បទយកការណ៍

Tous les articles de la catégorie បទយកការណ៍

ខួប​១០០ឆ្នាំ៖ សាលា​រចនា គឺជា​សារមន្ទីរ​មួយ​ដ៏​រស់​រវើក!​

Publié septembre 3, 2016 par HENG Oudom

 

_MG_0030

នៅឆ្នាំ២០១៧ដែលនឹងឈានចូលមកដល់នៅប៉ុន្មានខែខាងមុននេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលគេច្រើននិយមហៅថា សាលារចនា នឹងមានអាយុគម្រប់១០០ឆ្នាំហើយ។ ដើម្បីអបអរឱកាសនេះ អ្នកស្រាវជ្រាវខ្មែរម្នាក់ គឺលោក ព្រាប ចាន់ម៉ារ៉ា បានរៀបចំនិពន្ធសៀវភៅរៀបរាប់លម្អិតពីប្រវត្តិនិងការវិវត្តរបស់សាលាដ៏ល្បីខាងវប្បធម៌មួយនេះ។ សៀវភៅនេះ មានចំណងជើងថា «ប្រវត្តិសាលារចនា មរតក១០០ឆ្នាំនៃសិល្បៈនិងវប្បធម៌ខ្មែរ»។ ចំពោះលោក ព្រាប ចាន់ម៉ារ៉ា, សាលារចនា គឺប្រៀបបាននឹងសារមន្ទីរមួយដ៏រស់រវើក និងដែលមិនអាចផ្តាច់ចេញពីសារមន្ទីរជាតិបច្ចុប្បន្នបាននោះឡើយ។

ហេង ឧត្តម អ្នកកាសែតវិទ្យុបារាំង បានជួបសម្ភាសអ្នកនិពន្ធសៀវភៅនេះ ហើយរៀបចំបទយកការណ៍ជូនលោកអ្នកនាងស្តាប់៖ 

http://km.rfi.fr/cambodia/-100-ans-ecole-des-beaux-arts-RFI-Oudom-03-09-2016

Publicités

យុវជន​ម្នាក់ ពិការ​ភ្នែក​ទាំង​ពីរ ប៉ុន្តែ​សំឡេង​​មិន​ពិការ​ទេ!​

Publié août 27, 2016 par HENG Oudom

IMG_0723

អាយុ២៥ឆ្នាំ យុវជន ខ័ន ដាលក្ខណ៍ ពិការភ្នែកទាំងពីរ ប៉ុន្តែគាត់មានទឹកដមសំឡេងពីរោះមួយបែប។ គាត់ចាកចេញពីស្រុកកំណើត មករកស៊ីច្រៀងតាមចិញ្ចើមថ្នល់នៅភ្នំពេញនេះ បានជាង១ឆ្នាំហើយ។ គាត់ស្នាក់នៅជួលផ្ទះគេ ជាមួយជនពិការដទៃទៀត។ យុវជនពិការភ្នែករូបនេះ មានភរិយាជាជនពិការភ្នែកទាំងពីរដូចគ្នា និងមានកូនចំនួនពីរនាក់។ ក្នុងជីវិតនេះ ដាលក្ខណ៍ សោកស្តាយណាស់ដែលពុំអាចមើលឃើញពិភពលោកដូចមនុស្សទូទៅ ហើយសំខាន់ជាងនេះ គឺសូម្បីតែមុខឪពុកម្តាយរបស់ខ្លួន គ៏គ្មានឱកាសបានឃើញផង។

ទោះយ៉ាងណាក៏ដោយចុះ ទៅថ្ងៃខាងមុខ ដាលក្ខណ៍ មានក្តីស្រមៃចង់បង្កើតតន្ត្រីជនពិការមួយក្រុម ដើម្បីដើរច្រៀងក្នុងកម្មវិធីផ្សេងៗ។

តទៅនេះសូមស្តាប់បទយកការណ៍របស់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/-reportage-aveugle-chanteur-RFI-Oudom-27-08-2016

IMG_0582

ផ្តល់​ឈាមនៅ​​ថ្ងៃខួបកំណើត មាន​រៀបចំ​កាដូ និងនំ​ខួប​កំណើត​ជូន​!

