ឫសគល់​នៃ​​ការ​ធ្លាក់​ថ្លៃ​ដំណាំ​ ​ជា​បញ្ហា​ស្លាប់​រស់​របស់​ប្រជា​កសិករ​ខ្មែរ​ ដែល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​!​

ម្សិលមិញ ល្ពៅ បានធ្លាក់ថ្លៃដល់ត្រឹម២០០រៀល ក្នុង១គីឡូក្រាម នៅខេត្តព្រះវិហារ ជាប់ព្រំដែនថៃ។ បើធៀបនឹង២ខែមុន គឺធ្លាក់ថ្លៃដល់ទៅជាង១០ដង ឬក៏ដល់ទៅជាង២០ដងឯណោះ នៅភ្នំពេញ។ នៅកម្ពុជា ជាក់ស្តែងទៅ ការធ្លាក់ថ្លៃល្ពៅយ៉ាងគំហុកនៅពេលនេះ គឺមិនមែនជារឿងថ្មីទេ។ ព្រោះថាប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងតែឮរួចមកហើយពីការធ្លាក់ថ្លៃនៃស្រូវអង្ករ ដំឡូងមី កៅស៊ូ និងម្រេច ជាដើម។ ក៏ប៉ុន្តែការធ្លាក់ថ្លៃនៃដំណាំខ្មែរ ស្ទើរតែរាល់ឆ្នាំបែបនេះ គឺជាចំណោទបញ្ហាខ្លាំងណាស់ចំពោះប្រជាកសិករក្រីក្រ ហើយដែលគេត្រូវតែជជីករកមើលមូលហេតុ និងផ្តល់ដំណោះស្រាយជាបន្ទាន់។

ដូច្នេះ សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/agriculture-price-down-09-08-2016

ពីម្សិលមិញ ល្ពៅ ធ្លាក់ថ្លៃដល់ត្រឹម២០០រៀល ក្នុង១គីឡូក្រាម នៅខេត្តព្រះវិហារ ជាប់ព្រំដែនថៃ។  @Kieng So Heng

ពីម្សិលមិញ ល្ពៅ ធ្លាក់ថ្លៃដល់ត្រឹម២០០រៀល ក្នុង១គីឡូក្រាម នៅខេត្តព្រះវិហារ ជាប់ព្រំដែនថៃ។ @Kieng So Heng

ការធ្លាក់ថ្លៃដំណាំខ្មែរ ត្រូវអ្នកជំនាញកសិកម្មនិងអ្នកសេដ្ឋកិច្ច ពន្យល់ថា គឺមកពីកំណើននៃការផលិត ហើយតម្រូវការទីផ្សារមានតិចតួច ព្រមទាំងការទប់ស្កាត់លំហូរនៃការនាំចូលពីបរទេស មិនបានល្អ។ ទើបវាបានបង្កឲ្យមានការកកស្ទះផលិតផលដំណាំ នៅក្នុងស្រុក។ លើសពីនេះ យន្តការនៃការនាំចេញ បែរជាមិនទាន់បានទូលំទូលាយទៅវិញ។ បាតុភាពទាំងនេះ បានធ្វើឲ្យប្រជាកសិករខ្មែរខ្លះ យំក៏មិនចេញ និយាយក៏មិនរួច គឺមានតែអួលណែនស្ទះដើមទ្រូងតែប៉ុណ្ណោះ។ ការធ្លាក់ថ្លៃ ល្ពៅ នៅពេលនេះ គឺជាឧទាហរណ៍ស្រាប់។

តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យដំណាំខ្មែរ ដាំហើយ បែរជាជុញ គរជើង រកទីផ្សារមិនបាន ហើយកាន់តែធ្លាក់ថ្លៃ រាល់លើកបែបនេះ?

