កុមារ​កម្ពុជាគ្រប់​រូប​ គួរតែ​ត្រូវ​បានទទួល​​ការ​អប់រំត្រឹម​ត្រូវ​​​ទាំងអស់​គ្នា​

ការអប់រំ គឺជាសសរស្តម្ភនៃការរីកចម្រើនរបស់សង្គមជាតិ។ កុមារដែលទទួលការអប់រំត្រឹមត្រូវមួយ គឺជាធនធានចម្បងសម្រាប់ជោគវាសនារបស់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែកុមារនៅស្រុកខ្មែរ មិនទាំងអស់ទេ ដែលសុទ្ធតែបានទទួលបានការអប់រំរៀនសូត្រនោះ។ ហេតុនេះ ក៏ព្រោះតែមានឧបសគ្គជាច្រើនដែលរាំងស្ទះមិនឲ្យក្មេងខ្មែរទទួលសេវារៀនសូត្របានត្រឹមត្រូវ។ សូមអញ្ជើញស្តាប់ ហេង ឧត្តម៖

13343135_10204624124762242_7989434321653771427_n

ការអប់រំសម្រាប់កុមារ គឺជាកត្តាគន្លឹះចម្បងសម្រាប់អភិវឌ្ឍប្រទេសជាតិ ព្រោះកុមារដែលទទួលការអប់រំត្រឹមត្រូវ នឹងក្លាយជាសសរទ្រូងរឹងមាំរបស់សង្គម។ ទំនងជាយល់ច្បាស់ពីសារសំខាន់នេះ ទើបរដ្ឋាភិបាលកម្ពុជា កំពុងបន្ដប្រឹងប្រែងសម្រេចទិសដៅ «ការអប់រំសម្រាប់ទាំងអស់គ្នា»។ ក្នុងនោះ គឺប្តេជ្ញាផ្តល់ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ សម្រាប់កុមារគ្រប់រូប និងបង្កើនអាហារូបករណ៍សម្រាប់សិស្សក្រីក្រជាដើម។

លើសពីនេះ រដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅវិស័យអប់រំ រួមបញ្ចូលទាំងការបង្កើនគម្រោងថវិកាអភិវឌ្ឍវិស័យអប់រំ។ ជាក់ស្តែង សម្រាប់ឆ្នាំ២០១៦នេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចចាក់បញ្ចូលថវិកាជាតិឲ្យក្រសួងអប់រំ យុវជន និងកីឡា គឺប្រមាណ៣៣៥លានដុល្លារអាមេរិក ដែលកើនឡើងចំនួន៥៥លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៤ ដែលមានត្រឹមតែ២៨០លានដុល្លារប៉ុណ្ណោះ។

បន្ថែមពីនេះ ពិធីអបអរខួប៦៧នៃទិវាកុមារអន្តរជាតិ១មិថុនា បានត្រូវរៀបចំយ៉ាងធំដុំគគ្រឹកគគ្រេង ហើយពីម្សិលមិញនេះទៀត រដ្ឋសភាជាតិ ក៏បានសម្រេចអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជន។ ទាំងអស់នេះ សឲ្យឃើញពីការយកចិត្តទុកដាក់ ដល់ការអប់រំសម្រាប់កុមារ និងការការពារដល់កុមារ។

13312841_10204624122002173_7975137890319078435_n

យ៉ាងណាក៏ដោយ នាពេលសព្វថ្ងៃនេះ គេនៅតែសង្កេតឃើញមានឧបសគ្គជាច្រើនដែលរាំងស្ទះដល់ការទទួលបានការអប់រំរបស់កុមារខ្មែរ។ ឧបសគ្គរាំងស្ទះទាំងនោះ រួមមាន អំពើពុករលួយក្នុងការផ្តល់សេវាអប់រំ ការខ្វះលទ្ធភាពរបស់ក្រុមគ្រួសារ កង្វះអាហារូបត្ថម្ភ សាលារៀននៅឆ្ងាយនិងគុណភាពនៅមានកម្រិត ជាដើម។

