​ប្រឡង​បាក់​ឌុប! ថ្លៃឈ្នួលផ្ទះ​សំណាក់​​នៅតែ​កើន​​ឡើង​ដូច​រាល់​ឆ្នាំ!

ថ្ងៃច័ន្ទ ទី២២សីហា ស្អែកនេះ គឺជាថ្ងៃចាប់ផ្តើមដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ ចំពោះសិស្សានុសិស្សដែលមានផ្ទះឆ្ងាយពីមណ្ឌលប្រឡង ត្រូវជួលបន្ទប់ ឬផ្ទះសំណាក់ ដើម្បីស្នាក់នៅក្នុងអំឡុងពេលប្រឡង ក៏ប៉ុន្តែគេសង្កេតឃើញ ថ្លៃឈ្នួលនៅឡើងថ្លៃដូចរាល់ឆ្នាំដែរ ខណៈពេលដែលអាជ្ញាធរដែនដីតិចតួចណាស់ដែលជួយសម្រាលបន្ទុករឿងនេះ។ ហេង ឧត្តម រាយការណ៍ ៖

e5593ff1-3a2c-4f07-96f0-72fce27c81d9

Photo, Everyday

ប្រធានស្តីទីសមាគមគ្រូបង្រៀនឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា អាជ្ញាធរដែនដីតិចតួចណាស់ដែលជួយសម្រាលបន្ទុករឿងថ្លៃឈ្នួលផ្ទះសំណាក់សម្រាប់សិស្សប្រឡងបាក់ឌុបឆ្នាំនេះ។ ចំពោះអ្នកស្រី គឺមានតែខេត្តកំពង់ស្ពឺមួយ ដែលមានលេចឮដំណឹងល្អថា បានជួយគិតគូរហាមប្រាមមិនឲ្យម្ចាស់ផ្ទះសំណាក់ កុំឲ្យឡើងថ្លៃពេក រួមទាំងថ្លៃម្ហូបអាហារជាដើម។ ចំណែកខេត្តខណ្ឌដទៃទៀត គឺឃើញតែអ្នកសន្យា ថាឲ្យរង្វាន់នេះនោះ ទៅដល់សិស្សដែលបានប្រឡងជាប់និទ្ទេសល្អ ដែលចំពោះអ្នកស្រី គឺជាការរំពឹងតែប្រជាប្រិយភាពរបស់ខ្លួន ច្រើនជាងខ្វាយខ្វល់ពីសុខទុក្ខរបស់សិស្សានុសិស្ស។

យ៉ាងណាក៏ដោយចុះ សមាគមគ្រូបង្រៀនឯករាជ្យ មើលឃើញថា ដំណើរត្រៀមរៀបចំការប្រឡង ប្រព្រឹត្តទៅបានរលូនល្អ និងមិនទាន់មានអ្វីខុសប្រក្រីតីនៅឡើយទេ។ ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់អ្នកស្រី អ៊ុក ឆាយ៉ាវី គឺសុវត្ថិភាពកូនសិស្ស និងស្មារតីលោកគ្រូអ្នកគ្រូដែលហាក់ដូចជាខ្លាចរអាល មិនស្រណុកចិត្ត ចំពោះក្រុមក្មេងៗអ្នកសង្កេតការណ៍ ដែលចេញពីអង្គភាពប្រឆាំងអំពើពុករលួយ! រហូតដល់គ្រូៗខ្លះ ប្រាប់អ្នកស្រីថា មិនចង់ឲ្យក្មេងៗយាមពួកគាត់ដូចជាអ្នកទោសនោះឡើយ។

សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានដាក់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ប្រមាណ ៦២០០ នាក់។ ចំនួននេះ គឺកើនជាង១ពាន់នាក់ បើធៀបនឹងឆ្នាំមុន។ ពួកគេទាំងនោះ នឹងចុះទៅគ្រប់ខេត្តក្រុង ដើម្បីតាមដាន និងសង្កេតការណ៍គ្រប់មណ្ឌលប្រឡង។

អ្នកនាំពាក្យក្រសួងអប់រំ នៅល្ងាចថ្ងៃទី២១សីហា មួយថ្ងៃមុនប្រឡង វិទ្យុRFI មិនអាចទាក់ទងសុំការអត្ថាធិប្បាយណាមួយបានទេ។ ទោះជាយ៉ាងនេះក្តី ហ្វែសបុករបស់ក្រសួង បានប្រកាសទទួលរាល់សំណូមពរ មតិយោបល់ បណ្ដឹង និងសំណួរផ្សេងៗពាក់ព័ន្ធនឹងការប្រឡងនេះ។

សូមបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មាន ១៥៧ មណ្ឌលសំណេរ ត្រូវជា៣.៧៨១បន្ទប់។ នៅក្នុងនោះ គឺមានបេក្ខជនទាំងថ្នាក់វិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម សរុបជាង ៩៣.៧៥២ នាក់ (ស្រី ៤៥.២៣៧នាក់) ។

នៅក្នុងសម័យកំណែទម្រង់ គឺការប្រឡងបាក់ឌុបឆ្នាំនេះ គឺនឹងតែបន្តតឹងតែងដូចឆ្នាំមុនៗដែរ។ គេឃើញថា ចាប់តាំងពីព្រឹកថ្ងៃទី២១ខែសីហា  លេខតុ លេខបន្ទប់របស់បេក្ខជន និងបទបញ្ញត្តិផ្សេងៗ បានបិទផ្សាយរួចស្រេច។ ចំណែកធុងហិបវិញ្ញាណ បានបញ្ជូនទៅគ្រប់សាលារាជធានី-ខេត្ត តាំងពីថ្ងៃទី១៩សីហាមកម្ល៉េះ៕

 

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s