ទស្សនៈសារព័ត៌មាន​ថ្ងៃទី៤ សីហា ២០១៥

កាសែត​ថ្ងៃ៤សីហា២០១៤ស្តាប់សំឡេង៖ http://mfi.re/listen/nbl1chb34ivco6x/07h00-oudom-press-revies-04-08-2015%E2%80%8B-okay.MP3

សន្ទរកថា​របស់​លោកនាយករដ្ឋ​មន្ត្រីហ៊ុនសែន​ពេល​សម្ពោធស្ពានកម្ពុជាចិនតាខ្មៅកាលពី​ម្សិលមិញ ត្រូវ​កាសែត​ក្នុង​ស្រុក​យក​ទៅ​សរសេរ​ពេញ​ទំព័រ​មុខ ប៉ុន្តែ​បាន​ចាប់​យក​ប្រធាន​រឿង​ផ្សេងៗគ្នា​​។​

 -«សារទៅបក្ស​ប្រឆាំង អ្នក​មិន​ហ៊ាន​បញ្ចេញ​ផែន​ទី​ដែល​ចាត់​ទុក​ថា​ត្រឹម​ត្រូវ គឺ​បោកប្រាស់​ប្រជា​ជន» ជា​ចំណង​ជើង​របស់​កាសែត​កោះសន្តិភាព។ តាម​ទិនានុប្បវត្តិនេះ លោក ហ៊ុន សែន ប្រាប់​ដល់​គ្រប់​បក្ស​នយោបាយ​ទាំង​អស់​ថា«ដើម្បី​ឲ្យ​ឯកភាព​ជាតិ​ គឺត្រូវ​ឯកភាព​គ្នា​លើ​ផែន​ទី​ពិត ដូច្នេះ​សូម​យក​មក​ដាក់​បង្ហាញ សូម​បញ្ចេញ​មក ឬក៏​យកទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ក្នុង​ព្រះ​បរម​រាជវាំង»។ កាសែត​កាសែត​បន្ត​ស្រង់​សម្តី​លោក​នាយករដ្ឋមន្ត្រី​មកសរសេរទៀតថា «បើ​អ្នក​ណា​មិន​ហ៊ាន​បញ្ចេញផែន​ទី​ដែល​ចាត់​ទុក​ថា​ត្រឹម​ត្រូវ​ អ្នក​នោះគឺ​ជា​អ្នក​បោក​ប្រាស់​ប្រជាជន​ ខ្ញុំ​មិន​លើក​លែង​ឲ្យ​ទិដ្ឋ​ភាព​ផ្លូវ​ច្បាប់​ទេ»។

 ចំណែក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​រឿង​នេះ​នៅទំព័រ​មុខ​ដែរ។ ភ្នំពេញប៉ុស្តិ៍ ទុក​ឲ្យ​លោកតំណាង​រាស្ត្រ អ៊ុំ សំអាន ឆ្លើយតបថា «យើង​ស្វាគមន៍​ដែល​គាត់​ចង់​ឲ្យ​យើង​បង្ហាញ​ផែនទី។ យើងអាច​បង្ហាញ​ពេឡ​ណា​ក៏​បាន​។ យើង​ស្វាគមន៍​ដែល​លោក ហ៊ុន សែន​ ចង់​ឲ្យ​យើង​ផ្ទៀង​ផ្ទាត់​ជាមួយ​គ្នា​នៅ​អង្គការ​សហប្រជាជាតិ»។​

កាសែត​កម្ពុជា​ថ្មី​វិញ យក​រឿង​ផែនទី​នេះ​ទៅសរសេ​នៅ​ក្រប​មុខ​ដែរ ដោយ​ដាក់​ចំណង​ជើងថា​ «កម្ពុជាមិន​ខ្ចី​ផែន​ទី​ដែល​អាមេរិក​គូស​វាស​ដើម្បី​ទម្លាក់​គ្រាប់​បែក​ទេ»។ កម្ពុជា​ថ្មី​បាន​ស្រង់​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី​ទៅ​សង្កត់​អត្ថបទ​របស់​ខ្លួនថា «ខ្ញុំ​សូមផ្តាំ​តាម​វាយោ​ សូម​ឯក​ឧត្តម ​អូបាម៉ា កុំ​បារម្ភ ខ្ញុំ​អត់​ខ្ចី​ផែនទី​ដែល​អាមេរិក​គូស​ចូល​ដីខ្មែរដើម្បី​ទម្លាក់​គ្រាប់បែក​ កាលពី​ជំនាន់​មុន​នោះទេ ខ្ញុំ​សុំ​ខ្ចី​តែ​ផែន​ទី​ ដែល​លោក ហួត​ សម្បត្តិ​ អតីតរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​ជូន​ឲ្យ​ទូត​អាមេរិក​តែប៉ុណ្ណោះ»។​ បន្ថែម​ពី​​នេះ លោក ហ៊ុនសែន បញ្ជាក់ទៅ​ប្រទេស​ជិត​ខាង​ថា កុំថា​វៀតណាម​ ឪវៀតណាម​ ជីតា​វៀតណាម​ ក៏​ខ្ញុំ​ប្តឹង​ដែរ​ ឲ្យ​តែ​វៀត​ណាម​ រំលោភ​ដី​ ខ្ញុំ​អត់​ខ្លាចទេ៕​

-«លោកហ៊ុនសែនថាការបោះឆ្នោតមិនផ្លាស់ប្តូរតាមបក្សប្រឆាំងទេ» នេះជាចំណងជើងធំ នៅទំព័ររបស់កាសែតភ្នំពេញប៉ុស្តិ៍។ អមដោយរូបថត​របស់​ប្រមុខរដ្ឋាភិបាលកម្ពុជានិងអ្នកហែហម ភ្នំពេញប៉ុស្តិ៍ បានស្រង់សម្តីប្រមុខ​បក្ស​ប្រជាជនមកសរសេរទៀត​ថា «លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបក្សសង្គ្រោះជាតិ«ល្ងង់» ដែលមិនបានបញ្ចូលកាលបរិច្ឆេទបោះឆ្នោតទៅ​ក្នុងកិច្ចព្រមព្រៀង​នយោ​បាយកាលពីថ្ងៃទី២២កក្កដា២០១៤»។ លោក ហ៊ុនសែន បញ្ជាក់ថា ថ្ងៃបោះឆ្នោតជាតិគឺនៅដដែល ពោលគឺ​ថ្ងៃអាទិត្យ​សប្តាហ៍​ទី៤ ខែកក្កដា២០១៨។

ចំណែកលោក សម រង្ស៊ី ដែលកំពុងនៅក្រៅស្រុក បានឆ្លើយអ៊ីម៉ែល​តប​ភ្នំពេញ​​ប៉ុស្តិ៍​ថា​«នៅ​កម្ពុជា អ្វីគ្រប់​យ៉ាង​គឺអាច​ទៅរួច។ អ្វីៗអាចផ្លាស់ប្តូរ​យ៉ាងឆាប់រហ័ស អាចពីល្អ​ទៅអាក្រក់ ពីអាក្រក់ទៅ​អាក្រក់ខ្លាំង ប៉ុន្តែពួកគេក៏អាច​ប្រែក្លាយជាល្អ ផ្អែកលើបរិស្ថាន​ដែល​យើងព្យាយាមផ្លាស់ប្តូរ ផ្អែកលើគោលការណ៍របស់យើង»។ ភ្នំពេញប៉ុស្តិ៍ បានឲ្យឱកាស​ដល់លោក Sebastian Strangio។ អ្នកនិពន្ធរូបនេះនិយាយថា «លោក ហ៊ុន សែន​ បន្តធ្វើឲ្យផលចំណេញ​ពីការ​ចរចារបស់បក្ស​សង្គ្រោះ​ជាតិកាន់​តែចុះខ្សោយ»​។ មុន​នឹង​បញ្ចប់អត្ថបទ​របស់ខ្លួន កាសែត​ពីរភាសានេះ បានទុកកន្លែងឲ្យលោក អ៊ូ វីរៈ បញ្ចេញយោបល់។ អ្នកតាមដានសង្គមរូបនេះ ថ្លែងថា «ការផ្លាស់ប្តូរ​កាលបរិច្ឆេទនេះ គឺជាការប៉ុនប៉ងបំបែក​គណបក្សសង្គ្រោះជាតិ។ លោក អ៊ូ វីរៈបន្តថា លោក ហ៊ុន សែន ចង់ដាក់សម្ពាធ និងធ្វើឲ្យបក្សសង្គ្រោះជាតិអាម៉ាស ព្រមទាំងបំបែកបំបាក់បក្សប្រឆាំង»៕

-ចំពោះកាសែត​​រស្មី​កម្ពុជាវិញ បាន​ឲ្យ​ចំណង​ជើង​នៅ​ទំព័រ​មុខ​របស់​ខ្លួន​ថា «សម្តេច​តេជោ ៖ ក្រៅ​ពី​គណបក្ស​ប្រជា​ជន​ដឹកនាំ​ គណបក្ស​ដទៃ​នឹង​នាំ​មក​នូវ​អស្ថិរភាព»។ លើសពី​ការ​សរសេរ​សរសើរ​ប្រមុខ​រដ្ឋាភិបាល​ កាសែត​នេះ​ បាន​យក​ខ្លឹមសារ​ពី​សន្ទរថា​របស់​លោក​ហ៊ុន សែន ពីម្សិលមិញ​មក​ចុះ​ផ្សាយ។ ដោយ​មិន​បាន​បដិសេធ​ថា​បក្ស​បង្កើត​ថ្មី​ៗ​ជាប់​ពាក់​ព័ន្ធ​នឹង​រូប​លោក លោក​ ហ៊ុន សែន បែរ​ជា​វាយ​បក​ទៅអ្នក​រិះគន់​ថា​គឺ​លោក​ជា​អ្នក​បង្កើត​តាំង​ពី​២០០៧ទៅវិញ៕

 -ក្រៅពី​រឿង​នយោបាយ​បាយ! កាសែត​កោះ​សន្តិភាព​ បាន​ពី​ជន​ជាតិ​វៀតណាម​មក​លេង​កាស៊ីណូ​ជួល​អង្រឹង​ដេក​ចាំ​ឆ្លង​ដែន។ ពី​ខេត្ត​ស្វាយ​រៀង​ ដោយ​បង្ហាញ​រូប​មនុស្ស​ជា​ច្រើន​នាក់​កំពុង​ដេក​លើ​អង្រឹត​ព័ណ៌​ក្រហម កោះសន្តិភាព​រាយការណ៍ថា ជន​ជាតិ​វៀតណាម​​ជិត​១០០នាក់​ សង្ស័យ​សុទ្ធតែ​ជា​អ្នក​ញៀនល្បែង​កាស៊ីណូ ទំនង​ខក​ដំណើរ​បាន​នាំគ្នា​ជួល​អង្រឹង​ដេក​នៅ​ក្នុង​រោង​ជាប់​ព្រំ​ដែន​កម្ពុជា​វៀតណាម​ គឺ​ក្បែរ​អង្គភាព​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ ចម្ងាយ​១០០ម៉ែត្រ។​ កាសែត​នេះ​ ចង​សរសេរ​ឌឺ​ឲ្យ​នគរ​បាល​ទីនោះ ដែល​បើ​កដៃ​ឲ្យ​វៀតណាម​ចូល​ច្រក​របៀង​ដោយ​សេរី ផ្ទូយ​ពី​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។​

