សាលាបង្រៀនតែងនិពន្ធ ជាតម្រូវការចាំបាច់ដើម្បីលើកស្ទួយវប្បធម៌ជាតិ

Publié juillet 21, 2016 par HENG Oudom
13720611_1128162527230585_1440065452_o

លោក ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងជាប្រធានអង្គប្រជុំ នៅថ្ងៃទី២០ កក្កដា ២០១៦ ក្នុងទីស្តីការក្រសួង

ពីម្សិលមិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានកោះហៅអ្នកតំណាងផលិតកម្មចម្រៀង និងអ្នកនិពន្ធទំនុកច្រៀង ទៅដុសក្អែល។  គឺជាការដាស់តឿនណែនាំ បន្ទាប់ពីចម្រៀងមួយបទ ដែលត្រូវរងការរិះគន់យ៉ាងខ្លាំងថា បានធ្វើឲ្យអាប់ឱនកិត្តិយសនិងវប្បធម៌ជាតិ។ ទន្ទឹមនឹងនេះ គេមើលឃើញថា វិធានការក្រើនរម្លឹក និងការគ្រោងដាក់ចេញនូវ«ក្រមប្រតិបត្តិសម្រាប់អ្នកនិពន្ធ» គឺមិនទាន់គ្រប់គ្រាន់ទេ! ប្រការសំខាន់ អ្នកនិពន្ធខ្មែរ គួរតែមានសាលាបង្រៀនជាក់លាក់ ទើបជាការប្រសើរ។

សូមស្តាប់ ហេង ឧត្តម ៖

13823653_1128162540563917_593739980_n

មិនមែនជារឿងថ្មីទេ ដែលបទចម្រៀងសម័យថ្មីនេះ ត្រូវរងការរិះគន់ពីមហាជនថា ចម្រៀងគ្មានភាពថ្លៃថ្នូរជារបស់ខ្មែរ និងបានលួចចម្លងពីបរទេស ហើយបទចម្រៀងខ្លះ មិនត្រឹមតែគ្មានរសជាតិខ្មែរ គ្មានខ្លឹមសារឆ្លុះបញ្ចាំងពីសង្គមពិតនោះទេ ហើយថែមទាំងកាន់តែធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះកិត្តិយសជាតិ ថែមទៀតផង។ ហេតុនេះ ការប្រកាសបិទមិនឲ្យផ្សព្វផ្សាយបទចម្រៀងមួយចំនួននាពេលកន្លងទៅ និងការកោះហៅអ្នកនិពន្ធទៅដាស់តឿន ពីពេលថ្មីៗនេះ គឺជាឧទាហរណ៍ស្រាប់។

លើសពីនេះ! មិនមែនតែត្រឹមវិស័យចម្រៀងទេ ដែលកំពុងជួបវិបត្តិបែបនេះ នៅមានផ្នែកផ្សេងទៀត ដូចជាវិស័យភាពយន្ត រាប់ទាំងកុនខ្នាតខ្លី កុនភាគ វែងៗ រហូតទៅដល់ការសរសេរសៀវភៅថែមទៀត ក៏មានរូបភាព និងសាច់រឿងអាសអាភាសផ្ទុយពីសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ ព្រមទាំងមានការលួចចម្លងពីប្រទេសជិតខាង និងបស្ចឹមលោក។ រីឯស្នាដៃខ្លះ ត្រូវម្ចាស់ដើមគេមើលឃើញ ហើយយកទៅបកអាក្រាត រិះគន់ យ៉ាងចាស់ដៃ ចំពោះខ្មែរដែលធ្លាប់តែមានវប្បធម៌ជាតិដ៏ល្អផូរផង់នោះ។

