Archives

អំណោយ​តាម​ Facebook ឆ្លុះ​បង្ហាញ​ពីទិដ្ឋភាព​ច្រើន​យ៉ាងក្នុង​សង្គម​ខ្មែរ​!

បច្ចុប្បន្ននេះ គេមើលឃើញតាមបណ្តាញសង្គម Facebook គឺសម្បូរទៅដោយការប្រកាសអំពាវវនាវស្វែងរកជំនួយ ទាំងលក្ខណៈជាក្រុម ឬជាបុគ្គល ទាំងប្រកាសរកជំនួយសម្រាប់ជួយខ្លួនឯងក្តី ឬក៏សម្រាប់ជួយនរណាផ្សេងទៀតក្តី។ ចំណែកអំណោយសប្បុរធម៌ក៏ធ្លាក់ទៅព្រោងព្រាតជាហូរហែដែរ។ ចំពោះការសុំជំនួយនិងការផ្តល់អំណោយតាមរយៈFacebook នេះ គឺឆ្លុះបញ្ជាំងពីទិដ្ឋភាពច្រើនយ៉ាង នៅក្នុងសង្គមខ្មែរ។

សូមស្តាប់ ហេង ឧត្តម ៖ 

wip-facebook-results-oct-29-results

Facebook គឺជាទីពេញនិយមយ៉ាងខ្លាំងចំពោះសហគមន៍ខ្មែរ ហើយជាទីដែលប្រមូលផ្តុំដោយមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ហើយ Facebook ក៏ជាបណ្តាញដ៏មានប្រសិទ្ធភាពផងដែរ សម្រាប់ការអំពាវវនាវឲ្យប្រមូលផ្តុំមនុស្សធ្វើកម្មវិធីអ្វីមួយ និងរាប់ទាំងពិធីសប្បុរសធម៌ជាដើម។

រយៈកាលចុងក្រោយនេះ អ្នកប្រើប្រាស់ Facebook ខ្លះ មាននិន្នាការថ្មីមួយ ដោយប្រើបណ្តាញសង្គមមួយនេះ ដើម្បីសុំជំនួយឧបត្ថម្ភសម្រាប់ខ្លួនឯងក្តី និងសម្រាប់អ្នកដទៃផ្សេងទៀតក្តី ដែលកំពុងតែធ្លាក់ក្នុងស្ថានភាពវេទនា ដោយមានសរសេររៀបរាប់ ភ្ជាប់ដោយរូបភាព និងមានទាំងវីដេអូ ឬក៏ឃ្លិបវីដេអូសម្ភាសទៀតផង។ លើសពីនេះ បើអានទៅ ឬមើលទៅ ឃើញថា មិនសូវលំបាកវេទនាខ្លាំងទេ ក៏មិនជាសូវមានអ្នកជួយច្រើនដែរ។

តើគេអាចយល់បានអ្វីខ្លះពីទំនោរនិន្នាការថ្មីនេះ? ចម្លើយចំពោះសំណួរនេះ ប្រហែលជាត្រូវផ្អែកទៅលើទិដ្ឋភាពច្រើនយ៉ាង។

ទី១ គេទំនងជាអាចគិតបានថា ពលរដ្ឋខ្មែរចាប់ផ្តើមចេះត្អូញត្អែឲ្យគេអាណិតកាន់តែច្រើនជាងមុន ស្របពេលដែលមានភាពជឿនលឿននៃវិស័យផ្សព្វផ្សាយ។ និយាយបែបផ្សេង អ្នកដែលចង់បានជំនួយឧបត្ថម្ភ គឺទាល់តែចេះសម្តែងធ្វើទុក្ខសោកខ្លាំង ធ្វើជាលំបាកវេទនា ហើយទាល់តែស្ថានភាពនោះ វាដុនដាបមែនទែន ទើបមានអ្នកជួយឧបត្ថម្ភគាំទ្រច្រើន។

ទី២ បើគេមិនផ្សព្វផ្សាយថាវេទនា នោះគ្មានអ្នកជួយឡើយ ពិសេសរដ្ឋបាលទីកន្លែងនោះ។ចំពោះទិដ្ឋភាពនេះ គេក៏អាចវាយតម្លៃបានដែរថា ដោយសារតែគ្មានសេវាថែទាំសង្គមបានត្រឹមត្រូវ និងគ្រប់គ្រាន់ដិតដល់ ទើបពលរដ្ឋខ្មែរខ្លះ សុទ្ធចិត្តរហូតដល់ប្រកាសស្វែងរកជំនួយ ដែលត្រូវបញ្ចេញមុខមាត់ពិត ហែកអស់របាំងខ្មាសអៀន ដើម្បីបានការជួយឧបត្ថម្ភ។

និយាយម្យ៉ាងទៀត គឺអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរពាក់ព័ន្ធ ទំនងជាគ្មានមើលឃើញពីភាពយ៉ាប់យឺនរបស់ពួកគេទាំងនោះ ឬក៏មិនអាចដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឲ្យបានគ្រប់ច្រកល្ហក ទើបអ្នកទាំងឡាយនោះ ត្រូវសម្រេចចិត្តចេញមុខ រកទីរំពឹងដោយខ្លួនឯង ឲ្យទាន់សភាពការណ៍។

ទី៣ ចំពោះទិដ្ឋភាពអ្នកសុំជំនួយតាម Facebook ដែលបង្ហាញអាការៈ ឬសភាពវេទនា ហើយបានជំនួយច្រើនជាលំដាប់ ក៏បង្ហាញផងដែរ ពីសប្បុរសជនសម័យឥឡូវ មានចិត្តសន្តោសច្រើន និងមានការយល់ដឹងច្រើនជាងមុន។ យល់ដឹងជាងមុន ព្រោះថា ទាល់តែឃើញរូបភាព ក្រពិត លំបាកវេទនាពិត មានរូបភាព មានភស្តុតាងជាក់ស្តែង ទើបគេសុខផ្តល់ជំនួយ។ គឺមិនមែនចេះតែជួយៗ ដូចពីមុនឡើយ។

ទី៤ វាក៏បង្ហាញផងដែរ ថាអ្នកខ្លះដែលជួយផ្តល់ការឧបត្ថម្ភ គឺរំពឹងនឹងចង់បានមុខមាត់មកវិញ។ ជាក់ស្តែង នៅពេលដែលអ្នកក្នុង Facebook បង្ហោះបង្ហាញថា ទីណាលំបាក ឬមានមនុស្សណាម្នាក់វេទនាហើយត្រូវការជំនួយ ពេលដំណឹងនេះ មិនឮខ្ទរខ្ទារខ្លាំង ក៏មិនសូវមានអ្នកលូកដៃជួយច្រើនប៉ុន្មានទេ ប៉ុន្តែដល់រឿងនោះវាផ្ទុះល្បីខ្លាំងទៅ ទើបមានអ្នកមានលុយឬអ្នកមានអំណាច ផ្តើមចេញមុខជួយ។ ការជួយបែបនេះ ក៏ទំនងជាអាច ជាការឆ្មក់ឱកាស បានរីកមុខរីកមាត់ ថាជាអ្នកមានចិត្តធម៌ ដោយសារត្រូវគេយកទៅផ្សាយតាម Facebook ព្រោងព្រាត។

លើសពីនេះ គេក៏អាចគិតទៅដល់សេណារីយ៉ូប្លែកមួយទៀត គឺការប្រកាសស្វែងរកជំនួយតាមប្រព័ន្ធបណ្តាញសង្គមយ៉ាងដូច្នេះ គឺអាចនឹងជាឱកាសល្អ ចំពោះជនខិលខូចមួយចំនួន ឆ្លៀតឆ្មក់ កេងយកចំណេញ តាមរយៈការធ្វើសកម្មភាពស្វះស្វែងរកជំនួយជួយនេះជួយនោះ តែទីបំផុតគឺធ្វើឲ្យកញ្ចប់ជំនួយធ្លុះធ្លាយជាដើម។

