រឿង​មួយ​ចំនួន​ដែល លោក កែម ឡី មិន​ចង់​ឃើញ និង​បេសកកម្ម​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​

បន្ទាប់ពីការបាញ់ប្រហារសម្លាប់បញ្ញវន្ត កែម ឡី, សង្គមខ្មែរហាក់បានលេចចេញជាថ្មីនូវភាពចម្រូងចម្រាស់។ ភាពចម្រូងចម្រាស់ដែលនាំឲ្យមានការប្រេះឆាក្នុងសង្គម និងជាអ្វីដែលលោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍ មិនចង់ឃើញ។ ដោយឡែក ការសម្រេចបាននូវបេសកកម្ម ដែលលោកកំពុងធ្វើនៅពេលមានជីវិតនោះ ដូចជា គម្រោង១០០រាត្រី ការបណ្តុះអ្នកវិភាគជំនាន់ក្រោយជាដើម គឺជាអ្វីដែលបណ្ឌិត កែម ឡី ចង់បានឲ្យកើតមានទីបំផុតនៅក្នុងសង្គមខ្មែរ។  
សូមស្តាប់ ហេង ឧត្តម៖  http://km.rfi.fr/cambodia/what-kem-ley-want-and-do-not-want-after-the-death-14-07-2016
_MG_0008

ក្រោយមរណភាពរបស់បណ្ឌិត កែម ឡី, គេសង្កេតឃើញទិដ្ឋភាពមួយចំនួនដែលហាក់ទំនងជាប្រាស់ចាកនឹងបំណង ប្រាថ្នា ឬឆន្ទៈមនសិការរបស់រូបលោក កែម ឡី។ ជាក់ស្តែង ជនឱកាសនិយមមួយចំនួន បានប្រែក្លាយពិធីបុណ្យសពរបស់រូបលោក ទៅធ្វើជាការវេទិកាឃោសនានយោបាយ សម្រាប់លេបខាយដាក់គូបដិបក្ខ និងដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន និងរបស់ក្រុមបក្សពួក។ ហើយនេះ ច្បាស់ណាស់ថានឹងនាំឲ្យសង្គមជាតិប្រេះឆា។ ក្រៅពីលេបខាយ អ្នកនយោបាយមួយចំនួនខ្លះទៀត ផ្តើមសង្ស័យ និងចោទប្រកាន់គ្នាទៅវិញទៅមក ថាជាអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់ដ៏ឃោរឃៅ។

ទិដ្ឋភាពទាំងនេះ បាននឹងកំពុងតែបង្កភាពបែកបាក់នៅក្នុងសង្គម ហើយបើសិនជាបណ្ឌិត កែម ឡី នៅមានជីវិតរស់ រូបលោក ដែលជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមម្នាក់ គឺច្បាស់ជាមិនចង់ឃើញសង្គមជាតិរបស់ខ្លួន ប្រេះឆា បែកបាក់គ្នាបែបនេះ នោះឡើយ។
 
បន្ថែមពីនេះ បណ្ឌិត កែម ឡី ត្រូវបានប្រភពជិតស្និទ្ធចាត់ទុកថាជាមនុស្សចេះគោរព និងចេះឲ្យតម្លៃអ្នកដទៃ បើទោះបីជាជនណាមានបំណងមិនល្អចំពោះរូបលោកក្តី ឬជាសត្រូវក៏ដោយ ក៏លោក កែម ឡី នៅតែញញឹមដាក់ជននោះ ហើយតែងតែព្យាយាមជួយជននោះទៅវិញថែមទៀត។ ដូច្នេះ ការយកពិធីបុណ្យសព ឬសាកសពរបស់លោក សម្រាប់ធ្វើចំណាប់ខ្មាំងរបស់ក្រុមណាមួយតែម្ខាង ឬក៏ហៅថាកាងសព មិនឲ្យនរណាផ្សេងទៀតឱនក្បាលគោរព អុជទានធូបសំពះនោះ ហាក់ទំនងមិនជាអ្វី ដែលលោក កែម ឡី សាទរនោះទេ។ សពរបស់លោក កែម ឡី គួរតែត្រូវបានជនគ្រប់រូបអាច មានឱកាសឱនក្បាលគោរព បើសិនជាគេចង់ទៅគោរពវិញ្ញាណក្ខន្ធរូបលោកដោយផ្ទាល់។
 
យ៉ាងណាក៏ដោយចុះ យុត្តិធម៌ និងការពិតត្រូវតែបានបើកបង្ហាញ ឲ្យបានឆាប់។ ការស្វែងរកការពិតនៃឃាតកម្ម និងការវែកមុខអ្នកណានៅពីក្រោយខ្នង ព្រមទាំងអ្នករួមគំនិត គឺចាំបាច់បំផុត ត្រូវតែរកឲ្យឃើញ បើទោះបីជាជននោះ គឺជានរណាក៏ដោយ ក៏ត្រូវតែយកទៅកាត់ទោសចំពោះមុខច្បាប់ដែរ។ ត្បិតថា ពេលមានជីវិតនៅឡើយ បញ្ញវន្ត កែម ឡី បានតស៊ូប្រឹងប្រែង មិនតិចទេ ដើម្បីឲ្យសង្គមជាតិខ្មែរមានយុត្តិធម៌ លុបបំបាត់និទណ្ឌភាព ហើយប្រសិនបើឃាតកម្មរបស់លោក មិនត្រូវបានស្វែងរកការពិតឲ្យជ្រះស្រឡះទេនោះ ព្រលឹងវិញ្ញាណក្ខន្ធរបស់លោក ច្បាស់ជាមិនស្ងប់ចិត្ត និងពុំអាចទៅរកសុគតិភពបានឡើយ។
 
