«​មិត្ត​អប់រំ​មិត្ត» ជា​ក្រុម​អ្នក​ជួយ​អប់រំ​ណែនាំ​ឱ្យ​​ផ្តាច់​គ្រឿង​ញៀន កំពុង​ជួប​បញ្ហា​ថវិកា

FullSizeRender(2)

​«បណ្តាញ​មិត្ត​អប់រំ​មិត្ត» ជា​ក្រុម​មួយ​ធ្វើ​សកម្មភាព ដើម្បី​ជួយ​អប់រំ​ណែនាំ​ដល់​អ្នក​ប្រើ​ប្រាស់គ្រឿង​ញៀន ឱ្យ​ផ្តាច់​គ្រឿង​ញៀន។ ក្រុម​នេះ​ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ណែ​នាំ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​រឿង​លំបាក​មួយ​ហើយ​ ប៉ុន្តែ​លើស​ពី​នេះ​ ពេល​ពួក​គេ​ចុះ​អូស​ទាញ​អ្នក​ប្រើ​គ្រឿង​ញៀន ​ តែ​ត្រូវ​ប៉ូលីស​និង​ប៉េអ៊ឹម​មួយ​ចំនួន​ យល់​ច្រឡំ​ និង​ចាប់​ចង​ធ្វើ​វាយ​ដំ​ធ្វើ​បាប​ ពី​ព្រោះ​ពួក​គេ​ធ្លាប់​ជាអតីត​អ្នក​ប្រើ​និង​ចែក​ចាយ​គ្រឿង​ញៀន។ ទោះ​បី​ជា​សមាជិក​បណ្តាញ​ សុទ្ធ​ជា​អ្នក​ស្មគ្រ​ចិត្ត​ក្តី​ តែ​ក្រុម​នេះ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ថវិកា​ជា​ខ្លាំង ដើម្បី​ទ្រទ្រង់​សកម្មភាព​ប្រចាំ​ថ្ងៃ​។ ម្សិលមិញ​នេះ ក្រុម​បណ្តាញ​មិត្ត​​អប់រំ​មិត្ត មក​ពី​ខេត្ត​ផ្សេងៗ បាន​ជួប​ជុំគ្នា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុង​ក្រុង​ភ្នំពេញ​ ដើម្បី​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​។

ហេង ឧត្តម អ្នក​កាសែត​វិទ្យុ​បារាំង​អន្តរ​ជាតិ បាន​ចូលរួម​ស្តាប់​ក្នុង​កម្មវិធី​នេះ​ និងបាន​រៀប​ចំ​បទ​យក​ការណ៍​ជូន​លោក​អ្នក​នាង​ស្តាប់​៖ http://mfi.re/listen/5o19a43x05nps1d/19h00-Oudom-feature-CNPUD-18-08-2015.mp3

«មិត្តអប់រំមិត្ត» ជា​ក្រុម​អ្នក​ជួយ​អប់រំ​ណែនាំ​ឱ្យ​ផ្តាច់​គ្រឿង​ញៀន កំពុង​ជួប​បញ្ហា​ថវិកា ប្រធានបណ្តាញមិត្តអប់រំមិត្ត លោក អ៊ុក ថា បានផ្តល់សម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ពីថ្ងៃ១៧ សីហា ២០១៥។

ប្រធានបណ្តាញមិត្តអប់រំមិត្ត លោក អ៊ុក ថា បានផ្តល់សម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ពីថ្ងៃ១៧ សីហា ២០១៥។

RFI Khmer : http://km.rfi.fr/cambodia/cnpub-a-problem-financier-rfi-Oudom-Heng-18-08-2015

IMG_9145

«អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជានៅឆ្នាំ​២០១២ គឺមាន​ចន្លោះ​ពី​១ម៉ឺន​៣ពាន់ដល់​២ម៉ឺន៨ពាន់នាក់»។ នេះ​ជា​ទិ​ន្នន័យអ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ប៉ាន់​ប្រមាណ​ជា​បឋមនៅ​ឆ្នាំ​២០១៤ ដែល​ប្រាប់ឲ្យ​ដឹង​ដោយ​ លោក ថោង សុគន្ធា ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ​អប់រំ និង​ស្តារយុវនីតិសម្បទា​ នៃ​អគ្គលេខាធិការរដ្ឋាន​​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​។ លោក​បាន​ធ្វើ​ជា​វាគ្មិន​ពន្យល់ពី​ច្បាប់​​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ ដល់​បណ្តាញ​ក្រុមមិត្ត​​អប់រំមិត្ត ពី​ថ្ងៃ១៧សីហា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុង​ក្រុង​ភ្នំពេញ​។

