តួនា​ទី​របស់​ នួន ជា នៅ​គុក​ទួល​ស្លែង និង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​

ប៉ុន្មានថ្ងៃនេះ តុលាការខ្មែរក្រហម បានកោះហៅ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឲ្យមកឆ្លើយបំភ្លឺជាលើកទី២ ក្នុងនាមជាសាក្សីប្រឆាំងនឹងជនជាប់ចោទ នួន ជា។ នួន ជា គឺជាអតីតប្រធានរដ្ឋសភា និងជាអតីតអនុលេខាបក្សកុម្មុយនិស្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានអំណាចលំដាប់ទីពីរ បន្ទាប់ពី ប៉ុល ពត។ រហូតមកទល់ពេលនេះ នួន ជា នៅតែបដិសេធច្រានចោលការអះអាងរបស់ ឌុច ដែលធ្លាប់ទទួលបញ្ជារបស់ខ្លួន ក្នុងការកម្ទេចអ្នកទោស នៅគុកទួលស្លែង។ តើ នួន ជា ពិតជាគ្មានតួនាទីអ្វីសោះ នៅគុកទួលស្លែង និងនៅក្នុងរបបខ្មែរក្រហម ឬយ៉ាងណា? យើងស្តាប់ ហេង ឧត្តម ៖

09_25

រហូតមកទល់ពេលនេះ ជនជាប់ចោទ នួន ជា នៅតែរក្សាជំហររបស់ខ្លួន ថាលោកពុំដែរបានទទួលខុសត្រូវចំពោះប្រតិបត្តិការនៃមន្ទីរសន្តិសុខ ស២១ ឬគុកទួលស្លែងនោះឡើយ។ លោក នួន ជា តែងតែច្រានចោលម្តងជាពីរដង ចំពោះការអះអាងរបស់ ឌុច ដែលថាធ្លាប់ទទួលបញ្ជារបស់ខ្លួន ក្នុងការកម្ទេចអ្នកទោស នៅគុកទួលស្លែង។ ហើយ នួន ជា ថែមទាំងនិយាយថា ខ្លួនមិនដែរទទួលឯកសារពី ឌុច មិនដែរបញ្ជា ឌុច ហើយក៏មិនមែនជាមេរបស់ ឌុច ដែរ។ ចំពោះ នួន ជា, អ្វីដែល ឌុច និយាយចោទប្រកាន់ទៅលើរូបលោក គឺជាការភូត បំផ្លើសការពិត និងអយុត្តិធម៌ចំពោះរូបលោក។

ក៏ប៉ុន្តែ កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងនាមជាសាក្សីជាលើកទី២នេះ បានសម្តែងការហួសចិត្តចំពោះការបដិសេធរបស់ នួន ជា។ នៅក្នុងសវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចំនួន២ថ្ងៃកន្លងទៅនេះ លោក ឌុច បានហៅការច្រានចោលរបស់ នួន ជា ថាគួរឲ្យភ្ញាក់ផ្អើលនិងគ្មានន័យ ហើយ ឌុច ក៏មិននឹកស្មានថា នួន ជា និយាយដល់ថ្នាក់ហ្នឹងសោះ។

ជាមួយគ្នានេះ ឌុច ដែលជាអតីតមេគុកទួលស្លែងនិងដែលត្រូវតុលាការកាត់ឲ្យជាប់គុកមួយជីវិតនោះ បានឆ្លើយបតទៅវិញថា មន្ទីរស២១ ក៏ដូចជាមន្ទីរសន្តិសុខទាំងអស់នៅក្នុងបក្សកុម្មុយនីស្តកម្ពុជាគឺវាស្ថិតនៅក្រោមការដឹកនាំ និងនៅក្រោមបញ្ជារបស់បក្សកុម្មុយនីស្តកម្ពុជា ឬការិយាល័យនយោបាយមជ្ឈិមបក្ស, ឬក៏ គណៈប្រចាំការ ឬក៏ហៅថា ៨៧០ ដែលមាន ប៉ុល ពត, នួន ជា, អៀង សារី, វ៉ន វ៉េត, សុន សេន, ខៀវ សំផន ដែលជាក្បាលម៉ាស៊ីន ជាដើម។

