សិក្ខាសាលានិង​វគ្គ​​សិក្សា​ខ្លី គឺ​​ជា​ជំនួញបែប​ថ្មី!

IMG_8842

នៅកម្ពុជាបច្ចុប្បន្ន គេសង្កេតឃើញថាសិក្ខាសាលា និងវគ្គសិក្សាខ្លី កើតមានច្រើន ស្ទើរតែជារៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកនានា។ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លះ តម្រូវឲ្យសិក្ខាកាមបង់ប្រាក់ ឬត្រូវទិញសំបុត្រសម្រាប់ការចូលរួម។ សព្វថ្ងៃ ការចូលរៀនវគ្គខ្លីៗទាំងនោះ គឺមានភាពពេញនិយមណាស់ ស្របពេលដែលមនុស្សខ្មែរកំពុងតែចង់ចេះចង់ដឹងស្រាប់ផង។ ទន្ទឹមនឹងនេះ គេក៏អាចចាត់ទុកថា សិក្ខាសាលានិងវគ្គខ្លីដែលបង់ប្រាក់ គឺជាអាជីវកម្ម ឬជាជំនួញបែបថ្មីមួយផងដែរ។ សូមស្តាប់ ហេង ឧត្តម ៖

http://km.rfi.fr/cambodia/workshop-and-short-course-are-new-business-idea-30-06-2016

IMG_8062

នៅភ្នំពេញនិងនៅបណ្តាទីប្រជុំជន គេមើលឃើញ វគ្គបណ្តុះបណ្តាលខ្លីៗនិងសិក្ខាសាលា ផ្តោតលើប្រធានបទផ្សេងៗគ្នា កើតមានច្រើនព្រោងព្រាត មានជាប់គ្នារដឹក មិនចេះស្វាង។ កម្មវិធីមួយចំនួន គឺតម្រូវឲ្យអ្នកចូលរួមបង់ប្រាក់ យ៉ាងតិច ចាប់ពី១ឬ២ដុល្លារ ឬច្រើនជាងនេះ ហើយវគ្គខ្លះទៀត អាចមានដល់រាប់រយដុល្លារផងក៏មាន សម្រាប់ការរៀនមួយឬពីរថ្ងៃ ឬក៏បីទៅបួនថ្ងៃ។

ការតម្រូវឲ្យបង់ប្រាក់ចូលរួមវគ្គខ្លីៗទាំងនោះ គឺមានមូលហេតុសំខាន់មួយចំនួនដែលគេអាចពន្យល់បាន។ មូលហេតុដំបូងគឺប្រាកដណាស់ថា ទុកឬយកលុយកាក់នោះ សម្រាប់ចាត់ចែងរៀបចំកម្មវិធី។

ទី២ មកពីការចូលរួមកម្មវិធីដោយ Free អត់គិតថ្លៃ គឺអត់សូវមានតម្លៃ ហើយបើអត់គិតថ្លៃ អ្នកចូលរួមក៏ពុំសូវយកចិត្តទុកដាក់ដែរ។ បើមិនយកលុយទេ គឺជាទូទៅ គេច្រើនមើលឃើញថា សិក្ខាសាលាឬវគ្គសិក្សានោះ ច្រើនតែមានភាពរញ៉េរញ៉ៃ។ មនុស្សដើរចេញចូលស្រេចតែនឹងចិត្ត។ ហើយពេលខ្លះទៀត ក៏មិនសូវទាំងមានអ្នកចូលរួមផង។

មូលហេតុទី៣ គឺទុកយកលុយដែលបានពីការបង់វិភាគទានឬទិញសំបុត្រចូលរួមនោះ សម្រាប់ជូនវាគ្មិនផ្ទាល់តែម្តង។ បើគិតទៅ ក៏ជាការសមគួរដែរ ដែលវាគ្មិនបានខំលះបង់ចំណាយពេលវេលា ប្រិតប្រៀងសំលៀងចំណេះដឹងសម្រាប់ចែករំលែក ក្នុងបទបង្ហាញរបស់គាត់ ហើយបើឲ្យគាត់ចំណេញលុយកាក់ខ្លះ ក៏ជាការគួរដែរ។