មូលហេតុមួយ ក្នុងហេតុផលចម្បងទាំងឡាយ គឺប្រជាកសិករខ្មែរ ច្រើនតែដាំដំណាំតាមគ្នា។ ពេលឮថាគេដាំអ្វីមួយបានកាក់កប ក៏ចេះតែដាំតាមគេតាមឯងទៅ។ ជាលទ្ធផល គឺខាតបង់មិនស្ទើរ ដូចដែលគេធ្លាប់មានបទពិសោធ ឬធ្លាប់ដឹងឮរួចស្រេចមកហើយ កាលពីពេលធ្លាក់ថ្លៃដំឡូងមី កៅស៊ូ និង ម្រេច នាពេលកន្លងទៅ។

មូលហេតុទី២ ទាក់ទងនឹងទីផ្សារតែម្តង គឺទាំងតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ជាទូទៅ ប្រជាកសិករខ្មែរ បានទទួលទិន្នន័យ និងព័ត៌មានជាក់លាក់ តិចតួចស្តួចស្តើងណាស់ ជុំវិញតម្រូវការទីផ្សារនៃផលិតផលដំណាំរបស់ខ្លួន។ នេះដែលជាហេតុ ធ្វើឲ្យកសិករខ្មែរមិនតិចទេ ដែលដាំដុះទាំងប្រថុយប្រថាន ឬដាំដោយព្រាវៗ ផងក៏មាន។

ម្យ៉ាងវិញទៀត ការវិនិយោគនៅក្នុងការកែច្នៃផលិតផលដំណាំក្នុងស្រុក ឲ្យចេញជានំចំណី ឬទៅជាបង្អែមស្ងួត ចិតជាចំណិត ដោយមានការវេចខ្ចប់ត្រឹមត្រូវ តាមបែបផែនឧស្សហកម្មចំណីអាហារ ក៏គេឃើញថា នៅមិនទាន់មានធំដុំនៅឡើយទេ ឬក៏ស្ទើរតែគ្មានផង ចំពោះប្រភេទដំណាំខ្លះ។

ផ្ទុយមកវិញ នៅក្នុងស្ថានភាពដូចរាល់ថ្ងៃនេះ បើទោះបីជាមានអ្នកវិនិយោគកែច្នៃដំណាំទាំងនោះ ហើយនិងមានតម្រូវការទីផ្សារដំណាំច្រើននិងទៀងទាត់យ៉ាងណាក៏ដោយ ក៏មិនប្រាកដថា កសិករខ្មែរអាចផ្គត់ផ្គង់ទីផ្សារ បានគ្រប់កម្រិត ទាំងបរិមាណនិងគុណភាព បាននោះដែរ។   ហើយពួកគេក៏ទំនងជាមិនអាចបំពេញតម្រូវការរបស់ទីផ្សារ បានគ្រប់ពេញមួយឆ្នាំៗ នោះឡើយ។ ត្បិតថា កសិករខ្មែរភាគច្រើនលើសលប់ នៅតែដាំដំណាំប្រវាស់នឹងមេឃនៅឡើយ ខណៈពេលដែលដីស្រែចម្ការនៅទុកវាលទំនេរចោលជាច្រើនសន្ធឹកសន្ធាប់។

ដូច្នេះ តើអ្វីទៅជាដំណោះស្រាយសម្រាប់ស្រទាប់ប្រជាកសិករខ្មែរ?

