ក្រសួង​សេដ្ឋកិច្ច​អះអាង​ជាថ្មី​ពី​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ក្នុង​រង្វង់​៧% សម្រាប់​ឆ្នាំ​នេះនិង​ឆ្នាំក្រោយ!​

នៅថ្ងៃនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញរបាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ច ជាផ្លូវការ និងជាលើកដំបូងបំផុត។ នៅក្នុងបទបង្ហាញពីអ្នកជំនាញ និងសេដ្ឋវិទូវ័យក្មេងរបស់ក្រសួង បានបន្តអះអាងជាថ្មីទៀតថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តមានកំណើនរឹងមាំ ក្នុងរង្វង់៧% សម្រាប់ឆ្នាំ២០១៦នេះ និងឆ្នាំ២០១៧ខាងមុខ។ ទោះយ៉ាងណានេះក្តី ក្រសួងបានទម្លាយប្រាប់ថា បញ្ហាក្នុងវិស័យឥណទាន ធនាគារនិងមីក្រូហិរញ្ញវត្ថុ ព្រមទាំងវិស័យអចលនទ្រព្យ គឺមានហានិភ័យខ្លះ។ លើសពីនេះ ការថមថយសេដ្ឋកិច្ចនៅស្រុកចិន ក៏ជះឥទ្ធិពលដល់កម្ពុជាផងដែរ។

ហេង ឧត្តម រាយការណ៍ ៖

IMG_0759

នៅចំពោះមុខអ្នកជំនាញហិរញ្ញវត្ថុមកពីស្ថាប័នអន្តរជាតិធំៗ ដូចជា ធនាគារពិភពលោកWorld Bank, អង្គការរូបិយវត្ថុអន្តរជាតិ FMI, និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាដើម, លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងដោយមានមោទនភាពថា ពីមុនធ្លាប់តែស្ថាប័នអន្តរជាតិជាអ្នកវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែនៅពេលនេះ ក្រសួងអាចចេញរបាយការណ៍វាយតម្លៃ ដោយខ្លួនឯងបានហើយ និងថែមទាំងបានបណ្តុះបណ្តាលសេដ្ឋវិទូវ័យក្មេងជាច្រើនថែមទៀត។

ក្រៅពីលើកសរសើរស្ថាប័នរបស់ខ្លួននេះ លោក វង្សី វិស្សុត បានប្រាប់ពីការវាយតម្លៃចំពោះវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាជាទូទៅ នៅពាក់កណ្តាលឆ្នាំ២០១៦នេះ ថាមានកំណើនរឹងមាំ ហើយនិងរំពឹងថានឹងបន្តរឹងមាំទៅមុខទៀត នៅឆ្នាំ២០១៧។ លោកបានពន្យល់បង្ហាញពីវិស័យនីមួយៗ តាំងពីវិស័យកាត់ដេរ និងសំណង់ គឺនាំមុខគេ ហើយបើទោះបីវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម មានការថមថយបន្តិចក្តី ក៏កំណើននៃវិស័យនាំចេញ អាចទប់ទល់នឹងការថមថយនេះបាន ដែលអាចបណ្តាលឲ្យរក្សាទំហំកំណើនសេដ្ឋកិច្ចនៅរង្វង់៧ភាគរយ។

ចំណែកក្នុងវិស័យពន្ធដារនិងពន្ធគយ តំណាងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដដែល បានសង្កត់ធ្ងន់ថា ដោយសារតែយុទ្ធសាស្ត្រប្រមូលពន្ធបានត្រូវរឹងបណ្តឹង ចំណូលពីការប្រមូលពន្ធ គឺមានការកើតឡើង លើសពីការរំពឹងទុក។ ពោលគឺការរំពឹងទុកត្រឹមតែ១៧,៣៥% តែជាក់ស្តែង បានកើនដល់ទៅ១៨%ឯណោះ។

ទោះបីជាក្រសួងតែងតែលើកសរសើរពីកិច្ចការនិងការខិតខំប្រឹងរបស់ស្ថាប័នខ្លួនក្តី ក៏នៅទីបំផុតក្រសួងបានទទួលស្គាល់ពីបញ្ហានិងក្តីបារម្ភខ្លះដែរ។ នោះគឺក្នុងវិស័យកម្ចីឥណទាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងវិស័យអចលនទ្រព្យ ដែលបានកំពុងតែមានហានិភ័យខ្លះៗ។ លើសពីនេះ ក្រសួងសេដ្ឋកិច្ចក៏ទទួលស្គាល់ដែរថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅស្រុកចិន ក៏ជះឥទ្ធិពលដល់កម្ពុជាដែរ។ មិនតែប៉ុណ្ណោះ នៅមានហានិភ័យរាយរងផ្សេងទៀត ដូចជាបញ្ហាអាកាសធាតុ, ភាពមិនច្បាស់នៃទស្សនវិស័យរបស់ប្រទេសដៃគូពាណិជ្ជកម្ម, ការរឹងបណ្តឹងគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក, និងភាពតានតឹងសកល តួយ៉ាងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ជាដើម បានជះឥទ្ធិពល ដល់ស្ថានភាពសេដ្ឋកិច្ចជាទូទៅរបស់សលកលោក មិនមែនតែស្រុកខ្មែរនោះទេ។

ជាការសរុបរួមនៅចំពោះមុខតំណាងពីក្រសួងស្ថាប័នរដ្ឋ មន្ត្រីរាជការ ព្រមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ស្ថានភាពជាទូទៅនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា គឺមិនមានបញ្ហាគួរឲ្យបារម្ភធ្ងន់ធ្ងរនោះទេ តែការសំខាន់ត្រូវតែពង្រឹងការងារ ប្រឹងប្រែងអនុវត្តសកម្មភាពជាក់ស្តែង ព្រមទាំងកែប្រែគោលនយោបាយសេដ្ឋកិច្ចដែលជាម៉ាស៊ីនចាស់ ឲ្យដំណើរការល្អឡើងវិញ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s