ទស្សនៈសារព័ត៌មាន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥

សូម​ស្តាប់៖ ទស្សនៈសារព័ត៌មាន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៥

ដោយ ហេង ឧត្តម http://mfi.re/listen/j4wk6uy0vc4gsp5/07h00-Press_Review-Oudom-26-06-2015.mp3

RFI :http://km.rfi.fr/cambodia/press-review-on-friday-26-06-2015/

Press review-10-04-2015

កាសែត​ខ្មែរ​នៅ​ក្នុងស្រុក​ នៅ​ថ្ងៃនេះ​ នាំគ្នា​សរសេរ​ច្រើន​ពី​ជន​ជាតិ​វៀតណាមរស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា។ លោក​អ្នក​នាង​ស្តាប់! បាន​ជ្រាប​មកហើយ​ពី​ចំណាត់​ការ​ដ៏​ក្តៅ​គគុក​របស់​អាជ្ញាធរ​ លើ​​ជន​ជាតិ​វៀតណាមខុស​ច្បាប់​ នាពេល​ថ្មីៗ​នេះ។ ហើយ​ម្សិលមិញ​នេះ ក៏​មាន​ការ​រុះរើស​ផ្ទះ​លើ​ទឹក​បន្ថែម​ទៀត នៅ​អរិយក្សត្រ ខេត្ត​កណ្តាល​។ កោះសនិ្តភាព នៅ​ថ្ងៃនេះ ​សរសេរ​អត្ថបទ​មួយ​ដោយនៅទំព័រ​មុខ​​មានដោយ​​រូបថត​​ដំបូល​ផ្ទះលើទឹករបស់ជន​ជាតិ​វៀតណាម​​មួយ​ផ្ទាំង​​ផង។

កាសែតនេះដាក់ចំណង​ជើង​​ថា «ដេញ​ផ្ទះ​ទឹក​ជន​ជាតិ​វៀតណាម​នៅ​អរិយក្សត្រ​ចេញអស់​ហើយ»។ កាសែត​រាយ​ការណ៍​ទៀត​ថា អាជ្ញាធរ​បាន​រុះរើ​ចេញអស់​ហើយនូវ​ផ្ទះ​ទឹក បែ និង​ទូក​របស់​ជន​ជាតិ​វៀតណាម​ ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​​ទន្លេមេគង្គ​ចំណុច​ចម្លង​អរិយក្សត្រ​នោះ។​ កោះសន្តិភាព​បញ្ជាក់ថា ផ្ទះ​ទាំងនោះ មាន​ជនជាតិវៀតណាម​​​៦៥​គ្រួសារ​ដែល​រស់​នៅទីនោះ។ កាសែត​នេះ ឲ្យ​ដឹង​ទៀតថា បន្ទាប់ពីវៀតណាម​ចាកចេញ បន្សល់​ទុក​នូវ​សំរាម​កាក​សំណល់​ជា​ច្រើនរាយប៉ាយ​តាម​មាត់ទន្លេ ហើយ​កម្លាំង​សមត្ថកិច្ច​ ៣អង្គភាព​របស់​ស្រុក​ល្វាឯម និង​សិស្សានុសិស្ស នាំគ្នា​ដើរ​សម្អាត​សំរាម​ទាំង​នោះ​។​ នៅ​ចុង​​បញ្ចប់​នៃ​អត្ថបទ​របស់​ខ្លួន​ កោះសន្តិភាពក៏​​លើកឡើងថា ប្រសិនបើផ្ទះ​បណ្តែត​ទឹក​នៅ​ផ្សារ​ក្រោម ជាយក្រុង​កំពង់ឆ្នាំ​​ ត្រូវ​រើ​ចេញ​ដែរ នោះ​ប្រហែល​ជា​ដៃ​ទន្លេ​សាប​លែង​តូច​ចង្អៀត​ហើយ។

