សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ស្ថិត​ក្រោម​គំនាប​​នៃពាក្យថា​«ព័ត៌មាន​សម្ងាត់» និង​​«សន្តិសុខជាតិ»!

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កំពុងតែស្ថិតក្នុងការជជែកពិភាក្សា ហើយគ្រោងនឹងអនុម័តឲ្យប្រើប្រាស់នៅថ្ងៃអនាគត។ ច្បាប់នេះមានសារៈសំខាន់ណាស់ ដែលតម្រូវឲ្យអាជ្ញាធរសាធារណៈផ្តល់ព័ត៌មានដល់សាធារណជន ហើយក៏ត្រូវគេរំពឹងថា នឹងបើកចំហសេរីភាពព័ត៌មានច្រើនជាងមុន។ ក៏ប៉ុន្តែពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួន នៅតែព្រួយបារម្ភថា «សិទ្ធិទទួលបានព័ត៌មាន» នឹងត្រូវបានរឹងត្បិត ព្រោះតែស្ថិតក្រោមគំនាបនៃពាក្យថា«ព័ត៌មានសម្ងាត់» និង«សន្តិសុខជាតិ»។

សូមស្តាប់ ហេង ឧត្តម ៖http://km.rfi.fr/cambodia/-a2i-RFI-Oudom-08-09-2016

img_0883

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ស៊ីពេលអស់ជាង១០សម្រាប់ការតស៊ូមតិ ហើយនៅឆ្នាំ២០១៣ ប្រមុខរដ្ឋាភិបាល បានបញ្ជាឲ្យចាប់ផ្តើមព្រាងមែនទែន។ ក្រោយមកក្រសួងនិងអង្គការដៃគូផ្សេងទៀត បានចាប់ផ្តើមធ្វើគម្រោងព្រាងបានជាង១ឆ្នាំកន្លះ ហើយច្បាប់នេះអាចគ្រោងនឹងសម្រេចរួចរាល់នៅពាក់កណ្តាលឆ្នាំក្រោយឯណោះ។

មូលហេតុនៃការយឺតយ៉ាវ ត្រូវគេពន្យល់ថា មកពីច្បាប់នេះ មានវិសាលភាពធំទូលាយ ហើយទម្រាំសម្រេចពីមួយពាក្យទៅមួយពាក្យ គឺត្រូវឲ្យអ្នកជំនាញ អ្នកច្បាប់ និងសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដែលជាក្រុមព្រាងច្បាប់នេះ ជជែកគ្នាយ៉ាងយូរ។ លើសពីនេះ គឺនៅមានពាក្យថា «ព័ត៌មានសម្ងាត់» និង«សន្តិសុខជាតិ» ក៏បាននឹងកំពុងតែខ្ទាស់មិនឲ្យច្បាប់នេះ លេចរូបរាង បានឆាប់រហ័សដែរ។

តើអ្វីទៅថាជា«ព័ត៌មានសម្ងាត់»និង«សន្តិសុខជាតិ»? ពាក្យទាំងពីរនេះ គឺនៅតែបង្កភាពចម្រូងចម្រាស់នៅឡើយ។ រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានការកំណត់និយមន័យឲ្យជាក់លាក់ច្បាស់លាស់ជាផ្លូវការនៅឡើយទេ។

ទោះយ៉ាងនេះក្តី ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មាត្រា២០  បានសរសេរថា ស្ថាប័នសាធារណៈអាចបដិសេធ មិនផ្តល់ព័ត៌មាន ប្រសិនបើព័ត៌មាននោះ ធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ,  អន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ និងអន្តរាយដល់សេដ្ឋកិច្ច ព្រមទាំងហិរញ្ញវត្ថុសាធារណៈជាតិ។

មិនតែប៉ុណ្ណោះ ព័ត៌មានសម្ងាត់ គឺជាព័ត៌មានដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការរៀបចំគោលនយោបាយរបស់រដ្ឋាភិបាល និងប៉ះពាល់ដល់សំណុំរឿងក្តី ឬក៏ការសម្ងាត់របស់តុលាការ។ លើសពីនេះ ព័ត៌មានដែលប៉ះពាល់ដល់អាថ៌កំបាំងឯកជនបុគ្គល រួមបញ្ចូលទាំងសំណុំរឿងរបស់មន្ត្រីរាជការ សំណុំរឿងពាក់ព័ន្ធបញ្ហាសុខភាព សំណុំរឿងវិវាទនីតិឯកជនជាដើម ក៏ត្រូវចាត់ទុកជាព័ត៌មានសម្ងាត់ដែរ។

