មេៗ​គណបក្ស ភាគច្រើន​ ជូន​ពរពលរដ្ឋ​ ភ្ជាប់​សារ​នយោបាយ!

សល់តែ​១ថ្ងៃទៀតទេ បុណ្យ​ចូល​ឆ្នាំ​ថ្មី នឹង​ចូល​មកដល់។ ឱកាស​នេះ មេៗ​គណបក្ស​នយោបាយ​ ជា​ច្រើន​ នាំគ្នា​ជូន​ពរ​ពលរដ្ឋ​ខ្មែរទូទៅ ហើយ​ក៏​មាន​ភ្ជាប់​ជាមួយ​នឹង​សារនយោបាយ​ខ្លះ​ផង។ ប្រមុខ​បក្ស​កាន់អំណាច សូម​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ធ្វើ​ជាម្ចាស់​វាសនា​ប្រទេស​ជាតិ និងអះអាងរក្សា​ការ​ពារ​​​សន្តិភាព។ មេបក្សប្រឆាំង ​សង្គ្រោះជាតិ ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ និង​ដោយ​អហិង្សា។ ចំណែក​ មេបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ សង្ឃឹមថានឹង​ប្តូរ​មេបក្ស​ប្រឆាំងចាស់ ដាក់​មេបក្ស​ប្រឆាំងថ្មី។ ខុសពីគេឯង​ ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គ្មាន​អ្វីត្រូវ​ជូន​ពរ​នោះទេ គឺ​គ្រាន់តែចង់​ផ្តាំពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​ប្រើ​ខួរ​ក្បាល​គិត​។

ហេង ឧត្តម លម្អិត​ព័ត៌មាន ៖  http://km.rfi.fr/cambodia/wish-politicians-rfi-oudom-12-04-2017

 

ក្នុង​ឱកាស​ចូលឆ្នាំថ្មីនេះ ប្រមុខ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​សារលិខិត​ជូន​ក្នុងនាម​រដ្ឋាភិបាល សូម​ឲ្យ​មាន​ក្តី​រីករាយ សិរី​សួស្តី ជ័យ​មង្គល​ដ៏​ឧត្តុង​ឧត្ដម​ក្នុង​ក្រុម​គ្រួសារ​និង​សង្គម​ជាតិ​ទាំងមូល។ ​ចំណែក​លោក កឹម សុខា ខំប្រឹង​សរសេរ​លិខិត​ផង សម្តែង​ថត​ជា​វីដេអូ​ផង ដើម្បីបួង​សួង​ជូន​ពរ​សាធារណៈជន​ខ្មែរ ឲ្យ​មាន​សិរីមង្គលវិបុលសុខ​មហាប្រសើរ និង​ឲ្យ​មាន​សន្តិភាព​ ហើយ​ចៀង​វាង​សង្គ្រាម​បង្ហូរ​ឈាម​ និង​ការរំលោភ​​បំពាន​សិទ្ធិគ្នា​។ រីឯប្រធាន​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ​លោក សួន សេរីរដ្ឋា ជូន​ពរ​ឲ្យ​ខ្មែរលើ ខ្មែរក្រោម ខ្មែរ​កណ្តាល ខ្មែរ​ក្នុង​ប្រទេស​និង​ខ្មែរ​នៅ​បរទេស​ទាំង​អស់ សូម​ឲ្យ​មាន​ក្តីសប្បាយ​រីករាយ ចូលរួម​លេង​ល្បែង​ប្រជាប្រិយខ្មែរ ហើយ​សូម​កុំ​ផឹក​ស្រា​ស្រវឹង​ឈ្លោះគ្នា និង​បង្កគ្រោះថ្នាក់​ចរាចរណ៍​។​

ក្រៅ​ពី​ពាក្យ​ពេចន៍​ជូន​ពរ មេៗ​គណបក្ស​នយោបាយ​ ក៏​មាន​បង្កប់​សារនយោបាយ​ខ្លះ​​ដែរ។ នៅ​ក្នុង​សារ​លិខិត​​ កម្រាស់​​៦ទំព័រ ដែល​មាន​រៀប​រាប់​ពីសម្មទិផលរបស់​រដ្ឋាភិបាល​ផង​​, លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា  បាន​ប្តេជ្ញា​ចិត្ត​ ថា​នឹង​ខិត​ខំពុះពារគ្រប់​បែប​យ៉ាង​ ប្តេជ្ញាចិត្ត​រក្សា​ការពារ​សន្តិភាព​ ស្ថិរភាព និង​សណ្តាប់សាធារណៈជូន​ប្រជាជាតិទាំង​មូល។​

ចំណែក លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ភ្ជាប់​សារ​នយោបាយ​ថា ចង់​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះឆ្នោត​ខាង​មុខ​នេះ។ ចំពោះ​លោក កឹម សុខា គឺ​លោក​ចង់​ឲ្យ​អ្នក​នយោបាយ​គ្រប់​គណ​បក្ស ប្រកួត​គ្នា​ពី​គោលនយោបាយ​របស់​ខ្លួន តែ​រៀង​ៗខ្លួន ដោយ​សន្តិវិធី​ ដើម្បីក​​សាង​អនាគត​ជាតិ​មួយ​ដ៏​ល្អប្រសើរ ​។​