ដូចកាលផ្តល់សក្ខីកម្មកាលពីលើកទី១ នៅឆ្នាំ២០១២ដែរ នៅលើកទី២នេះ ឌុច បានរម្លឹកឡើងវិញថា នួន ជា គឺជាអ្នកបញ្ជាឲ្យសម្លាប់អ្នកទោស នៅគុកទួលស្លែងដែលនៅសល់រហូតដល់ដើមខែមករា១៩៧៩។ លើសពីនេះ ឌុច ថែមទាំង ឲ្យដឹងថាខ្លួនទទួលបញ្ជាក្នុងការសួរចម្លើយនិងកម្ទេចអ្នកទោស ពីមនុស្សពីរនាក់ គឺ សុន សេន និង នួន ជា នេះតែម្តង។ ហើយយោងតាមការឆ្លើយលើកទី១នៅខែមេសាឆ្នាំ២០១២ ឌុច ធ្លាប់បានបញ្ជាក់ទាំងកាលបរិច្ឆេទច្បាស់លាល់ទៀតថា លោក នួន ជា បានទទួលខុសត្រូវលើគុកទួលស្លែង ជំនួសលោក សុន សេន ក្នុងការទទួលឯកសារចម្លើយសារភាពរបស់អ្នកទោស ចាប់តាំងពីថ្ងៃទី១៥សីហា ឆ្នាំ១៩៧៨ រហូតដល់ថ្ងៃរំដោះ៧មករា១៩៧៩។ ហើយគឺនៅមុនអំឡុងពេលរបូតក្រុងភ្នំពេញនោះហើយ ដែល នួន ជា ប្រាប់ឲ្យសម្លាប់បង្ហើយតែម្តង អ្នកទោសដែលនៅសល់ក្នុងគុកទួលស្លែង។

ទោះជាយ៉ាងនេះក្តី នួន ជា ដែលធ្លាប់មានតួនាទីជាអនុលេខាបក្សកុម្មុយនិស្ត និងជាប្រធានសភាប្រជាជននៃកម្ពុជាប្រជាធិបតេយ្យផង បានបដិសេធរាល់ការចោទប្រកាន់ចំពោះរឿងនេះ។ ជាក់ស្តែង កាលពីឆ្នាំ២០១២ លោក នួន ជា ក៏ធ្លាប់បានប្រតិកម្មខ្លាំងចំពោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដោយប្រៀបធៀប ឌុច ទៅនឹងឈើពុក រលួយស្អុយ ដែលគេមិន ដែលយកឈើខូចនោះ មកឆ្លាក់ជាព្រះគោរពឡើយ។ តាមឃ្លានេះ នួន ជា ទំនងជាចង់មានន័យថា សម្តីនិងបុគ្គលភាពរបស់ ឌុច គេមិនអាចជឿទុកចិត្តបាន ឬយកពាក្យពេចន៍របស់ ឌុច ទៅធ្វើជាភស្តុតាងអ្វីបានឡើយ ហើយបើយកចម្លើយរបស់ឌុច ទៅចោទប្រកាន់រូបលោក ក៏រឹតតែគ្មានន័យខ្លឹមសារទៅទៀត។

ម្យ៉ាងវិញទៀត កាលពីថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១២ លោក នួន ជា ធ្លាប់បានលើកឡើងពីចេតនាមិនល្អរបស់ ឌុច មកលើរូបលោក មានជាហូរហែ តាមរយៈសក្ខីកម្មនិងការសារភាព ដែលមិនគួរឲ្យទុកចិត្តបាន។ ហើយ នួន ជា យល់ថា ការសហការរបស់ ឌុច នៅពេលនោះយ៉ាងដូច្នោះ គឺដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយ ឬក៏ការលើកលែងទោស នៅក្នុងសវនាការក្នុងសំណុំរឿង០០១ របស់ ឌុច។

ក៏ប៉ុន្តែ នៅពេលនេះ ឌុច ទំនងជាលែងខ្វល់ទៀតហើយចំពោះការបន្ធូរបន្ថយទោសលើខ្លួនទៀតអ្វីនោះ ព្រោះថាសាលដីកាស្ថាពររបស់អង្គជំនុំជម្រះតុលាការកំពូលនៃអ.វ.ត.ក. (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) កាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ ឌុច និងត្រូវផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។

