កំណាព្យ​

Tous les articles de la catégorie កំណាព្យ​

Dieu universel ព្រះអន្តរជាតិ

Publié février 21, 2015 par HENG Oudom

Dieu universel

Autrefois, des gens peu instruits étaient très croyants

Selon eux, celui qui avait le pouvoir

Pouvait les défendre contre le mal.

Il les aidait à trouver le bien

Afin que leurs trésors et leur rang social

S’améliorent de jour en jour.

Leur destin dépendait de la main de Dieu.

Certains gens croyaient en Indra, d’autres en Brahma

Certains croyaient en Shiva, Buddha, Jésus, Allah

Vişņuloka ou d’autres encore.

Mais toutes ces croyances se combattaient.

Désormais, les gens, instruits, malins et capables d’analyser

Ne croient plus en aucun d’eux

Et les gens se tournent vers le Dieu Argent.

Le Dieu Argent est très puissant

Tous les gens y croient, avec fierté

Tout est possible grâce à l’argent

Même s’ils se disputent et se combattent

Ils croient au Dieu Argent.

Traduit du khmer par Oudom HENG, et édité par G.B.

euro

ព្រះអន្តរជាតិ

ដោយ គយ សារុន

កាលមុនមនុស្សល្ងង់លង់ជំនឿ

ចិត្តស៊ប់ជាប់ជឿទៅលើព្រះ

ថាមានបារមីឫទ្ធិតេជះ

ជួយគេឱយសះស្បើយទុក្ខភ័យ។

ថាជួយឱយបានសុខចម្រើន

សម្បូណ៌ទ្រព្យច្រើនមានជោគជ័យ

ឈ្នះមារសត្រូវផុតទោសពៃរ

ចៀសរួចចង្រៃរួចមរណា។

ខ្លះជឿព្រះឥន្ទឬព្រះព្រហ្ម

អាទិទេពធំព្រះអាល្លាហ៍

ព្រះពុទ្ធព្រះគ្រូព្រះសិវា

វិស្ណុទេវតា…ច្រើនហូរហែ។

ឥឡូវមនុស្សចេះពិចារណា

លែងជឿព្រះណាថាពូកែ

ព្រះច្រើនអង្គពេកឈ្លោះគ្នាអែ

គេបែរគោរព…‘‘ព្រះប្រាក់’’។

ព្រះនេះគេគោរពរួមគ្នា

លើកដៃវន្ទាញញឹមដាក់

គេដណ្តើមគ្នាចួនកាប់ចាក់

ព្រោះគេជឿជាក់ថាសក្តិសិទ្ធិ៕

២៥ កក្កដា ៦៩

-កម្រងកំណាព្យ​ កើតជាមនុស្សនេះ បោះពុម្ភ​ផ្សាយ​ឆ្នាំ១៩៧២

6-1647486-Filling-the-frame-with-US-dollar-bundles.-Wealth-and-money

ព្រះអន្តរជាតិ

(បទពាក្យ៧)

