ស្តាប់សំឡេង៖ http://mfi.re/listen/nbl1chb34ivco6x/07h00-oudom-press-revies-04-08-2015%E2%80%8B-okay.MP3
សន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនពេលសម្ពោធស្ពានកម្ពុជាចិនតាខ្មៅកាលពីម្សិលមិញ ត្រូវកាសែតក្នុងស្រុកយកទៅសរសេរពេញទំព័រមុខ ប៉ុន្តែបានចាប់យកប្រធានរឿងផ្សេងៗគ្នា។
-«សារទៅបក្សប្រឆាំង អ្នកមិនហ៊ានបញ្ចេញផែនទីដែលចាត់ទុកថាត្រឹមត្រូវ គឺបោកប្រាស់ប្រជាជន» ជាចំណងជើងរបស់កាសែតកោះសន្តិភាព។ តាមទិនានុប្បវត្តិនេះ លោក ហ៊ុន សែន ប្រាប់ដល់គ្រប់បក្សនយោបាយទាំងអស់ថា«ដើម្បីឲ្យឯកភាពជាតិ គឺត្រូវឯកភាពគ្នាលើផែនទីពិត ដូច្នេះសូមយកមកដាក់បង្ហាញ សូមបញ្ចេញមក ឬក៏យកទៅថ្វាយព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង»។ កាសែតកាសែតបន្តស្រង់សម្តីលោកនាយករដ្ឋមន្ត្រីមកសរសេរទៀតថា «បើអ្នកណាមិនហ៊ានបញ្ចេញផែនទីដែលចាត់ទុកថាត្រឹមត្រូវ អ្នកនោះគឺជាអ្នកបោកប្រាស់ប្រជាជន ខ្ញុំមិនលើកលែងឲ្យទិដ្ឋភាពផ្លូវច្បាប់ទេ»។
ចំណែកកាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយរឿងនេះនៅទំព័រមុខដែរ។ ភ្នំពេញប៉ុស្តិ៍ ទុកឲ្យលោកតំណាងរាស្ត្រ អ៊ុំ សំអាន ឆ្លើយតបថា «យើងស្វាគមន៍ដែលគាត់ចង់ឲ្យយើងបង្ហាញផែនទី។ យើងអាចបង្ហាញពេឡណាក៏បាន។ យើងស្វាគមន៍ដែលលោក ហ៊ុន សែន ចង់ឲ្យយើងផ្ទៀងផ្ទាត់ជាមួយគ្នានៅអង្គការសហប្រជាជាតិ»។
កាសែតកម្ពុជាថ្មីវិញ យករឿងផែនទីនេះទៅសរសេនៅក្របមុខដែរ ដោយដាក់ចំណងជើងថា «កម្ពុជាមិនខ្ចីផែនទីដែលអាមេរិកគូសវាសដើម្បីទម្លាក់គ្រាប់បែកទេ»។ កម្ពុជាថ្មីបានស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីទៅសង្កត់អត្ថបទរបស់ខ្លួនថា «ខ្ញុំសូមផ្តាំតាមវាយោ សូមឯកឧត្តម អូបាម៉ា កុំបារម្ភ ខ្ញុំអត់ខ្ចីផែនទីដែលអាមេរិកគូសចូលដីខ្មែរដើម្បីទម្លាក់គ្រាប់បែក កាលពីជំនាន់មុននោះទេ ខ្ញុំសុំខ្ចីតែផែនទី ដែលលោក ហួត សម្បត្តិ អតីតរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាជូនឲ្យទូតអាមេរិកតែប៉ុណ្ណោះ»។ បន្ថែមពីនេះ លោក ហ៊ុនសែន បញ្ជាក់ទៅប្រទេសជិតខាងថា កុំថាវៀតណាម ឪវៀតណាម ជីតាវៀតណាម ក៏ខ្ញុំប្តឹងដែរ ឲ្យតែវៀតណាម រំលោភដី ខ្ញុំអត់ខ្លាចទេ៕
-«លោកហ៊ុនសែនថាការបោះឆ្នោតមិនផ្លាស់ប្តូរតាមបក្សប្រឆាំងទេ» នេះជាចំណងជើងធំ នៅទំព័ររបស់កាសែតភ្នំពេញប៉ុស្តិ៍។ អមដោយរូបថតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានិងអ្នកហែហម ភ្នំពេញប៉ុស្តិ៍ បានស្រង់សម្តីប្រមុខបក្សប្រជាជនមកសរសេរទៀតថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបក្សសង្គ្រោះជាតិ«ល្ងង់» ដែលមិនបានបញ្ចូលកាលបរិច្ឆេទបោះឆ្នោតទៅក្នុងកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២កក្កដា២០១៤»។ លោក ហ៊ុនសែន បញ្ជាក់ថា ថ្ងៃបោះឆ្នោតជាតិគឺនៅដដែល ពោលគឺថ្ងៃអាទិត្យសប្តាហ៍ទី៤ ខែកក្កដា២០១៨។
