Archives

ហ្សកដានី​បន្ត​តាម​កម្ទេច​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់

អរគុណ​ គេហទំព័រថ្មីៗ ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​នេះ នៅ​ថ្ងៃទី៩ កុម្ភៈ ២០១៥។

ត្រឹម​រយៈពេល​បី​ថ្ងៃ ប្រទេស​ហ្សកដានី​បាន​បាញ់​កម្ទេច​ចំ​គោលដៅ៥៦របស់​អង្គការ​រដ្ឋ​ឥស្លាម​ជី​ហាត។ ការកម្ទេច​ចំ​ទីតាំងសំខាន់ៗរបស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នេះ កើតឡើង​ក្នុង​ប្រតិបត្តិការ​ផ្លូវអាកាស​ដែល​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍​កន្លងទៅនេះ។

2

ទោះបីជា​បាញ់​កម្ទេច​បាន​ទីតាំង​សំខាន់​ច្រើន​ប៉ុណ្ណេះ​ហើយក៏​ដោយ ហ្សកដានី មិន​ទម្លាក់​ដៃ​ឡើយ ហើយ​បានប្រកាស​វាយប្រហារ​តាមរយៈ​ផ្លូវអាកាស​បន្ថែ​ម​ទៀត។ វាយ​លុយ​នេះ គឺ​ឆ្លើយតប​ចំពោះ​ការសម្លាប់​អ្នកបើក​យន្តហោះ​ជាតិ​ហ្សកដានី​ម្នាក់ ដែល​ត្រូវ​ពួក​អង្គការ​រដ្ឋ​ឥស្លាម​ជី​ហាត​ដុត​សម្លាប់​ទាំង​រស់​កាលពី​សប្តាហ៍​មុន។

ក្នុងពេល​បី​ថ្ងៃ​នៃប្រតិបត្តិ​ការ​សឹក​ផ្លូវអាកាស ឧ​ត្ត​ម​សេនីយ៍​យោធា​ជើង​អាកា​សលោក Mansour al-Jobourបាន​បញ្ជាក់ថា ពួកគេ​បាន​កម្ទេចចោល២០ភាគរយ​នៃ​ក​ម្លាំ​ង​សកម្មប្រយុទ្ធ​ជី​ហាត។ គឺ១៩កន្លែង កម្ទេច​នៅ​ថ្ងៃ​ព្រហស្បតិ៍, ១៨ បំផ្លាញ​ក្នុង​ថ្ងៃ​សុក្រ ហើយ​ថ្ងៃ​សៅរ៍ កម្ទេច​អស់១៩កន្លែង​ទៀត។ នេះ​បើ​យោងតាម​ព័ត៌មាន ដែល​បាន​ផ្សាយ​កាលពី​យប់​ថ្ងៃអាទិត្យ​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទ​នេះ។

គួរ​រម្លឹក​ជូន​ថា អ្នកបើក​យន្តហោះ​នេះ ឈ្មោះ អា​ម៉ាន ដែល​ធ្វើការ​ជា​អ្នកបើក​យន្តហោះ​ឲ្យ​ក្រុម​ចលនា​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅ​ខែកញ្ញា២០១។ ប៉ុន្តែ​យន្តហោះ​របស់គាត់​បាន​ធ្លាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី កាលពី​ខែធ្នូ ហើយ​ត្រូវ​ពួកក្រុម​សកម្មប្រយុទ្ធ​ជី​ហាត​ចាប់បាន​និង​សម្លាប់​យ៉ាង​ឃោរឃៅ​ពី​ពេលថ្មីៗនេះ។

ការស្លាប់​របស់​អា​ម៉ាន បានធ្វើ​ឲ្យ​ស្តេច​និង​ពលរដ្ឋ​ហ្សកដានី​ចងកំហឹង និង​ប្រកាសសង្គ្រាម​តបត​វិញ។ ភ្លាមៗ ហ្សកដានី បាន​កាត់ទោស​ប្រហារជីវិត​ក្រុម​អាល់​កៃ​ដា​ពីរ​នាក់ និង​ស្ត្រី​ដែលជា​បណ្តាញ​របស់​ក្រុម​ជី​ហាត​ដែល​បាន​ជាប់ឃុំ​ក្នុង​គុក​ក្នុងប្រទេស​ចោល​តែម្តង៕

រឿង​អ៊ុយ​ក្រែ​ន អឺរ៉ុប​ចង់​ឲ្យ​សន្តិភាព​មាន​លើដី តែ​មិនមែន​លើ​បបូរមាត់ – ThmeyThmey