Publié août 20, 2016 par HENG Oudom

guech hong

ក្នុងខែសីហានេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើកម្មវិធីថ្មីមួយ សម្រាប់លើកទឹកចិត្តដល់អ្នកដែលបរិច្ចាគឈាម! នោះគឺមានការរៀបចំពិធីខួបកំណើតជូន។ បើទោះបី ពិធីមិនធំដុំក្តី តែការរៀបចំនេះ បានធ្វើឲ្យអ្នកផ្តល់ឈាមនៅថ្ងៃកំណើត កាន់តែរំភើបជាខ្លាំងចំពោះអំពើល្អរបស់ខ្លួន។ នៅព្រឹកថ្ងៃសៅរ៍នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម  បានរៀបចំនំខួប និងរង្វាន់ផ្សេងៗមួយចំនួន ជូនដល់សប្បុរសជនពីរបីនាក់ ដែលបានផ្តល់ឈាមដោយស្មគ្រចិត្ត ក្នុងថ្ងៃកំណើត ដែលជាថ្ងៃពិសេសរបស់ខ្លួន។ ហេង ឧត្តម អ្នកកាសែតវិទ្យុបារាំង បានចូលរួមក្នុងកម្មវិធីនេះ ហើយរៀបចំបទយកការណ៍ជូនលោកអ្នកនាងស្តាប់។

ដូច្នេះសូមអញ្ជើញស្តាប់ដូចតទៅ ៖ http://km.rfi.fr/cambodia/-donation-sang-RFI-Oudom-20-08-2016

IMG_0570

ព្រឹទ្ធាចារ្យវ័យ​៧៤ឆ្នាំម្នាក់ ខំប្រឹង​ធ្វើ​​ប្រតិទិន​​និងក្បួន​​តម្រាខ្មែរ​ ដើម្បី​ជន​ជំនាន់​ក្រោយ!

Publié août 13, 2016 par HENG Oudom

លោក រាត់ គឹមសឿន គឺជាព្រឹទ្ធាចារ្យចាស់ទុំម្នាក់ ដែលបានបូជាកម្លាំងកិច្ចកាយចិត្តធ្វើការក្នុងវិស័យអប់រំស្ទើរតែពេញមួយជីវិត។ ក្នុងគ្រាចូលនិវត្តន៍ អតីតសាស្ត្រាចារ្យរូបនេះ បានខិតខំស្រាវជ្រាវពីប្រតិទិនខ្មែរ សម្រាប់បម្រើប្រយោជន៍ដល់សាធារណជន។ ២០ឆ្នាំចុងក្រោយនេះ លោកបានចង់ក្រងក្បួនតម្រាខ្មែរជាច្រើន។ នៅក្នុងនោះមានសៀវភៅប្រតិទិនខ្មែរចាប់ពីដើមសតវត្សរ៍ទី២០រហូតមក និងសៀវភៅ«អំពីរបៀបធ្វើប្រតិទិនសុរិយគតិ ចន្ទគតិ តាមតម្រាខ្មែរ អត្តាឡើងស័ក និងមហាសង្ក្រាន្ត»។ ទោះយ៉ាងនេះក្តី លោកក៏ទទួលស្គាល់ដែរថា កិច្ចការបែបនេះ មិនសូវមានគេចាប់អារម្មណ៍ច្រើននោះទេ ប៉ុន្តែលោកនៅតែបន្តព្យាយាមធ្វើ ដើម្បីបន្សល់ជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ។

តទៅនេះ សូមស្តាប់បទយកការណ៍របស់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/rath-kimsoeun-auteur-astronomie-cambodgienne-RFI-Oudom-13-08-2016

Rath Kim Soeun@Heng Oudom

ព្រឹទ្ធាចារ្យ រាត់ គឹមសឿន បានចាប់ផ្តើមកិច្ចការស្រាវជ្រាវរបស់លោក កាលពីជាង២០ឆ្នាំមុន។ ជាច្រើនឆ្នាំមកនេះ លោកបានរៀបចំបោះពុម្ពសៀវភៅចំនួន៣ក្បាល ដែលមួយក្បាលៗ មានមិនតិចជាង៥ទៅ៦រយទំព័រនោះទេ។

មានសម្បុរស្រអែម មាឌស្កើង លោកព្រឹទ្ធាចារ្យ រាត់ គឹមសឿន មានកម្ពស់ខ្ពស់។ ក្នុងវ័យ៧៤ឆ្នាំ ហើយស្បែករាងជ្រីវជ្រួញបន្តិចមែន តែបញ្ញាស្មារតីរបស់លោកនៅតែភ្លឺ។

