តើសង្គម​ខ្មែរ​ក្នុង​ Facebook សព្វថ្ងៃ គឺ​ជា​ភក់ជ្រាំ?

Publié août 11, 2016 par HENG Oudom

ក្រៅពីជាកន្លែងបណ្តុំរឿងឯកជន, Facebook ក្នុងស្រុកខ្មែរ គឺជាទីលាននៃឆាកនយោបាយ និងជាជំរុំនៃប្រតិកម្មគ្រប់ទិសទី។ ទន្ទឹមនឹងនេះ គេមើលឃើញថា តាមរយៈអ្នកប្រើប្រាស់ Facebook ដែលជ្រុលនិយមមួយចំនួន ហាក់បាននិងកំពុងតែធ្វើឲ្យសង្គមខ្មែរ ក្លាយបន្តិចម្តងៗ ទៅជាកន្លែងភក់ជ្រាំ។ ក៏ប៉ុន្តែ តើសកម្មភាពក្នុង Facebook គឺស្ដែងពីរូបភាពពិតរបស់សង្គមខ្មែរ មែនដែរឬទេ?

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/facebook-11-08-2016

wip-facebook-results-oct-29-results

ចំពោះសង្គមខ្មែរបច្ចុប្បន្ន បើគេក្រឡែកមើល ក្នុង Facebook តែមួយភ្លេត ប្រហែលជាគេស្ទើរតែមិនហ៊ានដើរចេញទៅក្រៅផ្ទះផង។ បើអ្នកនៅក្រៅស្រុកវិញ គេទំនងជាស្ទើរតែពុំហ៊ានដាក់ជើងជាន់ដីខ្មែរផងមើលទៅ។ និយាយដូច្នេះ ក៏ព្រោះថា ក្នុងទំព័រសង្គម Facebook នេះ គឺពោរពេញដោយដំណឹងដែលគួរឲ្យភ័យខ្លាច និងរឿងដែលគួរព្រួយចិត្ត ដែលត្រូវបានគេ Post ផ្សព្វផ្សាយ និង Share ចែករំលែក មិនចេះស្វាងពីមួយថ្ងៃទៅមួយ។

បើគ្រាន់តែចូលប្រើ Facebook មួយសន្ទុះ គេច្បាស់ជានឹងឃើញដំណឹងស្តីពីការរស់នៅដែលគ្មានសុវត្ថិភាព, អំពើហិង្សាវាយតប់ កាប់សម្លាប់គ្នា, គ្រោះថ្នាក់ចរាចរណ៍ បាក់ដៃបាក់ជើង បែកក្បាល ឈាមហូរ, អំពើចោរកម្ម បាញ់បោះ ឆក់ភ្លន់ ព្រមទាំងការឈ្លោះទាស់ទែងជេរបញ្ឆោរគ្នាសឹងដាច់សាច់ជាដើម… នេះនៅមិនទាន់រាប់ពីរូបភាពកាត់តផ្សេងៗ ដើម្បីប្រមាថកិត្តិយសអ្នកដទៃផង។

បើនិយាយពីផ្នែកនយោបាយវិញ ក្រៅពីយកវេទិកា Facebook សម្រាប់ទាក់ទាញប្រជាប្រិយភាពរបស់ខ្លួនហើយ អ្នកនយោបាយខ្មែរខ្លះថែមប្រើវាជាទីលានវាយប្រហារ និងបកអាក្រាតគូប្រជែងទៀតផង។ ទន្ទឹមនឹង386166-3-ways-to-fight-facebook-fatigueនេះ អ្នកប្រើប្រាស់ Facebook មួយចំនួន ដែលមាននិន្នការនយោបាយ ក៏បានយកដំណឹង រូបភាព ឬវីដេអូ ឬក៏អត្ថបទដែលអាចកេងចំណេញ ទៅបង្កជាព្យុះភ្លៀងបន្ថែមទៀត។

ជាមួយគ្នានេះ ចំពោះរឿងណាដែលបង្កឲ្យមានសង្គ្រាម ប៉ាកកា គឺត្រូវគេនិយមចុចចូលចិត្ត like, share ផ្សព្វផ្សាយ និង comment ផ្តល់មតិយោបល់ច្រើនណាស់ ដោយជារឿយៗ គេមិនទាំងចាំការបកស្រាយបំភ្លឺ ឬវិភាគវែកញែកត្រូវខុស អ្វីទាំងអស់។

រឿងខ្វះចន្លោះ ឬរឿងអាស្រូវមួយចំនួន ដែលបែកធ្លាយក្នុង Facebook ក៏ត្រូវបានគេយកជាលេស ឬជាចំណាប់ខ្មាំង ហើយយកទៅលាបពណ៌ និងបញ្ចេញបញ្ចូលថែមទៀតផង។

