួប​ស្គាល់​ប​ញ្ញាវន្តខ្មែរ​ពីរ​បី​នាក់ ​ដែល​ជា​មិត្តភក្តិ​របស់​ប្អូន​​ប្រុស​របស់​​លោកជំទាវ​គឺ ឯក​ឧត្តម ព្រហ្ម សិទ្ធ​ត្រា បច្ចុប្បន្ន​នេះ ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​យុត្តិ​ធម៌​។ ដោយ​ការ​នឹក​​រឮក​ស្រុក​ទេស​ខ្លាំង​ពេក ​ លោក​ជំទាវ ប៉ិច សង្វាវ៉ាន ​និង​បញ្ញាវន្ត​ខ្មែរទាំង​ប៉ុន្មាន​នាក់​នោះ​បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ ពួត​ដៃ​គ្នា​បង្កើត​សមាគម​មួយ​ដាក់​ឈ្មោះ​ហៅថា​ «សមាគម​អ្នក​ស្នេហា​អរិយធម៌​ខ្មែរ» ។ ក្រៅ​ពី​ការ​សម្រាក​ពី​ការងារ​ដ៏សែន​នឿយ​ហត់ លោក​ជំទាវ​បាន​ចំណាយ​ពេល​រាល់​ថ្ងៃអាទិត្យ​បង្ហាត់​របាំ​ខ្មែរ​ដល់​យុវនារី​ភៀស​ខ្លួន​ខ្មែរ ​ដើម្បី​រៀប​ចំ​រាត្រីសិល្បៈ និង​បុណ្យ​ ចូល​ឆ្នាំខ្មែរ​ក្នុង​គោល​ដៅ​បង្ហាញ​ឲ្យ​ជន​ជាតិ​បារាំង​ស្គាល់​​ វប្បធម៌​ខ្មែរ​យើង។

ក្រោយ​ពី​បាន​រៀប​ចំ​ជីវភាព​រស់​នៅ​បាន​ស្រួល​បួល​ខ្លះ​ហើយ លោក​ជំទាវ ប៉ិច សង្វា​វ៉ាន​ បាន​ចាប់​​ដង​ប៉ាកកា​ជា​ថ្មី​សរសេរ​រឿង​ខ្លីៗ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តប័ត្រ​ខ្មែរ​មួយ​ចំនួន​ដូចជា​៖

-​​ព្រឹត្តប័ត្រ​របស់​«សមាគម​អ្នក​ស្នេហា​អរិយធម៌​ខ្មែរ​»នៅ​ទី​ក្រុង​ស្ត្រាស់បួរ។

-ព្រឹត្តប័ត្រ«​កូន​ខ្មែរ»នៃមជ្ឈមណ្ឌល​«ឯកសារ​និង​ស្រាវ​ជ្រាវ​វប្បធម៌​​​ខ្មែរ CEDORECK» នៅ​ទី​ក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង។

-​ព្រឹត្តប័ត្រ«ខ្មែរ​សាមគ្គី​» នៅ​ទី​ក្រុង​ឡុងដ៍្រ​ ប្រទេស​អង់គ្លេស។

-ទស្សនាវដ្តី«​អរិយធម៌»​​នៅ​ក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់។

-សារព័ត៌មាន «នគរធំ» នៅ​សហរដ្ឋ​អា​មេរិក។

រឿង«ជើងមេឃថ្មី»

ក្រោយ​ពី​បាន​ចាក​ចេញពី​ក្រុង​ស្ត្រាស់​បួរ​ នៅ​ឆ្នាំ​១៩៨៥ជា​មួយ​ក្រុម​គ្រួសារទាំង​អស់​មក​រស់​នៅ​​ឯ​ជាយ​ក្រុង​ប៉ារីស​ លោក​ជំទាវ ប៉ិច សង្វាវ៉ាន​​បាន​​សរសេរ​រឿង​ប្រលោម​លោក​ខ្នាត​វែង​មួយ​មាន​ចំណងជើង​ថា «ជើង​មេឃ​ថ្មី» ដើម្បី​ចុះ​ផ្សាយ​ក្នុង​ សារព័ត៌មាន​នគរធំ​នៅ​សហរដ្ឋ​អា​មេរិក។​ លើស​ពី​នេះ នៅ​ឆ្នាំ១៩៨៩ លោក​ជំទាវ ប៉ិច សង្វាវ៉ាន​ ​និង​ឯកឧត្តម ប៉ិច ឈុន​ជា​ស្វាមី​បាន​ស្ម័គ្រ​ចិត្ត​ធ្វើការ​បម្រើ «វិទ្យុអាស៊ី» ដែល​ជា​វិទ្យុ​សហគមន៍ ​មួយ​នៅទី​ក្រុង​ប៉ារីស ​រៀង​រាល់​រាត្រី​ព្រហស្បតិ៍ ​ដោយ​ឥត​​កម្រៃ​អស់​រយៈ​ពេល​ជិតបួន​ឆ្នាំ​។​ នេះ​ជា​ឱកាស​ល្អ​មួយ​អនុញ្ញាត​ឲ្យ​លោក​ជំទាវ ប៉ិច សង្វាវ៉ាន​បាន​និព​ន្ធ​រឿងថ្មី​ និង​លើក​យក​រឿង​ចាស់ៗ​មួយ​ចំនួន​ មក​រៀប​ចំ​ជា​ល្ខោន​និយាយ​ផ្សាយ​ជា​ភាគៗ​ ដាក់វិទ្យុអាស៊ី​ និង​ អាច​ប្រើ​ទេព​កោសល្យ​បញ្ចេញ​សំឡេ​ង​ និង​សម្តែង​រឿង​ប្រលោមលោកជា​មួយ​ស្វាមី​។ ចាប់​ពី​ពេល​នោះ​មក គូ​ស្វាមី​ភរិយា​ទាំង​ពីរ​ក៏​មាន​ឈ្មោះបោះ​សំឡេង​ និង​បានទទួល​ការ​គាំទ្រ​ពី​សំណាក់​សហ​គមន៍​​ខ្មែរនៅ​ប៉ារីស និង​ជាយ​ក្រុង​ប៉ារីស​។

ដោយ ​ជាប់​ចិត្ត​ស្រឡាញ់ និង​អាឡោះ​អាល័យ​សមាគម​អ្នក​និព​ន្ធ​​ខ្មែរ​ពេក និង​ដើម្បី​សម្រួល​ ការ​បោះពុម្ព​សៀវភៅ​នានា ទើប​នៅ​ថ្ងៃ​​២​កក្កដា​១៩៨៩ លោក​ជំទាវ​បាន​បង្កើត       «​សមាគម​អ្នក​និព​ន្ធ​​ខ្មែរ​នៅ​បរទេស» Association des Écrivains Khmers à l’Étranger​​ AEKE ​ហើយ​ប្រើ​ឡូហ្គូ​ចាស់​របស់​សមាគម​អ្នក​និព​​ន្ធ​ខ្មែរ​ពី​ដើម​។ លោក​ជំទាវ​ជា​ប្រធាន​ស្ថាបនិក​នៃ​សមាគម​នេះ​រហូត​មក។ ក្រោមការដឹក​នាំ របស់ លោក ជំទាវ «​សមាគម​អ្នក​និព​ន្ធ​​ខ្មែរ​នៅ​បរ​ទេស​» បាន​ប្រារព្ធ​ធ្វើ​ការ​ប្រកួត​ប្រឡង​ប្រជែង​យក​​ជ័យ​លាភីអក្សរសិល្ប៍ «សន្តិភាព» នៅ​ឆ្នាំ​១៩​៩៧ និងឆ្នាំ២០០០ នៅក្រុងបារីស៍ ដោយ​មាន​បេក្ខ​ជន​ទាំងកវី អ្នកនិពន្ធក្នុងប្រទេស និងក្រៅប្រទេស។

លោកជំទាវ ប៉ិច សង្វាវ៉ាន  ក្នុងស្ទុយ​ឌីយ៉ូនៃ​វិទ្យុបារាំងអន្តរជាតិ RFI ពេល​សម្ភាស​លោក​តា​ គង់ ណៃ អ្នក​ចម្រៀង​ចាប៉ីខ្មែរដ៏​ឆ្នើម​ នៅ​ប្រទេស​កម្ពុជា

ក្រោយ​ពី​វិទ្យុ​អាស៊ី​សំឡេង​​ខ្មែរ​បិទ​បាន​ជាង​កន្លះ​ឆ្នាំ​​ វិទ្យុ​បារាំង​អន្តរជាតិ​RFI (Radio France Internationale) ក៏​បាន​បង្កើត​ការ​ផ្សាយ​ភាសា​បរទេស​ពីរ​ថែម​ទៀត​គឺ​ ភាសា​ខ្មែរ​និង​ភាសាឡាវ។ ​លោក​ជំទាវ​ ប៉ិច​ សង្វាវ៉ាន ​បាន​ប្រឡង​ជាប់​ចូល​ធ្វើការ​បម្រើ​​វិទ្យុ​RFIនេះ ​នៅ​ថ្ងៃ​ទី១ខែ​មីនា ​ឆ្នាំ​១៩៩៣​ មាន​​មុខងារ​ជា​អ្នក​សារព័ត៌មាន (Journaliste)​។ ក្រៅពី​ការសរសេរ​ និង​ អានព័ត៌​មាន​ផ្សាយតាម​វិទ្យុ លោក​​ជំទាវ ប៉ិច សង្វាវ៉ាន​ក៏បាន​កាន់​នាទី​អក្សរសិល្ប៍​ខ្មែរ​ នៅរៀងរាល់​ថ្ងៃ​អាទិត្យ​ដែរ។​ ក្នុង​ការ​បម្រើ​ការ​ងារ​ជា​អ្នក​សារព័ត៌មាន​ ក្នុង​វិទ្យុ​បារាំងអន្តរជាតិ ​ចាប់​ពី​ដើម​ខែ​មីនា​១៩៩៣ ដល់​ខែធ្នូ​ឆ្នាំ​២០១០​ លោក​ជំទាវ ប៉ិច សង្វាវ៉ាន​ពេញ​ ចិត្ត​ស្រឡាញ់​មុខងារ​នេះ​ជា​ពន់​ពេក​ ។ លោក​ជំទាវ​បាន​បញ្ចប់ អាជីព​ជា​នាយក​ការ​ផ្សាយ ​(CHEF D’ÉDITION II) ហើយបានស្នើសុំ​ចូល​និវត្តន៍​ មុន​គម្រប់​អាយុ​៦៥​ឆ្នាំ ​នៅ​ដើម​ខែ​មេសា​​ឆ្នាំ២០១០​។ ​​រយៈ​ពេល​១៧​ឆ្នាំ និង​៩​ខែ​ ក្នុងការ​បំពេញ​ការងារ​ដ៏​ថ្លៃថ្នូ​រ និងជាទី​មោទនៈនេះ លោក​ជំទាវ ប៉ិច សង្វាវ៉ាន​ បាន​បម្រើ​​ការងារ យ៉ាង​អស់​ពី​កម្លំាង​កាយ​កម្លំាង​ចិត្ត​ ដើម្បី​តប​ស្នង​មិត្តអ្នក​ស្តាប់​ទាំងអស់​ នៅ​គ្រប់​ទិស​ទី ​ដែល​មាន​ភក្តីភាព​ និង ​គាំទ្រ​ចូលចិត្ត​តាមដាន​ស្តាប់សំឡេង​អ្នក​សារ​ព័ត៌​មានដ៏​មាន​ប្រជា​ប្រិយ​ភាព​នេះ​។

ក្នុង​ការ​ផ្សាយ​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃ​៣១​ធ្នូ​២០០៩ អ្នកសារព័ត៌មាន ប៉ិច​ សង្វាវ៉ាន​បាន​ថ្លែង​សារ​លា​ប្រិយមិត្ត​អ្នក​ស្តាប់​ទាំង​អាល័យ ដើម្បី​ចូលនិវត្តន៍។​​  អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ​នេះ​បាន​ប្តេជ្ញា​ចិត្ត​​ចាប់​ដង​ប៉ាកកា​ឡើង​វិញ​តែង​និពន្ឋ​សៀវភៅ​ មាន​ជា​អាទិ៍​ សារណាជីវិត​របស់​លោក​ជំទាវ​ជា​ដើម។
*វណ្ណកម្មរបស់ លោក​ជំទាវ ប៉ិច សង្វាវ៉ាន
១- នេះ​ឬចិត្ត​ប្រុស?…………….………………. (១៩៦៨)
២- ថ្ងៃ​៤​កក្កដា…………………………………….(១៩៦៩)
៣ ​- ខ្លោចផ្សា​នៅ​មឿង​ភីន​ ឬ​ ​អស្តង្គត​……….. (១៩៨១)
៤- ស្តាយ​ពាក្ស​មួយ​ម៉ាត់……………………​ ​……(១៩៨១)
៥- ពេលដែល​កន្លង​ទៅ…………………………..(១៩៨១)
៦- វាសនាអភ័ព្វ………………………………….​ ​​(១៩៨៣)
៧- មានសង្ឃឹម ឬ គ្មាន​សង្ឃឹម?…… …… …..(១៩៨៣)
៨- ព្រោះ​រឿង​អ្វី?………………………………… (១៩៨៣)
៩- ថ្ងៃណា? ថ្ងៃណា?……………………………(១៩៨៣)
១០- កម្មករ​សេរី…………………………………  (១៩៨៣)
១១-ខ្យល់សមុទ្រ………………………………… (១៩៨៤)
១២-ម្តាយ​ក្មេក​ទំនើប ………………………… …(១៩៨៤)
១៣-ព្រោះ​តែ​អ្នក……………………………… … (១៩៨៤)
១៤-បាច់ផ្កា………………………………………. .(១៩៨៥)
១៥-ស្រមោល​ស្នេហ៍…………………………. … .(១៩៨៥)
១៦-ជើងមេឃ​ថ្មី………………………………….  (១៩៨៥)
១៧-លិខិត​អាថ៌​កំបាំង (ល្ខោននិយាយ)………. (១៩៨៩)
១៨-ស្រមៃ​បន្ទាប់​ពី​ស្រមៃ(ល្ខោននិយាយ)……  (១៩៩០)
១៩-រូបឥត​ព្រលឹង (ល្ខោននិយាយ)…………….(១៩៩១)

រឿង​ដែល​បាន​ចេញ​ផ្សាយជា​សៀវ​ភៅ​ប្រលោម​លោក​​រួច​ហើយ៖

១-  «ជើង​មេឃ​ថ្មី» ប្រលោម​លោក​ខ្នាត​វែង។ រឿង​នេះ​ត្រូវ​បាន​ផលិតករ ឡេវ ឡុង ហៅ ឡុង ដារា យក​មក​ថត​ជា​ខ្សែ​ភាពយន្ត​ទំហំ១៦​ម.ម. ​សម្រាប់​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស​​។ គេ​អាច​​ចាត់​ទុក​ជា​ខ្សែភាព​យន្ត​ខ្មែរ​ទី១ ដែលថត​​នៅ​អឺរុប។

រឿង«ជើងមេឃថ្មី»

២​- «ស្រមោល​ស្នេហ៍»​ ជា​កម្រង​រឿង​ខ្លី ។

កម្រង​រឿង«ស្រមោលស្នេហ៍»

៣- «ម្តាយ​ក្មេកទំនើប» ​ជា​កម្រង​រឿង​ខ្លី ។

កម្រងរឿង«ម្តាយក្មេកទំនើប»