បើយោងតាមរបាយការណ៍របស់កម្មវិធីសិក្សាទាំងអស់គ្នានៅឆ្នាំ២០១៥ (Education for all 2015 National review) បង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ ដល់២០០៧ ចំនួនអត្រានៃការចុះឈ្មោះចូលរៀនរបស់កុមារនៅថ្នាក់មត្តេយ្យសិក្សា គឺមានការកើនឡើងជាលំដាប់ ពីជាង៦ភាគរយទៅជាង៣៣ភាគរយ ហើយបន្តកើនឡើងតទៀតដល់ជាង៥៥ភាគរយ នៅឆ្នាំ២០១៣។ ក៏ប៉ុន្តែ គេសង្កេតឃើញថា ពួកកុមារទាំងនោះ បានបោះបង់ការសិក្សាចោលទៅវិញ នៅពេលដែលឡើងថ្នាក់ធំបន្តិច ដោយហេតុតែសាលានៅឆ្ងាយ និងគ្មានលទ្ធភាពរៀនតជាដើម។

បើគេងាកទៅមើលសាលារៀនមួយចំនួនវិញ អគារ សម្ភារៈសិក្សា បន្ទប់រៀន នៅមានការខ្វះខាតនៅឡើយ។ រីឯថ្នាក់រៀនខ្លះ មានចំនួនសិស្សច្រើន ចាប់ពី៤០ទៅ៥០នាក់ រហូតដល់បន្ទប់រៀនខ្លះ មានសិស្សជាង៦០នាក់ផងក៏មាន។ ចំនួនសិស្សច្រើនពេកក្នុងថ្នាក់តែមួយ អាចបង្កលក្ខខណ្ឌលំបាកដល់ការរៀននិងបង្រៀន ជាក់ជាពុំខាន។

លើសពីនេះ គេបានដឹងឮជាទូទៅហើយពីអំពើពុករលួយក្នុងវិស័យអប់រំ ហើយគេក៏បានដឹងដែរពីការចែកចាយសៀវភៅសិក្សាគោលមិនគ្រប់គ្រាន់ និងថែមទាំងមានជនខិលខូចលាក់លួច សម្រាប់ទុកលក់ជាដើម។ គ្រូបង្រៀនមួយចំនួនទៀតសោត ពុំមានពេលវេលាស្រាវជ្រាវបន្ថែម និងរៀបចំកិច្ចតែងការផង។ គ្រូខ្លះ ត្រូវលក់នំចំណីក្នុងថ្នាក់ ឬក្នុងសាលា ហើយគ្រូខ្លះទៀត លក់ឯកសារមេរៀន រហូតដល់បង្ខំសិស្សឲ្យទៅរៀនកួរថែមម៉ោងជាមួយខ្លួនផងទៀត។

ហេតុដូច្នេះហើយ បើកុមារជាសិស្សមកពីគ្រួសារក្រីក្រ ច្បាស់ណាស់ថាប្រឈមនឹងឧបសគ្គថវិកាខ្លាំងជាពុំខាន។ សិស្សក្រីក្រនៅនិគមជនបទ ឬខេត្តដាច់ស្រយាល ខ្វះទាំងលុយកាក់ ខ្វះទាំងបច្ចេកទេសនិងសម្ភារៈ។ ពួកគេអាចនឹងរៀនខ្សោយ លំបាកលោតរំលងរនាំង«អ្នកចេះគឺជាប់» បានណាស់។ ទាំងនេះ គឺគ្រាន់តែសិស្សនៅតំបន់ដាចស្រឡាល គេនៅមិនទាន់គិតដល់សិស្សជនជាតិដើមភាគតិចដែលខ្វះខាតសព្វគ្រប់ផងនោះទេ។

13340914_1714914968761406_1316500483_o

បញ្ហាមួយទៀត គឺទាក់ទងនឹងកង្វះអាហារូបត្ថម្ភ។ ទោះបីជាអង្គការស្បៀងអាហារពិភពលោក បានផ្តល់ត្រីខនិងអង្ករ សម្រាប់ចម្អិនបបរអាហារពេលព្រឹក ចែកដល់សិស្សសាលាបឋមសិក្សានៅក្នុងខេត្តដាច់ស្រឡាលក្តី ក៏វានៅពុំទាន់ព្រមគ្រប់គ្រាន់នៅឡើយទេ។ ព្រោះថាបើតាមរបាយការណ៍របស់អង្គការ UNICEF កម្ពុជា បញ្ហាកង្វះអាហារូបត្ថម្ភបានបណ្តាលឱ្យមានកុមារកម្ពុជា ប្រមាណជា៤ ៥០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ។