មូលហេតុចម្បងមួយទៀត ដែលតម្រូវបង់លុយក្នុងការចុះឈ្មោះចូលរៀនវគ្គខ្លី ឬសិក្ខាសាលានោះ គឺមកពីមនុស្សខ្មែរសព្វថ្ងៃ ស្រេកឃ្លានចំណេះ ចង់ចេះចង់ដឹង។ ការចូលរៀនវគ្គខ្លីៗ គឺអាចជួយដុះខាត់ចំណេះដឹង ពង្រឹងជំនាញទន់ ជំនាញរឹង ឲ្យគេទទួលព័ត៌មានថ្មីៗនិងបង្កើតបណ្តាញទាក់ទងបន្ថែមទៀត ហើយថែមទាំងអាចជាការពញ្ញាក់ស្មារតីឲ្យកាន់តែប្រុងប្រយ័ត្នក្នុងចរិយាបថការងារថែមទៀត។ លើសពីនេះ តាមរយៈវគ្គសិក្សាខ្លីៗស្តីពីការអប់រំផ្នត់គំនិត ក៏អាចកាន់តែធ្វើឲ្យគេប្រឹងប្រែងព្យាយាមជាងមុន មានគោលដៅនិងសម្រួចទិសដៅច្បាស់លាស់ជាងមុន ជាហេតុនាំឲ្យមានប្រសិទ្ធិភាពការងារផងដែរ។

ហេតុនេះ ទើបនៅប្រទេសជឿនលឿនមួយចំនួន ស្ថាប័នរដ្ឋឬក្រុមហ៊ុនមួយចំនួន មានទម្លាប់តែងតែផ្តល់ពេលវេលា និងបញ្ចូនបុគ្គលិកឲ្យទៅរៀនវគ្គបណ្តុះបណ្តាលខ្លីៗបន្ថែមទៀត ដើម្បីដុះខាត់ពុទ្ធិចំណេះដឹងនិងរៀនជំនាញថ្មីបន្ថែម។

IMG_8935

ក៏ប៉ុន្តែ ជារឿងដោយឡែកនៅកម្ពុជា វគ្គសិក្សាខ្លីភាគច្រើន គេមើលឃើញថាគឺភាគច្រើនផ្តោតតែទៅលើការធ្វើយ៉ាងដើម្បីក្លាយជាបុគ្គលជោគជ័យ ក្លាយជាអ្នកមាន ឬអ្នកជំនួយឆ្នើមជាដើម… ដែលរៀនយូរៗទៅ គឺគ្រូនិងអ្នកបណ្តុះបណ្តាលក្លាយជាអ្នកមានឡើងៗ ច្រើនជាងសិក្ខាកាមទៅវិញ។ គ្រូបង្រៀនវគ្គនោះខ្លះ ទិញផ្ទះថ្មីដូរឡានថ្មីយ៉ាងលឿនរហ័ស និងមានយសមានសក្តិពាក់ទៀតផង។ ចំណែកវាគ្មិនមួយចំនួនក្នុងវគ្គសិក្ខាសាលាខ្លះវិញ ហាក់ចង់ខំប្រឹងសម្ញែងថាខ្លួនចេះ ហើយព្យាយាមតោងយកមុខមាត់និងប្រជាប្រិយភាពពីវគ្គនីមួយៗនោះ។

ហើយវគ្គដែលត្រូវគេបង្រៀននោះទៀតសោត ហាក់ពុំមែនជាវគ្គវិសេសវិសាលអស្ចារ្យណាស់ណានោះក៏ទេដែរ។ វគ្គមួយចំនួនរៀនដើម្បីក្លាយជាអ្នកមានជាអ្នកជោគជ័យ គឺគេអាចរកឈ្វេងយល់បានតាមសៀវភៅជំនួយ សៀវភៅអភិវឌ្ឍផ្នត់គំនិត និងមានបង្រៀននៅតាមសាលាឬនៅមហាវិទ្យាល័យស្រាប់ទៅហើយ។ ហើយក្នុងសម័យបច្ចេកវិជ្ជាដូចសព្វថ្ងៃនេះទៀតនោះ គេអាចងាយស្រួលបំផុតក្នុងការស្រាវជ្រាវរកឯកសារទាំងនោះណាស់ ជាសៀវភៅ រូបភាព សំឡេង និងវីដេអូថែមទៀតផង។

ម្យ៉ាងវិញទៀត គេច្រើនសង្កេតឃើញដែរថា ទ្រឹស្តីដែលគេយកទៅប្រើប្រាស់ក្នុងវគ្គសិក្ខាសាលា ឬវគ្គខ្លីមួយចំនួននោះ គឺថាទ្រឹស្តីមួយចំនួនខ្លះពុំទាន់ត្រូវបានឆ្លងកាត់ការអនុវត្ត ឬការពិសោធគ្រប់ជ្រុងជ្រោយនៅឡើយដែរ។ ដូច្នោះ វគ្គខ្លីខ្លះ គឺអាចជាបណ្តុំកម្រងទ្រឹស្តី និងពាក្យពេចន៍ល្អៗ ប៉ុន្តែពុំទាន់បានស្លចម្អិន តាមរយៈការពិសោធ នៅលើទីលានសាច់ការជាក់ស្ដែងនៅឡើយទេ។

