តើ​ជំនួប​រវាង​នាយករដ្ឋមន្ត្រីនិង​សង្គម​ស៊ីវិលខាង​បរិស្ថាន គឺជា​ជោគជ័យ​របស់​ក្រុម​សកម្មជន​អ្នក​ការពារ​ធនធានធម្មជាតិឬ​?

14079703_1079219148793248_3788629387634893736_n

ពីម្សិលមិញនេះ អង្គការសង្គមស៊ីវិលខាងការពារបរិស្ថាន ក្រុមព្រះសង្ឃ  សកម្មជនជាច្រើននាក់ ដែលធ្លាប់តែរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវេទិកា ស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព។ នៅក្នុងជំនួបលើកទី១ដ៏កម្រនេះ លោកនាយករដ្ឋមន្ត្រី បានស្តាប់ឮដោយផ្ទាល់ពីទុក្ខកង្វល់ ការព្រួយបារម្ភ និងសំណូមពររបស់ពួកគេទាំងនោះ ហើយលោកក៏បានសម្រេចដោះស្រាយភ្លាមៗ និងតាមដំណាក់កាល។ ដូច្នេះ តើនេះគឺអាចចាត់ទុកថាជាជោគជ័យរបស់ក្រុមសកម្មជនអ្នកការពារធនធានធម្មជាតិដែរឬទេ?

សូមស្តាប់ ហេង ឧត្តម ៖http://km.rfi.fr/cambodia/environment-forum-23-08-2016

14117725_1079219685459861_2559323394697705158_n

ក្រុមព្រះសង្ឃ  សកម្មជន និងសង្គមស៊ីវិលខាងការពារបរិស្ថាន ដែលកន្លងមកត្រូវរងការចោទប្រកាន់ពីរដ្ឋាភិបាលថាគាំទ្រផ្គាប់មុខលើបក្សប្រឆាំង ហើយក៏ធ្លាប់ខាំធ្មេញសម្លឹងមុខគ្នាក្នុងភាពជាសត្រូវផងដែរ! ប៉ុន្តែនៅពេលនេះ ពួកគេបែរជាងាកមកនិយាយជាមួយគ្នាដោយត្រង់ទៅត្រង់មក ហើយនេះគឺជារឿងដ៏កម្រ និងគួរឲ្យអបអរសាទរ។

ជំនួបលើកទី១ដ៏កម្រនេះ បានទម្លាយចេញនៅលទ្ធផលផ្លែផ្កាជាច្រើន ដូចជា ពីអំណឺះតទៅ លោកនាយករដ្ឋមន្ត្រីនិងក្រុមអង្គការស៊ីវិល នឹងត្រូវជួបប្រជុំគ្នា ឲ្យបានយ៉ាងតិចក្នុងមួយឆ្នាំម្តង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជុំវិញរឿងការពារបរិស្ថាន។ រីឯអង្គការសង្គមស៊ីវិលនិងក្រសួងពាក់ព័ន្ធនានាវិញ ក៏ត្រូវជួបជជែកគ្នាផងដែរ រៀងរាល់បីខែម្តង។ បន្ថែមពីនេះ គឺមានការប្រកាសឲ្យជ្រើសរើសឧទ្យានុរក្សបន្ថែម ចំនួន៣០០នាក់សម្រាប់ឆ្នាំ២០១៧ និងការយល់ព្រមឲ្យសាងសងស្ពាននិងផ្លូវប្រវែង១៨គីឡូម៉ែត្រចូលទៅក្នុងតំបន់អារ៉ែងជាដើម។

ក្រៅពីលទ្ធផលដែលជាការសន្យា និងដែលធ្វើឲ្យគេឃើញជាចំនួនតួលេខច្បាស់ៗបែបនេះ គឺនៅមានការបញ្ជាក់ពីប្រមុខរដ្ឋាភិបាលឲ្យមន្ត្រីថ្នាក់ក្រោម ជួយសម្របសម្រួល ដល់ក្រុមសកម្មជន ក្នុងដំណើរការការពារនិងអភរិរក្សបរិស្ថាន រួមទាំងការដាំកូនឈើឡើងវិញថែមទៀត។ ចំពោះសកម្មជននិងសង្គមស៊ីវិលខាងបរិស្ថាន, ប្រសាសន៍បើកផ្លូវដូច្នេះ គឺទំនងជាប្រៀបនឹងដាវអាជ្ញាសឹកមួយដូច្នោះដែរ។

តើទាំងអស់នេះ មិនរាប់ថាជោគជ័យចំពោះការខំប្រឹងប្រែងរបស់ក្រុមសកម្មជនការពារធនធានធម្មជាតិទេឬយ៉ាងណា?