រីឯ​ប្រធាន​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា គឺ​ចង់​ឲ្យ​មា​នការ​ផ្លាស់​ប្តូរទាំង​បក្ស​ប្រឆាំង និង​ទាំង​បក្ស​កាន់​អំណាច ដោយ​ប្រកាន់​យក​របៀប​​ផ្លាស់​ប្តូរ​បន្ត​វេន​​របស់​ទេវា​ឆ្នាំ​ថ្មី​ដូច្នោះ​ដែរ​។ ពោល​គឺ​មាន​ការ​ផ្លាស់ប្តូរ មិន​ក្រាញ​អំណាច និង​មាន​អណត្តិផ្លាស់​​វេន​ត្រឹមត្រូវ។ ទន្ទឹម​នេះ លោក សួន សេរីរដ្ឋាន ក៏​សង្កត់​ធ្ងន់​ដែរថា ពលរដ្ឋ​ខ្មែរ គួរតែត្រូវ​​ «ប្តូរ​​មេ​ដឹក​នាំ​ប្រឆាំង​ចាស់ ដាក់​មេដឹក​នាំ​ប្រឆាំង​ថ្មី​»។​

ផ្ទុយខុស​​ពីគេ​ឯង លោក ខឹម វាសនា​ ប្រធាន​​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ថា​លោក​គ្មាន​អ្វី​ត្រូវ​ជូនពរ​ ហើយ​ក៏​​គ្មាន​ទម្លាប់​ជូនពរ​អ្វីដែរ​ ព្រោះ​លោក​មិន​ដែល​​ធ្វើ​អ្វី​ ដែល​មិន​ចេញ​ពីទឹក​​ចិត្ត​ពិតនោះទេ​។ គ្មាន​សារ​ជូនពរសម្រាប់ឆ្នាំថ្មី​ និង​គ្មាន​សារនយោបាយ​អ្វីសម្រាប់ថ្លែងក្នុងឱកាសនេះ​, លោក ខឹម ​វាសនា គ្រាន់តែមាន​ពាក្យ​ផ្តាំថា ពលរដ្ឋខ្មែរ ​ត្រូវ​ចេះ​ប្រើ​ខួរ​ក្បាល​គិត គិត​គ្រប់​សកម្មភាព គ្រប់​ទង្វើ​ និង​កុំ​ចេះតែ​ជឿ​ងប់​ងល់​ចំពោះ​ប្រពៃណី និង​សម្តី​របស់​អ្នក​នយោបាយ។ គឺទៅ​ទី​​ណា​ក៏ដោយ ធ្វើ​អ្វីក៏ដោយ​ ត្រូវ​យកចេះ​យក​ខួរ​ក្បាល​គិត។ នេះបើតាម​ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិតេយ្យ​ លោក ខឹម វាសនា​​៕​

Publicités

ខ្មែរ​នៅតែ​មិនអាច​បង្កើត«​សាលា​ភាព​យន្ត»​​ដោយ​ខ្លួន​ឯង!​

កម្ពុជា បានសន្តិភាពជាង២ទសវត្សរ៍ហើយ នៅតែមិនអាចបង្កើតសាលាភាពយន្តមួយនៅឡើយទេ។ បើនៅតែគ្មានសាលាបង្រៀនភាពយន្តត្រឹមត្រូវច្បាស់លាស់ទៀត គឺលំបាកនឹងលើកស្ទួយវប្បធម៌ខ្មែរណាស់។ នេះគឺជាការត្អូញត្អែរបស់អ្នកដឹកនាំសម្តែងនិងសិល្បករមួយចំនួនដែលប្រាប់វិទ្យុបារាំង នៅក្នុងនៅថ្ងៃនេះ ដែលក្រសួងវប្បធម៌រៀបចំការពិគ្រោះយោបល់ស្តីពី «ក្រមសីលធម៌នៃអ្នកសិល្បៈ»។

ហេង ឧត្តម រាយការណ៍៖ http://km.rfi.fr/cambodia/-cinema-school-rfi-oudom-27-09-2016

សកម្មភាពថតភាពយន្ត។ រូបថតរបស់មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

សកម្មភាពថតភាពយន្ត។ រូបថតរបស់មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

អ្នកដឹកនាំសម្តែង និងសិល្បករខ្លះ បានប្រាប់វិទ្យុRFI នៅក្នុងឱកាសពិភាក្សាពី«ក្រមសីលធម៌នៃអ្នកសិល្បៈ»ថាមិនដែលមានសាលាបង្រៀនផង តែក្រសួងចាំតែស្តីបន្ទោសនៅពេលដែលអ្នកសិល្បៈធ្វើខុស។ ហេតុនេះ ពួកគេទទូចឲ្យក្រសួងគិតគូរបង្កើតសាលាភាពយន្តឲ្យបានឆាប់ ទើបជាការប្រសើរ។  

