មិនមែនជាការចៃដន្យនោះទេ ក្នុងការជ្រើសរើសមុខវិជ្ជាណាមួយដើម្បីសិក្សា ព្រោះជម្រើសនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអនាគតសាមីខ្លួនផ្ទាល់ និងសង្គមជាតិទាំងមូល។ ច្បាប់ក៏ជាមុខវិជ្ជាមួយលំបាករៀនដូចមុខវិជ្ជាផ្សេងទៀតដែរ តែអ្វីដែលគេកត់សម្គាល់ឃើញថែមទៀតនោះ គឺមុខវិជ្ជាមួយនេះមាននិស្សិតស្រីចូលរៀនតិចតួចជាងនិស្សិតប្រុស។ ហេតុនេះ បរិមាណស្រ្តីដែលចេះដឹងពីវិស័យច្បាប់នៅមានកម្រិត ហើយអាចនឹងមានផលប៉ះពាល់អវិជ្ជមានចំពោះស្រ្តីខ្លួនឯង និងសង្គមផងដែរ។
ជាក់ស្តែងសង្គមកម្ពុជាបច្ចុប្បន្ន អត្រានារីរងគ្រោះមានច្រើន។ បញ្ហាជាច្រើនដែលគេតែងតែឃើញកើតមានឡើងលើស្រ្តីខ្មែរនោះគឺ បញ្ហាការរំលោភសិទ្ធិសេរីភាព វិសមភាពយេនឌ័រ ការជួយដូរកុមារីនិងស្ត្រី ការប្រើអំពើហិង្សា ការរំលោភសេពសន្ថវៈជាដើម ហើយថ្មីៗនេះគឺបញ្ហាពលការិនីដែលកំពុងរងគ្រោះដោយបម្រើការងារនៅបរទេស។
បើគេនិយាយដល់បញ្ហាការរំលោភសេពសន្ថវៈ ដំណោះស្រាយភាគច្រើនដែលត្រូវបានធ្វើឡើងដោយសំណងផ្លូវចិត្ត តែមិនសូវបានដោះស្រាយត្រឹមត្រូវទៅតាមនីតិវិធីរដ្ឋប្បវេណី និងក្រមនីតិវិធីព្រហ្មទណ្ឌនោះឡើយ។ ករណីនេះ អាចប្រហែលមកពីប្រជាពលរដ្ឋខ្មែរមួយចំនួន ពិសេសគឺស្ត្រីខ្លួនឯងផ្ទាល់ ពុំបានឈ្វេងយល់ច្បាស់ពីវិស័យច្បាប់ ហើយពួកគេហាក់ពុំមានជំនឿលើភាពយុត្តិធម៌ដែលផ្តល់ឪ្យដោយតុលាការ។ ម្យ៉ាងវិញទៀត ភាគច្រើននៃស្ត្រីនិងកុមារីរងគ្រោះ គឺឋិតក្នុងគ្រួសារដែលមានស្ថានភាពជីវភាពខ្សត់ខ្សោយ។ ហេតុនេះ សំណងផ្លូវចិត្តជាថវិកា បានត្រូវដោះស្រាយជាច្រើនករណីកន្លងមកហើយ។ មួយវិញទៀត ឪពុកម្តាយខ្មែរដែលមានកូនស្រីរងគ្រោះទៀតសោត ហាក់មិនចង់បន្តក្តីក្តាំឡើងតុលាការឡើយ ព្រោះពួកគេយល់ថា ខាតបង់ពេលវេលា និងមិនទុកចិត្តចំពោះដំណោះស្រាយយុត្តិធម៌របស់តុលាការ ឬក៏ដោយហេតុអវិជ្ជាមិនយល់ពីដំណើរការនីតិវិធីតែម្តង។ លើសពីនេះ ពួកគេអាចនឹងយល់ព្រមសម្រុះសម្រួលដោយស្ងាត់ៗ ហើយបង្ខំលួងលោមឱ្យកូនស្រីខ្លួនរៀបការនឹងជនល្មើស(ជនជាប់សង្ស័យ)តែម្តង ដោយពុំបានគិតដល់ស្ថានភាពវេទនារម្មណ៍របស់នាងនោះឡើយ និងដោយលេសថា រក្សាកិត្តិយសមុខមាត់គ្រួសារជាដើម។
ទាក់ទងនឹងបញ្ហាដូចដែលបានរៀបរាប់មកនេះ កញ្ញា ចាន់ ស៊ីណេត រៀនថ្នាក់ទី១២ នៅសាលាបញ្ញាសាស្ត្រ បានប្រាប់ថា កញ្ញាចង់រៀនច្បាប់តាំងតែពីតូចមកម្ល៉េះ ព្រមទាំងចង់ក្លាយជាមេធាវីទៀតផង។ នាងថ្លែងថា៖ «ខ្ញុំស្រឡាញ់ច្បាប់ តាំងតែរៀនបឋមសិក្សាមកម្ល៉េះ។ កាលពីតូច ខ្ញុំអត់មានអ្នកមើលថែរក្សា ព្រោះខ្ញុំកំព្រាអត់មានឪពុកម្តាយ។ វាជាជីវភាពមួយទន់ខ្សោយអត់មានអ្នកការពារ មួយវិញទៀតខ្ញុំជាមនុស្សស្រីងាយនឹងរងគ្រោះ និងត្រូវគេធ្វើបាប»។