ប្រឈមនឹងចំណោទទាំងអស់នេះ កុមារដែលកើតក្នុងគ្រួសារត្រកូលក្រីក្រ ឬជីវភាពមធ្យមមួយចំនួន បានសម្រេចចិត្តលើកដៃលាដំបូលសាលា ទៅធ្វើការងារដើម្បីជួយយីតយោងជីវភាពគ្រួសារ។ ក្មេងៗខ្លះ បានឈប់រៀនទៅដើរធ្វើការ ស៊ីឈ្នួល តាមម្តាយឪពុក រហូតដល់ឆ្លងដែនទៅស្រុកក្រៅផងក៏មាន ។ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ អង្គការអូស្ត្រាលី Walk Free Foundation  ចេញផ្សាយពីពេលថ្មីៗនេះ (ថ្ងៃអង្គារ ទី៣១ ឧសភា ២០១៦)  បានបង្ហាញថាទាសភាពបែបថ្មីបានកើនឡើងដល់ទៅ ២៨% បើប្រៀបទៅនឹង២ឆ្នាំមុន ពោលគឺមានជាង៤៥លាននាក់។ នៅក្នុងនោះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីប្រទេសកូរ៉េខាងជើង និង អ៊ូសបេគីស្ថាន។ នៅក្នុងចំណាត់ថ្នាក់អាក្រក់ខាងធ្វើខ្ញុំកញ្ចេះគេនេះ ប្រាកដណាស់ ថាមានសមាសភាពកុមារខ្មែរ ដែលស្ថិតក្នុងទាសករបែបថ្មីនោះ។

13323990_1714914185428151_1276343011_o

ជារួមមក គេអាចមើលឃើញច្បាស់ជាងមុនថា ការទទួលបានសេវាអប់រំរបស់កុមារខ្មែរ ហាក់នៅពុំទាន់បានស្មើភាពគ្នា និងបានគ្រប់ៗគ្នានៅឡើយទេ។ បញ្ហានេះ ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើការស្វិតស្វាញជាងមុនថែមទៀត ហើយមិនត្រឹមតែខំប្រឹងបោះជំហានបែបជំហានគីង្គក់នោះទេ គឺត្រូវរត់ជំហានសេះ ឬជំហានយក្សតែម្តង ទើបអាចឲ្យវិស័យអប់រំដើរទាន់ប្រទេសជិតខាង ឬប្រទេសជឿនលឿងដទៃផ្សេងទៀត។

មិនត្រឹមតែប៉ុណ្ណេះ ការអប់រំសម្រាប់កុមារមិនមែនតែជាការងារបស់រដ្ឋាភិបាលឬក្រសួងអប់រំតែម្នាក់ឯនោះទេ គឺទាមទារឲ្យមានការចូលរួមពីវិស័យឯកជន អង្គការសង្គមស៊ីវិល និងអាណាព្យាបាលឪពុកម្តាយ។ សង្គមស៊ីវិលត្រូវចូលរួមបំពេញបន្ថែមចំណុចខ្វះក្នុងវិស័យអប់រំដែលរដ្ឋផ្តល់មិនទាន់បង្គ្រប់។ ឪពុកម្តាយ ត្រូវតែជំរុញកូនឲ្យបានចូលរៀន ហើយមិនត្រូវឲ្យកុមារដើរធ្វើខ្ញុំគេនោះឡើយ។

ដូច្នេះគ្រប់ភាគីទាំងអស់ គឺជាដៃគូសហការ ពួតដៃចូលរួមជ្រោមជ្រែងកុមារកម្ពុជា ដែលជាថ្នាល់ទំពាំងខ្មែរទាំងអស់គ្នា ទើបទីបំផុត គេអាចរកបាននូវឬស្សីដែលរឹងមាំសម្រាប់ជាប្រយោជន៍សង្គម។ ដោយឡែក តាមរយៈការអនុវត្តឲ្យមានប្រសិទ្ធភាពនូវច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលទើបអនុម័តថ្មីៗនេះ គេសង្ឃឹមថា កុមារកម្ពុជាអាចនឹងត្រូវការពារ ហើយអាចមានឱកាសទទួលបានការអប់រំបានត្រឹមត្រូវជាងមុន៕

13334459_1714914085428161_1045625883_o

កាត់ខ្លី៖

កុមារកម្ពុជាគ្រប់រូប គួរតែត្រូវបានទទួលការអប់រំត្រឹមត្រូវទាំងអស់គ្នា

ការអប់រំ គឺជាសសរស្តម្ភនៃការរីកចម្រើនរបស់សង្គមជាតិ។ កុមារដែលទទួលការអប់រំត្រឹមត្រូវមួយ គឺជាធនធានចម្បងសម្រាប់ជោគវាសនារបស់ប្រទេសកម្ពុជា។ ក៏ប៉ុន្តែកុមារនៅស្រុកខ្មែរ មិនទាំងអស់ទេ ដែលសុទ្ធតែបានទទួលបានការអប់រំរៀនសូត្រដែលត្រឹមត្រូវនិងចំគោលដៅ។ ទាំងអស់នេះ ក៏ព្រោះតែមានឧបសគ្គជាច្រើនដែលរាំងស្ទះមិនឲ្យក្មេងខ្មែរទទួលសេវារៀនសូត្របានត្រឹមត្រូវ។ សូមអញ្ជើញស្តាប់ ហេង ឧត្តម៖

