កូន​អ្នក​មាន​-កូន​អ្នក​ក្រ៖ ក្រោម​មេឃតែមួយ វាសនា​ខុស​គ្នា​!

វិសមភាពរវាងអ្នកមាននិងអ្នកក្រ នៅក្នុងប្រទេសណាក៏មានដែរ។ ក៏ប៉ុន្តែក្នុងសង្គមកម្ពុជា ដែលឲ្យតម្លៃទៅលើលុយនិងអំណាចជាធំ គឺកាន់តែឆ្លុះបញ្ចាំងឲ្យឃើញពីភាពញែកដាច់ពីគ្នារវាងកូនអ្នកមាននិងកូនអ្នកក្រ កាន់តែច្បាស់ឡើង។ បើទោះបីជា ពួកគេរស់នៅក្រោមដំបូលមេឃតែមួយដូចគ្នាក៏ពិតមែន ក៏គេនៅតែសង្កេតឃើញថាកូនអ្នកមាន និងកូនអ្នកក្រ ហាក់រស់នៅឃ្លាតឆ្ងាយដាច់ពីគ្នា។ ក្នុងនោះ សេវាសង្គមនានា រាប់ទាំងផ្លូវច្បាប់ ការអប់រំ សុខភាព និងការងាររកស៊ីជាដើម គឺជួយសម្រួលច្រើនដល់កូនអ្នកមានលុយនិងអំណាច។ ទោះយ៉ាងនេះក៏ដោយ ក៏កូនអ្នកក្រ គឺនៅតែអាចមានផ្លូវចាកឆ្ងាយពីភាពក្រីក្របាន។

ដូច្នេះសូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/-children-rich-poor-RFI-Oudom-04-08-2016

Screenshot 2016-08-09 14.27.34

អ្នកក្រសម័យសព្វថ្ងៃនេះ គឺមានជីវភាពខ្ពស់ជាងកាលពីងើបចេញពីសម័យខ្មែរក្រហម ពិត ជាត្រឹមត្រូវប្រកែកមិនបាន។ ប៉ុន្តែ គេក៏ត្រូវទទួលស្គាល់ដែរថា អ្នកក្រក្នុងសម័យទំនើប បែរជាទទួលរងសម្ពាធផ្លូវចិត្តខ្លាំងទៅវិញ។ ត្បិតថាបច្ចុប្បន្ន ជីវភាពអ្នកមាននិងអ្នកក្រខុសគ្នាដូចមេឃនិងដី។ ការរត់ប្រណាំងគ្នាខាងសម្ភារៈនិយមគឺអាចជារឿងឧទាហរណ៍ស្រាប់។ កូនអ្នកមានស្គាល់ស្ទើរមិនលួស នូវសម្ភារៈទំនើបៗ លុយ ឡាន និងដំណើរកម្សាន្តនានា ខណៈដែលរឿងទាំងនេះ ហាក់នៅឆ្ងាយពីកូនអ្នកក្រ ហៅមិនឮ។

បើនិយាយពីជីវភាពប្រចាំថ្ងៃ កូនអ្នកមាន តាំងតែកើតមក គឺរស់ស្រួលរហូត។ ពួកគេមានជម្រកស្នាក់នៅស្តុកស្តម្ភ អាហារបំប៉ន ចំណីចំណុក និងសម្លៀកបំពាក់បបូរហូរហៀរ។ បើមានជំងឺឈឺថ្កាត់ កូនអ្នកមាន មានពេទ្យល្អៗមើលថែ ហើយរហូតដល់ទៅព្យាបាលជំងឺនៅក្រៅស្រុកទៀតផង។

ពេលចូលរៀន កូនអ្នកមាន បង់លុយរៀនសាលាតម្លៃថ្លៃ ស្តង់ដារលំដាប់កំពូល និងអ្នកខ្លះក៏ត្រូវម្តាយឪពុកបញ្ចូនឲ្យទៅរៀននៅបរទេស យ៉ាងសម្បូរបែប។ ទាំងនេះ គឺខុសស្រឡះពីកូនអ្នកក្រគ្រប់បែបយ៉ាង ពោលគឺខុសចាប់តាំងពីតម្រូវការបឋមសម្រាប់ជីវភាពប្រចាំថ្ងៃស្រេចបាត់ទៅហើយ។

លុះដល់ពេលធំ ចូលធ្វើការងារ កូនអ្នកមានត្រូវឪពុកម្តាយរៀបចំចាត់ចែងទុកកន្លែងខ្លាញ់ឲ្យជាស្រេច។ ហើយបើត្រូវរកស៊ីជួញដូរវិញ ក៏គេមានខ្សែស្រឡាយគ្រាក់ៗ រីឯផ្លូវច្បាប់សព្វបែបយ៉ាង ក៏ហាក់ងាយស្រួលសម្រួលដល់កូនចៅអ្នកមានលុយនិងមានអំណាចផងដែរ។ ប៉ុន្តែចំណែកកូនចៅអ្នកក្រវិញ ត្រូវប្រឈមមុខច្រើនក្នុងការទទួលបានការងារល្អ ហើយបើទោះបីជារៀនបានខ្ពង់ខ្ពស់ ចេះដឹងច្រើនក្តី មានតិចណាស់ កូនអ្នកក្រដែលអាចចូលកាន់តំណែងធំ។ ចំណែកបើចង់រកស៊ីជួញដូរ កូនអ្នកក្រ ក៏ប្រឈមមុខនឹងឧបសគ្គច្រើន ពិសេសផ្លូវច្បាប់ក្រដាសស្នាមផ្សេងៗ មិនងាយស្រួលដូចកូនចៅអ្នកមាននោះឡើយ។