-បន្ថែមលើ​រឿង​ទាំង​នេះ កាសែត​ខ្មែរ​បាន​ផ្សាយ​រប៉េះរប៉ោះពី ពលរដ្ឋចោទ​ថាឧកញ៉ាម្នាក់រំលោភ​យក​ដី​ជាង​៥០គ្រួសារ​នៅភូមិជ្រោយ​ឫស្សី ឃុំ​ប្រាសាទ ស្រុកស្អាង​ខេត្ត​កណ្តាល។ ហើយ​នៅ​ខេត្ត​កំពតវិញ របង​ការពារ​ដី​នៅ​ស្រុក​ទឹក​ឈូ របស់​ឧកញ៉ាម្នាក់​ធ្វើ​បំពាន​យក​ដីរដ្ឋ​។ រឿង​ពីរ​នេះ មាន​នៅលើ​ទំព័រ​កាសែត​រស្មីកម្ពុជា។

-កម្ពុជាថ្មី​ឯណា បាន​រម្លឹក​រឿង​ចាប់​ព្រះ​សង្ឃ​កម្ពុជា​ក្រោម ពីរ​អង្គកាលពី​ថ្ងៃទី​១សីហា​ ដោយ​ដាក់ចំណង​ជើងថា​«ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​អតីត​សង្ឃ​វត្ត​តាមិញ​ពី​បទ​រក្សា​ទុក​គ្រឿង​ញៀន»។ ប៉ុន្តែ​កាសែត​កោះសន្តិភាព សរសរថា «សាលា​ដំបូង​ចេញ​ដីកា​ឃុំ​អតីត​សង្ឃ​ដែល​ចាប់​ផ្សឹក»។ កាសែត​នេះ បាន​ស្រង់​សម្តី​របស់​អ្នក​តំណាង​សហគមន៍​សុំ​ឲ្យ​ដោះ​លែង​អតីតសង្ឃ​ទាំងពី​រ​អង្គ​នោះ។ រឿងនេះ​ ក៏​មាន​នៅ​ទំព័រ​ទី​៣របស់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ៕

Publicités

ស្សនៈ​​​​សារ​​​​ព័ត៌​​មាន ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ​​២០១៥

Press review-10-04-2015

ស្តាប់៖ http://mfi.re/listen/um628b7n14036q7/07h00-press-review-oudom-22-07-2015.mp3

ដូច​លោក​អ្នក​នាង​បា​នជ្រាប​ស្រាប់​ តុលាការ​ក្រុង​ភ្នំពេញ ពីម្សិលមិញ បាន​សម្រេច​ឃុំ​ខ្លួន​ក្រុម​សកម្មជនបក្ស​សង្គ្រោះជាតិ​និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធគារ​ចាប់ពី​៧ដល់​២០ឆ្នាំ។ ដូច្នេះ​កាសែត​ក្នុងស្រុក​ថ្ងៃនាំគ្នាសរសេរ​ពីប្រធានរឿង​នេះ​ព្រោង​ព្រាត​។

កាសែត​​​ភ្នំពេញប៉ុស្តិ៍ នៅ​ថ្ងៃនេះ ​ឲ្យ​ចំណង​ជើងធំៗ​នៅ​ទំព័រ​មុខ​ថា «ចាប់​សកម្មជន​បក្ស​ប្រឆាំង​១១នាក់​បញ្ចូន​ទៅ​គុក​ភ្លាមៗ​បន្ទាប់ពី​ប្រកាស​សាលក្រម»។ ក្នុង​ចំណោម​១១នាក់នោះ​ មាន​៣នាក់​ជាប់ពីបទ​ដឹកនាំកុបកម្ម​ ហើយ៨នាក់ទៀត ជាអ្នក​ចូលរួម​កុបកម្ម។ ភ្នំពេញប៉ុស្តិ៍ ​ស្រង់​សម្តី​មេធាវី​ការពារ​លោក ម៉ាជ សុវណ្ណារ៉ា គឺ​លោក សំ សុគង់ មកថា ក្រុមមេធាវី​​ធ្វើ​ពហិការ​មិន​ចូល​សវនាការរាល់ថ្ងៃ តែតុលាការ​មិន​ស្តាប់ ហើយសម្រេច​ចេញ​សាល​ក្រម​ឲ្យ​ជាប់​ទោស​តែម្តង។​ កាសែត​ពីរភាសា​នេះលើក​សម្តី​ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា មកសរសេរថា លោក​ស្រី​ចង់​ដឹង​ថា​ប្តី​របស់​គាត់​ចង់​ទៅ​អាមេរិក​វិញឬអត់​? អាល់​នឹង​គាត់​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​និង​សភាមេរិក។ ចំណែក​អ្នក​នាំពាក្យ​បក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ មិន​បាន​អត្ថាធិប្បាយ​អ្វីទេ​លើ​ទំព័រ​កាសែតភ្នំពេញ​ប៉ុស្តិ៍ ដោយ​គ្រាន់តែ​បញ្ជាក់ថា បក្ស​របស់​លោក​នៅ​តែរក្សា​វប្បធម៌សន្ទនា​នៃ​ថ្ងៃ​២២កក្កដា​បន្តទៀត​។​ រីឯអ្នកនាំពាក្យ​ទីស្តីគណៈរដ្ឋមន្ត្រី លោក​ ផៃ ស៊ីផាន ត្រូវ​ភ្នំពេញ​ប៉ុស្តិ៍ច្បិច​យក​សំណេរ​របស់​លោក​ មកដាក់​ដែរថា​ ការ​កាត់ទោស​​នេះ មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនានោះទេ ហើយ​គឺ​ដើម្បីពង្រឹង​នីតិរដ្ឋ​។ ចុង​បញ្ចប់​នៃអត្ថបទ ភ្នំពេញ​ប៉ុស្តិ៍​បាន​ទុក​ឱកាសឲ្យដល់​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​។ អង្គការនេះ ថ្លែងថា សវនាកានេះ​គ្រាន់តែ​ជាការ​បង្ហាញ ​ហើយ​មានការ​គ្រោង​គិត​ទុក​ជាមុន ដែល​ទំនង​ជា​បង្កើត​ឡើង​ដើម្បីបំភិត​បំភ័យ​បក្ស​សង្គ្រោះជាតិ​ ហើយ​អំពា​វ​វនា​វឲ្យ​​មាន​ការ​លើកលែង​សាលក្រម៕​

ចំណែក​​កោះសន្តិភាពវិញ បាន​ដាក់​រូបថត​មួយ​សន្លឹក​ឲ្យ​រឿង​នេះ ដែល​​បង្ហាញ​ពី​លោក មាជ សុវណ្ណារ៉ា ក្នុង​សភាព​ដៃ​ជាប់​ខ្នោះ តែលើកម្រាមមេដៃឆ្វេងជាមួយ​ស្នាម​ញញឹម ពេល​នគរបាល​ចាប់​បញ្ចូល​ក្នុង​ឡាន៕

​ចំណង​​ជើង​​របស់​​កោះសន្តិភាព «តុលាការ​ផ្តន្ទាទោស​សកម្មជន ​CNRP ពី​៧ទៅ​​២០ឆ្នាំ មាជ សុវណ្ណារ៉ា និង​១០នាក់ផ្សេងទៀត ត្រូវ​នាំ​ខ្លួន​ទៅ​ព្រៃស​»​។ កាសែត​នេះ មិន​បាន​ស្រង់​​សម្តី​គ្រប់​ភាគី​មក​ប្រឈម​ដាក់​គេ​ទេ ដោយ​គ្រាន់តែ​រៀប​រាប់​ដំណើរ​រឿង​តាំងពីថ្ងៃ​១៥កក្កដា​ឆ្នាំមុន ​ដែល​ក្រុម​សកម្មជន ​CNRP តវ៉ា​រំដោះ​ទីលានប្រជាធិបតេយ្យ ហើយ​កោះសន្តិភាពបាន​រាប់ឈ្មោះ​មួយម្តង​នៃ​ជន​ទាំង​១១នាក់ ព្រម​ទាំង​បញ្ជាក់ថា មន្ត្រីសន្តិសុខ​ជាង​៣០នាក់​ដែល​រងរបួស​កាលនោះ ទាមទារ​ជំងឺ​ចិត្ត​ម្នាក់ៗ ៥ពាន់​ដុល្លារ​៕

ប្រធាន​រឿង​នេះ ក៏​ត្រូវ​​កាសែត​«រស្មីកម្ពុជា​» សរសេរ​ដែរ តែដោយគ្រាន់តែ​រៀបរាប់​ហេតុការណ៍ និង​លើក​​ពី​មាត្រា​៤៥៧ នៃក្រម​ព្រហ្មទណ្ឌ​ស្តីពី​បទ​ចូលរួម​និង​ដឹកនាំកុបកម្ម​ មក​បង្ហាញ​តែប៉ុណ្ណោះ​៕

ទាក់​​ទង​​នឹង​បក្ស​សង្គ្រោះជាតិ​នេះដែរ។ កាសែត​«កម្ពុជា​ថ្មី» បាន​ដាក់​ចំណង​ជើង​ ឌិតពណ៌​ខៀវ​ធំៗថា «សមា​ជិក​បក្ស​សង្គ្រោះ​ជាតិ​១១នាក់ បាន​សម្រេច​ចិត្ត​មករួមរស់​ជាមួយ​គណបក្ស​ប្រជាជន​​»​។ រឿង​នេះ​កើត​ពី​ម្សិលមិញ​នៅ​ខេត្ត​កំពង់​ស្ពឺ​។ កម្ពុជា​ថ្មី រាយការណ៍ថា សមាជិក​បក្ស​សង្គ្រោះជាតិ​ទាំង​១១នាក់​នោះ មាន​ទាំង​តំណាង​រាស្ត្រ និង​បេក្ខភាព​តំណាង​រាស្ត្រ​៣នាក់​ផងដែរ ដែល​​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​ទី​ស្នាក់​ការ​បក្ស​កាន់អំណាចនៅទី​នោះ ​ក៏​បាន​រៀប​ចំ​ពិធី​ទទួល​ពួក​គេ​ទៀត​ផង៕​