តាមព្រឹទ្ធាចារ្យ រាត់ គឹមសឿន ការងារស្រាវជ្រាវរបស់លោក គឺមានប្រយោជន៍សម្រាប់អ្នករុករកកាលបរិច្ឆេទពង្សសាវតារ និងជួយដល់ការរៀបចំពិធីបុណ្យទូទៅ និងបុណ្យជាតិផ្សេងៗទៀតជាច្រើន។

និយាយពីការប្រឈមក្នុងតាក់តែងរៀបចំចងក្រងសៀវភៅដែលមានកម្រាស់៥ទៅ៦ទំព័រ ហើយដែលមានលេខអត្តច្រើនស្មុកស្មាញទៀតនោះ គឺមិនមែនជាកិច្ចការសាមញ្ញពេកនោះទេ ហើយម្យ៉ាងលោកក៏ពុំសូវស្ទាត់ក្នុងការប្រើកុំព្យូទ័រផង។ ប៉ុន្តែមានសុឆន្ទៈ១ដែលតែងតែជំរុញរូបលោក នោះគឺការបន្សល់កេរដំណែលដល់ខ្មែរជាន់ក្រោយ។

FullSizeRender

ព្រឹទ្ធាចារ្យ រាត់ គឹមសឿន កើតនៅឆ្នាំ ១៩៤២ នៅខេត្តកណ្តាល។ ក្នុងសម័យសង្គមរាស្ត្រនិយម លោកធ្វើជាគ្រូបង្រៀន។ ចំណែកនៅសម័យសាធារណរដ្ឋខ្មែរ លោកបន្តជាគ្រូបង្រៀន ហើយក៏ធ្លាប់បានធ្វើជាអ្នកបកប្រែភាសាបារាំង ឲ្យអ្នកកាសែតបរទេសផងដែរ។

ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុលពត លោករស់នៅក្នុងស្ថានភាពជាទាសកររបស់ខ្មែរក្រហម នៅខេត្តតាកែវ។ ក្រោយបែករបបខ្មែរក្រហម លោកក៏ចូលបម្រើការក្រសួងអប់រំ និងឆ្លៀតពេលធ្វើការឲ្យសង្គមស៊ីវិលខ្លះដែលផ្តោតទៅលើផ្នែកអប់រំ រហូតដល់ចូលនិវត្តន៍។

បើទោះបីជាវ័យកាន់តែជ្រេបន្តិចក្តី ព្រឹទ្ធាចារ្យចំណាស់រូបនេះ តាំងចិត្តនៅតែកិច្ចការស្រាវជ្រាវបន្តទៀត បើសុខភាពអំណោយផល។ លោកចង់សរសេរសៀវភៅពីថ្ងៃចូលឆ្នាំ, ថ្ងៃឡើងស័ក, ពុទ្ធសករាជ១ ដល់៥ពាន់, ប្រតិទិនអនាគតកាល និងប្រតិទិនផ្សេងៗទៀត ដែលអាចឲ្យគេដឹងពីពង្សសាវតារខ្មែរ ហើយដើម្បីសម្រាប់ប្រៀបធៀបទៅនឹងសាត្រាខ្មែរនានា ព្រមទាំងប្រៀបនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានាពីអតីតកាល៕

AUPP ជា​សាកលវិទ្យាល័យស្តង់​ដារ​​អាមេរិកតែ​មួយគត់នៅ​កម្ពុជា ហើយ​និស្សិត​ទទួល​សញ្ញាបត្រ​ពី​សហរដ្ឋអាមេរិក!​

Publié août 6, 2016 par HENG Oudom

បង្កើតនៅឆ្នាំ២០១៣ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP គឺជាសាកលវិទ្យាល័យស្តង់ដារអាមេរិកនៅកម្ពុជា។ ការសិក្សាទូទៅមានជាង១០មុខវិជ្ជា ដែលរៀនជាភាសាអង់គ្លេសសុទ្ធ ហើយសាលានេះមានគោលដៅបង្រៀននិស្សិតឲ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។ និស្សិតដែលបញ្ចប់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យនេះ នឹងទទួលបានសញ្ញាបត្រ ចំនួនពីរក្នុងពេលតែមួយ គឺសញ្ញាបត្រមួយបានពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងមួយទៀត បានពីសាកលវិទ្យាល័យរដ្ឋ Fort Hays State University (FHSU) នៅសហរដ្ឋអាមេរិក។ ហើយថ្មីៗនេះ AUPP ទើបតែបានចុះកិច្ចព្រមព្រៀងមួយទៀត ជាមួយសាកលវិទ្យាល័យ Arizona ដែលជាសាលាដ៏ល្បីកំពូលមួយទៀត នៅលើពិភពលោក។