កាលដើមមនុស្សល្ងង់ លង់ជំនឿ

ចិត្តស៊ុបជាប់ជឿ ទៅលើព្រះ

ថាមានបារមី ឫទ្ធិតេជៈ

ការពារឲ្យឈ្នះ ចៀសចង្រៃ។

អាចជួយឲ្យបាន សុខចម្រើន

សម្បូរទ្រព្យច្រើន កើនរាល់ថ្ងៃ

មានសក្តិ មានយស ឈ្មោះថ្លាថ្លៃ

ផ្ញើព្រេងនិស្ស័យ ស្រេចព្រះចារ។

ខ្លះជឿព្រះឥន្រ្ទ ជឿព្រះព្រហ្ម

អាទិទេពធំ ព្រះសិវា

ព្រះពុទ្ធ ព្រះគ្រឹស្ត ព្រះអាឡា

ព្រះពិស្ណុការ ច្រើនហូរហែ។

ឥឡូវមនុស្សឆ្លាត ចេះពិចារណ៍

លែងជឿព្រះណា ថាពូកែ

ព្រះច្រើនអង្គពេក ឈ្លោះគ្នាអែរ

ចិត្តក្រឡាស់បែរ ជឿព្រះប្រាក់។

ព្រះប្រាក់មានឫទ្ធិ មានអំណាច

គេជឿ កោត ខ្លាច ជាអនគ្ឃ

គ្រប់យ៉ាងធ្វើបាន ក៏ព្រោះប្រាក់

គេជេរទាត់ធាក់ ក៏ស្ម័គ្រជឿ៕
ទទួល​ឥទ្ធិពល​ដោយ ព្រឿង ប្រណីត ២០១៥

download

Publicités

ឈើ

Publié janvier 31, 2012 par HENG Oudom

ឈើពុកត្រូវគេដុត

ឈើស្រកស្រុតឈើរបង

ឈើរស់គ្រោះកន្លង

ឈើសៅហ្មងសសរទ្រូង។

ឈើនេះសឹងតែអស់

ឈើកៀនកោះក្លាយជាធ្យូង

ឈើស្រស់ប្រែពុករូង

ឈើជាធ្យូងនៅដុតទៀត៕

ឃឹម ច័ន្ទ​សុអហំ

ស្រឡាញ់​ច្រើន ​ទុក្ខ​ក៏​ច្រើ​ន ចម្រើនណាស់

Publié août 24, 2011 par HENG Oudom
អ្នកនិពន្ធ ឡឺក ជំនោរ ចាំ​រត់​មាត់​នូវ​​ឃ្លា​របស់​លោកគ្រូអានថា
ស្រឡាញ់​ច្រើន ​ទុក្ខ​ក៏​ច្រើ​ន ចម្រើនណាស់
ស្រឡាញ់​ខ្លះ​ ទុក្ខក៏ខ្លះ មិន​ប៉ះ​ខ្លាំង​
 ស្រឡាញ់​តិច​ ទុក្ខ​ក៏​តិច​រិកទុក្ខំ
មិន​ស្រឡាញ់​ ចោល​ស្រឡះ  ខះទុក្ខអើយ។ 
ដែលកូនសិស្សរបស់លោកគ្រូអានឈ្មោះ អ៊ា ហុកនីម សរសេរនៅក្នុងប្រលោមលោកគាត់រឿង ពេលដែលអូនចេញទៅ