៤- «ពេលដែលកន្លងទៅ» ជារឿងខ្លី បាន​បោះ​ផ្សាយ​ ក្នុង​សៀវ​ភៅ​វណ្ណ​រួម​គ្នា ​ជា​មួយ​យុវ​​អ្នក​និពន្ធ​ខ្មែរ ក្រោមចំណងជើងថា «ស្នេហាខ្ញុំ» My Love ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​​របស់​សមាគម​អក្សរ​សិល្ប៍​ស៊ុយ​អែត​-កម្ពុជា។

ស្នាដៃ​ដែល​គ្រោង​ចេញ​ផ្សាយ៖

– «ខ្ញុំជា​ស្រី»​ ជា​កម្រង​​​ជីវ​ប្រវត្តិ​ និង​ សារណា​ជីវិត​ផ្ទាល់​ពី​ស្រុក​ខ្មែរ​ឆ្លង​កាត់​តាម​ប្រទេស​វៀត​ណាម​ លាវ រហូត​ដល់​ស្រុក​បារាំង។

– «នារី​មុខ​ពីរ»

– «ស្តាយ​ពាក្ស​មួយ​ម៉ាត់»

– «មាន​សង្ឃឹម ឬ​គ្មាន​សង្ឃឹម»

– «វាសនា​អភ័ព្វ»

– «លិខិត​អាថ៌​កំបាំង»

– «បញ្ច​ពិត​ធីតា»

សកម្មភាព​ផ្សេងៗ​របស់​ លោក​ជំទាវ ប៉ិច​សង្វ៉ាវ៉ាន​ ក្នុង​ពិធីផ្សេងៗ និង តាម​រយៈ​ប្រព័ន្ធ​​​ឃោស​នា​នានា៖

– មេ​ប្រយោគ​ក្នុង​ពិធី​ជ្រើស​រើស​បវរកញ្ញា​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង។

– ពិធីការិនីក្នុង​ពិធី​ជ្រើស​រើស​បវរកញ្ញា​ខ្មែរ ​នៅ​ប្រទេស​បារាំង។

– មេ​ប្រយោគ​ក្នុង​ការ​ប្រកួត​ប្រជែង​រឿង​ខ្លី​ និង​រឿង​ប្រលោម​លោក​ក្នុង​ឱកាស​មហោស្រព ​ខ្មែរ១​៩៨៧​ដែល​រៀបចំ​ដោយ​មូលនិធិ​កម្ពុជា ​នៅ​ឡង​ប៊ិច​រដ្ឋ​កាលី​ហ្វ័នីញ៉ា ​សហរដ្ឋ​អាមេរិក។

– ចូល​រួម​ជា​មេ​ប្រយោគ ​និង​ជា​វាគ្មិន​ ក្នុង​សិក្ខាសាលា​ ដែល​រៀបចំ​ដោយ​សមាគម​អក្សរសិល្ប៍​ នូ​​ហាច ​និង​សមាគម​អ្នក​និព​ន្ធ​ខ្មែរ​នៅ​បរទេស។

លោកជំទាវ ប៉ិច សង្វាវ៉ាន ប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភី នៅសមាគមអក្សរសិល្ប៍នូហាច

– ចូល​រួម​ក្នុង​កម្ម​វិធី​អក្សរ​សិល្ប៍​តុ​មូល​នៃ​វិទ្យុ​ស្ត្រី​ខ្មែរ

– ជា​ភ្ញៀ​វកិត្តិយស ក្នុង​កម្មវិធី​បទ​សម្ភាស​មួយ​ក្នុង​វិទ្យុ​VOAឆ្នាំ ២០០៤

រូបថតអនុស្សាវរីយរបស់លោកជំទាវប៉ិចសង្វាវ៉ាន ជាមួយនិស្សិត អ្នកចូលរួម ក្នុងកម្មវិធី«សៀវភៅល្អៗ»

– ចូល​រួមអន្តរាគម​ន៍­នៅ​ក្នុង​«កម្មវិធី​សៀវភៅ​ល្អៗ​» ក្នុង​នាម​ជា​អ្នក​និព​ន្ធ​រឿង​«ជើង​មេឃ​ថ្មី»។​ កម្មវិធី​នេះ ​រៀប​ចំ​ដោយ​លោក​ស្រី​ ប៉ាល់ វណ្ណារីរក្ស ​ក្នុងទូរទស្សន៍​ជាតិ​កម្ពុជា (ទទក TVK​) ​ក្នុងខែ​កក្កដា​​២០០៧ នៅរាជធានីភ្នំពេញ​។

រូបថតអនុស្សាវរីយរបស់លោកជំទាវ ប៉ិច សង្វាវ៉ាន ជាមួយអ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស ពេល​លោក​ជំទាវ​អញ្ជើញ​ចូលរួមជាវាគ្មិនក្នុងកម្មវិធី«សៀវភៅល្អៗ» របស់ទូរទស្សន៍ជាតិកម្ពុជា

– ជា​ភ្ញៀវកិត្តិយស​ ក្នុង​កម្មវិធី​ ​«ថ្ងៃ​ថ្មី» នៅ​ឆ្នាំ ២០០៧ ​និង​ ២០០៨​ក្នុង​ទូរទស្សន៍​ខ្មែរស៊ី​ធី​អិន CTN​ ​ នៅរាជធានីភ្នំពេញ។

លោក​ ចួន ធូ សម្ភាស​លោកជំទាវ ប៉ិច សង្វាវ៉ាន នៅ​ក្នងទូរទស្សន៍​ស៊ីធីអិន

– ជា​ភ្ញៀវ​ កិត្តិយស​ ក្នុង​បទ​សម្ភាសន៍​​មួយ​នៃកម្ម​វិធី​អក្សរសិល្ប៍​ ក្នុង​វិទ្យុបាយ័ន​ នៅ​កម្ពុជា។

លោក ​ជំទាវ​ ប៉ិច សង្វាវ៉ាន​តែ​ងតែ​បាន​ទទួល​ការ​អញ្ជើញឲ្យ​ចូល​រួម​ក្នុង​ពិធី​ផ្សេងៗ។​ បើ​មាន​ឱកាស​លោក​ជំទាវ​ ពុំ​ដែល​ប្រកែក​ ហើយ​រមែងស្ម័គ្រ​ជួយជ្រោម​ជ្រែង​ ដោយ​គ្មាន​​គិត​កម្រៃ​ម្តង​ណា​ឡើយ។

ក្រៅ​ពី​នេះ លោក​ជំទាវ ប៉ិច​ សង្វាវ៉ាន​ បាន​ផ្តល់​ការ​សម្ភាស​ក្នុង​​ព្រឹត្តប័ត្រ  និង ទស្សនាវដី្ត​ផ្សេងៗមួយ​ចំនួននៅ​ប្រទេស​បារាំង និង​នៅ​ប្រទេស​កម្ពុជា ​ដែល​មានជា​អាទិ៍៖

– ជីវិតកំសាន្ត-​ជីវិតតារា (មីនា ​១៩៩៥)

– សម្លេង​ស្ត្រី​ខ្មែរ (មេសា ​១៩៩៦)- ព្រឹត្តប័ត្រ​ចតុមុខ​ជា​ ភាសា​បារាំង​(ឧសភា ​១៩៩៩)

– Cambodge Soir ​ជា​ភាសា​បារាំង (១០ ​ឧសភា​២០០៤)

– សម័យ​និយម (កក្កដា២០០៨)

– ​ ​អាថ៌​កំបាំង (លេខ២០ ​)

– ​Ecrit d’Angkor ជា​ភាសា​បារាំង (ភ្លេចកាលបរិច្ឆេទ)

លោកជំទាវ ប៉ិច សង្វាវ៉ាន និងស្វាមី ឯកឧត្ដម ប៉ិចឈុនលោក​ជំទាវ​ ប៉ិច សង្វាវ៉ាន និងស្វាមី ឯកឧត្ដម ប៉ិចឈុន

សូមថ្លែង​អំណរ​គុណលោក​ជំទាវ ប៉ិច សង្វាវ៉ាន ដែល​បាន​ផ្តល់​ឯកសារ​ជីវ​ប្រវត្តិ។

«ចាំជានិច្ច»

ថ្ងៃនេះ មិត្តនារីខ្ញុំម្នាក់នឹងរៀបចំ​កម្មវិធី​ខួបកំណើត ដោយសារថ្ងៃស្អែក(១៧តុលា) នាងរវល់ ហើយមិត្តដទៃទៀតមិនអាចមក​ជុំ​គ្នា យើងធ្វើនៅថ្ងៃនេះជំនួសវិញ។

ថ្ងៃស្អែកខ្ញុំក៏​មិនមានពេលប្រកាស​ ដោយសារជាប់រៀនពេញមួយថ្ងៃ ខ្ញុំសូម​ជូនពរនាង​ពីចម្ងាយ តាមរយៈរឿងខ្លីមួយនេះ ។

 

ចាំជានិច្ច

និពន្ធដោយ៖ ហេង-ឧត្ដម

មិនបានបើអ៊ីមែលជាយូរថ្ងៃមកហើយ… ខ្ញុំមានអារម្មណ៍​ធុញថប់តប់ប្រមល់ជាខ្លាំង ហើយហាក់​ដូច​ជា​ស្មុគ​ស្មាញ​យ៉ាង​ចម្លែក។ នេះប្រហែលមកពី​ខាន​បាន​ជជែក​គ្នា​នឹង​​មិត្ត​ភក្តិ​ក្នុង​ក្រុមប្លក់​ជាយូរ​ថ្ងៃមក​ហើយ​​ក៏​មិន​ដឹង!

ព្រឹកនេះ​ ខ្ញុំ​ទៅហាង​អិនធឺណែត។ ខ្ញុំ​​បាន​ទទួល​សារ​ពីលក្ខិណាពីរបន្ទាត់​យ៉ាង​ខ្លី ​ដែល​មាន​​សេចក្តី​ថា

«ពួកម៉ាក! ដឹងទេ? ថ្ងៃសៅរ៍ នេះ! ត្រូវ ជា ថ្ងៃ ខួប កំណើត អា ភក្រ្ត​ផង​​ណាសាយណ្ហ មាន ត្រៀម អី ជូន មិត្ត​របស់​យើង ទេ ?​…»

អានហើយ ខ្ញុំក៏​ឆ្លើយតប​យ៉ាង​​ប្រញាប់​ទៅ​វិញ ​ព្រោះ​ជិត​ដល់​ថ្ងៃ​មែន​ទែន​ហើយ​ គឺខានថ្ងៃស្អែកនេះតែ​ម្តង។

«​សូមទោស មិត្ត សម្លាញ់រវល់ នឹង កិច្ច ការ បន្តិច បាន ជា គ្នាខាន​បើក​មែល​អស់​កាល​យ៉ាង​យូរមកហើយគ្នា​ភ្លេច ឱ្យឈឹង ថា ជិត ដល់ ថ្ងៃ ខួប អាភក្រ្ត! ចាំ មើល សិន គ្នា នឹង រក ទិញ អី ជូននាង សិនជួយគិត ផង មើល៍! ពួក ម៉ាក ! ទិញអីអ្ហ៎? គ្នាយល់ ថា ទិញ សៀវ ភៅ មួយក្បាល និង សរសេរ កំណាព្យ ជូន ពរ មួយ អត្ថបទ។ យ៉ាង ម៉េច ដែរ ?​»

យប់ឡើង បន្ទាប់ពីតែងកំណាព្យជូនពរថ្ងៃខួបកំណើតរបស់ស្រីភក្រ្តហើយ។ ខ្ញុំចាប់សៀវភៅ​កំណាត់​ហេតុ​ប្រចាំ​ថ្ងៃមក​សរសេរពីអារម្មណ៍មនោសញ្ចេតនាក្នុងថ្ងៃនេះ។

ថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០០៩

ខ្ញុំខានសរសេរកំណត់ហេតុពីរថ្ងៃមកហើយ… ព្រោះតែ ខ្ជិល និងអស់កម្លាំង ក៏ ដេកទៅ មិនទាំង បាន​ងូត​ទឹក​ផង … ចំ​ជាខ្ជិល​មែន! ខ្ញុំនេះ !​​.​.​. តែ ខ្ញុំត្រូវតែ បញ្ចប់ទម្លាប់អាក្រក់នេះ ដ្បិត សេចក្តី ខ្ជិច ច្រអូល​ជា​ហេតុ​នៃ​សេចក្តី វិនាស….

មានពេលខ្លះ ខ្ញុំចេះតែនឹកអាណិតដល់ខ្លួនឯង! ខ្ញុំជាមនុស្ស ខ្សត់ មិត្តភក្តិ ខ្លាំងណាស់! មិន ដឹង ថា ខ្ញុំមិន ហ៊ាន និយាយ រក គេ ព្រោះ​តែ ខ្លួនក្រ ឬ គេមិនខ្វល់ នឹង លូកមាត់ មកប្រឡាក់ ប្រឡូក រាប់អាន រូប ខ្ញុំនោះទេ… តែក្នុង មួយ​រយៈ​កាល​ចុង​ក្រោយនេះ ខ្ញុំមាន​ឆាយា លក្ខិណា ស្រីភក្រ្តដែល ជា កូនអ្នកមាន សុខចិត្ត បន្ទាប​ខ្លួន​មក រាប់រក សេពគប់​ខ្ញុំ​ធ្វើ​ជា​មិត្ត​ភក្តិ​។ ខ្ញុំមិនដឹងថា ការរាប់ អានគ្នា រវាង យើង ទាំងបួននេះ បាន ស្ថិត ស្ថេរ​បាន​យូរ​ប៉ុន្មាន នោះទេ តែ ខ្ញុំ នឹង ខិតខំ ថែរក្សា កម្រង កែវ​មិត្ត​ភាព ដ៏ ផុយ ស្រួយ ងាយ នឹង បែកបាក់ មួយ នេះ ដរាបណា ខ្ញុំ​នៅ មាន ជីវិត ខ្ញុំនឹង បីបាច់ ថ្នមថែ មិត្តភាព របស់​ពួក​យើង ឱ្យ ស្ថិតស្ថេរ គង់វង្ស។

ខ្ញុំមានការចាប់ អារម្មណ៍ នឹងលក្ខិណាជាខ្លាំង… នាង រៀន នៅ សាកល វិទ្យាល័យមានការងារ ធ្វើ ត្រឹម ត្រូវ​សម​រម្យ​ទៀត…​ តែ នាង មាន អាយុ តិច ជាង ខ្ញុំ ក៏ ពិត មែន ប៉ុន្តែចំណេះដឹងរបស់ នាង មាន ច្រើន រហូត​ដល់​ហៅ​មិន​ឮ បើប្រៀប ជា មួយ នឹង ការ យល់ដឹងដ៏​តិច​តួច របស់ ខ្ញុំ! គួរឱ្យខ្មាសនាងណាស់! ខ្ញុំមានអាយុ ច្រើនជាងនាង តែមានកម្រិត ការ សិក្សា ទាប ជាង នាង ឆ្ងាយ ណាស់! ចំណែកឯង ការងារ​ក៏​គ្មាន ជា មនុស្សតែខ្ចាត់ព្រាត់ រស់ នៅ ក្បាល នៅ​លើ​ពិភព​លោក​ដ៏​តូច​ចង្អៀត … ប៉ុន្តែ មើល​នៅ នាង មិនប្រកាន់ ខ្លួន ក្នុងការ រាប់អាន នឹង ខ្ញុំ​សោះ …

