កិច្ចការ​ថ្ងៃអាទិត្យនេះ ២សីហា២០១៥

ថ្ងៃនេះ ធ្វើ​ព័ត៌មាន​ខ្លី! ហត់នឿយ និង​មិន​សូវ​មាន​ព័ត៌មាន​ក្តៅ​ៗ​ច្រើន​ទេ តែ​បាន​ប្រឹង​ប្រែង​ណាស់​ដែរ។

 -«ខ្ញុំ​សង្ឃឹមថា​ សាលា​​ឧទ្ធរណ៍ ​នឹង​ផ្តល់​យុត្តិធម៌​ចំពោះ​ខ្ញុំ​និង​តំណាង​កម្មករ​ទាំង​៨នាក់ នៅ​ថ្ងៃ​ទី​១១សីហា​ខាង​មុខ​នេះ» ។ នេះ​គឺ​ជា​ក្តី​រំ​ពឹងរបស់​​លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជក្រៅប្រព័ន្ធកម្ពុជា IDEA បន្ទាប់ពី​បាន​ទទួល​ការ​កោះ​ហៅ​របស់​តុលាការ​ឧទ្ធរណ៍​ឲ្យ​ចូល​សវនាការ​នៅ​ ថ្ងៃ​ទី​១១សីហា ខាង​មុខ​។ សូម​រម្លឹក​ថា លោក វន់ ពៅ និង​អ្នក​តំណាង​សហជីព​ទាំង​៨នាក់ បាន​​សង្កេត​ការ​ នៅ​ពេល​កម្មករ​​រោង​ចក្រ​យ៉ាក់​ជីនតវ៉ា ទាមទារដំឡើង​ប្រាក់​ឈ្នួល​​១៦០ដុល្លារ ​ កាលពីខែ​មករា​ឆ្នាំ​២០១៤។ គ្រានោះ លោក វន់ ពៅ ត្រូវ​ទាហាន​ឆត្រ​យោង​លេខ​៩១១ វាយ​ជា​ទម្ងន់ និង​ចាប់​ដាក់​ពន្ធនាគារ​ត្រពាំង​ថ្លុង។ ហើយ​ខែ​ឧសភា​២០១៤ តុលាកា​រ​ដំបូង​ក្រុង​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​ពួក​លោក​ ឲ្យ​ជាប់​ពន្ធនាគារ​ពី​២ទៅ​៥ឆ្នាំ ហើយ​និងទឹក​ប្រាក់​៨ម៉ឺន​រៀល ប៉ុន្តែ​អ្នក​ទាំង​៨រូប​ ប្តឹង​ទាស់​ឡើង​ឧទ្ធរណ៍៕​

-នៅព្រឹកថ្ងៃអាទិត្យ លោក កឹម សុខា ចុះទៅខេត្តកំពង់ស្ពឺ ដើម្បី​ចូលរួមវេទិកា«តំណាងរាស្ត្រនិងម្ចាស់ឆ្នោត»។ ហើយនៅ​ពេល​រសៀល លោក​អនុប្រធាន​រដ្ឋសភា និងជា​ប្រធានា​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ នឹង​ចូលរួមក្នុង​ពិធីប្រកាសសុពលភាព ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិខេត្ត ក្រុង និងស្រុកទាំង៨​ នៅ​ខេត្តកំពង់ស្ពឺ របស់​បក្ស​សង្គ្រោះ​ជាតិ​៕​

