Archives

មេឃភ្លៀង

ថ្ងៃនេះមេឃភ្លៀង                កសិករស្រែកច្រៀង                         ត្រេកអរសប្បាយ

ដីស្រែរីងស្ងួត                       អណ្តូងប្រឡាយ                               ខ្សោះទឹកប្រែក្លាយ

ជាមានហូរហៀរ។

រាល់កសិករ                          ​ស្មានថាភ្លៀងល្អ                               ធ្លាក់ជួយប្រជា

តែពេលធ្លាក់ត្រូវ                 ​កសិករគ្រប់គ្នា                                  កើតឈឺរោគា

ដ្បិតភ្លៀងអាស៊ីត៕

by —S. TAY,

ជំហាន

ឈានជើងទៅមុខ                              កាយជាបន្ទុក

ជំហរជាគ្រឹះ                                         កំលាំងជាស្ពាន

ជើងឈានដៅទិស                             គិតជាគន្លឹះ

ត្រៀមខ្លួនជាជ័យ។

ពេលលំបាកទ្រាំ                                  បំផុតគឺចាំ

ពេលជិតជោគជ័យ                              ឈានជើងទៅមុខ

សូមកុំខ្លាចភ័យ                                     ថាខ្លួនអ្នកនៃ

ថយក្រោយឱយសោះ។

ពុំមែនមានតែ                                        ឈានទៅមុខទេ

ទើបដល់ត្រើយកោះ                            ឈានជើងទៅក្រោយ

ក៏ដល់ដូច្នោះ                                          គ្រាន់យឺតបណ្តោះ-

អាសន្នមួយពេល។

ក្តាប់ពេលវេលា                                       គន់ស្នាមបាទា

មានឆ្គងឬទេ                                           ​ប្តូរផ្លាស់ការដើរ

បែរមុខរិះរេ                                               ពិសោធន៍ជាមេ

ដឹកនាំដំណើរ។

ទោះខាតនាទី                                          តែជើងទាំងពីរ

យល់របៀបដើរ                                        មានពេលត្រៀមខ្លួន

រកផ្លូវប្រសើរ                                             សំរេចដំណើរ

ចាំតែជោគជ័យ៕

ប្រភព៖ —S. TAY,10:59-11:58, Thur, 16/06/11 កំណាព្យ ជំហាន

ឆ្កែថ្មី

ឆ្កែខ្មែរមានច្រើនបែបសណ្ឋាន                               ឆ្កែខ្លះមានបានម្មាស់ហ៊ឺហា

ឆ្កែខ្លះអត់ឃ្លានស៊ីតាមផ្សារ                                     ឆ្កែខ្លះអស្ចារ្យតម្លៃខ្ពស់។

តែថ្មីៗនេះតាមវិថី                                                      ចេញមុខឆ្កែថ្មីសែនល្បីឈ្មោះ

ឆ្កែនេះកោងកាចរករឿងឈ្លោះ                              មិនថាចំពោះនរណាឡើយ។

ឱយតែដើរកាត់ផ្លូវវាយាម                                        វាខាំអង្គៀមគ្មានត្រាស្បើយ

អ្នកដើរឃើញវាបោលគេចហើយ                           មិនហ៊ានឆ្លងឆ្លើយនឹងវាទេ។

អ្នកវាខាំជាប់កុនអាត្មា                                               គ្នាវាត្រៀបត្រាចាំគ្នាន់គ្នេរ

លុះតែមានសាច់ឱយគ្នាគេ                                      ទើបវារិះរេបើកផ្លូវឱយ។

ឆ្កែនេះពេលខាំគេពុំបាន                                            វាក្តៅគ្មានស្រាន្តគ្មានចុះខ្សោយ

តែវាអាចចាំខាំអ្នកក្រោយ                                          វាពុំបណ្តោយឱយរត់រួច៕

~by S. Tay

posted in : http://sovannaruntay.wordpress.com/2011/06/05/%E1%9E%86%E1%9F%92%E1%9E%80%E1%9F%82%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8/

ព្រលិត

ស្នេហយើងរសាត់         ​    រសាយព្រាត់បាត់់               ​​  ព្រាត់បានត្រឹមទុក្ខ

ត្រឹមទាមជាប់ប្រាណ        ជាប់ប្រាសបាត់មុខ              បាត់មាត់គ្មានសុខ

គ្មានសាន្តសោកស្តាយ។

សោកស្តាប់ស្នេហា           ស្នេហហើយរៀមរ៉ា              រៀមរស់ត្រឹមកាយ

ត្រឹមកើតរែងគិត                 រែងគាំងមិនណាយ               មិនណាឆោមឆាយ

ឆោមឆើតប្រែថ្មី។

ប្រែថ្មដួងចិត្ត                       ដួងចន្ទ្រពិសិដ្ឋ                        ពិសាលពិសី

ពិសោធន៏ប្រែក្លាយ            ប្រែខ្លៅអប្រិយ                        អាប់ប្រៀបចិត្តស្រី

ចិត្តស្រាលរេរា។

រេរកអ្នកផ្សេង                      ​អ្នកផ្សាយសម្លេង                   សម្លក់ឫកពា

ឫកពេលចួបប្រុស              ចួបប្រាយមាយា                     មារយាទពំងា

ពុំងាយមើលដឹង។

មើលដៀងដាក់ប្រុស         ដាក់ប្រៀបមិនខុស                មិនខានព្រលឹង

ព្រលិតដូចអូន                     ដូចអើតពីបឹង                          ពីបាតពេលហ្នឹង

ពេលនេះឡើងកូត៕

~ by Sovannarun T.

