​រង្វាន់ ឬជា​នុយ?

នៅស្រុកខ្មែរ ការទិញទំនិញ ឬជាវសម្ភារៈទំនើបអ្វីក៏ដោយ ក៏សុទ្ធសឹងតែមានកម្មវិធីឈ្នះរង្វាន់ដែរ។  រាប់ទាំងទិញបារី ស្រា និងរហូតដល់ការទិញសម្ភារៈប្រើប្រាស់ទូទៅ ក៏សុទ្ធតែមានកម្មវិធីឈ្នះរង្វាន់ ជាហូរហែ។ មិនថាក្នុងវិស័យអាជីវកម្ម, ផ្នែកផ្សេងៗទៀត ដូចជាវិស័យអប់រំ កីឡា ផ្នែកសេវាកម្ម ការងារ រហូតដល់វិស័យនយោបាយជាដើម ក៏មានការផ្តល់រង្វាន់ដែរ។ ចំពោះមុខនៃទម្លាប់ផ្តល់រង្វាន់បែបនេះ គេសង្កេតឃើញថា រង្វាន់មួយចំនួន គឺអាចជារូបភាពបំភ័ន្តភ្នែក ហើយធាតុពិត គឺជានុយ ឬជាធ្នាក់បញ្ឆោតទៅវិញទេ។

សូមស្តាប់ ហេង ឧត្តម៖  http://km.rfi.fr/cambodia/prize-05-07-2016

Screenshot 2016-07-05 12.02.04

កម្មវិធីឈ្នះរង្វាន់ ហាក់បានក្លាយទៅជាទម្លាប់ទៅហើយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ។ ជាទូទៅ រង្វាន់ ទាំងនោះ អាចមានរូបភាព ជាការលើកទឹកចិត្ត ផ្តល់បណ្ណសរសើរ ឲ្យលុយកាក់ ឬជាការជូនរបស់អ្វីមួយបន្ថែមដោយឥតគិតថ្លៃ ឬក៏ជាអាចជាផ្តល់ឱកាសសម្រាប់ចាប់ផ្សងសំណាងយកវត្ថុអ្វីផ្សេងទៀតជាដើម។

និន្នាការផ្តល់រង្វាន់នេះ បានសាបព្រោះពេញផ្ទៃប្រទេស ពិសេសក្នុងវិស័យជំនួយអាជីវកម្ម គឺមានច្រើនជាងគេ។ ឧទាហរណ៍ជាក់ស្តែង បើគេទិញផឹកស្រាប្រភេទនេះ គេអាចឈ្នះរង្វាន់នោះ, ទិញឡានម៉ាកនេះ អាចបានរង្វាន់នោះ ឬទិញរបស់មួយនេះ អាចទទួលបានរង្វាន់ជាវត្ថុនោះ ជាដើមទៅ។ ហើយសូម្បីតែការទិញរបស់អ្វីបន្តិចបន្តួច ដូចជាប្រេងឆា ប៊ីចេង នំនែក ក៏អាចទទួលបានរង្វាន់ប្លែកៗពីគ្នា រហូតទៅដល់ការទិញសំឡីអនាម័យសម្រាប់ស្ត្រី ក៏មានរង្វាន់ដែរ។

ក្រលែកមើលក្នុងវិស័យអប់រំ, កូនសិស្សរៀនពូកែ ត្រូវបានការលើកទឹកចិត្ត ផ្តល់រង្វាន់ ជាបណ្ណសរសើរ ហើយបើនៅសាលាឯកជនផង អាចទទួលបានការផ្តល់រង្វាន់កាន់តែច្រើន។ បើសាលាឈ្នួលមួយចំនួន បើគេបង់លុយចូលរៀនពេញមួយឆ្នាំ ឬចុះឈ្មោះច្រើននាក់ ក៏មានការបញ្ចុះតម្លៃ ឬថែមជូនរង្វាន់ ជាសៀវភៅ ឬជាសម្លៀកបំពាក់ឯកសណ្ឋានសាលា។ ចំណែកគ្រូបង្រៀនល្អ ក៏មានការលើកទឹកចិត្តទៅតាមនោះដែរ។

ក្នុងផ្នែកការងារ បុគ្គលិកឆ្នើម ក៏ត្រូវគេផ្តល់រង្វាន់ ឬដំឡើងប្រាក់ខែ និងមានលក្ខខណ្ឌការងារពិសេសផ្សេងៗ សម្រាប់លើកទឹកចិត្តជាដើម។

បើនៅផ្នែកបម្រើសេវាវិញ ក៏មានទម្លាប់ផ្តល់រង្វាន់ជូនអតិថិជនដែរ។ ការដាក់ផ្ញើលុយនៅធនាគារ គឺមានរង្វាន់ ដូចជាការប្រាក់និងឱកាសចំណេញផ្សេងៗ។ ការជិះរថយន្ដឈ្នួល ក៏មានរង្វាន់។ គេអាចទុកសន្សំសំបុត្ររថយន្ត ទុកប្តូរយកវត្ថុអ្វីមួយ ជាមួក ឆ័ត្រ ឬឆ្នាំងបាយ ឬក៏អាចទទួលការជិះដោយឥតគិតថ្លៃ នៅពេលសន្សំសំបុត្របានក្នុងកម្រិតណាមួយ អ៊ីចឹងទៅ។