ក្រុមុំទំនើប

Publié août 24, 2011 par HENG Oudom

ខ្ញុំមិនមែនជាស្រីទេ។ ខ្ញុំជាមនុស្សអភេទ។

ខ្ញុំជាកូនក្មេងម្នាក់ ជាអ្នកបម្រើម្នាក់ ហើយនឹងការសម្រេចចិត្តដ៏ក្លាហានមួយ។

ខ្ញុំជាខ្សែពន្លឺដែលសើចចេញពីព្រះអាទិត្យដ៏ក្រហមឆ្អៅ…

ខ្ញុំជាសំណាញ់ សម្រាប់ចាប់ត្រីទាំងឡាយ ដែលល្មោភស៊ី។

ខ្ញុំជាការជូនពរ ដោយកិត្តិយសចំពោះស្រ្តីទាំងឡាយ

ខ្ញុំជាជំហានមួយ នាំឆ្ពោះទៅរកភាពចៃដន្យ ហើយនឹងការហិនហោច។

ខ្ញុំជាការលោតផ្លោះមួយ ក្នុងភាពសេរីដោយខ្លួនឯង…

ខ្ញុំជាការខ្សឹបនៃឈាមក្នុងត្រចៀកបុរស។

ខ្ញុំជាជំងឺគ្រុនញាក់នៃព្រលឹង ចំណង់ខ្លាំង ហើយនឹងការបដិសេធរបស់រូបកាយ។

ខ្ញុំជាសញ្ញាមួយសម្រាប់ឆ្ពោះទៅរកឋានសួគ៌ថ្មីៗជាច្រើន។

ខ្ញុំជាអណ្ដាតភ្លើង ដែលចេះពិនិត្យពិច័យ ហើយរីករាយជានិច្ច។

ខ្ញុំជាទឹកមួយយ៉ាងជ្រៅ ប៉ុន្ដែក្លាហានអាចឡើងបានដល់ក្បាលជង្គង់។

ខ្ញុំជាភ្លើង ហើយក៏ជាទឹកនៅក្នុងស្ថានភាពស្មោះត្រង់ ជាមួយនឹងលក្ខខ័ណ្ឌចំហ…

ដក​ស្រង់ពី​ សៀវភៅ​កំណាព្យ ក្រមុំ​ទំនើប របស់​ អ៊ីឌីត សឺឌេរហ្គ្រន បក​ប្រែ​មក​ពីភាសាស៊ុយ​អែត ទំព័រទី​២២។

ភ្លៀង

Publié août 10, 2011 par HENG Oudom

តំណក់ទឹកភ្លៀង​លាង​រាត្រី

ស្រោច​ស្រព​ផែនដី​ងងឹត

ភ្លៀង​ធ្លាក់​ខ្យល់​បក់បង្កើត​ឫទ្ធិ

ព្យុះ​កាច​ជុំ​ជិត​អន្ធការ។

រាត្រី​សូន្យ​ស្ងាត់​សត្វ​ចំលែក

ភ្លៀង​គ្មានរ​អែងក្រែង​អាត្មា

បង្អុរ​ទម្លាក់​ធ្លាក់​កាយា

បង្អួត​ចេស្តា​សត្វ​រាត្រី។

ព្យុះ​ភ្លៀងបោក​បក់​តាម​អំណាច

រន្ទះ​ផ្គរ​កាច​សាច​សម្តី

បំប៉ោង​សំឡេង​ឥត​ក្រែង​អ្វី

ក្រោម​មេឃ​លើ​ដី​រាត្រី​ហ្នឹង៕

ឃឹម ច័ន្ទ​សុអហំ

ដកស្រង់ពី ក្រោមក្រោយនៃ សៀវភៅ ​«តំណក់ទឹក» ដោយព្រះភិក្ខុ ជិន មាស

ប្រវត្តិ​របស់កវី ម៉ុក សំឱក

Publié août 8, 2011 par HENG Oudom

ប្រកាស​ដោយ ទេព​សុវិចិត្រ (ឈ្មោះក្រៅ៖ វិចូច) ថ្ងៃ០៨.០៨.២០១១  ប្រវត្តិ​លោក​គ្រូ ម៉ុក សំឱក

ដក​ស្រង់​ទាំង​ស្រុង​ចេញ​ពី​ទស្សនាវដ្ដី មិត្ត​សាលា​បាលី ឆ្នាំ​ទី១ ខែ​មិថុនា លេខ​៦។ (ឆ្នាំ១៩៥០)

លោក​គ្រូ ម៉ុក សំឱក កើត​នៅ​ក្រុង​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា គ.ស. ១៨៨០។ បិតា​របស់​លោក​នាម ម៉ុក ជា​មន្ត្រី​ក្នុង​ព្រះ​បរម​រាជវាំង ខាង​ក្រុម​ព្រះ​អាល័ក្ស ហើយ​ជា​កវី​១រូប​យ៉ាង​ឯក​ខាង​កាព្យ​ឃ្លោង មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ក្នុង​ជំនាន់​រាជ្យ​ព្រះកុរណា​សុវណ្ណកោដ្ឋ។ មាតា​នាម ជំទាវ សម។ លោក​គ្រូ ម៉ុក សំឱក មាន​ភរិយា​ឈ្មោះ អ្នក​ស្រី​ពុំ, បាន​កូន​ស្រី​មួយ​ឈ្មោះ​នាង សំឱក-ម៉ាលីយ៉ាន។

កាល ​ពី​បឋម​វ័យ, លោក ម៉ុក សំឱក បាន​សិក្សា​ក្នុង​សាលា​បារាំង-ខ្មែរ បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​បឋម​សិក្សា​បំពេញ​វិជ្ជា ផុត​ថ្នាក់​ក្នុង​ជំនាន់​នោះ។ ក្នុង​ឆ្នាំ​១៩០៣ រាជការ​បាន​តាំង​លោក​ឲ្យ​ធ្វើ​ការ​នៅ ក្រសួង​សិក្សា​ធិការ, លុះ​បន្ទាប់​ត​មក លោក​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ក្នុង​សាលា​ដូច​ត​ទៅនេះ៖

