ទោះ​បី​ប្រាក់​ខែ​ឡើង ក៏​ស្ថាន​ភាព​កម្មកររោង​ចក្រ​កាត់​ដេរ​ ​នៅតែ​​លំបាកដដែល​!

ចាប់ដើមឆ្នាំ២០១៦មក ប្រាក់ខែគោលរបស់កម្មករកាត់ដែរ បានឡើងដល់១៤០ដុល្លារ ហើយរដ្ឋាភិបាល ក៏បានជួយសម្រួលតភ្ជាប់អគ្គិសនីដល់បន្ទប់ជួលរបស់ពួកគេថែមទៀត។ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏កម្មករជាង៤០០នាក់ដែលជួបជុំគ្នានៅភ្នំពេញថ្ងៃនេះ បានអះអាងថា ស្ថានភាពការងារនិងស្ថានភាពរស់នៅរបស់ពួកគេ នៅតែលំបាកវេទនាដដែល ហើយចំណុចខ្លះ កាន់តែយ៉ាប់ជាងមុនទៅទៀត។

សូមស្តាប់ ហេង ឧត្តម ៖ http://km.rfi.fr/cambodia-worker-situation-rfi-oudom-22-05-2016

for Oudom desk

នៅសាលមហោស្រពចេនឡា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ប្រមាណជាង៤០០នាក់ ដែលភាគច្រើនជាស្ត្រី បានទៅជួបជុំគ្នាដើម្បីជជែកពិភាក្សាពីទុក្ខកង្វល់ ស្ថានភាពការងារនិងជីវភាពរស់នៅរបស់ពួកគេ។ កម្មការិនីខ្លះបានអះអាងថា នៅកន្លែងការងារ ខ្លួនត្រូវថៅកែដាក់សម្ពាធនិងជេរស្តី ព្រមទាំងបង្ខំឲ្យធ្វើការថែមម៉ោង ពី២ទៅ៤ម៉ោងក្នុងមួយថ្ងៃ។ ពេលចេញពីធ្វើការយប់ព្រលប់ តាមផ្លូវខ្លះគ្មានភ្លើងបំភ្លឺ ធ្វើឲ្យកម្មការិនីមួយចំនួនខ្លាច និងព្រួយបារម្ភសព្វគ្រប់ពីសុវត្ថិភាពផ្ទាល់ខ្លួន។

ឆ្នាំនេះ ប្រាក់ខែគោលឡើងបាន១៤០ដុល្លារ ក៏ពិតមែន! តែពួកគេទាំងនោះ បញ្ជាក់ថា បរិមាណការងារ ចំនួនផលិតកម្ម ក៏ត្រូវក្រុមថៅកែដំឡើងឲ្យធ្វើការច្រើនជាងមុនដែរ។ ពោលគឺ ការងារត្រូវកើតឡើងតាមប្រាក់ខែ។ ដោយឡែក កិច្ចសន្យាការងារ ដែលជាការចុះកុងត្រាជួលកម្មករក្នុងរយៈពេលខ្លីគឺនៅតែមានចំនួនច្រើន! គឺច្រើនជាង៨០ភាគរយនៃកម្មករសរុប ដែលធ្វើឲ្យពួកគេខ្វល់ខ្វាយពីសុវត្ថិភាពការងារ។  លើសពីនេះ រឿងអនាម័យនិងបរិស្ថាននៅកន្លែងរោងចក្រ ក៏នៅតែចោទជាបញ្ហាដដែល។

និយាយពីទំនិញ ចំណីអាហារ ព្រមទាំងថ្លៃឈ្នួលផ្ទះ ក៏រត់ឡើងតាមប្រាក់ខែដែរ។ អាហារដែលពួកគេទទួលទាន គឺអាហារតាមជញ្ចើមថ្នល់ គ្មានអនាម័យនិងមិនសូវមានវីតាមីន។ ឯម្ចាស់ផ្ទះជួលខ្លះ នៅតែបន្តឡើងថ្លៃ។ កម្មករមួយចំនួន បានរៀបរាប់ក្នុងវេទិកាជជែកពិភាក្សានេះថា ម្ចាស់ផ្ទះជួល នៅឆ្លៀតកេញចំណេញលើថ្លៃអគ្គិសនី និងថ្លៃសេវាតភ្ជាប់អគ្គិសនីជាដើម។ មិនត្រឹមតែប៉ុណ្ណេះ បន្ទប់ជួលដែលពួកគេរស់នៅ គឺតូចចង្អៀត។ នៅពេលភ្លៀងម្តងៗ លូក៏ស្ទះ ហើយពួកគេត្រូវបង្ខំចិត្តរស់នៅជាមួយកណ្តុរកន្លាតទៀតផង។

ជាមួយគ្នានេះ លោកស្រី ម៉ាក់ ច័ន្ទស៊ីថា ប្រធានសមាគមមណ្ឌលព័ត៌មានកម្មករ ដែលផ្តួចផ្តើមវេទិកាជជែកពិភាក្សានេះ បានប្រាប់វិទ្យុបារាំងថា រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធបានជួយជ្រោមជ្រែងខ្លះហើយ តែនៅមិនទាន់គ្រប់គ្រាន់ទេ។ ចំពោះច្បាប់ស្តីការជួលផ្ទះ និងចំណាត់ការតភ្ជាប់ភ្លឺអគ្គិសនី ព្រមទាំងការសម្រួលផ្សេងៗ លោកស្រីប្រធានសមាគមមណ្ឌលព័ត៌មានកម្មករថាជាការល្អហើយ តែនៅតែខ្វះការតាមដានការគ្រប់គ្រងឲ្យបានហ្មត់ចត់ ជាហេតុឲ្យជនឆ្លៀតឱកាស កេញចំណេញពីលើញើសឈាមកម្មករ។ លោកស្រី បន្ថែមថា កម្មកររោងចក្រ ស្រមៃចង់បានជីវភាពថ្លៃថ្នូរ។ ជីវភាពថ្លៃថ្នូរ មិនមែនហ៊ឺហា ដូចក្រុមអភិជនទេ តែសុំត្រឹមតែអាចរស់នៅសមរម្យក្នុងភាពជាមនុស្សផង។

គួរបញ្ជាក់ថា ក្នុងវិស័យវាយនភ័ណ្ណនៅកម្ពុជា មានរោងចក្រជាង៦៥៥ ដែលបានចុះបញ្ជី ហើយមានកម្មករជាង៧០ម៉ឺននាក់។ នៅឆ្នាំ២០១៥កន្លងទៅ វិស័យកាត់ដេរ បានរកចំណូលពីការនាំចេញ បានប្រមាណ៦.២៧៩លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ៕

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s