ដើម្បីឈ្វេងយល់បន្ថែម ហេង ឧត្តម អ្នកកាសែតវិទ្យុបារាំង បានទៅដល់សាលានេះ ហើយ រៀបចំបទយកការណ៍ជូនលោកអ្នកនាងស្តាប់ ៖ http://km.rfi.fr/cambodia/AUPP-RFI-Oudom-06-08-2016

AUPP-building-logo-7-14-sm

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP មានទីតាំងនៅខណ្ឌទួលគោក ក្រុងភ្នំពេញ ដែលមានអគារស្អាត តូចត្រលឹង តាមរចនាបទអាមេរិកកាំង។ លោក Kenneth Dunn ដែលជាអ្នកចូលរួមផ្តួចផ្តើមគំនិតបង្កើតសាលានេះតាំងពីដំបូង បញ្ជាក់ថា និស្សិតរបស់AUPP នឹងទទួលបានសញ្ញាបត្រ២  គឺមួយបានពី AUPP និងមួយទៀត បានពីសាកលវិទ្យាល័យរដ្ឋ Fort Hays State University  នៅសហរដ្ឋអាមេរិក។ លោក Kenneth Dunn ពន្យល់យ៉ាងដូច្នេះ។

មានមាឌធំ ទុកពុកមាត់និងសក់សផង សាស្ត្រាចារ្យបណ្ឌិត Kenneth Dunn បានបញ្ជាក់ថា និស្សិតនៅទីនេះ អាចប្តូរទៅរៀនតនៅសាកលវិទ្យាល័យរដ្ឋហ្វតហេ បាន ហើយជាពិសេសនោះ គឺថ្មីៗនេះ លោកទើបតែចុះព្រមព្រៀងមួយទៀត ជាមួយសាកលវិទ្យាល័យ Arizona ដែលជាសាលាដ៏ល្បីលំដាប់កំពូលមួយទៀត នៅពិភពលោកតែម្តង!

បើតាមសាស្ត្រាចារ្យបណ្ឌិតរូបនេះ អ្វីៗទាំងអស់នៅទីនេះ គឺយកតាមបទដ្ឋានស្តង់ដារអាមេរិកស្ទើរទាំងអស់! រាប់ទាំងពីការបង្រៀន សៀវភៅសិក្សា បែបបទរដ្ឋបាល ហើយបើនិយាយពី គ្រូបង្រៀន វិញ ក៏សុទ្ធតែជាអ្នកឆ្នើមៗមកពីអាមេរិក! សូម្បីតែអគារ ក៏តាមលំនាំអាមេរិកដែរ។ ចំណែកការរៀននិងទាក់ទងគ្នានៅទីនេះ គឺប្រើភាសាអង់គ្លេសសុទ្ធ។ 

សាលារបស់លោក មានគោលការណ៍អនុគ្រោះច្រើនសម្រាប់ ឲ្យកូនអ្នកមាន និងកូនក្រ អាចរៀនបានដូចគ្នា។ គឺមានអាហារូបករណ៍ច្រើនប្រភេទ រហូតដល់ការផ្តល់កម្ចីប្រាក់សម្រាប់រៀនទៀតផង។ ហើយចំពោះសិស្សក្រីក្រ តែរៀនពូ ខ្លាំង គឺអាចរៀនបានដោយឥតគិតថ្លៃ។ 

ចំពោះគោលបំណងដែលទស្សនវិស័យវែងឆ្ងាយរបស់ AUPP ត្រូវបានលោកស្ថាបនិករូបនេះ បញ្ជាក់ថា AUPP ចង់ជួយចូលរួមចំណែកបណ្តុះបញ្ញជន និងអ្នកដឹកនាំវ័យក្មេងឲ្យបានច្រើន នាពេលអនាគត។  ជាពិសេស គឺចង់អភិវឌ្ឍសាលានេះ ឲ្យជាសាកលវិទ្យាល័យប្រចាំតំបន់តែម្តង ដែលឲ្យនិស្សិតបរទេស មករៀនពីស្រុកខ្មែរវិញម្តង។

នៅចុងឆ្នាំនេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ នឹងសម្ពោធអាគារថ្មី ក្នុងខណ្ឌឫស្សីកែវ ដែលមានបរិវេណធំ ដីជិត៨ហិតា មានអគារទំហំជាង២ម៉ឺន៦ពាន់ម៉ែត្រការ៉េ ដែលគូរប្លង់ដោយស្ថាបត្យករអាមេរិកនិងខ្មែរ។ នេះជាការត្រៀមខ្លួនបន្ថែមទៀត សម្រាប់ទទួលសិស្សចូលសិក្សាឆ្នាំ២០១៧ខាងមុខ។