គួររម្លឹកថា កន្លងមក ក្រសួងវប្បធម៌ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសហការជាមួយ សាកលវិទ្យាល័យជាតិកូរ៉េ គ្រោងនឹងបង្កើតមហាវិទ្យាល័យភាពយន្ត។ តែគម្រោងត្រូវស្ងប់ស្ងាត់ទៅវិញ។ ចំណុចនេះ ត្រូវលោកសកលវិទ្យាធិការនៃសាលារចនា ពន្យល់ថា គឺមកពីវិបត្តិថវិកា។ បើតាមប្រភពដដែល ដើម្បីបង្កើតមហាវិទ្យាល័យភាពយន្ត គឺត្រូវការឧបករណ៍សម្រាប់ការបណ្តុះបណ្តាលច្រើន, សាស្ត្រាចារ្យដែលមានជំនាញ ដែលគេមិនអាចយកគ្រូដែលអត់សញ្ញាបត្រសោះទៅបង្រៀនបរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សានោះទេ។ ចុងក្រោយ គឺត្រូវការថវិកាច្រើន។ ដូច្នេះ ក្នុងដំណាកកាលនេះ ទាំងក្រសួងវប្បធម៌ និងទាំងសាលារចនា គឺនៅស្ថិតនៅក្នុងភាពស្ទាក់ស្ទើរនៅឡើយ។ លោកសកលវិទ្យាធិការដដែល បានបញ្ជាក់ថា កន្លងមក គឺមានបង្រៀនវគ្គខ្លី ផ្នែកសម្តែង ចំនួន៣ខែដែរ តែមិនសូវមានសិស្សចូលរៀន។

ទោះបីយ៉ាងណាក៏ដោយ ចំពោះសមិទ្ធិករភាពយន្ត ឆាយ បូរ៉ា ប្រាប់វិទ្យុបារាំងថា ការអត់គ្រូដែលអត់សញ្ញាបត្រ គឺមិនមែនជាហេតុផលត្រឹមត្រូវទេ។ លោកបានលើកឧទាហរណ៍ថា ផ្នែកនាដកម្ម ពីមុនមក ក៏អត់គ្រូដែលមានសញ្ញាបត្រដែរ គឺយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច។

សមិទ្ធិករភាពយន្តរូបនេះ ជូនយោបល់ថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរតែសហការជាមួយវិស័យឯកជន ដើម្បីវិនិយោគបង្កើតសាលា ទើបអាចទៅរួច។ លើសពីនេះ ត្រូវមានផែនការនិងវិធានការច្បាស់លាស់! បញ្ចូនអ្នកមានទេពកោសល្យទៅរៀននៅបរទេស និងសុំអាហារូបករណ៍ពីប្រទេសដែលមានជំនាញ ប៉ុន្តែកុំបញ្ចូនតែបក្សពួកក្រុមគ្រួសារខ្លួនទៅរៀន គឺត្រូវប្រលងជ្រើសរើសអ្នកមានទេពកោសល្យពិតប្រាកដ។

ចំពោះលោក ឆាយ បូរ៉ា ការជំរុញឲ្យវិស័យភាពយន្តឲ្យទៅជាឧស្សាហកម្មភាពយន្ត គឺនឹងនាំមុខមាត់ថ្មីរបស់កម្ពុជាទៅកាន់ពិភពលោក ហើយនឹងនាំឲ្យអ្នកជំនួញនិងភ្ញៀវបរទេសមករកស៊ី និងមកលេងស្រុកខ្មែរកាន់តែច្រើន។ ដូច្នេះ ការបង្កើតមហាវិទ្យាល័យភាពយន្ត គឺដល់ពេលហើយ និងមិនអាចរង់ចាំបានតទៅទៀតទេ។

ជាការកត់សម្គាល់ ចាប់តាំងពីរដ្ឋាភិបាលឈប់ឲ្យបញ្ចាំងភាពយន្តបរទេសនៅម៉ោងមាស! វិស័យផលិតភាពយន្តខ្មែរ គឺត្រូវប៉ាន់ណាស់ ប៉ុន្តែនៅខ្វះធនធានមនុស្ស និងបច្ចេកទេសខ្លាំងមែនទែន។ ដូច្នេះ ការវិនិយោគបង្កើតសាលាភាពយន្ត គឺជាជម្រើសមួយដែលអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់។

សូមបញ្ជាក់ដែរថា រាល់ថ្ងៃ កម្ពុជាមានសាលាភាពយន្តតូចៗ មួយពីរដែរ តែជ្រកក្រោមដំបូលរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ដែលខំប្រឹងបណ្តុះបណ្តាលកូនខ្មែរ ទាំងត្រដាបត្រដួស៕

Vibe Radio 94.5 វិទ្យុ​ថ្មី​សម្រាប់​យុវវ័យ​ខ្មែរ!

វិទ្យុវាយប៍ Vibe Radio FM 94.5 Mhz បានសម្ពោធជាផ្លូវការនៅថ្ងៃនេះ ដោយមានតំណាងពីស្ថានទូបារាំង និងក្រសួងព័ត៌មានកម្ពុជា។ នេះគឺជាវិទ្យុទី១ ដែលសហការបង្កើតឡើងដោយ ក្រុមហ៊ុនឯកជនរបស់បារាំងនិងរបស់ខ្មែរ។ គោលដៅធំរបស់ Vibe Radio គឺផ្តល់ព័ត៌មាន ការអប់រំ ការកម្សាន្តសប្បាយបែបលក្ខណៈថ្លៃថ្នូរនិងសម្បូរបែប សម្រាប់យុវជនខ្មែរ។