បើកុំតែនាង មានវ័យប្អូនខ្ញុំ កុំអីខ្ញុំសុំនាង ធ្វើជាបងស្រីបាត់ទៅហើយ! បើទោះបីជា ខ្ញុំមាន អាយុ ច្រើន​ជាង នាង ខ្ញុំ​នៅ គោរព កោត​ខ្លាចនាងដោយ ស្មោះអស់ពីចិត្ត… យ៉ាងណាក៏ដោយ ក៏ខ្ញុំ នៅ តែ គោរពចំពោះនាង គ្រប់​​វេលា … ទោះបី ជាខ្ញុំ សរសេរអស់ រាប់រយទំព័រ ទៀតក៏ ដោយ ក៏មិនអាច រៀបរាប់ អស់ពី មនោ​សញ្ចេតនា សេចក្តី គោរព​ស្រឡាញ់​រាប់អាន ដែលខ្ញុំមាន ចំពោះ លក្ខិណា បានដែរ… ហើយទោះ​បី​ជា​ ខ្ញុំ​សរ​សេររហូតដល់ទីណាក៏ដោយ ក៏មិន អាច ថ្លែង ឱ្យ អស់ ពី ទឹក ចិត្ត ដែល មានក្នុង​ក្រអៅ​បេះដូង​របស់ខ្ញុំ​បាន​ឡើយ …

ប្រសិនបើអាចទៅរួចមែននោះ ខ្ញុំនឹងសុំនាងធ្វើជាប្អូនស្រីដ៏ល្អរបស់ខ្ញុំ… តែមិនអាចទេមើល៍ទៅ ខ្ញុំ​ចេះ​តែ រវើរវាយ ស្រមើ​ស្រមៃ​តែម្នាក់ឯងទៀតហើយ…

មានពេលខ្លះទៀត ខ្ញុំស្ទើរតែ ទទួល ការ គាំទ្ររបស់ នាង មិនបាន ដោយរអៀស ខ្លួនជាខ្លាំង… នាងជួយ លើក ទឹក​ចិត្ត​ក្នុង​ការ​តែង និពន្ធ នាងបានចំណាយពេលវេលាដ៏មាន តម្លៃ និង ដ៏មមាញឹក ក្នុង ការ ជួយពិនិត្យ កែ​សម្រួល ស្នាដៃ ឱ្យខ្ចី​សៀវភៅអាន ផ្តល់​​ទាំង​ឯកសា​រ ថតចម្លង ចែករំលែក ចំណី អាហារ… រាល់​ពេល ​ដែល​ខ្ញុំ​ចាប់​ផ្តើម​សរសេររឿងម្តងៗ ខ្ញុំ​តែង​នឹក​គិតដល់រូបនាងជាកម្លាំង ចិត្ត ក្នុង ការ តែង និពន្ធ… កុំតែមានការជំរុញ​លើក​ទឹក​ចិត្ត​​ពី នាង ខ្ញុំសរសេរ ពុំ​ចេញ​សោះ​ឡើយ​។

ខ្ញុំមិនដឹងថា មាន អ្វី សងគុណ នាងនោះទេ?… មិនដឹងមានអីជូននាងវិញទេ សម្រាប់ ជា កិច្ច តប ស្នង​ចំពោះ​​សគុណ​​ដ៏ធ្ងន់​របស់​នាងមកលើរូបខ្ញុំ?… តែខ្ញុំ ដឹង តែម្យ៉ាង ថា ខ្ញុំត្រូវតែ ខំប្រឹង រៀន ឱ្យបានល្អ… ឲ្យនាងសប្បាយចិត្ត។

******

ស្អែកឡើងរសៀលបន្តិច ខ្ញុំក៏​ទៅ​រក​ទិញ​សៀវភៅសម្រាប់​សរសេរ​កំណត់ហេតុមួយ និង​សរសេរ​បញ្ចូល​នូវ​កំណាព្យ​ជូនពរ​ចំនួន​ប្រាំវគ្គ ដែល​ខ្ញុំទើបនឹងតែងកាលពី​យប់មិញ។ រាល់ល្ងាចម្តងៗ ​ខ្ញុំបន់ឱ្យ​តែ​ដល់​ពេល​ទៅ​រៀន​នៅ​សមាគមអ្នកនិពន្ធខ្មែរ ព្រោះ​ខ្ញុំ​កើត​​ជំងឺ​អផ្សុក​ជាខ្លាំង ដូច​ជា​កំព្រា​រងាឯការក​ថា​មិន​ត្រូវ​… ដូចជា​ជីវិត​ខ្វះ​អ្វី​ម្យ៉ាង​យ៉ាង​ម៉េច​មិន​ដឹងទេ…

ពេល​ចេញ​ពី​រៀន​ខ្ញុំ​ប្រគល់​សៀវភៅ​ជូន​ស្រីភក្រ្ត។

«រីករាយថ្ងៃកំណើត​ស្អែកនេះ! ឮលក្ខិណាថា ថ្ងៃស្អែកអាភក្រ្តឯង​អត់មក​មែនទេ?»

នាង​ទទួល​របស់​ពី​ដៃ​ខ្ញុំ ហើយ​ងក់​ក្បាលតិចៗ។

«រវល់!​ ម៉ាក់មក៍ពីកំពង់ចាម! ទៅបុណ្យ​បងប្អូនជាមួយគាត់ ប្រហែលជាអត់បាន​មក​ទេ!»

«ហ៊ី! ស្តាយដែរ!» ខ្ញុំនិយាយទាំង​ដកដង្ហើមធំ។ នាង​យកដៃ​បើក​ថង់មើល។ តែ​ខ្ញុំឃាត់ «អេ! កុំ​អាល!​ ចាំ​ទៅ​ផ្ទះ​ទៅ! ចាំ​បើក​មើល​!…»

«យល់ព្រម! អ៊ីចឹង​មាន​អ្វីជូន​ពរ​ទេ!»

«មាន​! ថីមិនមាន​ដាក់ក្នុង​សៀវភៅខាង​ក្នុងហើយតើ!» នាង​លូកដៃ​ស្រាយ​ប្រអប់មើលម្តង​ទៀត​ តែខ្ញុំ​ឃាត់​ទៀត «ថាហើយ​កុំអាល​មើល ចាំដល់​ផ្ទះ​ទៅណាស់!…»

ភក្រ្ត​ងក់ក្បាល​រលាស់​សក់​ដ៏​ត្រង់​ស្រឡូន​របស់​នាងតិចៗ ហើយវាចាទាំង​ស្នាមញញឹមថា៖

«បើអ៊ីចឹងចង់បានពាក្យជូនពរពីចេញ​មាត់ផ្ទាល់​វិញ​? ព្រមទេ?»

ខ្ញុំសើចញញឹមតិចៗ រៀង​ហួសចិត្តនឹង​ចរិកបែប​កូន​​ក្មេងរបស់នាង តែល្អ​ម្យ៉ាងដែរជា​ចរិក ​ដែល​មិនមាន​លាក់​ពត់​ត្បុត… ដើម្បី​កុំឱ្យនាង​អន់ចិត្ត ខ្ញុំក៏និយាយ​ជូនពរឱ្យនាង៖

«ក្នុងថ្ងៃខួបកំណើតរបស់ស្រីភក្រ្ត! សូមជូនពរឱ្យភក្រ្តមាន​សម្រស់កាន់តែស្អាត រៀន​កាន់​តែ​ពូ​កែ មាន​សុ​ភមង្គល​​ក្នុងគ្រួសារ ជោគ​ជ័យក្នុងជីវិត និង…» ខ្ញុំរាងអាក់បន្តិច ចង់សើចបន្តិចផង និយាយ​ទៅ​មុខ​ទៀត​ស្ទើរ​មិនកើត ព្រោះ​​នាង​យក​ដៃ​ប្រណម្យ​សំពះ​ទទួល​នូវពាក្យជូនពរពីខ្ញុំ មើលតែ​ទទួល​ពរ​ពី​ព្រះឥន្រ្ទ។ ខ្ញុំ​ក៏​ថា​បញ្ចប់ «….និង សូម​ជួប​មនុស្ស​ដែល​ខ្លួនស្រឡាញ់​… អស់​ហើយ​មើល​ក្នុង​កំណាព្យ​ទៅ​មានហើយ!»

នាងឆ្លើយ«សាធុ! អរគុណសាយណ្ហ!…»

«មិនអីទេ! ពួកម៉ាក!»

យើងសើចព្រមគ្នាដោយសេចក្តីសប្បាយរីករាយ។ តាមមែនទែនទៅឆាយា លក្ខិណា ស្រី​ភក្រ្ត ព្រម​ទាំង​ខ្ញុំ យើង​​ស្រឡាញ់​រាប់​អានចាត់ទុកគ្នាជាមិត្តភក្តិយ៉ាងជិតដិត មិនប្រកាន់ខ្លួនជាស្រី ឬ​ប្រុស​នោះទេ។ យើង​ហៅ​​គ្នា​ពួក​ម៉ាក​… យាយប៉ិ… តាប៉ិ… ដោយ​មិន​ប្រកាន់គ្នាឡើយ។

ឯ​ឆាយា​ចូល​ចិត្ត​ញោះប្រលែង​លេង​ជា​មួយ​នឹង​​លក្ខិណាណាស់។ រាល់​តែ​លើក​ គេ​ធ្វើឱ្យ​លក្ខិណាខឹង​ រត់ដេញ​វាយ… លក្ខិណាក៏មិនអន់​ណាស់​ដែរ​ ខាង​ញោះ​គេ រំខានគេឯងពេលរៀន តែ​ក៏​មិន​ជ្រុលហួស​ហេតុ​​ពេក​ទេ។ ដូច្នេះ​ហើយ​បានជា​ចរិតគេ​ទាំង​ពីរ​នាក់​នេះ​ឆាប់​ចុះ​សម្រុង​​នឹង​គ្នាណាស់។

******

ថ្ងៃសុក្រមួយសប្តាហ៍បន្ទាប់ពីថ្ងៃជប់លៀងជូនស្រីភក្រ្តក្នុងថ្ងៃខួបកំណើតបានរំលងខ្លួនកន្លងផុតទៅ​…

ឆាយា សាយណ្ហ​ជិះ​កង់​បណ្តើរគ្នាត្រឡប់មកពីរៀនគួរពេលយប់វិញ ដល់ត្រង់ភ្លើង​ស្តុប​ផ្សារទួល​ទំពូង ​​ដែលជា​កន្លែងត្រូវ​បែក​គ្នា។ សាយណ្ហ​និយាយ​លា​ឆាយា៖

«ថ្ងៃស្អែកជួបគ្នា នៅក្រោមដើមពោធិ៍ដដែលណាស់សម្លាញ់! រាត្រីសួស្តី! សុបិនល្អ! កុំភ្លេច​យល់​សប្តិ​ឃើញ​​យាយ​​ប៉ិរបស់​ឯង​ណា… ហាស! ហា! លាហើយសម្លាញ់!»

ឆាយាសើចដោយហួចចិត្តនឹងការលេងសើចរបស់មិត្តគេ​ តែនាយមិនប្រកាន់ដែរ​ ព្រោះដឹង​ចិត្ត​គ្នា​អស់​​ហើយ​។ ឆាយា​​បញ្ជា​យានទៅផ្ទះយ៉ាង​ស្ងប់ស្ងាត់តែម្នាក់ឯង ដោយចិត្តនៅតែ​នឹក​អាល័យ​មិនចង់បែក​ពី​មិត្ត​រ​បស់​​គេ​បន្តិច​សោះ​ឡើយ។

ជិះបានមួយសន្ទុះ ឆាយា​ឮស្នូរកាំភ្លើង​លាន់យ៉ាងទ្រហឹងចំនួនពីរគ្រាប់ ពីនៅ​ខាង​ក្រោយ​​នាយ​។ នាយ​មិន​ចាប់​អារម្មណ៍​អ្វី​ច្រើន​នោះទេ គិតតែ​ប្រញាប់​ធាក់​កង់​ឱ្យ​លឿន​ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​មេឃ​កាន់​តែ​យប់​ជ្រៅ​ហើយ​ដែរ ម្យ៉ាង​ផ្ទះនៅឆ្ងាយផង។

ស្អែកឡើងពេលល្ងាច លក្ខិណា និងឆាយាអង្គុយលើបង់ជជែកគ្នាលេង ​រង់ចាំស្រី​ភក្រ្ត​ និង​សាយណ្ហផង ដើម្បី​ញ៉ាំ​ប្រហិត​ទាំង​អស់គ្នា។ មិត្តទាំងពីរ​កំពុង​តែនិយាយ​គ្នាសើច​លេង​សប្បាយ ​ស្រាប់​តែ​ស្រីភក្រ្ត​រត់​រលះ​រលាំង​​កាន់​កាសែត​​មួយ​ច្បាប់ទាំងទឹក​ភ្នែក​រលីង​រលោង តម្រង់មករក​ពួកគេ​ទាំង​ពីរ។ ស្រីភក្រ្តបង្ហាញ​ពត៌​មាន​ទៅ​​លក្ខិណា​ និង​ឆាយា​​អាន​ទាំង​ស្លុតចិត្តថា៖

«ក្មេងទំនើងផឹកស៊ី ឈ្លោះ ទាស់ ទែង សម្តី ដោយសារតែ ដណ្តើមស្រីគ្នាមិនដាច់ស្រេច បានបំផ្ទុះ អាវុធ ចំនួន​ពីរគ្រាប់ បណ្តាល ឱ្យ ផ្លាតត្រូវ សិស្ស ម្នាក់ ជិះកង់ ស្លាប់មួយរំពេចនៅនឹងកន្លែង… ព្រឹត្តិ​ការណ៍​នេះ​ បាន កើត ឡើង នៅ វេលា​ម៉ោង ២០និង ៤៥ នាទី នៅរង្គសាលរស្មីចន្ទ យើងបានស្គាល់ អត្តសញ្ញាណ ជន រង គ្រោះ តាម រយៈ ស្លាក ឈ្មោះ​នៅ​នឹង​អាវ ដែល ឆ្លាក់ថា សៅរ-សាយណ្ហ…»

អានដល់ត្រឹមនេះ ​លក្ខិណា​យំ​ស្រែក​ថ្ងួច​ថ្ងូរឡើង… ឆាយា​ទម្លាក់​កាសែត​ចុះ ហើយប្រាប់​​លក្ខិ​ណា​ស្រីភក្រ្តឱ្យ ប្រញាប់ទៅផ្ទះ​សាយណ្ហភ្លាម…

ទង់ក្រពើបក់រវិចៗលាយឡំនឹងសំឡេង​ខ្លងខែក… ស្រីភក្រ្ត ឆាយា និង លក្ខិណា​រត់​ចូល​ទៅ​ក្នុង​ផ្ទះ សំដៅ​​ក្តារ​មឈូស ​ដែល​ដាក់តាំងរូបថត​មិត្តរបស់ពួកគេ ទាំងទឹកមុខនៅ​ញញឹម​ស្រស់ៗ​នៅ​ឡើយ​។ ក្បែរ​ក្បាល​ក្តាមឈូស​ស្រីភក្រ្ត​លើកយក​សៀវភៅវិស្សកប្រវត្តិ​មួយក្បាល ដែល​នាង​ដឹង​យ៉ាង​ច្បាស់​ថា ជា​អក្សរ​របស់​សាយណ្ហ។ ស្រីភក្រ្ត​បើក​កំណត់​ហេតុរបស់សាយណ្ហ ចំ​កន្លែង​​ដែល​ដាក់​ក្រដាស​​លានចេញមកក្រៅ អាន​តិច​ៗ​ឱ្យ​ល្មមតែឮដល់ ឆាយា និង លក្ខិណា។

