បន្ថែមលើការនាំចេញកសិផល កម្ពុជាគួរតែពង្រឹងទីផ្សារ និងកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុក!

កាលពីពេលថ្មីៗនេះ អាជ្ញាធរកសិកម្ម បានបញ្ជាក់ថាកម្ពុជាគ្រោងនឹងនាំចេញ ចេក ស្វាយ និងសណ្ដែកសៀង ទៅកាន់ប្រទេសចិន។  ទន្ទឹមនឹងការចង់នាំចេញនេះ កម្ពុជាដែលមានឈ្មោះថាជាប្រទេសកសិកម្ម ក៏កំពុងតែនាំចូលនូវបន្លែនិងផ្លែឈើរាប់សិបតោន ក្នុងមួយថ្ងៃៗ។ អ្នកជំនាញ យល់ឃើញថា គេគួរតែពង្រឹងនិងផ្គត់ផ្តង់ទីផ្សារក្នុងស្រុក ព្រមទាំងកែច្នៃកសិផលវត្ថុធាតុដើមនោះ ហើយនាំចេញផលិតផលសម្រេចវិញ ទើបជាជម្រើសប្រសើរជាង។ សូមស្តាប់ ហេង ឧត្តម ៖

ពីម្សិលមិញ ល្ពៅ ធ្លាក់ថ្លៃដល់ត្រឹម២០០រៀល ក្នុង១គីឡូក្រាម នៅខេត្តព្រះវិហារ ជាប់ព្រំដែនថៃ។  @Kieng So Heng

 ល្ពៅ ធ្លាក់ថ្លៃដល់ត្រឹម២០០រៀល ក្នុង១គីឡូក្រាម នៅខេត្តព្រះវិហារ ជាប់ព្រំដែនថៃ កាលពីពេលកន្លងទៅ។ @Kieng So Heng

និយាយពីការនាំចេញទំនិញកសិផលទៅក្រៅប្រទេស, កន្លងមក កម្ពុជា បានទទួលជោគជ័យយ៉ាងខ្លាំងខាងនាំចេញ អង្ករក្រអូប និង ម្រេចកំពត ពិសេសគឺនាំទៅកាន់សហភាពអឺរ៉ុប។ ចំណែក ស្វាយ ក៏ត្រូវបាននាំចេញក្រៅផ្លូវការទៅកាន់ប្រទេសជិតខាងផងដែរ។ ហើយពេលថ្មីៗនេះទៀត អាជ្ញាធរខាងកសិកម្ម ក៏បានអះអាងជាស្រេចហើយថាកម្ពុជាគ្រោងនឹងនាំចេញ ចេក ស្វាយ និងសណ្តែកសៀង ទៅកាន់មហាយក្សចិនថែមទៀត។ ទោះយ៉ាងនេះក្តី និន្នាការនៃការនាំចេញ ត្រូវគេមើលឃើញថា ហាក់នៅមានចំនួនកម្រិតតិចតួចស្តួចស្តើងនៅឡើយ បើធៀបនឹងការនាំចូលទំនិញកសិផលពីបរទេស។

ខណៈដែលកម្ពុជា អះអាងថាខ្លួនគឺជាប្រទេសកសិកម្ម ហើយមានប្រជាពលរដ្ឋច្រើនលើសលុបគឺជាកសិករ ប៉ុន្តែជារៀងរាល់ថ្ងៃ ដែនដីសុវណ្ណភូមិមួយនេះ កំពុងនាំចូលបន្លែផ្លែឈើ និងដំណាំកសិផលផ្សេងៗទៀត រាប់សិបតោនក្នុងមួយថ្ងៃៗពីប្រទេសជិតខាងទៅវិញ។

ជាការពិតណាស់ ហើយក៏មិនមែនជារឿងចម្លែកនោះដែរ ដែលប្រទេសនីមួយៗ ត្រូវការនាំចូលទំនិញពីប្រទេសដទៃ! ក៏ប៉ុន្តែវាប្រហែលមិនមែនជារឿងធម្មតានោះទេ បើកម្ពុជាជាប្រទេសកសិកម្មស្រាប់ទៅហើយ តែបែរជានៅចាំបាច់ពឹងពាក់ខ្លាំង ចំពោះការនាំចូលបន្លែនិងផ្លែឈើពីប្រទេសជិតខាងទៀតនោះ។ ហើយបើការនាំចូលផលិតផលកសិកម្មវិសេសវិសាល ដែលដាំក្នុងស្រុកមិនបាន បែបមិនជាថ្វីទេ ក៏ប៉ុន្តែសព្វបើគ្រាន់តែស្លឹកគ្រៃ ស្ពៃក្ដោប ត្រកួន ឬត្រសក់ ជាដើម ក៏ត្រូវនាំចូលរាប់សិបតោនដែរនោះ គឺជារឿងដែលអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវតែចាប់អារម្មណ៍គិត និងត្រូវយកចិត្តទុកដាក់ឡើងវិញ។

