តើ​ព្រហ្មចារីមាន​សារៈសំខាន់​ទេ ក្នុង​សង្គម​ខ្មែរ?

ពាក្យ «​ព្រហ្ម​ចារី» ក្នុង​ទីនេះ សំដៅ​ដល់ភាព​បរិសុទ្ធ​នៃអង្គ​កាយ។ ជាទូទៅ មនុស្ស​ខ្មែរ​ប្រើពាក្យ​នេះ  សម្រាប់​​​សម្គាល់​​មនុស្សទាំង​ប្រុសទាំង​ស្រី​ដែល​នៅលីវ និង​មាន​ភាព​បរិសុទ្ធ​។ តែ​បើ​បែប​ត្រឹមត្រូវ​តាម​វចនានុ​ក្រមខ្មែរ «ព្រហ្ម​ចារី» សម្រាប់​ហៅ​បុរស, ឯ​ស្ត្រី​ត្រូវ​ហៅ «ព្រហ្ម​ចារិនី» ទៅវិញ​ទេ។ ប៉ុន្តែ​ដើម្បី​​ងាយ​ស្រួល​សិក្សា​ក្នុង​វេលានេះ យើង​សម្រេច​ប្រើ «​ព្រហ្ម​ចារី» តាម​ការ​និយម​ប្រើ​ក្នុង​សង្គម​បច្ចុប្បន្ន​។

google.com

តាំងតែ​ពី​ដើម​រៀង​មក កាល​ណា​គេ​និយាយ​ដល់«ព្រហ្ម​ចារី» គឺ​គេ​ច្រើន​តែ​គិត​ដល់​នារី​ជា​សំខាន់​។ ហេតុ​នេះ​ ភាព​ជា​ស្រ្តី​ត្រូវ​សង្គម​យក​ចិត្ត​ទុក​ដាក់ និង​ឱ្យ​​តម្លៃ​ខ្លាំងណាស់ ហើយ​ជាពិសេស​ចំពោះ​នារី​ដែល​​មាន​ភាព​បរិសុទ្ធក្រមុំ​ព្រហ្ម​ចារីនេះឯង​។

ជាក់​ស្តែងដូច​ជា ពេល​គេ​ដើរ​រក​ដណ្តឹង​ប្រពន្ធ គឺ​គេ​ត្រូវ​ការ​ចង់​បាន​នារី​​ក្រមុំ​ព្រហ្ម​ចារី ឯស្រ្តី​មាន​មេម៉ាយ ប្តីលែងឬ​ស្លាប់ ពុំ​ត្រូវគេ​ចាប់​អារម្មណ៍​ច្រើន​ឡើយ។ ការ​ចូល​ចែចូវ និង​​ស្តី​ដណ្តឹង​ ​ភាគ​ច្រើន​លើស​លប់ ភាគី​បុរស ឬ​គ្រួសារ​ខាង​ប្រុស និង​ក្រសែភ្នែក​អ្នក​ផង ផ្តោត​ទៅ​លើ​នារីណានៅ​លីវក្រមុំ​ព្រហ្ម​ចារី​។

ប៉ុន្តែ​ចំពោះ​បុរសវិញ សង្គម​ខ្មែរជា​ទូទៅ ហាក់​មិន​បាន​ខ្វល់​ខ្វាយ​ថា បុគ្គល​នោះ នៅ​​លីវ ពោះ​ម៉ាយ ឬ​យ៉ាង​ណា​ទេ ម្យ៉ាង​ទៀត ត្រង់​ថា​ បុរស​​នោះបាន​រក្សាភាព​បរិ​សុទ្ធ​​សម្រាប់​អនាគត​ភរិយា​វិញនោះ ​ស្ទើរ​តែ​គ្មាន​អ្នក​ណា​បាន​ចាប់​អារម្មណ៍​គិត​គូរ​ដល់​សោះ​ឡើយ​​។ ហេតុ​ដូច្នេះ​​ហើយ ទើប​បាន​ជា​ក្រុម​បុរសៗមួយ​ចំនួន​ មិន​ខ្ចី​បារម្ភនឹង​ការ​រក្សា​ខ្លួនប្រាណ​ឱ្យ​​បរិសុទ្ធ​ទាំង​ចិត្ត​ទាំង​កាយ ហើយ​គិត​តែ​​តែ​ពីសប្បាយ​នឹង​ការ​ប្រព្រឹត្ត​កាម​គុណ ដល់​ពេល​ខ្លួន​សប្បាយ​រីករាយ​រួច​ឆ្អែត​ឆ្អន់ហើយ និង​ដល់​​​វឌ្ឍនា​ការ​វ័យ​​ជ្រេបន្តិច ពួក​គេ​ក៏​គិត​ចាប់​ផ្តើម​រក​កសាង​គ្រួសារ​។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​អាច​មាន​អាទិភាព​ច្រើន​ក្នុង​ការ​ជ្រើស​​រើស​នារី​ក្រមុំ​ព្រហ្ម​ចារីយកមក​ធ្វើ​ជា​ភរិយា​ថែម​ទៀត​​ផង។ ត្រង់​​នេះ​ គឺ​បង្ហាញពីវិសមភាព​នៃ​ការ​ប្រកាន់​យក​ភាព​បរិសុទ្ធរវាង​បុរស​និង​នារីខ្មែរ​យ៉ាង​ពិត​ប្រាកដ។ ក្នុង​​ន័យនេះ តម្លៃ​ស្ត្រី និង​រក្សា​ព្រហ្មចារីរបស់​នារីខ្មែរ ត្រូវ​គេ​មើល​ឃើញ​ត្រឹម​តែ​ជា​ទំនិញ សម្រាប់​អថិ​ជន​​បុរសជ្រើស​រើស​ទិញ​តាម​ចិត្ត​តែប៉ុណ្ណោះ។

google.com

ពាក្យ​ទំនឹម​ទំនៀមចាស់​បុរាណ​ខ្មែរ​ថា «បុរស​ជា​មាស​ទឹក​ដប ទោះ​ធ្លាក់​ចូល​ភក់​ ហើយ​លើក​មក​វិញ ក៏​នៅ​តែ​​ជាមាស​ទឹក​ដបដដែល តែ​នារីវិញ ​ប្រៀប​បាន​នឹង​កំណាត់​សំពត់​ស បើកាលណា​​ធ្លាក់​ចូល​ភក់ជ្រាំ​​ហើយ ទោះ​ខំ​ប្រឹង​បោក​គក់​លាង​សម្អាត​យ៉ាង​ណា ក៏​មិន​ដូច​ដើម​ដែរ»។ ការ​វាយ​តម្លៃ​​ចំពោះនារី​​ក្រមុំ​ព្រហ្ម​ចារី​បែប​នេះ អាច​ជា​គំនាប​សង្គម និងគំនាប​​ផ្លូវ​ចិត្ត​ចំពោះ​ស្រ្តី​ក៏​អាច​ថា​បាន ព្រោះ​សង្គមខ្មែរ​​ហាក់មិន​​បាន​ខ្វល់​ខ្វាយ​នឹង​គិត​គូរឳ្យ​សម​ស្របពី​​ការ​រក្សា​តម្លៃ​របស់​​ស្រ្តី​ដែល​នៅ​លីវ មាន​ភាព​ក្រមុំ​បរិ​សុទ្ធ  និង​ការ​តប​ស្នង​ចំពោះ​ការ​រក្សាព្រហ្ម​ចារី​ តែបែរ​ជា​មិន​បាន​ដាក់​ការ​ប្រកាន់​ចំពោះ​បុរសឱ្យ​រក្សា​ខ្លួន​​ប្រាណឪ្យ​បរិសុទ្ធ​វិញ​សោះ​។ បុរស​អាច​ស្វែង​រក​ទំនាក់​ទំនង​ផ្លូវ​ភេទ​បាន​ស្រេច​ចិត្ត និង​មាន​លក្ខណៈ​​ទូលំ​ទូលាយ​ថែម​ទៀត​ផង​ តែ​នារី​វិញ ទោះ​មាន​តម្រូវ​ការ​ផ្លូវ​ភេទ​យ៉ាង​ក៏ដោយ ក៏​នាង​មិន​អាច​ប្រព្រឹត្ត​​បាន​ដែរ។ ពីព្រោះ បើ​នារី​ហ៊ាន​តែ​បញ្ចេញ​សកម្មភាព ឬ​ឥរិយាបថ​ណាមួយ ដែល​អាចឱ្យ​​គេ​កត់​សម្គាល់​ថា នាង​ជា​នារី​មិន​មាន​ភាព​បរិសុទ្ធ ច្បាស់​ជា​សង្គមខ្មែរ​​មាក់​ងាយ មិនយ​​​តម្លៃជាក់​ជា​​មិន​ខាន។ លើស​ពីនេះ បើ​មាន​នារីណា​ម្នាក់​​​ក្នុង​ភូមិ ត្រូវ​ជន​ណាម្នាក់ ឬច្រើន​ចាប់​រំលោភ នារីរងគ្រោះនិងគ្រួសារ​នោះ ត្រូវ​គេ​សើច​ចំអក ហើយ​ហាម​ឃាត់​កូន​ប្រុស​ខ្លួន មិន​ឪ្យ​យក​នាង​ជា​ភរិយា​ទៀត​ផង។ ​

​បើ​និន្នាការ​នៃការ​ឱ្យ​​តម្លៃ​នារី ដោយ​គិត​​តែ​ទៅលើ​ភាព​បរិសុទ្ធ​ខ្លួន​ប្រាណដូច្នេះនៅតែ​បន្តខ្លាំង​ឡើងៗ ចុះ​ចំណែក​​ស្ត្រីមេម៉ាយ ប្តីលែង ឬ​ស្លាប់ និង​​ស្ត្រី​រង​គ្រោះ​ដទៃ​ទៀត ដូច​ជា​នារី​ត្រូវ​គេ​បង្ខំ ឬ​លួង​លោម​រំលោភសេព​សន្ថវៈ នារី​ត្រូវ​គេ​​បោកប្រាស់កេញ​ចំណេញ​ផ្លូវ​​ភេទ នារី​បម្រើ​សេវា​កម្សាន្ត នារី​ជួញ​ដូរ​ផ្លូវភេទ ច្បាស់​ជា​ត្រូវ​សង្គម​ស្អប់​ខ្ពើម និង​មើល​ងាយ​មើល​ថោក​យ៉ាង​ច្រើនជាពុំ​ខាន​​ ហើយ​ទោះ​បី​ជា​ពួក​នាង​ចង់​កែ​ខ្លួន លុប​បំបាត់​បំណែក​អាក្រក់​នៃ​អតីតកាល​ ក៏ប្រហែល​ជា​គ្មាន​ឱកាស​សម្រាប់​កែ​ខ្លួន​ទេ​មើល​ទៅ។ ម្យ៉ាង​វិញទៀត ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ គឺ​មាន​យុវតីខ្មែរ​​មិន​តិច​ទេ ដែល​បាត់​បង់​ភាព​បរិសុទ្ធ​ក្នុង​ថ្ងៃ​បុណ្យ​សង្សារ​១៤កុម្ភៈ ដោយ​យល់​ច្រឡំ យល់​ខុស ចាញ់​បោក​ការ​លួង​លោម និង​ព្រម​លះបង់​ព្រហ្មចារីរបស់​ខ្លួន សម្រាប់​​គូស្នេហ៍។ បើ​សង្គម​ខ្មែរនៅតែ​ប្រកាន់​​យក​ក្រសែ​ភ្នែក​យ៉ាង​តឹង​រឹង​ចំពោះ​នារី​ដែលមិន​មាន​ភាព​បរិសុទ្ធ នោះ​យុវតី​ដែល​បាត់​បង់​ព្រហ្ម​ចារី​​ក្នុង​ទិវានេះ ច្បាស់​ជា​លំបាក​ប្រឈម​មុខ​ក្នុង​សង្គម​ជាក់​ជា​មិន​ខាន។

google.com

​ការ​រឹត​បន្តឹង​ជា​ទីបំផុតចំពោះ​ការ​ទាក់​ទ​ង​រឿង​ផ្លូវ​ភេទចំពោះ​នារី​ខ្មែរ​យ៉ាងដូច្នេះ អាច​ជា​ចំណែក​មួយ​នៃ​ការ​​កាន់តែ​ធ្វើ​ឳ្យ​កើត​មាន​ឡើង​នៃ​ករណី​​បាត់​បង់​ភាព​បរិសុទ្ធក៏​អាច​ថា​បាន​​ ព្រោះ​ទ្រឹស្តី​សង្គម​បាន​បង្ហាញថា ការ​ហាម​ណាស់ ក៏​អាច​នឹង​កាន់​តែ​មាន​ការ​ប្រព្រឹត្ត​ផ្គើន​ណាស់​ផង​ដែរ។ ជាក់​ស្តែង​មិន​ខ្វះ​ទេតាម​ទំព័រ​សារ​ព័ត៌​មាន ទំព័រ​មាន​វិបត្តិ ដែល​ផ្សាយ​ពី​ដំណឹង​ពង្រត់​គ្នា​ ស្នេហា​របស់​យុវជន​ឈាម​រាវ ស្នេហ៍​ភ្លើង​ចំបើង​ដែល​គិតតែ​ពី​តម្រេក​តណ្ហា ការ​ព្រម​ព្រាង​សេពមេថុន​ទាំង​​ពីរ​ខាង តែ​ដល់​ពេល​គ្រួសារ​​ខាង​ស្រ្តី​​ដឹង​ឮ បែ​រ​ជា​ចោទ​ថា​ខាង​បុរសថា​ ចាប់​បង្ខំ​​កូន​ស្រី​ខ្លួន​រំលោភ​។ មិន​តែ​ប៉ុណ្ណោះ ចរន្ត​ដែល​​យើង​កត់​សម្គាល់​ខ្លាំង​បំផុត​នោះ គឺ​ការ​បរិច្ចាគ​ព្រហ្មចារី​ក្នុង​ថ្ងៃ​១៤កុម្ភៈ​នោះ​តែម្តង ដែល​នេះ​ជា​ឱកាស​មួយ​នៃ​ស្វែង​រក​សេចក្តី​សប្បាយរបស់​យុវវ័យ​​ទាំង​ប្រុស​ទាំង​ស្រី។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​គេ​សង្កេត​ឃើញថា ​បញ្ហា​​ទំនាក់​ទំនង​ផ្លូវ​ភេទរបស់​បុរស​ស្ត្រី​ក្នុង​សង្គម​ខ្មែរ នៅ​មាន​ការ​តឹង​រឹង​ខុសប្លែក​ពីនៅអឺរ៉ុប​និង​បរទេស ដែល​មាន​លក្ខណៈ​ធូរ​រលុង និង​ងាយ​ស្រួល​ជា​ទី​បំផុត​​ក្នុង​ការ​ប្រព្រឹត្ត​រឿង​ផ្លូវ​ភេទនេះ​។ ពោលគឺ​គេ​គ្រាន់តែ​ញាក់​ភ្នែកយ​​​សញ្ញា​ដាក់​គ្នា ចាប់​ដៃគ្នា​ដោយ​យក​ម្រាម​ចង្អុល​កេះបាត​ដៃ​ធ្វើ​សញ្ញាបញ្ជាក់​ពី​ការ​ចង់​​រួមរ័ក ឬយក​ជើង​កេះ​ ឬគោះជើង​របស់​ដៃគូ ដើម្បី​បង្ហាញ​​ពី​ចេតនា​ចង់​រួម​ភេទ  គឺ​គេ​អាច​យល់​គ្នា ហើយ​អាច​ប្រព្រឹត្ត​កិច្ច​ការ​នោះ​បាន​យ៉ាង​ងាយ​ស្រួល។