ទន្ទឹមនេះ សកម្មភាពផ្សាយពីទុក្ខសោកតាមបណ្តាញសង្គម ក៏អាចក្លាយជាកញ្ចក់ឆ្លុះពីការឆកល្វែងលើសុខុមាលភាពសង្គមរបស់ខ្មែរផងដែរ។ មិនតែប៉ុណ្ណោះ វាអាចជាការស្តែងពីភាពខ្វះចន្លោះរបស់មន្ត្រីមូលដ្ឋាន ដែលមិនបានរាយការណ៍ ឬជូនដំណឹងពីសភាពជាក់ស្តែងរាស្ត្រចុងកាត់មាត់ញក ដល់ថ្នាក់លើ ឬស្ថានប័នជំនួយណាមួយរបស់ជាតិ ហើយក៏អាចនិយាយបានថា  បើរាយការណ៍ទៅ ខ្លាចធ្លាក់ការណ៍នេះជាភារៈបន្ទុករបស់ខ្លួន ឬអង្គភាពខ្លួនទៅវិញ ក៏ថាបាន។ ទោះយ៉ាងនេះក្តី ការអំពាវនាវ តាម Facebook នេះក៏មានប្រសិទ្ធភាពម្យ៉ាងដែរ ព្រោះអាចបានឃើញដឹងលើដល់ថ្នាក់ដឹងនាំ។

យ៉ាងណាមិញ ការជួយគ្នាទៅវិញទៅមកនៅក្នុងសង្គម គឺជាកាយវិការល្អ និងជាកាពត្វកិច្ចរបស់មនុស្សជាតិ។ ក៏ប៉ុន្តែ វប្បធម៌ចែករំលែក ជួយសង្គ្រោះគ្នា ទំនងជាមិនចាំបាច់ទាល់ឃើញលំបាកវេទនាក្នុងប្រព័ន្ធផ្សព្វផ្សាយ ទើបបានជួយនោះទេ។ ពោលគឺសង្គមខ្មែរគួរតែមានប្រព័ន្ធសេវាសង្គមបានគត់មុត និងមានប្រសិទ្ធភាពជាងសព្វថ្ងៃនេះ។ មិនដូច្នេះទេ ពលរដ្ឋខ្មែរ អាចកាន់តែច្រើនឡើងៗ នឹងប្រកាសស្វែងរកជំនួយតាម Facebook  ជាក់ជាពុំខាន៕

បើ ​គ.ជ.ប.មិនព្រមលុបឈ្មោះជន​សង្ស័យ​ថាជា​វៀតណាមទេ តើ​គេ​ត្រូវ​ធ្វើ​អ្វីទៀត?

ប៉ុន្មានថ្ងៃមកនេះ គ.ជ.ប. ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន ចំពោះការមិនព្រមលុបឈ្មោះជនសង្ស័យថាជាជនបរទេស ពិសេសគឺជនជាតិវៀតណាម។ ចំពោះមូលហេតុរបស់គ.ជ.ប. គឺដោយសារតែជនទាំងនោះ មានឯកសារត្រឹមត្រូវគ្រប់គ្រាន់តាមកំណត់នៃច្បាប់បោះឆ្នោត។ ក៏ប៉ុន្តែចំពោះអ្នកប្តឹងជំទាស់និងមហាជនជាទៅ នៅតែងឿងឆ្ងល់ថា ហេតុអ្វីក្រុមប្រឹក្សាជំនុំជម្រះរបស់គ.ជ.ប. មិនព្រមសួរដេញដោលឲ្យមានតម្លាភាពជាងនេះ? ដូច្នេះតើអ្វីទៅជាប្រភពនៃបញ្ហា ហើយគេត្រូវដោះស្រាយដូចម្តេច?

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/nec-election-19-01-2017

Siv channa02(9)

ប្រធានគ.ជ.ប. លោក ស៊ិក ប៊ុនហុក

បណ្តឹងជំទាស់ ដែលសុំឲ្យលុបឈ្មោះជនបរទេសក្នុងបញ្ជីបោះឆ្នោត គឺមានចំនួន ៦៤ បណ្តឹង ដែលប្តឹងឡើងទៅដល់គ.ជ.ប.។ បណ្តឹងទាំងនោះ គឺពាក់ព័ន្ធនឹងជនបរទេស ចំនួន ១ ១៨៩ នាក់។  ភាគច្រើននៃជនទាំងនេះ ត្រូវអ្នកប្តឹងជំទាស់ ដែលតំណាងដោយក្រុមមេធាវីរបស់បក្សសង្គ្រោះជាតិ សង្ស័យថាជាជនជាតិវៀតណាម។

ហើយបើតាមពាក្យប្តឹង, អ្នកទាំងនេះ មួយចំនួនមិនចេះភាសាខ្មែរ ឬនិយាយខ្មែរមិនច្បាស់។ អ្នកខ្លះទៀត ឲ្យតែដល់ពេលបុណ្យចូលឆ្នាំចិននិងវៀតណាម គឺធ្វើពិធីបែបប្រពៃណីវៀតណាម ហើយនិងទៅប្រារព្ធពិធីនៅប្រទេសវៀតណាមជាដើម។ អ្នកត្រូវគេសង្ស័យផ្សេងទៀត គឺមកពីអ្នកប្តឹងរស់នៅជិតខាងគ្នាស្រាប់ បានស្គាល់ប្រភពនិងសាវតារជាក់ច្បាស់ជាដើម។

ក៏ប៉ុន្តែ ហេតុផលប៉ុណ្ណេះ គឺគ្មានមូលដ្ឋានច្បាប់រឹងមាំនោះទេចំពោះក្រុមប្រឹក្សាជំនុំជម្រះរបស់គ.ជ.ប. ហើយតាំងពីនៅថ្នាក់ឃុំសង្កាត់ រហូតដល់ថ្នាក់ជាតិនៅទីស្នាក់គ.ជ.ប. គឺសម្រេចមិនលុបឈ្មោះពួកគេទាំងនោះទេ ដោយសំអាងថា បុគ្គលទាំងនោះ មានអត្តសញ្ញាណបណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតបានត្រឹមត្រូវហើយ។

ការអះអាងរបស់គ.ជ.ប.យ៉ាងដូច្នេះ គឺមិនអាចទទួលយកបានទេចំពោះអ្នកប្តឹងជំទាស់និងពលរដ្ឋខ្មែរខ្លះ ហើយពួកគេនឹកឆ្ងល់ថា ក្នុងសវនាការជំនុំជម្រះ តើម្តេចក៏គ.ជ.ប. មិនសាកសួរដេញដោលឲ្យស៊ីជម្រៅទៅ? តើក្រុមជនសង្ស័យទាំងនោះ បើជាជនបរទេសពិតមែន តើបានអត្តសញ្ញាណបណ្ណខ្មែរដោយរបៀបណា? តើមានព្រះរាជក្រឹត្យប្រទានសញ្ញាតិខ្មែរឬអត់?

ចម្លើយនៃសំណួរទាំងនេះ ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត គឺថាវាពីហួសដែនសមត្ថកិច្ចនៃគ.ជ.បហើយ។ នៅទីបំផុត គឺនៅតែធ្វើឲ្យមនុស្សមិនតិចទេ ដែលមិនអស់ចិត្ត គឺមិនស្រណុកចិត្តទាល់តែសោះ។

ដូច្នេះ តើអ្វីទៅជាដំណោះស្រាយ?

