មេៗ​គណបក្ស ភាគច្រើន​ ជូន​ពរពលរដ្ឋ​ ភ្ជាប់​សារ​នយោបាយ!

សល់តែ​១ថ្ងៃទៀតទេ បុណ្យ​ចូល​ឆ្នាំ​ថ្មី នឹង​ចូល​មកដល់។ ឱកាស​នេះ មេៗ​គណបក្ស​នយោបាយ​ ជា​ច្រើន​ នាំគ្នា​ជូន​ពរ​ពលរដ្ឋ​ខ្មែរទូទៅ ហើយ​ក៏​មាន​ភ្ជាប់​ជាមួយ​នឹង​សារនយោបាយ​ខ្លះ​ផង។ ប្រមុខ​បក្ស​កាន់អំណាច សូម​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ធ្វើ​ជាម្ចាស់​វាសនា​ប្រទេស​ជាតិ និងអះអាងរក្សា​ការ​ពារ​​​សន្តិភាព។ មេបក្សប្រឆាំង ​សង្គ្រោះជាតិ ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ និង​ដោយ​អហិង្សា។ ចំណែក​ មេបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ សង្ឃឹមថានឹង​ប្តូរ​មេបក្ស​ប្រឆាំងចាស់ ដាក់​មេបក្ស​ប្រឆាំងថ្មី។ ខុសពីគេឯង​ ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គ្មាន​អ្វីត្រូវ​ជូន​ពរ​នោះទេ គឺ​គ្រាន់តែចង់​ផ្តាំពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​ប្រើ​ខួរ​ក្បាល​គិត​។

ហេង ឧត្តម លម្អិត​ព័ត៌មាន ៖  http://km.rfi.fr/cambodia/wish-politicians-rfi-oudom-12-04-2017

 

ក្នុង​ឱកាស​ចូលឆ្នាំថ្មីនេះ ប្រមុខ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​សារលិខិត​ជូន​ក្នុងនាម​រដ្ឋាភិបាល សូម​ឲ្យ​មាន​ក្តី​រីករាយ សិរី​សួស្តី ជ័យ​មង្គល​ដ៏​ឧត្តុង​ឧត្ដម​ក្នុង​ក្រុម​គ្រួសារ​និង​សង្គម​ជាតិ​ទាំងមូល។ ​ចំណែក​លោក កឹម សុខា ខំប្រឹង​សរសេរ​លិខិត​ផង សម្តែង​ថត​ជា​វីដេអូ​ផង ដើម្បីបួង​សួង​ជូន​ពរ​សាធារណៈជន​ខ្មែរ ឲ្យ​មាន​សិរីមង្គលវិបុលសុខ​មហាប្រសើរ និង​ឲ្យ​មាន​សន្តិភាព​ ហើយ​ចៀង​វាង​សង្គ្រាម​បង្ហូរ​ឈាម​ និង​ការរំលោភ​​បំពាន​សិទ្ធិគ្នា​។ រីឯប្រធាន​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ​លោក សួន សេរីរដ្ឋា ជូន​ពរ​ឲ្យ​ខ្មែរលើ ខ្មែរក្រោម ខ្មែរ​កណ្តាល ខ្មែរ​ក្នុង​ប្រទេស​និង​ខ្មែរ​នៅ​បរទេស​ទាំង​អស់ សូម​ឲ្យ​មាន​ក្តីសប្បាយ​រីករាយ ចូលរួម​លេង​ល្បែង​ប្រជាប្រិយខ្មែរ ហើយ​សូម​កុំ​ផឹក​ស្រា​ស្រវឹង​ឈ្លោះគ្នា និង​បង្កគ្រោះថ្នាក់​ចរាចរណ៍​។​

ក្រៅ​ពី​ពាក្យ​ពេចន៍​ជូន​ពរ មេៗ​គណបក្ស​នយោបាយ​ ក៏​មាន​បង្កប់​សារនយោបាយ​ខ្លះ​​ដែរ។ នៅ​ក្នុង​សារ​លិខិត​​ កម្រាស់​​៦ទំព័រ ដែល​មាន​រៀប​រាប់​ពីសម្មទិផលរបស់​រដ្ឋាភិបាល​ផង​​, លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា  បាន​ប្តេជ្ញា​ចិត្ត​ ថា​នឹង​ខិត​ខំពុះពារគ្រប់​បែប​យ៉ាង​ ប្តេជ្ញាចិត្ត​រក្សា​ការពារ​សន្តិភាព​ ស្ថិរភាព និង​សណ្តាប់សាធារណៈជូន​ប្រជាជាតិទាំង​មូល។​

ចំណែក លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ភ្ជាប់​សារ​នយោបាយ​ថា ចង់​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះឆ្នោត​ខាង​មុខ​នេះ។ ចំពោះ​លោក កឹម សុខា គឺ​លោក​ចង់​ឲ្យ​អ្នក​នយោបាយ​គ្រប់​គណ​បក្ស ប្រកួត​គ្នា​ពី​គោលនយោបាយ​របស់​ខ្លួន តែ​រៀង​ៗខ្លួន ដោយ​សន្តិវិធី​ ដើម្បីក​​សាង​អនាគត​ជាតិ​មួយ​ដ៏​ល្អប្រសើរ ​។​