ចំណែក​រឿង​ព្រំដែនវិញ។ កាសែត កោះសន្តិភាព រស្មីកម្ពុជា ​កម្ពុជា​ថ្មី បាន​ចាប់​អារម្មណ៍ពី​«ក្រុម​ការងារ​បច្ចេកទេស​កិច្ចការ​ព្រំ​ដែន​ធ្វើ​បទ​បង្ហាញ​ដល់​អាជ្ញាធរ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ពី​បញ្ហា​បង្គ្រោល​ព្រំ​ដែន​​»។ កាសែតទាំង​បី​នេះ បាន​រៀប​រាប់​​ច្រើន​ពី​ធីនិង​សម្តី​របស់​លោក​ ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស។ ប៉ុន្តែ​កាសែត​ភ្នំពេញប៉ុស្តិ៍វិញ បាន​កត់​សម្គាល់​ពី លោក​ ឡុង វិសាលោ ដែល​ថ្លែងថា កម្ពុជា​ទទួល​បាន​ដី​១០០ហិកតា​ ត្រង់​បង្គោល​ព្រំ​ដែន​លេខ​៩៤និង​៩៥ តាម​រយៈការ​ដោះដូរ​ដី​ជាមួយ​វៀតណាម។ តែលោក​មិន​បាន​និយាយថា​អ្វី​ត្រូវ​បាន​ផ្តល់​ឲ្យ​ទៅ​វៀតណាម​វិញ​ជា​ថ្នូរ​នឹង​ដី​១០០​ហិក​តានៅ​ស្រុក​មេមត់​នោះទេ៕​

ពាក់ព័ន្ធ​នឹង​ជន​ជាតិ​វៀតណាម​វិញ។ កាសែត​កោះសន្តិភាព បាន​សរសេរចំណង​នៅទំព័រ​មុខ​ថា​ «សម្តេច​ក្រឡាហោម​បញ្ជា​ឲ្យ​បណ្តេញ​ជន​ជាតិ​វៀតណាម​៣៩នាក់​ និងទូក​នេសាទ​១១គ្រឿង​ចេញផុតពី​ដែន​សមុទ្រកម្ពុជា»។ ពួក​គេ​ទាំងនោះ​ បាន​ចាប់​ឃាត់​កាលពីថ្ងៃទី១៣និង១៤កក្កដា តាម​បញ្ជាក់​របស់​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ តាម​កោះ​សន្តិភាព លោក ស ខេង បញ្ជាក់​ថា បើ​ជន​បរទេស​ទាំង​៣៩នាក់នោះ មិន​រាង​ចាលចូល​មក​នេសាទ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង​ទៀត នឹង​ចាប់​ខ្លួន​បញ្ចូន​ទៅ​តុលាការ៕

«រន្ទះ​ស្នេហ៍អធិការ យុវតី​វ័យ​១៩ឆ្នាំ ប្តឹង​ចោទ​មន្ត្រី​ប៉ូលិស​ស្រុក​ ភ្ជង់​កាំភ្លើង​បង្ខំ​ចាប់​រំលោភ»។ ជា​ចំណង​ជើង​សំខាន់​ជាង​គេ​របស់​កាសែត​កោះសន្តិភាពនៅថ្ងៃនេះ។ កោះសន្តិភាព បាន​រៀប​រាប់ថា អធិការ​នគរ​បាល​ស្រុក​កំពង់ត្រឡាចខេត្ត​កំពង់​ឆ្នាំង រង​ការ​ចោលប្រកាន់ពី​សិស្សថ្នាក់ទី១២ថា​បង្ខំ​ចាប់​នាងរំលោភ​​។ ពួក​គេ​ទាំងពីរ​ស្គាល់​គ្នា​តាម​ហ្វេសបុក​និង​រាប់​អានគ្នា រហូត​ដល់​ស្គាល់​ម្តាយ​​នាង​ទៀតផង​។ ភាគី​ខាង​ស្រីបាន​អះអាង​ថា នាង​ឈឺចាប់​នឹង​ការ​រំលោភ​ ទ្រាំពុំបាន ​ទើប​ប្រាប់ម្តាយ ក៏​មាន​ការ​ប្តឹង​។ ប៉ុន្តែ​ខាង​ជន​ជាប់ចោទ​ថា ពួក​គេ​ស្រឡាញ់គ្នា បើ​រំលោភ​មែននោះ មិន​មែន​នាង​សុខ​ចិត្ត​ឡើង​ផ្ទះ​សំណាក់​ដល់ទៅ​៣ដង​ជាមួយ​លោក​នោះទេ។ ទោះយ៉ាងណាក្តី កោះ​សន្តិភាព បញ្ជាក់​​ថា អធិការ​រូបនោះ​មាន​ប្រពន្ធកូន​រួចទៅហើយ តែ​នៅ​មិន​ទាន់​សម្រេច​ថា​​យ៉ាង​ណា​ទេ ដោយ​ស្ថិត​ក្នុង​ពេល​ស៊ើប​អង្កេត​នៅឡើយ៕

ចំណែក​ករណី​កញ្ញា​សាសា​វិញ។ កោះសន្តិភាពសរសេរថា ទឹក​មិន​ទាន់​ស្ងប់​រលក ក្រោយ​ឃុំ​ខ្លួន​លោក សុខ ប៊ុន, នគរបាល​ព្រហ្មទណ្ឌ​ម​ប្រមាញ់​អង្គ​រក្ស​របស់​លោក​ ២នាក់​ទៀត៕​

ទស្សនៈសារព័ត៌មាន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥

សូម​ស្តាប់៖ ទស្សនៈសារព័ត៌មាន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥

ដោយ ហេង ឧត្តម http://mfi.re/listen/j4wk6uy0vc4gsp5/07h00-Press_Review-Oudom-26-06-2015.mp3

RFI :http://km.rfi.fr/cambodia/press-review-on-friday-26-06-2015/

Press review-10-04-2015

កាសែត​ខ្មែរ​នៅ​ក្នុងស្រុក​ នៅ​ថ្ងៃនេះ​ នាំគ្នា​សរសេរ​ច្រើន​ពី​ជន​ជាតិ​វៀតណាមរស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា។ លោក​អ្នក​នាង​ស្តាប់! បាន​ជ្រាប​មកហើយ​ពី​ចំណាត់​ការ​ដ៏​ក្តៅ​គគុក​របស់​អាជ្ញាធរ​ លើ​​ជន​ជាតិ​វៀតណាមខុស​ច្បាប់​ នាពេល​ថ្មីៗ​នេះ។ ហើយ​ម្សិលមិញ​នេះ ក៏​មាន​ការ​រុះរើស​ផ្ទះ​លើ​ទឹក​បន្ថែម​ទៀត នៅ​អរិយក្សត្រ ខេត្ត​កណ្តាល​។ កោះសនិ្តភាព នៅ​ថ្ងៃនេះ ​សរសេរ​អត្ថបទ​មួយ​ដោយនៅទំព័រ​មុខ​​មានដោយ​​រូបថត​​ដំបូល​ផ្ទះលើទឹករបស់ជន​ជាតិ​វៀតណាម​​មួយ​ផ្ទាំង​​ផង។

កាសែតនេះដាក់ចំណង​ជើង​​ថា «ដេញ​ផ្ទះ​ទឹក​ជន​ជាតិ​វៀតណាម​នៅ​អរិយក្សត្រ​ចេញអស់​ហើយ»។ កាសែត​រាយ​ការណ៍​ទៀត​ថា អាជ្ញាធរ​បាន​រុះរើ​ចេញអស់​ហើយនូវ​ផ្ទះ​ទឹក បែ និង​ទូក​របស់​ជន​ជាតិ​វៀតណាម​ ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​​ទន្លេមេគង្គ​ចំណុច​ចម្លង​អរិយក្សត្រ​នោះ។​ កោះសន្តិភាព​បញ្ជាក់ថា ផ្ទះ​ទាំងនោះ មាន​ជនជាតិវៀតណាម​​​៦៥​គ្រួសារ​ដែល​រស់​នៅទីនោះ។ កាសែត​នេះ ឲ្យ​ដឹង​ទៀតថា បន្ទាប់ពីវៀតណាម​ចាកចេញ បន្សល់​ទុក​នូវ​សំរាម​កាក​សំណល់​ជា​ច្រើនរាយប៉ាយ​តាម​មាត់ទន្លេ ហើយ​កម្លាំង​សមត្ថកិច្ច​ ៣អង្គភាព​របស់​ស្រុក​ល្វាឯម និង​សិស្សានុសិស្ស នាំគ្នា​ដើរ​សម្អាត​សំរាម​ទាំង​នោះ​។​ នៅ​ចុង​​បញ្ចប់​នៃ​អត្ថបទ​របស់​ខ្លួន​ កោះសន្តិភាពក៏​​លើកឡើងថា ប្រសិនបើផ្ទះ​បណ្តែត​ទឹក​នៅ​ផ្សារ​ក្រោម ជាយក្រុង​កំពង់ឆ្នាំ​​ ត្រូវ​រើ​ចេញ​ដែរ នោះ​ប្រហែល​ជា​ដៃ​ទន្លេ​សាប​លែង​តូច​ចង្អៀត​ហើយ។

 -កាសែតនេះ ​បន្តចាប់​អារម្មណ៍​រឿង​ចាប់​ជន​បរទេស​ខុស​ច្បាប់ ដោយនៅទំព័រ​ទី​១១ កាសែត​កោះ​សន្តិភាព​សរសេរ​អត្ថបទ​មួយ​ទៀតថា«ប៉ុលិស​អន្តោប្រវេសន៍​ត្រួតពិនិត្យ​ការរស់នៅ​របស់​ជន​ជាតិ​វៀតណាម»។ អាជ្ញាធរ​បាន​ចុះ​ត្រួតពិនិត្យ​ការ​រស់​​នៅ​ខុស​ច្បាប់​របស់​ជន​ជាតិ​វៀតណាម​ដែល​រស់នៅ​ពួន​សម្ងំ​ ក្នុង​ទីតាំង​ឃ្លាំង​​អេតចាយមួយ ក្នុង​​ខណ្ឌច្បារ​អំពៅ ក្រុងភ្នំពេញ​។ ​ កោះសន្តិភាព​បញ្ជាក់ថា កម្លាំង​នគរបាល​អន្តោប្រវេសន៍​​ បាន​ឃាត់​ខ្លួនវៀតណាម ​ភ្លាម​​សរុប​១០៩នាក់ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ពួក​គេ​ទាំង​នោះ មាន​លិខិត​ឆ្លង​ដែន​ប៉ុន្មាននាក់ និងអ្នក​អត់​លិខិត​បញ្ជាក់​អ្វី​សោះ ប៉ុន្មាន​នាក់​នៅឡើយទេ។ កោះសន្តិភាព​ឆ្លៀត​បញ្ជាក់​ពី​ប្រតិបត្តិការរបស់​នគរ​បាល​អន្តោប្រវេស​ ដែល​​ចុះ​ត្រួតពិនិត្យ​៧ទី​តាំង​នៅ​ភ្នំពេញ និងឃាត់​ខ្លួន​ជន​បរទេសចំនួន​៧ជាតិសាសន៍ សរុប​២ ៥៥៨នាក់​ ដែល​សុទ្ធតែគ្មាន​លិខិត​ឆ្លង​ដែន​និង​លិខិត​ស្នាក់​នៅ​ត្រឹមត្រូវនោះទេ។ តាម​កោះសន្តិភាព, ពួក​គេ​ទាំង​ជាង​២ពាន់​ ៥៥៨នោះ ត្រូវ​ក្រសួង​មហាផ្ទៃ​បណ្តេញ​ចេញពី​កម្ពុជា​​រួច​ហើយ​​​។