កំណត់ហេតុ ថ្ងៃសុក្រ ១៦ តុលា ២០០៩

ថ្ងៃនេះ ជា ថ្ងៃ ពិសេស ដែល យើង បា រៀប ចំ ជួប ជុំ មិត្ត ភក្តិ អ្នក និពន្ធវ័យក្មេងគ្នាយើង បួនប្រាំនាក់ ដើម្បី ធ្វើ ជា ពិធី​ជប់​លៀង តូច មួយ សម្រាប់ ជា ការ អបអរ ដល់ ស្រី ភក្រ្ត ក្នុង ថ្ងៃ ខួប កំណើត របស់នាង នៅ ថ្ងៃ ស្អែកនេះ គឺថ្ងៃ ១៧ តុលា ២០០៩។

យើង ញ៉ាំ អី ជុំគ្នា ពិភាក្សា​គ្នា ប្រធានបទ ជាច្រើន ត្រូវបាន យើង លើក មកនិយាយ មានទាំង ពី អក្សរ សាស្រ្ត អក្សរ​​សិល្ប៍ ទស្សនវិជ្ជា ស្នេហា វិបត្តិ​គ្រួសារយើង សើចយ៉ាង ក្អាក​ក្អាយ​សប្បាយ​ទាំង​អស់គ្នា។

ថ្ងៃ នេះ ជាការ កសាង អនុស្សាវរីយ៍ នៃ មិត្ត ភាព របស់ ពួកយើង ដំបូង បំ ផុត ហើយ ពួកយើង ចង់ ចាំ ជា និច្ច មិន​អាច​បំភេ្លច​បាន​សម្រាប់ ថ្ងៃ ជួបជុំដ៏​ពិសេស​នេះ

ថ្ងៃនេះ ជាថ្ងៃ ដំបូង បំផុត ហើយ ដែល ខ្ញុំបាន ស្តាប់ លក្ខិណា និយាយពី ការ អាក់ អន់ ចិត្ត ចំពោះ ម្តាយ នាង ដែល មិន យក ចិត្ត ទុក ដាក់ ចំពោះរូបនាងស្តី បន្ទោសនាង… មិន សូវ បារម្ភពី នាង… មិន បាន ថ្នាក់ថ្នម ចិញ្ចឹម មើល ថែរក្សា ផ្តល់​ភាព​កក់​ក្តៅ បណ្តោយ ឱ្យ ម៉ាក់យាយ នាង​ចិញ្ចឹម

លក្ខិណា និយាយ ប្រាប់ ដំណើរ រឿង ដែល នាង ខឹងនឹងម៉ាក់នាងថា ថ្ងៃ មួយនាងមកពី រៀនវិញ ពេល នោះក៏មាន ភ្លៀង ធ្លាក់ យ៉ាងខ្លាំង។ នាង អត់ បាន បិទបង្អួចទេ ព្រោះនាង ហត់នឿយ អស់កម្លាំង ជា​ខ្លាំង តែ នាង ក៏ ចូលចិត្ត មើល តំណក់​ទឹក​ភ្លៀង ដូច ខ្ញុំដែរ។ ទឹកភ្លៀង សាចចូល ផ្ទះម្តាយ នាង ប្រើ​ឱ្យ​នាង​ជូត សម្អាតចេញ។ លក្ខិណា ធ្វើដោយ មិន​តប អ្វី ទាំង អស់ ទាំងទឹកមុខ មិនសប្បាយចិត្ត ដោយ នឿយហត់ មក​ពី សាលារៀនផង។ ម្តាយនាង ស្តី ឱ្យ នាង៖ «ឱ្យ តែ ប្រើម្តង ណា មុខមិនដែលរីកទេកូន​ឪ​វា!… វា​កាត់​ទៅ​រកឪវា

លក្ខិណានិយាយប្រាប់យើង មកដល់ ត្រង់នេះ នាង យក ដៃ ខ្ទប់មុខប្រហែល ជាជូត ទឹក ភ្នែក ផងនាង​​បន្ត​ទៀតថា នាង អត់ និយាយ រក ម៉ាក់របស់នាង អស់ ប្រាំមួយខែទីបំផុត ម៉ាក់នាង ដឹង កំហុស ក៏ មក យំ ចំពោះមុខនាង សារ​ភាព និង និយាយ ពី វិបត្តិ ផ្លូវចិត្តរបស់​គាត់ ប្រាប់ដល់​នាងម្តាយ និង កូន ទាំង ពីរក៏ ត្រូវ រូវ គ្នា ឡើងវិញ។ ម៉ាក់​នាង ចាប់ ផ្តើមបើក ទូលាយ ចំហចិត្ត ចំ ពោះ រូបនាង និង បងប្អូន នាង ឱ្យមាន សេរី ភាព។

លក្ខិណា ជាមនុស្ស ចិត្ត ទន់ ឆាប់បង្ហូរទឹកភ្នែក ចំពោះមនោសញ្ចេតនាតែចំពោះការជម្នះ ឧប សគ្គ ក្នុងជីវិត វិញ នាង​មិន​ព្រម​ចុះ​ចាញ់បាក់បបខ្លបខ្លាច និងសម្រក់ទឹកភ្នែកនោះទេ។ លក្ខិណា យំ ពេល ដែល និយាយ​រំលឹក​ពី​ជីវភាព​ក្នុង​គ្រួសារ ព្រោះនាង មិន សូវ បាន ទទួល ភាពកក់ក្តៅ ពី គ្រួសារពេលនោះ នាង​យំនៅ ចំពោះ​មុខយើង ទាំងអស់គ្នា ដោយ​គ្មាន​ខ្មាសអៀននាង​ពិតជា យំ​ដោយ សុទ្ធ ចិត្ត ពិត មែន

ដោយ យប់ ជ្រៅបន្តិចផង និងមាន ការស្រែក រំខាន ពី ជន ប្រមឹកម្នាក់ ដែល ដេក លើបង់ ក្បែរ នោះ ផង យើង ក៏ នាំគ្នា ងើប ដើរ ចេញមកយានជំនិះវិញ។ លក្ខិណាដើររាងខ្លាចៗ ដៃ ឱប សឺរមី សៀវ ភៅ ជាប់។ ខ្ញុំ​ដើរ​ក្បែរ​ការពារនាង ខ្លាច ជន ប្រមឹក នោះ ធ្វើអ្វី ប៉ះពាល់ដល់រូបនាង។ ខ្ញុំឈរបាំង រហូតដល់ នាង ចាក់ សោ​ម៉ូតូ​រួចរាល់ ទើប ខ្ញុំទៅទាញកង់ ជិះ។ យើង ក៏ ចេញ ដំណើរ មកផ្ទះរៀងៗខ្លួន ដោយ ណាត់ គ្នា ថា ថ្ងៃ ស្អែក នឹង មក អង្គុយ​កន្លែងចាស់ដើម្បី រង់ចាំស្រីភក្រ្តក្នុង ថ្ងៃ ខួប​របស់​នាង បើសិនជានាង មាន ពេល អាច ដកឃ្លាពី ពិធីបុណ្យរបស់ បង​ប្អូនរបស់នាងបាន។

សៅរ៍ ១៧ តុលា ២០០៩

ខ្ញុំចង់ តែ សើច ទេ ចំពោះ ថ្ងៃ ដ៏ ល្អនេះ ថ្ងៃ ដ៏ ពិសេសនេះជា ថ្ងៃ ដែល ធ្វើឱ្យ ខ្ញុំយល់ពី មនុស្ស ស្គាល់ មិត្ត ភាព​ពិត​ប្រាកដ​កាន់ តែ ច្បាស់

ពេល​ខ្លះ​មនុស្ស​យើងប្រហែស… របស់ ដែល នៅ ជិតខ្លួន បែរ យល់ថា វាគ្មាន សារៈ សំខាន់ នោះ ទេ តែ ដល់ពេល ដែល បាត់ បង់ ទើប សោក​ស្តាយ

ព្រឹត្ត​ការណ៍​ដែល កើតមាន នៅ ក្នុង ថ្ងៃ នេះ មាន ច្រើន ណាស់

ថ្ងៃ១៧ តុលា ១៦១០ ស្តេចបារាំងល្វី ទី ១៦ ត្រូវបាន គេតែងតាំងនៅ ទី ក្រុង រ៉ូម។

ថ្ងៃ១៧ តុលា ១៦៦២ ស្តេច ឆាលទី ២របស់ អង់គ្លេស លក់សង្កាត់ បូនគៀន ឱ្យ បារាំង ក្នុង តម្លៃ ៤០០.០០០ផោន។

ថ្ងៃ ១៧ តុលា ១៩១២ ប្រទេស ប៊ុលហ្គារី ក្រិច និងស៊ែប៊ី ប្រកាសសង្គ្រាម ជាមួយនឹង ប្រទេស ទួរគី ម៉ុងតេណេគ្រូ

នៅ សង្គ្រាម​បាល់​កង់ទី ១។

ថ្ងៃ ១៧ តុលា ១៩៣៣ អ្នកប្រាជ្ញអាឡឺម៉ង់លោកអាបែត៍-អ័នស្ទែន (Albert-Einstein) រត់គេច ខ្លួនពី ពួក ណាហ្ស៉ីទៅ

សហ​រដ្ឋ​អាមេរិក។

ថ្ងៃ ១៧ តុលា ១៩៤១ នាវា មុជទឹក របស់ អាឡឺម៉ង់ បាន វាយ ប្រហារ នាវា អាមេរិក លើកទី ពេល សង្រ្តាម លើក ទី២

ថ្ងៃ ១៧ តុលា ១៩៧៩ អ្នកម្តាយ តេរេសា នៅ ឥណ្ឌាបានទទួល ពាន់រង្វាន់ ណូបែលសន្តិភាព។

ថ្ងៃ ១៧ តុលា ២០០៩ ខួបកំណើត ស្រីភក្រ្តមិត្តភក្តិនារីរបស់ខ្ញុំ។

ថ្ងៃ ១៧ តុលា ២០០៩ ឆាយា និងខ្ញុំបាត់កង់លក្ខិណាយំយ៉ាងខ្លាំង

នេះជាថ្ងៃដំបូងហើយ ដែល ខ្ញុំឃើញ នារី ជាមិត្តភក្តិជាទីស្រឡាញ់របស់ ខ្ញុំស្រក់ទឹកភ្នែក

ពិតជាថ្ងៃ ពិសេសមែន! ពេញមួយព្រឹក ខ្ញុំនៅផ្ទះសរសេរឿងនិ ងកែ សម្រួល អត្ថបទ សំណៅ រឿង មួយ​ចំនួន ជា​កិច្ច​ការ​ដែល ខ្ញុំចូលចិត្តជាទីបំផុត។

ថ្ងៃបន្តិច ពេលខ្ញុំទៅរៀន វគ្គខ្លីជំនាញរដ្ឋបាល និងលេខាធិការខ្ញុំទិញ នំល្ពៅ និងដំឡូងស្ងោរ ដើម្បី ផ្ញើមិត្ត ម៉ោង​រៀន​មួយ​ម៉ោង​កន្លះ​ហាក់ដូចជាយូរខ្លាំងណាស់ខ្ញុំបន់ឱ្យ តែ ឆាប់ដល់ ម៉ោង ចេញ ឆាប់ៗទេ អាលនឹង ចេញ ទៅ ជួបជុំមិត្ត ភក្តិ។ ខ្ញុំមិនបាន​យក​ចិត្ត​ទុក​ដាក់ ស្តាប់ គ្រូពន្យល់ ទាល់ តែ សោះអារម្មណ៍​របស់ ខ្ញុំចេះតែ គិត រវើរវាយទៅ រក​មិត្ត​ភាព។ នឹក​គិត ដល់ លក្ខិណា ដែល បង្ហូរទឹក ហាក់ ដូចជា នៅ ស្រស់​ចំពោះ​ភ្នែកខ្ញុំនឹក ឃើញដល់ឆាយា ធ្វើឱ្យ​លក្ខិណា​ខឹង​ហើយ​រត់ ដេញវាយទិដ្ឋិ ភាព ទាំងនេះ ធ្វើឱ្យ អារម្មណ៍​​កំព្រា​របស់​ខ្ញុំ​បាន​ធូរ​ស្រាល​បានមួយគ្រាធំដល់​ពេល​ជួង បន្លឺ មិន ទាន់ ចប់ ផង ខ្ញុំរៀប​ចំ​អីវ៉ាន់​ហើយ​ស្រេច​ចេញ​ពី​ថ្នាក់ ប្រញាប់​ទៅ​ជួប​​លក្ខិណានិងឆាយាដើម្បី​អប​អរ​ថ្ងៃ​ខួប កំណើត របស់ ស្រី​ភក្រ្ត។

ខ្ញុំស៊ុតកង់ យ៉ាង លឿន ដើម្បី ឱ្យ ឆាប់ដល់ទាន់ចិត្ត។ ខ្ញុំភ្លេច ភាសិត «សន្សឹមៗកុំបំបោល ក្រែង មិន ដល់ ដូច​ប្រាថ្នា» អស់​រលីង។ ខ្ញុំចាំតែ ម្យ៉ាង ធ្វើយ៉ាងណាឱ្យតែ ឆាប់ដល់នឹងអាលជួប ជជែកនឹង មិត្ត សម្លាញ់​របស់​ខ្ញុំ។

ទៅដល់ ខ្ញុំ ចាក់សោកង់រួច។ ខ្ញុំក៏ ដើរ តម្រង់ ទៅ រក លក្ខិណាដែរកំពុង អង្គុយអា សៀវភៅ ម្នាក់ឯង លើ​ស្មៅ​។ ខ្ញុំ​ដោះ​​ស្បែក ជើង លត់ ជង្គង់ លើកដៃ សំពះ ធ្វើដូច ជាលេង ផង តែក្នុងន័យមែនផងលក្ខិណា មិត្ត​ខ្ញុំទប់ចិត្ត មិន​បាន ក៏ សើច​នឹង អាកប្បកិរិយារបស់ខ្ញុំ។ យើង​សួរសុខទុកគ្នា រួចរាល់ហើយ ខ្ញុំ ក៏ លើកយក នំ​ ដែល​ខ្ញុំ​ទិញ​ដាក់​ជិត​កាបូប​របស់​នាង ហើយក៏ អានសៀវភៅ ស្តាប់ចម្រៀង និង ជជែក គ្នា លេង​ជា​មួយ​នឹង​នាង ត្រង់នេះ​បន្តិច​ត្រង់​​នោះបន្តិច ​គ្រប់​ប្រធាន​​បទ​ចម្រុះ​ចូល​គ្នា ដោយរកកម្មវត្ថុមិន ឃើញ ដើម្បី​ជា​ពេល​ទន្ទឹង រង់​ចាំ​ស្រីភក្រ្ត និងឆាយាផង​។

មួយសន្ទុះ ធារ៉ា និង រាសីមិត្តរៀន ស្ថាបត្យកម្មរបស់ លក្ខិណាមកចូលរួមនិយាយនឹងយើងដែរ។ យើង អង្គុយ​ដំកង់​បួន​នាក់ និយាយ​លេង ពីនេះពីនោះ មិនដាក់ពីមាត់តែ ក្នុងចិត្តខ្ញុំវិញ ខ្ញុំមាន អារម្មណ៍ មិន​សប្បាយ​ចិត្ត​សោះ ព្រោះ ខ្ញុំនៅ រៀន​ថ្នាក់ ទាប​ជាង​គេ​ឆ្ងាយណាស់។ គេសុទ្ធតែ និស្សិត អស់ ហើយ ឯខ្ញុំចំណេះក៏ គ្មានធំដុំ ការ​ងារក៏ អត់ឆ្ងាយ​ដាច់​ហៅ​មិន​ឮតែម្តងខ្ញុំអន់ចិត្ត នឹងខ្មាស ពួក គេ ខ្លាំងណាស់ការជជែកគ្នាយូរៗទៅ បាត់​សំឡេងខ្ញុំតែម្តង