រីឯ​ប្រធាន​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា គឺ​ចង់​ឲ្យ​មា​នការ​ផ្លាស់​ប្តូរទាំង​បក្ស​ប្រឆាំង និង​ទាំង​បក្ស​កាន់​អំណាច ដោយ​ប្រកាន់​យក​របៀប​​ផ្លាស់​ប្តូរ​បន្ត​វេន​​របស់​ទេវា​ឆ្នាំ​ថ្មី​ដូច្នោះ​ដែរ​។ ពោល​គឺ​មាន​ការ​ផ្លាស់ប្តូរ មិន​ក្រាញ​អំណាច និង​មាន​អណត្តិផ្លាស់​​វេន​ត្រឹមត្រូវ។ ទន្ទឹម​នេះ លោក សួន សេរីរដ្ឋាន ក៏​សង្កត់​ធ្ងន់​ដែរថា ពលរដ្ឋ​ខ្មែរ គួរតែត្រូវ​​ «ប្តូរ​​មេ​ដឹក​នាំ​ប្រឆាំង​ចាស់ ដាក់​មេដឹក​នាំ​ប្រឆាំង​ថ្មី​»។​

ផ្ទុយខុស​​ពីគេ​ឯង លោក ខឹម វាសនា​ ប្រធាន​​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ថា​លោក​គ្មាន​អ្វី​ត្រូវ​ជូនពរ​ ហើយ​ក៏​​គ្មាន​ទម្លាប់​ជូនពរ​អ្វីដែរ​ ព្រោះ​លោក​មិន​ដែល​​ធ្វើ​អ្វី​ ដែល​មិន​ចេញ​ពីទឹក​​ចិត្ត​ពិតនោះទេ​។ គ្មាន​សារ​ជូនពរសម្រាប់ឆ្នាំថ្មី​ និង​គ្មាន​សារនយោបាយ​អ្វីសម្រាប់ថ្លែងក្នុងឱកាសនេះ​, លោក ខឹម ​វាសនា គ្រាន់តែមាន​ពាក្យ​ផ្តាំថា ពលរដ្ឋខ្មែរ ​ត្រូវ​ចេះ​ប្រើ​ខួរ​ក្បាល​គិត គិត​គ្រប់​សកម្មភាព គ្រប់​ទង្វើ​ និង​កុំ​ចេះតែ​ជឿ​ងប់​ងល់​ចំពោះ​ប្រពៃណី និង​សម្តី​របស់​អ្នក​នយោបាយ។ គឺទៅ​ទី​​ណា​ក៏ដោយ ធ្វើ​អ្វីក៏ដោយ​ ត្រូវ​យកចេះ​យក​ខួរ​ក្បាល​គិត។ នេះបើតាម​ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិតេយ្យ​ លោក ខឹម វាសនា​​៕​

Publicités

លោក ជា មុនីឫទ្ធិ៖ ចូលឆ្នាំចិន មានគោលគំនិត៣ គឺជួបជុំគ្នា ដឹងគុណ និងចែករំលែកគ្នា!

ថ្ងៃនេះ ជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ វិទ្យុបារាំង សុំអញ្ជើញបណ្ឌិត ជា មុនីឫទ្ធិ ដែលជានាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ។

បណ្ឌិត ជា មុនីឫទ្ធិ

បណ្ឌិត ជា មុនីឫទ្ធិ

ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង បណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា នៅពេលបុណ្យចូលឆ្នាំចិន គឺមានគោលគំនិត៣ធំៗ។ ទី១ គឺជាការជួបជុំគ្នា ក្នុងរង្វង់ក្រុមគ្រួសារ ឬទៅជួបជុំគ្នានៅស្រុកកំណើត។ ទី២ គឺដឹងគុណ អ្នកដែលបានស្លាប់ទៅ និងដឹងគុណ ចាស់ទុំ អ្នកដែលនៅរស់ ហើយនិងទី៣ គឺជាការចែករំលែកគ្នា។ នោះគឺចែករំលែកនំចំណីនិងទ្រព្យធនខ្លះ នៅពេលសែនព្រេនហើយ។

ដោយឡែកចំពោះការសែន ដូចជាមាន់ស្ងោរ ជ្រូកខ្វៃ នំចំណីផ្សេងៗ  គឺគ្មានភស្តុតាងណាដែលអះអាងថាបានផលពិតនោះទេ។ ហើយចំណែក ការដុតក្រដាសសែនវិញ លោកបណ្ឌិត បញ្ជាក់ថាគឺជាការខ្ជះខ្ជាយ។

ដូច្នេះសុំស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនឹងបណ្ឌិត ជា មុនីឫទ្ធិ ៖ http://km.rfi.fr/cambodia/itw-dr-chea-monirith-rfi-oudom-27-01-2017

អំណោយ​តាម​ Facebook ឆ្លុះ​បង្ហាញ​ពីទិដ្ឋភាព​ច្រើន​យ៉ាងក្នុង​សង្គម​ខ្មែរ​!

