កម្ពុជាមានភស្តុតាងបន្ថែមទៀត ដើម្បីប្តឹងទាមទារវត្ថុបុរាណមកវិញ

នៅថ្ងៃច័ន្ទនេះ អង្គការយូណេស្កូប្រចាំនៅកម្ពុជា បានប្រគល់សៀវភៅមួយមានចំណងជើងថា «វត្ថុបុរាណដែលបាត់បង់ ពីសារមន្ទីរវត្តពោធិ៍វាល និងសារមន្ទីរខេត្តបាត់ដំបង» ឲ្យទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ អ្នកតំណាងអង្គការយូណេស្តូ បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា តាមរយៈសៀវភៅមួយនេះ កម្ពុជាអាចនឹងមានភស្តុតាងច្រើនបន្ថែមទៀត ដើម្បីប្តឹងទាមទារវត្ថុបុរាណមកវិញ។

ហេង ឧត្តម រាយការណ៍៖  http://km.rfi.fr/cambodia/missing-objects-from-the-wat-po-veal-and-battambang-provincial-museums-06-06-2016

13390833_1099327956780709_689078180_n

នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី Anne LEMAITRE តំណាងអង្គការយូណេស្តូប្រចាំនៅកម្ពុជា បានប្រគល់ជូន លោកស្រី ភឿង សកុណា នូវសៀវភៅថ្មីដែលទើបនឹងបោះពុម្ព មានចំណងជើងថា «វត្ថុបុរាណដែលបាត់បង់ ពីសារមន្ទីរវត្តពោធិ៍វាល និងសារមន្ទីរខេត្តបាត់ដំបង» Missing Objects from the WAT PO VEAL and Battambang Provincial Museums។

លោកស្រី Anne LEMAITRE បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា លោកស្រីនឹងផ្ញើសៀវភៅមួយក្បាលនេះទៅស្ថាប័នអង្គការវប្បធម៌ និងសារមន្ទីរសំខាន់ៗនៅទូទាំងពិភពលោក ដើម្បីឲ្យគេបានដឹងពីវត្ថុបុរាណដែលបាត់បង់ពីសារមន្ទីរវត្តពោធិ៍វាល និងសារមន្ទីរខេត្តបាត់ដំបង។ ហើយតាមរយៈសៀវភៅដ៏មានសារសំខាន់មួយនេះ ប្រទេសកម្ពុជាអាចនឹងមានភស្តុតាងច្រើនបន្ថែមទៀត ដើម្បីប្តឹងទាមទារវត្ថុបុរាណដែលបាត់បង់ទាំងនោះ មកមាតុភូមិវិញ។

សូមជម្រាបជូនថា សៀវភៅ«វត្ថុបុរាណដែលបាត់បង់ ពីសារមន្ទីរវត្តពោធិ៍វាល និងសារមន្ទីរខេត្តបាត់ដំបង» មានកម្រាស់ជាង១២០ទំព័រ រៀបរាប់អំពីភិនភាគ រូបរាង និងព័ត៌មានលម្អិតពីរូបបដិមាចំនួន៦៧ ដែលបានបាត់បង់ទៅ។ ជាការកត់សម្គាល់ សៀវភៅនេះ ពិសេសត្រង់ថា អ្នកជំនាញជនជាតិខ្មែរ ជាអ្នកសរសេរនិងស្រាវជ្រាវបែបវិទ្យាសាស្ត្រ ហើយអ្នកជំនាញបរទេសគ្រាន់តែជាទីប្រឹក្សា គឺខុសពីសៀវភៅមុនៗ ដែលជនបរទេសជាអ្នករៀបចំស្ទើរទាំងស្រុង។

ចំពោះការបោះពុម្ពលើកទី១នេះ មានចំនួន៦០០ច្បាប់ ដែលមិនមានអនុញ្ញាតឲ្យដាក់លក់តាមទីផ្សារទេ គឺសម្រាប់ផ្សព្វផ្សាយដោយឥតគិតថ្លៃតែប៉ុណ្ណោះ។ នៅពេលនេះ អ្នកជំនាញរបស់អង្គការយូនេស្កូកំពុងរៀបចំដាក់ក្នុងអ៊ិនធឺណិត ដើម្បីឲ្យសារធារណជនអាចទាញយកដោយសេរី ជាទម្រង់ PDF ។

13405563_1099327993447372_154165801_o

គួររម្លឹកជូនដែរថា កាលពីឆ្នាំ១៩៩៣ អង្គការយូណេស្កូ បានផ្សាយសៀវភៅមួយចំណងជើងថា «បុរាណវត្ថុចំនួន១០០ដែលបាត់បង់» ពីប្រទេសកម្ពុជា ហើយបោះពុម្ពលើកទី២នៅឆ្នាំ១៩៩៧។ ជាលទ្ធផល មានវត្ថុបុរាណចំនួន១០ បានវិលត្រឡប់មកមាតុភូមិវិញ ពីសារមន្ទីរនៅប្រទេសបារាំង សហរដ្ឋអាមេរិក ស្វីស និងអាល្លឺម៉ង់ ជាដើម។

ដូច្នេះ ការសៀវភៅបោះពុម្ពថ្មីនេះទៀត គឺជាការអំពាវវនាវឲ្យប្រគល់វត្តុបុរាណមកប្រទេសម្ចាស់ដើមវិញ ហើយសៀវភៅនេះក៏អាចនឹងក្លាយជាអំណះអំណាងជាក់លាក់បន្ថែមទៀត ដើម្បីឲ្យអាជ្ញាធរស្រុកខ្មែរ យកជាភស្តុតាងផ្លូវច្បាប់ សម្រាប់ទាមទារវត្ថុបុរាណរបស់ខ្លួនមកវិញផងដែរ៕

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s