កញ្ញា ស៊ីណេត បន្តថា៖ «ខ្ញុំមានប្រភពចេញពីស្ថានភាពមួយដែលលំបាកដូច្នេះ ហេតុនេះបើសិនជាខ្ញុំអត់ចេះច្បាប់ទៀត ខ្ញុំនឹងកាន់តែលំបាក។ ខ្ញុំចង់ចេះច្បាប់ដើម្បីការពារខ្លួន ខ្ញុំចង់ជួយក្មេងកំព្រា ក្មេងលំបាកទីទ័លក្រ ដែលងាយរងការធ្វើបាប។ ពេលពួកគេមានបញ្ហា ដូចជាត្រូវបានគេជួញដូរ គេធ្វើបាប ប្រើអំពើហិង្សា ឬចាប់រំលោភ… ខ្ញុំយល់ថា មានតែច្បាប់ទេ ដែលអាចជួយពួកគេបាន»។
នាងបញ្ជាក់ថា កត្តាដែលកាន់តែជំរុញឱ្យនាងចង់រៀនច្បាប់ទៀតនោះ គឺដោយសារស្ថានភាពសង្គមបរិយាកាស ពោលគឺនាងបានឃើញ និងដឹងឮរឿងរ៉ាវអយុត្តិធម៌ក្នុងសង្គម ការកេងប្រវ័ញ្ច អំពើពុករលួយ អមនុស្សធម៌ជាដើម។ ការចាំបាច់ណាស់ដែលមនុស្សទួទៅត្រូវរៀនវិជ្ជានីតិសាស្ត្រ ពិសេសនារីគួរតែងាកមកចាប់អារម្មណ៍សិក្សាមុខវិជ្ជានេះ ព្រោះដើម្បីការពារខ្លួនឯង ជួយខ្លួនឯង និងសង្គមជាតិ។ បើពលរដ្ឋគ្រប់គ្នាចេះច្បាប់ យល់ដឹងពីច្រើន បានន័យថាធនធានមនុស្សរបស់ប្រទេសខ្លាំង ពលរដ្ឋគោរពច្បាប់ ដំណើរការអនុវត្តច្បាប់ប្រកបដោយនីតិវិធីគតិយុត្តិត្រឹមត្រូវ ជាហេតុធ្វើឳ្យប្រទេសមាននីតិរដ្ឋ មានការគោរពច្បាប់បានល្អ មានតម្លាភាពចំពោះការអនុវត្តច្បាប់នៅក្នុងសង្គម។
កញ្ញាស៊ីណេតបន្ថែមថា៖ «ច្បាប់ពិតជាសំខាន់មែនសម្រាប់មនុស្សគ្រប់រូប។ ការសិក្សាមុខវិជ្ជាច្បាប់មិនមែនសម្រាប់តែប្រុសទេ ស្រ្តីក៏អាចរៀនបានដែរ។ ជាការពិត គេមិនសូវឃើញមាននារីរៀបច្បាប់ទេ ខ្ញុំយល់ថា មុខវិជ្ជានេះលំបាករៀន ហើយពេលបំពេញការងារ អាចនឹងងាយគ្រោះថ្នាក់ទៀតផង។ ទោះយ៉ាងណា ខ្ញុំសង្ឃឹមថា ប្រសិនបើជាពេលខ្ញុំរៀនច្បាប់ចប់ និងក្លាយជាមេធាវី ខ្ញុំនឹងចូលរួមចំណែកជួយមនុស្សទូទៅទាក់ទងនឹងវិស័យច្បាប់ ពិសេសស្រ្តីនិងកុមារដែលជនងាយរងគ្រោះ»។
ចំណែក កញ្ញា ឃី ស្រីស្រស់ ជាអតីតជ័យលាភីមេដាយមាសអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី៩ ឆ្នាំ២០០៦ និងនៅថ្នាក់ទី១២ កញ្ញាក៏ជាសិស្សពូកែលេខ៧ទូទាំងរាជធានីភ្នំពេញ និងលេខ១១ទូទាំងប្រទេសផងដែរ។ ស្រីស្រស់យល់ឃើញថា ករណីរងគ្រោះដោយការរំលោភសិទ្ធិ រំលោភសេពសន្ថវៈ អំពើហិង្សានានា គឺភាគច្រើនជាស្ត្រីនិងកុមារី។ ហេតុនេះនារីខ្មែរគួរតែត្រូវរៀនច្បាប់ ព្រោះកាលណាយើងចេះដឹង គេមិនអាចមករំលោភបំពានយើងបានទេ។
