រដ្ឋាភិបាល​ផ្តើម​ឈប់​គេច​វេះ​ពីការ​រិះគន់?

ចាប់តាំងពីពេលធ្វើកំណែទម្រង់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣មក គេសង្កេតឃើញថា រដ្ឋាភិបាលនីតិកាលទី៥នេះ បានផ្តើមទទួលយកការរិះគន់ ឈប់គេចវេះ ហើយហ៊ានប្រឈមមុខនឹងបញ្ហាច្រើនជាងមុន។ ការផ្តើមឈប់គេចវេះពីការរិះគន់នេះ គឺគេអាចឃើញយ៉ាងច្បាស់ក្នុងវិស័យកំណែទម្រង់អប់រំ និងបរិស្ថានជាដើម។ ក៏ប៉ុន្តែ នៅមានវិស័យសំខាន់ៗផ្សេងទៀត ដែលរដ្ឋាភិបាល ត្រូវបើកចំហចិត្តទទួលយកការរិះគន់និងកែលម្អ ដើម្បីវឌ្ឍនភាពសង្គម និងដើម្បីទាក់ទាញចិត្តពលរដ្ឋម្ចាស់ឆ្នោត។

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/politic-25-08-2016

14079703_1079219148793248_3788629387634893736_n

មុនកំណែទម្រង់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ គេសង្កេតឃើញជាទូទៅ ថារដ្ឋាភិបាល ហាក់បានព្យាយាមគេចវេះពីបញ្ហា បដិសេធ ឬច្រានចោលតែម្តង ចំពោះការរិះគន់របស់សង្គមស៊ីវិល ហើយរកមូលហេតុផ្សេងៗដើម្បីការពារខ្លួន និងថែមទាំងចោទត្រឡប់ទៅក្រុមសង្គមស៊ីវិលវិញថា មាននិន្នាការលម្អៀង និងមើលឃើញតែចំណុចខ្មៅ ឬចំណុចអាក្រក់របស់រដ្ឋអំណាច។

ក៏ប៉ុន្តែ ប៉ុន្មានរយៈពេលចុងក្រោយនេះ រដ្ឋាភិបាល បានសម្តែងសមានចិត្ត ហ៊ានទទួលស្គាល់ការពិត និងមើលឃើញអ្វីដែលជាការលើកឡើងរបស់សង្គមស៊ីវិលថាជាបញ្ហា ហើយទទួលស្គាល់ថាជាការខ្វះចន្លោះរបស់ខ្លួន ហើយជំរុញឲ្យចូលរួមដោះស្រាយទាំងអស់គ្នា។

គេមានឧទាហរណ៍ជាក់ស្តែងមួយចំនួនដើម្បីពន្យល់រឿងនេះ។ ទី១គឺក្នុងវិស័យបរិស្ថានតែម្តង ដែលក្រុមសកម្មជនការពារធនធានធម្មជាតិនិងសង្គមស៊ីវិលខាងបរិស្ថានមួយចំនួន បានប្រឹងស្រែកតវ៉ានិងធ្វើយុទ្ធនាការផ្សេងៗ ដើម្បីទាមទារការយកចិត្តទុកដាក់ និងដំណោះស្រាយពីរដ្ឋាភិបាល។ ក៏ប៉ុន្តែនៅពេលពីមុន បញ្ហាមិនត្រូវបានដោះស្រាយទេ ប៉ុន្តែថែមទាំងមានចំណាត់ការធ្វើទុក្ខបុកម្នេញផ្សេងៗ រហូតដល់ចាប់ចង់ និងបង្ករឿងក្តីក្តាំដល់ពួកគេទាំងនោះទៀតផង។

ទោះជាយ៉ាងនេះក្តី ការបើក«វេទិកាការពារនិងអភិរក្សធនធានធម្មជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលថ្មីៗកន្លងទៅនេះ គឺបានបង្ហាញពីឆន្ទៈដោះស្រាយបញ្ហា ហើយក៏បង្ហាញពីការឈប់គេចវេះពីបញ្ហារបស់រដ្ឋាភិបាល យ៉ាងពិតប្រាកដ។ លើសពីនេះ ក្នុងវិស័យដីធ្លីវិញ ការផ្តើមដោះស្រាយវិវាទដី និងការផ្តល់ដីកម្មសិទ្ធិដល់ពលរដ្ឋដែលជាម្ចាស់ពិត ព្រមទាំងការដកដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនមួយចំនួនមកវិញ ក៏ជាការឆ្លើយតបនឹងបញ្ហាដែលសង្គមស៊ីវិលតែងតែរិះគន់ផងដែរ។

មួយវិញទៀត ក្នុងវិស័យអប់រំ ដែលធ្លាប់តែរងការរិះគន់ពីគ្រប់ទិសទី ក៏ត្រូវបានកែប្រែច្រើនជាងមុន ទាំងពីកម្រិតប្រាក់បៀវត្សរ៍មន្ត្រីអប់រំ ជាពិសេសគឺកំណែទម្រង់ការប្រឡងបាក់ឌុបតែម្តង ដែលទោះបីនៅមានចំណុចខ្វះខាតខ្លះ ក៏បានឃើញពីការកែប្រែទៅកាន់ភាពប្រសើរជាបណ្តើរៗហើយ។