-ភ្នំពេញ​ប៉ុស្តិ៍ វិញ ក៏​បានយក​រឿង​នេះ​ជា​ប្រធាន​បទសំខាន់​សម្រាប់​ថ្ងៃ​នេះ​ដែរ។ «អាជ្ញាធរ​ចាប់​វៀតណាម​រស់នៅ​ខុស​ច្បាប់​​ជាង​១០០នាក់ទៀត»។ គឺ​ជា​ចំណង​ជើង​ដោយ​អក្សរ​ឌិត​ខ្មៅ​ធំៗ នៅ​ទំព័រ​មុខ​ភ្នំពេញប៉ុស្តិ៍។ កាសែត​នេះ រាយ​ការណ៍​ថា ពួក​គេ​ទាំង​នោះ ជា​ជាង​ជួស​ជុល​ម៉ាស៊ីន និង​ដោះ​គ្រឿង​ម៉ាស៊ីន​ ជា​ដើម នៅ​កន្លែង​អេតចាយ​នោះ។ ខ្លះ​មាន​ឯកសារ​ចេញ​​ដោយ​អាជ្ញាធរ​ខ្មែរ អ្នក​ខ្លះ​ទៀត មិន​មែននោះទេ។

ភ្នំពេញ​ប៉ុស្តិ៍ បាន​ផ្តល់​ឱកាស​ដល់​ តំណាង​សហជីព​ខាង​កម្មករ​សំណង់និយាយ។ លោក យ៉ាន់ ធី យល់ថា វត្តមាន​វៀតណាម​ខុស​ច្បាប់​ គឺ​បាន​ដណ្តើម​ការងារ​ខ្មែរ​ ហើយថៅកែវៀត​ណា​ម​វិញ ផ្តល់​ប្រាក់​ខែ​ឲ្យ​កម្មករ​វៀតណាម​ខ្ពស់​ជាង​កម្មករ​ខ្មែរ។ លោក​សង្កត់ធ្ងន់ថា ដោយ​សារ​​វៀតណាម​មក​ដណ្តើ​ម​ការងា​រខ្មែរហ្នឹង​ហើយ ទើប​ខ្មែរ​ចេញ​ពីស្រុកទៅធ្វើការ​ប្រទេស​​​ផ្សេង។

ចំណែក​កាសែត​កម្ពុជា​ថ្មី ក៏​ចាប់​អារម្មណ៍​រឿង​នេះដែរ ដោយ​សរសេរ​អត្ថបទមួយ​នៅក្រប​មុខ​ថា «នគរបាល​ឃាត​ខ្លួន​ជន​ជាតិ​​វៀតណាម​១០៩នាក់​នៅ​ភូមិ​បឹង​ឈូក​ យកទៅ​សាក​សួរ»។ កម្ពុជា​ថ្មី​ជូន​ព័ត៌មាន​ដូចកោះ​សន្តិភាព​ដែរ ដោយ​គ្រាន់​បញ្ជាក់​ថា ក្នុង​នោះ​មាន​ស្ត្រី​វៀត​ណាម​៤០នាក់។

 បន្ទាប់ពីរ​វៀតណាម រឿង​នយោបាយរវាង​ប្រមុខ​បក្ស​នៅកម្ពុជា​ ត្រូវ​កាសែតខ្មែរ​​នាំគ្នា​សរសេរ​​។ «សារលិខិត​ឆ្លើយ​ឆ្លង​ ថ្នាក់​ដឹកនាំបក្ស​ទាំង​៣​បង្ហាញ​ពី​គោល​ជំហរ​ដើម្បី​ប្រទេស​ជាតិ»។ ជា​ចំណង​ជើង​ធំ​នៅ​ទំព័រ​មុខ​របស់​កោះសន្តិភាព។ កាសែត​​នេះ រាយការណ៍ថា លោក សម រង្ស៊ី សរសេរ​លិខិត​១ច្បាប់​អបអរ​ជូន​លោក ហ៊ុន សែន ដែល​ត្រូវ​គណៈកម្មាធិការ​កណ្តាល​​បក្ស​ប្រជាជន​បោះឆ្នោះ​គាំទ្រ​ជា​ប្រធាន​របស់​បក្ស។ លោក សម រង្ស៊ី បញ្ជាក់ជំនឿយ៉ាងមុខ​មាំថា បក្ស​ប្រជាជន​​ក្រោម​ការ​ដឹកនាំរបស់​លោក​ហ៊ុនសែន នឹង​បន្ត​រីកចម្រើន​ជា​លំដាប់ ហើយ​បន្ត​ចំណង​ទាក់​ទង​និង​សហប្រតិបត្តិការ​ពង្រឹង​វប្បធម៌​សន្ទនា​រវាងបក្ស​ទាំង​ពីរ​។ កាសែត​កោះសន្តិភាព ក៏​បាន​លើក​ឡើង​ពី​សារ​លិខិត របស់​សម្តេច​ក្រមព្រះ។​ មិន​ខុស​ពី​លោក សម រង្ស៊ី ប៉ុន្មាន​ទេ ទ្រង់​នរោត្តម រណឫទ្ធិ មាន​ជំនឿង​មុនមាំថា ដោយ​បញ្ញាណាដ៏​ឈ្លាសវៃ ភ្លឺស្វាង​ប្រកប​ដោយ​ទេព​កោសល្ល ប៉ិន​ប្រសប់ ពោរពេញ​ដោយ​បទពិសោធ, លោកប្រធាន​បក្ស ហ៊ុន សែន នឹង​ទទួល​បាន​ជោគជ័យ​គាប់​ប្រសើរ​​ក្នុងការ​ដឹក​នាំបក្សប្រជាជន​។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​សម្តេច​ក្រមព្រះ ដែល​កោះ​សន្តិភាព​ដក​ស្រង់​ទៅ​ចុះ​ផ្សាយ​​នៅថ្ងៃ​សុក្រ​នេះ​។

 ចំណែក​កម្ពុជា​ថ្មី ក៏​សរសេរ​ដែរថា «សម្តេច​ក្រុម​ព្រះ​និង​លោក សម រង្ស៊ី ជូន​ពរ​សម្តេច​តេជោ»។ មិន​ខុស​ពី​កោះ​សន្តិភាព​ទេ​​, កាសែត​កម្ពុជាថ្មី បាន​យក​លិខិត​របស់​ប្រធាន​បក្ស​សង្គ្រោះជាតិ និង​ហ្វ៊ិន​ស៊ិនប៉ិច ដែល​បាន​ផ្ញើ​ជូន​ប្រធានថ្មីរបស់បក្ស​ប្រជាជនកម្ពុជា។ ដោយឡែក រឿង​ជូន​ពរ​គ្នា​បែបនេះ មិនមាន​នៅលើ​ទំព័រ​មុខ​ឬ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះទេ។

រស្មីកម្ពុជា ​ឲ្យ​ទំព័រ​មុខ​បន្តិច​ទៅលោក ហ៊ុន សែន និង​ សម រង្ស៊ី ឆ្លៀត​រម្លឹក​ពី​វប្បធម៌​សន្ទនា​របស់​បក្ស​ទាំង​ពីរ។ ខុស​ពី​គេ​ឯង​​បន្តិច កាសែត​នេះ មិន​សរសេរ​រឿង​វៀតណាម​នៅ​ក្រប​មុខ តែ​ចាប់អារម្មណ៍​រឿង​សេវាកម្ម​សុខាភិបាល​អន់​ថយទៅវិញ​។ «ថវិកា​ជាតិ​ចាយ​ច្រើន​លើ​វិស័យ​សុខាភិបាល តែសេវា​នៅតែអន់» នេះ​ជា​ចំណង​ជើង​នៅ​ក្រប​មុខរបស់​​រស្មី​កម្ពុជា។ កាសែត​នេះ សរសេរ​លម្អិត​នៅទំព័រទី​៤។

 ក្រៅ​ពីរឿង​ទាំង​នេះ ភ្នំពេញ​ប៉ុស្តិ៍​ ចាប់​អារម្មណ៍​រឿង «សិស្ស​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​ធ្លាក់​ចុះ»។ កាសែត​ឲ្យ​ដឹង​ថា បេក្ខជន​ប្រលង​បាក់​ឌុប នៅថ្ងៃទី​២៤ ខែសីហា ខាងមុខ​ មានការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ពោល​គឺ​មាន​តែ ​៨៨ ៤៨៨ នាក់​ប៉ុណ្ណោះ។ រឿង​សំខាន់​មួយ​ទៀត ដែល​កាសែត​ពីរភាសា​នេះ ឲ្យ​តម្លៃគឺ «រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្មី​ស៊ើប​អង្កេត​លើករណី​ឃាតកម្ម​លោក ជាវិជ្ជា»។ កាសែតភ្នំពេញ​ប៉ុស្តិ៍ បញ្ជាក់ថា លោក​ហ៊ុន សែន​ បាន​ចាត់​តាំងមន្ត្រី​ជាន់​ខ្ពស់​៦រូប​ ពី ម្សិលមិញ ដើម្បី​ស៊ើប​អង្កេតករណី​ឃាតកម្ម​ លើ​លោក ជា វិជ្ជា, ហ៊ី វុទ្ធី និង​ រស់​សុវណ្ណារ៉េត។

 រីឯ​នៅលើ​ក្រប​មុខ រស្មី​កម្ពុជា មាន​អត្ថបទ​សន្តិសុខ​សង្គម​មួយ គឺ​នៅខេត្ត​កំពង់ធំ​រង​ខ្យល់​កន្ត្រាក់​ ផ្ទះ​ជាង​១០០ខ្នង​រលំ និង​មនុស្ស​៧នាក់​រង​របួស។ ហេតុការណ៍​នេះ​បា​នកើត​ពីថ្ងៃម្សិលមិញ។ កាសែត​នេះ បញ្ជាក់ទៀត​ថា នៅ​ថ្ងៃទី​២៨ខាងមុខ នឹង​មាន​ព្យុះ​ថ្មី​មួយ​ទៀត ដែល​បក​ពី​ភាគ​ខាង​ត្បួង​ប្រទេស​ចិន ឈ្មោះ Kujira៕