http://km.rfi.fr/cambodia/-vibe-radio-94dot5-26-09-2016

oudom-picture

វិទ្យុថ្មីនេះ បានត្រូវសហការបង្កើតឡើងដោយ ក្រុមហ៊ុនLVMG ដែលមានវិទ្យុវាយោ និងក្រុមហ៊ុន Lagardère Active។ ឈ្មោះថា Vibe Radio  ត្រូវបានគេទទួលស្គាល់ច្រើននៅសហគមន៍អឺរ៉ុប និងអាហ្រ្វិកខាងត្បួង ជាពិសេសគឺចំពោះយុវជនដែលនិយមការកម្សាន្តសប្បាយ តាមរយៈការស្តាប់តន្ត្រីជាតិនិងអន្តរជាតិ។ សូមជ្រាបថា ក្រុមហ៊ុន Lagardère Active ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបារាំងដ៏ល្បីនៅអឺរ៉ុបនិងអាហ្រ្វិកខាងត្បូង ដែលមានវិទ្យុចំនួន២៤ ហើយផ្សាយនៅ១០ប្រទេសលើពិភពលោក ហើយមានមនុស្សប្រមាណ២៣លាននាក់នៅក្នុងពិភពលោកដែលស្តាប់វិទ្យុនេះ ជារៀងរាល់ថ្ងៃ។

ចំពោះការផ្សាយនៅកម្ពុជា វិទ្យុវាយប៍ Vibe Radio FM 94.5 Mhz ផ្សាយ១៧ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១១យប់។ កម្មវិធីផ្សាយជាទូទៅ គឺផ្តោតតែទៅលើយុវជន ដែលធ្វើឲ្យពួកគេទទួលបានការអប់រំ ព័ត៌មាន និងភាពសប្បាយបែបថ្លៃថ្នូរ។ នេះបើតាមការបញ្ជាក់របស់អ្នកតំណាងក្រុមហ៊ុន LVMG និងក្រុមហ៊ុន Lagardère Active។
 
ជាអធិបតីនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់វិទ្យុវាយប៍ Vibe Radio នេះ ឯកអគ្គរដ្ឋទូតបារាំង លោក Jean Claude Paimbœuf  បានគូសបញ្ជាក់យ៉ាងវិជ្ជមានថា វិទ្យុនេះនឹងផ្តល់នូវការសប្បាយ និងអ្វីថ្មីៗសម្រាប់យុវជនខ្មែរ ដែលពួកគេមានចំនួនច្រើនលើសលុបនៅក្នុងចំណោមពលរដ្ឋសរុប។
 
ចំណែក លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានរម្លឹកអ្នកចូលរួមនិងអ្នកកាសែតថា ប្រព័ន្ធផ្សព្វផ្សាយ គឺបានចូលរួមយ៉ាងសំខាន់សម្រាប់ការវិវត្តន៍របស់សង្គម។ លោកថា បើការផ្សាយទៅល្អ គឺចូលរួមអភិវឌ្ឍជាតិ តែមិនផ្សាយឲ្យសមស្របទេ គឺអាចធ្វើឲ្យប្រទេសជួបកុលយុគ បានផងដែរ។ ចំពោះលោក ជា ច័ន្ទបរិបូរណ៍ ការផ្សាយវិទ្យុ គឺត្រូវឲ្យមានភាពប្រាកដនិយម៕

 

ប្រវត្តិរូប​​របស់​លោក Christian des PALLIÈRES ​វីរបុរស​​នៃ​​​ក្មេង​​គំនរ​​សំរាម!

លោក Christian des PALLIÈRES គឺជាស្ថាបនិករបស់អង្គការដើម្បីភាពញញឹមនៃកុមារ។ លោកបានទទួលមរណភាពនៅម៉ោងជិត៧យប់ម្សិលមិញ ដោយជរាភាព ក្នុងជន្មាយុ៨២ឆ្នាំ។ សាកសពរបស់លោក នឹងត្រូវបូជាតាមបែបប្រពៃណីខ្មែរ និងក្នុងរបៀបសាសនាព្រះពុទ្ធ នៅថ្ងៃចន្ទស្អែកនេះ។ ឆ្លៀតក្នុងឱកាសនេះ ហេង ឧត្តម សូមរៀបរាប់ពីប្រវត្តិរូបសង្ខេបរបស់ «វីរបុរសនៃក្មេងគំនរសំរាមស្ទឹងមានជ័យ» រូបនេះ៖ http://km.rfi.fr/cambodia/-Christian-des-PALLIERES-RFI-Oudom-25-09-2016

 14369887_1173216326079533_8726262939878729282_n

លោក Christian GAUQUELIN des PALLIÈRES ប្រសូតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣៤ នៅក្បែរទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងពេលជាយុវជន លោកបានចូលរៀនផ្នែកពាណិជ្ជកម្ម នៅរដ្ឋធានីប៉ារីស៍ ហើយបន្ទាប់មក លោកបានចូលបម្រើកងទ័ព បានរយៈពេល៣ឆ្នាំ ក្នុងឋានៈជាមន្ត្រីយោធា។ 

លោកបានចូលធ្វើការក្នុងក្រុមហ៊ុនម៉ាស៊ីនអាមេរិកដ៏ល្បីមួយ ឈ្មោះថា IBM នៅឆ្នាំ១៩៦២។ ពីរឆ្នាំក្រោយមក លោកបានរៀបការជាមួយកញ្ញា Bouchard Marie-France ហើយអ្នកទាំងពីរមានបុត្រចំនួន៤នាក់។
 