ចំណែកពាក្យថា «ព័ត៌មានប៉ះពាល់សន្តិសុខជាតិ» ត្រូវសេចក្តីព្រាងច្បាប់ដដែលនេះ សរសេរថា ព័ត៌មានទាំងឡាយណា ដែលអាចនាំឲ្យមានការគ្រោះថ្នាក់ ដល់បូរណភាពទឹកដី និងនិរន្តរភាពដែលជាអាយុជីវិតជាតិ ព្រមទាំងព័ត៌មានដែលប៉ះពាលដល់កងយោធា និងនគរបាល ដែលការបែកធ្លាយនាំឲ្យមានគ្រោះថ្នាក់ដល់ការបំពេញបេសកកម្ម ឬប្រតិបត្តិការសឹក។

ជារួម គេនៅតែមើលឃើញថា វិសាលភាពនៃពាក្យថា «ព័ត៌មានសម្ងាត់» និងពាក្យ«ព័ត៌មានសន្តិសុខជាតិ» នេះ គឺធំទូលំទូលាយ ដែលជាសេចក្តីព្រួយបារម្ភរបស់មហាជនជាទូទៅ ព្រោះថា បើទីបំផុត អាជ្ញាធរសាធារណៈ ចង់មានលេស បដិសេធ មិនព្រមផ្តល់ព័ត៌មាន គឺគ្រាន់តែឆ្លើយថា ជា«ព័ត៌មានសម្ងាត់» និង«សន្តិសុខជាតិ» គឺចប់ស្រេចបាត់ទៅហើយ។ ហេតុនេះ វិសាលភាពនៃសិទ្ធិទទួលបានព័ត៌មាន គឺស្ថិតក្រោមគំនាបពាក្យទាំងពីរនេះតែម្តង។

ដូច្នេះ ក្នុងដំណាក់កាល ដែលច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ស្ថិតក្នុងដំណាក់កាលជាសេចក្តីព្រាងនៅឡើយ, ដំណោះស្រាយជាដំបូងទី១បំផុត គឺគេគួរតែកំណត់និយមន័យពិតប្រាកជាក់លាក់និងច្បាស់លាស់ថា អ្វីជា«ព័ត៌មានសម្ងាត់» និងអ្វីជា«សន្តិសុខជាតិ»? ហើយនិយមន័យនេះ គឺជាខ្លឹមសារដែលមានការឯកភាពពីសង្គមស៊ីវិល អ្នកជំនាញ អ្នកច្បាប់ និងអ្នកនយោបាយ  ហើយវាសមស្របទៅតាមបទដ្ឋានអន្តរជាតិ ដែលអាចទទួលយកបាន ដោយផ្អែកទៅលើខ្នាតវាស់ត្រឹមត្រូវជាក់លាក់។

ក៏ប៉ុន្តែនៅពេលខ្លះ គេមើលឃើញថា បើទោះបីជាមានការកំណត់និយមន័យពិតប្រាកដហើយក៏ដោយចុះ ក៏នៅតែមានការបកស្រាយផ្សេងៗពីគ្នា។ ដូច្នេះ ជំហានទី២ គឺការបកស្រាយគួរតែឯកភាពយល់ស្របគ្នាស្រេចឲ្យហើយ ទាំងអ្នកច្បាប់ទាំងអ្នកនយោបាយមិនត្រូវឲ្យមានការបកស្រាយ កេងយកចំណេញតែរៀងៗខ្លួននោះទេ។ ពោលគឺការបកស្រាយគួរត្រូវឈរលើផលប្រយោជន៍រួមរបស់ជាតិ។ នោះទើបច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលនឹងប្រសូត្រចេញមកនោះ បម្រើប្រយោជន៍សង្គមខ្មែរពិតប្រាកដ។

ចំណែកឯដំណើរការអនុវត្តជាក់ស្តែងមែនទែនវិញ អាជ្ញាធរគួរតែប្រកាន់គោលការបើកចំហឲ្យច្រើនបំផុត ហើយគ្រប់ស្ថាប័នសាធារណៈទាំងអស់ ត្រូវតែគោរពគោលការណ៍នៃការលាតត្រដាងព័ត៌មានជាអតិបរមា។ បានសេចក្តីថា គឺត្រូវកាត់បន្ថយព័ត៌មានសម្ងាត់ឲ្យមានកម្រិតទាបបំផុត ទើបច្បាប់នេះអាចមានប្រសិទ្ធភាព និងសម្រេចបាននូវសិទ្ធិទទួលព័ត៌មានសម្រាប់សាធារជន៕

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s