កម្ពុជា​ត្រូវការ​«អ្នកវិភាគ»​ដែល​មាន«​​ជំនាញច្បាស់​លាស់» ជា​ច្រើន​នាក់​បន្ថែមទៀត​!

អ្នកវិភាគ គឺបានចូលរួមចំណែកយ៉ាងសម្បើមក្នុងការលើកស្ទួយការបោះពួយទៅមុខរបស់សង្គមជាតិ។ អ្នកវិភាគមួយចំនួន មានឥទ្ធិពលខ្លាំងចំពោះមហាជននិងសង្គម ត្បិតបានលាតត្រដាងការពិត ចន្លោះប្រហោង និងចំណុចអសកម្មផ្សេងៗ ដែលជាហ្វ្រាំងបង្អាក់ការជឿនលឿនរបស់ប្រទេសជាតិ។ នៅកម្ពុជាសព្វថ្ងៃ, អ្នកវិភាគ បាននិងកំពុងតែដើរយ៉ាងសំខាន់ ក្នុងការរួមចំណែកតម្រង់ទិសសង្គម។ ក៏ប៉ុន្តែគេសង្កេតឃើញថា «អ្នកវិភាគខ្មែរ»ដែលមាន«ជំនាញច្បាស់លាស់» គឺហាក់នៅមានចំនួនតិចតួចនៅឡើយ។

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/analysists-19-07-2016

Screenshot 2016-07-19 20.57.10

ជាទូទៅ អ្នកវិភាគ ច្រើនតែជាអ្នកមើលឃើញបញ្ហា ច្រើនជាងមនុស្សធម្មតា។ ជាអ្នកមានការពិចារណាធំទូលាយ មានភ្នែកមុត មើលឃើញវែងឆ្ងាយ ហើយពេលខ្លះ មើលធ្លុះបញ្ហាជាងនរណាៗទាំងអស់។ លើសពីនេះ អ្នកវិភាគដែលមាន«ជំនាញឯកទេសច្បាស់លាស់» បន្ទាប់ពីបានឆ្លុះបញ្ចាំងពីវិបត្តិរួចហើយ គេច្រើនតែងតែផ្តល់មកវិញ នូវដំណោះស្រាយជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពនិងអាចអនុវត្តបាន។

ទោះយ៉ាងនេះក្តី នៅកម្ពុជាបច្ចុប្បន្ន! ចំនួនអ្នកវិភាគបែបនេះ ហាក់នៅមានចំនួនស្តួចស្តើងនៅឡើយ។ ជាញឹកញយ អ្នកវិភាគ ដែលជាមនុស្សតែម្នាក់ តែត្រូវគេឃើញថា ចេញមុខវិភាគគ្រប់រឿង។ រាប់ទាំងផ្នែកច្បាប់, សង្គម, នយោបាយ, សេដ្ឋកិច្ច, សុខភាព, កសិកម្ម, បរិស្ថាន, អប់រំ និងប្រវត្តិសាស្ត្រ… ជាដើម។

តើហេតុអ្វីមនុស្សតែម្នាក់ អាចវិភាគគ្រប់សាច់រឿងទាំងអស់យ៉ាងដូច្នេះ? ឆ្លើយយ៉ាងសាមញ្ញថា អាចមកពីគាត់ចេះច្រើន និងមើលធ្លុះរឿងច្រើនពិតមែន។ ក៏ប៉ុន្តែចម្លើយទី២ គឺថា ព្រោះមកពីគ្មានអ្នកវិភាគជំនាញឯកទេស ដែលចេញមុខវិភាគទៅលើវិស័យរបស់ខ្លួន។ ការខ្វះអ្នកវិភាគដែលមានជំនាញច្បាស់លាស់ គឺត្រូវបង្ខំចិត្តឲ្យអ្នកវិភាគដែលគេស្គាល់មុនស្រាប់នោះ ទៅនិយាយនិងវិភាគផ្នែកដទៃផ្សេង ដែលមិនមែនជាវិស័យរបស់ខ្លួន។ ចំណុចនេះ ទំនងជាសមហេតុផលដែរ ព្រោះថាការវិភាគរបស់អ្នកវិភាគគ្រប់រឿង គឺពេលខ្លះ ពុំមែនជាការវិភាគនោះទេ តែបែរជាមតិយោបល់ ឬការនិយាយច្បោលៗទៅវិញទេ។

ត្រង់ចំណុចនេះដែរ កាលពីនៅមានជីវិត បណ្ឌិត កែម ឡី ធ្លាប់បានហៅអ្នកវិភាគបែបនោះ ថាជាអ្នកវិភាគសម្លកកូរ។ គឺចេះគ្រប់មុខ ផ្នែកអ្វីក៏វិភាគបាន ក៏និយាយចេញដែរ។ ដូច្នេះហើយ អ្នកវិភាគខាងស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ មានបំណងចង់ឃើញអ្នកវិភាគខ្មែរ មានច្រើនជាងសព្វថ្ងៃ ហើយវិភាគដោយត្រូវចំជំនាញឯកទេសរបស់ខ្លួននីមួយៗ ឲ្យច្បាស់លាស់។ នេះគឺសំដៅដល់ការមានអ្នកវិភាគគ្រប់ផ្នែក គ្រប់វិស័យ ចាប់តាំងពីនយោបាយ, សង្គម, សេដ្ឋកិច្ច, សិទ្ធមនុស្ស, ទំនាក់ទំនងអន្តរជាតិ, ផ្នែកភេរវកម្ម ឬផ្នែកដទៃទៀត ឲ្យពិតប្រាកដច្បាស់លាស់។