ថ្មី​ៗ​នេះ នៅ​ប្រទេស​ចិន មាន​ស្រ្តី​ភាគ​ច្រើន​បាន​កំពុង​តែ​ទិញ​​ផលិតផល«សន្ទះ​ព្រហ្ម​ចារី​សិប្ប​និមិត្ត» ​​ដើម្បី​​យក​មក​ប្រើ​ពេល​រួមរ័ក សម្រាប់​ផ្គាប់​ចិត្ត​មិត្ត​ប្រុស ឬ​ស្វាមីរបស់​​ខ្លួន។ នេះ​មាន​ន័យ​ថា បុរស​ជន​ជាតិ​ចិន​មួយ​ចំនួន​នៅ​តែប្រកាន់​គំនិត​ថា «ព្រហ្ម​ចារី» មាន​សារៈ​សំខាន់​ដដែល​។

google.com

ជារួម​មក «ព្រហ្ម​ចារី» នៅតែ​ត្រូវ​គេ​ឳ្យ​តម្លៃជា​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​​ ដោយ​​ពុំ​មែន​សម្រាប់​តែ​​ភាគី​​នារី​នោះទេ បុរស​ក៏ត្រូវតែរក្សា​ខ្លឹម​កាយរបស់​ខ្លួន​ផង​ដែរ។ ប្រការ​ដែល​សង្គម​ខ្មែរកន្លង​មកគិតថា «ព្រហ្ម​ចារី» មាន​សារៈ​សំខាន់​នោះ ក៏​ព្រោះថា គេ​ពុំ​ចង់​យ​​​មនុស្ស ពិសេស​យុវជន​​ចាប់​ប្រលូក​ក្នុង​រឿង​ស្នេហា​ផ្លូវ​ភេទពេក ដែល​ធ្វើឳ្យខូច​សុខភាព ខាត​បង់​​ការ​សិក្សា ខូច​អនាគត រៀន​ឬ​ធ្វើ​កិច្ចការ​មិន​បាន​ល្អ។ មិន​តែប៉ុណ្ណោះ ការ​ប្រព្រឹត្ត​កាមកិច្ច​នេះទៀតសោត អាច​នឹង​ឆ្លង​មេរោគផ្សេង ថែម​ទាំង​អាច​នឹង​មាន​គភ៌ដោយ​មិន​បាន​គ្រោង​ទុក​ទៀត​ផង បើ​មិន​បានប្រើ​ប្រាស់ស្រោម​អនាម័យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​​។

ហេតុនេះ​ យុវជន​ទាំង​អស់​ត្រូវតែ​រក្សា​ខ្លួន​ប្រាណឱ្យ​បាន​ល្អ។ ឯនារី​ដែល​ធ្លាប់​លង់​ខ្លួន​ប្រព្រឹត្ត​ខុស និង​នារី​រង​គ្រោះ​បាត់​បង់​ព្រហ្មចារីទាំង​ឡាយ​ មិនត្រូវ​អស់​សង្ឃឹមឡើយ និងត្រូវ​ងើប​ឈរតស៊ូរស់​នៅ​​ឡើង​វិញ ហើយ​សង្គមខ្មែរ​​គួរ​តែ​​យក​ចិត្ត​ទុក​ដាក់ខ្ពស់​​ និង​ផ្តល់​តម្លៃ​វិជ្ជមាន​ចំពោះ​នារី​ទាំងនោះ​​ឱ្យ​​បាន​ច្រើន​បំផុត៕

ដោយ ហេង ឧត្ដម, ១៨និង៤៣នាទី ថ្ងៃ២១ កុម្ភៈ ២០១២

 ផ្សាយ​ក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៦ ខែមេសា ឆ្នាំ២០១២, ទំព័រ៣៩​

Publicités

យុវជន​ខ្មែរ​ជប៉ុន​រួម​គ្នា​ដើម្បី​ស្នាមញញឹម​កុមារ​ពិការ

និយាយ​ពី​ពិការភាពកាយ​សម្បទា​នៅ​ក្នុង​សង្គមសព្វ​ថ្ងៃ​ ចំពោះ​មជ្ឈដ្ឋាន​ខ្មែរជា​​ទូទៅ ហាក់​ដូចជា​​នៅ​មាន​ការ​រើស​អើង​នៅ​ឡើយ។ តែ​ចំពោះ​សង្គម​ជប៉ុន ឬ​នៅ​អារ្យ​ប្រទេស​ដទៃ​ផ្សេងទៀត រាង​កាយ​មាន​ពិការភាព គឺ​គ្រាន់តែ​ជា​លក្ខណៈ​ខុស​ប្រក្រតី​របស់​​មនុស្ស​តែប៉ុណ្ណោះ ហើ​យគេ​យល់ទៀត​​ថា មនុស្ស​គឺ​មាន​លក្ខណៈ​ផ្សេង​ៗ​ដូច្នេះ​ជា​ការ​ណ៍ធម្មតា មិន​មាន​អ្វី​ត្រូវ​ភ្ញាក់​ផ្អើល ស្អប់​ខ្ពើម និង​​រើស​អើង​នោះ​ឡើយ​។

កាល​ពី​សប្តាហ៍​ទីមួយ នៃ​ដើម​ខែមីនា​មុន​នេះ យុវ​ជន​ខ្មែរ និង​ជប៉ុន​ប្រហែល​ជា​ជិត​៣០នាក់ ដែល​ដឹកនាំ​ដោយ​ក្រុម​​​សាស្ត្រាចារ្យ​ខ្មែរ​និង​ជប៉ុន​ បាន​រួម​សហការ​គ្នា​រៀប​ចំលេង​​ល្បែង​កម្សាន្ត រាំច្រៀង និង​ធ្វើ​លំហាត់​ចលនា​ដល់​កុមារ​ពិការ​កាយ​សម្បទា នៅ​បុរី​ទារក​និង​កុមារ​ជាតិ ក្នុង​ខណ្ឌមានជ័យ ក្រុង​ភ្នំពេញ។ ​

វេលា​រសៀល​កម្តៅ​ថ្ងៃ​ក្តៅ​ហែង តែក្នុង​បន្ទប់​ធ្វើ​ចលនាកុមារ​ពិការ​វិញ ​មាន​សូរ​សំឡេង​សំណើច​សើ​ច​ក្អាក​​ក្អាយលាយ​ឡំគ្នា​របស់​យុវជន​ពីរ​ជាតិ​សាសន៍​ខ្មែរ​ជប៉ុន និង​សកម្មភាព​ដ៏​ស្វាហាប់​របស់​ពួកគេ​ ក្នុង​ការ​បង្ក​​លក្ខណៈ​សប្បាយ​រីករាយ​ដល់​កុមារ​ពិការ​ធ្ងន់​ធ្ងរ​​ប្រហែល​២០​នាក់​។ កុមារ​ទាំង​នេះ មាន​កាយ​សម្បទាក្ងែងក្ងៀក​ ខ្លះ​និយាយ​មិនកើត  ខ្លះគ​ថ្លង់ ខ្លះ​មិន​អាច​កម្រើក​ធ្វើ​កាយវិការ​អ្វី​បាន​ទាំងអស់ បា​នត្រឹ​មតែ​គេង​សម្ងំ​នៅ​នឹង​ស្ងៀម​មួយ​​​កន្លែង​ កុមារ​ខ្លះ​ទៀត​កំពុង​មាន​ជំងឺ​ឱកាស​និយម​ប្រចាំ​កាយ។ ពួក​គេ​ស្ទើរតែ​ទាំង​អស់​គ្នា មាន​រូប​រាង​ស្គម​ស្គាំងស្លេក​ស្លាំងគួរ​ឱ្យ​អាណិតអាសូរ​​ជា​ពន់​ពេក​។

កញ្ញា ឈុន ស៊ីណា មាន​អាយុ១៩ឆ្នាំ និងជា​និស្សិត​ឆ្នាំទី​២ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​បាន​ចូលរួម​ក្នុង​ឱកាស​នេះ​ដែរ​។ យុវ​នារី​ខ្មែរ​រូបនេះ​បាន​ថ្លែង​ពី​អារម្មណ៍​របស់​នាងថា៖ «នេះ​ជា​លើក​​ដំបូង​បំផុត​ក្នុង​ជីវិតរបស់​ខ្ញុំ ដែល​បាន​មក​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយនឹង​​កុមារ​ពិការ​បែប​នេះ​។ ពេល​មក​ដល់​​ភ្លាម ខ្ញុំ​រន្ធត់ និង​អាណិត​ពួកគេ​ជា​ខ្លាំង»។  ចំពោះ​រូប​កញ្ញាផ្ទាល់ បន្ទាប់​ពី​ចូលរួម​ធ្វើ​បត់​ក្រដាស ប្រលែង​លេង នាំ​កុមារ​រាំ​ច្រៀង និង​ធ្វើ​ចលនា​ឱ្យ​កុមារ​ពិការ​រួច​មក នាង​មាន​អារម្មណ៍​រីករាយជាង​មុន​បន្តិច​ និង​ចង់​មក​ធ្វើ​សកម្ម​ភាព​​ជួយ​កុមារ​បែប​នេះ​ទៀត។ កញ្ញា​ ​ស៊ីណា បន្តថា៖ «ខ្ញុំ​ចង់​សំណូម​ពរ​ដល់​ពលរដ្ឋ​ទាំងអស់​លើ​ពិភពលោក សូម​ជួយ​កុមារដោយ​ផ្ទាល់​ ពិសេស​កុមារពិការស្ថិត​ក្នុង​ស្ថាន​ភាព​បែប​​នេះ​​ ហើយ​ប្រសិន​បើជាអ្នក​មាន​ជំនាញ​កាយ​វប្បកម្ម​សម្រាប់​កុមារ​ពិការ​ សូម​មក​ជួយ​​ពួក​គេ​ផង​»។

អ្នក​ស្រី​នាយិកា​ ម៉ក់ ផាន់ណា មាន​ប្រសាសន៍ថា បុរី​ទារក​និង​កុមារ​ជាតិនេះបង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធ​ជន និង​យុវនីតិ​សម្បទា ដើម្បី​សង្គ្រោះ​កុមារ​និង​ទារក​ពិការ។ អ្នក​ស្រី​នាយិកា​ ជម្រាប​ឱ្យ​ដឹងថា​ បច្ចុប្បន្ន​បុរី​នេះ មាន​កុមារ​ប្រមាណ​ជា​១១០ ទៅ​១២០​នាក់ កំពុង​ស្នាក់​នៅ។ ស្ថិតិ​នេះ អា​ច​កើន​ ឬ​​ថយ​ចុះ​បន្តិច​បន្តួច ព្រោះតែ​កុមារ​ខ្លះ​ត្រូវ​ផ្ទេរ​ចេញ​ឬចូល ហើយ​ខ្លះ​ទៀត អាច​នឹង​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​​ជំងឺ។ អ្នក​ស្រី​នាយិកា បន្ត​ថា ​ស្ថានភាព​កុមារ​ពិការ​នៅ​បុរីនេះ ភាគ​ច្រើន​ជា​កុមារ​ពិការ​កម្រិត​ធ្ងន់ធ្ងរ ដូចជា​និយាយ​​ស្តី​មិន​កើត ដើរ​មិន​បាន ​អង្គុយមិន​កើត ខ្លះ​ប្រកាច់​ញឹក​ញាប់ មួយ​ចំនួន​ទៀតបាត់​បង់​ស្មារតីធ្ងន់ធ្ងរ​ ដែល​គេ​​ច្រើន​ហៅថា ឆ្កួត ឬឡប់​សតិ​។ ក្នុង​ចំណោម​នោះ ក៏​មាន​កុមារ​ផ្ទុក​មេរោគអេដស៍​ចំនួន​២៤នាក់​ផង​ដែរ។  ​

ថ្លែង​ពី​​យុវជន​ជប៉ុនវិញ នេះ​ជា​លើក​ទីមួយ​ហើយចំពោះ​កញ្ញា ហិតូមិ យ៉ាម៉ាមឺរ៉ា (Hitomi Yamamura) ដែល​បាន​មក​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា។ ក្នុងវ័យ​១៩ឆ្នាំ យុវនារីជប៉ុន​រូបនេះនិយាយ​ថា ការ​មក​មណ្ឌល​កុមារ​ពិការ​នេះ ក៏​ជា​លើដំបូង​ផង​ដែរសម្រាប់​រូប​នាង។ ពិត​ជា​អស្ចារ្យ​ណាស់​ចំពោះ​​រូបនាង ហើយ​នាង​មាន​ក្តីរំភើប​​ដែល​​​បា​ន​មក​ដល់​កម្ពុជា និងបាន​​រៀន​សូត្រ​បទពិសោធជា​ច្រើន​ពីប្រទេសនេះ ពិសេស​គឺ​រៀន​ពី​ជីវិត ដែល​មាន​ភាព​ផ្សេង​ៗ​គ្នា​។

យុវ​ជនជប៉ុន​មួយ​រូបទៀត គឺ​លោក​ ម៉ាស្ហឺហ្វឺជិ ខូហេ (Matsufuji Kouhei) ជានិស្សិតនៅ​សកល​វិទ្យាល័​យ​Osaka​​នៃ​សុខា​ភិបាល​និង​វិទ្យា​សាស្ត្រ​កីឡា ​និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​របស់​សមាគម​វប្បធម៌ KYORYU។ យុវនិស្សិត​រូប​​​នេះ​និយាយថា៖ «ការ​រួប​រួម​គ្នា​របស់​យុវជន​ខ្មែរ និង​ជប៉ុន​ពេល​នេះ អាច​ឱ្យ​កុមារ​ពិការ​ខំប្រឹង​រស់​បន្ត​ទៀត។ ​ ខ្ញុំ​មិន​ដឹង​ថា ក្នុង​សង្គម​ខ្មែរ​មាន​លក្ខណៈ​បែបណា​នោះ​ទេ តែចំពោះ​ជន​ជាតិ​ជប៉ុនវិញ​ ការ​ជួបជុំ​ជាមួយនឹង​​ជន​ពិការ កុមារ​ពិការទាំងរាយ​កាយ និង​​ស្មារតី គឺ​ជា​រឿង​ធម្មតា និង​មិន​មាន​ការ​រើស​អើង​អ្វីនោះឡើយ​។ យើង​រាប់​អាន​គ្នា យើង​ទាក់​ទង​គ្នា​ជា​ធម្មតា​»​។ លោក ម៉ាស្ហឺហ្វឺជិ ថ្លែងដោយ​​ក្តី​រំពឹងថា លោក​សង្ឃឹមថា កុមារ​ពិការ​កាយ​សម្បទា​នៅ​​បុរី​​ទារក​និង​កុមារ​ជាតិនេះ នឹង​ជួប​ក្រុម​យុវជន​ខ្មែរ យុវជនជប៉ុន និង​ក្រុម​ដទៃ​ផ្សេង​ទៀត ដែល​មក​ជួយ​ធ្វើ​ចលនា​រាង​កាយ និង​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ដល់​ពួក​គេ​បន្តទៀត។ លោក​បន្ថែម​ថា​ ពេល​ជួប​មនុស្ស​ពិការនៅ​ក្នុង​មណ្ឌល ឬ​នៅ​ទីសាធារណៈ មនុស្ស​ទូទៅ​មិន​គួរ​ត្រូវ​រើ​ស​អើង​នោះ​ឡើយ ព្រោះ​ពួកគេ​ក៏​ជា​មនុស្ស​ជាតិ​ដូច​យើង​ផង​​ដែរ​។