អរគុណ​ គេហទំព័រថ្មីៗ ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​នេះ ព្រម​ទាំង​បាន​ថត​ជា​សំឡេង​សម្រាប់​ផ្សាយ​នៅ​វិទ្យុស្ត្រី​បន្ថែម​ទៀត​​។
ប្រមុខរដ្ឋ​រុស្ស៊ី បារាំង អ៊ុន​ក្រែ​ន និង​អធិការបតី​អាល្លឺម៉ង់ បានប្រកាស​ត្រៀម​ជួបគ្នា​ជាថ្មីទៀត​នៅ​ក្រុង​មិន​ស្គ៍ (Minsk) នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ ដើម្បី​រក​ផ្លូវ​បញ្ចប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន។ ការប្រកាស​ព្រម​គ្នា​យ៉ាង​ដូច្នេះ គឺធ្វើឡើង​ដោយ​អ្នកនាំពាក្យ​និង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​មហាអំណាច​ទាំងនេះ ដើម្បី​ប្រមូលគ្នា​ចូល​តុ​ចរចា​ឡើងវិញ ដែល​នេះ​ធ្វើឡើង​ក្រោយ​ការចរចា​លើក​មុន​កាលពី​ខែកញ្ញា​ឆ្នាំមុន​នោះ ហាក់​មិនមាន​សម្រេច​ផល​អ្វី​ជា​ដុំកំភួន។ 
1

មិន​មានការ​វិវឌ្ឍន៍​លក្ខណៈ​វិជ្ជមាន​ជា​ដុំកំភួន​ឡើយ​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន ព្រោះថា​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ចេះតែ​បន្ត​តឹងតែងទៅៗ រហូតដល់​មានការ​ប​ញ្ចូ​ន​ទ័ព​ទៅកាន់​តំបន់​ជម្លោះ​កាន់តែច្រើនឡើងៗ ហើយ​គ្រាន់តែ​ជាង២៤ម៉ោង​ម្សិលមិញ​នេះ គឺ​បាន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា និង​បណ្តាល​ឲ្យ​យ៉ាងហោចណាស់​ទាហាន១២នាក់​ស្លាប់។

ថ្លែងប្រាប់​ទូរទស្សន៍​ប៉េ​ឡា​រ៉ុ​ស លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​មាន​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ទាល់តែ​គេ​យល់ព្រម​ទទួល​លក្ខខណ្ឌ​មួយចំនួន​សិន​ដែរ។ តែ​លោក​មិនបាន​ប្រាប់​លម្អិត​ថា​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​លោក​ចង់បាន​នោះ​នៅឡើយ​ទេ។ចំណែក​លោក​ប្រធានាធិបតី​បារាំង François Hollandeលោកស្រី​អធិការបតី​អាល្លឺម៉ង់​Angela Merkel និង​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Porochenko បាន​ជជែក​គ្នា​មិន​ស្វាង​តាម​ទូរ​សព្ទ តាំងតែ​ពីថ្ងៃ​ព្រហស្បតិ៍ សុក្រ ហើយ​បន្ត​រហូត​គ្មាន​ឈប់សម្រាក​ថៃ្ង​សៅរ៍​អាទិត្យ​សោះ។

បន្ទាប់ពី​មានការ​បាញ់ប្រហារ គ្រាប់​រ៉ុកែត និង​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន១២នាក់ ភ្លាមៗនោះ លោក​ប្រធាន​ធិបតី​អ៊ុយ​ក្រែ​ន Petro Porochenko បាន​អំពាវ​វ​នាវ​ឲ្យ​ដាក់​កាំភ្លើង​ចុះ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប បាន​មូរ​មាត់​គ្នា​ចង្អុលមុខ​រុស្ស៊ី​ថា កាន់តែ​គឃ្លើន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ថែមទៀត​ហើយ។ គេ​ឃើញ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​ចោទ​រុស្ស៊ី​ជា​ប្រទេស​ផ្តាច់ការ​លើសគេ​តាំងពី​ពាក់កណ្តាល​សតវត្ស​ទី២០មក ដោយ​ចេះតែ​ដើរ​ឈ្លានពាន​យក​ទឹកដី​ប្រទេស​គេ។

នៅក្នុង​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ទាំងឡាយ នឹងត្រូវ​ជួបប្រជុំគ្នា ដើម្បី​កំណត់​បន្ថែម​នូវ​ទណ្ឌកម្ម​ដែល​សភាព​អឺរ៉ុប​ត្រូវ​គិតគូរ​ដាក់​បន្ថែមទៀត​លើ​រុស្ស៊ី ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន​នេះ។