ទស្សនៈសារព័ត៌មានរបស់កាសែតខ្មែរ​ថ្ងៃអង្គារ ទី​៩ មិថុនា ២០១៥

ទស្សនៈសារព័ត៌មានរបស់កាសែតខ្មែរ​ ដែល​ផ្សាយក្នុងស្រុកនៅថ្ងៃអង្គារ​នេះ ​បាន​នាំគ្នា​សរសេរពី​មរណភាព​របស់​ប្រធាន​​ព្រឹទ្ធ​សភា​ និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា។

Press review-10-04-2015 សូម​ស្តាប់ ហេង ឧត្តម ៖http://mfi.re/listen/ahg9q76cdg5xjz7/07h00-Oudom-Press-review-09-06-2015.mp3

«សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម ទទួល​មរណភាព» គឺ​ជា​ចំណង​ជើង​របស់ កាសែត​រស្មីកម្ពុជា ដោយ​មាន​រូប​ថត​អម​មួយ​សន្លឹក​ផង​។ ​កាសែត​នេះ យក​សម្តី​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទៅ​សរសរ​ថា រាជរដ្ឋាភិបាល​និងប្រជាជន​កម្ពុជា សោកស្តាយ​ជា​ខ្លាំង​បំផុត​ ចំពោះ​ការ​បាត់​បង់​សម្តេច​ ជា​ ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ ដែល​ទទួល​មរណភាព​ដោយ​ជរាពាធ នៅថ្ងៃម្សិលមិញ។ កម្ពុជា​ចង​ចាំ​ជានិច្ច​ចំពោះ​ការ​តស៊ូ​និង​ពលិកម្ម​គ្រប់​យ៉ាង​​ដែល​សម្តេច​បាន​លះ​បង់​ចំពោះ​ជាតិ​មាតុភូមិ។ ក្រៅពី​ស្រង់​សម្តី​របស់​លោក ហ៊ុន សែន, កាសែត​រស្មីកម្ពុជា បាន​លើក​យក​ជីវប្រវត្តិនិង​ស្នាដៃ​របស់​លោក ជា ស៊ីម ទៅ​​ចុះ​ផ្សាយផង​ដែរ​។

 ចំណែក​ កាសែត​កោះសន្តិភាព ចុះ​ផ្សាយ​ដំណឹង​មរណភាព​របស់​លោក​ ជា ស៊ីម ដូច​កាសែតក្នុង​ស្រុក​ផ្សេង​ទៀត​ដែរ​ ​ដោយ​ភ្ជាប់​មកនូវ​រូប​ថត​​៣​សន្លឹក។ កាសែត​នេះ ក៏បញ្ជាក់​​​ថា សព​របស់​លោក​នឹង​បូជានៅមុខវត្តបទុមវត្តី​នៅ​ថ្ងៃទី​១៩មិថុនា វេលាម៉ោង​៧ព្រឹក​។

 ដោយឡែក កាសែតភ្នំពេញ​ប៉ុស្តិ៍ភាសា​ខ្មែរ​ យក​ការ​ស្លាប់​របស់​លោក ជា ស៊ីម ជា​រឿង​សំខាន់សម្រាប់​ចុះ​ផ្សាយ​ថ្ងៃ​នេះ​ គឺដោយ​ចំណាយ​៣ទំព័រពេញតែម្តង​ ​ដើម្បី​រៀប​រាប់ជាមួយ​​និង​ស្រង់​សម្តី​របស់​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ រហូត​ដល់​អ្នក​លក់​ដូរ​និង​អ្នក​រត់​ម៉ូតូ​ឌុប។ ​ រូប​ថត​មួយ​ផ្ទាំង​ធំស្ទើរតែពេញ​មួយ​​ទំព័រ​មុខដែល​បង្ហាញ​ពី​ព្រះ​មហា​ក្សត្រ​ជួយ​ទប់​និង​កាន់​ដៃលោក​ ជា ស៊ីម, កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​ដាក់​ចំណឹង​ជើង​ថា «លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា ទទួល​មរណ​ភាព​ក្នុង​ជន្មាយុ​​៨៣ឆ្នាំ»។ កាសែត​បាន​រាយការណ៍ពី​ប្រវត្តិ​ជំងឺ​របស់​ប្រធានព្រឹទ្ធសភា ដែល​ធ្វើ​ដំណើរ​បន្តបន្ទាប់ពី​ក្រៅប្រទេស​ដើម្បី​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ ចាប់​ពីខែតុលា​ ឆ្នាំ២០០០កន្លង​មក។ ហើយ​ទើបតែ​ស្លាប់​ដោយសារ​ជំងឺ​កាលពី​ម្សិលមិញវេលាម៉ោង​​ជិត​៣និង៤៥នាទី​រសៀល​។ ភ្នំពេញ​ប៉ុស្តិ៍​​យក​សម្តី​របស់​លោក សួស យ៉ារ៉ា អ្នក​នាំពាក្យ​បក្ស​កាន់អំណាច មក​សរសេរថា «លោក ជា ស៊ីម ជា​បុរស​ដាក់​ខ្លួន​និង​ចិត្ត​ល្អ​របស់​ប្រជាជន។ ប្រទេស​ទាំង​មូល​និង​គណបក្ស​ ជា​ការពិត យើង​សោកស្តាយ​ចំពោះ​ការ​បាត់​បង់​បុរស​រដ្ឋ​របស់​យើង​ ដែល​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍​»។

 រីឯ​​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​បក្ស​សង្គ្រោះជាតិ បាន​ផ្ញើ​សម្តី​តាម​ភ្នំពេញ​ប៉ុស្តិ៍ថា បក្ស​ប្រឆាំង​សម្តែង​នូវ​សមាន​ទុក្ខ​យ៉ាងក្រៀម​ក្រំ​ដល់​ក្រុម​គ្រួសារ​សព។ ហើយ​លោក យឹម សុវណ្ណ ថ្លែងថា «គាត់​បាន​ធ្វើការ​យ៉ាង​ច្រើន​ដើម្បី​កម្ពុជា»។ ក្រៅ​ពី​រៀប​រាប់​សកម្មភាព​នយោបាយ​ និង​ការ​ចូលរួម​រំដោះ​កម្ពុជាពី​ខ្មែរ​ក្រហមរបស់​លោក ជា​ ស៊ីម កាសែត​ភ្នំពេញប៉ុស្តិ៍​ ក៏​ឆ្លៀត​រៀប​រាប់​រឿង​ការ​ប្រជែង​អំណាច​គ្នា​នៅ​ក្នុង​បក្សប្រជាជនកម្ពុជា ហើយ​ថា លោក ហ៊ុន សែន​ បាន​ធ្វើ​ឲ្យ​អំណាច​របស់​លោក ជា​ ស៊ីម ចុះ​ខ្សោយ។ មិនតែប៉ុណ្ណោះ មេអង្គរក្ស​របស់​លោក ជា ស៊ីម ត្រូវ​បាន​ចាប់​ខ្លួន​។

លោក Sebastian Strangio ជា​អ្នកអតីត​អ្នក​កាសែត​ភ្នំពេញប៉ុស្តិ៍ និងអ្នក​និពន្ធសៀភៅចំណងថា «កម្ពុជា​របស់​លោក ហ៊ុន សែន» បា​នថ្លែងថា ការ​ស្លាប់​របស់​លោក ជា​ ស៊ីម មិន​ទំនង​ជាង​នឹង​ធ្វើ​ឲ្យ​មានការ​កែសម្រួល​តុល្យភាពអំណាច​​ជាង​ខ្លាំង​នៅ​ក្នុង​គណបក្ស​ទេ ដោយសារ​តួនាទី របស់​លោក ជា ស៊ីម នៅក្នុង​រដ្ឋាភិបាល​ភាគ​ច្រើ​នបំផុត ​គ្រាន់តែ​ជា​និមិត្តរូប។ ប៉ុន្តែអ្នកនិពន្ធរូបនេះ បន្ត​បញ្ជាក់តាម​ភ្នំពេញប៉ុស្តិ៍​ថា ក្រុម​របស់​លោក ជា​ស៊ីម នឹង​បន្ត​ចុះ​ខ្សោយ។

កាសែត​នេះឆ្លៀត​ទៅ​សួរ​អ្នក​រត់​ម៉ូតូ​កង់​បី​មកពី​ខេត្ត​ស្វាយរៀង និង​អ្នក​លក់ដូរ ហើយ​ក៏​មាន​​និស្សិត​ផង។ អ្នក​ខ្លះ​បញ្ចេញ​យោបល់​ថា សោកស្តាយ ហើយ​ខ្លះទៀថា លោក ជា ស៊ីម ជា​អ្នក​ដឹកនាំ​ល្អ មិន​សូវ​មាន​អ្នក​និយាយ​ដើម​គាត់​អាក្រក់​ដូច​ថ្នាក់​ដឹក​នាំ​ផ្សេង​ទេ​។ ចំណែក​អ្នក​រត់​កង់​បីវិញ បាន​ពោលសម្តី​​តាម​ភ្នំពេញ​ប៉ុស្តិ៍​​ថា សម្តេច​ ជា ស៊ីម អត់​បាន​ជួយ​អីផង កាលពី​សម័យ​រដ្ឋកម្ពុជា​ហ្នឹង ខ្ញុំ​​ធ្វើ​ទាហាន​​លំបាក និង​វេទនា​ជាប់​រហូត​មក។ គាត់​បាន​​ជួយ​រំដោះ​ប្រទេស​ តែ​មកដល់​បច្ចុប្បន្ន​​ប្រទេស​ក៏​មើល​ទៅ​ដូច​ជា​មិន​​មាន​ការរីក​ចម្រើន​អី​ច្រើន​ទេ យួន​ចូល​រាល់តែ​ថ្ងៃ ហើយ​ប្រជា​ពលរដ្ឋ​ក៏​រស៊ី​យ៉ាប​ណាស់​ដែរ។

 បន្ថែម​លើ​ការស្រង់​សម្តី​គេ​ទាំង​ឡាយទៅ​​ចុះ​ផ្សាយ នៅ​ក្នុង​អត្ថបទដ៏​វែង​​របស់​ខ្លួន​ ភ្នំពេញ​ប៉ុស្តិ៍ បាន​លើក​ឡើង​ពី​រឿង​តំណែង​ប្រធាន​ព្រឹទ្ធសភា និង​តួនាទី​ប្រធាន​បក្ស​ប្រជា​ជន។ លោក សួស យ៉ារ៉ា អ្នកពាក្យ​បក្ស​កាន់​អំណាច បាន​បញ្ជាក់ថា នៅពេល​នេះ មាន​ត្រឹម​ប្រធាន​ស្តីទី​ សិន ហើយ​នឹងរង់ចាំ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ថ្មី។

