ការ​យល់​ឃើញ​ខ្លះៗ​ចំពោះ​អក្សរសិល្ប៍ខ្មែរ​បច្ចុប្បន្ន

ខ្ញុំ​បាន​​សាកល្បង​​សាក​​សរសេរ​​ជូន​​បង​​ប្រុស​​ម្នាក់ ដើម្បី​យក​​ទៅ​បកប្រែ​​បោះពុម្ព​ផ្សាយ​​ក្នុង​​សៀវភៅ​​​ប​រទេស​​​ក្រប​ខណ្ឌ​អ្នកនិពន្ធ​អាស៊ាន​​។ ទាំង​​មមា​ញឹក​​ខ្លាំង​​​នៅ​ការិយាល័យ​និពន្ធ​របស់វិទ្យុ​បារាំងអន្តរជាតិ​ RFI ខ្ញុំ​បាន​​បញ្ចេញ​ការ​​យល់​​ឃើញ​​ខ្លះៗ​​ក្នុង​សំណេរ​ខាង​ក្រោម​​នេះ។

11873943_939350736111766_247677313_nគេ​ទំនង​ជា​អាច​នឹង​លំបាក​យល់បន្តិច​ពី​អក្សរសិល្ប៍ខ្មែរបច្ចុប្បន្ន ប្រសិន​បើ​ពុំ​មាន​មូលដ្ឋាន​ខ្លះ​ពី​សង្គម​ខ្មែរ និង​ដំណើរ​វិវត្ត​នៃ​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​​ខ្មែរ ក្នុង​រយៈកាល​​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​។

ជាការពិត កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​រុង​រឿង​ជា​មហានគរ​ក្នុង​អតីតកាល ប៉ុន្តែ​ប្រទេស​នេះ​ធ្លាក់​​ដុន​ដាប​វិញចាប់​ពីក្រោម​សម័យ​អង្គររហូត​មក ហើយ​​រវាង​ឆ្នាំ​១៩៧០មក ​ដោយសារ​​ជំនោរ​មនោគមនវិជ្ជា​នយោ​បាយ​ មហិច្ឆតា​ស្រេក​ឃ្លាន​អំណាច​របស់​ក្បាលម៉ាស៊ីន​នយោ​បាយ​​​ខ្លះ និង​ការ​ប្រទាញ​​ប្រ​ទង់​គ្នា​រវាង​ប្លុក​សេរីនិងប្លុក​កុម្មុយនីស្ត។ កម្ពុជាមាតុភូមិ​ខ្ញុំ​ ធ្លាប់បាន​​ឆេះរលេះ​រលួយ​នៅ​ចន្លោះ​ឆ្នាំ​១៩៧០ វារចេញពី​នរកនៅឆ្នាំ១៩៧៩ និង​ដើរ​អូស​ជើងយ៉ាង​លំបាកលំបិន ទម្រាំ​បាន​ភ្លក្ស​រស​ជាតិ​សន្តិភាព​ឡើងវិញ​ ក្រោយ​​​​ការ​បោះ​ឆ្នោត​ជាតិ​១៩៩៣ ដែល​​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​សហប្រជា​ជាតិ​។

ទោះយ៉ាងណា​ក្តី​ ក្រោយ​ការ​រលំរលាយ​​ទៅ​នៃរបប​ប្រល័យពូជសាសន៍​          អ្នកនិពន្ធ​អក្សរសិល្ប៍​ខ្មែរភាគច្រើន​សរសេរ​ស្ថិត​​នៅ​ក្នុង​សម្ពាធ​និង​បន្ទាត់​នយោបាយ​។ ចំពោះ​ស្មេរ​ណា​ដែល​ងាក​រេ​ពី​គំនូស​ទាំង​នោះ អាច​នឹង​មិន​សូវ​មាន​ល្អ​ផលទេ​​ចំពោះកម្រិត​​ជីវភាព និង​សុវត្ថិភាព​ផ្ទាល់​តែម្តង។ ក៏ប៉ុន្តែទិដ្ឋភាព​ទាំង​នេះ ហាក់​មិន​សូវ​នៅ​លង​បន្លាច​​អារម្មណ៍​អ្នក​និពន្ធ​និង​កវី​ខ្មែរ​ជំនាន់​ថ្មី​ប៉ុន្មាន​ទេ។​ ដោយ​ហេតុ​ថាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ សេរីភាព​បញ្ចេញ​មតិតាមទីសាធារណៈនិងតាម​​រយៈ​​សំណេរ​ជា​ដើម ហាក់​កំពុងតែ​រីក​ស្គុះស្គាយ​ គួរឱ្យ​កត់​សម្គាល់។ ក្នុង​នាម​ជាអ្នក​ប្រើ​ភ្នែក​ ខួរក្បាល និង​បេះ​ដូង​ សង្កេត​មើល​សង្គម ខ្ញុំ​ពិត​ជា​មាន​សុទិដ្ឋិនិយម​ចំពោះ​វាសនា​អក្សរ​សិល្ប៍​​របស់​មាតុភូមិខ្ញុំ​ ដែល​អាច​នឹង​រក​ឃើញ​ភាពរុង​រឿង​ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ​​។