ទោះយ៉ាងណា​ក្តី លោក​ប្រធានាធិបតី​បារាំង François Hollande បានប្រកាសថា​ស្ថានការណ៍​នៅ​ព្រំដែន​ជម្លោះ​បាន​ធូរ​បន្តិច​ហើយ ដោយ​ភាគី​កងទ័ព​សម្រេច​ទុកចន្លោះ៥០ទៅ៧០គីឡូម៉ែត្រ​ពី​ព្រំដែន​ជម្លោះ រង់ចាំ​លទ្ធផល​ចរចា​ជាថ្មី។ រដ្ឋមន្ត្រីការបរទេស​បារាំង លោក Laurent Fabiusក៏​ប្រកាស​ក្តែងៗដែរ​ថា ៖ «ចំពោះ​រឿង​អ៊ុយ​ក្រែ​ន អ្វីដែល​បារាំង​និង​អាល្លឺម៉ង់​ចង់បាន​សព្វថ្ងៃនេះ គឺ​សន្តិភាព​នៅក្នុង​ដែនដី​ពិតប្រាកដ មិនមែន​សន្តិភាព​នៅលើ​សន្លឹក​ក្រដាស ឬ​លើ​បបូរមាត់​នោះទេ»។

ទោះយ៉ាងណា​ក៏ដោយ គេ​នឹង​រង់ចាំ​មើលថា ជំនួប​លើក​ទី​ពីរ​ថ្ងៃ​ពុធ​ទី១១កុម្ភៈ​ខាងមុខនេះ នឹង​នាំ​ផល​យ៉ាងណា​ដល់​ជោគវាសនា​អ៊ុយ​ក្រែ​ន ជុំវិញ​សំណុំរឿង​ដែនដី​គ្រី​មេនោះ។

គួរ​ជម្រាបជូន​ផងដែរ​ថា តាម​ការគ្រោងទុក ក្រៅពី​ប្រមុខ​ដឹកនាំ​រុស្ស៊ី បារាំង អាល្លឺម៉ង់ អ៊ុន​ក្រែ​ន ក៏​នឹងមាន​តំណាង​ពី​អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប និង​ក្រុម​អ្នកដឹកនាំ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​រណប​រុស្ស៊ី នឹងចូលរួម​ទៅ​កិច្ចប្រជុំ នៅ​ក្រុង​មិន​ស្ត៍​នោះដែរ៕

កម្ពុជាអាចនឹងស្លាប់ដោយ«ជំងឺឱកាសនិយម» បើមិនព្យាបាលរោគសញ្ញាពុករលួយ

10511192_679148678805323_5054874170988739587_n

ភ្នំពេញ-អង្គារ៍ ២៤ មិថុនា ២០១៤-

ដោយ ឧត្តម 

វាគ្មិនពីរ​នាក់​​ដែលជា​​មន្ត្រី​របស់​អង្គការតម្លាភាពកម្ពុជាបាន​ប្រៀប​ធៀប​ជំងឺ​ពុក​រលួយ​ក្នុង​សង្គម​ខ្មែរ ដូចទៅ​នឹង​ជំងឺ​អេដស៍។  ជំងឺ​អេដស៍ ដែល​គេ​គ្រប់​គ្នា​ដឹង​ថា បណ្តាល​មកពី​មេរោគ​HIV បំផ្លាញប្រព័ន្ធ​ការ​ពារនិង​លូតលាស់​របស់​រាងកាយ ហើយ​សម្លាប់​មនុស្ស​ដោយ​ជំងឺ​ឱកាស​និយម។ មន្ត្រី​ទាំងពីរ​ បន្តថា បើ​មិន​មាន​ចំណាត់​ការ​ត្រឹម​ត្រូវ​និង​មាន​ប្រសិទ្ធភាព​ទេ កម្ពុជា​អាច​នឹង​ស្លាប់​ដោយ​សារ​ជំងឺឱកាស​និយម​នៃ​រោគ​​ពុករលួយ។ 