AUPP-New-Campus

ព័ត៌មានបន្ថែម សូមទាក់ទង សាកលវិទ្យល័យអាមេរិកាំងភំ្នពេញ AUPP

តាមអាសយដ្ឋានលេខ៥០ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២

ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរសព្ទលេខ ០២៣ ៩៩០ ០២៣  / ០៩៧ ៣២៥៨ ២៥៤

រយៈអ៊ីម៉េល info@aupp.edu.kh

គេហទំព័រ  www.aupp.edu.kh

 

កន្លែងបណ្តុះកូនឈើសម្រាប់លក់ក្នុងតម្លៃថោកសមរម្យ

Publié juillet 2, 2016 par HENG Oudom
IMG_7906

អ្នកស្រី សុន ដានី

ពេលថ្មីៗនេះ រដ្ឋាភិបាល និងក្រសួងបរិស្ថាន បានប្រកាសជំហរការពារធនធានធម្មជាតិ រហូតដល់មានការប្តេជ្ញាចិត្តសហការជាមួយបណ្តាញសហគមន៍ព្រៃឈើ ព្រមទាំងមានការដោះលែងសកម្មជនការពារបរិស្ថានថែមទៀតផង។ ប្រមុខរដ្ឋាភិបាលកម្ពុជា ពីម្សិលមិញ ក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ ចាប់ដៃធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីសម្រេចគោលដៅតែមួយ គឺការពារធនធានធម្មជាតិ។ លោកនាយករដ្ឋមន្ត្រីថែមទាំងបានលើកសរសើរអ្នកចម្រៀងល្បីម្នាក់ដែលចូលរួមការពារបរិស្ថាន និងចាត់ទុកថាជាគំរូល្អ។

13579026_1116094035104101_1462125586_n

អ្នកស្រី សូត សូវាន

ដូច្នេះ ស្របពេលជាមួយនឹងរដូវវស្សាដែលអំណោយផលដល់ការដាំកូនឈើផង ហេង ឧត្តម អ្នកកាសែតវិទ្យុបារាំង សូមណែនាំលោកអ្នកនាងស្តាប់ ឲ្យស្គាល់កន្លែងបណ្តុះកូនឈើសម្រាប់លក់ពីរបីកន្លែង ដែលគេអាចរកទិញកូនឈើក្នុងតម្លៃថោកសមរម្យ។ សូមអញ្ជើញស្តាប់៖ 

http://km.rfi.fr/cambodia/-feature-planning-tree-rfi-Oudom-02-07-2016

IMG_7914

លោក ជួន ទ្រី

ទោះបីប្រាក់ខែឡើង ក៏ប៉ុន្តែស្ថានភាពកម្មកររោងចក្រកាត់ដេរ នៅតែលំបាក!

Publié juin 6, 2016 par HENG Oudom

ចាប់ដើមឆ្នាំ២០១៦មក ប្រាក់ខែគោលរបស់កម្មករកាត់ដែរ បានឡើងដល់១៤០ដុល្លារ ហើយរដ្ឋាភិបាល ក៏បានជួយសម្រួលតភ្ជាប់អគ្គិសនីដល់បន្ទប់ជួលរបស់ពួកគេថែមទៀត។ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្តី កម្មករមួយចំនួន នៅតែអះអាងថា ស្ថានភាពការងារនិងស្ថានភាពរស់នៅរបស់ពួកគេ នៅតែលំបាកវេទនាដដែល ហើយចំណុចខ្លះ កាន់តែយ៉ាប់ជាងមុនទៅទៀត។ លំបាកព្រោះថា ទំនិញចំណីសព្វគ្រប់ឡើងថ្លៃ ហើយថ្លៃឈ្នួលផ្ទះក៏ឡើងតាមប្រាក់ខែដែរ។ ចំណែកភ្លើងអគ្គិសនីក៏នៅមិនទាន់បានតភ្ជាប់បានគ្រប់គ្នានៅឡើយទេ។ ហេង ឧត្តម បានជួបសន្ទនាជាមួយកម្មកររោងចក្រមួយចំនួន ហើយរៀបចំបទយកការណ៍ជូនលោកអ្នកនាងស្តាប់ ៖http://km.rfi.fr/cambodia/factory-worker-salary-rfi-Oudom-06-06-2016

for Oudom desk