បច្ចុប្បន្ននេះ គេមើលឃើញតាមបណ្តាញសង្គម Facebook គឺសម្បូរទៅដោយការប្រកាសអំពាវវនាវស្វែងរកជំនួយ ទាំងលក្ខណៈជាក្រុម ឬជាបុគ្គល ទាំងប្រកាសរកជំនួយសម្រាប់ជួយខ្លួនឯងក្តី ឬក៏សម្រាប់ជួយនរណាផ្សេងទៀតក្តី។ ចំណែកអំណោយសប្បុរធម៌ក៏ធ្លាក់ទៅព្រោងព្រាតជាហូរហែដែរ។ ចំពោះការសុំជំនួយនិងការផ្តល់អំណោយតាមរយៈFacebook នេះ គឺឆ្លុះបញ្ជាំងពីទិដ្ឋភាពច្រើនយ៉ាង នៅក្នុងសង្គមខ្មែរ។

សូមស្តាប់ ហេង ឧត្តម ៖ 

wip-facebook-results-oct-29-results

Facebook គឺជាទីពេញនិយមយ៉ាងខ្លាំងចំពោះសហគមន៍ខ្មែរ ហើយជាទីដែលប្រមូលផ្តុំដោយមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ហើយ Facebook ក៏ជាបណ្តាញដ៏មានប្រសិទ្ធភាពផងដែរ សម្រាប់ការអំពាវវនាវឲ្យប្រមូលផ្តុំមនុស្សធ្វើកម្មវិធីអ្វីមួយ និងរាប់ទាំងពិធីសប្បុរសធម៌ជាដើម។

រយៈកាលចុងក្រោយនេះ អ្នកប្រើប្រាស់ Facebook ខ្លះ មាននិន្នាការថ្មីមួយ ដោយប្រើបណ្តាញសង្គមមួយនេះ ដើម្បីសុំជំនួយឧបត្ថម្ភសម្រាប់ខ្លួនឯងក្តី និងសម្រាប់អ្នកដទៃផ្សេងទៀតក្តី ដែលកំពុងតែធ្លាក់ក្នុងស្ថានភាពវេទនា ដោយមានសរសេររៀបរាប់ ភ្ជាប់ដោយរូបភាព និងមានទាំងវីដេអូ ឬក៏ឃ្លិបវីដេអូសម្ភាសទៀតផង។ លើសពីនេះ បើអានទៅ ឬមើលទៅ ឃើញថា មិនសូវលំបាកវេទនាខ្លាំងទេ ក៏មិនជាសូវមានអ្នកជួយច្រើនដែរ។

តើគេអាចយល់បានអ្វីខ្លះពីទំនោរនិន្នាការថ្មីនេះ? ចម្លើយចំពោះសំណួរនេះ ប្រហែលជាត្រូវផ្អែកទៅលើទិដ្ឋភាពច្រើនយ៉ាង។

ទី១ គេទំនងជាអាចគិតបានថា ពលរដ្ឋខ្មែរចាប់ផ្តើមចេះត្អូញត្អែឲ្យគេអាណិតកាន់តែច្រើនជាងមុន ស្របពេលដែលមានភាពជឿនលឿននៃវិស័យផ្សព្វផ្សាយ។ និយាយបែបផ្សេង អ្នកដែលចង់បានជំនួយឧបត្ថម្ភ គឺទាល់តែចេះសម្តែងធ្វើទុក្ខសោកខ្លាំង ធ្វើជាលំបាកវេទនា ហើយទាល់តែស្ថានភាពនោះ វាដុនដាបមែនទែន ទើបមានអ្នកជួយឧបត្ថម្ភគាំទ្រច្រើន។

ទី២ បើគេមិនផ្សព្វផ្សាយថាវេទនា នោះគ្មានអ្នកជួយឡើយ ពិសេសរដ្ឋបាលទីកន្លែងនោះ។ចំពោះទិដ្ឋភាពនេះ គេក៏អាចវាយតម្លៃបានដែរថា ដោយសារតែគ្មានសេវាថែទាំសង្គមបានត្រឹមត្រូវ និងគ្រប់គ្រាន់ដិតដល់ ទើបពលរដ្ឋខ្មែរខ្លះ សុទ្ធចិត្តរហូតដល់ប្រកាសស្វែងរកជំនួយ ដែលត្រូវបញ្ចេញមុខមាត់ពិត ហែកអស់របាំងខ្មាសអៀន ដើម្បីបានការជួយឧបត្ថម្ភ។

និយាយម្យ៉ាងទៀត គឺអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរពាក់ព័ន្ធ ទំនងជាគ្មានមើលឃើញពីភាពយ៉ាប់យឺនរបស់ពួកគេទាំងនោះ ឬក៏មិនអាចដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឲ្យបានគ្រប់ច្រកល្ហក ទើបអ្នកទាំងឡាយនោះ ត្រូវសម្រេចចិត្តចេញមុខ រកទីរំពឹងដោយខ្លួនឯង ឲ្យទាន់សភាពការណ៍។

ទី៣ ចំពោះទិដ្ឋភាពអ្នកសុំជំនួយតាម Facebook ដែលបង្ហាញអាការៈ ឬសភាពវេទនា ហើយបានជំនួយច្រើនជាលំដាប់ ក៏បង្ហាញផងដែរ ពីសប្បុរសជនសម័យឥឡូវ មានចិត្តសន្តោសច្រើន និងមានការយល់ដឹងច្រើនជាងមុន។ យល់ដឹងជាងមុន ព្រោះថា ទាល់តែឃើញរូបភាព ក្រពិត លំបាកវេទនាពិត មានរូបភាព មានភស្តុតាងជាក់ស្តែង ទើបគេសុខផ្តល់ជំនួយ។ គឺមិនមែនចេះតែជួយៗ ដូចពីមុនឡើយ។