ល្ងាចថ្ងៃចន្ទទី២៣ មិថុនា ជាការចាប់ផ្តើមដំបូងនៃវគ្គសិក្សាពីអ្នកដឹកនាំវ័យក្មេងរបស់គម្រោងថ្នៃប្រឌិតថ្មី នៅអង្គការតម្លាភាពកម្ពុជា។ លោក ប៉ិច ពិសី បានធ្វើជាវាគ្មិនចំពោះប្រធានបទ«បញ្ហាប្រឈមចំពោះការអភិវឌ្ឍរបស់កម្ពុជា»។
ក្នុងបទបង្ហាញរយៈពេលជិត១ម៉ោងកន្លះ នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជារូបនេះ បានលើកឡើងនូវឧបសគ្គប្រឈមធំៗចំនួន៥ដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា។ ពោលគឺ កង្វះធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ប្រព័ន្ធតុលាការដែលមិនអាចជឿទុកចិត្តបាន កង្វះខាត់ហិរញ្ញវត្ថុ និងអំពើពុករលួយ។
ស្ថិតក្នុងសម្លៀកបំពាក់អាវព័ណ៌ប្រផេះខោខ្មៅអ៊ុតភ្លីយ៉ាងស្អាត ប្រដាប់ដោយពាក់វ៉ែនតា និងដៃកាន់មេក្រូផង លោក ប៉ិច ពិសី ថ្លែងពន្យល់ចំណុចនីមួយៗយ៉ាងលម្អិត ដូច្នេះថា៖
១-ឧបសគ្គកង្វះធនធានមនុស្ស គឺខ្វះខាតមនុស្សមានសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈច្បាស់លាស់។ ផ្នែកបំណិនជីវិតក៏ពុំទាន់គ្រប់គ្រាន់ ខណៈពេលដែលកម្ពុជានៅជាប្រទេសដែលប្រើកម្លាំងពលកម្មសម្រាប់រកចំណូលនៅឡើយ។
២-ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ គឺកម្ពុជាមានប្រព័ន្ធគមនាគមន៍ តែពុំគ្រប់គ្រាន់។ យើងនៅមិនទាន់មានប្រព័ន្ធផ្លូវគោក ទឹក និងអាកាស ល្អនិងមានបទដ្ឋានអន្តរជាតិនៅឡើយ។ យើងគ្មានប្រព័ន្ធទឹកស្អាត មានតែនៅទីក្រុង។ ផ្លូវថ្នល់ក៏នៅសាងសង់តែជាប់រហូត។ ឯផ្លូវទឹកវិញ យើងគ្មានកំពង់ផែសម្រាប់នាវាធំចុះចតទេ ដែលជាហេតុនៃការនាំទំនេញចូលមកកាន់តែថ្លៃ។ ទាំងនេះនាំឲ្យការវិនិយោគចំណាយដើមទុនផលិតច្រើនលើការដឹកជញ្ជូន។
៣-ប្រព័ន្ធតុលាការដែលមិនអាចជឿទុកចិត្តបាន៖ អង្គការតម្លាភាពកម្ពុជា បានធ្វើការស្ទង់មតិកាលពីឆ្នាំ២០១១ និង២០១៣កន្លងទៅ ឃើញថា ប្រជាជនខ្មែរមិនទុកចិត្តលើវិស័យស្វែងរកយុត្តិធម៌នោះ។ ដូច្នេះ កាលណាប្រជាពលរដ្ឋមិនមានទំនុកចិត្តលើតុលាការនិងនគរបាល ពួកគេនឹងស្វែងរកភាពត្រឹមត្រូវតាមដែលគេយល់ ឬក៏បាតុកម្ម។ ឧទាហរណ៍ ដូចជាការកាត់ទោសរបស់មហាជនចំពោះជនសង្ស័យថាជាចោរលួច ឬជនរំលោភភេទកន្លងមក ដែលត្រូវបានវាយសម្លាប់ ព្រមទាំងបាតុកម្មទាមទារសិទ្ធនិងដីធ្លីកន្លងមក ដែលនៅបរទេស បាតុកម្មអាចរំលំរដ្ឋាភិបាល ដូចនោះ ខាងអារ៉ាប់ (និទាឃរដូវនៅអារ៉ាប់ Arabe Sprint) លីបី អេហ្សីប ជាដើម។
៤-កង្វះខាត់ហិរញ្ញវត្ថុ ៖ ការផ្គត់ផ្គង់ថវិកាជាតិចំពោះក្រសួងនីមួយៗនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងតម្រូវនៃការអភិវឌ្ឍ។ ឯផ្នែកឯកជន ធនាគារ ក៏ពុំអាចផ្តល់ឥណទានដល់ជនស្រទាប់ក្រីក្របានទូលំទូលាយដែរ។
៥-អំពើពុករលួយ៖ ត្រូវបានលោក ប៉ិច ពិសី សង្កត់ធ្ងន់ថា ជាឧបសគ្គចម្បង ដែលកំពុងបន្តរីករាលដាល់គ្រប់ចរន្តឈាមនៃសង្គមខ្មែរ 10509620_679149185471939_6151330747068058196_nទាំងផ្នែកឯកជន អង្គការសង្គមស៊ីវិល និងផ្នែកអំណាចគ្រងគ្រងរដ្ឋ។
លោកនាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជារូបនេះ ហាក់ផ្តោតការចាប់អារម្មណ៍ខ្លាំងចំពោះចំណុចទី៥នេះ ដោយលោកបានពន្យល់លម្អិតដល់សិក្ខាកាមវ័យក្មេងទាំង៣០នាក់។ លោកបានរៀបរាប់ពីមូលហេតុសំខាន់ៗ និងជាទូទៅនៃកំណើតអំពើពុករលួយ ដោយចែកជាពីរផ្នែក គឺផ្នែកបុគ្គលឯកជន និងផ្នែកស្ថាប័នរដ្ឋ។ ចំពោះផ្នែកបុគ្គលឯកជន គឺបង្កឡើងដោយសារការគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនពេក ផ្នត់គំនិតសម្ភារៈនិយម ការលោភលន់ អាត្មានិយម ការមិនយល់ច្បាស់ពីអំពើពុករលួយ និងការមិនស្អប់អំពើពុករលួយ។ ឯផ្នែកស្ថាប័នរដ្ឋ គឺភាពធូរលុងនៃការអនុវត្តច្បាប់ ការគេងចំណេញពីសេវាសាធារណៈ លួចម៉ោងរដ្ឋទៅធ្វើការផ្ទាល់ខ្លួន… ជាដើម។
មានបទពិសោធជាង១០ឆ្នាំក្នុងផ្នែកអភិបាលកិច្ចនិងអភិវឌ្ឍសហគមន៍ លោក ប៉ិច ពិសី បង្ហាញពីផលប៉ះពាលនៃអំពើពុករលួយដូច្នេះថា «វានាំឲ្យប៉ះពាលដល់ ផ្នែកតាក់តែងច្បាប់និងគោលនយោបាយ សន្តិសុខសុវត្ថិភាព សេវាសាធារណៈ បរិស្ថាន អភិវឌ្ឍន៍និងសេដ្ឋកិច្ច ព្រមទាំងសុខុមាលភាព»។
10511372_679149288805262_629093956640170640_nដល់ត្រង់ចំណុចនេះ លោកវាគ្មិន បានគូសបញ្ជាក់ថា «កម្ពុជាអាចនឹងត្រូវដួលរលំ បើមិនចាត់វិធានការប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាពនោះទេ»។ ដោយប្រៀបធៀបអំពើពុករលួយទៅនឹងជំងឺអេដស៍ លោកបន្តថា«កម្ពុជាអាចនឹងស្លាប់ដោយសារជំងឺឱកាសនិយមដូចជំងឺអេដស៍ដូច្នោះដែរ»។
ភ្ជាប់នឹងចំណុចនេះ វាគ្មិនបន្ទាប់ គឺកញ្ញា ណារ៉ា សុខេមា បានពញ្ញាក់អារម្មណ៍ថា មានអ្នកខ្លះធ្វើអ្វីមួយខ្លាចខុសគេ ហើយខ្លាចគេថា យើងឆ្កួត 10509540_679149385471919_8483358084243155543_nដូច្នេះពេលគេពុករលួយក៏ពុករលួយតាមគេដែរ។ និយាយដោយស្នាមញញឹមនិងសំណើចផងនោះ កញ្ញាចោទសួរថា «ចុះបើគេកើតអេដស៍ម្តេចមិនទៅកើតអេដស៍នឹងគេដែរទៅ?»
មន្ត្រីវ័យក្មេងក្នុងគម្រោងថ្នៃប្រឌិតថ្មី បន្តថា «កម្ពុជាមានយុវជនច្រើនលើសលុប ជិត៧០ភាគរយនៃប្រជាជនសរុប។ ក្នុងនាមជាយុវជនហ្នឹង តើយុវជនអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសជាតិ?»។ កញ្ញាសុខេមា បានចែករំលែកគោលការណ៍ទាំង១០ ដែលភាគច្រើនជាបទសោធរបស់នាងផ្ទាល់ និងដែលធ្វើឲ្យនាងមានជោគជ័យមកដល់ថ្ងៃនេះ។ វាគ្មិនវ័យក្មេងរូបនេះ បានប្រលូកនឹងដំណើរឆ្លងទ្វីបជាច្រើនប្រទេសមកហើយ បានប្រាប់ថា ចំណុចទាំង១០នោះគឺ ការស្វែងរកចំណេះដឹង កុំឲ្យគេបូមខួរ ហ៊ានទាមទារ គោលការណ៍សុចរិតភាព ការចែករំលែក ធ្វើការងារស្មគ្រចិត្ត ចំណាប់ផ្តើមដោយមានគំនិតបង្កើតថ្មី ចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ ហ៊ានប្រឆាំងនឹងអំពើមិនល្អ និងលើកទឹកចិត្តអ្នកធ្វើល្អ។ ជាសារចុងក្រោយ ដែលមន្ត្រីរូបនេះ ចងផ្តល់ឲ្យ គឺ ទោះបីយើងមិនអាចធ្វើអ្វីច្រើនធំដុំក៏ដោយ ក៏យើងអាចចាប់ផ្តើមធ្វើល្អបន្តិចម្តងៗ ពីចំណុចតូចៗ ដោយសេចក្តីស្រឡាញ់។

