ក្រោយ​បញ្ចប់​ការ​បួង​សួង​ដោយ​រលូន​នៅសៀម​រាប​ គណបក្សសង្គ្រោះជាតិ នឹង​​រៀបចំពិធីបួងសួង បន្ត​ទៀត​នៅខេត្ត​ពោធិ៍​សាត់!

នៅព្រឹកថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីបួងសួងបែបសាសនា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដូចតាមការគ្រោងទុករបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក សុន ឆ័យ ប្រាប់វិទ្យុបារាំងថា គណបក្សរបស់លោកនឹងទៅបួងសួងបន្ថែមទៀត នៅខេត្តពោធិ៍សាត់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាការកត់សម្គាល់ មុននឹងរៀបចំការជួបជុំនេះ គឺមានការលើកឡើងតឹងសរសៃ-កតែរៀងៗខ្លួនជុំវិញការសុំក្តីអនុញ្ញាតរៀបចំពិធីពីសំណាក់អាជ្ញាធរជាតិអប្សរា។ ប៉ុន្តែសម្រេចសម្រួលទៅ ពិធីបានរៀបចំឡើងដោយ រលូន គ្មានការប៉ះទង្គិចអ្វីឡើយ។ ហេង ឧត្តម រាយការណ៍៖

13435363_1127108237345908_3605161848620862854_n

ទីបំផុតទៅ សមាជិកបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានប្រមូលអ្នកគាំទ្រគ្នាប្រហែលជាង៤, ៥រយនាក់ នៅខេត្តសៀមរាប ដើម្បីធ្វើពិធីសាសនាបួងសួងសុំក្តីចម្រុងចម្រើន សុខសន្តិភាព សុំឲ្យមានការបង្រួបបង្រួមជាតិ រក្សាការពារបូរណភាពទឹកដី និងការពារប្រជាធិបតេយ្យសេរីពហុបក្ស។

លើសពីនេះ ពួកគេក៏បានបួងសួងសុំឲ្យមានការផ្សះផ្សាជាតិ, សុំបញ្ចប់ការធ្វើទុក្ខបុកម្និញលើ កឹម សុខា, ព្រមទាំងសុំឲ្យមានការដោះលែងសកម្មជន អ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាដែលកំពុងជាប់ពន្ធនាគារ។ នេះបើតាមមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក សុន ឆ័យ។ តាមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ នៅពេលដែលមិនអាចដោះស្រាយតាមយន្តការស្ថាប័នជាតិ ហើយនៅពេលដែលគេទាល់មែនទែន ឬអស់សង្ឃឹម ឬក៏គ្មានមធ្យោបាយផ្សេងយ៉ាងណានោះ គេអាចទៅរកការបួងបួង ក៏អាចជាការសក្តិសិទ្ធមួយបែបដែរ ហើយនេះក៏ជាប្រពៃណីទំនៀមទម្លាប់ខ្មែរផងដែរ។ ហេតុដូច្នេះហើយ ទើបលោក សុន ឆ័យ ប្រាប់ថា នឹងជជែកគ្នាក្នុងគណអចិន្ត្រៃយ៍របស់គណបក្ស ដើម្បីសម្រេចកំណត់ពេលទៅបួងសួងអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់ ក្នុងពេលឆាប់ៗខាងមុខនេះ ជាបន្តទៀត។

ការប្រមូលផ្តុំរៀបពិធីនៅថ្ងៃសីលពេញបរណី ១៥កើតនេះ បានចាប់ផ្តើម ជាដំបូងនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម នាពេលប្រហែលម៉ោង៨កន្លះព្រឹក រួចមក ពួកគេទៅជួបជុំគ្នា ធ្វើពិធីបន្ត ប្រហែលជា១ម៉ោងទៀត នៅមុខប្រាសាទអង្គរវត្ត  ដោយមានការហែហមអមដំណើរដោយសកម្មជន ក្រុមដឹកនាំបក្ស និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ ព្រះវិហារ សៀមរាប និង ឧត្ដរមានជ័យ។

សូមរម្លឹកដែរថា មុននឹងសម្រេចធ្វើការប្រមូលផ្តុំរៀបពិធីនេះ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ម្តងជាពីរដងហើយថា ការជួបជុំធ្វើពិធីសាសនារបស់ខ្លួន គឺមិនមែនជាការប្រមូលផ្តុំធ្វើបាតុកម្មអ្វីនោះឡើយ។ ទោះបីជាអះអាងដូច្នេះក្តី អាជ្ញាធរជាតិអប្សរា នៅតែទាមទារស្នើសុំឲ្យគណបក្សប្រឆាំងមួយនេះ ដាក់លិខិតសុំការអនុញ្ញាតជាមុនសិន មុននឹងរៀបចំពិធីបួងសួងតាមបែបសាសនាណាមួយ នៅបរិវេណសម្បត្តិបេតិកភណ្ឌពិភពលោក។  ទើបតែជិតដល់នាទីចុងក្រោយទើបភាគីអាជ្ញាធរជាតិអប្សរា  បានទទួលលិខិតជូនដំណឹងរបស់បក្សប្រឆាំង។ ហើយពិធីបែបសាសនានៅថ្ងៃ១៩មិថុនា ក៏ត្រូវបានរៀបចំឡើង ដោយរលូល គ្មានការប៉ះទង្គិចអ្វីឡើយ ខណៈដែលសមត្ថកិច្ច មិនមានដាក់ពង្រាយចាំបង្រ្កាបទេ គឺគ្រាន់តែចាំជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s