          យ៉ាងណា​ក៏ដោយ​ចុះ បើ​និយាយ​ពី​ទិដ្ឋភាព​អក្សរសិល្ប៍ខ្មែរបច្ចុប្បន្ន យើង​នៅតែមើល​ឃើញថានៅមានបញ្ហា​មួយ​ចំនួន​ដែល​​ហ្វ្រាំង​បង្អាក់​ដំណើរ​ មិន​ឲ្យ​អក្សរសិល្ប៍​ខ្មែរ​ដើរ​រលូន​ទៅ​រក​វឌ្ឍនាភាព និង​ទំនើប​ភាព​បាន​។

ចំណោទ​ជា​ដំបូង​គឺការ​បោះពុម្ពផ្សាយនិង​ការ​ចម្លង​ស្នាដៃ​។ ការបោះពុម្ព​​ផ្សព្វ​ផ្សាយ​​សៀវភៅ​ បើ​ទោះបី​ជា​មាន​ភាព​ងាយ​ស្រួលចេញ​ផ្សាយ​ស្នាដៃ​ក៏ពិត​មែន ដោយ​សារតែ​មាន​រោងពុម្ពនិង​គ្រឹះស្ថានបោះពុម្ព​ព្រោង​ព្រាត ក៏ប៉ុន្មាន​សៀវភៅ​ដែល​ចេញមក នៅ​មាន​កម្រិត​ស្ទើរនៅឡើយ​ទាំង​ខ្លឹមសារ​និង​រូបភាព​ខាង​ក្រៅ​។ មាន​តិចណាស់​ ​សៀវភៅ​ដែលរចនា​ប្រកប​ដោយ​ភាព​ទាក់​ទាញ​ និង​គួរ​ឲ្យ​ចាប់​ចិត្ត​ចង់​អាន​និង​យក​រក្សា​ទុក​។​ សូម្បីតែ​សន្លឹក​សៀវភៅ​ ក៏​ខ្លះ​នៅ​មិនទាន់​មាន​បទដ្ឋាន​ស្តង់ដារ​នៅឡើយ។ នេះ​ក៏​អាច​មក​ពី​កង្វះ​ធន​ធាន​​និងអ្នក​ជំនាញ​ខាងផលិត​​សៀវភៅ​ផង​ក៏​អាច​ថា​បាន។

មិន​តែប៉ុណ្ណោះ ការ​លួច​ចម្លង​ស្នាដៃនិងថត​ចម្លងទៅ​ធ្វើ​អាជីវកម្ម ក៏​នៅតែ​មិន​ទាន់​​បាន​រឹត​បន្តឹង​ឱ្យ​មែនទែន​នោះទេ។ ពោល​គឺ​តិច​ណាស់​ដែលឈ្មួញ ​អ្នក​លួច​​ចម្លង​វណ្ណកម្ម​របស់​អ្នកនិពន្ធ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាត់​វិធានការ​ធម៌​ក្តៅ។ ដូច្នោះ​​ហើយ ការ​ចម្លង​វណ្ណ​កម្មហាក់​ក្លាយ​ជា​រឿង​ធម្មតា ហើយ​ធ្វើ​ឱ្យ​អ្នកនិពន្ធ​ដែល​ចំណាយ​ពេល​និង​ថវិកា​ផ្ទាល់​ខ្លួន​​សម្រាប់​បោះពុម្ព​ផ្សាយ​ បាត់​បង់​ចំណូល និង​ធ្លាក់​ទឹក​ចិត្ត ឥត​សង្ឃឹម​។