Posted in: http://sovannaruntay.wordpress.com/2011/06/05/%E1%9E%96%E1%9F%92%E1%9E%9A%E1%9E%9B%E1%9E%B7%E1%9E%8F/

ទំពាំង

ទំពាំងតូចខ្ចី                  លាស់ពន្លកថ្មី                    ធាត់ធំរូបរាង

ពេញជាឫស្សី            ​   បែកលូតមែកធាង            សាយគុម្ពចង្គ្រាង

ផ្ដល់ប្រយោជន៍ច្រើន។

អាស្រ័យលើម្ចាស់       រើសដីប្រើប្រាស់                បានល្អចំរើន

ជីជាតិគ្រប់គ្រាន់           ថែទាំក្រវើន                       ទំពាំងកើតកើន

ឫស្សីក្រៃក្រាស់។

សម័យ​លង្វែក           អាស្រ័យ​លើមែក               ឫស្សីស្អែកស្កះ

ការពារទីក្រុង              សាន្តសុខ​ត្រចះ                 ជាតិ​ចម្រើនណាស់

គុណ​ផល​ឫស្សី។

ពេល​មួយ​ងងឹត           ចោរ​សៀមគៃគិត               ធ្វើ​កល​អប្រិយ

បាញ់​បាច់​ប្រាក់ដួង     រាស្រ្ត​ខ្មែរ​ប្រុសស្រី             វែកឆ្ការ​ឫស្សី

ចាញ់​កល​ចោរ​សៀម។

ឫស្សី​បាក់បែក               លង្វែក​ទួ្​ញស្រែក             ដីស្រោច​ដោយ​ឈាម

ព្រះគោព្រះកែវ             ចោរ​ខ្មាំង​គំរាម                      ព្យុះ​ខ្យល់​សង្គ្រាម

បក់​ផ្ដាច់​វាសនា។

ប្រវត្តសាស្រ្ត                  បទពិសោធចាស់                មេរៀនខេមរា

ស្ងួនគ្រងទំពាំង             ឫស្សីត្រៀបត្រា                    ជាតិលាស់ផ្លែផ្កា

ពឹងគ្រឹះទំពាំង៕—S. TAY, 07-8/01/11

កំណាព្យប្រលងធ្លាក់នៅភូមិន្ទ—ប្រធានបទ “ យុវជនខ្មែរ និង​ សីលធម៌សង្គម “

Web: http://sovannaruntay.wordpress.com/2011/05/21/%C2%AB%E1%9E%91%E1%9F%86%E1%9E%96%E1%9E%B6%E1%9F%86%E1%9E%84%C2%BB/

ចរិតឆ្កែ

ចរិតឆ្កែមាន​ច្រើនបទបែប​​​​​​​​​​​​​​ ​​​​​​                              នឹងស្ដីសង្ខេបតែត្រឹមដប់

ឆ្កែមួយកើតរោគឆ្កួតឡែឡប់                           ឆ្កែនេះគួរស្អប់ក្រៃកន្លង។

ឆ្កែមួយចូលចិត្តដើរខាំគេ                                 ឆ្កែនេះចិត្តរេកុំសាកល្បង

ឆ្កែមួយមិន​ចូលផ្ទះតែម្ដង                                ឆ្កែនេះគួរចងច្រវាក់ក។

ឆ្កែមួយដើរលួចសាច់ព្រៀងលាន                   ឆ្កែនេះពិតគ្មានគិតគេក្រ

ឆ្កែមួយអែបអបម្ចាស់ត្រេកអរ                         ឆ្កែនេះពិតល្អតែខាងក្រៅ។

ឆ្កែមួយអំនួតអាងម្ចាស់​ឯង                             ឆ្កែនេះសម្ដែងចរិតខ្លៅ

ឆ្កែមួយដេញខាំឆ្មាលឿនស្លៅ                         ឆ្កែនេះចិត្តខ្មៅអាងអំនាច។

ឆ្កែមួយមិនព្រុសតែចេះខាំ                              ឆ្កែនេះចំនំាឫកកោងកាច

ឆ្កែមួយខាំម្ចាស់គួរខ្លបខ្លាច                             ឆ្កែនេះពិតអាចបង្កគ្រោះ។

ឆ្កែមួយដើរខាំឆ្កែកន្តៀត                                 ឆ្កែនេះខ្មីឃ្មាតសាងរឿងឈ្លោះ​

ចរិ​តឆ្កែទាំងដប់នេះខ្ពស់                                 ឆ្កែទាំងនេះរស់លើផែនដី៕

​​                                                                             —S. TAY, Sun, 08/11/09

Web:  http://sovannaruntay.wordpress.com/2011/05/29/%E1%9E%85%E1%9E%9A%E1%9E%B7%E1%9E%8F%E1%9E%86%E1%9F%92%E1%9E%80%E1%9F%92%E1%9E%AC%E1%9F%82/