ចំណែកលោក សម រង្ស៊ី ដែលកំពុងនៅក្រៅស្រុក បានឆ្លើយអ៊ីម៉ែលតបភ្នំពេញប៉ុស្តិ៍ថា«នៅកម្ពុជា អ្វីគ្រប់យ៉ាងគឺអាចទៅរួច។ អ្វីៗអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស អាចពីល្អទៅអាក្រក់ ពីអាក្រក់ទៅអាក្រក់ខ្លាំង ប៉ុន្តែពួកគេក៏អាចប្រែក្លាយជាល្អ ផ្អែកលើបរិស្ថានដែលយើងព្យាយាមផ្លាស់ប្តូរ ផ្អែកលើគោលការណ៍របស់យើង»។ ភ្នំពេញប៉ុស្តិ៍ បានឲ្យឱកាសដល់លោក Sebastian Strangio។ អ្នកនិពន្ធរូបនេះនិយាយថា «លោក ហ៊ុន សែន បន្តធ្វើឲ្យផលចំណេញពីការចរចារបស់បក្សសង្គ្រោះជាតិកាន់តែចុះខ្សោយ»។ មុននឹងបញ្ចប់អត្ថបទរបស់ខ្លួន កាសែតពីរភាសានេះ បានទុកកន្លែងឲ្យលោក អ៊ូ វីរៈ បញ្ចេញយោបល់។ អ្នកតាមដានសង្គមរូបនេះ ថ្លែងថា «ការផ្លាស់ប្តូរកាលបរិច្ឆេទនេះ គឺជាការប៉ុនប៉ងបំបែកគណបក្សសង្គ្រោះជាតិ។ លោក អ៊ូ វីរៈបន្តថា លោក ហ៊ុន សែន ចង់ដាក់សម្ពាធ និងធ្វើឲ្យបក្សសង្គ្រោះជាតិអាម៉ាស ព្រមទាំងបំបែកបំបាក់បក្សប្រឆាំង»៕
-ចំពោះកាសែតរស្មីកម្ពុជាវិញ បានឲ្យចំណងជើងនៅទំព័រមុខរបស់ខ្លួនថា «សម្តេចតេជោ ៖ ក្រៅពីគណបក្សប្រជាជនដឹកនាំ គណបក្សដទៃនឹងនាំមកនូវអស្ថិរភាព»។ លើសពីការសរសេរសរសើរប្រមុខរដ្ឋាភិបាល កាសែតនេះ បានយកខ្លឹមសារពីសន្ទរថារបស់លោកហ៊ុន សែន ពីម្សិលមិញមកចុះផ្សាយ។ ដោយមិនបានបដិសេធថាបក្សបង្កើតថ្មីៗជាប់ពាក់ព័ន្ធនឹងរូបលោក លោក ហ៊ុន សែន បែរជាវាយបកទៅអ្នករិះគន់ថាគឺលោកជាអ្នកបង្កើតតាំងពី២០០៧ទៅវិញ៕
-ក្រៅពីរឿងនយោបាយបាយ! កាសែតកោះសន្តិភាព បានពីជនជាតិវៀតណាមមកលេងកាស៊ីណូជួលអង្រឹងដេកចាំឆ្លងដែន។ ពីខេត្តស្វាយរៀង ដោយបង្ហាញរូបមនុស្សជាច្រើននាក់កំពុងដេកលើអង្រឹតព័ណ៌ក្រហម កោះសន្តិភាពរាយការណ៍ថា ជនជាតិវៀតណាមជិត១០០នាក់ សង្ស័យសុទ្ធតែជាអ្នកញៀនល្បែងកាស៊ីណូ ទំនងខកដំណើរបាននាំគ្នាជួលអង្រឹងដេកនៅក្នុងរោងជាប់ព្រំដែនកម្ពុជាវៀតណាម គឺក្បែរអង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចម្ងាយ១០០ម៉ែត្រ។ កាសែតនេះ ចងសរសេរឌឺឲ្យនគរបាលទីនោះ ដែលបើកដៃឲ្យវៀតណាមចូលច្រករបៀងដោយសេរី ផ្ទូយពីប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
-បន្ថែមលើរឿងទាំងនេះ កាសែតខ្មែរបានផ្សាយរប៉េះរប៉ោះពី ពលរដ្ឋចោទថាឧកញ៉ាម្នាក់រំលោភយកដីជាង៥០គ្រួសារនៅភូមិជ្រោយឫស្សី ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្តាល។ ហើយនៅខេត្តកំពតវិញ របងការពារដីនៅស្រុកទឹកឈូ របស់ឧកញ៉ាម្នាក់ធ្វើបំពានយកដីរដ្ឋ។ រឿងពីរនេះ មាននៅលើទំព័រកាសែតរស្មីកម្ពុជា។
-កម្ពុជាថ្មីឯណា បានរម្លឹករឿងចាប់ព្រះសង្ឃកម្ពុជាក្រោម ពីរអង្គកាលពីថ្ងៃទី១សីហា ដោយដាក់ចំណងជើងថា«ព្រះរាជអាជ្ញាចោទប្រកាន់អតីតសង្ឃវត្តតាមិញពីបទរក្សាទុកគ្រឿងញៀន»។ ប៉ុន្តែកាសែតកោះសន្តិភាព សរសរថា «សាលាដំបូងចេញដីកាឃុំអតីតសង្ឃដែលចាប់ផ្សឹក»។ កាសែតនេះ បានស្រង់សម្តីរបស់អ្នកតំណាងសហគមន៍សុំឲ្យដោះលែងអតីតសង្ឃទាំងពីរអង្គនោះ។ រឿងនេះ ក៏មាននៅទំព័រទី៣របស់ភ្នំពេញប៉ុស្តិ៍ដែរ៕