នៅឆ្នាំ១៩៧៨ ប្តីប្រព័ន្ធគ្រួសារ des PALLIÈRES និងកូនទាំង៤នាក់ បានសម្រេចចិត្តធ្វើដំណើរផ្សព្វព្រេង រយៈពេល១ឆ្នាំកន្លះ តាមរយៈឡានមួយគ្រឿងដែលគេស្នាក់នៅក្នុងនោះបាន។ ពួកគេបានធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនដូចជា ក្រិច តួកទី អ៊ីរ៉ង ចិន ឥណ្ឌា អាហ្វហ្គានីស្ថាន និងបាគីស្ថានជាដើម។ ក្រោយពីដើរផ្សព្វព្រេងស្វែងយល់ពីជីវិតនិងពិភពលោក ប្តីប្រពន្ធ des PALLIÈRES បានសរសេរសៀវភៅមួយចំណងជើងថា Quatre Enfants et un Rêve «កូនបួននាក់និងក្តីសុបិនមួយ»។
 
នៅឆ្នាំ១៩៩៣ លោកបានសម្រេចចិត្តមកធ្វើការនៅស្រុកខ្មែរ ជាមួយនឹងអង្គការ Sipar ដើម្បីជួយលើកស្ទួយវិស័យអប់រំនិងអំណាននៅកម្ពុជា។ ក្នុងអំលុងដែលគាត់ធ្វើការជាមួយអង្គការ Sipar ពេលនោះហើយ ដែលគាត់បានឃើញពីទុក្ខលំបាកវេទនារបស់កុមារក្រីក្រតាមផ្លូវ នៅភ្នំពេញ។ ថ្ងៃមួយ កុមារម្នាក់បាននិយាយប្រាប់គាត់អំពីស្ថានភាពនៅគំនរសំរាមស្ទឹងមានជ័យ។ ក្រោយពីបានមើលនៅទីនោះ គាត់តក់ស្លុត និងអាណិតអាសូរ នៅពេលដែលបានឃើញកុមារជាច្រើនធ្វើការ និងរើសអេតចាយនៅលើគំនរសំរាម។  
 
បន្ទាប់មកគាត់ក៏បានសម្រេចចិត្តលាឈប់ពីអង្គការ Sipar ហើយបែរមកបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ PSE នៅឆ្នាំ១៩៩៥។ មកទល់នឹងពេលនេះ PSE បានជួយកុមារកម្ពុជារាប់សិបពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងឲ្យចាកចេញពីទុរគតភាព ហើយកុមារទាំងនោះទទួលបានការសិក្សា អាហារ សម្លៀកបំពាក់ និងការស្នាក់នៅសមរម្យ ព្រមទាំងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។ PSE មានបីខាសា គឺនៅភ្នំពេញ សៀរាម និងក្រុងព្រះសីហនុ។
 
ដោយសារតែសកម្មភាពសប្បុរធម៌របស់លោក ព្រះមហាក្សត្រកម្ពុជាបានប្រទានសញ្ជាតិខ្មែរដល់ប្តីប្រពន្ធ des PALLIÈRES ទាំងពីរនាក់៕

ថៃ ​កំពុង​ចុះ​បញ្ជី​ឈ្មោះ​ពលករ​ ខ្មែរ​!

គណៈកម្មការជាតិសិទ្ធិមនុស្សថៃ បញ្ជាក់ថា នៅក្នុងខែកញ្ញានេះ រដ្ឋាភិបាលថៃ ចាប់ផ្តើមចុះឈ្មោះពលករបរទេសដែលធ្វើការ ដោយគ្មានឯកសារត្រឹមត្រូវ និងដែលកំពុងតែធ្វើការនៅតាមកប៉ាល់នេសាទសមុទ្រ។ ពលករទេសន្តប្រវេសន៍ទាំងនោះ មានទៅពីប្រទេសភូមា ឡាវ និងកម្ពុជា។ ហេង ឧត្តម ជូនព័ត៌មាន៖

khmer-fishermen-in-thailand-01

នៅក្នុងលិខិតចុះថ្ងៃទី១៣កញ្ញា គណៈកម្មការជាតិសិទ្ធិមនុស្សថៃ បញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស រដ្ឋាភិបាលថៃ ផ្តើមចុះបញ្ជីពលករបរទេស ដើម្បីដាក់ពួកគេឲ្យស្ថិតក្រោមការការពារស្របច្បាប់។

នេះជាការឆ្លើយតបទៅនឹងលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  ចុះថ្ងៃទី៩ខែសីហា ដែលបានសម្តែងក្តីព្រួយបារម្ភចំពោះពលករខ្មែរនៅស្រុកថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹងច្បាស់ថា មានការរំលោភសិទ្ធិមនុស្ស លើកម្មករនេសាទជនជាតិខ្មែរ ដែលត្រូវគេបង្ខិតបង្ខំឲ្យធ្វើការ និងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀនដើម្បីមានកម្លាំងធ្វើការដោយឥតសម្រាក។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសុំឲ្យគណៈកម្មាការជាតិសិទ្ធិមនុស្សថៃ ជំរុញឲ្យរដ្ឋាភិបាលរបស់ខ្លួន ចុះបញ្ចីកម្មករនេសាទ និងបង្កើតយន្តការត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សក្នុងឧស្សាហកម្មនេសាទ។

