ការ​​រំលោភ​​សេព​សន្ថវៈ​ ជា​ជំងឺ​សម្លាប់​មនុស្ស​ទាំង​រស់​!

Pl-New-Copyrights1-141

តាមរយៈសារព័ត៌មាន និងក្នុងសង្គមខ្មែរបច្ចុប្បន្ន គេឃើញនិងដឹងឮរាល់ថ្ងៃ ពីការរំលោភសេពសន្ថវៈ។ ការរំលោភសេពសន្ថវៈ ជាទោសឧក្រិដ្ឋ ដែលអាចប្រៀបនឹងជំងឺមួយ អាចកើតមានទាំងថ្ងៃទាំងយប់ ហើយរហូតដល់សម្លាប់មនុស្សថែមទៀតផង។ នៅកម្ពុជា ជំងឺមួយនេះ កើតមានរៀងរាល់ ១ថ្ងៃ ឬ២ថ្ងៃម្តង។ ករណីនេះ តម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ រិះរកវិធានការបង្ការ ទប់ស្កាត់ និងលុបបំបាត់ ជាបន្ទាន់។

យ៉ាងហោចណាស់ បុរសម្នាក់ក្នុងចំណោម ៥នាក់ បានរំលោភសេពសន្ថវៈលើនារីម្នាក់ តិចណាស់ក៏បានម្តងដែរ ហើយភាគច្រើននៃករណីរំលោភភេទទាំងនោះ គឺរំលោភទៅលើនារីវ័យក្មេងក្រោមអាយុ២០ឆ្នាំ។ នេះបើតាមការសិក្សាមួយរបស់អង្គការសហប្រជាជាតិ ដែលធ្វើការនៅកម្ពុជា បានចុះសម្ភាសមនុស្សជិត២ពាន់នាក់ កាលពីឆ្នាំ២០១៣។

 
ចំណែករបាយការណ៍របស់ក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈឆ្នាំ២០១៦ បង្ហាញថា ក្នុងឆ្នាំ២០១៥កន្លងទៅ មានការរំលោភសេពសន្ថវៈ ដល់ទៅចំនួន២៥៣ករណី។ ក៏ប៉ុន្តែ សង្គមស៊ីវិល ថាចំនួននេះនៅមិនទាន់បូកសរុបអស់នៅឡើយទេ ព្រោះនៅមានជនរងគ្រោះនិងគ្រួសាររបស់ពួកគេ ដែលមិនបានរាយការណ៍ ឬមិនហ៊ានរាយការណ៍ ឬក៏មិនបានប្តឹងផ្ដល់ ដោយសារតែខ្លាចខ្មាសគេ ខ្លាចអំណាចជនល្មើស ឬក៏ដោយសារតែសុខចិត្តទទួលយកសំណងជាប្រាក់ ដើម្បីបញ្ចប់រឿងជាដើម។ ចំពោះគ្រួសាររងគ្រោះក្រីក្រមួយចំនួន មិនហ៊ានទាំងប្តឹងឲ្យដំណើរការរឿងក្តីផង ព្រោះគិតថាចំណាយពេលវេលាយូរ និងអស់លុយកាក់ច្រើន។
 
បើផ្អែកលើភស្តុតាងខ្លះៗទាំងនេះ គេអាចមើលឃើញថា ករណីរំលោភភេទកើតមានស្ទើរសឹងតែរៀងរាល់ថ្ងៃ អាចមានមួយករណី ក្នុងចន្លោះ១ឬ២ថ្ងៃ។ តើមកពីហេតុអ្វី បានជាករណីរំលោភភេទមានជាប់គ្នារដឹកដូច្នេះ?
 3911
មានមូលហេតុច្រើនយ៉ាង ដើម្បីពន្យល់ពីដើមរឿងនាំឲ្យមានការរំលោភភេទនេះ។ មុនដំបូងបង្អស់ គឺដោយសារតែជនល្មើសខ្វះខាតចំណេះដឹង គ្មានការអប់រំ ឬក៏ រៀនសូត្របានតិចតួច ដែលនាំឲ្យមានមូលដ្ឋានពិចារណាទាប អាចប្រព្រឹត្តល្មើសដោយងាយ មិនគិតគូរវែងឆ្ងាយ។
 