-នៅ​ពេល​នេះ សហគមន៍ឡពាង ខេត្តកំពង់​ឆ្នាំង​ កំពុង​ដុត​ទីងមោង​ ​និង​ដាក់​បណ្តាសា ​ដល់​ស្ថាប័ន​តុលាការកម្ពុជា​​ ក្រុមហ៊ុនចិន និងក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង​។ ក្រៅពី​ដុត​ទីងមោង ក៏​មាន​គ្រឿង​រណ្តាប់ដូចជា ​អំបិល ទឹក​ ដី ព្រម​ទាំង​ម្ទេស​ជា​ដើម ដើម្បី​ធ្វើ​ពិធី​ដាក់​បណ្តាលសា​ដល់​ស្ថាប័ន​ទាំង​នោះ ហើយ​មាន​ប្រជាពលរដ្ឋ​ចូលរួម ជាង​៧០គ្រួសារ​ គឺ​ប្រហែល​ជិត​១០០នាក់។ នេះ​បើ​តាមលោកស្រី អ៊ុំ សុភី ​តំណាងសហគមន៏ឡពាង។ សូម​បញ្ជាក់ថា ទំនាស់​ដីធ្លី​របស់​សហគមន៍ឡពាងជាមួយ​​ក្រុម​ហ៊ុន​ចិននិ​ងក្រុមហ៊ុន KDC បាន​កើត​ឡើង​និង​អូស​បន្លាយ​តាំងពី​ឆ្នាំ​២០០៦មក។ ទោះ​យ៉ាងណា​ក្តី ពលរដ្ឋ​ទាំង​នោះ នៅតែ​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​ប្រញាប់។ មិនតែប៉ុណ្ណោះ​​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ជា​ប​ន្ត​ទៀត​៕

-ទីបំផុតទៅ លោក យ៉េង វិរៈ បានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានហើយ។ ចំណែកលោក សាម ស៊ុនឌឿន ជាប់ជាអនុប្រធាន អមដោយអគ្គលេខាធិការម្នាក់ និងម្នាក់ទៀតជាអគ្គហិរញ្ញិក។ ការបោះឆ្នោតនេះ ធ្វើនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយការបោះឆ្នោតនោះ គឺ​ជាបញ្ចប់តែម្តង ដោយមាន​សំឡេងឆ្នោតគាំទ្រ ៩៧/១០៤សំឡេង។ សូម​ជម្រាបថា បច្ចុប្បន្ន​ លោក យ៉េ​ង វីរៈ មាន​អាយុ៥៤ឆ្នាំ ជាប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ៕

-អាស៊ាននិងចិន កំពុងពិភាក្សាគ្នាអំពីការបង្កើតប្រព័ន្ធខ្សែទូរស័ព្ទ Hotline នៅក្នុងករណីមានគ្រោះ​អាសន្នបន្ទាន់ណាមួយ ដែលទាក់ទងនឹងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង។ នេះបើតាមមន្ត្រីរដ្ឋាភិបាលហ្វីលីពីន ដែលបាននិយាយនៅថ្ងៃអាទិត្យនេះ​។

-អំពើពុករលួយនៅប្រទេសកេនយ៉ា កាន់តែដុនដាបជាមុនទៅទៀតនេះ។ នេះគឺជាការលើកឡើងរបស់សកម្មជនប្រឆាំងអំពើពុករលួយជើងចាស់ម្នាក់ បន្ទាប់ពីធ្វើសវនកម្មហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ហើយក៏ជាការលើកឡើងបន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីអាមេរិក។ បើតាមអង្គការតម្លាភាពអន្តរជាតិ ប្រទេសកេនយ៉ាជាប់លេខ១៤៥ នៅក្នុងចំណោម១៧៤ប្រទេសដែលពុករលួយបំផុត​លើលោក៕

-យ៉ាងហោចណាស់មនុស្ស២៧នាក់ស្លាប់ ដោយសារគ្រោះទឹកជំនន់នៅប្រទេសភូមាកាលពីថ្ងៃម្សិលមិញ។ ហេតុការណ៍នេះកើតនៅភាគខាងលិចនៃប្រទេស។ អាជ្ញាធរភូមាបានឲ្យដឹងថា ផ្ទះសម្បែង ប្រមាណ១៥ម៉ឺន បានរងការខូចខាត។

-បំណែក របស់យន្តហោះ MH370 បានរកឃើញបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ។ នោះគឺជាការរកឃើញដោយសារ​អ្នកទេសចរដែលដើរលេងតាមមាត់ឆ្នេរ នៅកោះ La Réunion ដែលជាដែនដីនាយសមុទ្ររបស់ប្រទេសបារាំង។ យន្តហោះជើងហោះហើរលេខ៣៧០របស់ក្រុមហ៊ុន Malaysia Airlines បានបាត់ស្ងាត់ដំណឹងសូន្យឈឹង កាលពីថ្ងៃទី៨ មីនា ២០១៤។ ហើយទើបតែមានការអះអាងពីពេលថ្មីៗនេះ ថារកឃើញបំណែកជាបន្តបន្ទាប់នៅកោះ La Réunion ភាគនីរតីមហាសមុទ្រឥណ្ឌា។

