សំណុំរឿង​ឃាត​កម្ម៖ រដ្ឋាភិបាល​ត្រូវ​លាង​ជម្រះ​រាល់​ការ​សង្ស័យ​

ឃាតកម្ម លើលោកបណ្ឌិត កែម ឡី ថ្មីៗនេះ បង្កការតក់ស្លុត និងភ័យខ្លាចដល់មហាជន។ ជាក់ស្តែងទៅ នេះមិនមែនជាលើកទីមួយទេ ដែលមានការបាញ់ប្រហារលើបុគ្គលសារធាណៈយ៉ាងដូច្នេះ។ ប៉ុន្តែអ្វីដែលចម្លែក គឺត្រង់ថា នៅលើកនេះ សមត្ថកិច្ច បានចាប់ក្របួច ក ជនល្មើសបានភ្លាមៗ ទាំងដៃកាន់កាំភ្លើងតែម្តង គឺខុសពីលើកមុនៗ ដែលរកមុខខ្មាន់កាំភ្លើងមិនឃើញ ហើយពេលខ្លះ ចាប់ខ្លួនមនុស្សច្រឡំថែមទៀត។ ឆ្លៀតឱកាសនេះ ហេង ឧត្តម សូមរម្លឹករៀបរាប់ឡើងវិញពីឃាតកម្មបាញ់ប្រហារលើជនល្បីៗនៅស្រុក ខ្មែរ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia/kem-ley-and-other-activists-dead-of-gunned-down-12-07-2016

2

ទោះចង់មិនចង់ ការបាញ់សម្លាញ់លោក កែម ឡី បាននាំឲ្យគេផ្តើមពិនិត្យមើលឡើងវិញ ពីករណីឃាតកម្មទាំងអម្បាលម៉ាន ដែលបានកើតមានឡើង ចាប់តាំងពីពេលបោះឆ្នោត ឆ្នាំ១៩៩៣មក។ ក្នុងនោះ គឺមានព្រឹត្តិការណ៍បាញ់ប្រហារធំៗ សម្លាប់ជនល្បីៗមួយចំនួន រាប់ទាំងមេសហជីព ជនល្បីខាងបរិស្ថាន អ្នកកាសែតដែលល្បីខាងរិះគន់ ព្រមទាំងតារាចម្រៀង ហើយក៏មានដែរ អ្នកជំនួញលុយហូរហៀរ។

ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ការបាញ់ប្រហារលោកឧកញ៉ាអ៊ឹងម៉េងជឺ នៅក្បែរស្តាតអូឡាំពិក បានធ្វើឲ្យកក្រើកក្រុងភ្នំពេញ។ ហើយការបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី កាលពីឆ្នាំ២០១២នៅក្នុងព្រៃខេត្តកោះកុង មិនត្រឹមតែធ្វើឲ្យល្បីកក្រើកសារព័ត៌មានក្នុងស្រុកទេ គឺថែមទាំងល្បីឮរន្ទឺ សុសសាយលើឆាកអន្តរជាតិថែមទៀត។
 
គេក៏នៅចាំមិនភ្លេចដែរ ពីឃាតកម្មសម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ កាលពីដើមឆ្នាំ២០០៤ នៅក្បែរវត្តលង្ការ ក្រុងភ្នំពេញ។ លោកជាវិជ្ជាដែលបានចេញមុខ ដឹកនាំហ្វូងកម្មករធ្វើបាតុកម្មយ៉ាងផុសផុល ក្នុងអំឡុងឆ្នាំ២០០០-២០០៤។ ជាង១២ឆ្នាំទៅហើយ តែគេនៅវែកមុខឃាតករពិតប្រាកដ មិនទាន់ឃើញនៅឡើយទេ។
 
ក្រៅពីបុគ្គលសំខាន់ៗខាងបរិស្ថាននិងខាងសហជីពកម្មករទាំងនេះ នៅក្នុងផ្នែកសិល្បៈវិញ តារាចម្រៀង ពិសិដ្ឋ ពិលិការ ក៏ត្រូវបានឃាតករបាញ់សម្លាប់ដែរ កាលពីពាក់កណ្តាលឆ្នាំ១៩៩៩។ ប៉ុន្មានឆ្នាំក្រោយមក មានការបាញ់ប្រហារទៅលើអ្នកចម្រៀង ទូច ស៊ុននិច គឺនៅខែតុលា ឆ្នាំ២០០៣ ហើយនៅឆ្នាំ២០០៧ មានការបាញ់ប្រហារជាថ្មីទៀត លើតារាចម្រៀង ពៅ បញ្ញាពេជ្រ។
 