មិន​ខុសពីការ​លើក​ឡើង​របស់មិត្ត​ភក្តិទាំង​ពីរ ​គឺ​កញ្ញា ហិតូមិ យ៉ាម៉ាមុរ៉ា និង ​លោក​ ម៉ាស្ហឺ​ហ្វឺជិ ខូហេ នោះ​ទេ កញ្ញា​ ម៉ាសស្វិ យូគិ (Masvi Yvki) និង​មិត្ត​យុវជន​ជប៉ុន​ផ្សេង​ទៀត ដែល​​មក​ជាមួយ​គ្នា​នេះ ចង់​មក​បុរី​នេះ​បន្ត​​ទៀត ដើម្បី​ជួយ​ធ្វើ​ចលនា​ឱ្យកុមារ និង​ចង់​ឱ្យ​កុមារ​​មាន​ស្នាម​ញញឹម ព្រម​ទាំង​មាន​ក្តីសង្ឃឹម​ខំប្រឹង​ប្រែង​រស់​នៅ​បន្ត​ទៀត​។

ជារួម ការ​ចូលរួម​សកម្មភាពរបស់​យុវជន​ខ្មែរ​និង​ជប៉ុន​ក្នុង​គ្រា​​នេះ បាន​​បង្ហាញ​នូវកាយវិការ​​ដ៏​ប្រពៃ​មួយ​នៃ​ការ​ចែក​រំលែក​សមានចិត្ត​ចំពោះ​គ្នា​នឹងគ្នា​ និង​ជា​គំរូ​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​សង្គមខ្មែរ​។ តាម​រយៈ​សកម្មភាព​នេះ បាន​អប់រំ​លត់​ដំ​ផ្លូវ​ចិត្ត​យុវជន​ ឱ្យ​កាន់តែ​មាន​ទឹក​ចិត្ត​អាណិត​អាសូរស្រឡាញ់​រាប់​អាន​​មនុស្ស​ជាតិ​ផង​គ្នា និង​ចេះ​ជួយ​ជ្រោម​ជ្រែង​សា​មគ្គី​ភាព​ថែម​ទៀត​ផង​ដែរ។

ជា​ចុង​ក្រោយ​នេះ​ អ្នក​ស្រី​នាយិកា​ ម៉ក់ ផាន់ណា មានសំណូម​ពរ​ដល់​ឪពុក​ម្តាយទាំង​ឡាយ​ ដែល​មាន​កូន​​ពិការ​កម្រិតស្រាល ឬ​ធ្ងន់ សូម​ជួយ​មើល​ថែ​ចិញ្ចឹម​បីបាច់​គ្នាដោយ​យក​ចិត្ត​ទុក​ដាក់ ហើយសូម​កុំ​បោះបង់​រូប​គ្នា​ចោល ឬ​យក​ទៅ​ដាក់​មណ្ឌលចិញ្ចឹម ព្រោះ​នៅ​មណ្ឌល​មាន​កុមារ​ច្រើន ហើយ​អាច​នឹង​មិន​បាន​មើល​ថែ​ដិត​ដល់ដូច​នៅ​ក្នុង​គ្រួសារ។

ដើម្បី​ចូល​រួម​ចំណែក​ជួយ​ទ្រទ្រង់​មណ្ឌល​កុមារ​ពិការ​នេះជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ អ្នក​​ស្រី​​នាយិកា​ ក៏​សូម​​អំពាវ​នាវ​ស្វែង​រក​ជំនួយ​សប្បុរធម៌​ឧបត្ថម្ភបន្ថែម​ទៀត​ពី​សាធារណជន ​និង​អ្នក​សប្បុរស​​ទាំង​ឡាយ​ តាម​​​រយៈ​​ទូរសព្ទលេខ​៖ ០១២ ៩២២ ៣០៤ និង ០២៣ ៨៨០ ៧០១ សារស្វ័យ​ប្រវតិ្ត៖ nat.borei.i_c@online.com.kh និង​អាសយដ្ឋាន ផ្លូវដួងងៀប២ ភូមិដំណាក់​ឃុំ​៣ សង្កាត់​ស្ទឹងមាន​ជ័យ  ​ខណ្ឌមានជ័យ ក្រុង​ភ្នំពេញ៕

កុមារា និង ង៉ុយ គាឡុង

ដោយ ហេង ឧត្តម

ផ្សាយ​ក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៦ ខែមេសា ឆ្នាំ២០១២, ទំព័រ៣៤-៣៥

រាត្រី​សប្បុរសធម៌ នៅ​អង្គការ​ដើម្បីកុមារ​ភាព​ញញឹម​នៃ​កុមារ​ PSE

ការ​បរិច្ឆាគ​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដើម្បី​ការ​ចេះ​ដឹង​របស់​កុមារនិងយុវជន​​ខ្មែរ ជាកាយវិការ​ដ៏​ប្រសើរ​ដែល​ពលរដ្ឋ​​​ខ្មែរ​គ្រប់​រូបគួរតែ​យក​ចិត្ត​ទុកដាក់។ ការ​​រៀបចំ​កម្មវិធី​កម្មកម្សាន្តសប្បាយនានា​​​​​ដើម្បី​ប្រមូល​ថវិកា​ឧបត្ថម្ភ​​ជួយដល់​​កុមារដែល​ពុំ​មាន​លទ្ធភាព​សិក្សា ជា​ចំណែក​មួយ​យ៉ាង​សំខាន់ក្នុងការ​កសាង​ធនធាន​មនុស្ស​សម្រាប់​កម្ពុជា។ ក្នុង​គំនិត​​នេះ ​កម្មវិធី​រាត្រី​សប្បុរសធម៌មួយ​បាន​បង្កើត​ឡើងដើម្បី​ឱ្យ​សប្បុរជន​ចូលរួម​​ជួយ​បរិច្ចាគ​ថវិកាជួយ​ដល់​កុមារ​កំព្រា​ក្រី​ក្រ​​ កុមារ​គ្មាន​ទីពឹង គ្មាន​លទ្ធភាព​រៀន​សូត្រ និង​កុមារ​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​​គ្រោះ​ថ្នាក់។

កាល​ពីរាត្រីថ្ងៃ​ទី៦និង៧ ខែមេសាកន្លង​ទៅនេះ  អង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ (Pour un Sourire d’Enfant) ហៅកាត់ថា​«PSE» បាន​រៀប​ចំ​កម្មវិធី​រាត្រី​សប្បុរសធម៌ប្រចាំ​ឆ្នាំ​ដើម្បី​អំពាវ​នាវ​​ស្វែង​រក​ប្រាក់​ជំនួយ​ឧបត្ថម្ភ​បន្ថែម សម្រាប់​ជួយ​កុមារ​កំព្រា​ក្រីក្រឥតទីពឹង​ឱ្យ​ទទួល​បាន​ឱកាស​​​សិក្សា​​រៀន​សូត្រ និង​រៀន​ជំនាញ​វិជ្ជាជីវៈ​។

លោក ពិន សារពេជ្ញ នា​យក​កម្មវិធី​នៃ​អង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ មាន​ប្រសាសន៍​ថា៖ «​កម្មវិធី​រាត្រី​សប្បុរសធម៌ឆ្នាំ​នេះ ជា​លើក​​ទី៤ហើយដែល​យើង​បាន​រៀប​ចំ​ឡើង ក្នុង​គោល​បំណង​ស្វែង​រក​ជំនួយ​មួយ​ចំនួន​បន្ថែម​ដើម្បី​ជួយ​កុមារក្នុងគម្រោង​របស់​យើង​»​​។  លោកនាយកកម្មវិធី​បញ្ជាក់​ថា កម្មវិធី​នេះ​​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​ជិត​៦ពាន់​នាក់ និង​លក់​​សំបុត្រ​បាន​៧ពាន់​សំបុត្រ។ លោក​បន្តថា៖ «​មជ្ឈ​មណ្ឌលបណ្តុះ​បណ្តាល់​វិជ្ជាជីវៈរបស់​​PSE ​មាន​​៧​សាលា​ និង​​២២ជំនាញ ក្នុង​នោះយើង​មាន​កុមារ​ស្ថិត​ក្នុង​គម្រោង​​សរុប​ប្រមាណ​ ៦ ៥០០នាក់ ហើយ​​​សិស្ស​ចំនួនប្រហែល​១ ៥០០នាក់​ ​ដែល​កំពុង​សិក្សា​ក្នុង​កម្មវិធី​​បណ្តុះ​បណ្តាលវិជ្ជាជីវៈ»។

លោក ហ៊ន ឧត្តម ជា​អ្នក​ចូល​រួមម្នាក់ យល់​ឃើញថា ការ​រៀប​ចំ​កម្មវិធីបាន​ល្អ មាន​ចម្រៀង​តន្រ្តី​ ល្បែង​កម្សាន្ត ការ​លក់​ដូរ​ ហើយ​​មាន​អ្នក​ចូលរួម​ក៏​ច្រើន​ផង​ដែរ។ លោក​បន្តថា៖ «ខ្ញុំ​មាន​អារម្មណ៍​​សប្បាយរីក​រាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​រាត្រី​សប្បុរធម៌​នេះ​។ ​តាម​រយៈ​ថវិកាផ្ទាល់​ខ្លួន​របស់​​ខ្ញុំ​សម្រាប់​​ទិញ​សំបុត្រ​ ទោះ​បី​ជា​វា​តិច​តួច​មិន​ច្រើន​ក្តី តែ​នេះ​ជា​ទឹក​ចិត្ត​ដែល​ខ្ញុំ​បាន​ចូល​រួម​ចំណែក​​​សម្រាប់​កុមារ​កំព្រា​»។

អ្នក​ចូលរួម​មួយ​រូបទៀត​ កញ្ញា ជុំ លក្ខិណា ជាជំនួយការអគ្គនាយកក្រុមហ៊ុនឯកជនមួយក្នុង​ក្រុង​ភ្នំពេញ និយាយថា៖ «ខ្ញុំមានអារម្មណ៍ថា​ សប្បាយ​រីក​រាយជា​ខ្លាំង ​ដែល​បានចូល​រួម​ជា​មួយ​មិត្ត​ភក្តិ​ឯទៀត ពិសេសគឺមិនត្រឹមតែបានសប្បាយក្នុង​កម្មវិធីប៉ុណ្ណោះទេ ថែមទាំងបានចូល​រួម​ចែក​រំលែក​​​ជា​មួយនឹងអង្គការ​ដើម្បីភាព​ញញឹមនៃកុមារទៀតផង»។ កញ្ញា​យល់ថា ការចូលរួមនេះផ្តល់​ផល​ប្រយោជន៍​ជាច្រើនសម្រាប់​ PSE ​បានជំនួយ​ទ្រទ្រង់ និងបន្តបេសកម្មរបស់ខ្លួន​ទៀត។​ ចំពោះ​​ខ្លួនកញ្ញា​ផ្ទាល់​​ក៏​អាច​ទទួល​បាននូវ​​ភាពសប្បាយរីករាយ និងបានចូល​រួម​ក្នុង​សកម្មភាព​​សង្គម​ផង​ដែរ​​។

កញ្ញា ជុំ លក្ខិណា បន្ថែម​ថា៖ «ការ​ចូលរួម​ក្នុង​ពិធី​​នេះ​​ជា​ប្រយោជន៍​ចំពោះ​​កុមារកំព្រា ព្រោះ​វត្តមាន​របស់​ខ្ញុំ និង​អ្នក​ឯ​ទៀត ​គឺជាកម្លាំ​ង​ចិត្ត​ដ៏​ធំធេងសម្រាប់ពួកគេ មានន័យថា​ពួក​យើង​មិន​ដែល​បោះបង់ ហើយ​តែង​នៅ​ក្បែរពួក​​គេ​ជានិច្ច។ ខ្ញុំ​ក៏សង្ឃឹមថា ការចូលរួមរបស់យើងគ្រប់​គ្នា​ ​គឺ​ជា​ចលករ​​ជំរុញ​ឱ្យ​កុមារ​កំព្រា​ក្រី​ទាំង​អស់​មានការតស៊ូ​រៀន​សូត្រ ​ដើម្បី​ក្លាយ​ជា​ធន​ធាន​មនុស្ស»។

កញ្ញា លក្ខិណា បញ្ជាក់​បន្ត​ទៀត​ថា៖ «ខ្ញុំពេញចិត្តទាំងការរៀបចំកម្មវិធីទាំងបរិយាកាស និង​អនា​ម័យ។ សូមឱ្យ ​PSE បន្តធ្វើការងារនេះតទៅទៀត ហើយក៏សំណូមពរសុំ​ឲ្យការផ្សព្វ​ផ្សាយ​មាន​​ភាពទូលំទូលាយជាងមុន ជាពិសេសចំពោះយុវវ័យ ដើម្បី​ឱ្យ​ពួកគាត់ចំណាយ​ពេល​វេលា​ចូល​រួម​សកម្មភាពសង្គម​ផ្សេងៗ ដែលមានប្រយោជន៍ដល់ប្រទេស​ជាតិ»។