ជម្រើសទី១ គឺគេអាចប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ បើតាមផ្លូវច្បាប់ដែលចែងជាធរមាន! ចំពោះម្ចាស់ដើមបណ្តឹង ប្រសិនបើនៅតែមិនអាចទទួលយកបាននិងនៅតែមិនសុខចិត្ត គឺមានសិទ្ធិប្តឹងជំទាស់ឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញជាបន្តទៀត ដើម្បីសុំឲ្យលុបឈ្មោះជនសង្ស័យទាំងនោះ។ ករណីនេះ គ.ជ.ប. ទុកពេលឲ្យ៥ថ្ងៃ ហើយក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចក្នុងរយៈពេល១០ថ្ងៃ ហើយសេចក្តីសម្រេចជាចុងក្រោយនោះ គឺនឹងបិទផ្លូវតវ៉ា។

ជម្រើសទី២ គឺប្តឹងទៅតុលាការឲ្យដកហូតអត្តសញ្ញាណបណ្ណ ហើយយកសាលក្រម ឬសាលដីកាទៅបង្ហាញគ.ជ.ប.។

ចំពោះរឿងចម្រូងចម្រាស់ជុំវិញអត្តសញ្ញាណបណ្ណដែលជនសង្ស័យថាជាជនបរទេសកាន់ប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតនោះ  គឺអ្នកប្តឹងត្រូវបង្វែរទៅជជីកសួរខាងមន្ត្រីអត្តសញ្ញាណកម្ម ដែលជាអាជ្ញាធររបស់ក្រសួងមហាផ្ទៃវិញ។ ក៏ប៉ុន្តែរឿងនេះ គឺស្មុគស្មាញណាស់។

ហេតុនេះ ជាបឋម គេគួរយល់ថា ទំនាស់រឿងជាតិសាសន៍នៅក្នុងពេលរៀបចំការបោះឆ្នោតនេះ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនចម្លែក ពិសេសមានតែមួយនៅស្រុកខ្មែរដែរ។ នៅបរទេសផ្សេង រហូតដល់ប្រទេសជឿនលឿនខ្លះផង ក៏មានបញ្ហានេះដែរ។

ចំណុចទី២ មនុស្សជាទូទៅ គួរតែយល់និងទទួលស្គាល់ថា ក្រោយការដួលរលំនៃរបបខ្មែរក្រហម ទាហាននិងពលរដ្ឋវៀតណាម បានហូរចូល មកតាំងទីលំនៅកម្ពុជា ជិត៤០ឆ្នាំទៅហើយ។ ពួកគេទាំងនោះ ខ្លះមានប្រពន្ធខ្មែរ មានប្តីខ្មែរ និងមានកូនចៅកើតលើទឹកដីខ្មែរថែមទៀត។ ចំពោះអត្តសញ្ញាណបណ្ណដែលពួកគេទាំងនោះ បានទទួល គឺជាសំណល់នៃបញ្ហារបស់អាជ្ញាធរចាស់ ដែលដុះស្នឹមរាប់ទសវត្សរ៍មកហើយ។

ដូច្នេះហើយ បើចង់ប្តឹងឲ្យដកហូតអត្តសញ្ញាណបណ្ណ ឬប្តឹងជនបរទេសដែលកាន់កាន់ឯកសារបញ្ជាក់អត្តសញ្ញាណ មិនត្រឹមត្រូវ គឺមានតែប្តឹងផ្តល់ទៅតុលាការ ដែលជាសាលាជម្រះក្តី។

ប្រសិនបើតុលាការចេញសេចក្តីសម្រេចថា ដកហូតអត្តសញ្ញាណបណ្ណ ឬសម្រេចថា ជននោះ ប្រើអត្តសញ្ញាណបណ្ណ ពុំត្រូវត្រឹម ទើបគេអាចយកសាលាក្រម ឬសាលដីការបស់តុលាការនោះ ដែលជាភស្តុតាងរឹងមាំ ទៅស្នើសុំឲ្យ គ.ជ.ប. លុបឈ្មោះជននោះចេញពីបញ្ជីឈ្មោះបោះឆ្នោតបាន។

ទោះបីជាយ៉ាងណាក៏ដោយ ជម្រើសទាំង២ខាងលើនេះ គឺជាផ្លូវ និងជាច្រកបន្តទៀត! ក៏ប៉ុន្តែទំនងជាមិនបានសាច់ការច្រើនប៉ុន្មានឡើយ។ ហើយនៅទីបំផុត សម្រេចសម្រួចទៅ គ.ជ.ប.ថ្មី ដែលជាលទ្ធផលនៃការចរចាទំនាស់នយោបាយនោះ គឺទំនងជានៅតែបន្តរងការរិះគន់ ជៀសមិនផុត៕

 

លោក William Mclntyre៖សាលានៅស្រុកខ្មែរ មានចំណុចប្រហោងត្រូវបំពេញបន្ថែម!

img_3280

William Mclntyre

ភ្ញៀវប្រចាំថ្ងៃរបស់យើងរាត្រីនេះ គឺលោក William Mclntyre ដែលជាអ្នកតំណាងឲ្យអ្នកនិពន្ធ បណ្ឌិត Stephen R. Covey ម្ចាស់សៀវភៅ The 7 Habits។ សៀវភៅដែលលក់ដាច់ជាង៤០លានច្បាប់ ហើយដែលត្រូវបកប្រែជាង៤០ភាសានេះ នឹងត្រូវបកប្រែជាភាសាខ្មែរជាផ្លូវការ នៅឆ្នាំក្រោយ។

ថ្ងៃស្អែនេះ លោក William Mclntyre នឹងចែករំលែកកពីគន្លឹះសំខាន់ៗរបស់សៀវភៅនេះ នៅសាលាតិចណូ ក្រុងភ្នំពេញ គឺនៅក្នុងឱកាសជួបជុំជជែកគ្នាពីប្រធានបទ តើហេតុអ្វីបានជាវិស័យអប់រំមានសារៈសំខាន់។

ដូច្នេះសូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនិងលោក William Mclntyre ដែលមាន OR Bunneang ជាអ្នកបកប្រែសម្រួល៖

បើ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ប្រគេន​ព្រះសង្ឃ តើ​អាចផ្លាស់​​ប្តូរសំឡេង​ឆ្នោតដែរឬទេ​?

ចំនួនព្រះសង្ឃនៅស្រុកខ្មែរ មានជាង៥ម៉ឺនអង្គ។ ក្នុងនោះគឺមានព្រះសង្ឃ តែជាង៨ពាន់៨រយអង្គ តែប៉ុណ្ណោះ ដែលបានចុះឈ្មោះបោះឆ្នោតឃុំសង្កាត់។ ការមិនសូវមានសង្ឃទៅចុះឈ្មោះបោះឆ្នោតច្រើន គឺអាចមកពីការហាមប្រាមរបស់មន្ត្រីសង្ឃជាន់ខ្ពស់ និងមកពីគ្មានអត្តសញ្ញាណប័ណ្ណ ដែលជាឯកសារចម្បងបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ ដូច្នេះសួរថា បើគេធ្វើអត្តសញ្ញាណបណ្ណប្រគេនព្រះសង្ឃ តើអាចនឹងផ្លាស់ប្តូរសំឡេងឆ្នោតដែរឬទេ? សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/id-card-vote-rfi-oudom12-01-2017