ថ្លែងពីអ្នកគាំទ្ររូបលោកវិញ! មែនទែនទៅ បណ្ឌិត កែម ឡី បានដឹងខ្លួនឯងច្បាស់ហើយថានឹងអាចមានថ្ងៃនេះ! ត្បិតលោកតែងតែនិយាយប្រាប់សហការីរបស់ខ្លួន ថាអ្នកវិភាគបែបរូបលោក គឺជាបេក្ខភាពព្រៃស បេក្ខភាពកាល់ម៉ែត្រ បេក្ខភាពវត្តព្រះពុទ្ធ។ ឬនិយាយបែបផ្សេង ថាលោកបានដឹងជាស្រេចនូវចំណុច៣ គឺត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត។ ហេតុនេះហើយ លោកបានរម្លឹកផ្តាំជាស្រេចតែម្តងថា «ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត»។
 
ត្រង់នេះ គេត្រូវតែចាប់ផ្តើមគិតឡើងវិញពីសកម្មភាព និងគោលដៅរបស់បណ្ឌិត កែម ឡី ដែលបានធ្វើកន្លងមក និងអ្វីដែលជាសេចក្តីប្រាថ្នាចង់បានរបស់រូបលោក នៅក្នុងមាតុភូមិនេះ។ ទាំងនោះហើយ ជាអ្វីដែលអ្នកគាំទ្រដល់បណ្ឌិតរូបនេះ គួរធ្វើអ្វីបន្តទៅទៀត។
 
ទោះជាយ៉ាងណាក្តី គឺបានដឹងត្រួសៗរួចមកហើយពីបេសកកម្មមួយចំនួនដែលលោក កែម ឡី កំពុងធ្វើ តែមិនទាន់បានបំពេញចប់ នោះគឺថាយុទ្ធនាការ១០០រាត្រី ដើម្បីឈ្វេងយល់ពីពលរដ្ឋខ្មែរ ហើយកិច្ចការដ៏ធ្ងន់ធ្ងរមួយទៀត គឺការបណ្តុះអ្នកវិភាគជំនាន់ក្រោយ។ អ្នកវិភាគដែលមានជំនាញច្បាស់លាស់នៅក្នុងផ្នែកនីមួយៗ រាប់ទាំងនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថានជាដើម ហើយដែលបណ្ឌិត កែម ឡី ធ្លាប់បានផ្តាំទូន្មានថា «អស់ កែម ឡី មួយ នៅ កែម ឡី ជាច្រើនទៀត»។ បេសកកម្មរបស់បណ្ឌិត កែម ឡី នេះគឺជាសេចក្តីប្រាថ្នាចង់ឃើញ នៅក្នុងមាតុភូមិខ្មែរ ដែលមានសេរីភាពនៃការបញ្ចេញមតិពេញលេញ ហើយមាន អ្នកវិភាគជាច្រើនដែលអាចចែករំលែកធនធានគំនិត។ ពោលគឺជាគំនិតដែលមានគុណភាព។
 
ក្តីប្រាថ្នាមួយទៀតរបស់បណ្ឌិត កែម ឡី គឺការអភិវឌ្ឍមូលដ្ឋាន រហូតដល់លោកប្រកាសថាចង់ធ្វើមេឃុំ។ លោកចង់ឲ្យបញ្ញាវន្តខ្មែរនាំគ្នាទៅកាន់ការងារនៅមូលដ្ឋាន បម្រើពលរដ្ឋថ្នាក់ក្រោមជាតិ ឲ្យបានដិតដល់។ ពោលគឺមិនក្រាញ់អំណាចនៅទីក្រុង និងនៅថ្នាក់ជាតិ ហើយ ត្រូវងាកទៅផ្តល់សេវាឲ្យកៀកនឹងប្រជាជននៅមូលដ្ឋាន។
 
ទាំងនេះ គឺជាបេសកកម្មសំខាន់ៗមួយចំនួន ដែលបណ្ឌិត កែម ឡី មិនទាន់បានបំពេញចប់សព្វគ្រប់ និងជាអ្វីដែលជាសេចក្តីប្រាថ្នាចង់ឃើញឲ្យសម្រេចកើតមានពិត ប្រាកដនាពេលអនាគត។
 
ម្យ៉ាងវិញទៀត ក្នុងតួនាទីជាស្វាមី ជាឪពុក ឬជាមេគ្រួសារ ច្បាស់ណាស់ សពរបស់លោក កែម ឡី នឹងរពឹងថា គ្រួសារប្រពន្ធកូន ដែលនៅរស់ មានជីវភាពល្អប្រសើរ ហើយកូនៗទទួលបានការសិក្សារៀនសូត្រត្រឹមត្រូវ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s