នាងបន្តថា ការសិក្សាវិជ្ជាច្បាប់អាចជួយឱ្យយើងមានចំណេះទូលំទូលាយ ចេះការពារខ្លួនឯង គ្រួសារ អ្នកដទៃ និងចូលចំណែកអភិវឌ្ឍសង្គមជាតិផងដែរ។ មិនតែប៉ុណ្ណោះយើងអាចតស៊ូមតិជាសាធារណៈ ដោយមានអំណះអំណាងត្រឹមត្រូវប្រកបដោយមូលដ្ឋានគតិយុត្ត ចៀសវាងពីការរំលោភបំពានទាំងឡាយផងដែរ។ពេលបញ្ចប់វិទ្យាល័យ កញ្ញា ឃី ស្រីស្រស់ បានទទួលអាហារូបករណ៍បីមហាវិទ្យាល័យ តែបច្ចុប្បន្ន ស្រីស្រស់ បន្តតែមួយទេ គឺផ្នែកនីតិសាស្ត្រ ថ្នាក់ពិសេសភាសាបារាំង ឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
កញ្ញាបញ្ជាក់ថា ច្បាប់ក៏ជាមុខវិជ្ជាវិទ្យាសាស្ត្រមួយដែរ ហេតុនេះច្បាប់មានប្រយោជន៍ខ្លាំងណាស់នៅក្នុងសង្គមនីមួយៗ។ កាលណារដ្ឋមួយមិនមានច្បាប់ គឺនឹងក្លាយជាដែនដីអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ និងគ្មានការរីកចម្រើនឡើយ។
កញ្ញា ឃី ស្រីស្រស់ កត់សម្គាល់ថា សង្គមមានបញ្ហាអយុត្តិធម៌ជាច្រើន គឺដោយសារប្រព័ន្ធច្បាប់ធូររលុង។ ហេតុដូច្នេះ បានជានាងសម្រេចរៀនច្បាប់ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គមជាតិ និងរឿងរ៉ាវអយុត្តិធម៌នៅក្នុងសង្គម បើមិនបានច្រើន ក៏អាចរួមចំណែកជួយស្ត្រីខ្មែររងគ្រោះខ្លះដែរ។
នាងបន្តថា៖ «កន្លងមក នារីរងដោយការប្រើអំពើហិង្សា ការរំលោភសេពសន្ថវៈ និងបញ្ហាផ្សេងជាដើម មិនហ៊ាននិយាយចេញបញ្ហារបស់ខ្លួនទេ ពួកគេខ្មាសអៀនខ្លាំងណាស់ ហើយអ្នកប្រឹក្សាច្បាប់ភាគច្រើនជាបុរសទៀត ខ្ញុំយល់ថា បើមានស្ត្រីច្រើនជាអ្នកចេះដឹងច្បាប់ និងធ្វើការផ្នែកនេះ មុខជាអាចជួយនារីៗយើងឳ្យកាន់តែប្រសើរថែមទៀត ព្រោះស្រ្តីអាចយល់ពីទុក្ខលំបាករបស់ស្រ្តីដូចគ្នា ច្រើនជាងបុរស។ ទោះយ៉ាងណា ខ្ញុំសូមឱ្យបងប្អូនស្រ្តីដែលរងគ្រោះទាំងឡាយ សូមកុំលាក់លៀមបៀមទុកបញ្ហាទ្រាំឈឺចាប់គ្រាំគ្រា បងប្អូនត្រូវតែហ៊ានទៅរកអ្នកប្រឹក្សាច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរយុត្តិធម៌ ដើម្បីជួយដោះស្រាយបញ្ហាដោយសន្តិវិធី»។
ជាការប្រាកដណាស់នៅក្នុងសង្គមខ្មែរ វិសមភាពនៃនារីនិងបុរសក្នុងការកាន់ការងារស្រុកទេស ហាក់កំពុងតែលំអៀងទៅខាងបុរសច្រើន កញ្ញាស្រីស្រស់បានលើកឡើងទៀតថា៖ «គេមិនអាចថា សង្គមខ្មែរបង្អាប់បង្អោនតម្លៃស្ត្រី មិនឳ្យស្រ្តីកាន់កិច្ចការធំៗរបស់រដ្ឋនោះទេ តាមពិតទៅប្រទេសយើងត្រូវការនិងចង់បានការលើកតម្កើងស្ត្រីឳ្យកាន់មុខតំណែងសំខាន់ៗក្នុងក្រសួងស្ថាប័នដឹកនាំរដ្ឋណាស់ តែមកពីស្រ្តីភាគតិចតួចណាស់ដែលចេះច្បាប់ និងទទួលបានការអប់រំកម្រិតខ្ពស់ ដូច្នេះអ្នកកាន់កិច្ចការធំៗរបស់រដ្ឋគឺភាគច្រើនលើសលប់ គឺជាបុរស»។