ជំហានដំបូង គឺត្រូវកើតចេញពីកណ្តាប់ដៃរបស់ក្រុមកសិករខ្លួនឯងជាមុនតែម្តង។ ពោលគឺកសិករខ្មែរទាំងឡាយត្រូវតែចងក្រងគ្នាជាសហគមន៍កសិករ ឬសមាគមអ្នកដាំដុះ ទៅតាមប្រភេទដំណាំនីមួយៗដែលខ្លួនដាំ។ ការបង្កើតបណ្តាញសហគមន៍កសិករយ៉ាងដូច្នេះ គឺធ្វើឲ្យកសិករខ្មែរ មានទឹកមាត់ប្រៃ អាចមានកម្លាំងធំ និងរឹងមាំ សម្រាប់ចរចាជាមួយអ្នកទិញនិងអ្នកវិនិយោគ។ ហើយពួកគេថែមទាំងអាចឈានដល់ការធ្វើកិច្ចសន្យាទិញលក់ជាមុន មុននឹងដាំដំណាំថែមទៀតផង។ ប្រការនេះ អាចធានាថា ដំណាំដែលពួកគេដាំ ឬផលិតបាន ប្រាកដជាអ្នកមានទទួលទិញ ហើយទិញក្នុងតម្លៃសមរម្យទៀតផង។

លើសពីនេះ ការបង្កើតបណ្តាញសហគមន៍កសិករ គឺមានប្រយោជន៍ខ្លាំងដើម្បីឲ្យពួកគេចែកចាយបទពិសោធ និងបច្ចេកទេសឲ្យគ្នាទៅវិញទៅមក ជុំវិញវិស័យដែលខ្លួនកំពុងដាំដុះ ព្រមទាំងងាយស្រួលសម្រាប់គ្រប់គ្រងទីផ្សារផងដែរ។

ជាមួយគ្នានេះ រដ្ឋាភិបាល និងក្រសួងជំនាញ ព្រមទាំងអង្គការពាក់ព័ន្ធនានា គឺមានតួនាទីសំខាន់ក្នុងការចូលរួមផ្តល់គំនិត ប្រឹក្សាយោបល់ ផ្តល់ព័ត៌មាន ទិន្នន័យ ព្រមទាំងការណែនាំបច្ចេកទេសផ្សេងៗ សម្រាប់ដាំដំណាំនីមួយៗ។ ការបញ្ជ្រាបព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយពីការដាំដុះដល់កសិករ គឺធ្វើឲ្យពួកគេងាយស្រួលសម្រេចចិត្ត និងដាំដំណាំបានត្រឹមត្រូវ ហើយអាចធានាថា ពេលដាំរួច គឺសង្ឃឹមច្រើន ពីបានផលចំណេញ។

ចំណែកឯ ការរកទីផ្សារ និងការសម្របសម្រួលជាមួយអ្នកទិញវិញ គឺជាបន្ទុកធំរបស់រដ្ឋអំណាច។ រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ឲ្យបានច្រើនជាងនេះ ដើម្បីផលប្រយោជន៍នៃទីផ្សាររបស់កសិករ។ ជាពិសេសគឺការរកអ្នកវិនិយោគទុនល្អៗ មករកស៊ី និងកែច្នៃដំណាំខ្មែរ ឲ្យទៅជាផលិតផលកសិឧស្សាហកម្មចំណីអាហារ។

ប្រការសំខាន់មួយទៀត គឺកសិករខ្មែរ គួរតែរួចផុតពីការធ្វើស្រែប្រវាស់នឹងមេឃ។ ក្នុងន័យនេះ ប្រព័ន្ធធារាសាស្ត្រ ត្រូវតែមានគ្រប់គ្រាន់សម្រាប់ប្រជាកសិករខ្មែរប្រើប្រាស់។ ទោះបីជា ការជីកប្រឡាយទឹក គេឃើញមានជាហូរហែខ្លះមកហើយ ប៉ុន្តែបរិមាណប្រឡាយទាំងនោះ ហាក់នៅតិចតួចនៅឡើយ បើធៀបនឹងតម្រូវការកសិករនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ការត្រួតពិនិត្យបានដិតដល់ចំពោះ ការប្រកួតប្រជែងតម្លៃ និងលំហូរយ៉ាងគំហុក នៃការនាំចូលដំណាំ ពីក្រៅស្រុក ក៏ជាកិច្ចការសំខាន់ចាំបាច់ណាស់ដែរ របស់រដ្ឋអំណាច៕  

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s