បុគ្គលិក​លក្ខណៈ​របស់​កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺ​មិនមែន​បិសាច តែក៏​មិន​មែន​ជា​មនុស្ស​ធម្មតា​​!

តុលាការខ្មែរក្រហម បានបើកការសាកសួរ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ដើម្បីប្រឆាំងនឹង នួន ជា និង ខៀវ សំផន ក្នុងសំណុំរឿង០០២/២។ ឌុច បានត្រូវ តុលាការកំពូល នៃអ.វ.ត.ក.កាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០១២។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ឌុច ក្នុងនាមជាសាក្សី បាននិយាយច្រើនពីតួនាទីរបស់ខ្លួន ហើយបានឆ្លើយដាក់បន្ទុកទៅលើ នួន ជា អតីតមេកើយរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនេះ វិទ្យុបារាំងសូមរម្លឹកឡើងវិញពីបុគ្គលិកលក្ខណៈរបស់ ឌុច។ តើ ឌុច មានបុគ្គលិកលក្ខណៈបែបណា? តើគាត់ជាបិសាច ឬជាមនុស្សធម្មតា? សូមស្តាប់ ហេង ឧត្តម ៖

http://km.rfi.fr/cambodia/khmer-rough-kaing-gech-eav-or-doch-23-06-2016

13435340_10154580917072841_7124464506071472137_n

កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាគ្រូបង្រៀន ជាបញ្ញាវន្ត រៀនសូត្រជ្រៅជ្រះ ប៉ុន្តែបុគ្គលិកលក្ខណៈរបស់គាត់ ចម្លែក លំបាកយល់ ហើយពេលខ្លះ មើលធ្លុះ។

កើតនៅកំពង់ធំ កាំង ហ្កេកអ៊ាវ ធ្លាប់ជាសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ហើយបានចូលរៀននៅវិទ្យាស្ថានគរុកោសល្យ នៅក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៦៥។ ក្រោយមក គាត់បានចេញទៅធ្វើគ្រូនៅខេត្តកំណើតវិញ។ អ្នកខ្លះដែលធ្លាប់រៀនជាមួយ កាំង ហ្កេកអ៊ាវ បានឲ្យដឹងថា «គាត់គឺជាគ្រូម្នាក់ដែលមានចរិតស្លូតបូត រួសរាយរាក់ទាក់ មិនចេះវាយឫក និងស្និទ្ធស្នាលជាមួយសិស្ស ដែលជាហេតុធ្វើឲ្យសិស្សស្រលាញ់ចូលចិត្តគ្រប់ៗគ្នា»។

មួយវិញទៀត កាំង ហ្កេកអ៊ាវ ស្អប់មិនចូលចិត្តការជិះជាន់សង្កត់សង្កិនអ្នកខ្សត់ខ្សោយ។ ពេលរៀនគ្រូនៅភ្នំពេញ ដោយសារក្រីក្រ គាត់បានសុំលោកសង្ឃស្នាក់នៅវត្ត។ ពេលនោះហើយដែល គាត់បានសង្កេតឃើញពីគម្លាតដាច់ឆ្ងាយរវាងអ្នកក្រ និងអ្នកមាន ហើយក៏ចាប់ផ្តើមចងរុំគំនិតស្អប់ខ្ពើមវណ្ណៈជិះជាន់អ្នកក្រ ហើយចូលចិត្តផ្នត់គំនិតបែបសង្គមនិយម។

ទោះយ៉ាងនេះក្តី ចរិតនិងបុគ្គលិកលក្ខណៈរបស់ ឌុច បានប្រែប្រួលអស់រលីង បែរទៅជាកាចសាហាវ នៅពេលដែលបានលូកដៃចូលកាន់តែជ្រៅ ទៅក្នុងជួរក្បាលម៉ាស៊ីនខ្មែរក្រហម។ ពោលគឺពេលដែលខ្មែរក្រហមមិនទាន់កាន់កាប់អំណាចនៅឡើយ ឌុច បានធ្វើជាមេគុក ម១៣ ក្នុងខេត្តកំពង់ស្ពឺ បន្ទាប់មក បង្កើតគុកមួយទៀត គឺម៩៩ ស្ថិតនៅជើងភ្នំឱរ៉ាល់។ ពេលនោះហើយដែល ឌុច រៀនសូត្រពីរបៀបសួរចម្លើយ និងធ្វើទារុណកម្មអ្នកទោស ហើយយកមកអនុវត្តកាន់តែចាស់ដៃឡើង ពេលទទួលបានមុខនាទី ជាប្រធានមន្ទីរស២១ ឬគុកទួលស្លែង។

