សិល្បៈ​បុរាណ​ប្រឹង​ត្រដរ​រស់​ ក្រោម​ការ​ជ្រោម​ជ្រែង​របស់​អ្នក​សិល្បៈ​និង​ផ្នែក​ឯកជន!​

កម្ពុជា ត្រូវគេទទួលស្គាល់ថាជាជង្រុកនៃសិល្បៈវប្បធម៌ ហើយមនុស្សខ្មែរស្ទើរតែគ្រប់គ្នាទន្ទេញរត់មាត់ថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណារាយជាថ្កើងថ្កាន។ ក៏ប៉ុន្តែ ទម្រង់សិល្បៈបុរាណខ្លះដែលជាផ្នែកសំខាន់នៃវប្បធម៌នោះ គឺកំពុងតែប្រឹងត្រដររស់ទាំងត្រដាបត្រដួស។ ប្រឈមមុខនឹងបញ្ហានេះ អ្នកជំនាញសិល្បៈខ្លះ បានមើលឃើញថា សិល្បៈបុរាណខ្មែរ បានប្រឹងត្រដរងើបឡើងវិញខ្លះៗ គឺដោយសារតែការជ្រោមជ្រែងរបស់អ្នកសិល្បៈខ្លួនឯង និងផ្នែកឯកជន។

សូមស្តាប់ ហេង ឧត្តម ៖

http://km.rfi.fr/cambodia/chronique-khmer-art-rfi-oudom-21-12-2016

 

មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា មានការផុសផុលសម្បើមណាស់ ក្នុងការងាកទៅចាប់អារម្មណ៍ និងគិតគូរពីទម្រង់សិល្បៈបុរាណខ្មែរ។ ជាក់ស្តែង ក្រុមយុវជន អង្គការសិល្បៈ និងផ្នែកឯកជន បានជួយបំពងសំឡេង ឲ្យមានការគិតគូរពីល្ខោនស្រមោលស្បែកធំ គឺក្រោយពីបានដឹងថា ប្រធានសមាគមល្ខោនស្បែកធំម្នាក់  បាក់ទឹកចិត្ត អស់សង្ឃឹម ហើយបិះនឹងបោះបង់ទម្រង់សិល្បៈនេះចោល ហើយទៅចាប់អាជីពជាអ្នករត់ម៉ូតូឌុប។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍សម្តែងទស្សនីយភាពនៃរបាំព្រះរាជទ្រព្យ និងល្ខោនខោល ដែល ស្តីពី ប្រវត្តិ១សតវត្សនៃរបាំនេះ គឺមានមនុស្សផ្អើលចូលទស្សនាយ៉ាងច្រើនកុះករ។ សំបុត្រចូលទស្សនា គឺលក់ដាច់អស់ មុនកាលកំណត់ទៅទៀត។

ហើយគេក៏មិនអាចភ្លេចរាប់ទេ ពីល្ខោននិយាយ រឿងកុលាបប៉ៃលិន ដែលទើបនឹងសម្តែងចប់កាលពីពេលថ្មីៗនេះ គឺមានអ្នកគាំទ្រច្រើនលើសពីការរំពឹងទុក។ ព្រោះថា កៅអី និងសំបុត្រចូលទស្សនា មានត្រឹមតែជាង៤រយសំបុត្រ តែគេលក់អស់ដល់ទៅជិត៦រយសំបុត្រឯណោះ។ ទាំងនេះ គឺជាការបំផុសគំនិតផ្តួចផ្តើមយ៉ាងសកម្ម ពីក្រុមអ្នកសិល្បៈខ្លួនឯង និងក្រុមយុវជន រួមទាំងអង្គការខាងសិល្បៈ និងមានការគាំទ្រថវិកាពីផ្នែកឯកជន។

គេក៏ត្រូវទទួលស្គាល់ដែរថា អាជ្ញាធរខាងវប្បធម៌ ក៏ខំប្រឹងណាស់ដែរ។ ដូចដែលគេបានឃើញថា របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំជាដើម បានត្រូវចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយនិងការដាក់ចាប៉ីដងវែង ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិ កាលពីពេលថ្មីៗនេះទៀត។

លើសពីនេះ ក៏មានដែរ ការប្រឡងចម្រៀងថ្នាក់ជាតិ ទាំងសម័យ និងបុរាណ ជារៀងរាល់ឆ្នាំ ក៏ជាផ្នែកមួយដែលជួយការពារទម្រង់សិល្បៈបុរាណខ្លះដែរ។ ទាំងនេះ គឺជាស្នាដៃរបស់អាជ្ញាធរសិល្បៈ ប្រកែកមិនបាន។  ក៏ប៉ុន្តែ ការប្រលងចម្រៀងបុរាណទាំងនោះ គឺហាក់មានសន្ទុះតិចតួចនៅឡើយណាស់ បើធៀបនឹងការប្រលងចម្រៀងយុវវ័យ ដូចជា The Voice Cambodia, Cambodian Idol, Cambodia’s Got Talent  ជាដើម។