ដូច្នេះហើយ ទើបគេតែងតែឧស្សាហ៍រម្លឹកពាក្យសម្តីរបស់ក្រម ង៉ុយ ថា«អ្នកមានចេះតែមានឡើង លក់ពាងលក់ផើង ចេះតែឡើងថ្លៃ! អ្នកក្រ ចេះតែក្រចុះ លក់ជ័រលក់ចន្លុះ ចេះតែចុះថ្លៃ!»។

ទោះបីជាយ៉ាងណាក៏ដោយចុះ ចំពោះកូនអ្នកមានខ្លះ បើទោះបីជាមានឱកាស និងលទ្ធភាពច្រើនក្នុងការកសាងឧត្តមភាពជីវិតយ៉ាងណាក៏ដោយ ក៏មានអ្នកខ្លះ ក៏ពុំចេះចាប់យកសំណាងនោះដែរ។ មិនខ្វះទេ កូនអ្នកមានដែលបំផ្លាញឪពុកម្តាយនិងសង្គមនោះ។ ទាំងអស់នោះហើយ គឺជាឧទាហរណ៍ស្រាប់។

ផ្ទុយមកវិញ ចំពោះកូនអ្នកក្រ បើទោះបីជាមានភាពយ៉ាប់យឺនបន្តិចមែន ក៏ប៉ុន្តែគេបានភ្លក្សរសជាតិលំបាកវេទនា ដែលជាទុនជីវិតដ៏សំខាន់ចាំបាច់មួយដែរ។ លើសពីនេះ ក្នុងសម័យបច្ចេកវិទ្យា ពួកគេក៏មានឱកាសក្រេបយកចំណេះដឹងបានដោយងាយ។ ហើយមានតែចំណេះវិជ្ជានេះហើយ ដែលអាចឲ្យពួកគេវៀរចាកភាពក្រីក្របាន។

មួយវិញទៀត មិនថា កូនអ្នកមាន ឬកូនអ្នកក្រក៏ដោយ គឺម្នាក់ៗមានពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃដូចៗគ្នា។ ការសំខាន់ តើពួកគេចេះប្រើពេលវេលានេះ ត្រឹមត្រូវបានកម្រិតណា? ហើយថាតើពួកគេទាំងនោះ មានសេចក្តីព្យាយាម ស្វិតស្វាញ ដល់កម្រិតណា? ចម្លើយនៃសំណួរទាំងនេះ គឺស្របទៅនឹង គោលគំនិតដែរថា ភាពមានបាន មិនមែនជាអ្វីៗដែលកើតមកដោយភាពចៃដន្យនោះទេ។

ជាការពិត គ្មាននរណាម្នាក់អាចរើសរើសកន្លែងកើតបានទេ។ ក៏ប៉ុន្តែលោក Bill Gates មហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិកធ្លាប់ពោលថា «កើតមកក្រ គឺមិនមែនជាកំហុសទេ តែបើស្លាប់ទៅ នៅតែក្រ នោះទើបជាកំហុស»។

ទោះបីជាយ៉ាងនេះក៏ដោយចុះ គេទំនងជាមិនអាចបន្តទុកមនុស្សក្រីក្រ ឲ្យរស់នៅដាច់ដោយឡែកក្នុងភាពអស់សង្ឃឹម បានយូរតទៅទៀតនោះទេ។ នេះគឺជាតួនាទីរបស់អ្នកដឹកនាំសង្គមទាំងឡាយ ហើយជាកិច្ចការចាំបាច់មួយ ដែលត្រូវបានយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ ដើម្បីឲ្យមានសមភាពសង្គម គឺធ្វើឲ្យសង្គមកម្ពុជាក្លាយជាសង្គមមួយ ដែលមានអំណោយផលសម្រាប់ទាំងអស់គ្នា។

ម្យ៉ាងវិញទៀត អ្នកមានជីវភាពស្តុកស្តម្ភទាំងឡាយ គួរតែជួយយកអាសារជនក្រីក្រជាជាងកេងប្រវ័ញ្ចលើពួកគេ ដូចដែលពាក្យចាស់ពោលថា«អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ាន»។ នេះជាទស្សនវិជ្ជានៃការចែករំលែក ដែលអនុញ្ញាតឲ្យមនុស្សក្នុងសង្គមចេះចែកគ្នារស់ ជាជាងដណ្តើមគ្នារស់៕

សរសេរនៅក្រុង ហាណូយ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s