 ចំពោះ​រឿង​តំណែង​ប្រធាន​ថ្មី​នេះ សារព័ត៌មាន​អេឡិច​ត្រូនិក​ថ្មីៗ បាន​បញ្ចេញ​អត្ថបទ​ខ្លី​អម​នឹង​សំឡេង​របស់​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ធ្លាប់​បានអះអាងថា ប្រសិនបើលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាមរណកាល​ទៅ រូបលោកនឹងធ្វើជាប្រធានគណបក្សបន្ត រីឯលោក សាយ ឈុំ ដែលបច្ចុប្បន្នជាអនុប្រធានព្រឹទ្ធសភា នឹងធ្វើជាប្រធានព្រឹទ្ធសភា។

សារព័ត៌មាន​អេឡិច​ត្រូនិក​ថ្មីៗ ស្រង់​សម្តីប្រមុខ​រដ្ឋា​ភិបាលមក​សរសេរ​ឡើងវិញទៀត​​ថា ​« ក្នុងករណី គាត់ (លោក ជា ស៊ីម)​ មរណកាលទៅ អ្នកដែលធ្វើប្រធានបក្សគឺ ហ៊ុន សែន បេក្ខជនមានស្រាប់ហើយ គ្រាន់តែចាំបោះឆ្នោតប៉ុណ្ណោះ ។ បើទោះ ហ៊ុន សែន មិនធ្វើប្រធាន ថ្ងៃនេះ ហ៊ុន សែន ដឹកនាំបក្សរហូតមកហើយ » ។

 ក្រៅពី​រឿង​មរណភាព​របស់​ប្រធាន​ព្រឹទ្ធ​សភា កាសែត​ក្នុងស្រុក ចាប់​អារម្មណ៍​រឿង​កម្តៅ​នយោបាយរវាង​បក្ស​ជាប់​ឆ្នោត​ទាំងពីរ។ «ប្រតិកម្ម​តបដៃគូសន្ទនា ចោទ​CPPលួច​សន្លឹកឆ្នោត តើCNRPហ៊ាន​ស្បថដល់​ព្រះអង្គដងកើទេ?» នេះ​ជា​ចំណង​ជើង​របស់​កាសែទ​កោះសន្តិភាព។ កាសែត​នេះ បាន​ស្រង់​សម្តី​លោក ហ៊ុន សែន ដែល​និយាយ​នៅរដ្ឋសភាពី​ម្សិលមិញ​មក​សរសេរ​ ពាក់​ព័ន្ធ​នឹង​​រឿងសន្លឹកឆ្នោត ដែលបក្ស​ប្រឆាំង​ចោទ​បក្សកាន់អំណាច់ថាលួចបន្លំ​​។ ​លោក ហ៊ុន សែន បបួល​លោក​ សម រង្ស៊ី នៅពេល​ប្រមុខ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ត្រឡប់​ចូល​ស្រុក​វិញ។ លោកថា ស្បថ​ឲ្យ​រន្ទះបាញ់។ ចំណែករស្មី​កម្ពុជា ក៏​យក​រឿង​នេះ​ទៅ​សរសេរ​ដែរ។ ភ្នំពេញប៉ុស្តិ៍​វិញ ក៏​មិន​រំលង​ដែរ។ ភ្នំពេញប៉ុស្តិ៍ ដាក់​ចំណង​ជើងថា «លោក ហ៊ុន សែន ចង់​នាំបក្ស​ប្រឆាំង​ទៅ​ស្បថ​រឿង​ចោទ​លួច​បន្លំ​សន្លឹក​ឆ្នោត»។

 បន្ថែមពី​ប្រធាន​រឿង​សំខាន់​ទាំង​នេះ កាសែត​ខ្មែរ​ផ្សាយ​ថ្ងៃអង្គារ​នេះ ក៏​បាន​សរសេរពី​តំណាង​រាង​ស្ត្រ​បក្ស​ប្រឆាំង​ឲ្យ​ភាគី​វៀតណាម​លុប​ស្រះ​វិញ។ រឿង​នេះ​មាន​ទៅ​ទំព័រ​មុខ​របស់​ភ្នំពេញប៉ុស្តិ៍។ ឯ​កោះសន្តិភាព​វិញ សរសេរឿង​នេះដោយ​អម​ជាមួយ​រូបថត​ពលរដ្ឋ​ជា​ច្រើន ខ្លះ​កាន់​ទង់​ជាតិ​ខ្មែរ និងមាន​អាជ្ញា​ធរ​ចូលរួម​ផង ព្រ​មទាំង​ដាក់​ចំណង​ជើង​ថា តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាំតិ​ទៅ​មើល​រណ្តៅ​ភាគី​វៀតណាម​ជីក។ កាសែត​រាយការណ៍ថា ពី​ម្សិលមិញ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​និង​ពលរដ្ឋ​ខ្មែរ​ចុះទៅ​មើល​ព្រំ​ដែន​​កម្ពុជា​វៀតណាម ត្រង់​ខេត្ត​រតនគិរី តែ​ត្រូវ​សន្តិសុខ​ភាគី​វៀតណាម​ យក​ឆ្កែ​ឲ្យ​ដេញ​ខាំ​នាំ​គ្នា​រត់​ចេញ​មក​វិញ​ស្ទើរ​មិន​ចង់​ទាន់។ កាសែតកោះសន្តិភាព​លម្អិត​រឿងនេះ នៅ​ទំព័រទី​១១។​ បង្ក្រាប​ឈើ​គ្រញូង​២កន្លែង​នៅ​ស្រុក​ពួក​ខេត្ត​សៀមរាប ដកហូត​បាន​ប្រមាណ​២តោន។ នេះ​ជា​​ចំណង​ជើង​ នៅ​ទំព័រ​មុខ​របស់​កាសែត​រស្មី​កម្ពុជា៕​

ទស្សនៈសារព័ត៌មាន​ ថ្ងៃទី​២៦ ឧសភា ២០១៥

http://km.rfi.fr/cambodia/oudom-revue-de-presse-26-05-2015/?aef_campaign_date=2015-05-26&aef_campaign_ref=partage_user&ns_campaign=reseaux_sociaux&ns_linkname=emission&ns_mchannel=social&ns_source=FB

Press review-10-04-2015

ទស្សនៈសារព័ត៌មាន​ ថ្ងៃទី​២៦ ឧសភា ២០១៥ http://mfi.re/listen/p4nltnt73ku6ahz/07h00-Oudom-Press-review-26-05-2015_Okay.mp3

ទស្សនៈសារព័ត៌មាន​ ថ្ងៃ​ទី​​២៨​មេសា​២០១៥

ដោយ ហេង ឧត្តម ៖ http://mfi.re/listen/a9eochfzqay3dd5/07h00-Press-Review-Oudom-28-04-2015.mp3

Press review-10-04-2015

កាសែត​ក្នុងស្រុក​ថ្ងៃនេះ ចាប់​អារម្មណ៍​ប្រធានរឿងគ្រោះ​ថ្នាក់​ចរាចរណ៍​របស់​អ្នក​ម្នាង​រណ​ឫទ្ធិ និង​ជំនួប​របស់​លោក​ ហ៊ុន សែន ​សម រង្ស៊ី នៅម៉ាឡេស៊ី។ លើស​ពីនេះ កាសែត​កោះ​សន្តិភាព និងភ្នំពេញ​ប៉ុស្តិ៍​ ​នៅ​ថ្ងៃអង្គារទី​២៨មេសា​នេះ ហាក់​ចាប់​អារម្មណ៍​ខ្លាំងទៅ​​លើ​រឿង​បរិស្ថាន ធនធាន​រ៉ែ​ ព្រៃឈើ និង​ដីធ្លី។

 យើង​ផ្តើម​និយាយព័ត៌មាន​ពី​ភ្នំពេញ​ប៉ុស្តិ៍ ព្រោះ​កាសែតនេះ​ជាអ្នក​នាំ​អាត​​​សរសេរ​រឿងស្តីពី បរិស្ថាន​ច្រើន​ជាងគេ គឺ​​​មិនតិច​ជាង​៥អត្ថបទ​ទេ។ ដោយ​ដាក់​រូប​ថត​ស្ត្រីមួយ​ក្រុម​ខ្លះ​​អង្គុយ ​និងខ្លះ​ឈរកាន់​ក្រដាស​​នៅ​រដ្ឋសភាជាតិ, ភ្នំពេញប៉ុស្តិ៍​ បាន​សរសេរ​អធិប្បាយ​ពីក្រោម​រូបថា ស្រ្តី​បឹង​កក់មួយ​ក្រុម​ដែល​ជាជន​រងគ្រោះ​​បាត់​ដី​និងផ្ទះ​សម្បែង​ ដោយសារ​គម្រោង​អភិវឌ្ឍ​ន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​តំបន់​បឹកក់ បាន​ចេញ​មុខ​តវ៉ា​សាជាថ្មី​ទៀត​នៅ​មុខ​សភាជាតិ​កាលពីម្សិលមិញ។ ស្ត្រីទាំង​នោះ បាន​លើកបដា ដោយស្នើ​រដ្ឋាភិបាល​នូវ​ជម្រក​នៅ​ក្នុង​ក្រុង​ឲ្យ​បាន​សមរម្យ​។

នៅ​ពីក្រោម​រូបនេះបន្តិច​ ភ្នំពេញប៉ុស្តិ៍ បាន​ដាក់​ចំណង​ជើង​អត្ថបទយ៉ាងធំថា «អាជ្ញាធរ​អូស្ត្រាលី​បាន​​ស៊ើប​អង្កេត​ ករណី​សូក​ប៉ាន់​ក្នុងការ​រុករករ៉ែនៅ​កម្ពុជា»។ កាសែត​រាយការណ៍ថា អាជ្ញាធរ​សហព័ន្ធ​អូស្ត្រាលីបាន​​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​រុករក​រ៉ែ​អូស្ត្រាលី ​ឈ្មោះ OZ Minerals ចាប់ពី​ឆ្នាំ​ខែកញ្ញា​២០១៤ អំពី​ការ​អះអាង​ថា ក្រុម​ហ៊ុន​នេះ​ជាប់​ពាក់​ព័ន្ធ​ក្នុងការ​សូក​ប៉ាន់​នៅក្នុងប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០០៩។ ការ​សូកប៉ាន់​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ទទួល​អាជ្ញាបណ្ណ​ក្នុង​ការ​រុករ៉ែពី​ក្រសួង​។ កាសែត​ឲ្យ​ដឹង​ទៀតថា ក្រុម​ហ៊ុន​ OZ Minerals ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូក​ប្រាក់​ជិត​១លាន​ដុល្លារអាមេរិក​ឲ្យ​ស្ត្រី៣នាក់ក្នុង​ក្រុម​ហ៊ុន​ដៃ​ដូ​របស់​កម្ពុជា​ ដែល​មាន​សាច់​ញាតិ​មាន​ឋានៈខ្ពស់​នៅ​ក្នុងក្រសួង​រ៉ែ​និងថាមពល​។