14051689_1079219295459900_516751898782147417_n

នៅពីក្រោយភាពជោគជ័យនេះ គេក៏ត្រូវទទួលស្គាល់ដែរថា រាល់អន្តរាគមន៍ទាំងអម្បាលម៉ាននេះ គឺធ្វើឡើងស្របពេលនឹងការបោះឆ្នោតជិតឈានចូលមកដល់ ដែលសូម្បីតែលោកនាយករដ្ឋមន្ត្រីរូបលោកផ្ទាល់ ក៏ប្រកាសដែរថា គឺជាដំណាក់កាលនៃការដើរសុំសន្លឹកឆ្នោត។ ជាមួយគ្នានេះ បក្សកាន់អំណាច ក៏ទំនងជាអាចនឹងអូសទាញសមានចិត្តពីក្រុមអ្នកធ្លាប់តវ៉ាទាំងនោះ ដែលរដ្ឋអំណាចធ្លាប់វាយតម្លៃថាពួកគេគាំទ្រផ្គាប់មុខលើបក្សប្រឆាំង ឲ្យងាកមកខាងខ្លួនផង ក៏អាចថាបាន។

ធំដុំជាងនេះទៅទៀត ជំនួបដ៏កម្រនេះ បានបើកចំហចិត្តដល់គ្រប់ភាគី ឲ្យជួបគ្នា ជជែកគ្នា និងឈ្វេងយល់ពីគ្នាចំពោះការខ្វែងគំនិតគ្នានាពេលកន្លងទៅ។ ពិសេសនោះ គឺចំពោះលោកនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដែលមានឱកាសថ្លែងសារភាពពីវិប្បដិសារីចំពោះអ្នកធ្លាប់តវ៉ានិងអ្នកឈឺចាប់ ជុំវិញវិបត្តិដីសម្បទានសេដ្ឋកិច្ច និងចំណាត់ការមួយចំនួនទៀតដែលបង្កជាបញ្ហាដល់បរិស្ថាន ក្នុងពេលដែលលោកកាន់អំណាច។ ការថ្លែងវិប្បដិសារីនេះ ទោះតិចឬច្រើន ក៏បានធ្វើឲ្យរង្ងាប់ចិត្តខ្លះដែរដល់អ្នកដែលពូកែតវ៉ា។

14046119_1079219675459862_9133972045312166177_n

ទោះយ៉ាងណាក៏ដោយចុះ ជំនួបនិយាយត្រង់ទៅត្រង់មកដ៏កម្រ រវាងក្រុមអ្នកស្រឡាញ់បរិស្ថាន និងប្រមុខរដ្ឋាភិបាល គឺក៏ស្តែងចេញនូវដំណើរមួយព្រមគ្នានៅលើផ្លូវដ៏វិជ្ជមាន។ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការអនុវត្តសាច់ការជាក់ស្តែង។ ត្រង់ចំណុចនេះ គឺមានរឿងពីរដែលគេត្រូវសើរើ និងត្រូវពិចារណាឡើងវិញ។

ទី១ ការបៀតបៀនដល់អាយុជីវិតរបស់អ្នកការពារបរិស្ថាន គឺមិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងនោះទេ។ កន្លងមក គេបានដឹងឮជាទូទៅរួចមកហើយពីការគំរាម ការប្រើហិង្សា រហូតដល់បាញ់សម្លាប់ ក៏ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយសមស្រប និងពន្លឺយុត្តិធម៌ចំពោះពួកគេនៅឡើយទេ។

ឧទាហរណ៍ជាក់ស្តែង ដូចជាការលបលួចកាប់អ្នកការពារបរិស្ថានទាំងយប់នៅតំបន់ព្រៃឡង់ ហើយឃាតកម្មលើអ្នកកាសែតដែលសរសេររឿងកាប់ឈើខុសច្បាប់ និងការបាញ់សម្លាប់លោក ឈុត វុទ្ធី ដែលជាអ្នកការពារធនធានធម្មជាតិដ៏ល្បី ជាដើម។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាននៅស្ថាប័នឯករាជ្យមួយចំនួន ដែលលូកដៃសរសេរសកម្មខាងបរិស្ថាន ក៏ត្រូវរងការគំរាមជាញឹកញយផងដែរ។

ម្យ៉ាងវិញទៀត សកម្មជនការពារព្រៃឈើមួយចំនួន បែរជាមិនទាន់បានទទួលការកោតសរសើរនិងការយកចិត្តទុកខ្លាំងនៅក្នុងស្រុកនោះ តែបែរជាត្រូវបានគេប្រគល់ពានរង្វាន់អន្តរជាតិនៅក្រៅស្រុកទៅវិញ តួយ៉ាងករណីលោក អ៊ូច ឡេង ជាដើម។

ចំណុចទី២ គឺនៅត្រង់ប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាលនេះតែម្តង។ តាមអ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា នៅពេលខ្លះ ខ្លឹមសារនៅលើការសន្យាតែនឹងមាត់ និងវិធានការនៅលើក្រដាស បើប្រៀបធៀបនឹងការអនុវត្តជាក់ស្តែង ហាក់មិនសូវជាទាន់អាចទុកចិត្តបាននៅឡើយទេ ហើយការសន្យាលើកនេះទៀតសោត ក៏មិនមែនជារឿងថ្មីដែរ ដោយសារតែមានស្នាមដៅពីមុនៗមកខ្លះៗរួចមកហើយ។

ដូច្នេះ គឺមានតែលទ្ធផលនៃការអនុវត្តនៅលើទីលានសាច់ការជាក់ស្តែងនោះទេ ដែលអាចវាស់ស្ទង់ និងកំណត់ពីជោគជ័យយ៉ាងពិតប្រាកដរបស់ភាគីទាំងអស់នៃអ្នកស្រឡាញ់បរិស្ថាន៕

14100455_1079219358793227_7272277406784014524_n

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s