 -កាសែតនេះ ​បន្តចាប់​អារម្មណ៍​រឿង​ចាប់​ជន​បរទេស​ខុស​ច្បាប់ ដោយនៅទំព័រ​ទី​១១ កាសែត​កោះ​សន្តិភាព​សរសេរ​អត្ថបទ​មួយ​ទៀតថា«ប៉ុលិស​អន្តោប្រវេសន៍​ត្រួតពិនិត្យ​ការរស់នៅ​របស់​ជន​ជាតិ​វៀតណាម»។ អាជ្ញាធរ​បាន​ចុះ​ត្រួតពិនិត្យ​ការ​រស់​​នៅ​ខុស​ច្បាប់​របស់​ជន​ជាតិ​វៀតណាម​ដែល​រស់នៅ​ពួន​សម្ងំ​ ក្នុង​ទីតាំង​ឃ្លាំង​​អេតចាយមួយ ក្នុង​​ខណ្ឌច្បារ​អំពៅ ក្រុងភ្នំពេញ​។ ​ កោះសន្តិភាព​បញ្ជាក់ថា កម្លាំង​នគរបាល​អន្តោប្រវេសន៍​​ បាន​ឃាត់​ខ្លួនវៀតណាម ​ភ្លាម​​សរុប​១០៩នាក់ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ពួក​គេ​ទាំង​នោះ មាន​លិខិត​ឆ្លង​ដែន​ប៉ុន្មាននាក់ និងអ្នក​អត់​លិខិត​បញ្ជាក់​អ្វី​សោះ ប៉ុន្មាន​នាក់​នៅឡើយទេ។ កោះសន្តិភាព​ឆ្លៀត​បញ្ជាក់​ពី​ប្រតិបត្តិការរបស់​នគរ​បាល​អន្តោប្រវេស​ ដែល​​ចុះ​ត្រួតពិនិត្យ​៧ទី​តាំង​នៅ​ភ្នំពេញ និងឃាត់​ខ្លួន​ជន​បរទេសចំនួន​៧ជាតិសាសន៍ សរុប​២ ៥៥៨នាក់​ ដែល​សុទ្ធតែគ្មាន​លិខិត​ឆ្លង​ដែន​និង​លិខិត​ស្នាក់​នៅ​ត្រឹមត្រូវនោះទេ។ តាម​កោះសន្តិភាព, ពួក​គេ​ទាំង​ជាង​២ពាន់​ ៥៥៨នោះ ត្រូវ​ក្រសួង​មហាផ្ទៃ​បណ្តេញ​ចេញពី​កម្ពុជា​​រួច​ហើយ​​​។

-ភ្នំពេញ​ប៉ុស្តិ៍ វិញ ក៏​បានយក​រឿង​នេះ​ជា​ប្រធាន​បទសំខាន់​សម្រាប់​ថ្ងៃ​នេះ​ដែរ។ «អាជ្ញាធរ​ចាប់​វៀតណាម​រស់នៅ​ខុស​ច្បាប់​​ជាង​១០០នាក់ទៀត»។ គឺ​ជា​ចំណង​ជើង​ដោយ​អក្សរ​ឌិត​ខ្មៅ​ធំៗ នៅ​ទំព័រ​មុខ​ភ្នំពេញប៉ុស្តិ៍។ កាសែត​នេះ រាយ​ការណ៍​ថា ពួក​គេ​ទាំង​នោះ ជា​ជាង​ជួស​ជុល​ម៉ាស៊ីន និង​ដោះ​គ្រឿង​ម៉ាស៊ីន​ ជា​ដើម នៅ​កន្លែង​អេតចាយ​នោះ។ ខ្លះ​មាន​ឯកសារ​ចេញ​​ដោយ​អាជ្ញាធរ​ខ្មែរ អ្នក​ខ្លះ​ទៀត មិន​មែននោះទេ។