ជាដំណោះស្រាយ ចំពោះបញ្ហាប្រឈមនិងអំពើពុករលួយនៅកម្ពុជា លោក ប៉ិច ពិសី បានផ្តល់អនុសាសន៍ថា មានតែការរៀបចំប្រទេសឲ្យមានប្រព័ន្ធតុល្យភាពអំណាច និងអភិបាលកិច្ចល្អនោះទេ ទើបកម្ពុជាគេចផុតពីជំងឺពុករលួយ និងឈានឆ្ពោះទៅរកកិច្ចអភិវឌ្ឍ។
នៅក្នុងសេចក្តីសន្និដ្ឋានរបស់វាគ្មិនទាំងពីរ ពួកគេហាក់បានមូរមាត់គ្នាថា បើអំពើពុករលួយពុំអាចលុបបំបាត់ដោយមានប្រសិទ្ធភាពនោះទេ កម្ពុជាអាចនឹងត្រូវស្លាប់ដោយសារជំងឺ របស់សង្គម។ ហើយពួកគេថា យុវជនជាកម្លាំងសកម្មមួយក្នុងដំណើរការជួយកែប្រែបញ្ហាទាំងអស់នេះ៕

 

លោក ព្រាប កុល ត្រៀមចេញ«ថ្នាំព្យាបាលជំងឺពុករលួយ»

Preap Kol

ភ្នំពេញ-ចន្ទ២៣ មិថុនា ២០១៤-

ដោយ ហេង ឧត្តម

 

ថ្លែង​ក្នុង​ពិធី​បើក​វគ្គបណ្តុះ​បណ្តាល អ្នក​ដឹក​នាំ​វ័យក្មេង កាល​ពី​ម្សិលមិញ លោក ព្រាប កុល និយាយថា លោក​នឹង​ចេញ​ផ្សាយ​​ថ្នាំព្យាបាលជំងឺ​ពុក​រលួយនៅ​ពីរខែ​ទៀត។ សេចក្តី​ប្រកាស​នេះ បានធ្វើ​នៅ​ទី​ស្នាក់​ការ​អង្គការតម្លាភាពកម្ពុជា ក្នុង​ក្រុង​ភ្នំពេញ​។

 

ក្នុងពិធី​ដែល​មាន​យុវជន​វ័យ​ក្មេង​ប្រមាណ​៣០នាក់ លោក​នាយកប្រត្តិបត្រ​អង្គការ​តម្លាភាព​កម្ពុជារូបនេះ បាន​ប្រកាស​ថា​ «នៅ​ពី​រខាង​មុនទៀត​នេះ ក្រុម​ការ​ងារ​របស់​អង្គការ​តម្លាភាព​កម្ពុជានិង​ខ្ញុំ​នឹង​ចេញផ្សាយ​​ថ្នាំព្យាបាលជំងឺ​ពុក​រលួយ។ យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រោគ​សញ្ញានៃ​ជំងឺ​ពុក​រលួយ​នៅ​កម្ពុជាចំពោះ​គ្រប់​​ស្ថាប័នធំ​សំខាន់ៗ ហើយ​យើង​នឹង​ផ្តល់​ថ្នាំ​ព្យាបាល​»។