រីងក្នុងវិស័យកីឡា, កន្លងមក បើមានកីឡាករ ឬកីឡាការិនីឆ្នើម ដែលប្រកួតឈ្នះនៅក្រៅស្រុក ហើយពេលចូលមកប្រទេសវិញ ត្រូវអ្នកមុខអ្នកការប្រគល់រង្វាន់ជូនព្រោងព្រាត និងមានទាំងបំពាក់មេដាយបន្ថែមទៀត ហើយម្ចាស់ក្រុមហ៊ុនខ្លះ ក៏សង្វាតយកពួកគេទៅថតផ្សាយពាណិជ្ជកម្ម និងជូនរង្វាន់ជាលុយ ជាសេវាពិសេសផ្សេងៗ ឬជាផលិតផលតរបស់គេ ទៅទៀត។

បើគេនិយាយពីវិស័យនយោបាយវិញ អ្នកនយោបាយខ្មែរ នាពេលកន្លងទៅ ធ្លាប់បានសន្យាហើយថា បើខ្លួនឈ្នះឆ្នោត ខ្លួននឹងធ្វើនេះឬកសាងនោះ ជាដើម។ ហើយអ្នកខ្លះរហូតទៅដល់ហ៊ានអះអាងថា នឹងផ្តល់មេគោ ឬឲ្យលុយ៤ម៉ឺនរៀល ឬក៏ប្រកាសផ្តល់ម៉ូតូឲ្យមេឃុំ ជំទប់ឃុំជាដើម បើឈ្នះឆ្នោត។ ចំណែកអ្នកនយោបាយខ្លះទៀត គឺចែករង្វាន់ ជាសារ៉ុង ក្រមា ប៊ីចេង និងចែកជូនជាលុយកាក់ ដល់ដៃស្រស់ៗតែម្តង។ ការសន្យាផ្តល់រង្វាន់ ឬការចែករង្វាន់ទាំងអស់នេះ ច្បាស់ប្រាកដណាស់ គឺជាថ្នូរនឹងអ្វីសមានចិត្ត និងការគាំទ្រ។

ជារួមមក តាមការរៀបរាប់ត្រួសៗមកនេះ ឃើញថាស្ទើរតែគ្រប់វិស័យសំខាន់ៗ គឺមានការផ្តល់រង្វាន់ ដែលពលរដ្ឋខ្មែរបានស្គាល់ បានឃើញដឹងឮ ស្ទើរតែមិនលួសថ្ងៃ។ ដល់ជួបប្រទះញឹកញយពេកអ៊ីចឹងទៅ ក៏ក្លាយជាទម្លាប់ ហើយពេលខ្លះ មនុស្សខ្មែរក៏មិនទាំងចាប់អារម្មណ៍គិតពិចារណាចំពោះរង្វាន់ទាំងនោះផង ព្រោះជារឿងធម្មតាជាទៅ ទៅហើយ។

ប៉ុន្តែនៅក្នុងចំណោមរង្វាន់ទាំងអម្បាល់មាននោះ មានរង្វាន់មួយចំនួន គឺកើតចេញពីជំនួយពិតប្រាកដ ឬជំនួញដ៏ស្មោះត្រង់ ឬក៏ជារង្វាន់លើកទឹកចិត្តចំពោះមនុស្សដែលខំប្រឹងប្រែង ហើយសមល្មមនឹងទទួលបានការកោតសរសើរ។ ដោយឡែក រង្វាន់ខ្លះទៀត គឺជាការបង្កប់នូវគំនិតលាក់គំនួចផ្សេងទៀត។

ដូច្នេះ ប្រហែលជាល្មមដល់ពេលហើយ ដែលគេត្រូវវែកញែកឡើងវិញ ថាអ្វីជារង្វាន់លើកទឹកចិត្ត? ថាអ្វីជានុយ ឬជាអន្ទាក់សម្រាប់កេងចំណេញរបស់អ្នកផ្តល់រង្វាន់ ឬជាការបម្រើផលប្រយោជន៍ចំពោះក្រុមណាមួយ។ ក្រៅពីការបែងចែក ថាអ្វីជានុយ ថាអ្វីជារង្វាន់ហើយ គេក៏ត្រូវគិតដល់គុណភាព និងប្រសិទ្ធភាពនៃរង្វាន់នោះផងដែរ។ គេក៏គួរជៀសឲ្យឆ្ងាយ ឬត្រូវដឹងក្នុងខ្លួនឲ្យច្បាស់ថា រង្វាន់ណា ដែលជានុយ និងរង្វាន់ណា ជាធ្នាក់លាក់គំនួច៕

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s