យ៉ាងណាក៏ដោយចំពោះករណីតួនាទីរបស់ នួន ជា នៅគុកទួលស្លែងនោះ បើយោងតាមឯកសារដែលរក្សាទុកដោយមជ្ឈមណ្ឌលឯកសារកម្ពុជា គេអាចដឹងច្បាស់ណាស់ថា បងធំទី២ នួន ជា គឺជាអ្នកទទួលខុសត្រូវក្នុងការចេញគោលនយោបាយឲ្យមន្រ្តីថ្នាក់មូលដ្ឋានអនុវត្ត ក្នុងនោះរួមទាំងមន្រ្តីមន្ទីរស២១ ឬគុកទួលស្លែងផងដែរ។ ដូច្នេះប្រាកដណាស់ថា ក្នុងតួនាទីជាអនុលេខាបក្សកុម្មុយនិស្ត និងជាប្រធានសភាប្រជាជននៃកម្ពុជាប្រជាធិបតេយ្យផង នួន ជា គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំអង្គការចាត់តាំងបក្ស និងទទួលបន្ទុកកិច្ចការអប់រំផ្នែកនយោបាយ និងមនោគមន៍វិជ្ជា។ ហើយគេក៏មិនភ្លេចដែរថា នួន ជា ក៏បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី បានចំនួន៣សប្តាហ៍ដែរ នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ១៩៧៦។

ចំណែកការទទួលខុសត្រូវចំពោះវិនាសកម្មស្រុកខ្មែរក្រោមការដឹកនាំរបស់ខ្លួន លោក នួន ជា គ្រាន់តែធ្លាប់និយាយថា ខ្លួនគាត់យល់ស្រប និងឯកភាពក្នុងការជម្លៀសប្រជាជនកម្ពុជាពីភ្នំពេញនៅពេលខ្មែរក្រហមឡើងកាន់អំណាច ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥។ ប៉ុន្តែ នួន ជា មិនទទួលដឹងឮអំពីការសម្លាប់មេដឹកនាំខ្ពស់ និងទាហានក្នុងរបបសាធារណៈរដ្ឋខ្មែរ លន់ នល់ នៅទួលពោធិ៍ជ្រៃ ហើយថែមទាំងបដិសេធតួនាទីរបស់លោកក្នុងការជម្លៀសប្រជាជន លើកទី២ ក្នុងអំឡុងឆ្នាំ១៩៧៦ទៀតផង។ (សវនាការថ្ងៃ អង្គារ ២២ តុលា ២០១៣)។ ទោះយ៉ាងនេះក្តី សហព្រះរាជអាជ្ញាតុលាការខ្មែរក្រហម ចេញសេចក្តីសន្និដ្ឋាន នៅតុលា ២០១៣ បញ្ជាក់ពីទំហំនៃការកាប់សម្លាប់រង្គាល មិនត្រឹមតែថ្នាក់ដឹកនាំ របប លន់ នល់ ទេ តែក៏មានការសម្លាប់ផ្តាច់ផ្តិលលើកងយោធារបបសាធារណៈរដ្ឋ ដោយខ្មែរក្រហម តាមរយៈលោក នួនជា ដែលចាត់ទុកកងទ័ពទាំងនោះ ថាជាក្រុមក្បត់ជាតិ។ ជាភស្តុតាង ដែលបង្ហាញពីឧក្រិដ្ឋកម្ម សម្លាប់មនុស្ស តាមរយៈការជម្លៀសដោយបង្ខំ និងការសម្លាប់រង្គាលលើកងទ័ព លន់ នល់ ក្នុងពេលខ្មែរក្រហមឡើងកាន់អំណាច។

បងធំទី២ នួន ជា ចូលចិត្តលាក់ការណ៍ និងជាមនុស្សមិនសូវចេញមុខមាត់។ គាត់ត្រូវបានគេចាប់ខ្លួន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នគរបាលចាប់ខ្លួនគាត់ពីផ្ទះរបស់គាត់ នៅស្រុកសំឡូត មកភ្នំពេញ តាមដីកាចាប់ខ្លួនរបស់តុលាការខ្មែរក្រហម។ ហើយតុលាការកូនកាត់មួយនេះ បានចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើមនុស្សឃាត។ ក៏ប៉ុន្តែ នួន ជា បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់ទៅលើគាត់។