យ៉ាងណាក៏ដោយ គេលំបាកនឹងបន្តុះបង្អាប់អ្នកនិពន្ធខ្មែរណាស់!  ត្បិតគេប្រហែលជាមិនសូវចាប់អារម្មណ៍ទេថានៅស្រុកខ្មែរ អ្នកនិពន្ធភាគច្រើនលើសលុប គឺមិនបានឆ្លងកាត់ការបណ្តុះបណ្តាល នៅសាលាដែលមានឯកទេសនិពន្ធត្រឹមត្រូវនោះឡើយ។ គឺមានតែការហ្វឹកហាត់ដោយខ្លួនឯង ឬរៀនសរសេរបន្តិចបន្តួច នៅមហាវិទ្យាល័យអក្សរសាស្ត្រ, ឬសាលារចនា និងការរៀនវគ្គខ្លីៗតិចតួច នៅ«សមាគមអ្នកនិពន្ធខ្មែរ» និងសាលាឯកជនខ្លះៗ តែប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាខ្លីៗទាំងឡាយនោះ ត្រូវគេមើលឃើញថា ហាក់នៅមិនគ្រប់គ្រាន់នោះទេ ពោលគឺនៅតែរៀនបែបសើៗ លំៗ និងពុំស៊ីជម្រៅ ច្បាស់លាស់នៅឡើយ។

ដូច្នេះ អ្នកនិពន្ធខ្មែរ គួរតែត្រូវមានសាលាបង្រៀនតែងនិពន្ធជាក់លាក់ គឺជាការចាំបាច់។ ចាំបាច់ព្រោះថា តិចឬច្រើន តាមរយៈសំណេររបស់អ្នកនិពន្ធ គឺបានចូលរួមចំណែកលើកស្ទួយអក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ជាតិ។ ចំណែកឯអ្នកនិពន្ធទំនុកច្រៀងវិញ គេអាចនឹងធ្វើឲ្យបទចម្រៀងរបស់ខ្លួន ល្បីរន្ទីលើឆាកជាតិ និងអន្តរជាតិ។ ធំដុំជាងនេះទៅទៀត អ្នកនិពន្ធអត្ថបទភាពយន្តខ្លះ ក៏កាន់តែមានតួនាទីសំខាន់ខ្លាំងណាស់ ដែលធ្វើឲ្យពិភពលោក ស្គាល់ប្រពៃណីវប្បធម៌ខ្មែរ និងមុខមាត់ពិតប្រាកដរបស់ប្រទេសកម្ពុជា។

ការមានសាលាបង្ហាត់បង្រៀនវិជ្ជាតែងនិពន្ធនេះ គឺច្បាស់ជានឹងផ្តល់មូលដ្ឋានចំណេះដឹងដល់អ្នកនិពន្ធនិងកវី បានត្រឹមត្រូវ ដោយឈរនៅលើគ្រឹះវប្បធម៌ រសជាតិ ក្លិនពណ៌សម្បុរ ជាខ្មែរ។ ក្រៅពីបញ្ជ្រាបអត្តសញ្ញាណជាតិ, សាលាបង្រៀនវិជ្ជានិពន្ធ នៅមានកាតព្វកិច្ចចម្បងថែមទៀត ក្នុងការផ្តល់មូលដ្ឋានគ្រឹះរឹងមាំផ្នែកតាក់តែងនិពន្ធ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់ការរិះរកគំនិតច្នៃប្រឌិតថ្មី ដែលធ្វើឲ្យចាកឆ្ងាយពីការចម្លងស្នាដៃជនដទៃ។

បើនិយាយតែពីផ្នែកសរសេរវិញនោះ, សាលានិពន្ធច្បាស់ជាបង្រៀនជំនាញបច្ចេកទេសបានល្អ រាប់តាំងពីការប្រើប្រាស់ពាក្យពេចន៍ សម្ព័ន្ធឃ្លោងឃ្លាផ្សេងៗ… ធ្វើយ៉ាងណាឲ្យសមស្របទៅនឹងវប្បធម៌ប្រពៃណីខ្មែរ។ ចំណែកចរិតនៃសាច់រឿង ឬចរិតនៃបទចម្រៀង ប្រាកដជាអាចកាត់បន្ថយការប៉ះពាល់ធ្ងន់ធ្ងរដល់ភាពថ្លៃថ្នូរនិងសីលធម៌សង្គម។ ហើយបើទោះបីជាមានការប៉ះពាល់ខ្លះ ក៏អាចជៀសវាងបានច្រើនជាមិនខាន។ ព្រោះថា អ្នកនិពន្ធដែលឆ្លងកាត់សាលាទាំងនោះ ត្រូវបានបញ្ជ្រាបការយល់ដឹងពីក្រមសីលធម៌របស់អ្នកនិពន្ធ តាំងតែពីដំបូងមកម្ល៉េះ គឺមុនពេលដែលចូលប្រកបអាជីពជាអ្នកកាន់ស្លាបប៉ាកកា។