ទោះជាយ៉ាងនេះក៏ដោយចុះ ការនាំចេញទំនិញកសិផលទៅក្រៅប្រទេសជាជម្រើសល្អមួយហើយ ក៏ប៉ុន្តែនៅពេលដែលក្នុងស្រុកកំពុងតែខ្វះបន្លែផ្លែឈើ ហើយចាំបាច់នាំចូលពីបរទេសនោះ តែខ្លួនប្រឹងតែនាំចេញកសិផលមួយចំនួនតូច ក៏មិនទំនងជាល្អប៉ុន្មានដែរ។ ដូច្នេះ ការពង្រឹងគុណភាព និងបង្កើនបរិមាណដំណាំកសិកម្មគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ និងពង្រីកទីផ្សារកសិផលនៅក្នុងស្រុក គឺជារឿងចាំបាច់។ ចាំបាច់ព្រោះថា ជាការលើកកម្ពស់តម្លៃកសិផលនៅក្នុងប្រទេស ហើយនិងលើកតម្កើងកម្រិតជីវភាពប្រជាកសិករខ្មែរ ព្រមទាំងជាការលើកស្ទួយមុខមាត់ «កម្ពុជារាជាណាចក្រអច្ឆរិយៈខាងកសិកម្ម» ផងដែរ។

មានជម្រើសល្អទៀតបន្ថែមដែលគេអាចមើលឃើញ! នោះគឺការកែច្នៃវត្ថុធាតុដើម គឺកែច្នៃដំណាំកសិផលឲ្យទៅជាកសិឧស្សាហកម្មចំណីអាហារ។ នេះគួរតែជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងនាំទាក់ទាញអ្នកវិនិយោគទុក ឬអូសទាញអ្នកមាន មហាសេដ្ឋីខ្មែរឲ្យដាក់ទុនក្នុងវិស័យនេះ។

ត្បិតថា ដំណើការកែច្នៃនេះ គឺធ្វើឲ្យកម្ពុជាកាន់តែចំណេញច្រើនជាងការនាំចេញកសិផលទាំងដុល ដែលគេហៅថាវត្ថុធាតុដើមនោះ។ ការកែច្នៃផលិតផលដំណាំនៅក្នុងស្រុក ឲ្យចេញជានំចំណី ឬជាតំណាប់ ឬក៏ទៅជាបង្អែមស្ងួត ចិតជាចំណិត ដោយមានការវេចខ្ចប់ត្រឹមត្រូវ តាមបែបផែនឧស្សហកម្មចំណីអាហារ គឺទំនងជាអាចជួយជំរុញទំនើបភាពនៃវិស័យកសិកម្មខ្មែរ ឲ្យវារនិងដើរចេញពីកសិកម្មយថាផលបាន។ ថែមពីនេះ គឺជួយកាត់បន្ថយអត្រាដំណាំកសិផលដែលជុញ គរឲ្យស្អុយរលួយនោះទៀតផង។

ការកាន់តែចំណេញថែមទៀតនោះ គឺថា ក្នុងដំណើរការផលិតកម្មកែច្នៃនេះតែ  គឺត្រូវការកម្លាំងពលកម្មច្រើន ពិសេសកម្មករ! ដែលនេះគឺនឹងបានជាផលប្រយោជន៍សម្រាប់កម្ពុជាទាំងអស់តែម្តង។

ក្រៅពីការពង្រីងទីផ្សារក្នុងស្រុក និងកែច្នែវត្ថុធាតុដើម, ការសំខាន់ទៀតនេះ គឺត្រូវជួយកសិករឲ្យចាកផុតពីការធ្វើស្រែប្រវាស់នឹងមេឃ។ ប្រព័ន្ធធារាសាស្ត្រ ជាមធ្យោបាយសំខាន់យកតែមែនទែន។

រីឯក្រសួងពាក់ព័ន្ធត្រូវតែធ្វើការឲ្យសកម្មនិងខ្លាំងជាងមុនដែរ។ តួយ៉ាងក្រសួងកសិកម្មនិងក្រសួងពាណិជ្ជកម្មជាដើម គឺត្រូវធ្វើការរួមគ្នា និងចែករំលែកការវាយតម្លៃឲ្យគ្នាទៅវិញទៅមក ពីទំហំលទ្ធភាពផលិតកម្មរបស់កសិករខ្មែរ និងផ្តល់ព័ត៌មានជាក់លាក់ពីតម្រូវការរបស់ឈ្មួញវិនិយោគ ឬអ្នកបញ្ជាទិញ ទៅដល់ប្រជាកសិករ។

លើសពីនេះ គេត្រូវសិក្សាឲ្យលម្អិតនិងផ្សព្វផ្សាយឲ្យប្រជាកសិករដឹងឲ្យច្បាស់ តើថាក្នុងឆ្នាំនីមួយ ត្រូវការស្រូវប៉ុន្មាន? ត្រូវការដំឡូងប៉ុន្មាន? ស្វាយ ពោត ល្ពៅ សណ្តែក និងដំណាំផ្សេងៗទៀត ក្នុងចន្លោះពីប៉ុន្មានតោនទៅតោនប៉ុន្មានជាដើម ដើម្បីប្រជាកសិករងាយស្រួលដាំតម្រូវតាមទីផ្សារ ហើយដើម្បីជៀសវាងការដាំដុះច្រើនជុញដំណាំតែមួយមុខពីរ ហើយចាលទីផ្សារ ត្រូវគរទុកចោលស្អុយរលួយ។

បើមិនធ្វើបានដូច្នេះទេ ហើយការអង្គុយរំពឹងតែការនាំចេញកសិផលដ៏តិចតួចនោះ គឺទំនងជាមិនបានផលច្រើនដល់ប្រជាកសិករពិតនោះទេ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s