យូរបន្តិច ទើប ឆាយាក៏មកដល់។ ឆាយាចាក់ សោកង់ ជាប់ជាមួយកង់របស់ខ្ញុំ។ យើង ស្វាគមន៍ គ្នា ជជែក​សួរនាំ គ្នា បាន បន្តិច ទើប ធារ៉ា និង រាសី សុំខ្លួន ត្រឡប់ ទៅ ផ្ទះមុន ព្រោះ មេឃ មីរ រក ភ្លៀង បាន បង្អុរ ទឹក ភ្លៀង មក តិច ៗ​ទៅ​ហើយ

ឆាយា លក្ខិណា និង ខ្ញុំនៅ និយាយគ្នា ដើម្បីរង់ចាំស្រីភក្រ្តផង។ យើង ប្តូរ កន្លែង អង្គុយ បង់ ដើម្បី មើល ទឹក បាញ់ តាម​ភ្លេង និង ប្តូរ​ពណ៌ យ៉ាងស្អាតប្លែកភ្នែក

លក្ខិណា ហៅ ទូរសព្ទ ទៅ ស្រីភក្រ្ត តែភក្រ្ត​ប្រាប់ថាមិនអាចមកបានទេ។

«ខួបកំណើត អត់ម្ចាស់!…» ឆាយា ពោល ទាំង​អស់​សំណើច។

ពួកយើងទាំងបី នៅតែ បន្តនិយាយគ្នា។ លក្ខិណា​បាន​និយាយ ពី អារម្មណ៍ របស់ នាង នាង​ប្រាប់ ថា នាង​ចូល​ចិត្ត​ពណ៍ ខៀវ​បៃ​តង នាងកើតថ្ងៃ ២៦ ខែកក្តដាហើយនាងជាកូន ភ្លោះ ជាមួយស្រីលក្ខណ៍ស្គាល់​គ្នា​យូរ​គ្រាន់​ដែរ​ហើយ​តែ ខ្ញុំទើបតែបានដឹងថា លក្ខិណា​ជា កូនភ្លោះ នា ពេល នេះ

នៅ​ពេល ដែលនាង និយាយ ដល់ ការ ស្គាល់ គ្នាពី ដំបូង រវាង​យើង​ទាំងបីនាងរំភើប ចិត្ត ខ្លាំង ពេក ចំពោះ មិត្តភាព នេះ នាងយំលក្ខិណា​រៀប​រាប់​ប្រាប់ពីការ ស្គាល់គ្នា រវាងនាង និង ឆាយា «ឈ្មោះ របស់ឆាយា វែង តែ ពី រោះ សុទ្ធសុវណ្ណ​ឆាយា នាងឃើញ នៅ ក្នុង បញ្ជី ឈ្មោះ របស់សិក្ខាកាម​នៅ សមាគម ពេល ចូល រៀន​ដំបូង នាង ច្រណែន និង​ចង់ ឃើញ មុខម្ចាស់ ឈ្មោះ

ពេល​រៀន នាង អង្គុយ មុខគេ។ ឆាយាតែ មក យឺត បន្តិច ហើយយក កៅ អី​តូច​មក អង្គុយ មុខនាងទៀត។ នាង ក្នាញ់ តែ នាង មិន ទាន់ ដឹង ថា គេ ជា សុទ្ធសុវណ្ណ ឆា យា នោះ​ឡើយ

ថ្ងៃ មួយ នាង ជ្រុះ ប៊ិក ឆាយា រើស ឱ្យ តែ គេ ជន្លដកៗ នាងរាង ខឹងបន្តិច ក៏ ធ្វើមិនយក … ពិត​ជា​កាច់​ឬក​កាច់​រៀង​មែន​មិត្ត​ខ្ញុំ​ទាំង​ពីរនេះ 😀ពួកគេក៏ ចាប់ ផ្តើម ស្គាល់ គ្នា​តាម​រយៈ​ការ​លេងសើច តាំង​ពីពេល​នោះ​មក។

លោកបង ភក្តី បាន តែង រឿងល្ខោន ខ្លី ដែលជា កិច្ច ការ ជូន អ្នកគ្រូប៉ុលពិសី ល្បង បានដាក់តួ ឆាយា បង វណ្ណៈ និង លក្ខិណា ហើយប្រឌិតឱ្យ លក្ខិណា ហៅ ឆាយា សុទ្ធ តែ បងៗយ៉ាងពេញៗមាត់។ នាងក៍ ចាប់ផ្តើម ស្គាល់ គ្នា ជាមួយ ឆាយាហើយ​មិត្ត​ភាព របស់ ពួកគេ កាន់ តែ រី កដុះ ដាល ទៅ ដោយ ឆាយា ពូកែ សម្តី ត្រូវនឹងនាង ចូលចិត្ត លេងសើច ច្រើន ផង ដែរ។ ឆាយាពូកែគូររូប និង វិភាគពាក្យដោយ មាន ទំនោរ ទៅ លើអក្សរសិល្ប៍ អក្សរសាស្រ្តដូចគ្នា ធ្វើឱ្យ ពួកយើង កាន់​តែ យល់ ពី គ្នាបាន កាន់ តែ ច្រើន និង ជិត​ស្និទ្ធ​ថែម​ទៀត​។

លក្ខិណា បន្តនិយាយពីការចាប់ផ្តើមស្គាល់គ្នាជាមួយខ្ញុំ នៅ សមាគមអក្សរសិល្ប៍ នូហាច ក្នុង ថ្ងៃ​សិក្ខា​​​សិលា​​សោ​ភណ​អក្សរ​សិល្ប៍ខ្មែរ តាមរយៈបងសីហា និងក្នុងពេលរៀនតែងនិពន្ធនៅ សមាគម អ្នក​និពន្ធ​ខ្មែរ។

ពេលនោះ ខ្ញុំក៏ និយាយ ដំណាលគ្នា ជាមួយនាង ពីពេលចាប់ផ្តើមស្គាល់គ្នានឹងឆាយា តាមរយៈ ការ ប្រឡង តែកំណាព្យ​ស្តីពី គ្រឿង​ញៀន នៅ សមាគមអក្សរសិល្ប៍ នូហាច នៅ រៃយំ និង នៅ សមាគម អ្នក និពន្ធខ្មែរ។

លក្ខិណាយំសាជាថ្មី ពេលដែលខ្ញុំរំលឹកពី មិត្តភាពដំបូងរបស់ពួកយើង។ ដូច​ជាមិន​មាន​រឿង​អី​ត្រូវ​យំ​ផង តែ​សម្រាប់​នាង​ដូចជា​ចិត្ត​ទន់​បន្តិច​ហើយ ចំពោះ​ការ​ប្រឈម​មុន​នឹង​ស្ថានភាព​ផ្លូវ​ចិត្ត​ ដែលត្រូវ​បាន​បើក​ចំហ​យ៉ាង​ដូច្នេះ។

ភ្លៀង ចេះតែ បង្អុរ តិចៗ កំដរ យើង និយាយ គ្នា ស្ថិត ក្នុងឱកាសមួយ ដ៏ ស្និទ្ធស្នាលជាទីបំផុត

ភ្លៀង ចាប់ផ្តើមរាំង ឆាយាចេះតែ ស្ងាត់មាត់ យូរ ដោយ ក្រលេក មើល ទៅ កង់ម៉ូតូរបស់យើង។ លក្ខិណ ឃើញ ដូច្នេះក៏ ងើប ប្រាប់​ឱ្យ យើង​ប្តូរ​កន្លែងអង្គុយ ដើម្បី ស្រួល មើលកង់ ម៉ូតូផង

ដើរមកជិតដល់យើងឃើញតែ ម៉ូតូ របស់ លក្ខិណា តែមួយគត់ បញ្ឃរ តែឯង ដោយ មិនឃើញ កង់​របស់​យើង​ឡើយ ឆាយាបោះ កាតាប ទៅ ទៅដី យកដៃ វាយឥដ្ឋយ៉ាងខ្លាំង ហើយពោល ទាំង កំហឹង យ៉ាង​ឈឺ​ចិត្តថា៖

«ថោកទាបៗៗ…»

បួនប្រាំម៉ាត់ ជាប់ៗគ្នាឆាយាខឹង អស់សង្ឃឹម ព្រោះនេះ ជា លើកទី បី ហើយ ដែលឆាយា បាត់ កង់។ កង់​នេះ ម៉ាក់​ឆាយា​ទើប​តែ ទិញឱ្យកាលពី ថ្ងៃចន្ទ មិនទាន់បាន មួយ អាទិត្យ ស្រួលបួលផង។ ម្តាយ គេថែម​ទាំង ដាក់បំរាមទៀត​ថា បើ​បាត់ ទៀត គាត់​ឈប់​ទិញឱ្យទៀតហើយ ឱ្យ ដើរ ទៅ រៀនតែម្តង

ស្ថិតក្នុង ស្ថាន ភាព នេះ ឆាយា​លំបាក​ចិត្ត​ជា​ខ្លាំង ឆាយា​អស់​សង្ឃឹម តែគេ​នៅ​តែ ពោលលើកទឹកចិត្តខ្លួន ឯង ថា៖ «វាមិនទាន់ទៅ ណាឆ្ងាយទេ! កុំអស់សង្ឃឹមកុំទាន់អស់សង្ឃឹមតោះតាមរក

និយាយហើយ ឆាយារត់យ៉ាងប្រញាប់ ទៅរកកង់ លក្ខិណា រត់តាម ទាញ ឆាយា មកវិ ទាំង ទឹក ភ្នែក។ នាង​យំនាង​សូម​ទោស​ពួកយើង

«យា! យ័ន! តោះទៅផ្ទះ! ខ្ញុំជូនទៅហិះៗហ៊ី…»

នាង ពោល តិចៗផង ព្រម​ទាំង​យំធ្វើ​ឱ្យ​ខ្ញុំ​ខ្លោច​ចិត្ត​អាណិត​នាង​ទៅវិញ។ ខ្ញុំអាណិតឆាយា ជាងខ្លួន ទៅ ទៀត ព្រោះនេះ ជា លើក​ទី​បី​ហើយ ដែលគេបាត់កង់តែខ្ញុំ វិញក៏ មិនដឹង ដោះស្រាយ យ៉ាង​ណា ជា មួយ នឹង អ្នកផ្ទះដែរខ្ញុំបាត់កង់ តែ​ខ្ញុំ​ហាក់​មាន អារម្មណ៍ ថា កង់របស់ខ្ញុំ​មិន​ទាន់​ទៅណាឆ្ងាយឡើយហាក់ ដូចជាមាន ញាណ អ្វី ម្យ៉ាង ដែល ទាក់ ទង គ្នាចិត្តនៅ តែ ជំរុញ ឱ្យព្យាយម រកកង់ ។

ឆាយា និងខ្ញុំមិនអស់ចិត្ត បំបែកគ្នា ដើររក។ លក្ខិណាយកម៉ូតូឌុបឆាយាចូលទៅមើលក្នុង វត្ត ខ្ញុំ អត់ជិះ ទៅ ជាមួយ គេទេ ដោយ ខ្ញុំយល់ ថា ក្រុមចោរនោះ ច្បាស់ជានៅ ចាំ ឃ្លាំ មើល ពួក យើង ក្បែរៗ នោះ ដែរ។ ខ្ញុំធ្វើ​ជា​ដើរ ចូល វត្តតាមពួកគេ​ទាំង​ពីរ បន្តិចហើយដើរចេញ មកក្រៅវិញ។ ខ្ញុំទទួល អារម្មណ៍ ថា កង់ របស់ ខ្ញុំ មិនទាន់ទៅ ណា​ឆ្ងាយទេ ព្រោះខ្ញុំ​បាន​សង្កេត មើល ក្រុមមួយនោះ រត់ស្រមកមើល ពេល ឆាយា រត់ទៅ កន្លែង​ការ​ដ្ឋាន​សំណង់​ ដែល​ហ៊ុំដោយស័ង្កសី

ខ្ញុំធ្វើអើត-កមើលជាមួយក្រុម មនុស្សនោះដែរខ្ញុំដើរចូលការដ្ឋានសួរ កម្មករ នៅ ក្នុង នោះ តែ​អត់​បាដំណឹង ខ្ញុំដើរ ចេញមកវិញលក្ខិណា ឌុប ឆាយា មកវិញ ឆាយា ក៏ដើរ​ចូល ទៅ រក មើល ក្នុង ការ ដ្ឋាននោះដែរ លក្ខិណា​យំ ហើយ​សូម​​ទោស យើង មិន ដាច់។ ខ្ញុំច្របាច់ទះស្មារបស់នាងថ្មម ដោយ មិន នឹកថាឆ្លៀត​ឱកាស​លួច​កេង​​ចំណេញ​លើ​នាង​នោះ​ឡើយ។ ខ្ញុំប្រាប់ឱ្យនាង ឈប់ យំ​ទៅ​មិន​បាន ប្រយោ ជន៍ ទេ ចាំបន្តិចទៀតរក​មើល​បន្តិច​សិន​ទៅ

ក្រោមតំណក់ ទឹកភ្លៀង រលឹមស្រិចៗផង ខ្ញុំ ក៏ ស្ទុះ ទៅ សួរមីងម្នាក់ ដែលដើរ ដងទឹក ចេញ ចូល ការ​ដ្ឋាន​សំណង់​នោះ។ គាត់ចិត្តល្អណាស់ គាត់ ប្រាប់ យើង ដោយ ត្រង់ថា៖

«ដើររក មើលខាង ក្នុង ខ្លួន ឯងទៅតែកុំប្រាប់ ថាមីងប្រាប់!…»

គំនិតរបស់ខ្ញុំប្រតិកម្មបានថា ច្បាស់ ជា កម្មករ នៅ ក្នុង នេះ ហើយ ដែលយកកង់របស់ខ្ញុំលាក់។ ប្រហែល ដោយ​អាណិត​យើង អាណិតដល់លក្ខិណាដែលយំមិនបាត់ ទើបមីង ម្នាក់ នោះ ប្រាប់ ខ្ញុំ ឱ្យ រក នៅ ទីនោះខ្ញុំ​អរគុណ​​គាត់​ជា​ខ្លាំងខ្ញុំអរ​ជា​ខ្លាំង ​ដែល​បាន​ប្រាប់ តម្រុយ

ខ្ញុំ ក៏ រត់ ទៅ ប្រាប់ ឆាយា តែ ឆាយា ដើរ​ធ្លាក់​ភក់ ដកជើង មិន​រួច ខ្ញុំជួយ​ទាញ​ដៃ​ឆាយា​ចេញ។ យើងព្យាយាម រក ទៅ ទៀត លក្ខិណា ហៅ យើង​ឱ្យ យក កាតាប ដើម្បី​នាង ទៅ ហៅ ប៉ូលីស​ឱ្យ​មក​ជួយ​រកឆាយា និង ខ្ញុំ ចូល ទៅ សួរ ពួក​បង​​ប្អូន​កម្មករ​ទាំង​នោះ​​សាជា​ថ្មី។ បង​ប្រុស​ម្នាក់​ប្រាប់ថា៖

«មិនដឹងទេ អត់ឃើញទេ បើមិនជឿ បងរកមើលខ្លួនឯងចុះ ពួកយើងអត់ពាក់ព័ន្ធទេ! ខ្ញុំខ្លាច ប៉ះពាល់ ព្រោះ​ពួក​​យើង​រស់​នៅ ទីនេះ។ បើ មិន ជឿ បងរកខ្លួនឯងចុះ កុំថាខ្ញុំកុហក…»