ភ្នំពេញ​ប៉ុស្តិ៍ បាន​ផ្តល់​ឱកាស​ដល់​ តំណាង​សហជីព​ខាង​កម្មករ​សំណង់និយាយ។ លោក យ៉ាន់ ធី យល់ថា វត្តមាន​វៀតណាម​ខុស​ច្បាប់​ គឺ​បាន​ដណ្តើម​ការងារ​ខ្មែរ​ ហើយថៅកែវៀត​ណា​ម​វិញ ផ្តល់​ប្រាក់​ខែ​ឲ្យ​កម្មករ​វៀតណាម​ខ្ពស់​ជាង​កម្មករ​ខ្មែរ។ លោក​សង្កត់ធ្ងន់ថា ដោយ​សារ​​វៀតណាម​មក​ដណ្តើ​ម​ការងា​រខ្មែរហ្នឹង​ហើយ ទើប​ខ្មែរ​ចេញ​ពីស្រុកទៅធ្វើការ​ប្រទេស​​​ផ្សេង។

ចំណែក​កាសែត​កម្ពុជា​ថ្មី ក៏​ចាប់​អារម្មណ៍​រឿង​នេះដែរ ដោយ​សរសេរ​អត្ថបទមួយ​នៅក្រប​មុខ​ថា «នគរបាល​ឃាត​ខ្លួន​ជន​ជាតិ​​វៀតណាម​១០៩នាក់​នៅ​ភូមិ​បឹង​ឈូក​ យកទៅ​សាក​សួរ»។ កម្ពុជា​ថ្មី​ជូន​ព័ត៌មាន​ដូចកោះ​សន្តិភាព​ដែរ ដោយ​គ្រាន់​បញ្ជាក់​ថា ក្នុង​នោះ​មាន​ស្ត្រី​វៀត​ណាម​៤០នាក់។

 បន្ទាប់ពីរ​វៀតណាម រឿង​នយោបាយរវាង​ប្រមុខ​បក្ស​នៅកម្ពុជា​ ត្រូវ​កាសែតខ្មែរ​​នាំគ្នា​សរសេរ​​។ «សារលិខិត​ឆ្លើយ​ឆ្លង​ ថ្នាក់​ដឹកនាំបក្ស​ទាំង​៣​បង្ហាញ​ពី​គោល​ជំហរ​ដើម្បី​ប្រទេស​ជាតិ»។ ជា​ចំណង​ជើង​ធំ​នៅ​ទំព័រ​មុខ​របស់​កោះសន្តិភាព។ កាសែត​​នេះ រាយការណ៍ថា លោក សម រង្ស៊ី សរសេរ​លិខិត​១ច្បាប់​អបអរ​ជូន​លោក ហ៊ុន សែន ដែល​ត្រូវ​គណៈកម្មាធិការ​កណ្តាល​​បក្ស​ប្រជាជន​បោះឆ្នោះ​គាំទ្រ​ជា​ប្រធាន​របស់​បក្ស។ លោក សម រង្ស៊ី បញ្ជាក់ជំនឿយ៉ាងមុខ​មាំថា បក្ស​ប្រជាជន​​ក្រោម​ការ​ដឹកនាំរបស់​លោក​ហ៊ុនសែន នឹង​បន្ត​រីកចម្រើន​ជា​លំដាប់ ហើយ​បន្ត​ចំណង​ទាក់​ទង​និង​សហប្រតិបត្តិការ​ពង្រឹង​វប្បធម៌​សន្ទនា​រវាងបក្ស​ទាំង​ពីរ​។ កាសែត​កោះសន្តិភាព ក៏​បាន​លើក​ឡើង​ពី​សារ​លិខិត របស់​សម្តេច​ក្រមព្រះ។​ មិន​ខុស​ពី​លោក សម រង្ស៊ី ប៉ុន្មាន​ទេ ទ្រង់​នរោត្តម រណឫទ្ធិ មាន​ជំនឿង​មុនមាំថា ដោយ​បញ្ញាណាដ៏​ឈ្លាសវៃ ភ្លឺស្វាង​ប្រកប​ដោយ​ទេព​កោសល្ល ប៉ិន​ប្រសប់ ពោរពេញ​ដោយ​បទពិសោធ, លោកប្រធាន​បក្ស ហ៊ុន សែន នឹង​ទទួល​បាន​ជោគជ័យ​គាប់​ប្រសើរ​​ក្នុងការ​ដឹក​នាំបក្សប្រជាជន​។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​សម្តេច​ក្រមព្រះ ដែល​កោះ​សន្តិភាព​ដក​ស្រង់​ទៅ​ចុះ​ផ្សាយ​​នៅថ្ងៃ​សុក្រ​នេះ​។