ចំណែក​នៅពី​ខាង​ស្តាំ​រូបថត​ស្ត្រី​បឹង​កក​ខាង​លើ កាសែត​​ដដែល​នេះ​ បាន​ដាក់​ចំណ​ងជើង​ថា    «របាយការណ៍​បង្ហាញថាមន្ត្រី​ជា​អ្នក​បំផ្លាញ​ឈើព្រៃឡង់»។ ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​ បាន​ផ្តើម​សរសេរ​ថា មន្ត្រី​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន​ ឈ្មួញ​និង​អ្នក​មាន​អំណាច​ផ្សេង​ទៀត បាន​កំពុង​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​របស់​ពួក​គេ​ ដោយ​ខុស​ច្បាប់​និង​បំពាន ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ធន​ធាន​ព្រៃឡង់ តាមរយៈ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​។ កាសែត​បញ្ជាក់ថា នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​ថ្នាក់​ឃុំ ឆ្នាំ២០១៣ដល់​២០១៤របស់​បណ្តាញ​ព្រៃ​ឡង់​កម្រាស​១៤២ទំព័រ មាន​ចំណង​ជើងថា «ព្រៃ​ឈើ​របស់​យើង​នៅតែ​ស្ថិត​នៅក្រោម​ការ​កាប់​បំផ្លាញ់» ដែល​បាន​ចេញ​ផ្សាយ​ម្សិលមិញ។

ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ផ្អែក​លើ​របាយការណ៍​ដដែល​នេះ បាន​សរសេរ​ទៀតថា អាជ្ញាធរ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​​ច្បាប់​និង​គ្រប់​គ្រង​ព្រៃ​ឈើ​ បែរ​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ខ្វះ​វិធាន​ការ​ជាក់​ស្តែង​ ក្នុង​ការ​ឈប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ ទៅវិញ។

 យើង​ងាក​មក​កាសែត​«កោះសន្តិភាព​»បន្តិចសិន​។ កាសែតនេះ​បាន​​ចាប់​អារម្មណ៍ដែរ​​រឿង​ព្រៃ​ឈើ​នៅថ្ងៃ២៨មេសា​នេះ ដោយ​ឲ្យ​ចំណង​ជើង​នៅ​ទំព័រ​មុខ​របស់​ខ្លួនថា «ព្រៃ​ឈើ​ក្នុង​សហគមន៍​រាជសាល រង​ការ​កាប់​ទន្ទ្រានយក​ដីលក់​ ពលរដ្ឋ​អំពាវនាវឲ្យ​ទប់​ស្កាត់»។ ​«កោះសន្តិភាព​» បាន​រាយការណ៍ថា នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង ថ្មីៗ​នេះ​ មាន​អ្នក​ភូមិ​មួយ​ចំនួន​តូច​បាន​ទៅ​កាប់​បំផ្លាញ​ព្រៃ​ទន្ទ្រាន​យក​ដី​លក់​ទៅអ្នក​ចំណូល​ថ្មី​ ក្នុង​មួយ​ហិកតា​១០០ដុល្លារ​ ដោយ​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​មភូមិឃុំ​ និងការ​បិទ​ភ្នែក​របស់​មន្ត្រី​រដ្ឋាបាល​ព្រៃ​ឈើ​​ថ្នាក់​មូលដ្ឋាន​ ដែល​ព្រងើ​យ​កន្តើយ​លើ​បញ្ហានេះ បាន​​ធ្វើ​ឲ្យ​មាន​សកម្មភាព​កាប់​ទន្ទ្រាន​បង្ក​ឲ្យ​បាត់​បង់​អស់​គម្រប​ព្រៃ​ឈើ​សហគមន៍​ជិត​៤០ភាគរយទៅហើយ។ ក្នុង​អត្ថបទ​ដដែល​នេះ​ កោះសន្តិភាព​ ក៏​បាន​រាយការណ៍ដែរថា នៅ​ស្រុក​សេសាន ដី​ព្រៃ​រាប់​រយ​ហិកតា​ក៏​ត្រូវ​គេ​សម្រុក​កាប់​ទន្ទ្រាន​ទាំង​ថ្ងៃទាំងយប់​ យ៉ាង​អនាធិបតេយ្យ​ ហើយ​ក៏​គ្មាន​អ្នក​ទប់​ស្កាត់​ដែរ។

 ជុំវិញ​រឿង​ព្រៃ​ឈើ​នេះ ​«កោះសន្តិភាព​» បាន​ចេញ​អត្ថបទ​មួយ​ទៀត តែ​និយាយពី​រឿង​ឈើ​នៅ​ព្រំ​ដែន​ខ្មែរ​ថៃ។​ កាសែត​កោះសន្តិភាព​ដាក់​ចំណង​ជើងថា«          លួច​ចូល​កាប់​គ្រញូង​ អ្នកទោស​ខ្មែរ​៥៥នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ដោះលែង​និងប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា»។ កាសែត​ដដែល​នេះ បាន​ឲ្យដឹងថា កាលពី​ថ្ងៃទី​២៥មេសា​កន្លងទៅនេះ អាជ្ញាធរ​ថៃ​បាន​ដោះលែង​ប្រជាជន​ខ្មែរ​៥៥នាក់ មាន​ស្ត្រី២នាក់ ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ។ បើ​តាម​«កោះសន្តិភាព​» អ្នក​ទាំង​៥៥នាក់ ត្រូវទាហានថៃ​​ឃាត់​ខ្លួន​តាំងពី​ថ្ងៃ​៨មិថុនា​២០១៣ ហើយ​ទើប​តែ​ដោះលែង​ថ្ងៃ២៥មេសា​២០១៥នេះ។

 ដោយកាសែត​«រស្មី​កម្ពុជា» និង​«កម្ពុជាថ្មី» មិន​បាន​សរសេរ​ពី​រឿង​បំផ្លាញ​ព្រៃ​ឈើទេ​នៅថ្ងៃនេះ យើង​សូម​ត្រឡប់​ទៅ​«ភ្នំពេញ​ប៉ុស្តិ៍»វិញ។ «សកម្មជន​បន្ត​កាតព្វ​កិច្ច​ការពារ​ព្រៃ​ឈើ​លើ​វិថី​ ឈុត វុទ្ធី»។ នេះ​ជា​ចំណង​ជើង​របស់​កាសែត​ភ្នំពេញប៉ុស្តិ៍។ កាសែត​បាន​សរសេរ​ថា នៅថ្ងៃទី​២៦មេសា​២០១៥ គឺ​ជា​ខួប​៣ឆ្នាំ​ដែល​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​ដ៏​ល្បី​ល្បាញ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ខេត្ត​កោះកុង។ កាសែត​បាន​បញ្ជាក់ថា ទោះបី​លោក​ ឈុត វុទ្ធី ស្លាប់​ទៅហើយក្តី ក៏​នៅ​មាន​សហការី​និង​កូន​ប្រុស​របស់​លោក នៅតែបន្ត​សកម្មភាព​របស់​លោក​បន្តទៀត។

 ក្រៅ​រៀប​រាប់​ព្រឹត្តិការណ៍​នៃការ​ស្លាប់​របស់​លោក ឈុត វុទ្ធី និង​លើក​យក​សម្រង់​សម្តី​របស់​សង្គម​ស៊ីវិល ភ្នំពេញ​បាន​លើក​យក​សម្តី​របស់ លោក ឆឺយ ឧត្តមរស្មី កូន​ប្រុស​លោក​ឈុត វុទ្ធី មក​បញ្ចប់​អត្ថបទរបស់​ខ្លួនថា «លោក​ ហ៊ុន សែន គួរតែ​ស្រឡាញ់​ធនធានធម្មជាំតិ​របស់​កម្ពុជា ពី​ព្រោះ​ប្រទេស​នេះ​បាន​ផ្លាស់​ប្តូរ​ខ្លាំង​ណាស់​រួច​ទៅហើយ»។

ទស្សនសារព័ត៌មាន ថ្ងៃទី​១៦ មេសា ២០១៥

នៅថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍នេះ កាសែតប្រចាំថ្ងៃ រួមមាន រស្មីកម្ពុជា កម្ពុជាថ្មី កោះសន្តិភាព និងកាសែតភ្នំពេញប៉ុស្តិ៍ ជា​ដើម ​មិនទាន់ចាប់​ផ្តើម​ការ​ផ្សាយឡើង​វិញ​នៅឡើយ​​ទេ​។ ដូច្នេះ នាទីទស្សនៈសារព័ត៌មានសម្រាប់ថ្ងៃទី​១៦មេសានេះ ខ្ញុំសូម​ដក​ស្រង់​ចេញពីគេហទំព័រយក​មក​ជម្រាប​ជូន​វិញ​​។

ស្តាប់សំឡេង ពី​វិទ្យុ​បារាំងអន្តរជាតិ ៖ http://mfi.re/listen/9rz9nwx9b9bawl2/07h00-Press-Review-Oudom-16-04-2015.mp3

Press review-10-04-2015

នៅ​គេហទំព័រ CEN ថ្មីថ្មី​​​​ ដើមអំពិល​ និង​ AKP សុទ្ធ​ឲ្យ​តម្លៃ​ដំណឹង​របស់​ខ្លួន​ខ្លាំង​ទៅ​លើក​រឿង​បំបែក​កំណត់​ត្រា​ពិភព​លោក​របស់​កម្ពុជា​។ បន្ថែម​ពី​ការ​ដាក់​រូបថត​​បួន​សន្លឹក​បង្ហាញ​ពី​នំអន្សមយក្ស​​និង​យុវជន​ឈរ​ជា​ជួរ​ស្លៀក​ពាក់​ដូចៗគ្នា​ ​ទី​ភ្នាក់​ងារ​ព័ត៌មាន​ជាតិ​ AKP បាន​សរសេរ​យ៉ាង​ខ្លី​ថា អង្គរសង្រ្កាន្តឆ្នាំ២០១៥ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទទួលបានកំណត់ត្រាពិភពលោកចំនួនពីរ គឺ​នំ​អន្សម​យក្ស​ដែលមានទំងន់ជាង​៤តោន និងការរាំចង្វាក់ម៉ាឌីហ្សូន ដែលមានអ្នកចូលរួមរាំចំនួន២០១៥នាក់។ កំណត់​ត្រា​នេះ​ប្រកាស​ដោយ​ស្ថាប័ន Guinness World Records នាថ្ងៃទី១៣និងថ្ងៃទី១៥ ខែមេសា នៅក្រុងសៀមរា​ប​​។