  • ឆ្នាំ ១៩០៨ នៅ​សាលា ឌូដាដឺឡាគ្រេ ភ្នំពេញ
  • ឆ្នាំ ១៩១២ នៅ​ខេត្ត​កំពង់​ធំ
  • ឆ្នាំ ១៩១៨ នៅ​សាលា ឌូឌាដឺឡាគ្រេ ភ្នំពេញ
  • ឆ្នាំ ១៩២៥ នៅ​សាលា ហ្វ្រង់ស៊ីគារញ៉េរ ភ្នំពេញ
  • ឆ្នាំ ១៩២៦ នៅ​សាលា ហ្វ្រង់ស្វាដូដ្វាំង ភ្នំពេញ

លោក​ម៉ុក សំឱក ជា​គ្រូ​១​រូប​យ៉ាង​ជំនាញ, ពេញ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ណាស់ ហើយ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​នឹង​គោរព​កោត​ក្រែង ដោយ​ស្មោះ​ត្រង់​នៃ​បណ្ដា​សិស្ស​ទាំង​ឡាយ ទើប​លោក​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​ដូច​ខាង​ក្រោម៖

  • មេដៃយ៍​មណី​សារាភ័រណ៍  ……………… (៩ – ១ – ១៤)
  • មេដៃយ៍​ប្រាក់ …………………………….. (១០ – ៥ – ១៥)
  • មេដៃយ៍​សំរិទ្ធិ …………………………….. (២៣ – ៤ – ១៦)
  • មេដៃយ៍​កិត្តិយស​ប្រាក់​ថ្នាក់​លេខ​២ …… (២៩ – ៧ – ២០)
  • មេដៃយ៍​អស្សរិទ្ធិ ………………………….. (១៣ – ៤ – ២៦)
  • មេដៃយ៍​កិត្តិយស​ប្រាក់​ថ្នាក់​លេខ​១ ……. (២៦ – ៨ – ២៩)។

លោក​បាន​ឡើង​ថ្នាក់​ជា​ គ្រូ​បង្រៀន​ដើម​ខ្សែ​ទី២ ក្នុង​ឆ្នាំ ១៩៣០, តែ​កន្លង​បាន​មួយ​ឆ្នាំ លោក​គ្រូ​មាន​ជម្ងឺ​ក្អក​ឈាម​ជា​ទម្ងន់ ក្រោយ​ដែល​បាន​បំពេញ​រាជការ​ចំនួន ២៨ឆ្នាំ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត លោក​ក៏​ទទួល​មរណភាព​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​១៩៣១ ក្នុង​អាយុ ៥១ឆ្នាំ។ កាល​ដែល​លោក​បាត់​បង់​ទៅ ប្រទេស​កម្ពុជា​ក្នុង​ជំនាន់​នោះ បាន​ខាត​នូវ​គ្រូ​បង្រៀន​ដ៏​ល្អ​មួយ ដែល​បាន​បំពេញ​ករណីកិច្ច​ចំពោះ​ប្រទេស​ជាតិ តាម​នាទី​របស់​ខ្លួន​យ៉ាង​ស្មោះ​ចំពោះ ដោយ​ពេញ​និស្ស័យ។ យើង​កុំ​ភ្លច​ថា​ក្នុង​សម័យ​នោះ អ្នក​មាន​ចំណេះ​ដឹង​ប្រហែល​នឹង​លោក មាន​ចំនួន​តិច​គ្នា​ពន់​ពេក​ណាស់ ហើយ​លោក​ស្ម័គ្រ​ចិត្ត​ខាង​ក្រសួង​សិក្សាធិការ ដែល​ពុំសូវ​មាន​អ្នក​ចូល​ចិត្ត​ធ្វើ ចុះ​លេខ​រៀង​ខាង​គ្រូ​បង្រៀន​ជា​លំដាប់​ទី៤ ដោយ​លោក​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កុមារ​ខ្មែរ​ណាស់ ចង់​ឲ្យ​បាន​ចេះ ឲ្យ​បាន​សុភាព​រាប​សា​សមរម្យ​ល្អ នឹង​បំពេញ​ក្នុង​សង្គម។ អធ្យាស្រ័យ​នេះ​ជ្រួត​ជ្រាប​ពេញ​ព្រៀប​ក្នុង​កិច្ច​ការ​ជា​ស្នា​ដៃ​របស់​លោក ស្ទើរ​តែ​គ្រប់​ទំព័រ។