រី​ឯ​​ការ​បង្រៀនបណ្តុះ​បណ្តាលអ្នកនិពន្ធឱ្យ​​ជាប់​លាប់ និង​មាន​សាលា​បណ្តុះ​បណ្តាល​​វិជ្ជា​និពន្ធជាក់លាក់​ដែល​មាន​គុណភាព​និង​ប្រសិទ្ធ​​ភាពនោះ ក៏​នៅ​មាន​ការ​​ខ្វះ​ខាតទៅ​ទៀត​​។ មានដែរ​! តាម​សមាគម​​ទ្រ​ទ្រង់​សកម្មភាព​សរសេរ​មួយ​ចំនួនដែល​ខំ​រក​ជំនួយ​ពី​នេះបន្តិច​ពីនោះ​បន្តិច មក​រៀប​ចំ​វគ្គ​សិក្សា​ខ្លីៗ និងធ្វើ​​សិក្ខាសាលា​ចែក​រំលែក​ខ្លះ​។ ក៏ប៉ុន្តែ​វាមិន​គ្រប់​គ្រាន់និង​ស្ថិតស្ថេរ​ប៉ុន្មាន​ទេ។​

ម្យ៉ាង​វិញ​ទៀត អ្នកនិពន្ធ​ខ្មែរ​ ទាំង​អ្នក​សរសេរ​អាជីព​ឬ​មិន​អាជីព​ក្តី ដែល​មាន​មិនច្រើន​ផង​នោះ ត្រូវ​គេ​មើល​ឃើញថា​ហាក់​បាន​​បែង​ចែក​ជា​គ្នាក្រុម​តូចៗ និង​តាម​ទំនោរ​និន្នាការ​ផ្សេងៗគ្នា។ ការ​មិន​មាន​កន្លែង​ជួប​ជុំ​គ្នា​ជាក់​លាក់និង​ទៀត​ទាត់នោះ​​ ក៏​កាន់តែ​ធ្វើ​ឱ្យ​ពួក​គេ​ឃ្លាតឆ្ងាយ​ពី​គ្នា​ទៅទៀត។ ការ​មិន​សូវ​បង្ហាញ​ភាពកៀកជិត​គ្នា​និង​សាមគ្គី​រួម​កម្លាំង​​គ្នា ធ្វើ​ឱ្យ​សំណេរ​ដែល​ពួក​គេ​ម្នាក់​ៗ​បញ្ចេញ​មក​នោះ​ ក៏​មិន​មាន​ភាព​ល្អិតល្អន់និងគ្រប់ជ្រុង​​ជ្រោយ ដោយ​សារ​តែ​មិន​បាន​ផ្លាស់​ប្តូរ​យោបល់និង​ចូលរួម​បញ្ចេញ​គំនិត​គ្នា។ ផ្ទុយ​ពីនេះ ខ្ញុំ​បាន​សង្កេត​ឃើញថា សៀវភៅឬរឿងភាពយន្ត​​ល្បីល្បាញនីមួយៗ​របស់​បស្ចិមលោក​ ទម្រាំ​ចេញ​ផ្សាយមួយៗ​​ មាន​ការ​ចូលរួម​សរសេរ​ ឬ​ឱ្យ​យោបល់​ពី​អ្នកនិពន្ធ​និង​អ្នក​មាន​ពិសោធន៍​ច្រើន​នាក់​ណាស់​។