13327658_1714840792102157_3462884663835264810_n.jpg

ទំនងជាយល់ច្បាស់ពីសារសំខាន់នៃការអប់រំសម្រាប់កុមារ ទើបរដ្ឋាភិបាលកម្ពុជា ខំបន្ដប្រឹងប្រែងសម្រេចទិសដៅ «ការអប់រំសម្រាប់ទាំងគ្នា និងទាំងអស់គ្នាសម្រាប់ការអប់រំ»។ រដ្ឋបានប្តេជ្ញាផ្តល់ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ សម្រាប់កុមារគ្រប់រូប និងបង្កើនអាហារូបករណ៍សម្រាប់សិស្សក្រីក្រជាដើម។

លើសពីនេះ រដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ រួមបញ្ចូលទាំងការបង្កើនគម្រោងថវិកាអភិវឌ្ឍវិស័យអប់រំ។ ឆ្នាំ២០១៦នេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចចាក់បញ្ចូលថវិកាជាតិឲ្យក្រសួងអប់រំ យុវជន និងកីឡា គឺប្រមាណ៣៣៥លានដុល្លារអាមេរិក ដែលកើនឡើងចំនួន៥៥លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៤ ដែលមានត្រឹមតែ២៨០លានដុល្លារប៉ុណ្ណោះ។

បន្ថែមពីនេះ ពិធីអបអរទិវាកុមារអន្តរជាតិ១មិថុនា នៅឆ្នាំនេះ បានត្រូវរៀបចំយ៉ាងធំដុំ ហើយពីម្សិលមិញនេះទៀត រដ្ឋសភាជាតិ ក៏បានអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជន។ ទាំងអស់នេះ សឲ្យឃើញពីការយកចិត្តទុកដាក់ ដល់ការអប់រំ និងការពារសិទ្ធិដល់កុមារ។

យ៉ាងណាក៏ដោយ សព្វថ្ងៃនេះ គេនៅតែសង្កេតឃើញមានឧបសគ្គជាច្រើនដែលរាំងស្ទះដល់ការអប់រំរបស់កុមារខ្មែរ។ ឧបសគ្គរាំងស្ទះទាំងនោះ រួមមាន អំពើពុករលួយក្នុងការផ្តល់សេវាអប់រំ ការខ្វះលទ្ធភាពរបស់ក្រុមគ្រួសារ កង្វះអាហារូបត្ថម្ភ សាលារៀននៅឆ្ងាយនិងគុណភាពនៅមានកម្រិត ជាដើម។

យោងតាមរបាយការណ៍ ការអប់រំសម្រាប់ទាំងអស់គ្នាឆ្នាំ២០១៥ បង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ ដល់២០០៧ ចំនួនកុមារចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ កើនឡើងជាលំដាប់ ពីជាង៦ភាគរយ ទៅជាង៣៣ភាគរយ ហើយបន្តកើនឡើងតទៀត ដល់ជាង៥៥ភាគរយ នៅឆ្នាំ២០១៣។ ក៏ប៉ុន្តែ គេសង្កេតឃើញថា ពួកកុមារទាំងនោះ បានបោះបង់ការសិក្សាចោលទៅវិញ នៅពេលដែលឡើងថ្នាក់ធំបន្តិច ដោយហេតុតែសាលានៅឆ្ងាយ និងគ្មានលទ្ធភាពរៀនតជាដើម។

បើគេងាកទៅមើលសាលារៀនមួយចំនួនវិញ អគារ សម្ភារៈសិក្សា បន្ទប់រៀន នៅមានការខ្វះខាតនៅឡើយ។ រីឯថ្នាក់រៀនខ្លះ មានចំនួនសិស្សច្រើន ចាប់ពី៤០ទៅ៥០នាក់ រហូតដល់បន្ទប់រៀនខ្លះ មានសិស្សជាង៦០នាក់ផងក៏មាន។ ចំនួនសិស្សច្រើនពេកក្នុងថ្នាក់តែមួយ អាចបង្កលក្ខខណ្ឌលំបាកដល់ការរៀននិងបង្រៀន ជាក់ជាពុំខាន។