ចំណែក​ CEN បរិយាយថា ទីបំផុតទៅ ការរាំម៉ាឌីហ្ស៊ននៅទីលានជល់ដំរី ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបំបែក​ឯតទគ្គកម្ម​ពិភព​លោក​​ហើយ​ គឺ​មួយ​ថ្ងៃ​បន្ទាប់ ពី​ការ​ចុះ​បញ្ជី​នំ​អន្សម​យក្ស​ក្នុង​កំណត់ត្រាពិភពលោក​។ គេហទំព័រ CEN សរសេរថា ​ការវាយតម្លៃនោះ ត្រូវ​បានតំណាង Guinness World Record ប្រកាសកាលពីម៉ោងជិត២រសៀល ថ្ងៃទី១៥មេសា ឆ្នាំ២០១៥។ យុវជន​ពាក់​អាវផ្ទៃ​មេឃ​និង​មួកស្លឹក​ត្នោត​ មានសញ្ញាសហភាពសហព័ន្ធយុវជនកម្ពុជា បានឈរជាជួរ ហាត់សមរាំតាំងពីម៉ោង៦ព្រឹក។ តំណាងក្រុមការងារ​សៀវភៅ​កំណត់ត្រា​ពិភព​លោក​ បានចូលរួមពិនិត្យដើម្បីកត់ត្រានិងវាយតម្លៃលើ​ការរាំម៉ាឌីហ្ស៊ន ចំពោះ​លក្ខណៈ​វិនិច្ឆ័យ​ដែល​ត្រូវ​រាំឲ្យស្រុះគ្នា ក្នុងរយៈពេល៥នាទី។ នេះ​បើ​តាម​ CEN ។​

ផ្ទុយ​ពី​គេ​បន្តិច គេហទំព័រ​អេឡិច​ត្រូនិច​ថ្មីថ្មី បាន​ដាក់​ចំណង​ជើងថា «រាំ​ម៉ា​ឌី​ហ្សុ​ន៖ កម្ពុជា​ទម្លាក់​អូស្ត្រាលី ​ដើម្បី​ចូលក្នុង​កំណត់ត្រា​ពិភពលោក​សាជាថ្មី»។ ថ្មី​ថ្មី​ បាន​រម្លឹក​ថា ក្នុងការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន​នេះ កម្ពុជា​ធ្លាប់បំបែក​ឯតទគ្គកម្ម​ពិភព​លោក ​រួច​ម្តង​ហើយ​កាលពី​​ឆ្នាំ​២០១២ ដោយមាន​អ្នកចូលរួម ៩២៩នាក់ ប៉ុន្តែ​ត្រូវបាន​បំបែក​ដោយ​ក្រុម​រាំ​នៅ​អូស្ត្រាលី ​កាលពី​ឆ្នាំ២០១៤ ដែលមាន​ចំនួន​១១៥៥​នាក់​​​។ ទោះបីជា​យ៉ាងណាក៏ដោយ ចំពោះ​ការ​ទម្លាក់​អូស្ត្រាលី ​ដើម្បី​ចូលក្នុង​កំណត់ត្រា​ពិភពលោក​សាជាថ្មីឡើងវិញ​នេះ ​ ថ្មីថ្មីៗ​ បាន​សរសេរថា គឺ​នៅ​តែ​មានមតិ​មួយចំនួន​ រិះគន់​ពី​ការ​លើកយក​ក្បាច់​រាំ​បរទេស​ ដើម្បី​ទទួលបាន​កំណត់ត្រា​ពិភពលោក។ ហើយ​អ្នក​ទាំងនោះ ចង់​ឲ្យ​លើកយក​ចង្វាក់រាំ​ខ្មែរ ដូចជា​រាំវង់ រាំក្បាច់ ជាដើម មិន​តែប៉ុណ្ណោះ ពួកគេ​ចង់​ឲ្យ​មានអ្នក​ចូលរួម​​រហូតដល់​ទៅ២៥៥៩ ដែល​ស្មើនឹង​ចំនួន​ឆ្នាំ​នៃ​ពុទ្ធសករាជ។ នេះ​បើ​តាម​គេហទំព័រ​ថ្មីថ្មី។

 ជុំវិញ​ការ​បំបែក​ឯតទគ្គកម្ម​ពីពិភលោកនេះ ថ្មីថ្មីបាន​សរសេរ​អត្ថបទ​មួយ​ទៀត និយាយ​អំពី​«អង្រុត​​យក្ស មួក​យក្ស ជាប់​ឯតទគ្គ​កម្ម​ជាតិ​ដំបូង​​នៅ​កម្ពុជា»។ គេហទំព័រ​នេះ ឲ្យដឹងថា អង្រុត​យក្ស មួក​យក្ស កន្ត្រង់​ប្រហុក​យក្ស និង​បំពង់​ទឹកត្នោត​យក្ស ដែល​ធំ​ជាង​សម្ភារ​ធម្មតា​នោះ រាប់រយ​ដង បាន​ជាប់​ឯតទគ្គ​កម្ម​ថ្នាក់ជាតិ​ដំបូង​នៅ​កម្ពុជា។ អ្នកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​​ថ្មីថ្មីអះអាងថា ជា​អ្នក​ប្រកាស​ទទួលស្គាល់​នូវ​សម្ភារៈប្រើប្រាស់​ប្រពៃណី​របស់​ខ្មែរធំៗទាំង៤នោះថា ជា​វត្ថុ​ជាប់​ក្នុង​ឯតទគ្គ​កម្ម​ថ្នាក់​ជាតិ​​ដំបូង​ជាង​គេ​នៅ​កម្ពុជា។

 ក្រៅពីប្រធាន​​រឿង​ពាក់​ព័ន្ធ​នឹង​អង្គរសង្គ្រាន្ត​នៅ​ខេត្ត​សៀមរាប គេហទំព័រ​ជា​ភាសា​ខ្មែរ បាន​ចេញ​ផ្សាយ​រឿង​ផ្សេង​ដោយឡែក​ៗគ្នា ស្តី​ពី​រឿង​សន្តិសុខ​សង្គម​ និង​និយាយ​តិច​តួ​ច​ពីរឿង​នយោបាយ​ ដោយ​មិន​មាន​អធិប្បាយ​វែង​អន្លាយ​នោះ​ទេ​។

គេហទំព័រ CEN បាន​ចេញ​ចំណង​ជើង នៅ​ម៉ោង​រំលងអធ្រាត្រចូលថ្ងៃទី​១៦មេសា​នេះ​​ថា «លោក​ កឹម ​​សុខា ចេញ​ទៅ​​សឹង្ហ​បុរី ខណៈ​លោក​សម​រង្ស៊ី រីករាយ​បុណ្យចូលឆ្នាំថ្មី​ជាមួយ​សម្តេច​ហ៊ុន​សែន នៅ​ខេត្ត​សៀមរាប»។ ដោយ​មិន​មាន​ដាក់​រូបថត​អ្វីទាំង គេហទំព័រនេះ សរសេរ​អត្ថបទ​ជា​ដំណឹង​ខ្លីថា លោក កឹម សុខា បានឡើងយន្តហោះ ដោយ​ស្ងាត់ៗទៅកាន់ប្រទេស​សិ​ង្ហបុរី ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ។ ការចាកចេញរបស់លោកកឹមសុខាតាមយន្តហោះ កាលពីថ្ងៃទី១៤មេសា ថ្ងៃចូលឆ្នាំទី១ ក្រោមហេតុផល​ថា ដើម្បី​ពិនិត្យ​សុខភាព។ CEN បានគូសបញ្ជាក់ថា ការចាកចេញទៅក្រៅប្រទេសរបស់លោកកឹមសុខាគ្រានេះ គឺខណៈដែលលោក សម រង្ស៊ី បាន​រីករាយបុណ្យចូលឆ្នាំថ្មី ជាមួយសម្តេចហ៊ុនសែន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។

 CEN បាន​ផ្សាយ​រឿង​នយោបាយ​ជា​ដំណឹង​ខ្លីៗបន្ថែម​​ទៀត។«លោក​ម៉ម​សូណង់ដូ រិះគន់​លោក​សម​ រង្ស៊ី ដែល​ស្និទ្ធស្នាល​នឹង​ សម្តេច ​ហ៊ុន​ សែន​ »។ CEN បាន​លើក​យក​សម្តីរបស់​​លោក​ម៉ម ​សូណង់ដូ ដែល​បានសរសេរទំព័រ​ហ្វេ​សប៊ុក កាលពី​យប់​ថ្ងៃ​ទី​១៤​មេសា ថា « ​ដូរឬ​មិន​ដូរ ទៅ​ជា​ស្អិតរ​មួ​ត​ដូច​ក្រមួន​ទៅវិញ បើ​មិន​ខ្មេះ​ទេ ងាប់​ទៅជា​ខ្មោច ល្អ​ជាង​! »​។​ CEN បញ្ជាក់ថា សម្តីនេះ​ គឺលោកប្រធាន​វិទ្យុ​សំបុក​ឃុំ ​ចោទទៅ​លោក សម រង្ស៊ី ដែល​ទៅ​ស្និត​ផ្អែម​ល្មួត​ជា​មួយ​​លោក​ ហ៊ុន សែន នៅថ្ងៃ​ចូលឆ្នាំទី១ ឯខេត្ត​សៀមរាប​។

រឿង​មួយ​ទៀត ដែល​គេហទំព័រ​ CEN យក​ទៅ​ចុះ​ផ្សាយ​ដែរនោះ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នៅ​ព្រឹក​ថ្ងៃ​សុក្រទី​១៧ខែ​មេសានេះ​ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​​ខ្មែរក្រហម នៅ​សារៈមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក​។

យើង​បញ្ចប់​ទស្សនសារព័ត៌មាន​ដោយ​អត្ថបទ​មួយ​របស់​ដើមអម្អិល​។ គេ​​ទំព័រ​​ព័ត៌មានដើម​អម្ពិល​ បាន​រាយ​ការណ៍ថា សាលា​ដំបូង​រាជ​ធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសាម្សិលមិញនេះ បានសម្រេចឃុំខ្លួន លោក ឌួង ឆាយ កូនប្រុស របស់ឧកញ៉ា         ឌួង ងៀប ទៅ​​ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿងទះកំផ្លៀង កូនឧកញ៉ាល្បីឈ្មោះម្នាក់ កាលពីយប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរទី១។ ដើមអម្អិល សរសេរ​ថា លោក ឌួង ឆាយ ត្រូវបានអាវុធហត្ថបញ្ជាក់ថា បានវាយតប់ និងទះកំភ្លៀង ទៅលើយុវជនម្នាក់ ឈ្មោះ ទ្រី ដាលុច ដែលជាកូនប្រុសរបស់ឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ព្រោះតែរឿងមើលមុខឌឺដងដាក់គ្នា នៅក្នុងហាងចាក់សាក់មួយ។ រឿងនេះ​កើត​ឡើង​នៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ កាលពីម៉ោង៨យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ។ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បាន​ដើម​អម្អិលឲ្យដឹងថា តុលាការបាន សម្រេចចោទប្រកាន់ ២បទល្មើស៖ ទី១៖ ប្រើហឹង្សាដោយចេតនា និងទី២៖ គំរាមបាញ់សម្លាប់៕