ទី៤ វាក៏បង្ហាញផងដែរ ថាអ្នកខ្លះដែលជួយផ្តល់ការឧបត្ថម្ភ គឺរំពឹងនឹងចង់បានមុខមាត់មកវិញ។ ជាក់ស្តែង នៅពេលដែលអ្នកក្នុង Facebook បង្ហោះបង្ហាញថា ទីណាលំបាក ឬមានមនុស្សណាម្នាក់វេទនាហើយត្រូវការជំនួយ ពេលដំណឹងនេះ មិនឮខ្ទរខ្ទារខ្លាំង ក៏មិនសូវមានអ្នកលូកដៃជួយច្រើនប៉ុន្មានទេ ប៉ុន្តែដល់រឿងនោះវាផ្ទុះល្បីខ្លាំងទៅ ទើបមានអ្នកមានលុយឬអ្នកមានអំណាច ផ្តើមចេញមុខជួយ។ ការជួយបែបនេះ ក៏ទំនងជាអាច ជាការឆ្មក់ឱកាស បានរីកមុខរីកមាត់ ថាជាអ្នកមានចិត្តធម៌ ដោយសារត្រូវគេយកទៅផ្សាយតាម Facebook ព្រោងព្រាត។

លើសពីនេះ គេក៏អាចគិតទៅដល់សេណារីយ៉ូប្លែកមួយទៀត គឺការប្រកាសស្វែងរកជំនួយតាមប្រព័ន្ធបណ្តាញសង្គមយ៉ាងដូច្នេះ គឺអាចនឹងជាឱកាសល្អ ចំពោះជនខិលខូចមួយចំនួន ឆ្លៀតឆ្មក់ កេងយកចំណេញ តាមរយៈការធ្វើសកម្មភាពស្វះស្វែងរកជំនួយជួយនេះជួយនោះ តែទីបំផុតគឺធ្វើឲ្យកញ្ចប់ជំនួយធ្លុះធ្លាយជាដើម។

ទន្ទឹមនេះ សកម្មភាពផ្សាយពីទុក្ខសោកតាមបណ្តាញសង្គម ក៏អាចក្លាយជាកញ្ចក់ឆ្លុះពីការឆកល្វែងលើសុខុមាលភាពសង្គមរបស់ខ្មែរផងដែរ។ មិនតែប៉ុណ្ណោះ វាអាចជាការស្តែងពីភាពខ្វះចន្លោះរបស់មន្ត្រីមូលដ្ឋាន ដែលមិនបានរាយការណ៍ ឬជូនដំណឹងពីសភាពជាក់ស្តែងរាស្ត្រចុងកាត់មាត់ញក ដល់ថ្នាក់លើ ឬស្ថានប័នជំនួយណាមួយរបស់ជាតិ ហើយក៏អាចនិយាយបានថា  បើរាយការណ៍ទៅ ខ្លាចធ្លាក់ការណ៍នេះជាភារៈបន្ទុករបស់ខ្លួន ឬអង្គភាពខ្លួនទៅវិញ ក៏ថាបាន។ ទោះយ៉ាងនេះក្តី ការអំពាវនាវ តាម Facebook នេះក៏មានប្រសិទ្ធភាពម្យ៉ាងដែរ ព្រោះអាចបានឃើញដឹងលើដល់ថ្នាក់ដឹងនាំ។

យ៉ាងណាមិញ ការជួយគ្នាទៅវិញទៅមកនៅក្នុងសង្គម គឺជាកាយវិការល្អ និងជាកាពត្វកិច្ចរបស់មនុស្សជាតិ។ ក៏ប៉ុន្តែ វប្បធម៌ចែករំលែក ជួយសង្គ្រោះគ្នា ទំនងជាមិនចាំបាច់ទាល់ឃើញលំបាកវេទនាក្នុងប្រព័ន្ធផ្សព្វផ្សាយ ទើបបានជួយនោះទេ។ ពោលគឺសង្គមខ្មែរគួរតែមានប្រព័ន្ធសេវាសង្គមបានគត់មុត និងមានប្រសិទ្ធភាពជាងសព្វថ្ងៃនេះ។ មិនដូច្នេះទេ ពលរដ្ឋខ្មែរ អាចកាន់តែច្រើនឡើងៗ នឹងប្រកាសស្វែងរកជំនួយតាម Facebook  ជាក់ជាពុំខាន៕

បើ ​គ.ជ.ប.មិនព្រមលុបឈ្មោះជន​សង្ស័យ​ថាជា​វៀតណាមទេ តើ​គេ​ត្រូវ​ធ្វើ​អ្វីទៀត?

ប៉ុន្មានថ្ងៃមកនេះ គ.ជ.ប. ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន ចំពោះការមិនព្រមលុបឈ្មោះជនសង្ស័យថាជាជនបរទេស ពិសេសគឺជនជាតិវៀតណាម។ ចំពោះមូលហេតុរបស់គ.ជ.ប. គឺដោយសារតែជនទាំងនោះ មានឯកសារត្រឹមត្រូវគ្រប់គ្រាន់តាមកំណត់នៃច្បាប់បោះឆ្នោត។ ក៏ប៉ុន្តែចំពោះអ្នកប្តឹងជំទាស់និងមហាជនជាទៅ នៅតែងឿងឆ្ងល់ថា ហេតុអ្វីក្រុមប្រឹក្សាជំនុំជម្រះរបស់គ.ជ.ប. មិនព្រមសួរដេញដោលឲ្យមានតម្លាភាពជាងនេះ? ដូច្នេះតើអ្វីទៅជាប្រភពនៃបញ្ហា ហើយគេត្រូវដោះស្រាយដូចម្តេច?