14051689_1079219295459900_516751898782147417_n

ព្រះសង្ឃមានតែជាង ៨ ៨០០ អង្គ តែប៉ុណ្ណោះ ក្នុងចំណោមព្រះសង្ឃទាំងជាង៥ម៉ឺនអង្គ ដែលបានចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ សម្រាប់ឆ្នាំ២០១៧នេះ។ មានមូលហេតុច្រើនយ៉ាងដែលបណ្តាលឲ្យព្រះសង្ឃទៅចុះឈ្មោះបោះឆ្នោត បានតិចតួចយ៉ាងដូច្នេះ។

បញ្ហាចម្បងទី១ គឺមកពីគ្មានអត្តសញ្ញាណប័ណ្ណ ដែលជាឯកសារចម្បងបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ ព្រះសង្ឃភាគច្រើននៅស្រុកខ្មែរ គឺគ្មានអត្តសញ្ញាណបណ្ណទេ មានតែបណ្ណសម្គាល់ភេទអ្នកបួស គឺព្រះឆាយា សម្រាប់ព្រះភិក្ខុ ហើយសង្ឈដីកា សម្រាប់សមណេរ។

បញ្ហាទី២ គឺមានការអំពាវវនាវណែនាំពីសំណាក់មន្ត្រីសង្ឃខ្ពស់ជាន់ខ្ពស់ នៅក្នុងអនុសំវច្ចរៈមហាសន្និបាតសង្ឃ ប្រជុំមន្ត្រីសង្ឃទូទាំងប្រទេស ដែលចេញសង្ឃប្រកាស មិនឲ្យព្រះសង្ឃប្រលូកប្រឡាក់ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយគួរតម្កល់នៅជាទីស្អាតស្អំ និងជាអព្យាក្រឹត្យ។

ទី៣ ព្រះសង្ឃអង្គខ្លះដែលមានមនសិការស្ទុះស្ទាទៅចុះឈ្មោះបោះឆ្នោតដែរ តែគ្មានឯកសារគ្រប់គ្រាន់ គ្មានសំបុត្រកំណើត គ្មានការបញ្ជាក់ទីលំនៅជាដើម។ ចូរកុំភ្លេចថា សង្ឃភាពច្រើន ពេលបួសហើយ គឺច្រើនតែបានផ្លាស់ប្តូរវត្ត ឬផ្ទេរវត្តអារាមពីជនបទទៅគង់នៅវត្តក្នុងទីក្រុង ឬទីប្រជុំជន ដើម្បីបានបន្តការសិក្សាជ្រៅជ្រះ។ ដូច្នេះ ការបញ្ជាក់ឯកសារនានា បើគ្មានការឯកភាព ឬជួយសម្របសម្រួលពីព្រះចៅអធិការវត្ត ឬអ្នកធានាផ្សេងៗទេ គឺជាការលំបាកណាស់។

ទី៤ ទៀតសោត គឺទាក់ទងនឹងឆន្ទៈនៅក្នុងចូលរួមទៅចុះឈ្មោះបោះឆ្នោតតែម្តង។ ព្រះសង្ឃខ្លះ យល់ឃើញពីភាពស្មុគស្មាញចំពោះសំណុំបែបបទឯកសារនានា ដែលបម្រើឲ្យការបោះឆ្នោតរបស់ខ្លួន គឺមិនគ្រប់គ្រាន់ ហើយក៏មិននឹកនា ឬក៏មិនខ្នះខ្នែងទៅចុះឈ្មោះតែម្តង។ ប៉ុន្តែសង្ឃអង្គខ្លះ ក៏ខំខ្នះខ្នែងទៅចុះឈ្មោះបោះឆ្នោតដែរ តែពុំមានលិខិតស្នាមត្រឹមត្រូវ បានត្រូវបាត់បង់សិទ្ធិចុះឈ្មោះ ក៏មានដែរ។

ហើយចុងក្រោយគឺពាក់ព័ន្ធនឹងផ្នត់ទម្លាប់ និងគំនិតរបស់សង្គមមនុស្ស គឺនៅតែបន្តគិតថា ព្រះសង្ឃមិនគួរចូលរួមនៅក្នុងសកម្មភាពនយោបាយនោះទេ។ ក៏ប៉ុន្តែ ជាផ្លូវការ ចំពោះច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតរបស់ជាតិខ្មែរ គឺគ្មានមាត្រាណាមួយហាមប្រាមនោះឡើយ។ ព្រះសង្ឃក៏ដូចពលរដ្ឋទូទៅដែរ មានសិទ្ធិចុះឈ្មោះបោះឆ្នោត និងសិទ្ធិទៅបោះឆ្នោត ឲ្យតែមានអត្តសញ្ញាណបណ្ណ និងឯកសារត្រឹមត្រូវ។

ដូច្នេះ សួរថា ប្រសិនបើអាជ្ញធររដ្ឋសម្រេចធ្វើអត្តសញ្ញាណបណ្ណប្រគេនព្រះសង្ឃ តើអាចនឹងធ្វើឲ្យប្រែប្រួលសំឡេងឆ្នោត ឬបង្កើតអាសនៈសភាដែរឬទេ?

ចម្លើយតាមព្រះសង្ឃមួយចំនួន និងរាប់ទាំងមន្ត្រីសង្ឃជាន់ខ្ពស់ផង គឺការធ្វើអត្តសញ្ញាណបណ្ណ ទទួលស្គាល់ភេទអ្នកបួស ថាបានកើតនៅលើទឹកដីនេះនិងមានសញ្ជាតិខ្មែរដែរនោះ គឺគ្មានការខុសឆ្គងទៅនឹងធម្មវិន័យអ្វីទេ។ ព្រះសង្ឃដែលប្រសូត្រលើទឹកដីខ្មែរ គឺគួរមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដូចពលរដ្ឋខ្មែរទូទៅដែរ។

ម្យ៉ាងឆ្លើយថាបើសង្ឃមានអត្តសញ្ញាណបណ្ណ ហើយសិទ្ធិទូលំទូលាយចូលរួមបោះឆ្នោតទៀតនោះ គឺអាចធ្វើឲ្យសំឡេងឆ្នោតផ្លាស់ប្តូរ ឬបង្កើតអាសនៈសភាយ៉ាងណានោះ ក៏មិនទាន់ប្រាកដដែរ។ ដ្បិតថា តាមលក្ខណៈបច្ចេកទេស គឺអាចមានភាពលំបាកស្មុគស្មាញក្នុងការគណនារបាយសង្ឃ។ ក៏ប៉ុន្តែ ជាក់ស្តែង ច្បាស់ណាស់ ចំពោះការបោះឆ្នោតឃុំសង្កាត់ គឺនឹងត្រូវបូកជាមួយសំឡេងពលរដ្ឋទូទៅដែរ។ ចំណែកចំពោះការបោះឆ្នោតជាតិវិញ ចំនួនព្រះសង្ឃ ប្រមាណជាង៥ម៉ឺន ចំនួនប៉ុណ្ណេះ គឺអាចស្មើ១កៅអីដែរ។ នេះបើតាមការគន់គូររបស់អ្នកនាំពាក្យគ.ជ.ប.។

ដូច្នេះ បើព្រះសង្ឃនៅទៅទូទាំងប្រទេស ទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានច្រើនអង្គ នោះ ទោះតិចឬច្រើន ច្បាស់ជា សំឡេងឆ្នោត អាចនឹងថែម ឬថយខ្លះ ចំពោះតំណាងបក្សនយោបាយណាមួយជាប្រាកដ។

ហើយវានឹងប្រែប្រួលទៅទៀត ទៅតាមឆន្ទៈ ជីវភាព និងការអប់រំរបស់សង្ឃ។ ព្រោះថា បើព្រះសង្ឃគង់នៅវត្តអារាមណាដែលមានការគំរាមតឹងតែង និងជួបអត្តខាត់ ទំនងជានឹងចង់ផ្លាសប្តូរស្ថានភាពខ្លះដែរ។