តាង​មាន​ឱ្យ​ថ្នាក់​ដឹក​នាំ បុគ្គលិក និង​កុមារ​ទាំង​អស់​នៃអង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ ​លោក ពិន សារពេជ្ញ ថ្លែង​អំណរគុណថា៖ «​ខ្ញុំ​សូមអរគុណ​យ៉ាង​ច្រើនចំពោះ​សប្បុរជន​ និង​​អ្នក​ចូល​រួម​​​ទាំង​​អស់​នៅ​ក្នុង​កម្មវិធី​​រាត្រី​សប្បុរសធម៌នេះ​។ ការ​ចូលរួម​នេះ គឺ​បញ្ជាក់​ពីការ​ចង់​ជួ​យ​​កុមារ និង​ចង់​​​​ជួយ​សង្គម​ជាតិ​ឱ្យ​ចាក​ចេញ​ពីភាព​ក្រីក្រយ៉ាង​ពិត​ប្រាកដ»។  លោក​នាយ​កម្ម​វិធី​បន្ថែម​​ទៀត​ថា៖ «កម្ម​​វិធី​របស់​យើង​បាន​ដំណើរ​ការ​និង​បញ្ចប់​ទៅ​បានលទ្ធផល​​យ៉ាង​ល្អ ហើយ​ថវិកា​ដែល​ប្រមូល​បាន​  គឺ​នឹង​បាន​ជា​ប្រយោជន៍​សម្រាប់​កុមារ ដែល​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ​យើង»​។ លោក ពិន សារពេជ្ញ ជា​នាយ​កម្ម​វិធីក៏​បាន​សំណូម​ពរ​ដល់​សប្បុរជនជាតិ​និង​អន្តរ​ជាតិ​​ សូមមេត្តា​បន្ត​ជួយ​ចូល​រួម​​វិភាគ​ទាន​ទាំង​​ស្មារតី​​និង​សម្ភារៈបន្ថែម​ទៀតដល់​​អង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ​​។ ​មិត្ត​​អ្នក​អាន​និង​​សប្បុរជន​ទាំង​ឡាយអាច​​​​ទាក់​ទងអង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ​​នៅ​រាជ​ធានី​ភ្នំពេញ​ តា​ម​រយៈ​​លេខ​ទូរ​សព្ទ ០២៣ ៩៩៥ ៦៦០ សារអេឡិច​ត្រូនិក pse@site-pse.org និង អាសយ​​​​ដ្ឋាន​​​លេខ​​៤០២ ក្រុម​ទី​១២ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ក្បែរ​ផ្សារ​សុលឡា។ គួរ​រំលឹក​ផង​ដែរ​​ថា អង្គការ​ដើម្បីភាព​ញញឹម​នៃកុមារ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥ ដោយ​គ្រួសារ​លោក Christian និង Marie-France des Pallières ដែល​ជួយ​ដល់​កុមារ​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ៕

ដោយ​ ហេង ឧត្តម

 ផ្សាយ​ក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៧ ខែឧសភា ឆ្នាំ២០១២, ទំព័រ២៤-២៥

គ្រួសារថ្មី, ២០ឆ្នាំ​នៃ​ការ​អភិវឌ្ឍដើម្បី​អនាគត​កុមារ​កម្ពុជា

ឆ្នាំ​២០០៦ ជា​លើក​ដំបូងនៅ​កម្ពុជា ​ ​ដែល​សិស្ស​ពិការ​ភ្នែក​​​ប្រឡង​​ជាប់​បាក់​ឌុប (​ទុតិយភូមិ)។ បីឆ្នាំ​ក្រោយ​មក​ គឺឆ្នាំ​​២០០៩ មាន​សិស្ស​គថ្លង់​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិដែរ​ ហើ​យ​ឆ្នាំ​២០១០ និស្សិត​ពិការ​​ភ្នែក​និង​ខ្សោយ​គំហើញ​​បាន​ទទួល​បរិញ្ញាបត្រ។ នា​បច្ចុប្បន្ន​ក៏​មាន​និស្សិតពិការ​​ភ្នែក​ គថ្លង់​​កំពុង​បន្ត​សិក្សា​​នៅ​សាលា​ភូមិន្ទ​​រដ្ឋ​បាល និង​នៅ​បណ្តា​សាកល​វិទ្យា​ល័យ​ជា​ច្រើនទៀត​។ ​

សៀវភៅ​«គ្រួសារថ្មី ២០ឆ្នាំ​នៃ​ការ​អភិវឌ្ឍដើម្បី​អនាគត​កុមារ​កម្ពុជា» ជា​ភាសា​បារាំង​ថា​«Un humanitaire au Cambodge, krousar-thmey, Une nouvelle famille» និពន្ធ​ដោយ​លោក​លោក បឺ​ន័រ ឌុយ​ស្សាតូ-អាក​ម៉ាំង​​ស្សុង​​ (Benoît Duchâteau-Arminjon) បាន​ត្រូវ​​បក​ប្រែសម្រួល​ជា​ខេមរ​ភាសា​​​ដោយ​​លោក ស៊ិន សុធា ដែល​ជា​បុគ្គលិក​របស់​អង្គការ​ស៊ីប៉ា។​ លោក ស៊ិន សុធា មាន​ប្រសាសន៍​ថា៖ «ចំណាប់​អារម្មណ៍​ដំបូង​របស់​ខ្ញុំក្នុង​ការ​បក​ប្រែ​សៀវភៅ​នេះ​​ គឺ​ដោយ​សារ​លោក បឺន័រ ឌុយស្សាតូ បាន​លះបង់យ៉ាង​​ច្រើន។ ខ្ញុំ​គិត​ថា​ គាត់​បាន​ពលីកម្ម​ច្រើន​មែន​ទែន។ គាត់​ធ្លាប់​ធ្វើ​ជា​​មន្ត្រី​ជាន់​​ខ្ពស់​របស់​ក្រុម​ហ៊ុន​Accor ហើយ​លាឈប់​មក​ធ្វើ​កិច្ច​ការ​មនុស្ស​ធម៌​ទៅវិញ​»។

លោក បឺន័រ ឌុយស្សាតូ-អាក​ម៉ាំង​​ស្សុង​​ (Benoît Duchâteau-Arminjon កំពុង​ថ្លែង​សន្ទរកថា ដោយ​មាន​អ្នក​បកប្រែ​ដែល​ជា​ស្រ្តី​ពិការ​ភ្នែក

លោក បឺន័រ ឌុយស្សាតូ-អាក​ម៉ាំង​​ស្សុង​​ (Benoît Duchâteau-Arminjon) ហៅ បេនីតូ (Bénito) ធ្លាប់​​ធ្វើ​ការ​ក្នុង​កន្លែង​ដែល​ស្វែង​រក​ប្រាក់​ចំណេញ និង​គិត​គូរ​ចំណូល​ចំណាយ​យ៉ាង​ម៉ត់​ចត់​ តែ​បន្ទាប់​​ពី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ជំរំ​សាយ​ធូ (Site 2) និង​ព្រំ​ដែន​ខ្មែរថៃ លោក បេនីតូ បាន​ផ្លាស់​ប្តូរ​គំនិត​យ៉ាង​ច្រើន ត្រឡប់មក​​ជា​អ្នក​ធ្វើ​ការងារ​​ស្មគ្រ​ចិត្ត​ក្នុង​វិស័យ​មនុស្ស​ធម៌ ដែល​ជា​កិច្ច​ការ​លះបង់​ទាំងកម្លាំង​​កាយ​ចិត្ត និង​ពេល​វេលា​ ហើយ​ថែម​ទាំង​គ្មាន​ប្រាក់​កម្រៃ ​​ក្រៅតែ​ពី​ប្រាក់​ឧបត្ថម្ភបន្តិច​សម្រាប់​ចិញ្ចឹម​ជីវិត។

លោក ស៊ិន សុធា និយាយថា៖ «​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​អាន​ពី​សន្លឹកទី​មួយ​​ទៅ​សន្លឹក​មួយ​ទៀត​ ​កាន់​តែ​​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​។ នៅ​ខណៈ​​ពេល​ដែល​ខ្ញុំ​អាន​និង​បកប្រែ​នោះ គឺ​​ហាក់​ដូច​ជាខ្លួន​​ខ្ញុំ​បាន​ចាប់​ផ្តើម​រស់​នៅ​ក្នុង​សម័យ​មួយ​ទៀត​ដែល​ខ្ញុំ​មិន​បាន​​ដឹង។ លោក​ បេនីតូ និយា​​យ​រៀប​រាប់​​ពី​ជំនាន់​ឆ្នាំ​១៩៩០ ដែល​​កាន់​នោះ​ខ្ញុំ​ទើប​តែ​មាន​អាយុ​ជាង​១០ឆ្នាំ​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​​ទិដ្ឋភាព​ការ​ជិះ​រទេះ​នៅ​តាម​ព្រំ​ដែនខ្មែរ​ថៃ​ នៅ​​ជំរំជន​ភៀស​ខ្លួន​ ការ​លំបាក​វេទនា​របស់​ពលរដ្ឋ​ខ្មែរ អនុស្សាវរីយ៍​ជូ​រ​ចត់​ទាំង​ឡាយ​របស់​ខ្មែរ​ ភាព​អស់​​សង្ឃឹម​ និង​ ស្នាម​ញញឹម​ ជា​ដើម»​។

លោក ស៊ិន សុធា

អ្នក​បកប្រែ​រូប​នេះ​បន្ត​ឱ្យ​ដឹងថា សៀវភៅ​«គ្រួសារថ្មី ២០ឆ្នាំ​នៃ​ការ​អភិវឌ្ឍដើម្បី​អនាគត​កុមារ​កម្ពុជា» ​​នេះ និយាយ​ពី​អនុស្សាវរីយ៍​នៃ​ដំណើរ​ជីវិតរបស់លោក​ បេនីតូ​ ​​ក្នុង​ការ​បង្កើត​អង្គការ​គ្រួសារ​ថ្មី ដូច​ដែល​យើង​ឃើញ​ចំណង​ជើង​ស្រាប់។ អ្នក​និពន្ធ​រៀប​រាប់​យ៉ាង​ពីរោះ​ និង​យ៉ាង​លម្អិត​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​ឈានជើង​ចូល​ជំរំ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ព្រំដែន​ថៃ រហូត​ដល់​ថ្ងៃ​គម្រប់​ខួប​ទី​២០​ឆ្នាំ​​​នៃ​ការ​បង្កើត​អង្គការ​នេះ​ឡើង។ ផ្តើម​​ពី​គម្រោង​មណ្ឌល​កុមារ​កំព្រា​ចំនួន​តែ​៣៥នាក់ រហូត​ដល់​​បង្កើត​មជ្ឈមណ្ឌល​កុមារ​ពិការ​ភ្នែក​ កុមារ​គថ្លង់​នៅ​ទូទាំង១៤​​ខេត្ត​រាជធានី។

ដើម្បី​អាច​ឱ្យ​កុមារ​ពិការ​ភ្នែក និង​គថ្លង់​ទទួលបាន​ការ​សិក្សា លោក បឺ​ន័រ ឌុយស្សាតូ-អាក​ម៉ាំង​​ស្សុង​​ ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​ដំបូង​ក្នុង​ការ​បង្កើត​​អក្សរ​ប្រៃយ៍ខ្មែរ​ (Braille Khmer) និង​ភាសា​សញ្ញា​ខ្មែរ​ ជា​លើក​ដំបូងបំផុត​នៅ​កម្ពុជា​។

លោក បឺ​ន័រ ឌុយស្សាតូ-អាក​ម៉ាំង​​ស្សុង ថ្លែង​នៅ​ក្នុង​សន្និសីទ​នៅ​វិទ្យា​ស្ថាន​បារាំង​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា​ថា៖ «​អង្គការ​គ្រួសារ​ថ្មី បង្កើត​នៅ​ឆ្នាំ​១៩៩១ បច្ចុប្បន្ន​ យើង​​ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​ខេត្ត​ក្រុង​ចំនួន​១៤នៅ​ទូទាំង​ប្រទេស​​​កម្ពុជា តាម​រយៈ​​កម្មវិធីធំៗ​ចំនួន​បី គឺ​​អប់រំពិសេស​សម្រាប់​កុមារ​គថ្លង់និង​ពិការ​ភ្នែក កម្មវិធី​សុខុ​​មាល​​ភាព​​កុមារ សម្រាប់​កុមារ​​ក្រីក្រ​គ្មាន​ទីពឹង កុមារ​ដែល​ត្រូវគ្រួសារ​បោះបង់​ចោល កុមារ​អនា​ថា ឬ​រងគ្រោះ​​ដោយ​​ការ​​រំលោភ​ជួញ​ដូរ​ និង​កម្មវិធី​អភវិឌ្ឍ​វប្បធម៌​និង​សិល្បៈ​ខ្មែរ»។ លោកបន្តថា អ​ង្គ​ការ​នេះ​មាន​កុមារក្នុង​គម្រោង​ប្រមាណ​៤ពាន់​នាក់ ​បុគ្គលិ​ក​ខ្មែរ​ចំនួន​៤០០នាក់ និង​បុគ្គលិក​បរទេស​តែ​៤​នាក់​ប៉ុណ្ណោះ។ ដោយ​ឡែកអ្នក​ធ្វើ​ការ​នៅ​​សាខា​​នៅ​ក្រៅប្រទេស ដូច​ជា​គ្រួសារ​ថ្មី​​បារាំង  គ្រួសារ​ថ្មី​ស្វីស គ្រួសារ​ថ្មី​អង់គ្លេស គ្រួសារ​ថ្មី​ស៊ុយ​អ៊ែត សុទ្ធ​សឹង​តែ​អ្នក​ស្មគ្រ​ចិត្តជួយ​លើ​កិច្ច​​ការស្វែង​រក​ជំនួយ ទទួល​ជំនួយ​ឧបត្ថម្ភ និង​បញ្ចូន​​បន្ត។

លោក ស៊ិន សុធា លើកឡើងថា៖ «​ដូច​យើង​ដឹងហើយថា បុគ្គលិក​បរទេស​អង្គការ​គ្រួសារ​ថ្មី​មាន​​តែ​បួន​នាក់​ទេ ក្រៅពីនោះ​សុទ្ធ​សឹងតែ​ជា​អ្នក​ស្មគ្រ​ចិត្ត និង​បុគ្គលិកជន​ជាតិ​​ខ្មែរ។ ការ​ធ្វើ​បែប​នេះ ជា​បណ្តុះ​បណ្តាល​ការ​ងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដោយ​ខ្លួន​ឯង ចេះ​ជួយ​ខ្លួន​ឯង​ ហើយ​បរទេស​គ្រាន់​តែ​​ជា​អ្នក​ជួយ​ផ្តើម​គំនិត​និង​ជួយ​​តម្រែតម្រង់​ខ្លះៗប៉ុណ្ណោះ​។ ខ្ញុំ​យល់ថា ប្រ​សិនបើ​​ជា​អង្គការ​ដទៃ​ទៀត​​ធ្វើ​បាន​បែប​នេះបាន​ ជាការ​ល្អ​ប្រសើរ!​»​។

ដោយ​កិច្ច​ការ​ចូ​ល​រួម​​លើ​វិស័យ​មនុស្ស​ធម៌​យ៉ាង​ច្រើនរបស់​លោក បឺ​ន័រ ឌុយស្សាតូ-អាក​ម៉ាំង​​ស្សុង​​ លោក​មាន​​កិត្តិយស​​ទទួលបាន​​សញ្ញាតិ​ខ្មែរ។ គួរ​បញ្ជាក់​ផង​ដែរថា នៅ​ឆ្នាំ​២០០៣ អង្គការ​គ្រួសារ​ថ្មី មាន​កិត្តិយស​ទទួល​បាន​ពាន​រង្វាន់​សិទ្ធិមនុស្សពីសាធារណ​រដ្ឋ​បារាំង និង​ពានរង្វាន់​ Wenhui Unesco  នៅ​ឆ្នាំ​២០១០។

