​​កម្មករ​សំណង់ ប្រឈម​នឹងគ្រោះថ្នាក់​ច្រើន​​ជាង​កម្មករ​រោង​ចក្រ​កាត់​ដេរ!

វិស័យសំណង់ និងវិស័យកាត់ដេរ សុទ្ធតែជាផ្នែកសំខាន់នៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដូចគ្នា។ កម្មករក្នុងវិស័យទាំងពីរនេះ សុទ្ធតែមានចំនួនជាងរាប់សិបម៉ឺននាក់ឡើងទៅ។ ក៏ប៉ុន្តែបើប្រៀបធៀបពីស្ថានភាពកម្មករក្នុងវិស័យពីរទាំងនេះវិញ គឺគេអាចមើលឃើញថា កម្មករក្នុងវិស័យសំណង់ គឺប្រឈមនឹងគ្រោះថ្នាក់ច្រើនជាង! ពេលខ្លះ កម្មករសំណង់ អាចឈានដល់បាត់បង់ជីវិតផង! ប៉ុន្តែពួកគេទទួលបានអត្ថបទប្រយោជន៍តិចតួចជាងកម្មកររោងចក្រកាត់ដេរ។ តើហេតុអ្វីបានជាដូច្នេះ? សូមស្តាប់ ហេង ឧត្តម ៖

12729389_471936429666765_5736998532436238000_n

កម្មករដែលត្រូវខ្សែភ្លើងឆក់ស្លាប់ នៅក្នុងបុរីមួយ

ជាដំបូង បើពិនិត្យមើលពីប្រាក់ឈ្នួលរបស់កម្មករសំណង់និងកម្មករកាត់ដេរ ហើយបើគេមើលត្រឹមពីសំបកខាងក្រៅ គឺអាចឃើញថា ប្រាក់ឈ្នួលកម្មករសំណង់ គិតជាថ្ងៃ គឺមានចំនួនច្រើនជាងកម្មករកាត់ដេរមែន។ កម្មករសំណង់ដែលជំនាញខ្លះ អាចរកបានក្នុងមួយថ្ងៃពី៣ម៉ឺនទៅ៥ម៉ឺនរៀលឯណោះ។ ប៉ុន្តែបើសរុបជាមធ្យមភាគប្រចាំខែវិញ គឺកម្មករកាត់ដេរបានប្រាក់ខែច្រើនជាង។ ច្រើនជាងព្រោះថា កម្មករសំណង់ធ្វើការមិនជាប់លាប់ពេញៗមួយខែៗដូចកម្មកររោងចក្រកាត់ដេរទេ ព្រោះកម្មករសំណង់ភាគច្រើន ធ្វើការដោយស៊ីប្រាក់ប្រចាំថ្ងៃ តាមកន្លែងម៉ៅការនានា។ ខុសពីកម្មករកាត់ដេរ ដែលធ្វើការមានម៉ោងមានពេល និងមានការងារធ្វើពេញៗមួយខែៗ ហើយបួករួមការងារនិងប្រាក់ថែមម៉ោងទៅទៀត។

បើនិយាយពីការងារវិញ ផ្នែកសំណង់ គឺត្រូវធ្វើការធ្ងន់ធ្ងរជាង ប្រើកម្លាំងច្រើនជាង និងប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនជាងកម្មកររោងចក្រកាត់ដេរ។ ពេលខ្លះ កម្មករសំណង់ អាចឈានដល់គ្រោះថ្នាក់បាត់បង់ជីវិតផងក៏មាន។ ជាក់ស្តែង ដូចដែលគេធ្លាប់ឃើញស្រាប់ហើយថាមានកម្មករសំណង់ស្លាប់ជាញឹកញយ ដោយសារតែធ្លាក់ពីលើអគារ ឆក់ខ្សែភ្លើង និងរងគ្រោះរបួសក្នុងការងារ ព្រមទាំងការធ្លាក់សម្ភារៈ ថ្ម ដែក ឬឈើ លើកម្មករជាដើម។ មើលទៅ ដើម្បីរស់ ពួកគេធ្វើការទាំងប្រថុយប្រថាន ប្រៀបបាននឹងធ្វើការមួយថ្ងៃៗ ដោយយកជីវិតទៅប្តូរដូច្នោះដែរ! ទាំងនេះ គឺខុសគ្នាច្រើនពីកម្មកររោងចក្រកាត់ដេរ ដែលគ្រោះថ្នាក់ខ្លាំងល្មម ភាគច្រើន អាចដល់ត្រឹមសន្លប់តែប៉ុណ្ណោះ។

ថ្លែងពីកន្លែងស្នាក់នៅ បើទោះបីជាកម្មករកាត់ដេរ រស់នៅក្នុងស្ថានភាពលំបាកវេទនា ជួលផ្ទះគេនៅតូចចង្អៀត ខ្វះអនាម័យ រស់នៅជុំគ្នា និងមានគ្នាច្រើនក្តីក៏ពិតមែន តែពួកគេអាចមានដំបូលជ្រកសមល្មម អាចជ្រកភ្លៀងជ្រកថ្ងៃបានដែរ។ ក៏ប៉ុន្តែកម្មករក្នុងវិស័យសំណង់វិញ ភាគច្រើន គឺពួកគេត្រូវទទួលទានដំណេកនៅតាមការដ្ឋាន ក្រោមតង់កៅស៊ូ ឬគ្មានទីកន្លែងស្រួលបួលប៉ុន្មានទេ។ កម្មករសំណង់ខ្លះ ត្រូវរស់តាមការដ្ឋាន ដោយផ្លាស់ទីតាមការងារជានិច្ច ព្រោះថាជាការងារបែបម៉ៅការ។ លើកលែងតែការដ្ឋានរបស់ក្រុមហ៊ុនធំៗដែលត្រូវធ្វើរាប់ខែឆ្នាំ ទើបគេអាចនៅមួយកន្លែងបានយូរបន្តិច។

បើសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ផ្សេងៗ ទាំងលក្ខខណ្ឌការងារ និងប្រាក់រង្វាន់ រួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗជាដើម កម្មកររោងចក្រកាត់ដេរ បានទទួលច្រើននិងគួរសមជាងកម្មករសំណង់។ កម្មករសំណង់ គឺស៊ីប្រាក់ប្រចាំថ្ងៃ បើឈឺឬរវល់ អត់បានទៅធ្វើការ ក៏អត់ប្រាក់ប្រចាំថ្ងៃដែរ ហើយបើធ្វើការថ្ងៃសៅរ៍អាទិត្យ ក៏គិតតែមួយថ្ងៃដូចគ្នានឹងថ្ងៃធម្មតាដែរ ហើយមិនមានការឈប់សម្រាកត្រឹមត្រូវ ដូចកម្មកររោងចក្រកាត់ដេរនោះទេ។

ងាកទៅមើលពីការយកចិត្តទុកដាក់វិញ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ដោយសារតែកម្មករមានគ្នាច្រើនជាង ច្រើនដល់ទៅជាង៧០ម៉ឺននាក់ ធ្វើឲ្យពួកគេមានសហជីពច្រើនជាងដែរ គឺដល់ទៅជាង២ពាន់សហជីពឯណោះ។ ក្រុមសហជីពដែលខ្លាំងនិងសកម្មមួយចំនួន បាននិងកំពុងតែដើរតួសំខាន់ ក្នុងការទាមទារសិទ្ធិកម្មករ និងចរចាដំឡើងប្រាក់ខែរបស់ក្រុមកម្មករកាត់ដេរ ជារៀងរាល់ឆ្នាំ។ ហើយដោយសារតែវិស័យវាយនភណ្ឌកាត់ដេរ ជាឆ្អឹងខ្នងសំខាន់របស់សេដ្ឋកិច្ចជាតិ និងសំខាន់ក្នុងវិស័យនាំចេញផងនោះ ទាំងស្ថាប័នរដ្ឋនិងក្រុមសង្គមស៊ីវិល បានចូលរួមជំរុញការយកចិត្តដាក់ខ្លាំងក្នុងវិស័យនេះ។ ចំណែកវិស័យសំណង់វិញ កម្មករមានគ្នាក៏តិច តែប្រមាណជិត៣០ម៉ឺននាក់ ហើយសហជីពក៏កាន់តែតិចតួចទៅទៀត ដែលប្រហែលតែ៤ឬ៥ ហើយសហជីពដែលសកម្មនិងខ្លាំងក្លានោះ គឺមានតែ១ ឬ២ប៉ុណ្ណោះ។ ងាកទៅមើលការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធ វិស័យសំណង់គឺដូចជាមិនសូវមានការយកចិត្តទុកដាក់ឲ្យផុសផុលប៉ុន្មានទេ បើប្រៀបធៀបទៅនឹងវិស័យកាត់ដេរ។

ដូច្នេះ ជាដំណោះស្រាយ ក្រសួងនិងស្ថាប័នមានសមត្ថកិច្ច ត្រូវតែឲ្យឧស្សាហ៍ចុះអធិការត្រួតពិនិត្យការដ្ឋាន និងដាក់វិធានការតឹងរឹងដល់ក្រុមហ៊ុនសំណង់ ឲ្យបំពាក់សម្ភារៈសុវត្ថិភាពដល់កម្មករ ដើម្បីការពារអាយុជីវិតរបស់ពួកគេ។

លើសពីនេះ គឺត្រូវជួយពង្រឹងតម្លៃប្រាក់ឈ្នួលឲ្យមានស្តង់ដារមួយត្រឹមត្រូវ ដោយឆ្លងកាត់ការវាយតម្លៃជាក់លាក់ ហើយត្រូវធ្វើយ៉ាងណាឲ្យថៅកែ និងអ្នកម៉ៅការសំណង់ទាំងឡាយ យល់ថា ការងារនេះមិនត្រូវគិតប្រកាន់ភេទប្រុសឬស្រីនោះឡើយ។ ស្ត្រីកម្មករសំណង់ក៏ត្រូវទទួលបានប្រាក់ខែស្មើនឹងកម្មករបុរសដែរ ព្រោះថា បើតាមច្បាប់ ការងារដូចគ្នា គឺត្រូវបានប្រាក់ស្មើគ្នា។

ចំណែកក្រុមកម្មករសំណង់ខ្លួនឯង ក៏ត្រូវតែចេះក្រោកឈរ និងប្រមូលគ្នាចងក្រងជាសហជីព ដើម្បីធ្វើសកម្មភាពទាមទារសិទ្ធិកម្មករក្នុងវិស័យរបស់ខ្លួន។ គេត្រូវតែយល់ថា កាលណាពួកគេមានគ្នាច្រើន កម្លាំងកាន់តែធំ និងមានជាសហជីពត្រឹមត្រូវទៀតនោះ ទឹកមាត់របស់ពួកគេគឺប្រៃជាងធម្មតា ក្នុងការចរចាជាមួយថៅកែ និងអ្នកម៉ៅការ។

រីឯសហជីពក្នុងវិស័យសំណង់ដែលកំពុងតែមានតិចតួចស្រាប់នេះ គឺត្រូវតែសហការគ្នា ហើយត្រូវជួយពង្រឹងនិងពង្រីកសកម្មភាពឲ្យច្រើននិងខ្លាំងជាងមុន ដើម្បីផ្តល់ផលប្រយោជន៍ដល់កម្មករសំណង់ក្រីក្រ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s