ហើយសង្ឃខ្លះទៀត ដែលមានសីលធម៌ខ្ពស់ និងបានទទួលការអប់រំជ្រៅជ្រះ ហើយបើពេលទទួលសិទ្ធិពេញទីសម្រាប់ចូលរួមសកម្មភាពនយោបាយទៀតនោះ លោកអាចនឹងចូលរួមទេសនាពន្យល់ពលរដ្ឋជាទូទៅ ឲ្យចូលរួមបោះឆ្នោតបានកាន់តែច្រើន។ ហើយទីបំផុត សំឡេងឆ្នោត អាចនឹងរឹងតែផ្លាស់ប្តូរថែមទៀត។

យ៉ាងណាក៏ដោយ ការធ្វើអត្តសញ្ញាណបណ្ណប្រគេនសង្ឃ អាចឲ្យសង្ឃចុះឈ្មោះ និងបោះឆ្នោតបានកាន់តែទូលំទូលាយ នឹងកាន់តែធ្វើឲ្យការចូលរួមគោរពសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋបានកាន់តែច្រើន ហើយនេះក៏ជាចន្ទល់ នៃប្រជាធិបតេយ្យ របស់ខ្មែរ ទៅថ្ងៃខាងមុខ ៕

វិបត្តិ​ដីធ្លី៖ អាជ្ញាធរ​ត្រូវ​ព្យាបាលដំបៅ​ចាស់ និង​កុំ​បង្កើត​បញ្ហា​ថ្មី!

ថ្ងៃទី៣មករានេះ គឺជាខួប៥ឆ្នាំ នៃការបណ្តេញចេញ ចំពោះពលរដ្ឋប្រមាណ៣០០គ្រួសារនៅសហគមន៍បុរីកីឡា។ ជាក់ស្តែងទៅ ការបណ្តេញចេញដោយបង្ខំ និង រឿងវិបត្តិដីធ្លី គឺកើតមានច្រើនកន្លែង និងស្ទើរតែនៅគ្រប់ទិសទី នៃផ្ទៃប្រទេស។ អ្នកវិភាគមួយចំនួន មើលឃើញថា នេះជាដំបៅចាស់ដែលរដ្ឋអំណាចត្រូវព្យាបាលឲ្យជាសះស្បើយ។ បើពុំដូច្នោះទេ បក្សកាន់អំណាច អាចនឹងថយប្រជាប្រិយភាព ឬអាចនឹងបាត់ កៅអីសភា តទៅទៀត ក៏អាចថាបាន។

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/chronique-land-conflict-rfi-oudom-03-01-2016

សកម្មជនដីធ្លីដែលកំពុងតវ៉ា កន្លងមក

សកម្មជនដីធ្លីដែលកំពុងតវ៉ា កន្លងមក

ថ្ងៃទី៣មករាឆ្នាំ២០១២ គឺកាលពី៥ឆ្នាំមុន គេនៅចាំបានថា កងកម្លាំងអាជ្ញធរក្រុងភ្នំពេញ បានឈូសឆាយ វាយកម្ទេចលំនៅដ្ឋានរបស់ពលរដ្ឋ នៅសហគមន៍បុរីកីឡា ដែលមានអ្នករងគ្រោះប្រមាណ៣០០គ្រួសារ។ ក្រោយមក អាជ្ញាធរបានបញ្ជូនពលរដ្ឋទាំងនោះ ឲ្យទៅរស់នៅតំបន់ភ្នំបាត  ក្នុងឃុំផ្សារដែក ខេត្តកណ្តាល ប្រហែលជា៤៥គីឡូម៉ែត្រ។ កន្លែងថ្មីនេះ ឆ្ងាយពីកន្លែងរកស៊ី ឆ្ងាយពីមន្ទីរពេទ្យ ឆ្ងាយសាលារៀន គ្មានអនាម័យ ខ្វះសេវាសង្គមផ្សេងៗ ហើយជាជង្រក់ដែលគេចោលសំរាម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពោះអ្នកបុរីកីឡាមួយចំនួន ដែលមិនស្ងប់ចិត្ត និងមិនបានទទួលសំណងត្រឹមត្រូវសមរម្យនោះ បាននាំគ្នាក្រោកឈរ តវ៉ា ហើយបានចូលរួមរួមជាមួយចលនារបស់សហគមន៍ដទៃទៀត ដែលរងការបណ្តេញចេញដោយបង្ខំដែរនោះ ដូចជាសហគមន៍បឹងកក់ សម្បុកចាប សហគមន៍ផ្លូវរថភ្លើងជាដើម។ តាមរយៈការតវ៉ាកន្លងមក អ្នកខ្លះ ក៏ត្រូវប៉ូលីសវាយបង្ក្រាប ចាប់ខ្លួន ឃុំខ្លួន បាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ជាហូរហែរ។ 

ទោះបីជាយ៉ាងណាក្តី ចំពោះករណីសហគមន៍បុរីកីឡា ក្រុមហ៊ុនឯកជនផានអ៊ីម៉ិច(Phanimex) ដែលបានចុះកិច្ចព្រមព្រៀងសន្យាជាមួយប្រជាពលរដ្ឋទាំងនោះថា នឹងផ្តល់សំណងអគារចំនួន១០ខ្នង ជាថ្នូរនឹងការយកដីរបស់ពួកគេសម្រាប់អភិវឌ្ឍពាណិជ្ជកម្ម។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ គឺ៥ឆ្នាំទៅហើយ បន្ទាប់ពីការវាយកម្ទេចផ្ទះសម្បែររបស់ពួកគេ គឺសំណងសង់រួចស្រេច បានតែអគារ៨ខ្នងតែប៉ុណ្ណោះ។

ជម្លោះទំនាស់ដីធ្លី ការបណ្តេញដោយបង្ខំ និងដោយគ្មានសំណងសមរម្យ គឺបង្កជាវិបត្តិរ៉ាំរ៉ៃយ៉ាងច្រើន។ បើគ្រាន់តែនិយាយពីនៅរាជធានីភ្នំពេញ គឺមានការបណ្តេញចេញដោយបង្ខំ ដល់ទៅចំនួន៧៧កន្លែងឯណោះ ក្នុងរយៈកាលជាង១០ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ចំណងជើងថា «សន្យាខ្យល់» ស្រាវជ្រាវដោយសមាគមធាងត្នោត ចេញផ្សាយប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

ការសិក្សាមូលហេតុនៃការបណ្ដេញចេញដោយបង្ខំ ទាំង៧៧កន្លែងនោះ គឺក្រោមហេតុផលអភិវឌ្ឍន៍ និងដើម្បីសោភ័ណភាពរាជធានីភ្នំពេញ។ ហើយទីបំផុត មានតែ៣៥% នៃទីតាំងទាំងនោះ មានការអភិវឌ្ឍពេញលេញ, ៤០% មានការអភិវឌ្ឍខ្លះៗ ចំណែក ២៥% មិនទាន់មានការអភិវឌ្ឍអ្វីសោះ។

ក្រៅពីជម្លោះដីធ្លីនៅក្រុងភ្នំពេញ ក៏មានដែរវិបត្តិដីសម្បទានសេដ្ឋកិច្ចដើម្បីអភិវឌ្ឍ តាមបណ្តាខេត្តនានា។ តួយ៉ាង នៅកោះកុង កំពង់ឆ្នាំង បាត់ដំបង សៀមរាប បន្ទាយមានជ័យ រតនគិរីជាដើម គឺស្ទើរតែគ្រប់ជ្រុងនៃមាតុភូមិ។