គណៈកម្មាការជាតិសិទ្ធិមនុស្សថៃ បានបំភ្លឺវិញថា ចំពោះពលករដេលបានចុះឈ្មោះហើយ ត្រូវបំពេញបែបបទបញ្ជាក់អត្តសញ្ញាណជាតិ ដើម្បីទទួលបានអត្តសញ្ញាបណ្ណសម្គាល់ខ្លួនពីរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។ ករណីពលករដែលមានឯកសារអត្តសញ្ញាណត្រឹមត្រូវហើយ គឺអាចដាក់ពាក្យសុំធ្វើការ  តែដោយឡែក ចំពោះពេលវេលាដែលអាចធ្វើការជាក់លាក់ គឺត្រូវសម្រេចអនុញ្ញាតដោយគណៈរដ្ឋមន្ត្រីថៃ។

គណៈកម្មការជាតិសិទ្ធិមនុស្សថៃ បានលើកឡើងថា បួនប្រាំឆ្នាំចុងក្រោយនេះ គណៈកម្មការ បានទទួលពាក្យបណ្ដឹង និងអនុសាសន៍ជាច្រើនពីប្រទេសជិតខាង ហើយបានបើកការស៊ើបអង្កេត ព្រមទាំងដាក់អនុសាសន៍ទៅរដ្ឋាភិបាលរបស់ខ្លួន។ ជាលទ្ធផល នៅឆ្នាំ២០១៥ គឺមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅដល់ប្រធានកប៉ាល់ និងម្ចាស់ទូកនេសាទ ព្រោះថា ពួកថៅកែទាំងនោះ បានប្រើកម្លាំងពលករតាមសមុទ្រ ដែលគ្មានអត្តសញ្ញាណបណ្ណត្រឹមត្រូវ ឬគ្មានកិច្ចសន្យាការងារជាក់លាក់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃក៏បានផ្តន្ទាទោសចំពោះប្រធានកប៉ាល់ដែលរំលោភលើរាងកាយកម្មករលើទូក ហើយបានផ្តល់ជំនួយផ្សេងៗដល់ពលករទាំងនោះទៀតផង។

ជុំវិញរឿងពលករនេះដែរ គណៈកម្មាការនេះ បានស្នើសុំថា ត្រូវអនុវត្តកម្មវិធីបង្កា ពន្យល់អប់រំណែនាំចំពោះប្រជាជននៅតាមបណ្តាខេត្តនានា ឲ្យយល់ពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងគ្រោះថ្នាក់នៃការជួញដូរកេប្រវ័ញ្ចការងារ។

គួរបញ្ជាក់ដែរថា ចំនួនពលករខ្មែរ ដែលកំពុងធ្វើការទាំងស្របច្បាប់ និងខុសច្បាប់ នៅស្រុកថៃ គឺមានចំនួនមិនតិចជាង១លាននាក់នោះទេ៕

លោក ខឹម វាសនា ច​ង់​ឃើញ​នាយក​មន្ត្រី​ស្រី​ដឹក​នាំប្រទេស​ខ្មែរ​!​

 

ថ្មីៗនេះ លោក ខឹម វាសនា បញ្ជាក់ថា បើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈ្នះឆ្នោត លោកចង់ឲ្យយុវជនក្មេងៗដែលមានសមត្ថភាពដឹកនាំប្រទេស ហើយប្រសិនបើបានមនុស្សស្រីធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ គឺរឹតតែប្រសើរ។ ចំណែករូបលោក នៅធ្វើត្រឹមតែជាទីប្រឹក្សា គឺគ្រប់គ្រាន់ហើយ។ ថ្លែងប្រាប់វិទ្យុបារាំងពីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃនេះ លោក ខឹម វាសនា លើកឡើងថា តាំងតែពីយូរណាស់មកហើយ មនុស្សស្រីស្រុកខ្មែរមិនសូវចូលរួមក្នុងវិស័យនយោបាយប៉ុន្មានទេ។

ហេង ឧត្តម រាយការណ៍៖ http://km.rfi.fr/cambodia/khem-veasna-wants-to-see-female-prime-minister-18-09-2016

13516407_1057716300962608_4254313447469668815_n

[សំឡេង] លោក ខឹម វាសនា៖ […] ខ្ញុំសព្វថ្ងៃ ខ្ញុំសម្លឹងណាស់! បានក្មេង ហើយបានស្រីទៀត រឹតតែល្អ។ ស្រុកខ្មែរឲ្យស្គាល់មួយមើល! ខ្ញុំនៅហ្នឹង ធ្វើទីប្រឹក្សាឲ្យ។ មិនអីទេក្មួយ កាន់អំណាចចុះ។ ឲ្យដឹងច្បាស់តែម្តងថា មិនមែនគ្រប់អ្នកនយោបាយ សុទ្ធតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួននោះទេណា! គឺយើងចង់ជួយពិតប្រាកដមែន […]

លោក ខឹម វាសនា ថ្លែងដូច្នេះ គឺក្រោយពីបានលើកឡើងថា ការងារដឹកនាំបក្សរាល់ថ្ងៃគឺហត់នឿយណាស់! រូបលោក គ្មានប្រពន្ធ គ្មានកូន គ្មានឪពុកម្តាយ លោកក៏គ្មានចង់បានអំណាចអ្វីដែរ! បើមានយុវជនក្មេង មានសមត្ថភាពដឹកនាំជំនួស គឺលោកអរគុណពួកគេណាស់។ ហើយបើនៅពេលដល់បក្សជាប់ឆ្នោត ត្រូវការជ្រើសរើសនាយករដ្ឋមន្ត្រី ក៏លោកចង់ឲ្យក្មេងៗដឹកនាំដែរ។ ការអះអាងដូច្នេះ ទំនងជាចង់បញ្ជាក់ពីគោលជំហររបស់ខ្លួនជាថ្មីថាមិនមែនគ្រប់អ្នកនយោបាយ គឺសុទ្ធតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ! ធ្វើនយោបាយគឺដើម្បីជួយជាតិមាតុភូមិដោយស្មោះ។