ជនជាប់ចោទ នួន ជា នៅតែអះអាងម្តងហើយម្តងទៀតថា គាត់មិនមែនជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់មនុស្សរាប់លាននាក់ ក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាចនោះទេ។ គាត់ធ្លាប់អះអាងថា គាត់មិនបានដឹងពីការណ៍ដែលប្រជាជនអត់អាហារ ហើយក៏មិនដឹងពីរឿងសម្លាប់មនុស្សដែរ។ ជាហេតុ ធ្វើឲ្យគេលំបាកនឹងជឿសម្តីរបស់គាត់ណាស់ ព្រោះថាមេដឹកនាំលំដាប់កំពូល តើពិតជាមិនបានដឹងរឿងអ្វីមែនទេ?

ដើម្បីស្រាយបំភ្លឺពីតួនាទីក្នុងរបបខ្មែរក្រហមរបស់ខ្លួន នួន ជា ធ្លាប់បានស្នើសុំឲ្យតុលាការឲ្យកោះហៅលោក ហេង សំរិន ប្រធានរដ្ឋសភាបច្ចុប្បន្ន ឲ្យចូលរួមជាសាក្សីដើម្បីផ្តល់សក្ខីកម្មដែរ។ ក៏ប៉ុន្តែ តុលាការនិងរដ្ឋាភិបាលមិនអនុញ្ញាត ហើយលោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានប្រមានហើយថា បើនៅតែចង់ហៅមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីបក្សប្រជាជនកម្ពុជា ទៅធ្វើជាសាក្សី ឬចោទប្រកាន់អ្វីនោះ វាអាចបង្កអរិភាពក្នុងសង្គម ហើយប្រយ័ត្នមានសង្គ្រាមស៊ីវិល។ លោក បានគូសបញ្ជាក់ស្រេចហើយថា ចង់បានសន្តិភាព ឬសង្គ្រាមស៊ីវិល។ ជ្រើសមើលទៅ។

រីឯ លោក នួន ជា វិញ ធ្លាប់បានគិតថា តុលាការខ្មែរក្រហម មានភាពមិនយុត្តិធម៌ចំពោះលោកតាំងពីដើមដំបូងមកម៉្លេះ ព្រោះតុលាការខ្មែរក្រហម យកតែបញ្ហាមួយចំណែកប៉ុណ្ណោះមកជំនុំជម្រះ។ លោក នួន ជា បានប្រដូចនឹងសត្វក្រពើមួយទាំងមូល គឺគេយកតែខ្លួនមកនិយាយ តែមិនយកក្បាលនិងកន្ទុយ ដែលជាចំណែកសំខាន់ ក្នុងការបម្រើដល់សកម្មភាពរាល់ថ្ងៃរបស់វា។ ឬក្នុងន័យម្យ៉ាងទៀត លោក នួន ជា ពន្យល់ថា ឫសគល់និងបច្ច័យរបស់វា គឺជាអ្វីដែលបានកើតឡើង តាំងពីឆ្នាំ១៩៧៥ និងក្រោយឆ្នាំ១៩៧៩ ដែលលោក នួន ជា បានបញ្ជាក់ថា តុលាការមិនលើកយកទៅពិចារណា។

ទោះជាយ៉ាងណាក្តី គេអាចសង្ឃឹមតិចឬច្រើនថា នៅក្នុងឱកាសនៃការប្រឈមមុខតទល់ដាក់គ្នា រវាងអតីតមេកើយ នួន ជា និងឌុច មេគុកទួលស្លែង ក្នុងរយៈជាងមួយសប្តាហ៍តទៅមុខទៀតនេះ ដែលគេអាចនឹងទទួលលេចឮតម្រុយផ្សេងទៀត ក្នុងការស្វែងយុត្តិធម៌ និងរកការពិត។ ការពិតដែលពលរដ្ឋខ្មែររងគ្រោះទន្ទឹងរង់ចាំអស់ពេលជាង៤០ឆ្នាំទៅហើយ៕

រូបថត៖ECCC

អត្ថបទផ្អែកតាមឯកសារចាស់ៗរបស់វិទ្យុបារាំង។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s