ជារួមទៅ ការតែងទំនុកច្រៀង ការសរសេរសៀវភៅ និងនិពន្ធអត្ថបទភាពយន្ត, វិស័យទាំងអស់នេះ គឺសុទ្ធសឹងតែកើតចេញពីស្នាដៃរបស់អ្នកនិពន្ធ ដែលរួមចំណែកចាំបាច់បំផុត ដើម្បីឲ្យវណ្ណកម្មមួយសម្រេចឡើង។ ពួកគេទាំងនេះ មានឥទ្ធិពលយ៉ាងខ្លាំងក្នុងបញ្ជ្រាបការយល់ដឹង ផ្សព្វផ្សាយវប្បធម៌ និងសារអប់រំផ្សេងៗ រាប់តាំងពីការសរសេរផ្សព្វផ្សាយពាណិជ្ជកម្មអំពាវវនាវឲ្យគេមកទស្សនា ឬមកលេងស្រុកខ្មែរ ក៏ត្រូវការអ្នកនិពន្ធសរសេរឲ្យដែរ។

សម្រេចសម្រួលទៅ ការមានសាលាបង្រៀនតែងនិពន្ធ ជាតម្រូវការចាំបាច់ដើម្បីលើកស្ទួយវប្បធម៌ជាតិផង និងលើស្ទួយវិស័យផ្សេងៗថែមទៀតផងដែរ។ ក្រៅពីបង្កើតសាលាបង្រៀនជាក់លាក់ថ្មីបន្ថែមទៀតនេះ គេក៏ត្រូវពង្រីងបន្ថែមសាលាខ្លះដែលមានស្រាប់ផងដែរ។ ដូចជា «សមាគមអ្នកនិពន្ធខ្មែរ» ជាដើម ដែលកើតឡើងវិញនៅឆ្នាំ១៩៩៤ ហើយធ្លាប់បង្រៀនវគ្គខ្លីដល់កូនសិស្សអ្នកនិពន្ធនិងកវី បានចំនួន៣១វគ្គមកហើយនោះ។ ក៏ប៉ុន្តែពីរបីឆ្នាំចុងក្រោយនេះ គ្មានបានបើកវគ្គបណ្តុះបណ្តាលអ្វីថ្មីទេ គឺសមាគម ហាក់បានកំពុងសម្ងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ នៅក្នុងវត្តបទុម ក្រុងភ្នំពេញ។

ពិតណាស់ថា ប្រភពទ្រទ្រង់ថវិកានិងធនធានមនុស្ស គឺអាចជាចំណោទខ្លាំងក្នុងកិច្ចទាំងនេះ។ ក៏ប៉ុន្តែវាគួរតែមិនអាចនៅតែជាវិបត្តិ ដែលត្រូវតែបន្តអូសបន្លាយ ធ្វើឲ្យខ្ទេចខ្ទាំដល់វប្បធម៌ជាតិនោះទេ។

ផ្ទុយទៅវិញ ការប្រកាសបិទបទចម្រៀង ឬការបញ្ជាមិនឲ្យចាក់បញ្ចាំងរឿងកុន ឬក៏មិនឲ្យលក់សៀវភៅណាមួយ ដែលខុសនឹងប្រពៃណីវប្បធម៌ជាតិ ពុំមែនជាដំណោះស្រាយតែមួយនោះទេ។ ហើយការហៅ អ្នកនិពន្ធទៅដុសក្អែល ឬទៅពន្យល់ណែនាំ ដោយមិនមានបានបណ្តុះបណ្តាលអីធំដុំដល់ពួកគេជាមុនផងនោះ ក៏ពុំមែនជារឿងសមហេតុផលតែរហូតនោះដែរ៕

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion /  Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion /  Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion /  Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion /  Changer )

w

Connexion à %s

%d blogueurs aiment cette page :