ជុំវិញការជ្រើសរសើបេក្ខភាពនាយករដ្ឋមន្ត្រីនេះ ចំពោះបក្ស LDP គឺចង់បានយុវជនក្មេង មានសមត្ថភាព មិនប្រកាន់ថាប្រុសឬស្រីទេ ប៉ុន្តែបើបានមនុស្សស្រីធ្វើជានាយករដ្ឋមន្ត្រីខ្មែរ គឺរឹតតែប្រសើរ។ ចំពោះមុខតំណែងនេះ លោក ខឹម វាសនា កំពុងតែសម្លឹងរកអ្នកសក្តិសម ព្រោះថា នៅក្នុងបក្ស ទាំងគណៈកម្មាធិការអចិន្ត្រៃយ៍ និងទាំងគណៈកម្មាធិការកណ្តាល គឺមិនសូវមានបេក្ខភាពនារីប៉ុន្មានឡើយ។

ប្រធានបក្ស LDP បានប្រាប់វិទ្យុ RFI ពីសាធារណរដ្ឋកូរ៉េខាងត្បួង ទៀតថា ជារឿងពិតជាក់ស្តែង ចំនួនភាគរយមនុស្សស្រីដែលចូលរួមក្នុងកិច្ចការសង្គម និងនយោបាយមានចំនួនតិច ហើយមនុស្សស្រីដែលមានសមត្ថភាពពិតប្រាកដក៏លំបាករកដែរ។

ទោះយ៉ាងណាក្តី ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ ពន្យល់ថា អ្នកដឹកនាំប្រទេសបាន គឺសំខាន់ទៅលើសមត្ថភាពដែលគុណសម្បត្តិសំខាន់មួយ ហើយធនធានមនុស្សដែលអាចដឹកនាំប្រទេសបាននោះ គឺផ្អែកលើបច្ចេកទេសដឹកនាំ មានបេះដូងស្មោះត្រង់ចំពោះជាតិពិតប្រាកដ និងមានទស្សនវិស័យវែងឆ្ងាយ ព្រមទាំងជាមនុស្សមានទស្សនវិជ្ជាក្នុងខ្លួន។

សូមជម្រាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មកទល់ពេលនេះ បង្កើតបានចំនួនជាង១០ឆ្នាំ និងមានសាខាបក្ស២៥រាជធានីខេត្ត ព្រមទាំងមានសាខាតំណាងនៅបរទេសដូចជា នៅសហភាពអឺរ៉ុប បារាំង-អាល្លឺម៉ង់ អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និងថៃ។ នៅកូរ៉េខាងត្បួង ក្រុមកម្មករអ្នកគាំទ្រ LDP មានចំនួនច្រើន ហើយនេះគឺជាប្រភពថវិកាទ្រទ្រង់បក្សយ៉ាងខ្លាំងផងដែរ៕  

រូប​ថត​អាសអាភាស​ជាង៤លានសន្លឹក​​ត្រូវ​លុបចោល​ជា​រៀង​រាល់​ឆ្នាំ!

img_1087

រូបថតអាសអាភាសជាង៤លានត្រូវលុបចេញពីប្រព័ន្ធអ៊ិនធឺណិត ជារៀងរាល់ឆ្នាំ។ ចំពោះកម្ពុជា រូបថតអាសអាភាសចំនួន៦៣ករណី ក៏ត្រូវបានលុបចេញដែរ។ នេះបើតាមការឲ្យដឹង នៅក្នុងកិច្ចពិភាក្សា ស្តីពី ការប្រយុទ្ធឆាំងអំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ិនធឺណិត។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រសួងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាច្រើន ហើយកម្មវិធីកំពុងប្រព្រឹត្តនៅសណ្ឋាគារ Inter-Continental នៅថ្ងៃពុធទី១៤កញ្ញានេះ។

ហេង ឧត្តម រាយការណ៍ ៖ http://km.rfi.fr/cambodia/-APLE-RFI-Oudom-14-09-2016

SS

លោក សំលៀង សិលា

លោក សំលៀង សីលា នាយកប្រតិបត្តិសកម្មភាពដើម្បីកុមារ Action Pour Les Enfants ហៅកាត់ថា APLE បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ រូបថតអាសអាភាស ជាពិសេសរូបថតអាក្រាតកាយរបស់កុមារ ចំនួនជាង៤លានសន្លឹក ត្រូវគេលុបចោល។ នៅក្នុងចំណោមរូបទាំងនោះ រូបថតស្រើបស្រាលពីប្រទេសខ្មែរ ចំនួន៦៣ករណី ក៏ត្រូវបានស្នើសុំឲ្យលុបចេញពីប្រព័ន្ធអ៊ិនធឺណិតផងដែរ។ ក្នុងចំណោមរូបទាំង៦៣នោះ គឺមាន៤១ករណី ដែលជារូបថតអាសអាភាសរបស់កូនក្មេង។