លោក​ម៉ុក សំឱក, ថ្វី​បើ​បាន​បំពេញ​ចំណេះ​វិជ្ជា​ខាង​សាលា បារាំង-ខ្មែរ, គង់​អាច​ចាត់​ជា​អ្នក​ប្រាជ្ញ​មួយ​រូប ដោយ​ពេញ​លក្ខណៈ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ តែ​ការណ៍​នេះ​មិន​គួរ​នាំ​ឲ្យ​ងឿង​ឆ្ងល់​ទេ ព្រោះ​ក្នុង​ជំនាន់​នោះ​នៅ​ពុំ​ទាន់​កើត​ការ​តាំង​ជញ្ជក់​មាត់​សរសើរ​ភាសា​ បរទេស​ដល់​ធ្វេស មិន​រវល់​ចំពោះ​ភាសា​របស់​ខ្លួន រហូត​ដល់​ទៅ​បន្ថោក​ភាសា​របស់​ខ្លួន​ដូច​សព្វ​ថ្ងៃ​នេះ​នៅ​ឡើយ។ ឯ​ប្រវេណី​បុរាណ​ខ្មែរ នៅ​ព្រាយ​ពន្លឺ​ច្បាស់​លាស់ ណា​មួយ​បិតា​របស់​លោក​ជា​អ្នក​កាព្យ​ឯក ប្រើ​កាព្យ​ជា​ភាសា​និយាយ​ធម្មតា​ផង។ លោក ម៉ុក សំឱក បាន​រៀប​រៀង​រឿង​រ៉ាវ​ជា​ច្រើន​សម្រាប់​បង្រៀន​សិស្ស។ រឿង​រ៉ាវ​ទាំង​នោះ​ច្រើន​មាន​ចុះ​នៅ​ក្នុង បុល្លឺតាំង​ក្រសួង​សិក្សា​ធិការ និង​សៀវភៅ​សម្រាប់​ថ្នាក់​មាន កុមារ​ដ្ឋាន ជា​ដើម និង​ក្នុង​សៀវភៅ​ទស្សនាវដ្ដី “ ស្រុក​ខ្មែរ” ពី​ឆ្នាំ​១៩២៧ ដល់​ឆ្នាំ ១៩៣០។ តាម​សង្កេត​មើល​ស្នាដៃ​របស់​លោក យើង​បាន​ប្រទះ​ពាក្យ​កាព្យ ច្រើន​ជាង​ពាក្យ​រាយ ជា​បទ​គ្រប់​បែប​មាន កាកគតិ, ព្រហ្មគីតិ, ភុជុង្កលីលា ជា​ដើម។ ចំណែក​សិស្ស​គណៈ​របស់​លោក ដែល​បាន​ទន្ទេញ​ដំបូន្មាន​ជាពាក្យ​កាព្យ ចាំ​ស្ទាត់​សូត្រ​មាត់​ទទេ​បាន តាំង​ពី​កាល​ខ្លួន​នៅ​ជា​កូន​សិស្ស ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ច្រើន​រូប​ដែរ។ យើង​សូម​ដក​ស្រង់​ស្នាដៃ​របស់​លោក​មក​ដោយ​អន្លើៗ ចុះ​ផ្សាយ​ចែក​ជូន​លោក​អ្នក​អាន​ទាំង​ឡាយ ដូច​សេកក្ដី​តទៅនេះ។