ទីពីរ ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងបទល្មើសសេពសន្ថវៈ មិនបានទូលំទូលាយ ហើយការអនុវត្តទោសចំពោះជនល្មើស មិនបានដិតដល់ ដែលក៏អាចជាឧទាហរណ៍អាក្រក់មួយ នាំឲ្យជនដៃដល់ផ្សេងទៀត បានចិត្ត និងយកគំរូតាមជនល្មើសមុនៗផង ក៏ថាបាន។
 
ទី៣ គឺអាចបណ្តាលពីការចរាចរណ៍រូបភាព និងវីដេអូអាសអាភាស ដែលនាំឲ្យមនុស្សមានការស្រើបស្រាល។ ទន្ទឹមនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា កុំព្យូទ័រ ទូរសព្ទទំនើប គេអាច មើលរូប និងរឿងអាសអាភាស បានដោយងាយស្រួល ដែលនាំឲ្យដុតកម្តៅកាមគុណយ៉ាងឆាប់ផងដែរ។
 
ទី៤ គឺគ្រឿងញៀន ដូចជាថ្នាំញៀន និងស្រា ក៏ជាផ្នែកសំខាន់ណាស់ដែរ ដែលធ្វើឲ្យមនុស្ស បាត់ស្មារតី និងមានថាមពលកម្លាចិត្តឲ្យប្រព្រឹត្តរឿងល្មើសផ្សេងៗ។ មិនតែប៉ុណ្ណេះ អាចនៅមានកត្តាឱកាសអំណោយផលផ្សេងៗទៀត ដូចជាដោយសារតែជនរងគ្រោះរស់នៅផ្ទះតែម្នាក់ ឬនៅកន្លែងស្ងាត់ ឬក៏ឱកាសពេលយប់ព្រលប់ជាដើម។ ចំណែកការស្លៀកខ្លីរបស់នារីសម័យទំនើប ក៏អាចជាកត្តាទាក់ទាញអារម្មណ៍ផ្លូវភេទមួយផងដែរ។
 
ជាការសង្កេតជារៀងរាល់ថ្ងៃ ករណីរំលោភផ្លូវភេទ បានវិវត្តកាន់តែមានលក្ខណៈសាហាវទៅៗ រហូតរំលោភសម្លាប់ថែមទៀតផង។ ធ្ងន់ធ្ងរជាងនេះ ករណីរំលោភបូក ក៏មានការរីកសាយណាស់ដែរ។ នៅក្នុងរវង់គ្រួសារវិញ ក៏មានដែរ បងរំលោភប្អូន ឪពុករំលោភកូន ជីតារំលោភចៅ ដែលបណ្តាសារព័ត៌មាន ចេញផ្សាយនៅក្របមុខ មិនលួសពេល។
 
ជាការពិត ការបំពានខាងផ្លូវភេទ គឺបានជះឥទ្ធិពលអាក្រក់ដល់ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ ទាំងរាងកាយ ចិត្តគំនិត និងស្មារតី។ ជនរងគ្រោះ ត្រូវរងទុក្ខវេទនា រស់នៅជាមួយស្រមោលខ្មៅតាមលងបន្លាចពេញមួយជីវិត ហើយពេលខ្លះ អាចឈានដល់ធ្វើអត្តឃាតផងក៏មាន។ បើករណីបែបនេះ នៅតែមានបន្តហូរហែទៀត ច្បាស់ណាស់ថានឹងធ្វើឲ្យពលរដ្ឋមិនមានសុវត្ថិភាពផ្លូវចិត្ត ហើយជនបរទេស ឬភ្ញៀវអន្តរជាតិ ក៏ខ្លាចរអាណាស់ដែរ។
 
តាមក្រមព្រហ្មទណ្ឌ មាត្រា២៣៩ ចែងថា បទរំលោភសេពសន្ថវៈ គឺសំដៅដល់ គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍មួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស។
 
នៅកម្ពុជា បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ បើជនល្មើសរំលោភភេទលើកុមារ ឬស្ត្រីមានផ្ទៃពោះ ឬក៏ជនរងគ្រោះ ដែលមានវិបល្លាសស្មារតី ជនល្មើសនោះអាចត្រូវជាប់គុក ចាប់ពី ៧ទៅ ១៥ឆ្នាំ ហើយអាចឈានដល់ជាប់គុក៣០ឆ្នាំ ឬមួយជីវិត បើរកឃើញថាមានស្ថានទម្ងន់ទោសផ្សេងទៀត។
 