​មិត្ត​​អ្នក​អាន​និង​​សប្បុរជន​ទាំង​ឡាយអាច​​​​ទាក់​ទងអង្គការ​គ្រួសារ​ថ្មី នៅ​រាជ​ធានី​ភ្នំពេញ​ តា​ម​រយៈ​​លេខ​ទូរ​សព្ទ ០២៣ ៣៦​ ៦១​ ៨៤ សារអេឡិច​ត្រូនិក communication@krousar-thmey.org

គេហទំព័រ​ http://www.krousar-thmey.org និង អាសយ​​​​ដ្ឋាន​​​ផ្ទះលេខ​​៤ ផ្លូវ​២៥៧កែងផ្លូវ១៣២ សង្កាត់​ទឹក​ល្អក់​១ ៕

 ផ្សាយ​ក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៧ ខែឧសភា ឆ្នាំ២០១២, ទំព័រ២៨-២៩

ដោយ​ ហេង ឧត្តម​

គួរបញ្ជាក់​ផង​ដែរថា ថ្មីៗនេះ

លោក បឺន័រ ឌុយស្សាតូ-អាក​ម៉ាំង​​ស្សុង​​ (Benoît Duchâteau-Arminjon) ហៅ បេនីតូ (Bénito) ប្រធាន​អង្គការ​«គ្រួសារ​ថ្មី»​ទទួល​ពាន​រង្វាន់​ណូបែល​កុមារ (Nobel Prize for Children) សំរាប់​ឆ្នាំ​២០១២ ជូន​ដល់​លោក ជា​ការ​ទទួល​ស្គាល់​ចំពោះ​សកម្មភាព​ការងារ​មនុស្ស​ធម៌​ដែល​លោក​បាន​ជួយ​ដល់​កុមារ​ពិការ និង​កំព្រា​នៅ​កម្ពុជា រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ : @RFA, 2012-11-01,  ដោយ ម៉ៅ សុធានី

Carly Otness/BFAnyc.com. Photo

ដើម្បី​អាន​និង​ស្តាប់​បទ​យការណ៍ សូម​ចុចទីនេះ ប្រធាន​អង្គការ​«គ្រួសារ​ថ្មី»​ទទួល​ពាន​រង្វាន់​ណូបែល​កុមារ

ហេតុអ្វី​ស្រ្តី​​ត្រូវ​រៀន​ច្បាប់?

មិន​មែន​ជា​ការ​ចៃ​ដន្យ​នោះ​ទេ ក្នុង​ការជ្រើស​រើ​ស​មុខ​វិជ្ជា​​ណា​មួយ​ដើម្បី​សិក្សា​ ព្រោះ​ជម្រើ​ស​នេះនឹង​​ជះ​ឥទ្ធិ​​ពល​យ៉ាង​ខ្លាំង​​ចំពោះ​អនាគតសាមីខ្លួន​ផ្ទាល់ និង​សង្គម​​ជាតិ​ទាំង​មូល​។ ច្បាប់ក៏​ជា​មុខ​វិជ្ជា​មួយ​លំបាក​រៀន​​ដូច​មុខ​វិជ្ជា​​ផ្សេង​​ទៀត​ដែរ តែ​អ្វី​ដែលគេ​​កត់​សម្គាល់ឃើញ​ថែ​ម​ទៀត​នោះ គឺ​មុខ​វិជ្ជា​មួយនេះ​​មាន​និស្សិត​ស្រី​ចូល​រៀន​តិចតួច​​ជាង​និស្សិត​ប្រុស។ ហេតុនេះ បរិមាណ​ស្រ្តី​ដែល​ចេះ​ដឹង​ពី​វិស័យ​ច្បាប់​នៅ​មាន​កម្រិត ហើយ​អាច​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​ស្រ្តី​ខ្លួន​ឯង និង​សង្គម​ផង​ដែរ។

ជាក់​ស្តែង​សង្គម​កម្ពុជា​បច្ចុប្បន្ន​ អត្រា​នារី​​រង​គ្រោះមាន​​ច្រើន​។ បញ្ហា​ជា​ច្រើនដែល​គេ​តែង​តែ​ឃើញ​កើត​មាន​​ឡើង​​លើ​ស្រ្តី​ខ្មែរ​នោះ​គឺ​ បញ្ហា​ការ​រំលោភ​សិទ្ធិ​សេរី​ភាព​​ វិសមភាព​យេនឌ័រ​ ការ​ជួយ​ដូរ​កុមារី​និ​ងស្ត្រី ការ​ប្រើ​អំពើ​​ហិង្សា ការ​រំលោភ​សេពសន្ថវៈជា​ដើម​ ហើយ​ថ្មីៗ​នេះ​​គឺ​បញ្ហា​ពលការិនី​ដែល​កំពុង​រង​គ្រោះ​​​ដោយ​បម្រើ​ការ​ងារ​នៅ​​​បរទេស​​។

បើ​គេ​និយាយ​ដល់បញ្ហា​ការ​រំលោភ​សេពសន្ថវៈ ដំណោះ​ស្រាយ​ភាគ​ច្រើន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សំណង​ផ្លូវ​ចិត្ត​ តែ​មិន​សូវ​បាន​ដោះ​ស្រាយត្រឹម​ត្រូវ​​ទៅ​តាម​នីតិ​វិធី​រដ្ឋ​ប្ប​វេណី និង​ក្រម​នីតិ​វិធីព្រហ្មទណ្ឌ​​​នោះ​ឡើយ​​។​ ករណី​នេះ អាច​ប្រហែល​មក​ពី​​​​ប្រជា​ពលរដ្ឋ​ខ្មែរមួយ​ចំនួន​ ពិសេស​គឺ​​ស្ត្រីខ្លួន​​ឯង​ផ្ទាល់ ពុំ​បាន​ឈ្វេង​យល់​ច្បាស់​​​ពី​​វិស័យ​ច្បាប់​ ហើយ​ពួកគេ​ហាក់ពុំ​មាន​ជំនឿ​​លើ​ភាព​យុត្តិធម៌​ដែល​ផ្តល់​ឪ្យ​ដោយតុលាការ។ ម្យ៉ាង​វិញ​ទៀត ភាគ​ច្រើននៃ​ស្ត្រី​និង​កុមារី​រង​គ្រោះ គឺឋិត​ក្នុង​គ្រួសារ​ដែល​​មាន​ស្ថានភាព​ជីវភាព​ខ្សត់​ខ្សោយ។ ហេតុនេះ សំណង​​ផ្លូវ​ចិត្ត​ជាថវិកា បាន​ត្រូវ​ដោះ​ស្រាយ​ជា​ច្រើន​ករណី​កន្លង​មក​ហើយ។ មួយ​វិញ​ទៀត ឪពុកម្តាយ​ខ្មែរដែល​មាន​កូន​ស្រី​រង​គ្រោះ​​ទៀត​សោត​ ហាក់​មិន​ចង់​បន្ត​ក្តីក្តាំ​ឡើង​តុលាការ​ឡើយ​ ព្រោះ​ពួកគេ​យល់ថា ខាត​បង់​ពេល​វេលា និង​មិន​ទុក​ចិត្ត​​ចំពោះ​ដំណោះ​ស្រាយ​យុត្តិធម៌របស់​តុលាការ​ ឬ​ក៏​ដោយ​ហេតុ​អវិជ្ជាមិន​យល់​ពី​ដំណើរ​ការ​​នីតិ​វិធី​​តែ​ម្តង​។ លើស​​​ពីនេះ ពួក​គេ​អាច​នឹង​យល់​ព្រមសម្រុះ​សម្រួល​ដោយ​ស្ងាត់ៗ ហើយ​បង្ខំលួង​លោម​​ឱ្យ​​​កូន​ស្រី​ខ្លួន​រៀប​ការ​នឹង​ជន​​ល្មើស(ជន​ជាប់​សង្ស័យ​)​តែម្តង ដោយ​ពុំ​បាន​គិត​ដល់​​ស្ថានភាព​វេទនារម្មណ៍របស់​នាងនោះឡើយ និង​ដោយ​​លេស​ថា រក្សា​កិត្តិយស​មុខ​មាត់​គ្រួសារ​​ជាដើម។

កញ្ញា ចាន់ ស៊ីណេត

ទាក់​ទង​នឹង​បញ្ហា​​ដូច​ដែល​បាន​រៀប​រាប់​មក​នេះ កញ្ញា ចាន់ ស៊ីណេត រៀន​ថ្នាក់ទី​១២ នៅ​សាលា​​បញ្ញា​សាស្ត្រ បាន​ប្រាប់​ថា កញ្ញា​ចង់​រៀន​ច្បាប់​តាំង​តែ​​ពីតូច​មក​ម្ល៉េះ ព្រម​ទាំង​ចង់​ក្លាយ​ជា​មេធាវី​ទៀត​ផង។ នាង​ថ្លែងថា៖ «ខ្ញុំ​ស្រឡាញ់ច្បាប់​​ តាំងតែ​រៀន​បឋមសិក្សា​មក​ម្ល៉េះ។ កាលពីតូច ខ្ញុំ​​អត់​មាន​អ្នកមើល​ថែរក្សា​ ព្រោះ​ខ្ញុំ​កំព្រា​អត់​មាន​ឪពុក​ម្តាយ។ វាជា​ជីវ​ភាព​​មួយ​​ទន់​ខ្សោយ​អត់​មាន​អ្នក​ការ​ពារ​ មួយ​វិញទៀតខ្ញុំ​ជា​មនុស្ស​ស្រី​ងាយ​នឹង​រង​គ្រោះ និងត្រូវ​គេ​ធ្វើ​បាប»។

កញ្ញា ស៊ីណេត បន្តថា៖ «ខ្ញុំមាន​ប្រភព​​​ចេញ​ពី​ស្ថាន​ភាព​មួយ​ដែល​លំបាកដូច្នេះ​ ហេតុ​នេះ​​បើ​សិន​ជាខ្ញុំ​​អត់​ចេះ​ច្បាប់​ទៀត​ ខ្ញុំ​នឹងកាន់តែ​លំបាក។ ខ្ញុំ​ចង់​​ចេះ​ច្បាប់​ដើម្បីការ​ពារ​ខ្លួន ខ្ញុំ​ចង់​ជួយ​ក្មេងកំព្រា ក្មេង​​លំបាកទីទ័លក្រ ដែល​ងាយ​រង​ការ​ធ្វើ​បាប។ ពេល​​ពួក​គេ​មាន​​បញ្ហា ដូចជាត្រូវបាន​​គេ​ជួញ​ដូរ ​គេ​ធ្វើបាប ប្រើអំពើ​ហិង្សា ឬ​ចាប់រំលោភ… ខ្ញុំ​យល់​ថា មាន​​តែ​ច្បាប់ទេ ដែល​អាច​ជួយ​ពួក​គេ​បាន»។

កញ្ញា ស៊ីណេត

នាង​បញ្ជាក់ថា កត្តា​ដែល​កាន់​តែ​​ជំរុញឱ្យ​នាង​ចង់​រៀន​ច្បាប់​ទៀត​​នោះ គឺ​​ដោយ​សារ​ស្ថាន​ភាព​សង្គម​បរិយាកាស ពោល​គឺ​នាង​​បាន​ឃើញ​ និង​ដឹង​ឮ​រឿង​​រ៉ាវ​អ​យុត្តិ​ធម៌​ក្នុង​សង្គម ការ​​​​កេង​ប្រវ័ញ្ច អំពើ​ពុក​រលួយ អ​ម​នុស្ស​​ធម៌ជាដើម។ ការ​ចាំ​បាច់​ណាស់​ដែល​មនុស្ស​ទួទៅ​ត្រូវ​​រៀនវិជ្ជានីតិសាស្ត្រ ពិសេស​​នារី​គួរតែ​ងាក​មក​ចាប់​​អារម្មណ៍​​សិក្សា​​មុខវិជ្ជា​នេះ​ ព្រោះ​​ដើម្បី​ការពារ​ខ្លួនឯង ជួយ​​ខ្លួន​ឯង​ និង​សង្គម​ជាតិ។ បើ​ពល​រដ្ឋគ្រប់​គ្នា​​ចេះ​ច្បាប់ យល់​ដឹង​ពី​ច្រើន បាន​ន័យថាធនធាន​មនុស្ស​របស់​ប្រទេស​ខ្លាំង ពល​រដ្ឋ​​គោរព​ច្បាប់ ដំណើរ​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​​នីតិវិធី​គតិយុត្តិ​ត្រឹមត្រូវ ជា​ហេតុ​ធ្វើឳ្យ​ប្រទេស​​មាន​នីតិរដ្ឋ មាន​ការ​គោរព​ច្បាប់បាន​ល្អ​ មានតម្លាភាព​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅក្នុងសង្គម។

កញ្ញា ចាន់ ស៊ីណេត

កញ្ញាស៊ីណេតបន្ថែមថា៖ «ច្បាប់ពិត​ជា​សំខាន់​មែន​សម្រាប់​មនុស្ស​គ្រប់​រូប។ ការ​សិក្សា​មុខ​​វិជ្ជា​​ច្បាប់មិន​​មែនសម្រាប់​​តែ​ប្រុស​ទេ ស្រ្តី​ក៏​អាច​រៀន​បាន​ដែរ។ ជាការ​ពិត​ គេ​មិន​សូវ​ឃើញ​​មាន​នារី​រៀប​ច្បាប់​ទេ ខ្ញុំ​យល់ថា មុខវិជ្ជានេះ​លំបាករៀន​ ហើយ​ពេល​បំពេញ​ការ​ងារ​ អាច​នឹង​ងាយ​គ្រោះថ្នាក់ទៀត​ផង។ ទោះ​យ៉ាងណា​ ខ្ញុំ​សង្ឃឹម​ថា ប្រសិន​បើជា​ពេល​​ខ្ញុំ​​រៀន​​ច្បាប់ចប់​​ និង​ក្លាយ​ជា​មេធាវី ខ្ញុំ​នឹង​ចូលរួម​ចំណែក​ជួយ​ម​នុស្ស​ទូទៅទាក់​ទង​នឹង​វិស័យ​​ច្បាប់​ ពិសេស​ស្រ្តី​និង​កុមារដែល​ជន​ងាយ​រងគ្រោះ»។

កញ្ញា ឃី ស្រីស្រស់

ចំណែក​ កញ្ញា ឃី​ ស្រីស្រស់ ជា​អតីត​ជ័យ​លាភី​មេដាយ​មាស​អក្សរសិល្ប៍​ខ្មែរ ថ្នាក់​ទី​៩ ឆ្នាំ​​២០០៦ និងនៅ​​ថ្នាក់ទី​១២ ​កញ្ញា​ក៏​ជា​សិស្សពូកែ​លេខ​៧ទូទាំង​រាជធានីភ្នំពេញ និង​លេខ​១១ទូទាំង​ប្រទេស​ផង​ដែរ។ ស្រី​ស្រស់​យល់​ឃើញថា ​ករណី​រង​គ្រោះ​ដោយ​ការ​រំលោភសិទ្ធិ រំលោភ​សេពសន្ថវៈ ​អំពើ​ហិង្សានានា​ គឺ​ភាគ​ច្រើនជា​​ស្ត្រី​និង​កុមារី។ ហេតុនេះ​នារីខ្មែរ​គួរ​តែ​​ត្រូវ​រៀន​ច្បាប់​ ព្រោះកាល​ណា​យើង​ចេះ​ដឹង​ គេ​មិន​អាច​មក​រំលោភបំពាន​យើង​បាន​ទេ។