បើ​យើង​ងាក​ទៅ​និយាយ​ពី​កម្រិត​​សមត្ថភាពរបស់​អ្នកនិពន្ធ​ខ្មែរវិញ។ ទាំង​ខ្ញុំ​ទាំង​គេ ខ្ញុំ​ទទួល​ស្គាល់​និង​មើល​ឃើញថា ហាក់​នៅ​មាន​ទាន់​មាន​ភាពទូលំទូលាយ​និង​ជ្រៅ​ជ្រះ​នៅឡើយ​ទេ បើនិយាយ​ត្រឹមតែ​​ផ្នែក​ភាសា​បរទេស​ ដែល​ជា​យាន​អនុញ្ញាត​ឱ្យ​អ្នកនិពន្ធ​​ខ្មែរ​គ្រប់​រូប​ អាច​បើក​ចំហ​ជើង​មេឃនិង​ក្រេប​យក​ទស្សនៈដើមឬថ្មី​ៗ​របស់​ប្រទេស​អភិវឌ្ឍតាម​ចរន្ត​ភាវូប​នីកម្ម។ អ្នក​និពន្ធ​​អាជីព​ដែល​អាស្រ័យ​រស់នៅ​​នឹង​ដង​ប៉ាកកា ឬហៅថា អ្នក​និពន្ធ​អាជីព​ជើង​ចាស់​​នោះ បាន​ចេះ​ខ្លះ​ដែរ ភាសា​បារាំង ឬវៀតណាម ប៉ុន្តែ​មិន​សូ​វបា​នប្រើ ក៏​​រឹល​ទៅវិញ​ ហើយ​ភាសា​អង់គ្លេស ក៏​មិន​ចំណាប់​ទៅទៀត។ មាន​អ្នក​និពន្ធ​រៀម​ច្បង​តិច​តួច​ប៉ុណ្ណោះដែល​ចេះ​ច្បាស់​លាស់ភាសា​អង់គ្លេស បារាំង វៀតណាម ថៃ ចិន ជប៉ុននោះ ហើយ​​បើ​អ្នក​ចេះ​ច្បាស់លាស់ គេ​កម្រ​នឹង​ប្រលូក​ជីវិត​ជា​អ្នកនិពន្ធ​អាជីព​នោះឡើយ។ លើស​ពីនេះ ខ្ញុំ​សង្កេត​ឃើញថា អ្នកនិពន្ធ​នៅ​ស្រុក​ខ្មែរ សរសេរ​ច្រើនមុខ​​និង​ច្រើ​នជំនាញ​ពេក ដែល​មិន​មែន​កំណត់​ប្រភេទ​ច្បាស់​លាស់​ថា​ខ្លួនស្ថិត​ក្នុង​​ផ្នែក​រឿង​កុមារ ឬ​ប្រលោមយុវវ័យ ឬក៏​ផ្នែក​ស៊ើប​អង្កេតនិង​វិទ្យាសាស្ត្រ ឱ្យ​ប្រាកដ​ច្បាស់​លាស់​នោះទេ។ ការ​សរសេរ​ច្រើន​មុខ​ពេក ធ្វើ​ឱ្យ​ពួកគេ​ភាគ​ច្រើន​អាច​នឹង​មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់​ស្រាវជ្រាវ​លើ​មុខ​ជំនាញ​ណាមួយ​ឱ្យ​ស៊ីជម្រៅនិង​លម្អិតជាក់​លាក់។

          ជារួម​មក ក្នុង​ក្រសែចក្ខុនៃ​អ្នក​ក្តោប​ដងប៉ាកកា​ម្នាក់ និង​អ្នក​ប្រើ​បេះដូង​មើល​សង្គ​មជាតិ​ ខ្ញុំ​គិត​ឃើញថា អក្សរសិល្ប៍ខ្មែរបច្ចុប្បន្ន កំពុងតែ​វារ​គើមៗ តែ​ក៏​អាច​បោល​ស្ទុះ​វឹង​ភ្លាម​បាន​ដែរ បើ​មាន​កត្តា​ជំរុញ​ជាក់​លាក់​និង​និរន្តរភាព។ ទោះ​យ៉ាងណាក្តី​ ខ្ញុំ​នៅ​តែ​មាន​ជំនឿ និង​សង្ឃឹមឆ្ពោះ​ទៅមុខ ចំពោះ​វឌ្ឍនាភាព​អក្សរសិល្ប៍ខ្មែរ ដោយសារតែ​អ្នកនិពន្ធ​ខ្មែរ​គ្រប់​រូប​ កំពុង​តែ​ពង្រឹង​សមត្ថភាព ពង្រីក​ចំណេះ​ដឹង​និង​ជំនាញ​របស់​ខ្លួន ជា​បណ្តើរ​ៗហើយ​។ មិន​តែប៉ុណ្ណោះ ប្រទេស​កម្ពុជា គឺមិននៅ​​លើកោះ​តែ​ម្នាក់​ឯង​ទេ។ ប្រទេស​នេះ មាន​ទំនាក់​ទំនង​​ស៊ីជម្រៅ​និង​មិត្តភាព​ជាមួយ​ប្រទេស​ជុំវិញ​ពិភព​លោក។ តាម​រយៈសលក​ភាវូបនីកម្មនេះ​ ក៏​នឹង​ជំរុញ​ឱ្យ​ល្បឿន​អក្សរសិល្ប៍ខ្មែររត់​តាម​​គេឯង​ជាក់​ជា​មិន​ខាន​៕​

សរសេរនៅភ្នំពេញ ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ២០១៥​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s