ចំពោះក្រសែភ្នែកអ្នកវិភាគខ្លះ ស្នូរសម្រែក យំថ្នូរ របស់ពលរដ្ឋដែលបាត់បង់ដីធ្លី រួមទាំងអយុត្តិធម៌សង្គមចំពោះអ្នកបាត់បង់ផ្ទះសម្បែក គឺជាចំណែកសំខាន់មួយ ដែលធ្វើឲ្យបក្សកាន់អំណាចជ្រុះកៅអីនៅរដ្ឋសភា ដល់ទៅជាង២០អាសនៈ កាលពីពេលបោះឆ្នោតជាតិ២០១៣។

ហេតុដូច្នេះហើយ ទើបរដ្ឋាភិបាលអាណត្តិទី៥នេះ បានផ្តើមចេះឆ្លុះកញ្ចក់ ងូតទឹក សម្អាតខ្លួន និងព្យាបាលជំងឺ។ និយាយដាច់ដោយឡែក  គឺធ្វើកំណែទម្រង់លើដំណោះស្រាយវិបត្តិដីធ្លី ដោយមានការបែងចែកសមត្ថកិច្ចរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី។ ក៏មានដែរ ការបង្កើតគណៈកម្មការដោះស្រាយវិវាទដីធ្លី របស់ក្រសួងរៀបចំដែនដី គឺបន្ទាប់ពីគេមើលឃើញថា យន្តការស្បែកខ្លា និង ការឲ្យកូនចៅរបស់អ្នកធំចុះទៅដោះស្រាយវិបត្តិដីធ្លី ហាក់ពុំសូវមានប្រសិទ្ធភាពរួចមក។

សព្វថ្ងៃ ករណីអគារប៊ូឌីងសដែលកំពុងតែដំណើរការចរចា គឺមានការចូលរួមដឹងឮនិងបញ្ចេញយោបល់ច្រើនពីពលរដ្ឋ។ យន្តការដោះស្រាយ និងការសម្របសម្រួល ក៏មានជាច្រើនដែរ។ ក៏ប៉ុន្តែ ពលរដ្ឋខ្លះ គឺនៅតែខ្លាចរអារ ហើយភាគច្រើនគឺចង់បានសំណងសមរម្យ ជាប្រាក់ដល់ដៃឲ្យស្រេចឲ្យហើយតែម្តង ជាជាងដែលត្រូវរង់ចាំយូរឆ្នាំតទៅទៀត។ ទន្ទឹមនេះ បើករណីប៊ូឌីងស ដោះស្រាយមិនបានល្អ ហើយវាក្លាយដោយចៃដន្យណាមួយ ទៅជាបញ្ហាដីធ្លីជាថ្មីទៀតនោះ គឺនឹងបង្កជាបញ្ហាថ្មី វិបត្តិធ្ងន់សម្រាប់រដ្ឋអំណាចខ្លួនឯងហើយ។

ដូច្នេះ ទោះបីជាក្នុងតម្លៃប៉ុណ្ណាក៏ដោយ អាជ្ញាធរត្រូវព្យាបាលដំបៅចាស់ទាំងឡាយ ហើយដោះស្រាយបិទបញ្ចប់វិបត្តិដែលរ៉ាំរៃ និងកុំបង្កើតបញ្ហាថ្មីបន្តទៀត។ បើពុំដូច្នោះទេ ស្នូរយំស្រែករបស់ពលរដ្ឋដែលបាត់បង់ដីធ្លីនិងផ្ទះសម្បែក គឺនៅតែឮតទៅ និងរឹងរឹតកាន់តែកងរំពងតាមប្រព័ន្ធឃោសនាមហាជន  ហើយស្រមោលនៃការបាត់បង់ចំនួនក្រុមប្រឹក្សាឃុំសង្កាត់ ឬស្រមោលនៃធ្លាក់កៅអីនៅរដ្ឋសភា គឺទំនងជានឹងនៅតែបន្តលងបន្លាចបក្សកាន់អំណាច តទៅទៀត ក្នុងឱកាសបោះឆ្នោត នាពេលខាងមុខ៕

ហេតុអ្វី Facebook ​មេបក្ស​ខ្លះ គ្មាន​ Comment រិះគន់?

Sam Rainsy and Hun Sen

Sam Rainsy and Hun Sen

Facebook គឺជាឧបករណ៍ពេញនិយមសម្រាប់ការធ្វើនយោបាយនៅកម្ពុជា។ ដូច្នេះហើយ ទើបមេដឹកនាំគ្រប់គណបក្ស គឺសុទ្ធតែមានទំព័រ Facebook ផ្លូវការ រៀងៗខ្លួន។ ក៏ប៉ុន្តែ គេសង្កេតឃើញថា នៅក្នុងទំព័រ Facebook របស់មេបក្សធំៗទាំងនោះ គឺជាទូទៅ គេកម្រ ឬស្ទើរតែមិនដែលឃើញ Comment ឬមតិ បែបជេរប្រមាថ ឬក៏ជាការរិះគន់បែបធ្ងន់ធ្ងរទាល់តែសោះ។ តើមេបក្សទាំងនោះលុបចោល ឬក៏គ្មានអ្នកណាជេរទេ? តើហេតុអ្វីបានជាមានសុទ្ធតែ Comment ល្អ និងសារគាំទ្រនៅលើទំព័រ Facebook របស់ពួកគេទាំងនោះ?

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/criticism-comment-on-facebook-of-political-social-media-05-01-2017

wip-facebook-results-oct-29-results

ជាការពិតជាក់ស្តែង ប្រសិនបើគេចូលទៅមើល C omment មតិយោបល់ទាំងឡាយ នៅក្នុងទំព័រ Facebook របស់មេបក្សកាន់អំណាច គឺជាឃើញយ៉ាងប្រាកដ សារល្អៗ ពាក្យសរសើរគាំទ្រ និងសារជូនពរយ៉ាងពីរោះ ព្រមទាំងរូបមេដៃ រូបបេះដូង ដែលបង្ហាញពីការស្រឡាញ់ពេញចិត្ត។ គឺគ្មានទេ ពាក្យជេរប្រមាថ ពាក្យត្មះតិះដៀល។

មិនខុសគ្នាទេ Facebook Page របស់មេបក្សប្រឆាំង សឹងតែរាល់គ្រប់ប្រធានបទដែលបានបង្ហោះផ្សាយនៅ Facebook របស់គាត់ គឺគ្មានឡើយ  សាររិះគន់ ពាក្យអសុរោះ ឬសម្តីជេរប្រមាថ ចំពោះបុគ្គលខ្លួន និងបក្សរបស់ខ្លួន។

ដូចគ្នានេះដែរ ចំពោះបុគ្គលសាធារណៈ និងអ្នកនយោបាយធំគ្រាក់ៗផ្សេងទៀត ដែលប្រើ Facebook នៅត្រង់កន្លែង ផ្តល់មតិយោបល់ ឬ Comment គឺស្ទើរតែគ្មានទាល់តែសោះ ពាក្យជេរបញ្ចោរ ឬមិនសមរម្យ។ តើមកពីហេតុអ្វី?