ក្នុងវ័យ២០ឆ្នាំ កញ្ញាបង្ហាញពីគោលបំណងផ្ទាល់ខ្លួនដែលសិក្សាផ្នែកនីតិសាស្ត្រនេះថា៖ «តាំងពីតូចមក ខ្ញុំស្រឡាញ់ផ្នែកច្បាប់ ព្រោះទៅទីណាក៏គេត្រូវការច្បាប់ដែរ។ នៅពេលបញ្ចប់បរិញ្ញាបត្រ បើមានឱកាសល្អ និងសមត្ថភាពគ្រប់គ្រាន់ ខ្ញុំសង្ឃឹមថាខ្ញុំនឹងបានអាហារូបករណ៍ទៅបន្តអនុបណ្ឌិតនីតិឯកជន និងបណ្ឌិតនៅប្រទេសបារាំង។ បើមិនដូច្នោះទេ ខ្ញុំនឹងចូលបម្រើការជាទីប្រឹក្សាច្បាប់នៅការិយាល័យមេធាវីណាមួយ ហើយបន្តស្វែងរកអាហារូបករណ៍សិក្សាបន្ថែមទៀត»។ នាងបង្ហាញឆន្ទៈថា៖ «ខ្ញុំចង់ក្លាយជាមេធាវីនារីដ៏ឆ្នើម និងជាសាស្រ្តាចារ្យនីតិសាស្ត្រដ៏ល្បីនៅពេលអនាគត»។
ទន្ទឹមនឹងនេះ កញ្ញា មិន្ទស៊ុំ សូលីដា ជាសាស្ត្រាចារ្យនីតិសាស្ត្រ និងជាអ្នកសម្របសម្រួលទូទៅ នៃមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្តច្បាប់នៃសហប្រតិបត្តិការបារាំង ប្រចាំនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានមានប្រសាសន៍ថា៖ «ការជ្រើសរើសមុខវិជ្ជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមពុំមែនជារឿងងាយស្រួល ហើយក៏ពុំមែនជារឿងដែលធ្វើឡើងតាមការចៃដន្យនោះដែរ។ សម្រាប់រូបខ្ញុំផ្ទាល់ ការជ្រើសរើសយកមុខវិជ្ជានីតិសាស្រ្តសម្រាប់ការសិក្សានៅមហាវិទ្យាល័យ គឺធ្វើឡើងដោយឆន្ទៈផ្ទាល់ខ្លួនផង និងឆន្ទៈរបស់ឪពុកម្តាយ ព្រមទាំងឱកាសដែលហុចឱ្យផងដែរ គឺខ្ញុំបានទទួលអារូបករណ៍សម្រាប់ការសិក្សាផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ម្យ៉ាងខ្ញុំមានបំណងក្លាយខ្លួនជាអ្នកច្បាប់ម្នាក់តាំងពីនៅក្មេងវ័យមកម្ល៉េះ ដោយយល់ឃើញថា វិជ្ជានេះនឹងបានចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ ពីព្រោះថាសង្គមមនុស្សត្រូវគ្រប់គ្រងដោយច្បាប់»។
នៅឆ្នាំ ២០០៧ កញ្ញា មិន្ទស៊ុំ សូលីដា បានទទួលសញ្ញាបត្របរិញ្ញាបត្រនីតិសាស្រ្តពីក្រសួងអប់រំខ្មែរផង និងបរិញ្ញាបត្រនីតិសាស្រ្តបារាំង សាកលវិទ្យាល័យលីយ៉ុង ២ ពីក្រសួងអប់រំបារាំងផង តាមរយៈកម្មវិធីអប់រំនីតិសាស្រ្តថ្នាក់ពិសេសភាសាបារាំង។ បន្ទាប់មក កញ្ញាបានទទួលអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យលីយ៉ុង៣ ប្រទេសបារាំង និងបានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអចលនវត្ថុ នៅឆ្នាំ២០១០។ សព្វថ្ងៃ កញ្ញាក៏កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មួយទៀតផ្នែកនីតិជំនួញអន្តរជាតិដែលមានសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាមួយនឹងសាកលវិទ្យាល័យបារាំង ប៉ង់តេអុង អាសាស ប៉ារីស២។