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/nec-election-19-01-2017

Siv channa02(9)

ប្រធានគ.ជ.ប. លោក ស៊ិក ប៊ុនហុក

បណ្តឹងជំទាស់ ដែលសុំឲ្យលុបឈ្មោះជនបរទេសក្នុងបញ្ជីបោះឆ្នោត គឺមានចំនួន ៦៤ បណ្តឹង ដែលប្តឹងឡើងទៅដល់គ.ជ.ប.។ បណ្តឹងទាំងនោះ គឺពាក់ព័ន្ធនឹងជនបរទេស ចំនួន ១ ១៨៩ នាក់។  ភាគច្រើននៃជនទាំងនេះ ត្រូវអ្នកប្តឹងជំទាស់ ដែលតំណាងដោយក្រុមមេធាវីរបស់បក្សសង្គ្រោះជាតិ សង្ស័យថាជាជនជាតិវៀតណាម។

ហើយបើតាមពាក្យប្តឹង, អ្នកទាំងនេះ មួយចំនួនមិនចេះភាសាខ្មែរ ឬនិយាយខ្មែរមិនច្បាស់។ អ្នកខ្លះទៀត ឲ្យតែដល់ពេលបុណ្យចូលឆ្នាំចិននិងវៀតណាម គឺធ្វើពិធីបែបប្រពៃណីវៀតណាម ហើយនិងទៅប្រារព្ធពិធីនៅប្រទេសវៀតណាមជាដើម។ អ្នកត្រូវគេសង្ស័យផ្សេងទៀត គឺមកពីអ្នកប្តឹងរស់នៅជិតខាងគ្នាស្រាប់ បានស្គាល់ប្រភពនិងសាវតារជាក់ច្បាស់ជាដើម។

ក៏ប៉ុន្តែ ហេតុផលប៉ុណ្ណេះ គឺគ្មានមូលដ្ឋានច្បាប់រឹងមាំនោះទេចំពោះក្រុមប្រឹក្សាជំនុំជម្រះរបស់គ.ជ.ប. ហើយតាំងពីនៅថ្នាក់ឃុំសង្កាត់ រហូតដល់ថ្នាក់ជាតិនៅទីស្នាក់គ.ជ.ប. គឺសម្រេចមិនលុបឈ្មោះពួកគេទាំងនោះទេ ដោយសំអាងថា បុគ្គលទាំងនោះ មានអត្តសញ្ញាណបណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតបានត្រឹមត្រូវហើយ។

ការអះអាងរបស់គ.ជ.ប.យ៉ាងដូច្នេះ គឺមិនអាចទទួលយកបានទេចំពោះអ្នកប្តឹងជំទាស់និងពលរដ្ឋខ្មែរខ្លះ ហើយពួកគេនឹកឆ្ងល់ថា ក្នុងសវនាការជំនុំជម្រះ តើម្តេចក៏គ.ជ.ប. មិនសាកសួរដេញដោលឲ្យស៊ីជម្រៅទៅ? តើក្រុមជនសង្ស័យទាំងនោះ បើជាជនបរទេសពិតមែន តើបានអត្តសញ្ញាណបណ្ណខ្មែរដោយរបៀបណា? តើមានព្រះរាជក្រឹត្យប្រទានសញ្ញាតិខ្មែរឬអត់?

ចម្លើយនៃសំណួរទាំងនេះ ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត គឺថាវាពីហួសដែនសមត្ថកិច្ចនៃគ.ជ.បហើយ។ នៅទីបំផុត គឺនៅតែធ្វើឲ្យមនុស្សមិនតិចទេ ដែលមិនអស់ចិត្ត គឺមិនស្រណុកចិត្តទាល់តែសោះ។

ដូច្នេះ តើអ្វីទៅជាដំណោះស្រាយ?

ជម្រើសទី១ គឺគេអាចប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ បើតាមផ្លូវច្បាប់ដែលចែងជាធរមាន! ចំពោះម្ចាស់ដើមបណ្តឹង ប្រសិនបើនៅតែមិនអាចទទួលយកបាននិងនៅតែមិនសុខចិត្ត គឺមានសិទ្ធិប្តឹងជំទាស់ឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញជាបន្តទៀត ដើម្បីសុំឲ្យលុបឈ្មោះជនសង្ស័យទាំងនោះ។ ករណីនេះ គ.ជ.ប. ទុកពេលឲ្យ៥ថ្ងៃ ហើយក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសម្រេចក្នុងរយៈពេល១០ថ្ងៃ ហើយសេចក្តីសម្រេចជាចុងក្រោយនោះ គឺនឹងបិទផ្លូវតវ៉ា។

ជម្រើសទី២ គឺប្តឹងទៅតុលាការឲ្យដកហូតអត្តសញ្ញាណបណ្ណ ហើយយកសាលក្រម ឬសាលដីកាទៅបង្ហាញគ.ជ.ប.។

ចំពោះរឿងចម្រូងចម្រាស់ជុំវិញអត្តសញ្ញាណបណ្ណដែលជនសង្ស័យថាជាជនបរទេសកាន់ប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតនោះ  គឺអ្នកប្តឹងត្រូវបង្វែរទៅជជីកសួរខាងមន្ត្រីអត្តសញ្ញាណកម្ម ដែលជាអាជ្ញាធររបស់ក្រសួងមហាផ្ទៃវិញ។ ក៏ប៉ុន្តែរឿងនេះ គឺស្មុគស្មាញណាស់។