បើទោះបីជាមានវិធានច្បាប់ចែងច្បាស់ដូច្នេះក្តី ក៏ការអនុវត្តជាក់ស្តែង ហាក់នៅពុំទាន់បានម៉ឺងមាត់នៅឡើយទេ។ ស្ថានភាពជាក់ស្តែង ជនល្មើសរំលោភសេពសន្ថវៈខ្លះ មិនត្រូវបានផ្ទន្ទាទោស ពេលខ្លះ ដាក់ទោស តែស្រាល។ បើជនល្មើស ជាអ្នកមានលុយមានអំណាចទៀតនោះ គឺលំបាកនឹងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះបន្តិច។ ឧទាហរណ៍ជាក់ស្តែង មន្ត្រីនគរបាលម្នាក់នៅខេត្តព្រះសីហនុ បានរំលោភសេពសន្ថវៈក្មេងស្រីម្នាក់ កាលពីឆ្នាំ២០១០។ តុលាការខេត្តបានកាត់ទោសកម្រិតទាប ដោយចេញសាលក្រម ដាក់គុកត្រឹម៥ឆ្នាំ តែដោយឡែក ជនល្មើសនៅមានសេរីភាព រស់នៅក្រៅឃុំដដែល។ នេះបើតាមការអះអាងរបស់ឪពុកជនរងគ្រោះ។
 
ករណីរំលោភភេទខ្លះទៀត តុលាការ បានសម្រេចបិទសំណុំរឿង មុនឈានដល់ការកាត់ទោស។ ក្រៅពីនេះ ក៏មានដែរ ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមានការបង់ប្រាក់ឲ្យមន្ត្រីសាធារណៈ និងការព្រមទទួលយកសំណងជាប្រាក់ ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ។
 
ដូច្នេះ បញ្ហាទាំងអស់នេះហើយ ដែលអ្នកតម្រង់ទិសសង្គម ត្រូវចូលរួមលូកដៃដោះស្រាយ។ ជំហានដំបូង គប្បីតែចាប់ផ្តើមពីការពង្រឹងការអនុវត្តច្បាប់ ចំពោះជនល្មើសរំលោភសេពសន្ថវៈ ឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។ ចំណែកចំណាត់ការសន្តិសុខតាមសហគមន៍ គឺជាការកត្តាចាំបាច់ណាស់។ លើសពីនេះ ការអប់រំពីច្បាប់ និងបទល្មើសរំលោភផ្លូវភេទ ត្រូវតែផ្សព្វផ្សាយឲ្យទូលំទូលាយតាមសហគមន៍ ទីសាធារណៈ និងតាមសាលារៀន ដើម្បីបញ្ជ្រាបការយល់ដឹងដល់មនុស្សខ្មែរគ្រប់ស្រទប់វណ្ណៈថាជនល្មើសក្នុងបទការរំលោភសេពសន្ថវៈ ត្រូវទទួលទោសឧក្រិដ្ឋ តាមក្រមព្រហ្មទណ្ឌ ជាដាច់ខាត។
 
ដោយឡែក អាជ្ញាធរនិងសង្គមស៊ីវិល គួរតែត្រូវយកចិត្តទុកដាក់លើវិធានការបង្ការ ការទប់ស្កាត់បទល្មើស និងការកសាងស្មារតីជនរងគ្រោះឡើងវិញ។ ចំពោះជនរងគ្រោះនិងគ្រួសារផ្ទាល់ មិនត្រូវសម្ងំ ឱបទុក្ខ ទទួលរងគ្រោះពីអំពើអយុត្តិធម៌ដោយមិនប្តឹងផ្តល់នោះទេ ព្រោះថាការស្ងៀមស្ងាត់ កាន់តែធ្វើឲ្យជនល្មើសបានចិត្ត។ ចំណែកសហគមន៍ ក៏មិនត្រូវរើសអើង ឬចំអកដល់ជនរងគ្រោះនោះទេ ព្រោះថា គ្នារងគ្រោះម្តងហើយពីការរំលោភបំពាន ហើយនឹងរងគ្រោះមួយជាន់ទៀត បើសហគមអ្នកជិតខាងសើចចំអកឲ្យគេនោះ៕

RFI : http://km.rfi.fr/cambodia/rape-case-14-06-2016

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s