ព្រឹត្តិការណ៍​កន្លែង​កើត​ហេតុ បាញ់​សម្លាប់​លោក កែម ឡី

លោកបណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅម៉ោងប្រហែល៨និង៤០ព្រឹក នៅក្នុង Star Mart ការ៉ាសសាំង កាលតិច ជាប់ស្តុបបូកគោ។ ហេង ឧត្តម ដែលបានទៅដល់កន្លែងកើតហេតុ រៀបរាប់ជូនលោកអ្នកនាងស្តាប់៖

13643966_1818399455049477_67417212_n

នៅកន្លែងកើតហេតុ សាកសពរបស់លោកបណ្ឌិត កែម ឡី បានដេកដួលស្លាប់ផ្ទាល់នឹងឥដ្ឋ ឈាមក្រហមច្រាលពាសពេញឥដ្ឋការ៉ូ។ ជាមួយនឹងសម្លៀកបំពាក់ខោខ្មៅ និងអាវពណ៌ក្រហម សាកសពលោក កែម ឡី ដេកស្លាប់នៅក្នុងថ្លុកឈាមដោយផ្ងារពោះ នៅក្រោមតុកាហ្វេ ក្បែរនឹងកៅអីពីរបីដែលបះច្រងេងស្រវាងរាយបាយ។

 
នៅក្នុង Star Mart ដែលនៅមិនឆ្ងាយប៉ុន្មានពីថ្លុកឈាមនោះ ភរិយារបស់លោក កែម ឡី ដែលកំពុងមានផ្ទៃពោះ និងកូនៗប្រុសស្រីរបស់សព នាំគ្នាទ្រហោយំ និងឱបត្រកងគ្នា ដោយក្តីសោកសង្រេងជាពន់ពេក។ តែយ៉ាងណាក៏ដោយ ប៉ូលីសមិនអនុញ្ញាតឲ្យគ្រួសារចូលទៅជិតឬប៉ះពាល់សពស្វាមី និងឪពុកនោះទេ ដោយសារសមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច្ឆ័យ។
 
ចំណែកទិដ្ឋភាពនៅខាងក្រៅ Star Mart នោះវិញ ក្រោមកម្តៅថ្ងៃផង ក្រុមព្រះសង្ឃរួមទាំងមនុស្សម្នាជាច្រើនរយនាក់ ផ្អើលឈូឈរ ខ្លះជជែកគ្នាអ៊ូអរកងរំពង។ អ្នកខ្លះដណ្តើមគ្នាប្រជ្រៀតចូលទៅកៀក Star Mart តែបានត្រឹមតែឈរមើលសាកសពពីក្រៅកញ្ចក់តែប៉ុណ្ណោះ។ ពួកគេនាំគ្នាចេញចូលបន្តកន្ទុយគ្នា បើទោះបីជាប៉ូលីសហាមប្រាមមិនឲ្យចូលមើល ក៏ពួកគេនៅតែជំនះដើររំលងខ្សែបំរះ និងរបារដែក ចូលទៅមើលដែរ។ អ្នកទាំងនោះ ម្នាក់ៗមានទឹកមុខស្រពាប់ស្រពោន រលីងរលោងទឹកភ្នែក អ្នកមួយចំនួនយំខ្សឹកខ្សួល អ្នកខ្លះស្រែករអ៊ូ និងអ្នកខ្លះទៀតគ្រវីក្បាល ហើយខាំមាត់ហួសចិត្ត។ ក្រៅពីសំឡេងទ្រហោយំ នៅកន្លែងកើតហេតុ ក៏មានការស្រែកឆេរ និងការបន្ទោស បុគ្គលមួយចំនួនដែលពលរដ្ឋសង្ស័យនិងចោទប្រកាន់ថានៅពីក្រោយខ្នង ឃាតកម្មផងដែរ។

13627001_1046519052105336_6315764060111656406_n

ក្រៅពីមហាជន ក្រុមអ្នកកាសែតជាតិនិងអន្តរជាតិជាច្រើននាក់ ប្រជ្រៀតគ្នាថតរូបសកសព តែគេមិនអាចមើលឃើញផ្ទៃមុខជនរងគ្រោះពេញនោះទេ។
 
គួរកត់សម្គាល់ផងដែរថា ភ្លាមៗក្រោយកើតហេតុការណ៍បាញ់ប្រហារលើលោក កែម ឡី ស្នងការនគរបាលក្រុងភ្នំពេញលោក ជួន សុវណ្ណ បានចុះទៅពិនិត្យមើលសពដោយផ្ទាល់ ហើយតុល្យការបឋម ត្រូវបានគេដឹងថា ឃាតករ បានប្រើកាំភ្លើងខ្លី និងបាញ់ជាច្រើនគ្រាប់លើជនរងគ្រោះ ដែលបណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច៕

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s