បើគេពិនិត្យទៅលើបុគ្គលិកលក្ខណៈរបស់គ្រូបណ្តុះបណ្តាល ឬអ្នកបង្រៀនវគ្គខ្លីៗមួយចំនួននោះទៀត ក៏អ្នកមួយចំនួនខ្លះ ហាក់ចេះតែសូត្រ ចាំមាត់ ហើយរួមផ្សំនឹងការសម្តែងសមខ្លះផង ក៏អាចធ្វើអាជីវកម្មបាន ទាំងដែលខ្លួនមិនបានពិសោធទ្រឹស្តីនោះផង ក៏ចេះតែមានទៅរួចដែរ។ គេនៅចាំមិនភ្លេចទេ ពាក្យស្លោកខ្មែរដែលគេសូត្ររត់មាត់ថា ទ្រឹស្តីហៀរដល់កែង អនុវត្តជាក់ស្ដែង Zéro។

IMG_8242

ត្រង់ចំណុចនេះ គឺខុសពីនៅប្រទេសជឿនលឿនទៅវិញ។ ព្រោះថា បើសិនជាគេបង់លុយចូលរួមស្តាប់សន្នីសីទឬសិក្ខាសាលាណាមួយ គឺទាល់តែវាគ្មិន ឬអ្នកឧទេសនាមនោះ គឺសាស្ត្រាចារ្យគ្រូធំៗ ជាអ្នកប្រាជ្ញ ឬអ្នកមានកំពូល ឬក៏អ្នកនយោបាយល្បីផុតលេខ ដែលពួកគេនោះរកឃើញអ្វីថ្មីឬគំនិតពិសេសមិនធ្លាប់មាន ដោយឆ្លងកាត់ការពិសោធត្រឹមត្រូវ ហើយនិងថាជាឱកាសកម្រនឹងបានជួបពួកគេណាស់ ទើបអ្នកចូលរួមគេសម្រុកទៅទិញសំបុត្រចូលរួមម្តងៗ។

ដូច្នេះ គេអាចសង្ខេបមកវិញថា សិក្ខាសាលាឬវគ្គសិក្សាខ្លីមួយចំនួន នៅស្រុកខ្មែរ គឺជាឱកាសជំនួញ និងជារបៀបរកស៊ីថ្មីមួយបែប ប្រកែកមិនបាន។ ដល់ចំណុចនេះ ប្រហែលជាគេត្រូវចោទសួរឡើងវិញហើយថា តើការបង្រៀនវគ្គខ្លីៗ មួយថ្ងៃពីរហើយយកលុយ តើ ខុសសីលធម៌ដែរទេ? ហើយថាតើទ្រឹស្តីដែលត្រូវសាបព្រោះក្នុងវគ្គខ្លីទាំងនោះ អាចយកទៅអនុវត្តបានឬទេ? ហើយអាចមានប្រសិទ្ធភាពបានកម្រិតណា?

ជាមួយគ្នានេះ អ្នកចូលរួមវិញទៀតសោត គួរឆ្លុះបញ្ចាំងមើលដែរថា តើវគ្គសិក្សាឬសិក្ខាសាលានោះ ត្រូវចំនិងពាក់ព័ន្ធនឹងជំនាញបច្ចប្បន្នរបស់ខ្លួន ឬក៏ជាគោលដៅអនាគតរបស់ខ្លួនដែរឬទេ? សិក្ខាកាមគួរណាស់ថ្លឹងថ្លែងឲ្យមែនទែនមុនចូលរួមវគ្គណាមួយ! ប្រយ័ត្នខាតពេលវេលា ខាតលុយកាក់ ខូចប្រយោជន៍ អស់កម្លាំងឥតអំពើ ហើយថែមទាំងត្រូវបានគេចាក់បញ្ចូលទិន្នន័យមិនល្អទៅក្នុងខួរក្បាលផង ក៏អាចថាបាន។ ក៏ប៉ុន្តែបើពិចារណាទៅ ឃើញថា វគ្គទាំងនោះ ផ្តល់ឱកាសថ្មី សម្រាប់ដុះខាត់សម្រួចចំណេះជំនាញ គេគួរកុំមើលរំលងដែរ៕

រូបថតទាំងអស់ក្នុងអត្ថបទនេះ៖ជារូបតំណាង!

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s