បន្ថែមពីនេះ ក្នុងវិស័យសារព័ត៌មានវិញ អ្នកកាសែតមួយចំនួន រួមទាំងលោក ឃឹម សំបូរ អ្នកកាសែតជើងចាស់ ដែលច្រើនតែសរសេររិះគន់នោះ ក៏ត្រូវគេលួចធ្វើឃាតដែរ។ គាត់ស្លាប់ជាមួយនឹងកូនប្រុស ក្នុងឆ្នាំ២០០៨ នៅកណ្តាលក្រុងភ្នំពេញ។ លើសពីនេះ ក៏មានដែរ ការបាញ់ស្លាប់ព្រះសង្ឃ និងមន្ត្រីរបស់គណបក្សនយោបាយផ្សេងៗទៀត។
 
រហូតមកទល់នឹងសព្វថ្ងៃ សំណុំរឿងបាញ់ប្រហារឃាតកម្មធំៗទាំងអស់នេះ គឺនៅតែបង្កភាពមន្ទិលសង្ស័យ មិនទាន់ជ្រះស្រឡះនៅឡើយទេ។ ព្រោះថា ឃាតកម្មខ្លះ រកមិនឃើញមុខឃាតករ។ រីឯការប្រហារមួយចំនួនទៀត គេចាប់មិនបានជនល្មើស ហើយពេលខ្លះ បើចាប់មនុស្សបានហើយ បែរជាចាប់ច្រឡំទៅទៀត។ តួយ៉ាង ករណីស្លាប់របស់លោក ជាវិជ្ជា ដែលលោកប៊នសំណាងនិងសុខសំអឿន ត្រូវជាប់ឃុំអស់ប្រហែលជា៦ឆ្នាំ ហើយទីបំផុតទៅតុលាការកំពូល បានសម្រេចឲ្យដោះលែង ព្រោះរកមិនឃើញកំហុស។
 
ជាទូទៅ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានវាយតម្លៃលើឃាតកម្មបាញ់សម្លាប់ទាំងអស់នេះ ថាជារឿងនយោបាយ តែការបាញ់ប្រហារខ្លះក៏មានដែរជារឿងបុគ្គលឯកជន ដូចជារឿងអាស្រូវផ្លូវភេទជាដើម។
 
ជាការគួរឲ្យកត់សម្គាល់ រៀងរាល់លើក គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន តែងតែចោទប្រកាន់ និងដាក់កំហុស ទៅលើមន្ត្រីបក្សកាន់អំណាច ឬរដ្ឋាភិបាល ដែលជាអ្នកនៅពីក្រោយខ្នងការស្លាប់បុគ្គលល្បីៗទាំងនោះ។ ហើយការស្លាប់របស់លោកបណ្ឌិតកែម ឡី នេះទៀត ប្រមុខបក្សប្រឆាំង បានចោទប្រកាន់តែម្តងថាជាការរៀបចំរបស់រដ្ឋអំណាច។ ក៏ប៉ុន្តែ រៀងរាល់ដង គណបក្សកាន់អំណាច តែងតែប្រកាសការពារខ្លួន និងទាត់ចោលការទម្លាក់កំហុស និងរាល់ការចោទប្រកាន់ទាំងឡាយ។
 
ទោះយ៉ាងណាក្តី ក្នុងការបាញ់សម្លាប់លោក កែម ឡី នាពេលថ្មីៗនេះ សមត្ថកិច្ចបានចាប់ជនដៃដល់ភ្លាមៗ ខុសនិងចម្លែកពីរាល់ដង។ ការបំបែកសំណុំរឿងនេះ ឲ្យមានតម្លាភាព ស៊ើបអង្កេតដោយឯករាជ្យ និងអាចជឿទុកចិត្ត គឺឱកាស ដែលរដ្ឋាភិបាលត្រូវលាងជម្រះស្នាមប្រឡាក់ដែលត្រូវគេលាបពណ៌ នាពេលកន្លងមក។ ម្យ៉ាងទៀត តាមរយៈសំណុំរឿងនេះ ក៏ប្រហែលជាការបើកផ្លូវមួយទៀត ដែលនាំឲ្យគេរំពឹងនឹកទៅដល់ការគាស់កកាយសំណុំរឿងឃាតកម្មចាស់ៗ ឡើងវិញផងដែរ៕ 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s