លោក ព្រាប កុល បាន​បន្ថែមថា យើង​បាន​សិក្សាស្រាវជ្រាវ​ជាមួយ​អ្នក​ជំនាញពី​ឬសគល់​នៃ​អំពើ​ពុក​រលួយ​ចំពោះ​ស្ថាប័ន​​សំខាន់ៗ ដូចជា ស្ថាប័ន​អំណាច​នីតិបញ្ញត្តិ រដ្ឋសភាពនិងព្រឹទ្ធ​សភា ស្ថាប័ន​អំណាចតុលាការ ស្ថាប័ន​អំណាចនីតិប្រត្តិបត្តិ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សវនកម្ម​ជាតិ វិស័យ​អប់រំ សុខាភិបាល ទេសចរណ៍ អង្គការភាព​ប្រឆាំង​អំពើ​ពុក​រលួយ អង្គការ​សង្គម​ស៊ីវិល…។

បន្ទាប់ពី​ប្រាប់​ពីឬសគល់ ឬ​រោគសញ្ញា​នៃអំពើពុក​រលួយ​ហើយ អង្គការ​តម្លាភាព​កម្ពុជា​នឹង​ផ្តល់​​ដំណោះ​ស្រាយនិង​អនុសាសន៍​ ដែល​លោក ​ព្រាប កុល ពិព័ណ៌នាថា ថ្នាំព្យាបាល។

កន្លង​មកលោក ព្រាប កុល បានធ្លាប់​​ប្រាប់​បណ្តាញ​ព័ត៌មាន​មួយ​ចំនួនថា លោក​នឹង​ប្រកាស​បិទ​អង្គការ​តម្លាភាព​កម្ពុជានៅ​ពេល​ណា​ពលរដ្ឋ​ខ្មែរ ​ចេះ​ប្រឆាំង​អំពើ​ពុក​រលួយ។ និយាយ​ក្នុង​សម្តី​បែប​លែង​សើច​ផង លោកក៏​បាន​ពោល​​សាជាថ្មី​ទៀតកាល​ពីរសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា «ខ្ញុំ​មាន​មោទនភាព​នឹង​ប្រកាស​បិទ​​អង្គការ​តម្លាភាព​កម្ពុជាជា​ផ្លូវ​ការ ពេល​ដែល​ពលរដ្ឋ​ខ្មែរ យុវ​ជន​ខ្មែរទាំង​អស់​គ្នា​​ចេះ​ចូលរួមសាមគ្គី​​ប្រឆាំង​អំពើ​ពុក​រលួយដើម្បី​ផល​ប្រយោជន៍​សង្គម​​ជាតិ​ ហើយ​​ខ្ញុំ​នឹង​ទៅ​ដាំ​ត្រកួន​ ឬ​ប្រលិត​លក់​វិញ រកស៊ី​ខ្លួន​ឯង​បាន​ ព្រោះ​ខ្ញុំ​មិន​ចង់​ទៅ​ធ្វើ​ឧកញា ឬ​ឯកឧត្តម​អ្វី​នោះ​ទេ​»។ ទោះ​យ៉ាងណា​ក្តី លោកក៏​​បាន​ធ្លាប់​និយាយ​ដែរ​ថា អំពើ​ពុក​រលួយនៅ​កម្ពុជា​​​អាច​នឹង​ត្រូវ​កាត់​បន្ថយ​ច្រើន និង​លុបបំបាត់​បាន​ល្អប្រសើរ​ក្នុង​កំឡុង​ពេល​២០ឆ្នាំ​ខាង​មុខ​ទៀត។

​នាយកប្រត្តិបត្រ​អង្គការ​តម្លាភាព​កម្ពុជារូបនេះ បាន​លើក​ឡើង​ថា អំពើ​ពុក​រលួយ​​ជា​​ឬសគល់​នៃ​បញ្ហា​សង្គម​គ្រប់​វិស័យ ទាំង​បញ្ហា​ដីធ្លី ការបំផ្លាញ​ព្រៃ​ឈើ បរិស្ថាន​ ទេសចរណ៍​ កិច្ច​ការ​អប់រំ គ្រឿងញៀន​… បញ្ហា​ផ្សេងៗ​ទៀត សុទ្ធតែ​កើត​ឡើងពី​អំពើ​ពុក​រលួយ​។

មុន​នឹង​បញ្ចប់​ពិធី​បើក​វគ្គបណ្តុះ​បណ្តាល​អ្នក​ដឹក​នាំ​វ័យ​ក្មេង លោក​ ព្រាប​ កុល បាន​រម្លឹកផង​ដែរ​​ថា​ រោគសញ្ញា និង​ថ្នាំ​ព្យាបាល​អំពើ​ពុក​រលួយ​ទាំង​នោះ​នឹង​ត្រូវ​ប្រកាស ហើយ​ចង​ក្រងបោះពុម្ភ​​ជា​សៀវភៅ ព្រម​ទាំង​​ដាក់​ជូន​សាធារណៈ​ និង​រដ្ឋាភិបាល​ផង​ដែរ នៅ​ពីរ​ខែខាង​មុខ​នេះ​​៕

YLP..