នាង​បន្តថា ការ​សិក្សា​វិជ្ជា​​ច្បាប់អាចជួយ​ឱ្យ​​យើងមាន​ចំណេះ​ទូលំទូលាយ ចេះ​​ការ​ពារ​ខ្លួន​ឯង គ្រួសារ អ្នក​ដទៃ និង​ចូល​ចំណែក​អភិវឌ្ឍ​សង្គម​ជាតិផង​ដែរ​។ មិន​តែប៉ុណ្ណោះ​​យើង​អាច​តស៊ូ​មតិជា​សាធារណៈ ដោយ​មាន​អំណះអំណាង​ត្រឹម​ត្រូវប្រកប​ដោយ​មូលដ្ឋាន​គតិយុត្ត ចៀស​​វាង​ពី​ការ​រំលោភបំពាន​ទាំង​ឡាយផង​ដែរ​​។ពេល​បញ្ចប់​វិទ្យា​ល័យ កញ្ញា ​ឃី​ ស្រីស្រស់ បាន​ទទួល​អាហា​​រូបករណ៍​បី​មហាវិទ្យាល័យ តែ​បច្ចុប្បន្ន​ ស្រីស្រស់ ​បន្តតែ​មួយ​ទេ គឺ​ផ្នែក​នីតិសាស្ត្រ ថ្នាក់​ពិសេស​ភាសា​បារាំង ឆ្នាំ​ទី៣ នៅ​​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច​។

កញ្ញា ស្រីស្រស់

កញ្ញា​បញ្ជាក់ថា ច្បាប់​ក៏​ជា​មុខវិជ្ជាវិទ្យាសា​ស្ត្រមួយ​ដែរ ហេតុនេះ​ច្បាប់​​មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម​នីមួយៗ។ កាល​​ណា​រដ្ឋ​មួយ​មិន​​មាន​ច្បាប់​ គឺ​នឹង​ក្លាយ​ជា​ដែន​​ដី​អនា​ធិប​តេយ្យ គ្មាន​សណ្តាប់​ធ្នាប់​ និង​គ្មាន​ការ​រីក​ចម្រើន​​ឡើយ​។

កញ្ញា ឃី​ ស្រីស្រស់ កត់​សម្គាល់​​ថា សង្គម​មាន​បញ្ហា​អយុត្តិ​ធម៌ជាច្រើន គឺ​ដោយ​សារ​​ប្រព័ន្ធ​ច្បាប់​ធូរ​រលុង។ ហេតុដូច្នេះ បាន​ជា​នាង​សម្រេច​​រៀន​ច្បាប់​ដើម្បី​ចូល​រួម​​ចំណែក​​ដោះស្រាយ​បញ្ហា​សង្គម​​ជាតិ និង​រឿង​រ៉ាវ​អយុត្តិ​ធម៌​​នៅ​ក្នុង​សង្គម​ បើ​មិន​បាន​ច្រើន​ ក៏​​អាច​រួម​ចំណែក​​ជួយ​ស្ត្រី​ខ្មែរ​រង​គ្រោះខ្លះ​ដែរ​​។

នាង​បន្តថា៖ «កន្លង​មក​ នារី​រង​ដោយ​​ការ​ប្រើ​អំពើ​ហិង្សា ការ​​រំលោភ​សេព​សន្ថវៈ និង​បញ្ហា​​ផ្សេង​ជា​ដើម មិនហ៊ាន​និយាយ​ចេញបញ្ហារបស់​ខ្លួន​ទេ ពួក​គេ​ខ្មាស​អៀនខ្លាំង​​ណាស់ ហើយ​អ្នក​ប្រឹក្សា​​ច្បាប់​ភាគ​ច្រើនជា​បុរស​ទៀត ខ្ញុំ​យល់ថា បើ​មាន​ស្ត្រី​ច្រើន​ជា​អ្នក​ចេះ​​ដឹង​ច្បាប់ និង​ធ្វើ​ការ​ផ្នែក​នេះ មុខ​ជា​អាច​ជួយ​នារីៗយើង​ឳ្យ​កាន់​តែ​ប្រសើរថែម​ទៀត ព្រោះ​ស្រ្តី​អាច​យល់​ពី​ទុក្ខ​លំបាក​របស់​ស្រ្តី​ដូច​គ្នា ច្រើន​ជាង​បុរស​។ ទោះ​យ៉ាងណា ​ខ្ញុំ​សូម​​ឱ្យ​បង​ប្អូន​ស្រ្តី​ដែល​រងគ្រោះ​ទាំងឡាយ សូម​កុំ​​លាក់​លៀម​បៀមទុក​បញ្ហា​ទ្រាំ​ឈឺ​ចាប់​គ្រាំ​គ្រា បង​ប្អូន​ត្រូវ​តែ​ហ៊ានទៅ​រក​អ្នក​ប្រឹក្សា​ច្បាប់ អាជ្ញាធរមាន​សមត្ថកិច្ច និង​អាជ្ញា​ធរ​​យុត្តិធម៌ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​​ដោយ​សន្តិវិធី»។

កញ្ញា ឃី ស្រីស្រស់

ជា​ការ​ប្រាកដ​ណាស់​នៅ​ក្នុង​សង្គម​ខ្មែរ វិសមភាព​នៃនារីនិងបុរ​ស​ក្នុង​ការ​កាន់​ការងារ​​ស្រុក​ទេស ហាក់​កំពុង​តែ​លំអៀង​ទៅ​ខាង​បុរស​ច្រើន​ កញ្ញា​ស្រីស្រស់​​​បាន​លើក​ឡើង​ទៀត​ថា៖ «គេ​មិន​អាច​ថា សង្គមខ្មែរ​​បង្អាប់​បង្អោន​​​តម្លៃ​ស្ត្រី មិន​ឳ្យ​ស្រ្តី​កាន់​កិច្ច​ការ​ធំៗ​របស់​​​រដ្ឋ​​នោះ​​ទេ​ តាម​ពិត​ទៅប្រទេស​យើង​ត្រូវ​ការ​និង​ចង់បាន​ការ​​លើក​តម្កើង​ស្ត្រី​ឳ្យ​កាន់​មុខ​តំណែង​សំខាន់ៗ​ក្នុង​ក្រសួង​​ស្ថាប័ន​ដឹក​នាំរដ្ឋ​ណាស់ តែ​មក​ពី​ស្រ្តី​ភាគ​តិចតួច​​ណាស់​ដែល​ចេះ​ច្បាប់ និង​ទទួល​បាន​ការ​អប់រំ​កម្រិត​​ខ្ពស់​ ដូច្នេះអ្នក​កាន់​កិច្ច​ការ​ធំៗ​របស់​រដ្ឋ​គឺ​ភាគ​​​ច្រើន​លើស​លប់​ គឺ​ជា​បុរស​»​។

ក្នុង​វ័យ២០ឆ្នាំ កញ្ញា​បង្ហាញ​ពី​គោល​បំណងផ្ទាល់​ខ្លួន​ដែល​សិក្សា​ផ្នែក​នីតិសាស្ត្រ​នេះថា៖ «តាំងពី​តូច​មក ខ្ញុំ​ស្រឡាញ់​ផ្នែក​ច្បាប់ ព្រោះ​ទៅទី​ណា​ក៏​គេ​ត្រូវ​ការ​ច្បាប់​ដែរ។ នៅ​ពេល​បញ្ចប់​​បរិញ្ញាបត្រ​ បើ​មាន​ឱកាស​ល្អ និង​សមត្ថ​ភាព​គ្រប់​គ្រាន់ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​បាន​អាហារូបករណ៍​ទៅ​បន្ត​អនុបណ្ឌិតនីតិឯកជន និង​បណ្ឌិត​​នៅ​ប្រទេស​បារាំង​។ បើ​មិន​ដូច្នោះ​​ទេ ខ្ញុំ​​​នឹង​ចូល​បម្រើការ​ជា​ទីប្រឹក្សា​ច្បាប់​នៅ​ការិយាល័យ​មេធាវីណា​មួយ ហើយ​បន្ត​ស្វែង​រក​អាហារូបករណ៍​សិក្សា​បន្ថែម​ទៀត»​។ នាង​បង្ហាញ​ឆន្ទៈថា៖ «ខ្ញុំ​ចង់​ក្លាយ​ជា​មេធាវីនារី​ដ៏​ឆ្នើម និង​ជា​សាស្រ្តាចារ្យ​នីតិសាស្ត្រដ៏​ល្បី​​នៅ​ពេល​អនាគត»។

កញ្ញា មិន្ទស៊ុំ សូលីដា

ទន្ទឹម​នឹង​នេះ កញ្ញា មិន្ទស៊ុំ សូលីដា ជា​សាស្ត្រាចារ្យនីតិសាស្ត្រ និង​ជាអ្នក​សម្រប​សម្រួល​​​ទូទៅ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អនុវត្ត​ច្បាប់នៃសហប្រតិបត្តិការបារាំង ប្រចាំ​នៅ​​​​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និង​​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច បាន​មា​ន​ប្រសាសន៍​ថា​៖ «ការជ្រើសរើស​មុខវិជ្ជា​ដើម្បី​បន្តការ​សិក្សា​ថ្នាក់​ឧត្តម​ពុំមែនជា​រឿង​ងាយ​ស្រួល ហើយ​ក៏ពុំមែនជារឿងដែលធ្វើឡើងតាមការចៃដន្យនោះដែរ។​ សម្រាប់រូបខ្ញុំផ្ទាល់ ការជ្រើស​រើស​យក​មុខ​វិជ្ជា​នីតិសាស្រ្ត​​សម្រាប់ការសិក្សានៅមហាវិទ្យាល័យ គឺ​ធ្វើ​ឡើង​ដោយ​ឆន្ទៈ​ផ្ទាល់​ខ្លួនផង និងឆន្ទៈរបស់​ឪពុក​ម្តាយ ព្រមទាំង​ឱកាស​​ដែល​ហុចឱ្យ​ផងដែរ គឺខ្ញុំ​បាន​ទទួល​អារូបករណ៍​សម្រាប់​ការសិក្សា​ផ្នែក​នីតិសាស្រ្ត នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ម្យ៉ាង​ខ្ញុំមានបំណងក្លាយខ្លួនជា​អ្នកច្បាប់​ម្នាក់​តាំង​ពី​នៅ​​ក្មេង​​វ័យមក​ម្ល៉េះ​ ដោយ​យល់​​ឃើញថា វិជ្ជានេះ​​នឹងបានចូលរួមចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​​ខ្លួ​នឯង និងសង្គមជាតិ ពី​ព្រោះ​ថា​សង្គមមនុស្ស​ត្រូវ​គ្រប់គ្រង​​ដោយ​ច្បាប់»។

កញ្ញា មិន្ទស៊ុំ សូលីដា

នៅឆ្នាំ ២០០៧ កញ្ញា មិន្ទស៊ុំ សូលីដា បាន​ទទួល​សញ្ញា​បត្រ​​បរិញ្ញាបត្រនីតិសាស្រ្តពី​ក្រសួង​​អប់រំ​ខ្មែរផង និង​បរិញ្ញា​បត្រ​​នីតិសាស្រ្តបារាំង សាកល​វិទ្យាល័យលីយ៉ុង ២ ពី​ក្រសួង​អប់រំបារាំងផង​ តាម​រយៈ​​កម្មវិធី​អប់រំ​​នីតិ​សាស្រ្ត​ថ្នាក់​ពិសេសភាសាបារាំង។ បន្ទាប់មក កញ្ញាបានទទួល​អាហារូបករណ៍ទៅសិក្សានៅ​សាកល​វិទ្យាល័យ​លីយ៉ុង​​៣ ប្រទេស​បារាំង និងបានទទួល​សញ្ញាបត្របរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែកអចលនវត្ថុ នៅ​ឆ្នាំ​២០១០​។ សព្វថ្ងៃ កញ្ញា​ក៏​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​​​មួយទៀតផ្នែកនីតិជំនួញ​អន្តរជាតិ​ដែល​មាន​សហប្រតិបត្តិ​ការរវាង​សាកល​​​វិទ្យា​ល័យ​ភូមិន្ទនីតិសាស្ត្រ និង​​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច ជាមួយ​នឹង​សាកលវិទ្យាល័យ​បារាំង​ ប៉ង់​តេអុង អាសាស ប៉ារីស២។

តាមការមើលឃើញជាក់ស្តែង និង​ការបង្រៀន​ដោយ​ផ្ទាល់​កន្លង​មក​ កញ្ញាសាស្ត្រាចារ្យ មិន្ទស៊ុំ សូលីដា ថ្លែង​ថា នៅក្នុងថ្នាក់នីមួយៗ​ ចំនួន​សិស្សនារីតិចជាងចំនួនសិស្សបុរស ពី​២​ទៅ៣​ ដងឯណោះ បើទោះបី​ជា​គេ​សង្កេត​​ឃើញថា​ការស្វែងរកការ​អប់រំ​នៅ​ថ្នាក់​ឧត្តម​សិក្សា​របស់នារីខ្មែរមាន​ការ​កើន​ឡើងលើគ្រប់​មុខវិជ្ជាក៏ដោយ។​

កញ្ញា មិន្ទស៊ុំ សូលីដា

កញ្ញាសាស្ត្រាចារ្យសង្កត់​ធ្ងន់ថា ការ​ពិត​ទៅ​មុខ​វិជ្ជាច្បាប់ ពុំមែន​សម្រាប់​តែនារី​រៀន​ ឬមួយសម្រាប់​តែ​បុរស​ទើប​រៀន​បាន​នោះ​ឡើយ ប៉ុន្តែ​គឺវា​ជា​មុខវិជ្ជា​ដ៏សំខាន់​មួយ​ ដែលពលរដ្ឋគ្រប់រូបត្រូវតែចេះដឹង។ ម៉្យាង​​វិញ​ទៀតចំពោះ​​កម្ពុជាដែល​ជា​ប្រទេស​​​កំពុង​អភិវឌ្ឍ ការ​ពង្រឹង​វិស័យ​ច្បាប់​​ត្រូវបាន​មើលឃើញ​ថាមាន​សារៈ​សំខាន់​ នៅ​​ក្នុង​គ្រប់​បរិបទ។ តួយ៉ាងដូចជា នៅ​​ក្នុងវិស័យវិនិយោគ ក្រប​ខណ្ឌ​ច្បាប់​ដ៏​ច្បាស់លាស់​គឺជាកត្តាមួយក្នុងការ​ទាក់​​ទាញ​​ការ​វិនិយោគពីបរទេសផងដែរ។​ ក្នុងន័យនេះ ការចូលរួម​ពីនារី​ក្នុង​វិស័យ​នេះ​​គឺជាការចូលរួមមួយ​យ៉ាង​ធំ​ធេង​​ស្រប​ពេលដែលសង្គមត្រូវការ​ធន​ធានមនុស្ស។ សម្រាប់រូបនារីផ្ទាល់ ការ​សិក្សា​ផ្នែក​ច្បាប់​អាច​​កាត់​បន្ថយ​ភាព​ងាយរងគ្រោះ​ដែល​នារី​ជួប​ប្រទះដោយ​សារ​​ភាព​ទន់​ខ្សោយ​ខាង​កម្លាំងកាយ ដោយ​សារថានារីមាន​ការពិចារណាបានវែងឆ្ងាយ យល់ដឹងពីច្បាប់ ពីនីតិវិធី​ក្នុង​ការ​ប្តឹងក្នុងករណី​មានការ​រំលោភ​បំពាន មានក្តីក្លាហាននឹងបញ្ចេញយោបល់ និងផ្តល់​អំណះ​អំណាង​។