ដូច្នេះ មកដល់ពេលនេះ គេប្រហែលជាត្រូវចោទសួរហើយថា តើអ្នកវិភាគ គួរតែជាមនុស្សមានបុគ្គលិកលក្ខណៈ និងគុណសម្បត្តិ បែបណា? តើអ្នកវិភាគ គួរតែជាមនុស្សដែលមានសមត្ថភាព និងចំណេះដឹងកម្រិតណា?

ទី១៖ ដំបូងបំផុត នោះ គឺជាមនុស្ស ដែលមានចំណេះចេះដឹងជ្រៅជ្រះ  និយាយបែបផ្សេង បានសេចក្តីថា រៀនកាន់តែខ្ពស់ កាន់តែប្រសើរ។ លើសពីនេះ អ្នកវិភាគ មានបទពិសោធទូលំទូលាយ ទៅលើវិស័យដែលខ្លួនសិក្សាស្រាវជ្រាវ ព្រមទាំងចេះនិយាយឬសរសេរវែកញែកផ្នែកនោះ បានត្រឹមត្រូវ។

ទី២៖ ចាំបាច់ត្រូវតែមានជំនាញឯកទេសណាមួយច្បាស់លាស់។ មិនអាចជាមនុស្សដែលចេះគ្រប់ចេះសព្វតែម្នាក់ឯងបាន នោះទេ។ ការផ្តោតតែទៅលើឯកទេសផ្នែកណាមួយច្បាស់លាស់ គឺធ្វើឲ្យអ្នកវិភាគនោះ មានពេលគ្រប់គ្រាន់ និងបានសិក្សាពិចារណាទៅលើវិស័យនោះ បានគ្រប់គ្រងជ្រុយជ្រោយ ព្រមទាំងអាចមានសមត្ថភាពផ្តល់ព័ត៌មានពេញលេញ និងការវិភាគបែបវិទ្យាសាស្ត្របាន ផងដែរ។

ទី៣៖ ជាមនុស្សដែលមានគុណធម៌ មានសីលធម៌ខ្ពស់ មានការយោគយល់អធ្យាស្រ័យ និងមានការលះបង់ខ្ពស់។ មានភាពចាស់ទុំ រឹងមាំ សុភាពរាបសា តែសេចក្តីក្លាហាន ហ៊ាននិយាយការពិត ចេះបត់បែន តែមិនពត់ត្បុត ព្រមទាំងជាមនុស្សដែលមានទេពកោសល្យ ថ្វីមាត់និងទឹកដៃ ក្នុងការនិយាយឬសរសេរពន្យល់ ដែលនេះ ក៏ជារឿងសំខាន់ ចាំបាច់ខ្វះមិនបាន។

ទី៤៖ ជាពិសេសទៅទៀតនោះ អ្នកវិភាគ ត្រូវតែមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ហើយសំខាន់ណាស់ដែលក្នុងនាមជាអ្នកវិភាគ គឺមិនត្រូវមានទំនោរនិន្នាការ ឬលម្អៀងទៅគណបក្សនយោបាយណាមួយ ឬក្រុមណាមួយនោះឡើយ។ ការវិភាគរបស់«អ្នកវិភាគ»ដែលមាន«ជំនាញច្បាស់លាស់» គឺគួរតែតម្រង់តែទៅលើការអភិវឌ្ឍសង្គមជាតិ និងធ្វើឲ្យរីកចម្រើននូវវិស័យដែលខ្លួនវិភាគនោះ។

ជារួមមក ដល់ពេលហើយដែលបញ្ញវន្ត ផ្នែកឯកទេសនីមួយៗ ចេញមុខ បង្ហាញស្នាដៃ ផ្តល់កម្រងវិភាគទៅលើជំនាញឯកទេសរបស់ខ្លួន សំដៅដល់ការរីកចម្រើនជឿនលឿននៃស្រុកទេសទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ខ្លឹមសារវិភាគរបស់ពួកគេទាំងនេះ ដែលមានលក្ខណវិទ្យាសាស្ត្រ និងដែលអាចអនុវត្តលើទីលានជាក់ស្តែងបាន អ្នកតម្រង់ទិសសង្គម ឬអ្នកធ្វើសេចក្តីសម្រេចចិត្ត ត្រូវតែយកទៅពិចារណា និងដាក់ឲ្យដំណើរការ។

ម្យ៉ាងវិញ ចំពោះអ្នកវិភាគជាន់ថ្មី ពីអំណឹះតទៅ ទំនងជាគេមិនអាច នៅតែពាក់ឈ្មោះជា«អ្នកវិភាគគ្រប់រឿង»បានទៀតទេ! គេគប្បីត្រូវតែសម្រួចការវិភាគលើជំនាញនីមួយៗ ដែលខ្លួនធ្វើការ និងសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ ពោលគឺមិនមែនជា«អ្នកវិភាគសម្លកកូរ»នោះទៀតទេ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s