ខ្ញុំផ្តើម សង្ស័យ ខ្លះៗតែមិនអស់សង្ឃឹមដោយដឹងដំណឹងពីមីងម្នាក់នោះ។ ឆាយា និង ខ្ញុំ ក៏ ដើរ រក ជុំវិញ​កន្លែង​សំណាក់​របស់​ពួក​គាត់ នៅ ក្រោមតង់ ក្បែរមាត់ទ្វារស័ង្គសីក៏អត់ឃើញ

យើងបន្ត ដើរ លើដីទួលទាំងយប់ងងឹត ភ្លៀងរលឹមឥតឈប់ឈរ ដីក៏រអិលទៀតខ្ញុំដើរ តិច វែក ស្មៅ រកមើល ក្នុង​​ចិត្ត​ខ្លាច​ក្រែង​តែមាន ពស់ ឬអំបែងកែវមុតជើង ព្រោះ យើងអត់ ពាក់ ស្បែក ជើង ផង

មួយ​សន្ទុះ​ធំ​ក៏ នៅ​តែ​អត់​ឃើញ ខ្ញុំ​ដើរ​ជាន់លាមក គួរ​ឱ្យ​ញញើត​ជើងខ្លាំងណាស់ ខ្ញុំដើរ អូស ជើង នឹង​ស្មៅ​ឱ្យ​ជ្រះ​ហើយ​បន្ត​ដើរ​រកទៀត ខ្ញុំចូលវែកមែកកាខុប មើល​ក៏រកមិនឃើញខ្ញុំក៏ដើរ បែកពី ឆាយា រក​នៅ វាលស្មៅ ម្ខាង​ទៀត​នៃ​ដី ទួល​ដ៏ ខ្ពស់នោះខ្ញុំចុះពី​ទួល​ទាំង​ត្រដាប​ត្រដួស ទាញ មែក ឈើ ផង ស្មៅ​ផង​​យ៉ាង​​លំបាក​ទម្រាំចុះដល់ដីរាប។ ខ្ញុំ​ដើរតម្រង់ កំពតស្មៅដ៏ក្រាស់

ទីបំផុត សេចក្តី សង្ឃឹម របស់ខ្ញុំបាន ត្រឡប់មកហើយ! ខ្ញុំឃើញ​កង់​របស់​ខ្ញុំ​ហើយ កង់​ឆាយា​ពណ៌ស មើល ចាំង យ៉ាង ច្បាស់ ក្នុង​ពេល​យប់​ដូច្នេះ។ កង់របស់ខ្ញុំដេក​ដួល​លើ​ស្មៅ​នៅពី​មុខ​កង់​ឆាយា។ ខ្ញុំ​លើកង់ យើង ទាំង ពីរ បញ្ឃរ ដោយ​ត្រេក​អរ។ ខ្ញុំ​ស្រែក​ហៅ​ឆាយា តែដូចជាមិនសូវឮ។ ខ្ញុំខឹងនឹង បំពង់​កខ្លួនឯង ដែល ខះស្អក អស់ ទៅ​ហើយ។ ក្នុង​អារម្មណ៍របស់ខ្ញុំពេលនោះ ខ្លាច​ក្រែង​ខ្លះដែរ ខ្លាច​ពួក​ក្រុម​ចោរ​ទាំងនោះ មក សម្លុត វាយធ្វើបាបយើង តែខ្ញុំក៏ តាំង​ចិត្ត​យ៉ាង​​មុតមាំថា បើគេ​វាយ​ត្រូវ​ស្រែក​ឱ្យ​គេ​ជួយឱ្យខ្លាំង ព្រោះ មាន មនុស្សច្រើនដែរ ប៉ុន្តែ​មាន អារម្មណ៍​មួយ​កម្លា​ចិត្ត​ខ្លួន​ឯង​ថា ពួក​គេ​មិន​ហ៊ាន​ធ្វើអ្វីយើងទេ ព្រោះ ពួក គេ ជាអ្នកខុស។

ខ្ញុំ​ប្រមូល​កម្លាំង​ចិត្តទាំងប៉ុន្មានស្រែកហៅ ឆាយា។ ខ្ញុំឮឆាយាតបរវើយៗ។ ខ្ញុំក៏ ហៅ ឱ្យ មក កន្លែង កង់ ឆាយា​ឡើង​មក​លើទួល ហើយចុះយ៉ាងលំបាក ភ្នែករបស់​គេ​មីញ៉ូបមើលមិន​ច្បាស់ទេ គេ ស្រែក ពី លើ ទួល រកខ្ញុំខ្ញុំក៏​ដើរ​សំដៅ​រកគេ ហើយស្រែកឱ្យគេចុះមក ខ្ញុំជួយទប់ដៃ ឆាយាឲ្យ​ចុះតាម​សម្រួល​។ ឆាយា ត្រេក អរ ជា ខ្លាំង ដោយ​រក​ឃើញ​​កង់​មក​វិញយើង​​ក៏​បណ្តើរ​កង់ចេញ ខ្ញុំនិយាយទៅ​គេថា៖

«ឱ្យតែយើងបានរបស់មក វិញទៅបានហើយ មិនបាច់រករឿង នាំហេតុអីគេច្រើនទេ ឱ្យវាចប់ ត្រឹម ហ្នឹង​ទៅ…»

ឆាយាខ្វល់ក្នុងចិត្តក៏​ឧទានតិចៗថា៖

«ខ្លាចគេ សម្លុតយើងយកកង់ទៅវិញ ព្រោះយើងគ្នា តិច ផង»

ខ្ញុំ តប ទៅ គេ ដូចអ្វីដែលខ្ញុំបានគិតមុននេះបន្តិ ចថា

«មិនអីទេ! យើងបណ្តើរកង់ទៅ បើឃើញគេសុំទោសគេទៅ! សុំយកកង់វិញទៅបានហើយ គេ​មិន​ហ៊ាន​ធ្វើ​អ្វី​យើង​ទេ ព្រោះ​ម្តុំ​នេះ មាន​មនុស្សច្រើនដែរតើ! ណាមួយគេជាអ្នកខុស…» ខ្ញុំគិត ក្នុង ចិត្ត ហើយ និយាយ «បើគេវាយ យើង​​ត្រូវ​តែ ស្រែកខ្លាំងឱ្យគេជួយតែ​ខ្ញុំយល់ថា គេមិនធ្វើអីយើងនោះទេ ព្រោះ​ពួក​គេ​ជាអ្នកធ្វើខុស

ពួកកម្មករដែលយើងសួរមុននេះបន្តិច មិនដឹងជាបាត់ស្រមោលទៅណាអស់

ទីបំផុត យើង អូស កង់​ចេញ​ដោយ សុវត្ថិ​ភាព​។ កង់ របស់ ឆាយារបូត ច្រវាក់ ខ្ញុំដាក់ ឱ្យតែខ្ញុំយល់ថា ទៅ ឱ្យ ឆ្ងាយ ពី កន្លែង ពួក គេ សិន យើង បណ្តើរ កង់ ទៅ ឆ្ងាយ បន្តិច និងដើម្បី តេ​ទូរសព្ទទៅលក្ខិណាផង ព្រោះ​នាង​ទៅរក ប៉ូលីសយូវ​ហើយ​… តែ ចៃដន្យខ្ញុំអត់ ដាក់​លេខ​ទូរសព្ទ​មក​ជាមួយផង ហើយ នាមបណ្ណរបស់ លក្ខិណា ក៏ ភ្លេច នៅ ផ្ទះ ទៀត។ សំណាង​​ហើយ ដែល​ឆាយា​ដាក់​មកខ្ញុំក៏ តេទៅ លក្ខិណា​។ ឮសំឡេងទទួល ខ្ញុំក៏ បា្រប់ នាង ថា៖

«អាឡូ!… លក្ខិណា! នៅណាហ្នឹង? មក៍វិញមក៍! រកឃើញហើយ!…»

នាងអរខ្លាំងណាស់ មិន ទាន់ បិទទូរសព្ទ នាងក៏ងាក ទៅនិយាយ ជាមួយ នឹងប៉ូលីស៖

«អរគុណពូ ពួកវារកឃើញ វិញ ហើយ!​…»

ខ្ញុំឮ សំឡេងតបរបស់ពូ ប៉ូលីស និយាយរាងគ្រលរ៖

«វារកឃើញអ្ហែះ? មិនអីទេ! ទៅចុះអ៊ីចឹង

«ចាស់អរគុណលោកពូ!…»

ស្នូរ សំឡេង ស្បែក ជើង របស់នាង ឮរត់ តិតុបៗខ្ញុំក៏ ចុច បិទទូរសព្ទ ហើយ​គិត​លុយ​ឱ្យ​គេ។

មួយសន្ទុះ ក្រោយមក នាង ក៏ ត្រឡប់ មកដល់ខ្ញុំកំពុង ដាក់ ច្រវាក់កង់ឱ្យ ឆាយាខ្ញុំប្រឡាក់ ដោយ ប្រេង ម៉ាស៊ីន​ដាក់​កង់​ពេញ​ដៃ… ភ្លើង​ព្រាលៗ​ មើល​ច្រវ៉ាក់​ស្ទើរ​មើល​កើត ខ្ញុំប្រឹងដាក់ច្រវាក់កង់មែនទែន រហូត​ដល់​ដាក់​បាន​សម្រេច​។ លក្ខិណា យំ​ ព្រោះ​ក្រេតអរឆាយា​ចាប់​ផ្តើម​សើច ស្រស់ ឡើង​វិញខ្ញុំបង្ហាញដៃ ប្រឡាក់ ប្រេង ទៅ លក្ខិណា។ នាង​​ដាក់​​ដៃ មកឱ្យ ប្រឡាក់ ជាមួយដៃ​ខ្ញុំដែរ

យើង សើច​រួម​គ្នា ហើយក៏ ចេញ​ដំណើរ​ទៅ ផ្ទះ ព្រោះ មេឃ កាន់​តែ​យប់​ជ្រៅ​ទៅហើយ។

លក្ខិណានិយាយស្ងាត់ តែ ពីរនាក់ខ្ញុំ ដោយមិនឱ្យឆាយាស្តាប់នោះទេ។ ឆាយាប្រហែល ជាខឹង ហើយ មើលទៅ ដែល លក្ខិណា​មិន​ឱ្យស្តាប់ បានជាជិះកង់យ៉ាងលឿនទៅមុន ដែល ពីដើមមក គេមិន​ចូល​ចិត្ត ជិះលឿន ដូច្នេះ ទេខ្ញុំ​យល់​ថា កុំឱ្យ សង្ស័យ យល់​ច្រឡំ… ខ្ញុំក៏ ធាក់កង់ឱ្យទាន់ឆាយា ហើយ និយាយ ប្រាប់ គេថា៖

«ឥឡូវគ្មានអី លាក់បាំងគ្នាទៀតទេ សម្រាប់ពួកយើង! ខ្ញុំគិតថា យើងទាំងបី ជាមិត្តល្អនឹងគ្នា! ឆាយា! អម្បាញ់​មិញ! លក្ខិណា​ខ្សឹប ថា ស្អែកទៅ លេង ផ្ទះរបស់ ឆាយាឯង លក្ខិណាមិនចង់ឱ្យ ស្តាប់ ព្រោះ ចង់ ឱ្យ ឯងភ្ញាក់ផ្អើលហ្នឹង​ណា ! ឆាយា យល់ យ៉ាង ណា ដែរ

ឆាយារាងប្រែ ទឹកមុខបន្តិចមួយសន្ទុះ គេក៏ សង្រួម ចិត្តឡើងវិញ។ យើងក៏ រកកន្លែង ឈប់ និយាយ គ្នា ឱ្យ​ច្បាស់​លាស់​។ លក្ខិណាថា៖

«យប់នេះ! យើងជូនឆាយាទៅផ្ទះ កុំឱ្យម៉ាក់របស់គេ​ស្តីឱ្យ…»

តែខ្ញុំគិតថា នាំឱ្យរំខានដល់នាងច្រើន ព្រោះយប់ស្ងាត់ផង។ ខ្ញុំក៏និយាយ៖

«យើងគិតថា កុំឱ្យ លំបាកដល់ លក្ខិណា ច្រើន ណាមួយផ្លូវ ស្ងាត់ណាស់ ហើយស្រី តែម្នាក់ ឯង ទៀត កុំទៅ អី​ល្អ​ជាង! ប្រយ័ត្នសុវត្ថិភាពផង!…»

ឆាយាយល់ស្របនឹងគំនិតរបស់ខ្ញុំក៏ បន្ថែម

«ក្មេងស្រី អ៊ី ចឹង! ចោរដាក់តែ មួយដៃ កម៉ូតូបាត់

លក្ខិណាគិតសាជាថ្មី ហើយសើចប្រកប ដោយការរិះគិតពិចារណានាងក៏ប្តូរគំនិតថា៖

«អ៊ីចឹង! ចាំ ស្អែក! សាយន្តនាំខ្ញុំទៅផ្ទះឆាយាទាំងអស់គ្នា! ខ្ញុំ ហៅ អាភក្រ្តទៅដែរ

ឆាយាគ្រវីក្បាលតិចៗហើយស្រដី៖

«ចង់ឱ្យទៅណាស់តែ លំបាក!… មិនអាច!…»

លក្ខិណាគំនិតប្រតិកម្មផ្លាស់ប្តូរយ៉ាងរហ័សថា៖

«បើអ៊ីចឹង! ចាំថ្ងៃក្រោយ ព្រោះ កុំឱ្យវា ភ្លាមៗ ពេក»

ឆាយាបន្តសម្តី៖ « ចាំថ្ងៃ ទៅទស្សនកិច្ចរបស់​សមាគម​វិញ​ល្អជាង ដល់ទៅបីថ្ងៃ!…»

យើងសើចគឹលព្រមគ្នា។ លក្ខិណាហុចដៃមកថ្ពក់ដៃសន្យាយល់ព្រម។

យើងឱ្យ លក្ខិណាត្រឡប់ទៅ ផ្ទះវិញ ព្រោះខ្លាចម៉ាក់ប៉ារបស់នាងបារម្ភ ដោយពេល កាន់ តែយប់ជ្រៅ និង មាន ភ្លៀង​​មិន​ទាន់​រាំង​ស្រួលបួលផង។ ខ្ញុំពោល ជាចុងក្រោយនៃការបែកគ្នា៖

«ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ប្រហែល ជាសៀវភៅ កំណត់ហេតុត្រូវ សុសហើយមើល៍ទៅ

លក្ខិណា សើច បញ្ចេញស្នាមញញឹមយ៉ាងពព្រាយហើយនាងក៏បត់ម៉ូតូតាមផ្លូវ សាលា ប៊ែល ធី ទីបី​ ទៅ​ផ្ទះ​​យ៉ាង​ប្រញាប់។

នៅសល់តែ ឆាយា និងខ្ញុំ បន្ត ទៅមុខ ទៀត ដោយខ្ញុំស្មគ្រចិត្ត ជូនដំណើរ ឆាយាឱ្យដល់ផ្ទះ។ តាម ផ្លូវ យើង គិត ពី​ចិត្ត​សាស្រ្ត ចោរលួចកង់ និង និយាយពី លក្ខិណា។