កញ្ញា សូលីដា

​យោ​ង​តាមការសង្កេតឃើញ​របស់កញ្ញាសាស្ត្រាចារ្យរូបនេះ​ តាមរយៈបណ្តាញសារព័ត៌មាន មានករណី​ជាច្រើន​ទាក់​ទង​នឹងការទទួលរងគ្រោះ​របស់នារី ដូចជាការរំលោភសេពសន្ថវៈ អំពើ​ហិង្សា​​ក្នុងគ្រួសារ ការធ្វើ​អាជីវ​កម្ម​​ផ្លូវភេទ ការរំលោភ​បំពាន ឬវិសមភាពក្នុងវិស័យការងារ ការរើសអើង…​ ភាគច្រើនៃករណីរងគ្រោះទាំងនេះ តែងផ្សារភ្ជាប់​​មូលហេតុទៅនឹង​ភាពមានកម្រិតនៃចំណេះដឹងរបស់នារីរងគ្រោះទាំងនោះ។ ដូច្នេះ​ការពង្រឹង​ចំណេះ​​​​ដឹង​​របស់​នារីឱ្យកាន់តែប្រសើរ ជាពិសេសចំណេះដឹងខាងផ្លូវច្បាប់​ នឹងចូលរួមក្នុងការកាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​ដែល​នារីកំពុងជួបប្រទះនាពេលបច្ចុប្បន្ន៕

ផ្សាយ​ក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៥ ខែមីនា ឆ្នាំ២០១២, ទំព័រ៣៦-៣៧

ដោយ ហេង ឧត្ដម

ទស្សនៈសង្គមចំពោះ​​ស្រ្តី​ខ្មែរ

ក្នុង​សង្គ​ម​ខ្មែរ​សម័យ​បុរាណ ត្រូវបាន​​គេ​មើល​ឃើញថា ការ​ឳ្យ​តម្លៃ​លើ​ស្ត្រី​មាន​កម្រិត​ខ្ពស់ ព្រោះ​សូម្បីតែ​របប​ដឹក​នាំ​រដ្ឋ​​ ក៏​យក​តាម​គំរូ​មាតា​ធិបតេយ្យ​ដែរ ដែល​រហូត​ដល់​ពេល​នេះ​យើង​​ដឹង​តាម​រយៈឯកសារ​ប្រវត្តិសាស្ត្រ ហើយ​ជា​ពិសេស​យើងអាច​យល់​បាន​យ៉ាង​ងាយ​តាម​រយៈ​ការ​ប្រើប្រាស់​ពាក្យ«​មេ»នៅ​ក្នុង​សង្គម ដូចជា មេដៃ មេដំបូល មេភូមិ​ មេឃុំ មេក្រុម… ជាដើម​។


សម័យកាល​​ក្រោម​មក​ របប​សង្គម​ផ្លាស់ប្តូរជា​ច្រើនតំណ តម្លៃ​ស្ត្រី​ក៏​ត្រូវ​បាន​ធ្លាក់​ចុះជា​បន្តបន្ទាប់​ នារី​ខ្មែរ​ត្រូវ​ជាប់​ច្រវាក់​ប្រពៃ រងគំនាប​សង្គម និង​ពាក្យ​ដំនៀល​ជា​ច្រើន តួយ៉ាង «ស្ត្រី​បង្វិល​ចង្រ្កានមិន​ជុំ» «មាន​កូន​ស្រី​ ដូច​មានបង្គន់​នៅ​​មុខ​ផ្ទះ ឬ​កូន​ស្រីពិបាក​ណាស់ ញ៉េញ​ញ៉ុញ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ» «​កូន​ស្រី​មិន​ចាំ​បាច់​រៀន​ខ្ពស់​ទេ»… រហូត​ដល់​មាន​ការ​ចង់​ជា​កាព្យ​ទូន្មានទៀតថា «លោក​ថាឆ្កួត​បី ឆ្កួត​មួយ​នឹង​ស្រី ឆ្កួត​មួយ​នឹង​ស្រា ឆ្កួត​មួយ​នឹងល្បែង» ដែលក្នុងនេះ​​ក៏​មាន«​ឆ្កួត​នឹង​ស្រី»​ជា​ឆម្កួត​ទី​១​ដែរ។ ការ​បង្អាប់​មើល​ងាយ​​មនុស្ស​ស្រី​យ៉ាង​ដូច្នេះ ធ្វើ​ឳ្យ​តម្លៃ​នារី​កាន់​តែ​ស្រក​ស្រុត​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ។ ដោយ​មាន​ការលំបាកខ្លាំង​ពេក នារី​មួយ​ចំនួន​បាន​ចាប់​ផ្តើម​​ងើប​ឈរតស៊ូ​កែ​ប្រែ​ផ្នត់​គំនិត​អវិជ្ជ​មាន​​ទាំង​ឡាយ​នោះ។ ​ដោយ​បាន​ការ​គាំទ្រ​ពី​មតិ​ឆាក​អន្តរជាតិផង​​ ស្រ្តី​ខ្មែរ​បាន​ស្គាល់​នៅ​ពន្លឺ​ថ្មី។ ពាក្យ​ស្លោក​​និង​ពាក្យ​​លើក​កម្ពស់​តម្លៃ​នារី​ជា​ច្រើន ត្រូវ​បានគេ​​ស្រាវ​ជ្រាវ​មក​ផ្សព្វ​ផ្សាយ​ ជាអាទិ៍​ «ស្ត្រី​ជា​មាតា​នៃ​ពិភពលោក»​ «​សំណាប​យោង​ដី​ស្រី​យោង​ប្រុស» «សម្លឆ្ងាញ់​ដោយ​សារ​គ្រឿង គ្រួសារ​រុង​រឿង​ដោយសារ​ភរិយា»។

 

នៅ​ក្នុង​សង្គម​​ខ្មែរបច្ចុប្បន្ន ទស្សនៈអវិជ្ជមាន​ចំពោះ​ស្ត្រីនៅតែ​បាន​បន្ត​អនុវត្ត​យ៉ាង​ងងឹត​ងងុលដោយ​អន្លើ​ដែរ​ ពោលគឺ​​ពុំ​អាច​បំបាត់​ចេញ​ទាំង​ស្រុង​នោះឡើយ ហើយ​នេះជា​ហេតុនារី​ត្រូវ​រង​ទុក្ខ​វេទនាទាំង​កាយ​​ផ្លូវ​ចិត្ត រង​អំពើ​​​ហិង្សាក្នុង​គ្រួសារ​ បាត់​បង់​សិទ្ធិ​រស់​នៅប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​នៅ​ក្នុងសង្គម គ្មាន​ឱកាស​ទទួល​បាន​ការ​អប់រំ។ ការណ៍​ដែល​កូន​ស្រី​មិន​បាន​ទៅរៀន​ ធ្វើ​ឳ្យ​នាង​ខ្វះ​ខាត​ចំណេះ​ដឹង និង​មិន​​អាច​ស្វែង​រក​ការងារ​ល្អ​ធ្វើ ហើយ​ស្រ្តីខ្មែរ​មួយ​ចំនួនសម្រេច​ចិត្ត​ចេញ​ទៅ​ធ្វើការ​តាម​ផ្ទះ​នៅ​បរទេស​ តែ​ត្រូវ​គេ​​ជិះជាន់​វាយ​​ធ្វើ​បាប អ្នក​ខ្លះ​ត្រូវ​គេ​ប្រើ​ហិង្សា​ និង​បង្ខំ​ចាប់​រំលោភ​ផង​។ ពេល​ត្រឡប់​មក​ស្រុក​វិញ ពលការិនី​ខ្មែរ​​ដែល​ទៅ​បម្រើ​ការ​នៅ​ក្រៅប្រទេស​មួយ​ចំនួន ត្រូវ​វង្វេង​បាត់​បង់​ស្មារតី​ផង​ក៏​មាន។ ទាំង​នេះ​បាន​ផ្តល់​សំណល់​ទឹក​ភ្នែក​សម្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។ ជា​ការ​ពិត ទឹក​ភ្នែក​ជា​ដំណោះ​ស្រាយ​ចុង​ក្រោយ​របស់​មនុស្ស​ដែល​អស់​សង្ឃឹម តែ​ចំពោះ​ស្រ្តីមួយ​ចំនួន​​នៅ​បុរីកីឡាបន្ទាប់ពី​យំស្រែក​ទាម​ទារ​សំណងមិន​បាន​ផល ដល់​​តំណាក់​កាល​ទាល់​ច្រក​មែន​ទែន នារីខ្លះ​​ហ៊ាន​ដោះ​អាវ​វាយ​ប៉ូលីសនគរបាល​ ដោយបង្ហាញ​លេច​កេរ្តិ៍​ខ្មាស់ ដើម្បី​​ទាម​ទារ​ដីធ្លី​​ផ្ទះ​សម្បែង​របស់​ខ្លួនមក​វិញ​។

 

ទោះ​យ៉ាងណា ក៏​កញ្ញា សៀ លីហួង ទទូចឳ្យ​​កែ​ប្រែ​ទស្សនៈ​យល់​ឃើញ​អវិជ្ជមាន​ចំពោះ​ស្រ្តី។ កញ្ញា​ជា​អតីត​ជ័យ​លាភី​មេដាយ​មាស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ ថ្នាក់​ទី​៩ ឆ្នាំ​២០០៦ និង នៅ​​ថ្នាក់ទី​១២ ឆ្នាំ​២០១០ ​កញ្ញា​ក៏​ជា​សិស្ស​​ពូកែ​​​លេខ​៤ទូទាំង​ប្រទេស​ផង​ដែរ។ កញ្ញា​បាន​ទទួល​អាហា​​រូបករណ៍ ​ និង​​​កំពុង​សិក្សា​មុខវិជ្ជា​សង្គម​កិច្ច​វិទ្យា ជំនាន់​ទី​៣​ ឆ្នាំ​ទី២ នៃ​មហាវិទ្យាល័យ​សង្គម​សាស្ត្រ​ និង​មនុស្ស​សាស្រ្ត នៅ​​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​មណ្ឌល​​២។ ក្នុង​វ័យ​២០ឆ្នាំ កញ្ញា​បញ្ជាក់ថា៖ «គេ​គ្រប់​គ្នា​តែង​និយាយ​ថា​ ស្ត្រី​ជា​ភេទ​ទន់​ខ្សោយ តែតាម​ពិត​ នារី​​ខ្សោយ​តែ​កម្លាំង​កាយទេ​ ប៉ុន្តែ​កម្លាំង​​​ប្រាជ្ញាស្មារតី និង​មាន​សមត្ថភាព​​​មិន​ចាញ់​បុរស​នោះ​ឡើយ ជាក់​ស្តែង​មាន​នារី​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ជា​ប្រមុខ​ដឹក​នាំប្រទេស ជាអ្នក​ដឹក​នាំ​ក្រសួង ក្រុម​ហ៊ុន ​ស្ថាប័ននានា​ ថែម​ទាំង​មាន​អ្នក​និពន្ធ​អ្នក​ប្រាជ្ញ​វិទ្យា​សាស្ត្រ​ជា​ស្ត្រី​ផង​ដែរ»។

ចំពោះ​សង្គម​ខ្មែរ​វិញ​ និស្សិតនារី​ឆ្នើម​រូប​នេះ បន្តថា បាន​ជា​គេ​មិន​សូវ​ឃើញ​ស្ត្រី​ច្រើន​កាន់តំណែង​ខ្ពស់​នៅ​​ក្នុង​សង្គម ព្រោះ​មក​ពី​កាលៈទេសៈ សង្គម​បរិយាកាស​ពុំ​​បាន​បង្ក​លក្ខណៈ​សម​ស្រប ​និងភាព​​ងាយ​ស្រួល​ដល់​ស្រ្តី​ទៅវិញ​ទេ ម្យ៉ាង​ទៀត​​ក្នុង​សង្គម​មាន​ផ្នត់​គំនិត​អវិជ្ជមាន​ចំពោះស្រ្តីច្រើន​ ហើយ​​ប្រព័ន្ធសិក្សា​ធិការ​​សម្រាប់​ស្ត្រី​នៅ​មាន​កម្រិត​។  ហេតុដូច្នេះ​ហើយ គេ​មិន​សូវ​ឃើញ​វត្តមាន​របស់​ស្ត្រី​ច្រើន​នោះ​ទេដែល​ជា​អ្នក​នយោបាយ ឬ​អ្នក​ជំនួញ។ ​ជា​ទស្សនៈ​ឃើញ​ផ្ទាល់ខ្លួនក្នុង​នាម​ជា​អ្នក​សិក្សា​មុខវិជ្ជា​សង្គម​កិច្ច​វិទ្យា ​ ​កញ្ញា​​កត់​សម្គាល់​ឃើញថាថា៖ «ស្រ្តី​ខ្មែរ​សព្វ​​ថ្ងៃ​​​ ហាក់​ដូច​ជា​មិន​បាន​ចូល​រួម​ពេញ​លេញក្នុង​សង្គម​​នៅឡើយ​ទេ​។ ខ្ញុំយល់​​ឃើញ​ថាការ​ចូលរួម​របស់​នារី​នៅ​តិចតួច​នៅ​ឡើយ ម្យ៉ាង​ទស្សនៈ​​​អវិជ្ជមាន​ចំពោះ​នារីនៅ​តែ​មាន ហើយបាន​ធ្វើ​ឳ្យ​ចលនា​យេនឌ័រ​មាន ​តែ​ពុំ​បាន​អនុវត្ត​ត្រឹម​ត្រូវ​នោះ​ឡើយ »។

 