IMG_9114

បណ្តាញមិត្តអប់រំមិត្ត បានត្រូវជ្រោម​ជ្រែង​គំនិត​បង្កើតឡើងដោយអង្គការខាណា អង្គការកសាង និងអង្គការ​មិត្ត​សម្លាញ់​​ ដើម្បីធ្វើសកម្មភាពជួយអប់រំណែនាំដល់អ្នកប្រើប្រាស់គ្រឿងញៀន ឲ្យផ្តាច់​គ្រឿងញៀន។ ​លោក អ៊ុក ថា ​បាន​ត្រូវ​​អ្នក​ប្រើ​គ្រឿង​​ញៀន​ បោះឆ្នោតជ្រើសរើស​ឲ្យ​ធ្វើ​ជាប្រធាន​​បណ្តាញ​នេះ​​។ លោកចូលរួម​ការងារ​នេះ​ដោយ​ស្មគ្រចិត្ត ព្រោះ​លោក​ក៏​​ធ្លាប់ជា​អ្នក​​សេព​គ្រឿង​ញៀន អស់​ជាង​១០ឆ្នាំ​មក​ហើយ​ (គឺ​ចាប់ពី​ឆ្នាំ១៩៩៩ដល់​ឆ្នាំ​២០១០)។

វ័យ​អាយុ៣៦ឆ្នាំ លោក អ៊ុក ថា មាន​រាង​ស្គម មុខមាត់​ស្ងួត រង្វង់ភ្នែក​ស្រអាបបន្តិច​ ហាក់​មិនសូវ​មាន​សម្រស់​ប៉ុន្មាន​នោះទេ​។ លោក​ពន្យល់ថាសុខភាព​លោក​បាន​ត្រូវ​បំផ្លាញ​ដោយ​គ្រឿង​ញៀន។

ជា​ញៀន​និង​ចែកចាយថ្នាំផង លោកធ្លាប់ជាប់​ពន្ធាគារ​ព្រៃស​ជាង១ឆ្នាំ កាលពី​ឆ្នាំ​២០១០។​​ ​សព្វថ្ងៃ លោកបាន​កែប្រែ​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​និង​ជួយលក់​ដូរ​ជាមួយ​​ម្តាយចំណាស់​​ នៅ​សង្កាត់​ស្ទឹ​ង​មាន​ជ័យ​ រាជធានីភ្នំពេញ​។

ឆ្លៀត​ពេល​សម្រាក​ពិសា​អាហារ​សម្រន់ ខ្ញុំ​បាន​ស្កាត់​ជួប​ជាមួយ​ អ្នក​នាង​ ទាវ ស្រីពៅ ដែល​ជា​ជន​បង្គោល​របស់​ បណ្តាញ​មិត្ត​អប់រំមិត្ត ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហនុ។ ស្រីពៅ ធ្លាក់ជក់​​ថ្នាំ​ញៀន អស់​ជិត​១៥ឆ្នាំ គឺ​តាំងពី​ឆ្នាំ​២០០០មក​ ហើយ​ទើបតែ​ផ្តាច់​​បាន​សម្រេច​ ជិត​កន្លះ​ឆ្នាំទៅ​នេះ​។​

មាន​វ័យ​៣៣ឆ្នាំ អ្នក​នាង​កំពុងតែ​ជំពាក់លុយ​គេ​ឯង​និងបំណុល​​​ធនាគារផង។​ រង្វង់ភ្នែកដក់ដោយ​តំណក់ទឹកថ្លា ធ្វើ​ឲ្យ​កែភ្នែក​ទាំង​គូ​ឡើង​ក្រហម, ​​ស្រីពៅ ថ្លែងថា អស់​ទ្រព្យ​សម្បត្តិ​ ព្រ​មទាំងគ្រួសារ​​ញាត្តិ​មិត្ត​ឈប់​រាប់​រក ក៏​ព្រោះដោយសារ​តែ​ថ្នាំ​​ញៀន​ដែរ។ បច្ចុប្បន្ន​​​ អ្នកនាង​ស្រីពៅ ធ្វើ​ការ​​ជា​នារី​បម្រើ​សេវា​កម្សាន្ត នៅកំពង់សោម​​ ហើយ​ព្យាយាម​អូសទាញមិត្ត​ដទៃ​ឲ្យ​ផ្តាច់​គ្រឿង​ញៀន។​

បណ្តាញ​មិត្ត​អប់រំមិត្ត មាន​​សមាជិក​​ធ្វើ​ការ សុទ្ធតែ​អ្នក​​​ស្មគ្រ​ចិត្ត ព្រោះ​ខ្លួន​សុទ្ធសឹង​​​តែជា​​អតីត​អ្នក​ធ្លាប់ប្រើប្រាស់គ្រឿង​​ញៀន។ ក៏ប៉ុន្តែ​ការ​មាន​តែ​ឆន្ទៈនិង​បេះ​ដូង​ ក៏​មិន​អាច​​ទៅរួចនោះ ព្រោះ​ជីវភាព​ក្រពះរបស់​ពួក​គេ​ ក៏ត្រូវ​ការ​ថវិកាទ្រទ្រង់​ដែរ។ សព្វថ្ងៃនេះ នៅ​មិន​ទាន់​មាន​ម្ចាស់​ជំនួយ​ជាក់​លាក់​និង​ជាប់​លាប់​នោះ​ទេ​។ លោក អ៊ុក សាវុន ជា​អ្នក​រត់​ម៉ូតូឌុប និង​ជា​ជន​បង្គោល​មួយទៀត​​របស់​បណ្តាញ​នេះ នៅប៉ោយប៉ែត។ លោកពន្យល់​ពី​ទុក្ខ​លំបាក​ខ្លះពេល​លោក​ចុះ​អូសទាញ​អ្នក​ប្រើ​គ្រឿង​ឲ្យផ្តាច់ថ្នាំញៀន​។