ម្យ៉ាងវិញទៀត គឺគេសង្កេតជាទូទៅ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនសិស្សចុះឈ្មោះចូលរៀនរបាំបុរាណកាន់តែធ្លាក់ចុះ។ ជាក់ស្តែង នៅឆ្នាំនេះតែម្តង សិស្សចូលរៀនរបាំបុរាណមានតែជាង៣០នាក់ប៉ុណ្ណោះ។ ចំណែកអ្នកចូលរៀន ល្ខោននិយាយ សរុបទាំងនៅសាលាមធ្យមនិងនៅសាលកវិទ្យាល័យ គឺមានតែ១៣នាក់ប៉ុណ្ណោះ។ ហើយបើគិតពីអ្នកដែលមានសមត្ថភាពពេញលេញ អាចសម្តែងល្ខោននិយាយបានជ្រៅជ្រះ គឺប្រហែល៥-៦នាក់តែប៉ុណ្ណោះ។ រីឯល្ខោនខោលវិញ សិស្សចុះឈ្មោះចូលរៀនតែ៣-៤នាក់នោះទេ គឺវាកាន់តែតិចតួចមែនទែន។ ចំពោះគ្រូសិល្បៈបុរាណខ្លះ កាន់តែអស់សង្ឃឹម ពីមួយថ្ងៃទៅមួយ។ ធ្លាក់ទឹកចិត្តដោយមិនឃើញសិស្សរៀនមិនច្រើន ជារឿងមួយ! រឿងមួយទៀត គឺអាសូរនឹងជីវភាពរបស់ខ្លួន ហើយកាន់តែសង្វេគទៅនោះ គឺទ្រាំឈរមើលទម្រង់សិល្បៈដែលខ្លួនស្រឡាញ់ និងខំជ្រោមជ្រែង កំពុងតែលិចលង់បន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រឈមនឹងបញ្ហាដូច្នេះ មន្ត្រីរបស់ក្រសួងវប្បធម៌តែងតែចោទសួរទៅសាធារណៈជនវិញថា ម្នាក់ៗសុទ្ធតែថាស្រឡាញ់សិល្បៈវប្បធម៌ ប៉ុន្តែបើឲ្យខ្លួនឯង ឬឲ្យកូនចៅរបស់ខ្លួន ទៅចុះឈ្មោះចូលរៀនវិញ គឺគ្មានទេ។

ក៏ប៉ុន្តែ មហាជនសួរតបទៅវិញថា តើឲ្យកូនសិស្សទៅចុះឈ្មោះចូលរៀនសិល្បៈបុរាណម្តេចកើត បើពួកគេមិនដឹងផងថា តើរៀនទៅ បានធ្វើអ្វី? តើទីផ្សារការងាររបស់សិស្សដែលចេញពីសាលាសិល្បៈ មានកម្រិតណា? ហើយតើអ្វីទៅជាពន្លឺនៃអនាគតរបស់ពួកគេ នៅពេលដែលរៀនចប់? គឺអ្វីៗហាក់ដូចជានៅតែងងឹតឈឹងសូន្យ។ ទំនងជាហេតុនេះហើយ ទើបមិនសូវមានសិស្សច្រើននោះទេ ដែលយកអនាគតទៅប្រថុយ ជាមួយនឹងសិល្បៈបុរាណនោះ។

ជាការពិត គេពុំគួរចង្អុរមុខគ្នា ឬបន្ទោសទម្លាក់កំហុសដាក់គ្នាតទៅទៀតនេះ។ ការសំខាន់ គឺទឹកជិតដល់ច្រមុះហើយ។ ដូច្នេះ គេត្រូវតែជួយដោះស្រាយគ្នា។ គេមិនអាចជួយលើកតម្កើងសិល្បៈវប្បធម៌ត្រឹមតែបបូរមាត់បាននោះទេ។  ប្រការចម្បង គឺគេត្រូវតែធ្វើឲ្យអ្នកសិល្បៈមានជីវភាពសមរម្យជាដំបូងសិន។ ដើម្បីឲ្យអ្នកសិល្បៈមានទុនចិញ្ចឹមឆ្នាំង គឺទាល់តែមានការគាំទ្រពីសំណាក់មហាជនជាទូទៅ តាមរយៈចូលរួមលើកទឹកចិត្ត និងទិញសំបុត្រចូលទស្សនាការសម្តែងរបស់ពួកគេជាដើម។

ចំណែក អាជ្ញាធរខាងសិល្បៈវប្បធម៌ គឺមានតួនាទីសំខាន់ណាស់ ក្នុងការពន្យល់ និងបង្ហាញពីតម្លៃនៃសញ្ញាបត្រសិល្បៈបុរាណ ដែលធ្វើឲ្យកូនសិស្សឃើញថា ពួកគេអាចចិញ្ចឹមជីវិតឲ្យថ្កុំថ្កើង ឬមានអនាគតល្អ  គ្មានភាពស្រពិចស្រពិលចំពោះអនាគត។

ការសំខាន់មួយទៀត គឺត្រូវតែមានទីតាំងកន្លែងសម្តែងសិល្បៈណាមួយឲ្យជាក់លាក់ និងឲ្យទៀងទាត់ រាល់សប្តាហ៍ ឬរាល់ខែ។ កិច្ចការនេះ ដំណើរការទៅបាន គឺត្រូវតែមានការចូលរួមយ៉ាងសកម្មពីអ្នកសិល្បៈគ្រប់ទម្រង់ និងការសហការជាមួយវិស័យឯកជន៕

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s