ដើម្បីឆ្លើយនឹងសំណួរនេះ គឺសាមញ្ញទេ។ ដ្បិតថា គេគ្រប់គ្នាដឹងច្បាស់ស្រេចហើយថា មេបក្សនយោបាយធំៗទាំងអស់ គឺសុទ្ធតែមានសហការី និងក្រុមការងារតាមដាន និងគ្រប់គ្រងកាន់ទំព័រ Facebook ឲ្យពួកគេតែរៀងៗខ្លួន។ ដូច្នេះ គ្មានអ្វីចម្លែកទេ ចំពោះពាក្យមិនសមរម្យ ឬពាក្យជេរត្មះតិះដៀលទាំងឡាយ ទំនងជាត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងដិតដល់ និពិត្យជាទៀតទាត់ ហើយអាចនឹងត្រូវគេលុបសម្អាតចោល។

ក៏ប៉ុន្តែចំពោះសកម្មភាពនេះ គឺជាការបង្ហាញថា មេបក្សធំៗមួយចំនួនទាំងនោះ ចូលចិត្តអានមើល និងស្តាប់ នូវពាក្យសរសើរ ជាងពាក្យរិះគន់ ហើយពាក្យជេរប្រមាថខ្លះ គឺស្តាប់មិនចូលត្រចៀក នោះទេ។ គឺពេញចិត្តមើលនិងស្តាប់ពាក្យល្អៗ ផ្អែមៗ ជាងពាក្យគ្រោតគ្រាត។ បើទោះបីជាពាក្យគ្រោតកគ្រាតខ្លះ ជាពាក្យពិតដ៏ដោយ។

ទន្ទឹងនេះ ក៏បង្ហាញដែរថា បុគ្គលអ្នកនយោបាយនេះ គឺទទួលយកតែត្រូវ យកតែល្អ យកតែការសរសើរ ប៉ុន្តែប្រសិនបើការពាក្យមិនល្អ មិនពីរោះស្តាប់ ឬការរិះគន់ បែរជាមិនសប្បាយចិត្ត  ហើយបដិសេធទាល់ចោល។

ម្យ៉ាងទៀត បើទុកពាក្យមិនល្អ ពាក្យជេរផ្សេងៗ នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន គឺទំនងជាបង្ហាញផងដែរ ពីរូបភាពមិនល្អចំពោះបុគ្គលខ្លួន និងបក្សរបស់ខ្លួន។ ពោលគឺទុកពាក្យជេរទាំងនោះ គឺមិនចំណេញ ព្រោះថាអាចនឹងមានរឿងខ្លះ គឺមានគេជេរច្រើន។

ត្រង់ចំណុចនេះ គឺខុសប្លែកពីបណ្តាប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជា វិទ្យុអាស៊ីសេរី VOA វិទ្យុបារាំងអន្តរជាតិ កាសែតដទៃទៀត ដែលចែករំលែកការផ្សាយតាមប្រព័ន្ធ Facebook និង ដែលមានអ្នកចុច Like សឹងតែរាប់លាននាក់ ដូចទំព័រ Facebook របស់អ្នកនយោបាយដែរនោះ គឺគេអាចចូលទៅមើល និងឃើញពាក្យទាំងសរសើរ និងរិះគន់ ហើយក៏ឃើញផងដែរ ពាក្យជេរប្រមាថបែបអសុរោះផ្សេងៗនោះ។

ទោះយ៉ាងណាក្តី នៅក្នុងបណ្តាញសង្គមសព្វថ្ងៃ ក៏មានដែរមេបក្សនយោបាយខ្លះ ដែលគេអាចចូលទៅមើលទំព័រផ្លូវការរបស់ពួកគេទាំងនោះ គឺមានទាំងមតិជេរ រិះគន់ រហូតដល់ប្រមាថកាតទានផង ក៏នៅតែអាចមើលឃើញ។ ចំណុចនេះ គឺបង្ហាញពីការបើកចំហចិត្ត ទទួលយកការពិតរបស់អ្នកនយោបាយរូបនោះ ក៏ប៉ុន្តែ គេក៏អាចថាម្យ៉ាងទៀតបានដែរ ថា អ្នកនោះមិនខ្ចីខ្វល់។

ទោះជាយ៉ាងនេះក្តី  អ្នកនយោបាយគ្រប់រូប ក៏ជាបុថុជ្ជន មនុស្សសាមញ្ញ ដូចគេដូចឯងដែរ។ សច្ចភាពរបស់មនុស្ស ក៏មិនសុទ្ធតែល្អទាំងអស់នោះឡើយ។ ហេតុនេះ គេរាល់គ្នាគួរចេះទទួលស្គាល់ការពិតខ្លះ ហើយការពិតនេះ ពេលខ្លះ គឺគ្រោតគ្រាត ហើយមិនចេះតែល្អផូរផង់តែរហូតនោះទេ៕

អ្នកនាំពាក្យ គួរធ្វើជាឆ្កែចចក ឬជាកូនក្រមុំ?

 

អ្នកនាំពាក្យ ជាគឺបុគ្គលសំខាន់មួយរូបរបស់ស្ថាប័នរដ្ឋនិងឯកជន ឬជាអ្នកតំណាងឲ្យបុគ្គលសំខាន់ណាម្នាក់។ ប្រសាសន៍របស់អ្នកនាំពាក្យឲ្យស្ថាប័នសាធារណៈ គឺមានភាពចាំបាច់ណាស់ ក្នុងឆ្លើយតបនឹងបញ្ហា ឬស្រាយបំភ្លឺចំពោះចម្ងល់របស់សាធារណជន។ ចំពោះសង្គមខ្មែរបច្ចុប្បន្ន តួនាទីជាអ្នកនាំពាក្យ គឺជាតំណែងថ្មីមួយដែលគេទើបតែបានឮច្រើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នកនាំពាក្យមួយចំនួន ហាក់ពុំទាន់អាចបំពេញតួនាទីរបស់ខ្លួនបានពេញលេញនៅឡើយ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យខ្លះ ត្រូវរងការរិះគន់ជាញឹកញយ។ ចំពោះមុខការទិតៀនយ៉ាងដូច្នេះ ទើបអ្នកនាំពាក្យមួយចំនួន បានចោទសួរទៅវិញថា តើអ្នកនាំពាក្យ គួរតែធ្វើជាឆ្កែចចក ឬជាកូនក្រមុំ?

យើងស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/porte-parole-rfi-oudom-28-12-2016

porteparole

អ្នកនាំពាក្យ ដែលគេបៀបប្រដូចថាមានឥរិយាបថដូចជាឆ្កែចចក ព្រោះបុគ្គលនោះ អាចបុគ្គលិកលក្ខណៈកាចសាហាវ។ ទាំងពាក្យសម្តីនិងមុខមាត់ ដែលសម្តែងការឆ្លើយតបចំពោះសាធារណជន ឬអ្នកសារព័ត៌មាន ពុំសមហេតុផល មិនគួរឲ្យចូលចិត្ត ឬក៏មិនអាចទទួលយកបាន។ ពេលខ្លះ អ្នកនាំពាក្យបែបនេះ ឆាប់ប្រតិកម្មខ្លាំង ទាំងទទឹងទិស និងឆ្លើយតបប៉ាតណាប៉ាតណីមិនដឹងទិសតំបន់ ឬក៏ពេលខ្លះ ឆ្លើយឲ្យតែបានឆ្លើយ ប៉ុន្តែពុំអាចយកជាការបាន។ ចំណុចទាំងនេះហើយ ទើបគេប្រដូចអាកប្បកិរយារបស់អ្នកនាំពាក្យមួយចំនួន ទៅជាចរិតរបស់សត្វចចក។

ចំណែក អ្នកនាំពាក្យជាកូនក្រមុំវិញ គឺគេសម្គាល់តាមន័យធៀប សំដៅទៅដល់កូនក្រមុំក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមិនសូវនិយាយស្តី ស្ងប់ស្ងាត់ មិនតបតច្រើន។ ពោលគឺ អ្នកនាំពាក្យ ដែលគ្មានពាក្យនាំ ស្ងាត់ស្ងៀម និងមិនខ្ចីឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ឬសាធារណជនទាល់តែសោះ។