ប្រលោម​លោក​«ស្ត្រីនៃអង្គរ»​បកស្រាយ​អំពី​ជីវិត​ស្ត្រី​ក្នុង​ប្រាសាទ​អង្គរ

ប្រលោម​លោក​«ស្ត្រីនៃអង្គរ»​បកស្រាយ​អំពី​ជីវិត​ស្ត្រី​ក្នុង​ប្រាសាទ​អង្គរ

កាល​បរិច្ឆេទ​ផ្សាយ​ 13.05.2013

សៀវភៅ​មាន​ចំណង​ជើង​ថា​«ស្ត្រីនៃអង្គរ»​ដែល​និយាយ​អំពី​ស្ត្រី​រស់នៅ​ក្នុង​ប្រាសាទ​អង្គរ​ជាមួយ​ស្តេច​ និង​រាជវង្ស ​មាន​ការ​គាំទ្រ​ច្រើន។​ លោកអ៊ឹម សុធារិទ្ធ​នៃវីអូអេ​បានជួប​សម្ភាសជា​មួយ​អ្នកនិពន្ធ​ និង​អ្នកជាវ​នៅ​ពេលមាន​ការ​ផ្សព្វផ្សាយ​សៀវភៅ​នេះ​កាលពី​ពេល​ថ្មីៗ​នេះ៕

by VOA

សូម​ចុច​ទី​នេះ ដើម្បី​ទស្សនាវីដេអូ

ប្រលោម​លោក​«ស្ត្រីនៃអង្គរ»​បកស្រាយ​អំពី​ជីវិត​ស្ត្រី​ក្នុង​ប្រាសាទ​អង្គរ

ចម្រៀង​គោរព​ទង់​ជាតិខ្មែរ

លោកអ្នក​នាង​កញ្ញា​ អាច​ទាញ​យក​អាន និង​ស្តាប់«ចម្រៀង​គោរព​ទង់​ជាតិខ្មែរ» ក្នុង​ប្លក់ដែល​ប្រកាស​ដោយ ទេព​សុវិចិត្រ (ឈ្មោះក្រៅ៖ វិចូច) ថ្ងៃ២៧.០៧.២០១១ សូម​ចុចទីនេះ

 ប្រវត្តិសាស្ត្រ៖ ចម្រៀង​គោរព​ទង់​ជាតិខ្មែរ ក្នុង​សម័យ​និមួយៗ

ចម្រៀង​គោរព​ទង់​ជាតិខ្មែរ៖ ក្នុង​សម័យ​សង្គមរាស្ត្រ​និយម (១៩៥៥-១៩៧០) ក្រោម​អធិបតី សម្ដេច​នរោត្តម​សីហនុ , ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចម្រៀង​ជាតិ​មាន​ចំណង​ជើង នគររាជ។

ចម្រៀង ​គោរព​ទង់​ជាតិខ្មែរ៖ ចម្រៀង​ជាតិ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ (១៩៧០-៧៥) ដែល​មាន​ទំនង​បែប​បទ​ចម្រៀង​បដិវត្តន៍ នៅ​ប្រទេស​សង្គម​និយម។ ចម្រៀង​ជាតិ​នេះ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ក្រុម សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ ដែល​មាន​លោក ហង្ស ធុនហាក់ ជា​សាកលវិទ្យាធិការ។

ចម្រៀង​គោរព​ទង់​ជាតិខ្មែរ៖ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យខ្មែរ​ក្រហម ចម្រៀង​ជាតិ​បាន​ដូរ​ហើយ បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញា មាន​ចំណង​ជើង​ថា៖ ១៧មេសា មហា​ជ័យ​ជោគ ។

ចម្រៀង ​គោរព​ទង់​ជាតិខ្មែរ៖ ​ចម្រៀង​គោរព​ទង់​ជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​រដ្ឋាភិបាល សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (១៩៧៩-៨៦)