តាមការមើលឃើញជាក់ស្តែង និងការបង្រៀនដោយផ្ទាល់កន្លងមក កញ្ញាសាស្ត្រាចារ្យ មិន្ទស៊ុំ សូលីដា ថ្លែងថា នៅក្នុងថ្នាក់នីមួយៗ ចំនួនសិស្សនារីតិចជាងចំនួនសិស្សបុរស ពី២ទៅ៣ ដងឯណោះ បើទោះបីជាគេសង្កេតឃើញថាការស្វែងរកការអប់រំនៅថ្នាក់ឧត្តមសិក្សារបស់នារីខ្មែរមានការកើនឡើងលើគ្រប់មុខវិជ្ជាក៏ដោយ។
កញ្ញាសាស្ត្រាចារ្យសង្កត់ធ្ងន់ថា ការពិតទៅមុខវិជ្ជាច្បាប់ ពុំមែនសម្រាប់តែនារីរៀន ឬមួយសម្រាប់តែបុរសទើបរៀនបាននោះឡើយ ប៉ុន្តែគឺវាជាមុខវិជ្ជាដ៏សំខាន់មួយ ដែលពលរដ្ឋគ្រប់រូបត្រូវតែចេះដឹង។ ម៉្យាងវិញទៀតចំពោះកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ ការពង្រឹងវិស័យច្បាប់ត្រូវបានមើលឃើញថាមានសារៈសំខាន់ នៅក្នុងគ្រប់បរិបទ។ តួយ៉ាងដូចជា នៅក្នុងវិស័យវិនិយោគ ក្របខណ្ឌច្បាប់ដ៏ច្បាស់លាស់គឺជាកត្តាមួយក្នុងការទាក់ទាញការវិនិយោគពីបរទេសផងដែរ។ ក្នុងន័យនេះ ការចូលរួមពីនារីក្នុងវិស័យនេះគឺជាការចូលរួមមួយយ៉ាងធំធេងស្របពេលដែលសង្គមត្រូវការធនធានមនុស្ស។ សម្រាប់រូបនារីផ្ទាល់ ការសិក្សាផ្នែកច្បាប់អាចកាត់បន្ថយភាពងាយរងគ្រោះដែលនារីជួបប្រទះដោយសារភាពទន់ខ្សោយខាងកម្លាំងកាយ ដោយសារថានារីមានការពិចារណាបានវែងឆ្ងាយ យល់ដឹងពីច្បាប់ ពីនីតិវិធីក្នុងការប្តឹងក្នុងករណីមានការរំលោភបំពាន មានក្តីក្លាហាននឹងបញ្ចេញយោបល់ និងផ្តល់អំណះអំណាង។
យោងតាមការសង្កេតឃើញរបស់កញ្ញាសាស្ត្រាចារ្យរូបនេះ តាមរយៈបណ្តាញសារព័ត៌មាន មានករណីជាច្រើនទាក់ទងនឹងការទទួលរងគ្រោះរបស់នារី ដូចជាការរំលោភសេពសន្ថវៈ អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទ ការរំលោភបំពាន ឬវិសមភាពក្នុងវិស័យការងារ ការរើសអើង… ភាគច្រើនៃករណីរងគ្រោះទាំងនេះ តែងផ្សារភ្ជាប់មូលហេតុទៅនឹងភាពមានកម្រិតនៃចំណេះដឹងរបស់នារីរងគ្រោះទាំងនោះ។ ដូច្នេះការពង្រឹងចំណេះដឹងរបស់នារីឱ្យកាន់តែប្រសើរ ជាពិសេសចំណេះដឹងខាងផ្លូវច្បាប់ នឹងចូលរួមក្នុងការកាត់បន្ថយភាពងាយរងគ្រោះដែលនារីកំពុងជួបប្រទះនាពេលបច្ចុប្បន្ន៕
ផ្សាយក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៥ ខែមីនា ឆ្នាំ២០១២, ទំព័រ៣៦-៣៧
ដោយ ហេង ឧត្ដម