-ពាក់ព័ន្ធនឹងការបាត់យន្តហោះរបស់ក្រុមហ៊ុន Malaysia Airlines នេះដែរ។ កាលពីថ្ងៃពុធ បំបែកស្លាបយន្តហោះ ដែលស្រដៀងនឹងយន្តហោះ Boeing 777 បានត្រូវគេរកឃើញនៅសមុទ្រឥណ្ឌា ហើយត្រូវបានបញ្ចូនទៅត្រួតពិនិត្យនិងវាយតម្លៃនៅខេត្ត Toulouse ប្រទេសបារាំង​។

-ប្រទេសអ៊ីរ៉ង ប្រកាសចង់ទិញយន្តហោះប្រហែល៩០គ្រឿង ប្រភេទ Boeing និង Airbus ដើម្បីជំនួសយន្តហោះរបស់ខ្លួនដែលចាស់ជរាណាស់ទៅហើយ។ សព្វថ្ងៃ អ៊ីរ៉ង់ មានយន្តហោះចំនួន១៤០គ្រឿងដែលកំពុងដំណើរការ ហើយយន្តហោះទាំងនោះ មានអាយុយ៉ាងតិចជាង២០ឆ្នាំ។ ប៉ុន្តែបើតាមកិច្ចព្រមព្រៀងស្តីពីនុយក្លែអ៊ែរជាមួយប្រទេសមហាអំណាច ចុះថ្ងៃទី១៤កក្កដានៅក្រុង Vienne គឺ អ៊ីរ៉ង មិនត្រូវអនុញ្ញាតឲ្យទិញ ជួល ឬផ្លាស់ប្តូរម៉ូទ័រ ឬក៏បំណែកយន្តហោះ ណាមួយនោះទេ៕

-ឧត្តមសេនីយ៍ ​ជាន់​ខ្ពស់​ម្នាក់របស់​ប្រទេស​បុរុឌី បានត្រូវ​​សម្លាប់នៅ​ថ្ងៃអាទិត្យ​នេះ ដោយសារការ​ផ្ទុះ​​​គ្រាប់​រ៉ូកែត ​លើ​ឡាន​របស់គាត់​។ លោក ​អាល់ដុលហ្វឺ សីមីរី ម៉ាណា Adolphe Nshimirimana គឺ​ជាជាដៃស្តាំ​និង​ជា​​ជន​ដែល​ស្និទ្ធ​នឹង​ប្រធានាធិបតី Pierre គុរុនហ្ស៊ីហ្សា ហើយ​ក៏​ជា​ជនសំខាន់​​លេខ​២​របស់​ប្រទេសផងដែរ កាន់ការ​ផ្នែក​ការពារ​ជាតិ​។ រហូត​មក​ទល់​ពេល​​នេះ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុជាក់​លាក់​ដែល​បណ្តាល​ឲ្យ​មាន​ឃាតកម្មនេះ នៅឡើយ​ទេ៕​​

-ប្រទេសប៉ាពូអាស៊ីហ្គីណេ ប្រកាសនៅថ្ងៃអាទិត្យនេះ ប្តេជ្ញាប្រឆាំងនឹងការជួញដូរមនុស្សតាមទូក។ នាយករដ្ឋមន្ត្រីប្រទេសនេះ សន្យារឹបអូសទូកជួយដូរមនុស្ស ដែលចាកចេញពីប្រទេសភូមានិងកម្ពុជា។ គួរបញ្ជាក់ដែរថាពីពេលថ្មីៗនេះ ប្រទេសប៉ាពូអាស៊ីហ្គីណេ បានសង្គ្រោះមនុស្ស៨នាក់ចេញពីទូកនេសាទ។ បើតាមរបាយការណ៍របស់សហរដ្ឋអាមេរិក ស្តីពី ការជួយដូរមនុស្ស ដែលចេញពីចុងខែកក្កដា ឲ្យ​ឃើញថា​ កម្ពុជា ភូមា និងថៃ ដែលជាប្រទេសជិតខាងគ្នានោះ គឺស្ថិតនៅលំដាប់បាតតារាង។ ពោល​គឺ​មិន​ល្អ​ប៉ុន្មាន​ទេ​។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s