ហេតុនេះ ជាបឋម គេគួរយល់ថា ទំនាស់រឿងជាតិសាសន៍នៅក្នុងពេលរៀបចំការបោះឆ្នោតនេះ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនចម្លែក ពិសេសមានតែមួយនៅស្រុកខ្មែរដែរ។ នៅបរទេសផ្សេង រហូតដល់ប្រទេសជឿនលឿនខ្លះផង ក៏មានបញ្ហានេះដែរ។

ចំណុចទី២ មនុស្សជាទូទៅ គួរតែយល់និងទទួលស្គាល់ថា ក្រោយការដួលរលំនៃរបបខ្មែរក្រហម ទាហាននិងពលរដ្ឋវៀតណាម បានហូរចូល មកតាំងទីលំនៅកម្ពុជា ជិត៤០ឆ្នាំទៅហើយ។ ពួកគេទាំងនោះ ខ្លះមានប្រពន្ធខ្មែរ មានប្តីខ្មែរ និងមានកូនចៅកើតលើទឹកដីខ្មែរថែមទៀត។ ចំពោះអត្តសញ្ញាណបណ្ណដែលពួកគេទាំងនោះ បានទទួល គឺជាសំណល់នៃបញ្ហារបស់អាជ្ញាធរចាស់ ដែលដុះស្នឹមរាប់ទសវត្សរ៍មកហើយ។

ដូច្នេះហើយ បើចង់ប្តឹងឲ្យដកហូតអត្តសញ្ញាណបណ្ណ ឬប្តឹងជនបរទេសដែលកាន់កាន់ឯកសារបញ្ជាក់អត្តសញ្ញាណ មិនត្រឹមត្រូវ គឺមានតែប្តឹងផ្តល់ទៅតុលាការ ដែលជាសាលាជម្រះក្តី។

ប្រសិនបើតុលាការចេញសេចក្តីសម្រេចថា ដកហូតអត្តសញ្ញាណបណ្ណ ឬសម្រេចថា ជននោះ ប្រើអត្តសញ្ញាណបណ្ណ ពុំត្រូវត្រឹម ទើបគេអាចយកសាលាក្រម ឬសាលដីការបស់តុលាការនោះ ដែលជាភស្តុតាងរឹងមាំ ទៅស្នើសុំឲ្យ គ.ជ.ប. លុបឈ្មោះជននោះចេញពីបញ្ជីឈ្មោះបោះឆ្នោតបាន។

ទោះបីជាយ៉ាងណាក៏ដោយ ជម្រើសទាំង២ខាងលើនេះ គឺជាផ្លូវ និងជាច្រកបន្តទៀត! ក៏ប៉ុន្តែទំនងជាមិនបានសាច់ការច្រើនប៉ុន្មានឡើយ។ ហើយនៅទីបំផុត សម្រេចសម្រួចទៅ គ.ជ.ប.ថ្មី ដែលជាលទ្ធផលនៃការចរចាទំនាស់នយោបាយនោះ គឺទំនងជានៅតែបន្តរងការរិះគន់ ជៀសមិនផុត៕

 

លោក William Mclntyre៖សាលានៅស្រុកខ្មែរ មានចំណុចប្រហោងត្រូវបំពេញបន្ថែម!

img_3280

William Mclntyre

ភ្ញៀវប្រចាំថ្ងៃរបស់យើងរាត្រីនេះ គឺលោក William Mclntyre ដែលជាអ្នកតំណាងឲ្យអ្នកនិពន្ធ បណ្ឌិត Stephen R. Covey ម្ចាស់សៀវភៅ The 7 Habits។ សៀវភៅដែលលក់ដាច់ជាង៤០លានច្បាប់ ហើយដែលត្រូវបកប្រែជាង៤០ភាសានេះ នឹងត្រូវបកប្រែជាភាសាខ្មែរជាផ្លូវការ នៅឆ្នាំក្រោយ។

ថ្ងៃស្អែនេះ លោក William Mclntyre នឹងចែករំលែកកពីគន្លឹះសំខាន់ៗរបស់សៀវភៅនេះ នៅសាលាតិចណូ ក្រុងភ្នំពេញ គឺនៅក្នុងឱកាសជួបជុំជជែកគ្នាពីប្រធានបទ តើហេតុអ្វីបានជាវិស័យអប់រំមានសារៈសំខាន់។

ដូច្នេះសូមស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយនិងលោក William Mclntyre ដែលមាន OR Bunneang ជាអ្នកបកប្រែសម្រួល៖

បើ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ប្រគេន​ព្រះសង្ឃ តើ​អាចផ្លាស់​​ប្តូរសំឡេង​ឆ្នោតដែរឬទេ​?

ចំនួនព្រះសង្ឃនៅស្រុកខ្មែរ មានជាង៥ម៉ឺនអង្គ។ ក្នុងនោះគឺមានព្រះសង្ឃ តែជាង៨ពាន់៨រយអង្គ តែប៉ុណ្ណោះ ដែលបានចុះឈ្មោះបោះឆ្នោតឃុំសង្កាត់។ ការមិនសូវមានសង្ឃទៅចុះឈ្មោះបោះឆ្នោតច្រើន គឺអាចមកពីការហាមប្រាមរបស់មន្ត្រីសង្ឃជាន់ខ្ពស់ និងមកពីគ្មានអត្តសញ្ញាណប័ណ្ណ ដែលជាឯកសារចម្បងបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ ដូច្នេះសួរថា បើគេធ្វើអត្តសញ្ញាណបណ្ណប្រគេនព្រះសង្ឃ តើអាចនឹងផ្លាស់ប្តូរសំឡេងឆ្នោតដែរឬទេ? សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/id-card-vote-rfi-oudom12-01-2017