«មុនដំបូង នាងថាជូនទៅ ក្រោយមកថាចាំស្អែក សឹមទៅលេង ទីបំផុត ថា ចាំថ្ងៃក្រោយ មាន ន័យ ថា អត់​តែ​ម្តង !​» ពេលនោះ ខ្ញុំ​គិត​បន្តិចក៏បន្ត «តែយើងមិនត្រូវ​ប្រកាន់ទោស អូសដំណើរ នាងបានទេ ព្រោះ ស្ថិត ក្នុង​កាលៈ​ទេសៈ បែបនេះនាង​ជា​ស្រី ខ្លាចប៉ះពាល់ ដល់​កិត្តិយស របស់នាង និង គ្រួសារ! អ្នកផ្សេង គេមើល មក​មិនសម។ ណា​មួយ ពេលនេះ យប់​ជ្រៅ​ណាស់​ទៅហើយ យើងមិនអាច បង្ខំ​ឱ្យ​នាងទៅ តាម ចិត្ត នោះទេទោះបី ជា ​យើង​ស្រឡាញ់ យោគ​យល់​ចំពោះ​ចិត្ត នៃ​មិត្ត​ភាព​យ៉ាងណាក៏ដោយ ក៏ យើង មិន អាចធ្វើ វា ឱ្យជ្រួល ហួស នោះដែរ…»

ឆាយាស្តាប់សម្តីខ្ញុំ ហើយយល់ស្រប តែបែរជានិយាយរឿងផ្សេង ដែលចេញ ពីក្នុងចិត្តមក វិញ ថា៖ «ប្រហែល មក​​ពី ពាក្យ​របស់​ខ្ញុំថា ចង់ឱ្យទៅដែរ​តែលំបាក តែមិនអាច…! ចិត្តសាស្រ្ត ជ្រៅ ខ្លាំង ណាស់ ! និយាយ ប្រឆាំង តែ​ឱ្យ​នាង​ស្រប ហើយ​ដោយ​ពេញចិត្ត ថែមទៀតស្ងាត់ បន្តិច ឆាយា មើល ក្រចកដៃ ហើយ បន្ត និយាយ​ថា៖ «មើលទៅ! ផ្កា​ក្រចក​​ដៃ​នាង​នេះ! ប្រហែល ជាត្រូវ ស្រឡាញ់ លក្ខិណា មែន ហើយ !​…»

ឮសម្តីនេះភ្លាម ខ្ញុំភ្ញាក់ក្នុងចិត្ត ទើបតែពេលនេះ ខ្ញុំ ដឹងថាឆាយាលួចស្រឡាញ់លក្ខិណាខ្ញុំ​សប្បាយ​ចិត្ត​ជាខ្លាំង បើ សិនជាពួក គេ​ទាំង​ពីរ​ជួប​គ្នា​ពិត​ប្រាកដមែនខ្ញុំរំភើបក្នុង ចិត្ត​ជា​ខ្លាំង ពេល ដែល បាន ឮសម្តី ឆាយា និយាយ ដោយ ស្មោះ អស់ពីចិត្ត ឥត លាក់ លៀម​បែបនេះ

យើងបន្តនិយាយគ្នារហូតដល់ ផ្ទះរបស់ឆាយា ម៉ោងជិតប្រាំបួនយប់ទៅហើយ។ ខ្ញុំក៏សុំ ឆាយា ត្រឡប់​មក​ផ្ទះវិញ ចាំ​ជួប​គ្នា​ថ្ងៃ​ស្អែក នៅ ពេលរៀនគួរ និងរកទិញសោចាក់កង់ទាំងអស់គ្នា។

ខ្ញុំក៏ ធាក់កង់ យ៉ាងលឿន ព្រោះ ផ្លូវឆ្ងាយផង។ តាមដង ផ្លូវ ខ្ញុំជិះកង់ផង គិត ផងខ្ញុំគិត ច្រើន ណាស់ ពី​មិត្ត​ភាពពី​ការណ៍ ដែល ចោរលួចកង់

ខ្ញុំនិយាយតិចៗម្នាក់ឯងថា ចាប់ពីថ្ងៃនេះតទៅ មិត្តភាព របស់ពួក​យើង​ទាំង​បី កាន់តែល្អ ប្រសើរ ស្និទ្ធ ស្នាល! ល្អ​ណាស់! យើងនឹង ចេះ យល់ ចិត្តគ្នា ទៅ វិញ ទៅ​មក​កាន់​តែច្រើនសង្ឃឹម​ថានឹង​មាន​មិត្ត​ភាព​មួយ​ដ៏​ស្មោះ​ស្មគ្រ! ចេះ​ចែក​រំលែក…. ការណ៍​បាត់ កង់ លើក​នេះ​បានឆ្លុះបញ្ចាំង ពី​អត្ត​ចរិត​របស់ពួកយើងរៀង ៗខ្លួនឱ្យកាន់​តែ​ឃើញ​ច្បាស់

ថ្ងៃនេះ ខ្ញុំទទួល បាន បទពិសោធជីវិតថ្មីជាច្រើនណាស់ចំពោះមិត្តភាពខ្ញុំកំពុងតែឈានជើង ចូល​ក្នុង របត់​​ជីវិត​មួយ​ថ្មី​ទៀតខ្ញុំគិត ថា ថ្ងៃក្រោយ ចាប់ទី ថ្ងៃនេះ ទៅ មិត្តភាព របស់ ពួកយើង កាន់តែ ល្អ ប្រសើរឡើង

មកដល់ផ្ទះ ខ្ញុំកុហកអ្នកផ្ទះថា ខ្ញុំដួលកង់ កង់ខូចបានជាយូរ ក្រមក​ផ្ទះ​… ទោះបី ជាខ្ញុំប្រាប់ត្រង់ទៅ ក៏ ពុំ មាន បាន​​ផល​ប្រយោជន៍ អ្វី​នោះ​ដែរគ្មាននរណាអាចដោះស្រាយបានដែរ មានតែ ហាមប្រាមបិទ សេរីភាព របស់ ខ្ញុំថែម​ទៀត​មើល​ទៅ

ពេញ​មួយថ្ងៃនេះ ពិត​ជា​ពិសេស​មែន ខ្ញុំចងចាំថ្ងៃ ១៧ តុលានេះ ជារៀងរហូត ជាថ្ងៃដែលមាន គ្រប់រសជាតិ «កម្សត់ យំ ទុក្ខ​ព្រួយ ត្រេក​អរ រំភើប ភ័យខ្លាច ព្រួយបារម្ភ សប្បា​យរីករាយ យល់ចិត្ត…»

កំណត់របស់ខ្ញុំថ្ងៃនេះហាក់ដូចជាច្រើនជាងសព្វដង!… ដល់ពេលចូលដេកហើយ ងងុយ ណាស់

******

ស្រីភក្រ្តមើលមុខឆាយាដោយសោកស្តាយ…     លក្ខិណាយកកូនកន្សែង ដែល​ឆាយា​ឲ្យ មក​ជូត​ទឹក​ភ្នែក​ហើយ​​​បន្ត​ផ្ទាត់​សន្លឹក​សៀវភៅ អានទំព័របន្ទាប់ទាំងទឹកភ្នែក…

ស្រាប់តែ​ជ្រុះ​ក្រដាស​ព្រាង​មួយ​សន្លឹក​ ដែល​មាន​សរសេរកំណាព្យបីបួនវគ្គ រូបតុក្កតា​ស្រីមួយ​ប្រុស​មួយ​ដែល​សរសេរ​ពីក្រោមថា «ឆាយា និងយាយ​ប៉ិ​លក្ខិណា…» ធ្វើ​ឲ្យ​លក្ខិណា​នឹក​ដល់​ពេល​យុវ​ភាព​គ្រានោះ ក៏​ញញឹម​ទាំង​ទឹក​ភ្នែក​…

នាង​ត្រឡប់​មក​ម្ខាង​ទៀត ឃើញ​សរសេរ​ដៃ​ខ្មៅ​​មួយបន្ទាត់ ប៊ិក​មួយ​បន្ទាត់​យ៉ាងខ្លីៗថា៖

«យ័ន! យល់ដូចញ៉ុមអត់? ថ្ងៃហ្នឹង​ស្ងាត់ដល់ហើយ! L »

«គ្នាក៏អត់សប្បាយចិត្តដែរ សម្លាញ់! ដូចជាខ្វះអីម្យ៉ាងក្នុងជីវិត!»

«ខ្វះអី?… ចង់ប្រាប់ថាថ្ងៃហ្នឹង! ថ្នាក់ស្ងាត់…»

«ថ្នាក់មិនស្ងាត់ទេ! ស្ងាត់​សម្រាប់ចិត្តមនុស្ស ​ដែលមានកង្វល់ក្នុងចិត្ត!»

លក្ខិណានឹកឃើញដល់ពេលដែលឆ្លើយឆ្លងគ្នា។ នាង​សរសេរ​ដល់ត្រង់នេះ នាងបាន​យក​ទៅឱ្យ​ឆាយា​សរសេរ​វិញ​ម្តង។

«កើតអីឆាយា!? ស្ងាត់ម្ល៉េះ? ម៉េចអត់ប្រលែងគ្នាជាមួយនឹងញ៉ុម​ចឹង? គេអផ្សុក! L »

ពេលនោះឆាយានៅតែ​មិនតបទៀត លក្ខិណាយកមកឱ្យសាយណ្ហសរសេរទៀតថា៖

«យើងសង្ឃឹមថាមាន​មិត្តភាពដ៏​ស្មោះស្ម័គ្រ! យល់ចិត្តគ្នា! ចេះចែករំលែក!…»

«យ័ន! មាន​យក​រឿង ដែលសរសេរចប់មកជាមួយអត់?»

«មានក្នុង​វិស្សកប្រវត្តិ! នឹងព្យយាម​សរសេរឱ្យចប់​ប្រហែលជាចប់​មុន ឬក្រោយ​បញ្ចប់វគ្គតែង​និពន្ធ​​នេះ! ចុះ​យាយ​​ប៉ិ​លក្ខិណា​ឯង​វិញ? 😀 »

«សរសេរ… តែ​អត់ដឹង​ដាក់ឈ្មោះឱ្យ​ថាម៉េច ហើយរឿង​ក៏​អត់ទាន់ចប់​ ព្រោះ​ឈុត​ត្រង់នោះ​សរសេរ​អត់​ចេញ… វា​នៅ​​តែ​ក្នុង​អារម្មណ៍… ឱ្យ​តែ​នឹក​ឃើញក៏យំ ឱ្យ​សរសេរ​បែបណា?»

«K… បញ្ហាដែល​ស្រាយ​មិនកើត! កប់​វាទុក​ក្នុង​បាតនៃ​ក្រអៅ​បេះ​ដូង​ទៅចុះ… ចាត់ទុក​ថាជា​ការ​ចៃ​ដន្យ ជា​សុបិន​អាក្រក់… ឬ​ជាបទពិសោធ​មួយទៅចុះ… 😀 K»

… «ពេលឈប់រៀន ខ្ញុំប្រាកដ​ជានឹក​យើងរាល់គ្នាហើយ…»

អស់សំណេរ​ឆ្លើយឆ្លង​ លក្ខិណាដកដង្ហើមធំ ផ្ទាត់​សន្លឹក​សៀវភៅកំណត់ហេតុអានប​ន្ត។

អាទិត្យ ១៨ តុលា ២០០៩

ព្រឹត្តិការណ៍ពេលបាត់កង់ម្សិលមិញហាក់ដូចជានៅ ថ្មីៗចំពោះរូបខ្ញុំខ្ញុំគិតច្រើន ពី រឿងនោះ

ពេលនេះ មេឃកំពុង បង្អុរភ្លៀងយ៉ាង ខ្លាំង ខ្ញុំដេក សម្លឹង មើល ដំណក់ ទឹក ភ្លៀង ស្រក់ មក លើ ស្លឹក ស្វាយមិន​ដឹង​ថា មិត្តភក្តិ របស់ ខ្ញុំ កំពុង មើល ទឹក ភ្លៀង នេះ ដែរ ឬអត់ នោះទេ? ខ្ញុំចេះ តែ នឹក អាណិត ដល់ លក្ខិណា ដែល យំ​ក្នុង ថ្ងៃនោះខ្ញុំ​គិត ដល់ អនុស្សាវរីយ៍​មនោ​សញ្ចេតនា​នៃ មិត្ត ភា របស់ ពួក យើងខ្ញុំ ដូច ជាមិនយល់ ពី ខ្លួន​ឯង​សោះអារម្មណ៍ របស់ ខ្ញុំ​ចេះ​តែ គិត រវើរវាយទៅ ពួកគេ​ទាំង​ពីរ​នាក់ខ្លាំង​ម្លេះ​….

ទេខ្ញុំមិនអាច បណ្តោយឱ្យ ខ្លួន ខ្ញុំ ធ្លាក់ចូលទៅក្នុង អន្លង់ នៃមនោសញ្ចេតនា មិត្តភាព ខ្លាំងពេក នោះ ទេខ្ញុំ​សង្កេត​ឃើយ​ខ្លួន​ឯង​​ថា ខ្ញុំចាប់ផ្តើមក្លាយជាមនុស្ស ទន់ជ្រាយ

ខ្ញុំត្រូវ មានការ តាំងចិត្ត ជាថ្មីមួយថា ប្រសិនជាខ្ញុំ ប្រលង ជាប់ សិស្ស ពូកែ ច្បាស់ជា ល្អ ប្រសើរ មែន ទែន ដូច្នេះ គួរ តែ ឈប់ គិត គំនិត រវើរវាយផ្តេសផ្តាស គ្មានមូលដ្ឋានតទៅទៀតទៅកុំមាន ការ ស្លុង ក្នុង មនោសញ្ចេតនា មិត្ត ភាពនោះ ខ្លាំង ពេក ខាត ពេល រៀន​សូធ្យ អស់ហើយឥឡូវ ព្យាយាម ឈប់ គិត ទៅបានហើយយូរៗទៅ វា សាប រលាប ថាមពល​ថម​ថយ​អនុភាព ដោយ ខ្លួនឯងហើយ

ចាប់តាំងពីពេលនេះខ្ញុំត្រូវតែ តាំងចិត្ត តំកល់ចិត្ត ឱ្យ រឹង មាំក្នុងការសិក្សាគួរ ណាស់ តែ រៀន ឱ្យពូកែយក សិស្ស​ពូកែឱ្យបាន

ថ្ងៃចន្ទ ទី១៩ ខែតុលា ២០០៩ (១៩.១០.០៩)

ខ្ញុំមាន អារម្មណ៍ ស្មុគស្មាញ ទៀតហើយ រញ៉េរញ៉ៃមិនទាន់រៀបចំចិត្តឱ្យ ជ្រះ ស្រឡះ ពិបាក ក្នុង ការ សិក្សា រៀន​ដូច​ជា​មិនចូលសោះខ្វល់ខ្វាយច្រើនសូម្បីតែ សរសេរក៏គ្មានអារម្មណ៍ នឹង សរសេរ ផង

ថ្ងៃអង្គារ៍ ទី២០ ខែតុលា ឆ្នាំ២០០៩

ល្ងាចមិញ ខ្ញុំរៀនមិនចូលសោះអារម្មណ៍ ចេះតែ ផុស អណ្តែត អណ្តូងទៅ រក មិត្តភាព ទៀត ហើយ! ចេះតែ គិត ដល់ លក្ខិណា ឆាយា ស្រីភក្រ្តគិតដល់ ព្រឹត្តិការណ៍ថ្ងៃ១៧ តុលា

មិនដឹង ថា យ៉ាង ម៉េច នោះ បាន ជាចិត្តខ្ញុំ ចេះ តែ រវើរវាយ សណ្តាប់ ធ្នាប់ យ៉ាង នេះសោះ!….