ដូច្នេះ ទាំងអ្នកនាំពាក្យ បែបកូនក្រមុំ និងអ្នកនាំពាក្យបែបឆ្កែចចក គឺទំនងពុំមែនជាការប្រាថ្នាចង់បាន សម្រាប់ការផ្តល់ព័ត៌មានទៅដល់មហាជន និងអ្នកសារព័ត៌មានជាទូទៅនោះទេ។

ដូចដែលគេបានដឹងហើយថា អ្នកនាំពាក្យឲ្យស្ថាប័នសាធារណៈនីមួយៗ គឺមានភាពសំខាន់ចាំបាច់ណាស់ ក្នុងឆ្លើយតបទាន់សភាពការ និងបកស្រាយបំភ្លឺចំពោះរាល់ចម្ងល់របស់សាធារណជន។ ហេតុនេះ អ្នកនាំពាក្យដែលប្រជាពលរដ្ឋចង់បាន និងចង់ឃើញនោះ គឺជាបុគ្គលដែលអាចផ្តល់ព័ត៌មានល្អបំផុត និងសមរម្យអាចទទួលយកបាន។

លក្ខខណ្ឌ ដែលថា អ្នកនាំពាក្យ គឺជាមនុស្សដែលអាចផ្តល់ព័ត៌មានបានល្អ  និងសមរម្យអាចទទួលយកបាន ទាំងពីរចំណុចនេះ គឺបានផ្តល់ជាចំណោទលំបាកខ្លាំងសម្រាប់អ្នកនាំពាក្យតែម្តង។ ព្រោះថា ជាញឹកញយ អ្នកនាំពាក្យខ្លួនឯងត្រូវរងនូវភាពលំបាក ចំពោះមុខការរិះគន់របស់សាធារណមតិផង និងត្រូវរងសម្ពាធមួយជាន់ថែមទៀតពីស្ថាប័នរបស់ខ្លួន ឬពីចៅហ្វាយនាយរបស់ខ្លួន។

ការលំបាករបស់អ្នកនាំពាក្យ មានច្រើនយ៉ាង តែទីមួយបំផុតនោះ គឺជាបុគ្គលដែលត្រូវជួបប្រឈមមុខជាមួយអ្នកកាសែតញឹកញយ ស្ទើរតែច្រើនជាងគេជាងឯងនៅក្នុងស្ថាប័ន និងដែលត្រូវក្បាលមេក្រូ ឬកាំម៉េរ៉ារបស់អ្នកកាសែត ភ្ជុងស្ទើររាល់ថ្ងៃ។ ហើយបើត្រូវធ្វើជាអ្នកនាំពាក្យដែលល្អទៀតនោះ គឺអាចត្រូវឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មានពីស្ថាប័នប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា គ្រប់ពេលវេលា មិនថាថ្ងៃឬយប់នោះទេ។ ពេលខ្លះ ក៏ត្រូវឆ្លើយសំណួរដដែលៗសាឡើងវិញថែមទៀតផង។ ទាំងនេះ គឺជាការហត់នឿយ និងជាភាពលំបាកមួយផ្នែករបស់អ្នកនាំពាក្យ។

ភាពលំបាកលើសពីនេះ គឺនៅពេលខ្លះ អ្នកនាំពាក្យ អាចនឹងគ្មានពាក្យសម្រាប់នាំ ដោយសារតែគ្មានព័ត៌មានគ្រប់ជ្រោយពីគ្រប់ច្រកល្ហករបស់ស្ថាប័ន។ ដ្បិតថា នៅក្នុងស្ថាប័ននីមួយៗ មានផ្នែកផ្សេងៗគ្នាជាច្រើន។ អ្នកនាំពាក្យតែម្នាក់ ឬពីរបីនាក់ ទំនងជាមិនអាចក្តាប់បញ្ហាបាន ឬដឹងគ្រប់រឿងនោះឡើយ។

ចំណែកព័ត៌មានខ្លះទៀត បើទោះបីជាអ្នកនាំពាក្យបានដឹងក្តី ក៏ពុំអាចទម្លាយចេញបានដែរ ដោយសារតែជាការសម្ងាត់របស់ស្ថាប័ន ហើយរឿងខ្លះ គឺជារឿងស្មុគស្មាញ ឬក៏ជាបញ្ហាបច្ចេកទេសស៊ីជម្រៅ ដែលពុំអាចពន្យល់ក្នុងរយៈពេលខ្លីបាន ជាដើម។

ទុក្ខលំបាករបស់អ្នកនាំពាក្យ មួយផ្នែកទៀតនោះ គឺអាចនឹងនាំពាក្យខុស ឬនិយាយមិនត្រូវចិត្តចៅហ្វាយនាយ ហើយអាចធ្លាក់តំណែង បាត់បង់តួនាទី ឬក៏ត្រូវបញ្ឈរជើង ផងក៏អាចថាបាន។ ត្រង់ចំណុចនេះ ត្រូវគេមើលឃើញថា កៅអីរបស់អ្នកនាំពាក្យ គឺជាកន្លែងគ្រោះថ្នាក់មួយ។ ពោល បើនិយាយខុស គឺធ្លាក់ភក់ជ្រាំ ហើយពេលខ្លះ បើនិយាយត្រូវ គេសប្បាយចិត្ត អាចបានត្រឹមរួចខ្លួន។

បើទោះបីជា អ្នកនាំពាក្យ អាចនឹងត្រូវប្រឈមច្រើនដូច្នេះក្តី តែជាទូទៅ គេសង្កេតឃើញថា ពួកគេទាំងនោះ អាចនឹងទទួលផលចំណេញ ជាលាភសក្ការៈ ឡើងតំណែងបុណ្យសក្តិ ទទួលកិត្តិយសធំដុំ ចេញមុខចេញមាត់ច្រើននៅក្នុងសង្គម។ ដ្បិតថា អ្នកនាំពាក្យរបស់ស្ថាប័នសាធារណៈមួយចំនួន គឺត្រូវប្រជាពលរដ្ឋជាទូទៅមើលឃើញថា ច្រើនតែនិយាយតម្រូវចិត្តមេកើយ ឬធ្វើយ៉ាងណា និយាយការពារតែផលប្រយោជន៍របស់ស្ថាប័នខ្លួន។

ដូច្នេះ ដើម្បីឲ្យក្រុមអ្នកនាំពាក្យរបស់ស្ថាប័នសាធារណៈ ក្រុមអ្នកកាសែត និងសាធារណជន អាចយល់ពីទុក្ខលំបាករៀងៗខ្លួន គឺគួរឈ្វេងយល់ពីគ្នាទៅវិញទៅមកឲ្យបានច្រើនជាងមុន ឬក៏អាចរកឱកាសជួបជជែកគ្នា ក៏ជាការល្អប្រសើរដែរ។ ក៏ប៉ុន្តែ នៅក្នុងស្ថានភាពដូចសព្វថ្ងៃ អ្នកនាំពាក្យដែលតំណាងឲ្យស្ថាប័នសារធាណ គឺក៏គួរតែពង្រឹងព័ត៌មាននៅក្នុងស្ថាប័នរបស់ខ្លួនឲ្យបានច្បាស់លាស់ ហើយចែកព័ត៌មានឲ្យបានលឿនរហ័ស និងគ្រប់ជ្រុងជ្រោយ។ក្នុងតួនាទីជាអ្នកនាំពាក្យ បើទោះបីជាតិចឬច្រើន គឺចាំបាច់ ត្រូវតែមានពាក្យសម្រាប់នាំ៕