លោក ប៉ាវ ស៊ីណា៖ បណ្តឹង​របស់​ក្រុម​ហ៊ុន ​សៅលែន ជាការ​គំរាម​កំហែង​សហជីព និងបំបិទ​សិទ្ធិ​កម្មករ​!

នៅព្រឹកថ្ងៃទី១៤ខែកក្កដានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានចូលទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ។ លោក ប៉ាវ ស៊ីណា ត្រូវបានក្រុមហ៊ុនកាត់ដេរសៅលែន ប្តឹងចោទប្រកាន់ពីបទ ក្លែងលិខិត និងផ្តល់ព័ត៌មានមិនពិត ពាក់ព័ន្ធនឹងសំណើសុំចុះបញ្ជីបង្កើតសហជីពនៅក្នុងក្រុមហ៊ុន។ បើតាមលោក ប៉ាវ ស៊ីណា តំណាងរបស់ក្រុមហ៊ុនបានបដិសេធជាច្រើនលើកច្រើនសា គឺមិនទទួលសំណើសុំបង្កើតសហជីពរបស់ក្រុមកម្មករឡើយ ហើយថែមទាំងប្តឹងរូបថែមទៀត។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក ប៉ាវ ស៊ីណា ចាត់ទុកបណ្តឹងរបស់ក្រុមហ៊ុនកាត់ដេរសៅលែន នៅពេលនេះ ថាជាការគំរាមកំហែងសហជីព និងបំបិទសិទ្ធិកម្មករ។ ហេង ឧត្តម រាយការណ៍ ៖

Oudom-desk-Pav Sina -

ក្នុងសម្លៀកបំពាក់សមរម្យ អាវព័ណ៌ផ្កាឈូកដាក់ក្នុងខោដូចរាល់ដង លោក ប៉ាវ ស៊ីណា បានចូលទៅឆ្លើយបំភ្លឺនៅតុលាការក្រុងអស់ជាង១ម៉ោង។ ការចូលទៅឆ្លើយបំភ្លឺជាលើកទី២ក្នុងសំណុំរឿងតែមួយនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់វិទ្យុបារាំងRFI ក្រោយពេលចេញមកវិញថា ដើមហេតុព្រោះថាក្រុមកម្មករ បានបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនិងសមាជិក ហើយសម្រេចបង្កើតសហជីពនៅក្នុងក្រុមហ៊ុនកាត់ដេរសៅលែន ព្រមទាំងបានសរសេរលិខិតជូនដំណឹងទៅក្រុមហ៊ុន។ លិខិតនោះ មានទាំងសរសេរដៃ និងវាយកុំព្យូទ័រ ព្រមទាំងបានផ្ញើតាមប្រៃយ៍សណីយ៍ថែមទៀត ក៏ប៉ុន្តែត្រូវក្រុមហ៊ុនបដិសេធទាំងបីលើក។ នេះបើតាមលោក ប៉ាវ ស៊ីណា។

លោក ប៉ាវ ស៊ីណា ចាត់ទុកបណ្តឹងរបស់ក្រុមហ៊ុនកាត់ដេរសៅលែននៅពេលនេះ ថាជាការគំរាមកំហែងសហជីព រើសអើង និងបំបិទសិទ្ធិកម្មករ។ លោកថែមទាំងសង្កត់ក្នុងសម្តីធ្ងន់ថា ក្រុមហ៊ុនចង់ប្រឆាំងនឹងការបង្កើតសហជីព និងមានគោលបំណងទប់ស្កាត់ការបង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ។ មានន័យថា មិនឲ្យមានសហជីពឯករាជ្យ និងម្យ៉ាងទៀត ចង់បំបាក់ ស្មារតីក្រុមកម្មករ ដែលចង់បង្កើតសហជីពមួយពិតប្រាកដរបស់ពួកគេ។

ទោះយ៉ាងនេះក្តី ប្រភពដដែលក៏បានទទួលស្គាល់ដែរថា ក្នុងលិខិតជូនដំណឹងពីការបង្កើតសហជីពនោះ គឺពិតជាមានកំហុសខ្លះមែន តែជាកំហុសអក្ខរាវិរុទ្ធតែប៉ុណ្ណោះ ដូចជា ខុសឈ្មោះបន្តិចបន្តួច ដូចជាកម្មករ ឈ្មោះ «ចិត្រ» សរសេរ ដាក់ជើង «រ» តែក្នុងលិខិតសរសេរ ដាក់ជើង «ត» ជាដើម។ កំហុសនេះ ត្រូវលោក ប៉ាវ ស៊ីណា ពន្យល់ថាក្រុមហ៊ុនបដិសេធ ច្រានចោលថាមិនមែនជាកម្មករនិយោជិតរបស់ខ្លួននោះទេ។

ទោះយ៉ាងណាក្តី ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ នៅមិនដឹងថា តំណាងអយ្យការនឹងកោះហៅរូបលោក ទៅសួរដេញដោលពេលណាទៀតទេ ប៉ុន្តែលោក ប៉ាវ ស៊ីណា បញ្ជាក់ថា សហការីរបស់លោក រួមទាំងសាក្សី និងកម្មករផ្សេងទៀតដែលពាក់ព័ន្ធ ក៏នឹងត្រូវតុលាការកោះហៅទៅបង្ហាញខ្លួន និងឆ្លើយបំភ្លឺជាបន្តបន្ទាប់ទៀតផងដែរ។

សូមរម្លឹកជូនថា លោក ប៉ាវ ស៊ីណា ក៏កំពុងជាប់បណ្តឹងជាច្រើនផ្សេងទៀត។ ក្នុងនោះ មន្ត្រីរបស់ក្រសួងការងារ ប្តឹងរូបលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រមាថអ្នករាជការសាធារណៈ និងបិទផ្លូវសាធារណៈ។ តែលោក ប៉ាវ ស៊ីណា ថាបណ្តឹងនេះ បានដាក់ព័ត៌មានពីរូបលោកខុស ហើយលោកត្រូវបដិសេធ និងជូនដំណឹងទៅក្រសួងរួចហើយ។ ក៏ប៉ុន្តែតុលាការមិនទាន់ចាត់ការយ៉ាងណាទេ។

សំណុំរឿងផ្សេងទៀត គឺនៅពេលផ្ទុះហិង្សា លើផ្លូវវែងស្រេង ពីឆ្នាំ២០១៣ រហូតមកទល់នេះ លោក ប៉ាវ ស៊ីណា ត្រូវតុលាការសម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ មេសហជីពរូបនេះ ឲ្យដឹងថា លោកបានចូលទៅបង្ហាញខ្លួននៅសង្កាត់ចោមចៅ ក៏ប៉ុន្តែលោកនៅតែអាចដើរហោះហើរ ទៅបរទេស ធ្វើការងាររបស់លោក បានដដែល៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s