ក្នុងតំណែងជាមេគុកនេះហើយ ដែល កាំង ហ្កេកអ៊ាវ ធ្លាប់តែជាគ្រូបង្រៀនចរិតស្លូតបូតម្នាក់ បានប្រែក្លាយទៅជា មេពេជ្ឈឃាដ ហើយជាក៏មេឃ្លោងបញ្ជាឲ្យជំរិតយកចម្លើយសារភាព និងចារឲ្យសម្លាប់ កម្ទេចមនុស្ស។ តាមឯកសាររក្សាទុកដោយមជ្ឈមណ្ឌលឯកសារកម្ពុជា គឺ ឌុច បានចារនិងចុះហត្ថលេខា បញ្ជាឲ្យធ្វើទារុណកម្ម និងសម្លាប់អ្នកទោសនៅគុកទួលស្លែង ឬមន្ទីរស២១។ ហើយទីនេះដែលឲ្យមានអ្នកស្លាប់អស់ជាង១ម៉ឺន២ពាន់នាក់ ក្នុងនោះ ក៏មានដែរ សូម្បីតែលោកគ្រូអ្នកគ្រូរបស់ឌុចខ្លួនឯង មិត្តភក្តិ និងមានសាច់ញាត្តិខ្លះរបស់ខ្លួនទៀតផង។

បើគេពិនិត្យមើលតាមរយៈរបៀបធ្វើទារុណកម្មសួរចម្លើយដ៏សាហាវឃោរឃៅរបស់ ឌុច បានធ្វើឲ្យអ្នកខ្លះ បានហៅគាត់ថា ជាបិសាច។ នៅពេលខ្លះ សូម្បីតែខ្លួនគាត់ បែបទំនងជាធ្លាប់គិតថា ខ្លួនគាត់ក៏មិនមែនជាមនុស្សធម្មតាដែរ។ ត្បិតអីកាលពីសវនាការឆ្នាំ២០០៩ ក្នុងរង្វង់ក្រចកសេះ ឌុច បានសំណូមពរដល់ដើមបណ្តឹងរដ្ឋប្បវេណី និងសុំឲ្យមនុស្សជាតិទទួលស្គាល់រូបខ្លួនគាត់ ថាជាមនុស្សម្នានឹងគេវិញផង។

គេគួររម្លឹកថា មុនពេលចាប់ខ្លួនដោយតុលាការយោធានៅឆ្នាំ១៩៩៩ ឌុច បានលាក់ខ្លួននៅជាយដែន និងប្តូរឈ្មោះថ្មី ហើយបានចូលពិធីជ្រមុជទឹក ក្នុងសាសនាគ្រឹស្ត ដែលគេជឿថាព្រះអាចជួយលាងបាបបាន។ ក្នុងមនសិការរបស់ឌុច គ្រានោះ ទំនងជាទទួលស្គាល់បាត់ដៃប្រលាក់ឈាមរបស់ខ្លួន ហើយចង់ធ្វើជាមនុស្សវិញ។

13435450_10154580917217841_1726528582307989967_n

ចំពោះបុគ្គលិកលក្ខណៈរបស់ ឌុច នេះដែរ, លោក François Roux ដែលជាអតីតសហមេធាវីអន្តរជាតិរបស់ឌុច បានគិតថា ឌុចជាមនុស្សដែលស្គាល់បុណ្យស្គាល់បាប តែបានក្លាយជាឧបករណ៍នៃមនោគមវិជ្ជានិងម៉ាស៊ីនកាប់សម្លាប់របស់ខ្មែរក្រហម។