ជុំវិញរឿងនេះ អាជ្ញាធរពាក់ព័ន្ធ ក្រុមអ្នកជំនាញ និងក្រុមអ្នកធ្វើការលើសុវត្ថិភាពរបស់កុមារ មានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលនិន្នាការប្រើប្រាស់អ៊ិនធឺណិតកើនឡើងយ៉ាងគំហុកនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រើអ៊ិនធឺណិតតាមទូរសព្ទដៃ។ គួរជម្រាបថា គ្រាន់តែពលរដ្ឋខ្មែរមានចំនួន១៥លាននាក់ ចំនួនទូរសព្ទដែលចរាចរណ៍ប្រើប្រាស់ គឺមានជាងដល់ទៅ២៥លានឯណោះ។ នេះបើតាមអាជ្ញាធរពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញខ្មែរ បានត្អូញត្អែថាលំបាកក្របួចកចាប់ជនល្មើស ព្រោះថា អ្នកប្រើប្រាស់អ៊ិនធឺណិត មានច្រើននិងមានគ្រប់ទីកន្លែង ហើយជនល្មើសនិងជនរងគ្រោះក៏អាចមាននៅគ្រប់ទិសទីផងដែរ។ មួយវិញទៀត ក្រុមហ៊ុនផ្គត់ផ្គង់សេវាបច្ចេកវិទ្យា ISP – Internet Service Provider នៅស្រុកខ្មែរ ដែលមានប្រមាណជា៣០នោះ មិនទាន់មានវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់បទល្មើសទាងនោះដោយម៉ឺងមាត់ហ្មត់ចត់នៅឡើយ។ លំបាកជាងនេះទៅទៀត ករណីរកឃើញរូបអាក្រាតផ្សេងៗហើយ អាជ្ញាធរខ្មែរ ត្រូវរាយការណ៍ទៅស្ថាប័នអន្តរជាតិជាតិ និងក្រុមហ៊ុនអន្តរជាតិ ដើម្បីសុំលុបរូបនោះចេញ ក៏ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌ ត្រូវប្រើពេលយូរ និងវែងឆ្ងាយ ព្រោះថា ស្ថាប័នទាំងនោះសុទ្ធតែមានមូលដ្ឋាននៅបរទេស ដូចជានៅសហរដ្ឋអាមេរិកជាដើម។

ចំណែកអ្នកតំណាងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក៏បានលើកឧទាហរណ៍ចំពោះករណីបទល្មើសនាពេលកន្លងទៅ មកប្រាប់អ្នកចូលរួមពិភាក្សាឲ្យដឹងថា មានជនល្មើសខ្លះ បានប្រើប្រាស់រូបថតស្អាត ដោយក្លែងក្លាយយករូបថតអ្នកដទៃទៅប្រើ ដើម្បីទាក់ទងចិត្តជនរងគ្រោះ ហើយបោកបញ្ចោតជនរងគ្រោះឲ្យថតរូបខ្លួនឯង ដោយអាក្រាតកាយ។ ក្រោយមក ជនល្មើសយករូបថតនោះ ដើម្បីគំរាមជនរងគ្រោះ ជាថ្នូរនឹងការរួមភេទ ឬថ្នូរនឹងលុយកាក់ជាដើម។

ប្រឈមមុខនឹងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណិតដែលជាការព្រួយបារម្ភ អាជ្ញាធរនិងសង្គមស៊ីវិល បានមូរមាត់គ្នាថា ត្រូវតែអប់រំដល់អ្នកប្រើប្រាស់អ៊ិនធឺណិតទាំងអស់ ទាំងចាស់ទាំងក្មេង ឲ្យយល់ដឹងពីការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ បើតាមការដាស់តឿនរបស់អ្នកជំនាញ, អ្នកប្រើប្រាស់អ៊ិនធឺណិត ត្រូវប្រុងប្រយ័ត្នចំពោះប្រើប្រាស់ Video call, Webcam, Bigo Live, Facebook និងបណ្តាញសង្គមនានា ថាកុំចេះតែដាក់រូបថតមិនសមរម្យ ថតបង្ហាញឬបញ្ចេញភាពសិចស៊ី លិចលើលិចក្រោម ឬក៏រូបថតអាក្រាតននលគោក ហើយបង្ហោះផ្សាយតាមបណ្តាញសង្គមនោះឡើយ, ព្រោះថាវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួន។

យ៉ាងណាក៏ដោយក្តី ប្រសិនបើអ្នកប្រើប្រាស់អ៊ិនធឺណិត ប្រទះឃើញរូបថត ឬវីដេអូអាសអាភាស ដែលមិនសមរម្យ គេត្រូវជូនដំណឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ ឬក៏រាយការណ៍អង្គការសកម្មភាពដើម្បីកុមារ តាមរយៈគេហទំព័រ http://www.internethotlinecambodia.org ដោយគ្រាន់តែចម្លងតំណភ្ជាប់ copy Link របស់រូបថតមិនសមរម្យនោះ ដាក់ចូល រួចចុចបញ្ចូន ឬក៏ហៅទៅទូរសព្ទលេខ 1288 ឬ 092 311 511 ។ ចំពោះរូបថតអាសអាភាសក្នុងហ្វែសបុក អ្នកប្រើប្រាស់អ៊ិនធឺណិត ក៏អាចរាយការណ៍ទៅក្រុមហ៊ុនហ្វែសបុកផ្ទាល់ ឬប្រាប់ទៅស្ថាប័នខាងលើនេះក៏បាន។