14051689_1079219295459900_516751898782147417_n

ព្រះសង្ឃមានតែជាង ៨ ៨០០ អង្គ តែប៉ុណ្ណោះ ក្នុងចំណោមព្រះសង្ឃទាំងជាង៥ម៉ឺនអង្គ ដែលបានចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ សម្រាប់ឆ្នាំ២០១៧នេះ។ មានមូលហេតុច្រើនយ៉ាងដែលបណ្តាលឲ្យព្រះសង្ឃទៅចុះឈ្មោះបោះឆ្នោត បានតិចតួចយ៉ាងដូច្នេះ។

បញ្ហាចម្បងទី១ គឺមកពីគ្មានអត្តសញ្ញាណប័ណ្ណ ដែលជាឯកសារចម្បងបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ ព្រះសង្ឃភាគច្រើននៅស្រុកខ្មែរ គឺគ្មានអត្តសញ្ញាណបណ្ណទេ មានតែបណ្ណសម្គាល់ភេទអ្នកបួស គឺព្រះឆាយា សម្រាប់ព្រះភិក្ខុ ហើយសង្ឈដីកា សម្រាប់សមណេរ។

បញ្ហាទី២ គឺមានការអំពាវវនាវណែនាំពីសំណាក់មន្ត្រីសង្ឃខ្ពស់ជាន់ខ្ពស់ នៅក្នុងអនុសំវច្ចរៈមហាសន្និបាតសង្ឃ ប្រជុំមន្ត្រីសង្ឃទូទាំងប្រទេស ដែលចេញសង្ឃប្រកាស មិនឲ្យព្រះសង្ឃប្រលូកប្រឡាក់ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយគួរតម្កល់នៅជាទីស្អាតស្អំ និងជាអព្យាក្រឹត្យ។

ទី៣ ព្រះសង្ឃអង្គខ្លះដែលមានមនសិការស្ទុះស្ទាទៅចុះឈ្មោះបោះឆ្នោតដែរ តែគ្មានឯកសារគ្រប់គ្រាន់ គ្មានសំបុត្រកំណើត គ្មានការបញ្ជាក់ទីលំនៅជាដើម។ ចូរកុំភ្លេចថា សង្ឃភាពច្រើន ពេលបួសហើយ គឺច្រើនតែបានផ្លាស់ប្តូរវត្ត ឬផ្ទេរវត្តអារាមពីជនបទទៅគង់នៅវត្តក្នុងទីក្រុង ឬទីប្រជុំជន ដើម្បីបានបន្តការសិក្សាជ្រៅជ្រះ។ ដូច្នេះ ការបញ្ជាក់ឯកសារនានា បើគ្មានការឯកភាព ឬជួយសម្របសម្រួលពីព្រះចៅអធិការវត្ត ឬអ្នកធានាផ្សេងៗទេ គឺជាការលំបាកណាស់។

ទី៤ ទៀតសោត គឺទាក់ទងនឹងឆន្ទៈនៅក្នុងចូលរួមទៅចុះឈ្មោះបោះឆ្នោតតែម្តង។ ព្រះសង្ឃខ្លះ យល់ឃើញពីភាពស្មុគស្មាញចំពោះសំណុំបែបបទឯកសារនានា ដែលបម្រើឲ្យការបោះឆ្នោតរបស់ខ្លួន គឺមិនគ្រប់គ្រាន់ ហើយក៏មិននឹកនា ឬក៏មិនខ្នះខ្នែងទៅចុះឈ្មោះតែម្តង។ ប៉ុន្តែសង្ឃអង្គខ្លះ ក៏ខំខ្នះខ្នែងទៅចុះឈ្មោះបោះឆ្នោតដែរ តែពុំមានលិខិតស្នាមត្រឹមត្រូវ បានត្រូវបាត់បង់សិទ្ធិចុះឈ្មោះ ក៏មានដែរ។

ហើយចុងក្រោយគឺពាក់ព័ន្ធនឹងផ្នត់ទម្លាប់ និងគំនិតរបស់សង្គមមនុស្ស គឺនៅតែបន្តគិតថា ព្រះសង្ឃមិនគួរចូលរួមនៅក្នុងសកម្មភាពនយោបាយនោះទេ។ ក៏ប៉ុន្តែ ជាផ្លូវការ ចំពោះច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតរបស់ជាតិខ្មែរ គឺគ្មានមាត្រាណាមួយហាមប្រាមនោះឡើយ។ ព្រះសង្ឃក៏ដូចពលរដ្ឋទូទៅដែរ មានសិទ្ធិចុះឈ្មោះបោះឆ្នោត និងសិទ្ធិទៅបោះឆ្នោត ឲ្យតែមានអត្តសញ្ញាណបណ្ណ និងឯកសារត្រឹមត្រូវ។

ដូច្នេះ សួរថា ប្រសិនបើអាជ្ញធររដ្ឋសម្រេចធ្វើអត្តសញ្ញាណបណ្ណប្រគេនព្រះសង្ឃ តើអាចនឹងធ្វើឲ្យប្រែប្រួលសំឡេងឆ្នោត ឬបង្កើតអាសនៈសភាដែរឬទេ?