ធ្ងន់ធ្ងរជាងនេះទៅទៀត អ្នកប្រើ Facebook ខ្លះ បានយករឿងនោះ ទៅផ្សាយបន្ត ដោយថែមវាយប្រហារមិនសំចៃមាត់ ក្នុងគោលបំណងជាន់ពន្លិចគូប្រជែង និងជ្រោងតម្កើងក្រុមបក្សពួកខ្លួនឡើង។ រីឯ គូកននិងអ្នកមានសមានចិត្តចំពោះក្រុមណាមួយដូចគ្នានោះ គឺពឺតតែពីបន្ថែមល្បោយ បន្ទរតាមដោយពាក្យសម្តីអសុរោះ ជេរប្រមាថ ត្មះតេះដៀល ដៀមដាមនិងឌឺដង រហូតដល់ហ៊ាននិយាយបរិហារឲ្យស្អុយអាសោធកេរ្តិ៍របស់អ្នកដទៃ ផងក៏មាន។

បើមើលទៅលើសភាពទាំងនេះ តើសង្គមខ្មែរសព្វថ្ងៃ មិនខុសពីភក់ជ្រាំទេឬយ៉ាងណា?

facebook-emoji1

ទោះបីជាយ៉ាងនេះក្តី បើគេយល់ឃើញថា សង្គមខ្មែររាល់ថ្ងៃ ថាជាគម្រង់ភក់ជ្រាំ ប្រហែលគេជាមើលតែពីជ្រុងមួយចំហៀងប៉ុណ្ណោះ។ ព្រោះថា អ្នកប្រើប្រាស់ Facebook នៅកម្ពុជា មានចំនួនជិត២លាននាក់ បើធៀបនឹងចំនួនប្រជាជនសរុប គឺនៅមានកម្រិតនៅឡើយ។ លើសពីនេះ នៅក្នុងចំណោមអ្នកប្រើប្រាស់ទាំងអស់ គឺនៅមានអ្នកកណ្តាលនិយមជាច្រើនផ្សេងទៀត ដែលចាំតែតាមដានស្ថានការណ៍ និងមិនសូវជាបង្កើតបាតុភាពភក់ជ្រាំនឹងគេនោះទេ។ យ៉ាងណាក៏ដោយចុះ បើទោះជាសកម្មភាពនោះ មានត្រូវខុសជ្រុលជ្រោះខ្លះបន្តិចក្តី ឬពេលខ្លះ អាចអាក្រក់ស្តាប់មែនក្តី ក៏គេត្រូវតែទទួលស្គាល់ថា Facebook សម្រាប់ពលរដ្ឋខ្មែរទូទៅ និយាយជារួម គឺជាផ្នែកមួយនៃសេរីភាពក្នុងការបញ្ចេញមតិ និងជាទម្រនៃការបោះពួយទៅមុខនៃរបបប្រជាធិបតេយ្យ។

ដូច្នេះ តើធ្វើដូចម្តេចទើបខ្មែរនិងខ្មែរ អាចប្រាស្រ័យទាក់ទងគ្នា តាម Facebook ដោយស្នាមញញឹម? និងថាតើធ្វើយ៉ាងណា ដើម្បីឲ្យពួកគេបង្កើនទំនាក់ទំនងដោយមានសីលធម៌ មានពិចារណញ្ញាណ និងប្រកបដោយសុទិដ្ឋនិយមចំពោះគ្នានិងគ្នាទៅវិញទៅមក បាននោះ?

ជាដំបូង ភាគីទាំងអស់ គួរតែត្រូវចេះរៀនបើកចំហចិត្តជាមុនសិន និងរៀនសូត្រឈ្វេងយល់ពីគ្នាទៅវិញទៅមក។ បន្ថែមពីនេះ គេត្រូវតែធ្វើជាមនុស្សដែលចេះដឹងខុសត្រូវ ហើយហ៊ានទទួលការពិត ព្រមទាំងស្មគ្រចិត្តកែលម្អ បើសិនជារកឃើញថាមានភាពខ្វះចន្លោះពិតមែន។

សំខាន់ជាងនេះទៅទៀត គេត្រូវតែទម្លាក់ចោលការប្រកាន់គំនិតជ្រុលនិយម គឺពុំឆ្វេងជ្រុល ហើយក៏កុំនិយមស្តាំជ្រុល ផ្កាប់មុខពេកនោះដែរ។ គឺគួរគប្បីមើលឆ្វេងផង មើលស្តាំផង ហើយក៏ពុំចេះតែជឿដោយឥតពិចារណាថ្លឹងថ្លែង នោះដែរ។

តម្លៃសំខាន់របស់សង្គមមនុស្សថែមទៀតនោះ គឺការគោរពមតិយោបល់គេឯង ហើយបើករណីប្រតិកម្មនឹងមតិផ្ទុយ ក៏ត្រូវសម្តែងទស្សនៈប្រកបដោយសុជីវធម៌ និងសេចក្តីថ្លៃថ្នូរ។  ចំណែកការរក្សាស្ងប់ស្ងៀម ពុំតបតមួយរយៈ ពេលខ្លះ ក៏អាចសម្រួលស្ថានភាពបានដែរ។ ជាមួយគ្នានេះ ចំពោះជាតិសាសន៍មួយដែលធ្លាប់មានអារ្យធម៌ខ្ពង់ខ្ពស់  ក្រមសីលធម៌គឺតម្លៃមនុស្សជាតិ ដែលគេត្រូវតែបន្តប្រកាន់ខ្ជាប់ផងដែរ៕

Laisser un commentaire