លើសពីនេះ គេបានដឹងឮជាទូទៅហើយពីអំពើពុករលួយក្នុងវិស័យអប់រំ ក្នុងទិដ្ឋភាពផ្សេងៗ។ សិស្សក្រីក្រនៅនិគមជនបទ ខ្វះទាំងលុយកាក់ ខ្វះទាំងបច្ចេកទេសនិងសម្ភារៈ។ ទាំងនេះ គឺគ្រាន់តែសិស្សនៅតំបន់ដាចស្រឡាល គេនៅមិនទាន់គិតដល់សិស្សជនជាតិដើមភាគតិចដែលខ្វះខាតសព្វគ្រប់ផងនោះទេ។

បញ្ហាមួយទៀត គឺទាក់ទងនឹងកង្វះអាហារូបត្ថម្ភ។ ទោះបីជាអង្គការស្បៀងអាហារពិភពលោក បានផ្តល់អាហារពេលព្រឹក ដល់សិស្សបឋមសិក្សាក្តី ក៏វានៅពុំទាន់ព្រមគ្រប់គ្រាន់នៅឡើយទេ។ ព្រោះថាបើតាមរបាយការណ៍របស់អង្គការ UNICEF កម្ពុជា កង្វះអាហារូបត្ថម្ភ បានសម្លាប់កុមារខ្មែរ ៤ ៥០០នាក់ ជារៀងរាល់ឆ្នាំ។

ប្រឈមនឹងចំណោទទាំងអស់នេះ កុមារដែលកើតក្នុងគ្រួសារត្រកូលក្រីក្រ ឬជីវភាពមធ្យមមួយចំនួន បានសម្រេចចិត្ត លើកដៃលាដំបូលសាលា ទៅធ្វើការងាររកលុយ ដើម្បីជួយយីតយោងជីវភាពគ្រួសារ។ ក្មេងៗខ្លះ បានឈប់រៀនទៅដើរស៊ីឈ្នួល តាមម្តាយឪពុក រហូតដល់ឆ្លងដែនផងក៏មាន។ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់អង្គការអូស្ត្រាលី Walk Free Foundation  បានបង្ហាញថាទាសភាពបែបថ្មីបានកើនឡើងដល់ជាង៤៥លាននាក់។ នៅក្នុងនោះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ជាចំណាត់ថ្នាក់អាក្រក់ខាងធ្វើខ្ញុំកញ្ចេះគេ ហើយប្រាកដណាស់ ថាក្នុងនោះកុមារខ្មែរដែរ។

ជារួមមក គេអាចមើលឃើញច្បាស់ជាងមុនថា ការទទួលបានសេវាអប់រំរបស់កុមារខ្មែរ ហាក់នៅពុំទាន់បានស្មើភាពគ្នា និងបានគ្រប់ៗគ្នានៅឡើយទេ។ រដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើការស្វិតស្វាញជាងមុនថែមទៀត។ មិនត្រឹមតែប៉ុណ្ណេះ ការអប់រំសម្រាប់កុមារមិនមែនតែជាការងារបស់រដ្ឋាភិបាលឬក្រសួងអប់រំតែម្នាក់ឯងនោះទេ គឺទាមទារឲ្យមានការចូលរួមពីវិស័យឯកជន អង្គការសង្គមស៊ីវិល និងអាណាព្យាបាល។ សង្គមស៊ីវិលត្រូវចូលរួមបំពេញបន្ថែមចំណុចខ្វះក្នុងវិស័យអប់រំដែលរដ្ឋផ្តល់ឲ្យមិនទាន់គ្រប់គ្រាន់។ ឪពុកម្តាយ ត្រូវតែជំរុញកូនឲ្យបានចូលរៀន ហើយមិនត្រូវឲ្យកុមារដើរធ្វើខ្ញុំគេនោះឡើយ។

ដោយឡែក គេសង្ឃឹមថា   ច្បាប់ស្តីពីយុត្តិធម៌អនីតិជនដែលទើបអនុម័តថ្មីៗនេះ អាចជួយការពារសិទ្ធិរបស់កុមារកម្ពុជា ឲ្យពួកគេអាចមានឱកាសទទួលបានការអប់រំបានត្រឹមត្រូវជាងមុន៕

13323990_1714914185428151_1276343011_o

 

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s