ទន្ទឹមនឹងនេះ នៅមានវិស័យសំខាន់ៗខ្លះទៀត ដូចជាពាណិជ្ជកម្ម ការអនុញ្ញាតឲ្យមានការចុះបញ្ជីតាមប្រព័ន្ធអ៊ិនធឺណិត គឺអាចលុបបំបាត់អំពើពុករលួយបានខ្លះ។ ចំណែកវិស័យដឹកជញ្ជូន គឺរដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួលនិងសម្រួលច្រើនដល់ការធ្វើលិខិតស្នាមនានារបស់អ្នកប្រើប្រាស់យានយន្ត ព្រមទាំងការកែប្រែគុណភាពផ្លូវថ្នល់ជាដើម។ ទាំងនេះ គឺជាអ្វីដែលមជ្ឈដ្ឋានទូទៅធ្លាប់រិះគន់ ហើយក៏អាចមើលឃើញពីការកែប្រែជាក់ស្តែងនឹងភ្នែកស្រាប់។

ជារួម លទ្ធផលទាំងនោះ ក៏ជាចូលរួមចំណែកពីការរិះគន់របស់ក្រុមសកម្មជននិងក្រុមសង្គមស៊ីវិល មិនអាចប្រកែកបាន។ សង្គមស៊ីវិលដែលខ្លាំងជាងមុន និងក្រុមសកម្មជនដែលយល់បញ្ហាច្បាស់ គឺបានជំរុញឲ្យរដ្ឋាភិបាល ងាកមករកពួកគេទាំងនោះ ហើយស្តាប់មតិយោបល់របស់ពួកគេ និងយកពួកគេជាដៃគូ ដូចដែលគេឃើញកើតមាន នៅក្នុង«វេទិកាការពារនិងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព កាលពីដើមសប្តាហ៍នេះស្រាប់។ ជាមួយគ្នានេះ លទ្ធផលរបស់រដ្ឋាភិបាលដែលខំប្រឹងកែទម្រង់កន្លងមក ក៏មកពីការមើលឃើញចំណុចស្លាប់រស់របស់ខ្លួន ដែលត្រូវតែកែប្រែជាចំបាច់ ដើម្បីទាក់ទាញប្រជាប្រិយភាព និងដើម្បីបំពេញចិត្តពលរដ្ឋម្ចាស់ឆ្នោតផងដែរ។

យ៉ាងណាក៏ដោយចុះ នៅមានវិស័យសំខាន់ជាច្រើនផ្សេងទៀតដែលពលរដ្ឋចង់ឃើញការពង្រឹង និងការឈប់គេចវេះពីការរិះគន់។ ដំបូងបំផុតគឺវិស័យសុខាភិបាលតែម្តង។ ការបាត់ទំនុកចិត្តចំពោះវិស័យសុខាភិបាលរបស់ប្រទេសខ្លួន ទើបគេឃើញអ្នកជំងឺមានលុយកាក់ល្មមនិងអ្នកមាន ចេញទៅព្យាបាលជំងឺនៅបរទេស។ ចំណែកអ្នកក្រ ប្រហែលជាគ្មានជម្រើសច្រើនទេ។

ម្យ៉ាងវិញទៀត ក្នុងវិស័យសិទ្ធមនុស្ស និងវិស័យប្រព័ន្ធយុត្តិធម៌ ត្រូវបានគេមើលឃើញថា រួមរឹតដោយអំពើអយុត្តិធម៌សង្គម និងកង្វះភាពស្មើគ្នាចំពោះមុខច្បាប់។ ទាំងនេះគឺជារឿងរស៊ើបដែលរដ្ឋអំណាច ហាក់នៅតែពុំទាន់បានទទួលយកការរិះគន់ទាំងស្រុងពីបណ្តាអ្នកសង្កេតការណ៍ ឬទទួលយកមតិរិះគន់របស់ក្រុមសង្គមស៊ីវិល នៅឡើយទេ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីសង្គមស៊ីវិលក្នុងផ្នែកទាំងនេះ បែរជាត្រូវរងរឿងក្តីក្តាំឡើងតុលាការជាបន្តបន្ទាប់ថែមទៀតផង។

ដូច្នេះ ដើម្បីបន្តការទាក់ទាញប្រជាប្រិយភាពនិងដើម្បីបំពេញចិត្តពលរដ្ឋម្ចាស់ឆ្នោត រដ្ឋាភិបាល គួរតែចៀសវាងការច្រានចោលមតិរិះគន់ក្នុងវិស័យសិទ្ធមនុស្សនិងវិស័យយុត្តិធម៌ ហើយងាកមកយកពួកគេជាដៃគូពិភាក្សា ដូចដែលបានធ្វើជាមួយក្រុមសង្គមស៊ីវិលខាងបរិស្ថានកន្លងមក នោះគឺច្បាស់ជានឹងបង្កើនការគាំទ្រ ជាក់ជាពុំខាន៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s