លោក អ៊ុក សាវុន ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងជា​អ្នក​ចែកចាយ​ផង​ ពេល​ឆ្លង​ដែន​ទៅ​ធ្វើ​កម្មករ​​នៅ​ស្រុក​ថៃ​។ ក្រោយពី​រៀប​ការ​មា​នប្រពន្ធ​កូន លោក​ សាវុន បាន​តាំងចិត្ត​ផ្តាច់ថ្នាំ​​គ្រឿង ដោយ​មាន​ជំនួយ​ពី​អង្គការ​ផ្សេងៗផង។ ក្រោយមក ​លោក​ចូល​រួម​សកម្មភាព​អប់រំណែ​នាំ​ឲ្យ​គេ​ផ្តាច់​គ្រឿង​ញៀន ​បាន​ជាង​បីឆ្នាំមកហើយ។ ទោះ​យ៉ាងណា លោក​ឲ្យដឹងថា ទាល់​តែ​មាន​គម្រោង​ថវិកា​ណាមួយ​ជាក់​លាក់​ ទើបអាច​ឲ្យ​សមាជិក​របស់​លោក​ធ្វើ​សកម្មភាព​បាន​ពេញ​លេញ។

​សមាជិក​ក្រុម​នេះ ​​មាន​គ្នា​ជិត​៣០នាក់ ដែល​មាន​នៅ​ក្រុង​ភ្នំពេញ ​ខេត្ត​សៀមរាប ខេត្ត​ព្រះ​សីហនុ បាត់​ដំបង បន្ទាយ​មាន​ជ័យ​ និង​បោយប៉ែត​។ លោក ម៉ាន់ សាម៉ី ជា​ជន​បង្គោល​របស់​បណ្តាញមិត្តអប់រំ​មិត្តម្នាក់​ទៀត ខេត្ត​សៀមរាប។

មាន​អាយុ​៣២ឆ្នាំ លោក ម៉ាន់ សាម៉ី ជា​អ្នក​រត់​ទុកទុក រស់នៅ​ស្រុក​ប្រាសាទ​បាគង។ លោកធ្លាប់​បាន​ប្រើប្រាស់គ្រឿង​ខ្លួន​ឯង​ផង​និងទាក់​ទាញ​មិត្តភក្តិ​ចូលរួម​ប្រើ​ថ្នាំជាច្រើននាក់​ទៀត​​នេះ។ បន្ទាប់ពី​បាន​បំផ្លាញគ្រួសារ​ខ្ទេចខ្ទី រហូត​ដល់​ម្តាយ​ធ្លាក់​ឈឺធ្ងន់ លោក សាម៉ី បាន​ភ្ញាក់​ខ្លួននិង​​ជំនះ​ផ្តាច់​ថ្នាំ​ញៀន​។ ពេល​នេះ លោក​បាន​​ចូលជា​សមាជិក​បណ្តាញ​មិត្ត​អប់រំមិត្ត បាន​ជាង​៦ខែ​មកហើយ។

FullSizeRender(1)

ទោះបី​ជា​ សមាជិករបស់បណ្តាញ​មិត្ត​អប់រំមិត្ត សុទ្ធ​តែ​ជាអ្នក​ស្មគ្រ​ចិត្ត តែ​បណ្តញា​កំពុងតែ​ប្រឈម​នឹង​បញ្ហា​មិនមាន​​ថវិកា​ទ្រទ្រង់​សកម្មភាពរាល់ថ្ងៃ​។ មិនតែប៉ុណ្ណោះ ក្រុម​បណ្តាញ​និង​ជនបង្កោល​ បាន​ឲ្យដឹងថា ពេល​ចុះ​អូសទាញ​អ្នក​ប្រើគ្រឿងញៀន ក៏ត្រូវ​ប៉ូលីសនិងប៉េអ៊ីមមួយ​ចំនួន​ យល់​ច្រឡំ​ និងចាប់​ចងធ្វើ​វាយ​ដំ​ខ្លះ​ទៀតផង​​ ព្រោះ​ក្រុម​នេះ មិន​ទាន់​មាន​អត្តសញ្ញាណ​ច្បាស់​លាស់​នៅ​ឡើយ៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s