 មេ​អំបៅ​និង​ដង្កូវ

មេ​អំបៅ​ថា អា​ចោ​មោហោ អា​ដង្កូវ​នេះ
រូបរាង​អាក្រក់ ក្រខ្វក់​អ្វី​ម្ល៉េះ ក្លិន​ខ្លួន​ឆ្អាប​ឆ្អេះ
អញ​ខ្ពើម​ណាស់​ណា៎។
ទៅ​ណា​ទៅ​ខោល អាក្រាត​ននល ជា​អនាថា
ម្ដេច​ក៏​គឃ្លើន ព្រហើន​អស្ចារ្យ វារ​លេង​លើ​ផ្កា
ផ្កា​នេះ​បាត់​ក្លិន។
ចៀស​ចេញ​ឲ្យ​ឆាប់ ខំ​នៅ​នឹង​ស្លាប់ នឹង​រិទ្ធិ​ភមរិន្ទ
ចិញ្ចឹម​ជីវិត នឹង​ផ្កា​មាន​ក្លិន ជាតិ​ឯង​ជាតិ​ហីន
ទៅ​ស៊ី​លាមក​ទៅ។
ដង្កូវ​ថា​យើ ពី​ម្សិល​មិញ​តើ ភ្លេច​ភ្លាមហើយ​ចៅ
ស្ទាប​ខ្លួន​ឯង​មើល ត្រជាក់​ឬ​ក្ដៅ សត្វ​មេអំបៅ
ចេញ​ទៅ​ពីណា។
ឲ្យ​ដឹង​ជាតិ​ខ្លួន សឹម​លេង​សំនួន ដៀល​តិះ​តាមការ
កុំ​អាល​ត្មះ​អញ ជា​មេ​ជា​បា ដូច​ពាក្យ​ឧបមា
បាច​ខ្សាច់​ច្រាស​ខ្យល់។

ពិលាប​នៃ​ផ្លូវ​មួយ

ឱះ​ឱ​អញ​អើយ កើត​ជា​រូប​ហើយ មាន​ឈ្មោះ​ឧត្តម
អ្នក​ស្រុក​គេ​ហៅ ថា​ឧក​ញ៉ា​អ៊ំ នាម​ចតុស្ដម្ភ
ដែល​ធំ​ក្រៃ​លែង។
គ្មាន​គេ​ឧបត្ថម្ភ រក្សា​ថែទាំ ដូច​គេ​ដូច​ឯង
គឺ​គេ​មិន​ស្បិត គិត​តុប​គិត​តែង កម្មអ្វី​តែ​ឯង
ឥត​គេ​អាសូរ។
ហេតុ​តែ​កំព្រា ធន់​ក្ដៅ​រងា ក៏​មិន​អាច​ថ្ងូរ
លោក​អើយ​អាណិត ជួយ​គិត​ជួយ​គូរ ឲ្យ​បាន​កៅស៊ូ
គ្រប​ដណ្ដប់​ផង។
លំអ​រូប​ខ្ញុំ ប្រយោជន៍​ដល់​ក្រុម រាជការ​ទេ​ហោង
សូម​លោក​អាណិត ជួយ​គិត​ខ្ញុំ​ផង ឲ្យ​បាន​ដូច​ប៉ង
ប្រាថ្នា​នៃ​ខ្ញុំ។
ឱ​លោក​អ្នក​ណា មាន​ចិត្ត​ជ្រះថ្លា នឹង​ការ​សុខុម
សូម​លោក​ខំ​គិត បើ​អាណិត​ខ្ញុំ បើ​លោក​មិន​សម
ក៏​វ្ហី​ទៅ​ចុះ។
ខ្ញុំ​ក៏​ទ្រាំ​ក្សត់ លោក​ក៏​ទ្រាំអត់ តាម​កម្ម​ផង​មនុស្ស
អកុសល​ទាំង​ខ្ញុំ ទាំង​លោក​ទៅ​ចុះ គ្មាន​គេ​អនុគ្រោះ
បន្ទោស​នរណា។