មិនខុសគ្នាប៉ុន្មាន លោក François Bizot ដែលធ្លាប់ជាអ្នកទោសរបស់ឌុចបានប្រហែលបីខែដែរនៅឆ្នាំ១៩៧១ ធ្លាប់បាននិយាយថា ឌុចជាមនុស្សធម្មតា ជាមេកុម្មុយនិស្តម្នាក់ ត្រៀមពលីជីវិតដើម្បីបដិវត្តន៍ បានបំពេញបេសកកម្មដែលបក្សបានដាក់ទិសឲ្យធ្វើ។

ប៉ុន្តែបើតាមការយល់ឃើញរបស់សមិទ្ធិករខ្មែរ ប៉ាន់ ឫទ្ធី ដែលបានជួបជាមួយឌុច បានថតនិងបានដេញដោលសួរឌុច ជាង៣០០ម៉ោង គឺថា កាំង ហ្កេកអ៊ាវ ហៅឌុច មិនមែនជាបិសាច ហើយក៏មិនមែនជាមនុស្សធម្មតាដែរ។ ត្បិតអតីតមេគុកទួលស្លែង វ័យ៧៤ឆ្នាំរូបនេះ មានបុគ្គលិកលក្ខណៈផ្លាស់ប្តូរ បត់បែន និងលំបាកតាមជាន់ជើងណាស់។

ព្រោះថា កាលពីពេលជំនុំជម្រះរូបគាត់ ក្នុងសំណុំរឿង០០១ នៅពេលដែលភស្តុតាងដាក់បន្ទុកលើរូបគាត់បានគាស់កកាយស្រេចអស់ហើយ ឌុច បានសហការជាមួយតុលាការ បានសារភាពពីការទទួលខុសត្រូវរបស់ខ្លួន បានសម្តែងវិប្បដិសារី ហើយថែមទាំងបានយំ សុំទោសជនរងគ្រោះថែមទៀត។ លើសពីនេះ ឌុច បានសុំឲ្យមនុស្សជាតិទុកទ្វារបេះដូងឲ្យចំហ ដើម្បីលោកអាចចូលទៅសុំទោសផង។

ក៏ប៉ុន្តែ រួចមកស្រាប់តែ ឌុច បានសុំចៅក្រមលើកលែងទោស ហើយមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូង ហើយបន្តប្តឹងសារទុក្ខទៅទៀត។ ត្រង់ចំណុចនេះ គេអាចមើលឃើញថា ឌុចមិនមែនជាបិសាចទេ តែជាមនុស្សដែលចង់សុខកាយ មិនចង់ដេកនៅក្នុងគុក និងចង់បានសេរីភាពដូចមនុស្សទូទៅដែរ។

ដោយឡែកចំពោះអ្នកដែលរួចពីស្លាប់នៅគុកទួលស្លែង យល់ថា ឌុច ជាមនុស្សឆ្លាត តែកាចសាហាវ ពូកែលាក់ពុត ពូកែកុហកភូតភរ។ នៅពេលដែល ឌុច ទ្រហោយំសុំទោសជនរងគ្រោះ ជាឆាកលោ្ខនសុទ្ធសាធ។

យ៉ាងណាក៏ដោយ ទោះបីជា ឌុច ហាក់បានសម្តែងថា ខ្លួនចង់វិលមករកឋានមនុស្សជាតិវិញក៏ដោយ ក៏សមិទ្ធិករ ប៉ាន់ ឫទ្ធី បានចារឈ្មោះឧក្រិដ្ឋជនខ្មែរក្រហមរូបនេះទុកក្នុងទំព័រប្រវត្តិសាស្រ្តរួចស្រេចហើយ ថាជា គ្រូលត់ដំនៅឋាននរក៕

13445799_10154578712867841_2400083717625445289_n

រូបថត៖ECCC

អត្ថបទផ្អែកតាមឯកសារចាស់ៗរបស់វិទ្យុបារាំង។

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s