ចម្លើយតាមព្រះសង្ឃមួយចំនួន និងរាប់ទាំងមន្ត្រីសង្ឃជាន់ខ្ពស់ផង គឺការធ្វើអត្តសញ្ញាណបណ្ណ ទទួលស្គាល់ភេទអ្នកបួស ថាបានកើតនៅលើទឹកដីនេះនិងមានសញ្ជាតិខ្មែរដែរនោះ គឺគ្មានការខុសឆ្គងទៅនឹងធម្មវិន័យអ្វីទេ។ ព្រះសង្ឃដែលប្រសូត្រលើទឹកដីខ្មែរ គឺគួរមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដូចពលរដ្ឋខ្មែរទូទៅដែរ។

ម្យ៉ាងឆ្លើយថាបើសង្ឃមានអត្តសញ្ញាណបណ្ណ ហើយសិទ្ធិទូលំទូលាយចូលរួមបោះឆ្នោតទៀតនោះ គឺអាចធ្វើឲ្យសំឡេងឆ្នោតផ្លាស់ប្តូរ ឬបង្កើតអាសនៈសភាយ៉ាងណានោះ ក៏មិនទាន់ប្រាកដដែរ។ ដ្បិតថា តាមលក្ខណៈបច្ចេកទេស គឺអាចមានភាពលំបាកស្មុគស្មាញក្នុងការគណនារបាយសង្ឃ។ ក៏ប៉ុន្តែ ជាក់ស្តែង ច្បាស់ណាស់ ចំពោះការបោះឆ្នោតឃុំសង្កាត់ គឺនឹងត្រូវបូកជាមួយសំឡេងពលរដ្ឋទូទៅដែរ។ ចំណែកចំពោះការបោះឆ្នោតជាតិវិញ ចំនួនព្រះសង្ឃ ប្រមាណជាង៥ម៉ឺន ចំនួនប៉ុណ្ណេះ គឺអាចស្មើ១កៅអីដែរ។ នេះបើតាមការគន់គូររបស់អ្នកនាំពាក្យគ.ជ.ប.។

ដូច្នេះ បើព្រះសង្ឃនៅទៅទូទាំងប្រទេស ទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានច្រើនអង្គ នោះ ទោះតិចឬច្រើន ច្បាស់ជា សំឡេងឆ្នោត អាចនឹងថែម ឬថយខ្លះ ចំពោះតំណាងបក្សនយោបាយណាមួយជាប្រាកដ។

ហើយវានឹងប្រែប្រួលទៅទៀត ទៅតាមឆន្ទៈ ជីវភាព និងការអប់រំរបស់សង្ឃ។ ព្រោះថា បើព្រះសង្ឃគង់នៅវត្តអារាមណាដែលមានការគំរាមតឹងតែង និងជួបអត្តខាត់ ទំនងជានឹងចង់ផ្លាសប្តូរស្ថានភាពខ្លះដែរ។

ហើយសង្ឃខ្លះទៀត ដែលមានសីលធម៌ខ្ពស់ និងបានទទួលការអប់រំជ្រៅជ្រះ ហើយបើពេលទទួលសិទ្ធិពេញទីសម្រាប់ចូលរួមសកម្មភាពនយោបាយទៀតនោះ លោកអាចនឹងចូលរួមទេសនាពន្យល់ពលរដ្ឋជាទូទៅ ឲ្យចូលរួមបោះឆ្នោតបានកាន់តែច្រើន។ ហើយទីបំផុត សំឡេងឆ្នោត អាចនឹងរឹងតែផ្លាស់ប្តូរថែមទៀត។

យ៉ាងណាក៏ដោយ ការធ្វើអត្តសញ្ញាណបណ្ណប្រគេនសង្ឃ អាចឲ្យសង្ឃចុះឈ្មោះ និងបោះឆ្នោតបានកាន់តែទូលំទូលាយ នឹងកាន់តែធ្វើឲ្យការចូលរួមគោរពសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋបានកាន់តែច្រើន ហើយនេះក៏ជាចន្ទល់ នៃប្រជាធិបតេយ្យ របស់ខ្មែរ ទៅថ្ងៃខាងមុខ ៕

លោក យ៉ែម បុញ្ញាឫទ្ធិ ៖ ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ អាច​យក​ជាការ​បាន​ច្រើន ព្រោះសុទ្ធតែ​ជា​រឿង​ជាក់​ស្តែង!​

 

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃនេះ គឺលោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ នៅថ្ងៃរសៀលនេះ , រដ្ឋមន្ត្រីក្រសួងធម្មការ និងអ្នកជំនាញជាង២០នាក់ បានទៅពន្យល់បំភ្លឺរដ្ឋសភា ពីបញ្ហាទីតាំងរបសវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ,  បញ្ហាពុទ្ធិកសាកលវិទ្យាល័យ ព្រមទាំង រឿងប្រាក់ខែនិងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា។

លោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា

លោក យ៉ែម បុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាធិការទី៧ របស់សភា

បន្ទាប់ពីបានស្តាប់ការឆ្លើយបំភ្លឺរបស់លោក ហ៊ឹម ឆែម  រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រួចមក, លោក យ៉ែម បុញ្ញាឫទ្ធិ ថា អាចយកជាការ បានច្រើន ព្រោះសុទ្ធតែជារឿងជាក់ស្តែង។

ដូច្នេះសូមស្តាប់កិច្ចសម្ភាសន៍របស់ ហេង ឧត្តម ជាមួយនឹងលោក យ៉ែម បុញ្ញាឫទ្ធិ ៖ http://km.rfi.fr/cambodia/yem-ponharith-10-01-2017