ចិត្ត​មាតា​បិដា

ម៉ែ​ឪ​ឃើញ​មាន​គំនិត រីក​ថ្លើម​រីក​ចិត្ត រឹង​រិត​ស្រលាញ់។
ថ្នម​កូន​មិន​ឲ្យ​ខឹង​ក្នាញ់ ចំណី​ណា​ឆ្ងាញ់ ទុក​ឲ្យ​អាស្រ័យ។
ថ្និត​ថ្នម​ដូច​កែវ​ចរណៃ ដ៏​មាន​ដំឡៃ ស្មើ​ដួង​នេត្រា។
នាំ​គ្នា​បែរ​បន់​ទេវតា អារក្ស​អ្នក​តា កុំ​ឲ្យ​ឈឺ​ថ្កាត់។
មិន​ដែល​បន្ទោស​មួយ​ម៉ាត់ សរសើរ​តែ​ស្ងាត់ ប្រាប់​ម៉ែ​ប្រាប់​យាយ។
សរសើរ​ដល់​គ្រូ​បាធ្យាយ ហើយ​លើក​ដៃ​ថ្វាយ បង្គំ​ព្រះវិហារ។
ថា​ហេតុ​តែ​បុណ្យ​សម្ភារ ព្រះ​ដ៏​ឈ្នះ​មា ទ្រ​ទ្រង់​កូន​ចៅ។
ឲ្យមាន​ជីវិត​និត្យ​នៅ ចំណេះ​ក៏​ជ្រៅ ប្រាជ្ញា​ក៏​វៃ។
ហើយ​មាន​មារយាទ​ល្អ​ក្រៃ ដឹង​កិច្ច​ប្រពៃ គោរព​គុណ​គាប់។
កូន​នេះ​ជា​កូន​ដើម​ទ្រព្យ វា​នឹង​មាន​ភ័ព្វ សំណាង​ជាង​ឪ។

ប្រភេទលុយ ដោយ ម៉ៅ អាយុទ្ធ

Publié juillet 19, 2011 par HENG Oudom

 ដកស្រងពីល្ខោននិយាយរឿន

ស្រមោលអព្វមង្គល និង សៀវភៅ សំឡេងសាដៀវ

និពន្ធដោយ ម៉ៅ អាយុទ្ធ

បទពាក្យ៧                                                                                              របៀបតែង

បែបផ្កាឈូករីក                                                                                         ១២ ៣៤៥៦៧​​

១.​ លុយជា ឱសថ ដ៏សក្តិសិទ្ធ

លុយជា អ្នកគិត ស្រាយបញ្ហា

​  លុយជា អ្នកផ្តល់ នូវប្រាជ្ញា

​​     លុយជា អ្នកតា ឥតវិញ្ញាណ ។

២. លុយជា ថ្នាំពិស ដ៏សាហាវ

លុយជា ជ័រកាវ ស្អិតជាប់បា្រណ

លុយជា គ្រូធ្មប់ ដ៏សាមាន្យ

លុយជា ក្ដារស្ពាន ឆ្លងឧបសគ្គ ។

៣. លុយជា កាំបិត មានមុខមុត

លុយជា អាវុធ ឈាមប្រឡាក់

លុយជា ឧបករណ៍ យកធ្វើធ្នាក់

លុយជា អន្ទាក់ ទាក់ជីវិត ។

៤. លុយជា ទឹកឃ្មុំ ជាតិផ្អែមឆ្ងាញ់

លុយជា សម្លាញ់ យ៉ាងជិតស្និទ្ធ

លុយជា តន្ត្រី ថ្នាក់ថ្នមចិត្ត

លុយជា ខ្សែរឹត របស់ព្រាន ។

៥. លុយជា សត្រូវ នឹងអ្នកក្រ

លុយជា អ្នកល្អ​ នឹងអ្នកមាន

លុយជា សន្ទូច ស្ទូចអ្នកឃ្លាន

លុយជា ជើងពាន ទ្រឱ្យខ្ពស់ ។

៦. លុយជា ដុំពេជ្រ មានតម្លៃ

លុយជា អ្នកច្នៃ កេរ្តិ៍ កិត្តិយស

លុយជា អ្នកធ្វើ ឱ្យខូចឈ្មោះ

លុយជា អ្នកឈ្លោះ ចិត្តលោភលន់ ៕