ពេលបាយមុននេះខ្ញុំស្រណោះដល់ ទឹកចិត្ត ឪពុកខ្ញុំខ្លាំងណាស់! ខ្ញុំអាណិត គាត់ជាខ្លាំងដើម្បី បំពេញ សំណូម​ពររបស់ កូន ឪពុកខ្ញុំ បានខិតខំស្ពាយ មួក ធ្វើពី វល្លិ៍ យាវ បួន និង អាវអំបោះ បី មក ទៀត តាម​បំណង​របស់​កូន

ខ្ញុំស្ទើរតែ លេប បាយមិនចូល ដោយ នឹង អាណិត គាត់មិនគួរណា ខ្ញុំនាំឱ្យ គាត់ លំបាក ដោយ​សារ​តែ ខ្ញុំ​សោះ។ នៅពេលនេះ ខ្ញុំទើប តែ មានចិត្ត អាណិត ស្រឡាញ់គាត់កាន់ តែ ខ្លាំង ឡើងដើម្បី តែ កូន ឪពុក ធ្វើ​គ្រប់យ៉ាង

ខ្ញុំ​គ្រវី ក្បាល លេប បាយ ទាំងទឹក ទាំងភ្នែកស្តាយ ណាស់ ដែល ខ្ញុំមក ពី រៀន ទាន់​បាន​ជួប​មុខ​គាត់! គាត់​បាន​ចាក​ចេញទៅ កំពង់ចាម បាត់ទៅ ហើយ

កូន សូម អរគុណ ជាខ្លាំងណាស់ ចំពោះ ទឹកចិត្ត របស់​លោក​ពុក។

ពុក! ចំពោះអាវបីនោះ កូននឹង ជូន លោកគ្រូជាទី គោរពស្រឡាញ់ របស់ កូន ពីរ សល់មួយកូន ទុក ពាក់ ខ្លួន​ឯង។

ឯមួកបួន ទៀត សម្រាប់ជូនមិត្តភក្តិ ជាទី ស្រឡាញ់ ឆាយា លក្ខិណា និង ស្រីភក្រ្តពាក់ ម្នាក់មួយ។

ខ្ញុំ មិន ដឹង​ថា ធ្វើនេះ ត្រឹមត្រូវ ឬអត់នោះទេ ចំពោះ ការ យក ចិត្ត ទុក ដាក់របស់ ឪពុកខ្ញុំតែ ខ្ញុំ យល់ ថា បើ ពុក ខ្ញុំដឹង គាត់នឹង សប្បាយ​ចិត្ត នៅពេល ដែល ដឹង ថា ខ្ញុំចេះរាប់អាន ចង មិត្ត ភាពជា ភាតរភាព ដ៏ ស្មោះ ស្មគ្រ ដូច្នេះ

ថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ២០០៩

ជិតមួយសប្តាហ៍ហើយនៃព្រឹត្តិការបាត់កង់របស់ពួកបានកន្លងទៅ

ល្ងាចមិញ យើងណាត់គ្នាពេលល្ងាចដូចរាល់ដង នៅកន្លែងដដែល ដើម្បីជួបជជែកគ្នា រំលឹក អនុ ស្សា វរីយ៍ ដែល រំលង ផុត ទៅ។

មុនពេលទៅជួបពួកគេ ខ្ញុំឃើញមីងម្នាក់ទូលនំកងលក់ ខ្ញុំនឹកចង់ទិញសម្រាប់លក្ខិណា ព្រោះ ខ្ញុំ ដឹង​ថា​នាង​ចូល​ចិត្ត​។ ខ្ញុំក៏ ឈប់កង់ដើរទៅទិញ ស្រាប់តែមាន ក្មេងជំទង់ ម្នាក់ទៀត ទូល នំ គមមក ខ្ញុំ ចង់ ទិញទាំងពីរមុខ ព្រោះ​លក្ខិណា​​ចូល​ចិត្តនំទាំងពីរមុននេះណាស់។ នាងបាន ផ្តាំ បើ ឃើញ ជួយ ទិញ ផ្ញើ នាងផង។ ខ្ញុំស្តាយ ដោយ​អស់​លុយ​ពី​ហោ​ប៉ៅ​រលីង សល់​តែប៉ុន្មានរយរៀល សម្រាប់ ទិញ នំ កង ពីរ តែ ប៉ុណ្ណោះ។ ខ្ញុំគិតក្នុងចិត្តថា យើងនឹងញ៉ាំ នំកង​ទាំង​ពីរ​នេះ ជុំគ្នាទាំងបួន នាក់ ​នៅល្ងាចថ្ងៃសៅរ៍នេះ។ ទោះបី ជា នំកងតិច ក៏ពិតមែន តែ វាចេញ ពី ទឹកចិត្ត ដ៏ ស្មោះស្មគ្រ ចំពោះមិត្ត ភាព

នៅក្រោម តំណក់ទឹកភ្លៀង ខ្ញុំឈប់កង់ឈរមើល ដោយឃើញ ស្រ្តី ចំណាស់ ម្នាក់ រើស អេត ចាយ រុញ​រទេះ​ជៀស​ក្រលុក​ ដោយ ដាក់ កូន ពីមុខ ក្នុងរទេះ គ្រប តង់កៅស៊ូ កញ្ចាស់ក្មេងតូចនោះ អើត ក្បាល ចេញមក ក្រៅ ហាក់ដូចជា​មិន​ចង់​ឱ្យម្តាយវាទទឹក ទឹក ភ្លៀងតែម្នាក់ឯង។ ទិដ្ឋភាព នេះ បាននាំចិត្ត របស់ខ្ញុំ ឱ្យធ្លាក់ទៅក្នុង អារម្មណ៍ មួយ យ៉ាង​ចម្លែក​ក្នុង ទុគ៌តភាពនៃ​ជីវិត។ ខ្ញុំ ឈរ សញ្ជឹងគិត យ៉ាង វែងឆ្ងាយមួយ សន្ទុះ រហូត ដល់​ស្រ្តី​នោះ​រុញ​រទេះមកក្បែរខ្លួនខ្ញុំ លើក​ដៃ​សំពះ ហើយ ហា​មាត់ ស្រដីសុំសេចក្តីមេត្តា៖

«ពូ! សុំលុយទិញបាយឱ្យកូនហូបផង

ឮសម្តីនេះភ្លាម ខ្ញុំកើតចិត្តសង្វេគអាណិតគាត់ជាខ្លាំងខ្ញុំស្ទាបហោប៉ាវ​ខោ ខោតែគ្មាន សល់ ប្រាក់ នៅ បាត ហោ ប៉ៅ​មួយសេនឡើយ។ ខ្ញុំនឹកឃើញនំកងពីរនោះ ខ្ញុំក៏ រូតកាតាបដកជូនគាត់ទៅគាត់ សំពះ អរគុណ សា​ជាថ្មី ហើយ​ពោល​ពាក្យជូនពរប៉ុន្មានឃ្លា តែខ្ញុំមិនបានស្តាប់ឮនោះទេ ដោយ​គាត់ ពោល តិចៗ ហើយ​ខ្ញុំ​ជូន​នំ​ទៅ​គាត់​​ ក៏មិន​ដើម្បី​តែ​ការ​ជូន​ពរ​នោះ​ទេ គឺខ្ញុំគិតបួងសួងកុំ ឱ្យគាត់មានវាសនាដូច្នេះទៀត សូម ឱ្យបាន​ល្អ​ប្រសើរ​ជាង​នេះខ្ញុំ​ក៏​សំពះ​តប​ទៅ​គាត់​វិញ ហើយ​ក៏ ជិះកង់ ទៅ ជួប មិត្ត ភក្តិតាម ការ ណាត់ ដោយដៃទទេ

ឆាយាដកដង្ហើមធំពេល ដែលស្រីភក្រ្តអានចប់។ លក្ខិណាយំរហូតឥតឈប់… ស្រីភក្រ្តក៏​រលីង​រលោង​ទឹក​ភ្នែក​អាណិតដល់សាយណ្ហ មិត្តដ៏ល្អរបស់ពួកគេ។ ពួកគេសល់តែ​សេចក្តីសោកស្តាយ​ ចំពោះ​ការបាត់​បង់​ជីវិតរបស់​សាយណ្ហ​​…

រាល់ថ្ងៃសៅរ៍ ពិសេសថ្ងៃ​សៅរ៍ ខែតុលារៀងរាល់ មិត្តទាំងបី​តែងតែមក​ចាំ​សាយណ្ហ​នៅ​ក្រោមដើមពោធិ៍ជានិច្ច ទោះ​បី​ដឹង​ថាសាយណ្ហមិនមកក៏ដោយ ក៏ពួ​ក​នៅ​ចាំ​ជានិច្ច…៕

ផ្តើមសរសេរនៅរាត្រី​ថ្ងៃសុក្រ ទី​១៧

ចប់​ថ្ងៃព្រហស្បតិ៍ ទី២២ ខែ​តុលា ឆ្នាំ២០០៩

និពន្ធដោយ៖ ហេង-ឧត្ដម

តើអ្នកមានបេះដូងឆាប់រំភើបទេ?

ស្វាគម​ន៍

ពីធី​បើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាតែង​និពន្ធ​ជំនាន់​ទី​២៦

នៅ​សមាគម​អ្នក​និពន្ធខ្មែរ (ស.អ.ខ.)

នេះ​ជា​អក្សរ​ឆ្លាក់​ធំ​នៅ​លើ​ក្តារ​ខៀន​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ កាល​ពី​ល្ងាចមិញ​​នេះ។ តាំង​​ពី​ដើម​​រៀង​មក ដោយ​ជា​ស្ថាប័ន​បណ្តុះ​បណ្តាល​អ្នក​និពន្ធ​ខ្មែរ​មួយ​យ៉ាង​ល្បី​ប្រកប​ដោយ​ប្រសិទ្ធភាព ​ សមា​គម​​អ្នក​និពន្ធ​ខ្មែរ​បាន​រៀប​ចំ​វគ្គ​​បណ្តុះបណ្តាល​អ្នក​និពន្ធ​ខ្មែរ​បាន​ចំនួន​២៦​ជំនាន់​កន្លង​មក​ហើយ ព្រម​ទាំង​មាន​សិក្ខាកាម​ជាង​១២០០​នាក់​ផង​ដែរ ​ដែល​បានបញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគ​ជ័យ។ នេះ​បើ​យោង​ទៅ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត​ ខៀវ-កុសល ប្រធាន​រដ្ឋាបាលនៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​​ជា​ប្រធាន​ដឹក​នាំ​វគ្គ​២៦នេះផង​។

«បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​មាន​បេះ​ដូង​ឆាប់​រំភើប​ទេ? តើអ្នក​មាន​មនោ​សញ្ញេត​នា​​ជ្រាល​ជ្រៅ​ឬ​ទេ​? តើអ្នក​ជា​មនុស្ស​ស្រឡាញ់​ផ្កា​ទេ? តើអ្នក​ស្រឡាញ់​មេអំបៅឬ​ទេ? អ្នក​ស្រឡាញ់ពណ៌​​ឥន្ទធនូ​ទេ? តើ​អ្នក​មាន​ចិត្ត​សង្កេគ​ឬទេ ពេល​ឃើញ​ស្រ្តី​ទុគ៌ត​ដែល​ខំ​ទូល​នំ​លក់​ ពេញ​មួយ​ថ្ងៃ​ដោយ​ចំណេញ​​បាន​ប្រាក់​ពីរ​បី​​ពាន់​រៀល?….» នេះ​ជា​សម្តីស្រទន់​ប្រកប​ដោយ​អត្ថន័យ​​របស់​លោក​អនុប្រធាន​វ៉ា-សំអាត ថ្លែង​ក្នុង​ឱកាស​បើក​វគ្គ​ទី​​២៦នេះ ជំនួស​លោក​ឯកឧត្តមប្រធាន​ស៊ឹម-វណ្ណា​។

លោកអនុ​ប្រធាន​សមគម​ទទួល​បន្ទុកឧទ្ទេសនា​ម​មុខ​វិជ្ជា​​ប្រលោម​លោក​បានបន្តបន្ថែម​ថា «ប្រលោម​លោក​ជា​សៀវ​ភៅ​សិក្សា​ពី​ជីវិត។ អ្នក​និពន្ធ​ត្រូវ​ស្តាល់​ជីវិត​ឲ្យ​បាន​ច្បាស់ ដើម្បី​សរសេរ​ពី​ជីវិត​ឲ្យជីវិត​អាន។ ទុន​ដំបូង​បំផុត​របស់​អ្នក​និពន្ធ​ គឺ​ទុន​ជីវិតនេះ​តែម្តង»។

លោក​សាស្រ្តាចារ្យ​វ៉ែន-សុន បាន​មាន​មតិ​សំណេះ​សំណាល​ផង​ដែរ​ថា «បើចង់​​​ក្លាយ​ជា​អ្នក​និពន្ធ​ ត្រូវ​តាំង​ខ្លួ​នជា​មនុស្ស​ល្ងង់​ជាមុន​សិន!» ។​ កវី​ទទួល​បន្ទុក​ឧទ្ទេសមានផ្នែក​កំណាព្យរូប​​នេះ​ បាន​គូស​បញ្ជាក់​បន្ថែមថា «កាល​ណាតាំង​ខ្លួន​ជា​មនុស្ស​ល្ងង់​ គឺ​ខំ​សិក្សា​ស្រាវជ្រាវបន្ថែម​ទៀតជាបន្តបន្ទាប់​ឥត​ឈប់​ឈរ​។ អ្នកនិពន្ធ​ត្រូវតែ​ឧស្សាហ៍​អានសៀវភៅឲ្យបាន​ច្រើន ស្រឡាញ់​សៀវភៅ និង​ចេះ​សន្សំ​ឯកសារ​ផង​ដែរ»។

សូមបញ្ជាក់​ផង​ថា សម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ មានសិក្ខាកា​ម​ចំនួន​៣១នាក់ សិក្សា​រៀង​រាល់​ថ្ងៃ​ចន្ទដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង​១៧ទៅ​ម៉ោង១៩ លើក​មុន​វិជ្ជា​ចំនួន​បួន​គឺ ប្រលោម​លោក បង្រៀន​ដោយ​លោក​វ៉ា-សំអាត ផ្នែក​កំណាព្យដោយលោកវ៉ែន-សុន ផ្នែកទស្សនវិជ្ជាបែប​វិចារណ៍វិជ្ជា ដោយ​លោក​បណ្ឌិត​ខៀវ-កុសល និង​សេ​ណា​រី​យ៉ូ​ភាព​យន្ត ដោយ​លោកអនុបណ្ឌិត អន-សុភៈ ព្រម​ទាំង​មាន​អ្នកនិពន្ធ វាគ្មិន​ល្បីៗ​ជា​ច្រើន​ទៀត​នឹងមក​ចូល​រូម​ផង​ដែរ។

គួរ​គូស​បញ្ចាក់​ផង​ដែរ​ថា សមា​គម​អ្នក​និពន្ធ​ខ្មែរនេះ បាន​បង្កើត​ដំបូង​នៅ​ឆ្នាំ​១៩៥៤ ដែល​បាន​មាន​គំនិត​​ផ្តួច​ផ្តើម​ដោយ​លោក​​រីម​-គីន និង​អ្នក​និពន្ធ​ កវី​បណ្ឌិត​ខ្មែរ​ជា​ច្រើន​រូប​ទៀត​ ហើយ​ត្រូវ​ស្ថាប​នា​ជា​ថ្មី​ដោយ​លោក​យូ-បូ​ ​ក្នុង​​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​មាតុ​ភូមិ​កម្ពុជា​រក​ឃើញ​ពន្លឺ​សន្តិភា​ព​ឡើង​វិញ។

ដោយ៖ ហ-ឧត្តម