ជា​ដំណោះ​ស្រាយ​ដោយ​ផ្តើម​ចេញពី​នារី​ខ្លួន​ឯង​ផ្ទាល់ កញ្ញា​លីហួងថ្លែងថា៖ «ខ្ញុំ​ចង់ស្រ្តីខ្មែឬ​​ឳ្យ​ទាំង​អស់​ មាន​ទំនុក​ចិត្ត​លើក​ខ្លួន​ឯង ក្លាហាន​ ពង្រឹង​ភាព​ខ្លាំង​របស់​ខ្លួន​ កុំ​នៅតែយល់ថានារី​ជាភេទ​ទន់​ខ្សោយទៀត យើង​ត្រូវ​ហ៊ាន​បញ្ចេញ​គំនិត តស៊ូ​មតិដោយ​​ចាប់​ផ្តើម​ពី​នៅ​ក្នុង​គ្រួសារ​ សាលា​រៀន សហគមន៍​…។ មួយ​ទៀត​ស្រ្តី​ត្រូវ​តែ​ស្គាល់​ខ្លួន​ឯង​ឳ្យ​ច្បាស់ កាលណា​យើង​ស្គាល់​ខ្លួន​ច្បាស់ យើង​អាច​នឹង​ធ្វើ​ការ​ងារ​អ្វី​ក៏​បាន​ដែរ។ បន្ទាប់​មក​ ព្យាយាម​បើក​ឱកាស​ឳ្យ​ខ្លួន​ឯង​ចូល​រួមសកម្មភាព​សង្គម និង​ពង្រឹង​សិទ្ធិ​អំណាច​ផ្ទាល់​ខ្លួន​»។

កញ្ញា សៀ លីហួង ប្រាថ្នា​ចង់​បាន​សង្គមមួយ​​​ដែល​ស្ត្រីនិងប្រុស​មាន​សិទ្ធិ​សេរីភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​តម្លា​ភាព​ និង​សមភាព​យេនឌ័រ។ នៅពេល​​បញ្ចប់​បរិញ្ញាបត្រ​ កញ្ញា​ចង់​ស្វែង​រក​កិច្ច​ការ​សង្គម​ដែល​ទាក់​ទង​កុមារ​និង​ស្រ្តី ដើម្បី​បាន​បទពិសោធសិន ហើយ​ព្យាយាម​ស្វែង​រក​អាហារូបករណ៍​រៀន​បន្តទៀត។ កញ្ញា​លីហួង​បង្ហាញ​គោល​បំណ​ង​ថា​​ នាង​ចង់​រៀន​បន្ត​អនុ​បណ្ឌិត​ផ្នែក​​«​កសាងសន្តិភាព» (Building Peace) នៅ​ប្រទេស​ជប៉ុន ព្រោះ​កញ្ញា​ចង់​នាំ​មក​នូវ​សន្តិភាព​ជា​ថ្មី​ម្តងទៀត​សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង។ នាង​បន្ថែម​ថា នរណា​ៗ​ក៏​ចង់​បាន​សន្តិភាព​ដែរ ហេតុនេះ​ខ្ញុំ​នឹង​ខិត​ខំ​ដើម្បី​សង្គម​ខ្មែរ​។

 

សម្រាប់​ទិវា​៨មីនា​ ទិវាសិទ្ធិ​នារីអន្តរជាតិនេះ កញ្ញា សៀ លីហួង សូម​លើក​ទឹក​ចិត្ត​មិត្ត​នារី​ទាំង​ឡាយ​ចាប់​ពី​ពេល​នេះ​ទៅ នារី​ត្រូវ​តែ​ហ៊ាន​​ចូល​រួម​សកម្មភាព​សង្គម​ឳ្យ​បាន​ច្រើន បង្កើន​ទំនាក់​ទំនង​ក្នុង​សង្គមឳ្យ​បាន​ល្អ​ ផ្តើម​ចេញ​ពី​ខ្លួន​យើង​ជា​ស្ត្រី​ដើម្បី​អនាគត​ស្រ្តីខ្មែរ​ និង​មាតុភូមិ​របស់យើង។ កញ្ញា​​បន្ថែម​ថា៖ «អ្វីៗ​ក៏​ដោយ ក៏​មាន​ផ្លូវ​ដោះ​ស្រាយ​ដែរ សូម​កុំ​អស់​សង្ឃឹម ហើយ​ត្រូវ​រក្សា​ក្តីសង្ឃឹម​ជានិច្ច!»៕

ផ្សាយ​ក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៥ ខែមីនា ឆ្នាំ២០១២, ទំព័រ៣២-៣៣

ដោយ ហេង ឧត្ដម

មហិច្ឆតារបស់ខ្ញុំ គឺចង់ក្លាយជាបណ្ឌិតគណិតវិទ្យា

គណិតវិទ្យា ជា​មុខវិជ្ជា​មួយ​ក្នុង​ចំណោម​មុខវិជ្ជា​វិទ្យាសា​ស្ត្រ​ដទៃ​ជា​ច្រើន​ទៀត។ ក្នុង​ទំព័រ«​ផ្តើម​ពីខ្ញុំ»​នេះ​ កញ្ញា តោ គឹម​ស៊ី នឹង​បង្ហាញពី​​​មហិច្ឆតា​ការ​ប្តេជ្ញាចិត្តចំពោះ​ការ​សិក្សា​មុខវិជ្ជានេះរហូត​ក្លាយ​បណ្ឌិត​នា​ពេល​​អនាគត។ កញ្ញា​ក៏​បាន​​ចែក​រំលែក​​បទ​ពិសោធ​សិក្សា​​របស់​នាង​ទម្រាំ​បាន​ទទួល​អាហារូប​ករណ៍​ទៅ​បន្ត​ការ​សិក្សានៅ​សហរដ្ឋ​អាមេរិកផង​ដែរ​​​។​

​បច្ចុប្បន្ន​ នាងខ្ញុំ​ តោ គឹមស៊ី  ​​កំពុង​រៀន​ផ្នែក​គណិត​វិទ្យា​នៅ​មហា​វិទ្យា​ល័យ​ម៉ែន​ហែត​តែន (Manhattan College) នៅ​សហ​រដ្ឋ​អាមេរិក។ ​ក្នុង​ឱកាស​​​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១០ នាង​ខ្ញុំ​ជា​បេក្ខនារី​តែម្នាក់គត់ ដែល​ប្រឡង​ជាប់​និទ្ទេសសរុប​ ​A។ កាល​នោះ នាង​ខ្ញុំ​ទទួល​បាន​​និទ្ទេស​ A លើ​មុខ​​​វិជ្ជា៣ គឺ​គណិតវិទ្យា គីមី​វិទ្យា និង​ជីវវិទ្យា។ នា​​ពេល​​អនាគត នាង​ខ្ញុំ​មាន​​​មហិច្ឆតា​​​ផ្ទាល់​ខ្លួនមួយ​ គឺ​​ខ្ញុំ​​​​​ចង់​ក្លាយ​ជា​បណ្ឌិត​ផ្នែក​គណិត​វិទ្យា។ ខ្ញុំ​នឹង​​បញ្ចប់​ថា្នក់​បរិញា​បត្រ​នៅ​ឆ្នាំ​២០១៥ ហើយ​ខ្ញុំ​នឹង​បន្ត​យកថា្នក់បណ្ឌិត​គណិត​វិទ្យា​ថែម​ទៀត។

ចំពោះ​គណិត​វិទ្យានេះ​ នាងខ្ញុំ​​យល់​ឃើញថា ​វា​មាន​សារៈ​​សំខាន់​ខ្លាំងណាស់​ ហើយ​មិន​ចំពោះ​តែ​ប្រទេស​​កម្ពុជា​​យើង​នោះទេ​ គឺនៅទូទាំង​សកល​លោក​។ ជា​ពិសេសទៅ​ទៀត​នោះ គណិត​វិទ្យា​​អាច​ចាត់​ទុកថាជាភាសាពិភពលោក។ នាង​​ខ្ញុំ​ចង់សូម​សង្កត់​ធ្ងន់ថា ​កាលៈ​​ទេសៈ​នា​ពេល​​​បច្ចុប្បន្ន​នេះ ការ​សិក្សា​​គណិត​វិទ្យា​ក៏​ដូច​​ជា​​មុខវិជ្ជា​វិទ្យា​សាស្រ្ត​ដទៃ​ទៀត​ គឺពិត​ជា​មាន​សារៈ​សំខាន់​​ខ្លាំង​​ណាស់​ចំពោះ​​ប្រទេស​កំពុង​​អភិវឌ្ឍ​ដូច​កម្ពុជាយើង​​​។

​​ តាម​​​ការ​សិក្សា​នៅ​កម្ពុជាយើង​សព្វ​ថ្ងៃ​​ បើ​និយាយ​អំ​ពី​មុខ​វិជ្ជា​​វិទ្យា​សាស្ត្រភាគ​ច្រើន​​​គេ​​ច្រើន​​កត់​សម្គាល់​ទៅលើ​​គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា និង​ផែន​ដីវិទ្យា​ជាដើម។ នាង​ខ្ញុំ​យល់ថា ​ការអប់រំផ្នែកវិទ្យាសាស្រ្ដនេះ​ គឺជាកត្តាដ៏​សំខាន់​មួយ​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​​​​សេដ្ឋ​​​កិច្ចជាតិ​​។ មានមនុស្សជាច្រើនតែងយល់ច្រលំថា រៀន​មុខ​វិជ្ជា​​វិទ្យា​សាស្ត្រ​​ទាំង​នេះ​មិន​​អាចធ្វើ​អ្វីក្រៅពីគ្រូបង្រៀននោះទេ​។ តាមការពិតមុខ​វិជ្ជាវិ​ទ្យា​សាស្រ្ត​ គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​​មិន​អាច​ខ្លះ​បាន​សម្រាប់​សង្គម​។

​​នាងខ្ញុំ​ជឿ​ជាក់ថា ប្អូនៗ​ជំនាន់​ក្រោយ​​​នឹង​មិន​យល់ច្រឡំ​អំពីការ​សិក្សា​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត ពិសេស​គណិត​វិទ្យា​ ហើយ​នឹង​នាំ​គ្នាចាប់​អារម្មណ៍​ទៅ​លើ​មុខវិជ្ជា​ទាំង​នេះ​កាន់​តែ​ច្រើ​ន​។ ម្យ៉ាង​ទៀត​នាង​ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​អ្នក​សិក្សា​ជំនាន់​ក្រោយថា ឱកាស​​សម្រាប់​​​ទទួល​បាន​អាហា​រូប​ករណ៍​​មក​​សិក្សា​ក្រៅប្រទេសសម្រាប់សិស្សមុខវិជ្ជា​វិទ្យា​​​សាស្រ្ត​ក៏​មាន​ច្រើន​ផង​ដែរ។

ម្យ៉ាង​វិញទៀត ប្រសិន​បើ​យើង​និយាយអំពីប្រព័ន្ធអប់រំ​នៅប្រទេស​យើង​ ពិត​មែន​ថា​មិនទាន់​ខ្លាំង​​ក្លា​​នៅ​​ឡើយ​ ប៉ុនែ្តខ្ញុំជឿជាក់ថា ឱ្យ​តែប្រទេសយើងសម្បូរទៅដោយ​ធន​ធាន​មនុស្ស នោះ​​ប្រទេស​​យើង នឹងមានការរីកចម្រើនជាលំដាប់។ ចំពោះនាងខ្ញុំ​ផ្ទាល់ ខ្ញុំ​​មាន​សុទិដ្ឋិនិយម​ច្រើន​​ចំពោះ​ប្រព័ន្ធ​​សិក្សា​ធិការ​របស់​កម្ពុជា​យើង​។ ​អ្វី​ដែ​ល​ខ្ញុំ​​បាន​រៀន​នៅ​ស្រុក​ខ្មែរ គឺមិន​អត់​ប្រយោជន៍​ទេ ផ្ទុយទៅវិញ ខ្ញុំ​បាន​រៀន​ទាន់​គេនៅសហរដ្ឋ​អាមេរិក​​នេះ​ ក៏​ដោយសារ​តែ​បាន​ទុនសិក្សា​​មូល​ដ្ឋាន​គ្រឹះច្រើន​ពី​ស្រុក​ខ្មែរដែរ។

ជា​បទ​ពិសោធកន្លង​មករហូត​រៀន​បាន​និទ្ទេស​A និង​ទទួល​បាន​អាហារូបករណ៍​មក​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក នាង​ខ្ញុំ​​​សូម​​​​ចែក​រំលែក​បទ​ពិសោធ​ផ្ទាល់​របស់ខ្លួនមួយ​ចំនួន​​  ពិសេស​​គឺ​​​ទាក់​ទង​នឹងការ​សិក្សា​​គណិត​វិទ្យា​។ ជា​ការ​ពិតណាស់​ ​ដើម្បី​រៀន​គណិត​វិទ្យាឱ្យ​បាន​ល្អ គឺយើង​​ត្រូវទាម​ទារ​ឱ្យ​គិត​ វិភាគ ចង​ចាំ​រូបមន្ត​និង​ទ្រឹស្តី​សំខាន់ៗ និង​អនុវត្ត​ជា​ប្រចាំ​ឱ្យ​បាន​ច្រើន​បំផុត​។ អ្វីដែល​ពិសេស​​​​ទៅទៀត​នោះគឺ​ត្រូវ​មាន​ទឹក​ចិត្ត​ស្រឡាញ់​មុខវិជ្ជានេះ និង​មាន​ទេព​កោសល្យ​ផង​ដែរ​​។ មួយ​វិញទៀត យើង​ត្រូវ​បែងចែកពេល​វេលា​ឱ្យ​បាន​ត្រឹម​ត្រូវ​ដូច​ជា​កំណត់​ម៉ោង​ធ្វើ​លំហាត់ និង​ម៉ោង​​ទន្ទេញ​មេរៀន​ទ្រឹស្តី ហើយ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​អនុវត្ត​លំហាត់ និង​បង្កើត​លំហាត់​ដោយ​ខ្លួន​ឯង​។

ក្នុង​នាម​ជា​យុវតីមួយ​​រូប​ នាង​ខ្ញុំសង្ឃឹមថា យុវជន​ខ្មែរ​យើងទាំងអស់​នឹង​រួប​រួម​គ្នា​កសាង​​ប្រទេស​ជាតិ ហើយនាង​ខ្ញុំ​ក៏​សង្ឃឹមផង​ដែរ​ថា នៅ​ពេល​សមាហរណកម្មអាស៊ាន​នា​ឆ្នាំ​​២០១៥​ខាងមុខនេះ យើង​នឹង​ជួយពង្រីងប្រទេសកម្ពុជារបស់​យើង​ឱ្យ​មាន​សមត្ថ​ភាព​ និង​លទ្ធភាព​ប្រកួត​ប្រជែង​ទីផ្សារ​​ការងារ​ជាមួយ​នឹងបណ្តា​​ប្រទេសជា​សមាជិក​អាស៊ាន​​៕

ទំព័រ ផ្តើម​ពី​ខ្ញុំ ផ្សាយ​ក្នុង«ទស្សនាវដ្តីខ្ញុំ» ឆ្នាំទី២ លេខ៧ ខែឧសភា ឆ្នាំ២០១២, ទំព័រ១៦-១៧