 ចំណែក​កម្ពុជា​ថ្មី ក៏​សរសេរ​ដែរថា «សម្តេច​ក្រុម​ព្រះ​និង​លោក សម រង្ស៊ី ជូន​ពរ​សម្តេច​តេជោ»។ មិន​ខុស​ពី​កោះ​សន្តិភាព​ទេ​​, កាសែត​កម្ពុជាថ្មី បាន​យក​លិខិត​របស់​ប្រធាន​បក្ស​សង្គ្រោះជាតិ និង​ហ្វ៊ិន​ស៊ិនប៉ិច ដែល​បាន​ផ្ញើ​ជូន​ប្រធានថ្មីរបស់បក្ស​ប្រជាជនកម្ពុជា។ ដោយឡែក រឿង​ជូន​ពរ​គ្នា​បែបនេះ មិនមាន​នៅលើ​ទំព័រ​មុខ​ឬ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះទេ។

រស្មីកម្ពុជា ​ឲ្យ​ទំព័រ​មុខ​បន្តិច​ទៅលោក ហ៊ុន សែន និង​ សម រង្ស៊ី ឆ្លៀត​រម្លឹក​ពី​វប្បធម៌​សន្ទនា​របស់​បក្ស​ទាំង​ពីរ។ ខុស​ពី​គេ​ឯង​​បន្តិច កាសែត​នេះ មិន​សរសេរ​រឿង​វៀតណាម​នៅ​ក្រប​មុខ តែ​ចាប់អារម្មណ៍​រឿង​សេវាកម្ម​សុខាភិបាល​អន់​ថយទៅវិញ​។ «ថវិកា​ជាតិ​ចាយ​ច្រើន​លើ​វិស័យ​សុខាភិបាល តែសេវា​នៅតែអន់» នេះ​ជា​ចំណង​ជើង​នៅ​ក្រប​មុខរបស់​​រស្មី​កម្ពុជា។ កាសែត​នេះ សរសេរ​លម្អិត​នៅទំព័រទី​៤។

 ក្រៅ​ពីរឿង​ទាំង​នេះ ភ្នំពេញ​ប៉ុស្តិ៍​ ចាប់​អារម្មណ៍​រឿង «សិស្ស​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​ធ្លាក់​ចុះ»។ កាសែត​ឲ្យ​ដឹង​ថា បេក្ខជន​ប្រលង​បាក់​ឌុប នៅថ្ងៃទី​២៤ ខែសីហា ខាងមុខ​ មានការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ពោល​គឺ​មាន​តែ ​៨៨ ៤៨៨ នាក់​ប៉ុណ្ណោះ។ រឿង​សំខាន់​មួយ​ទៀត ដែល​កាសែត​ពីរភាសា​នេះ ឲ្យ​តម្លៃគឺ «រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្មី​ស៊ើប​អង្កេត​លើករណី​ឃាតកម្ម​លោក ជាវិជ្ជា»។ កាសែតភ្នំពេញ​ប៉ុស្តិ៍ បញ្ជាក់ថា លោក​ហ៊ុន សែន​ បាន​ចាត់​តាំងមន្ត្រី​ជាន់​ខ្ពស់​៦រូប​ ពី ម្សិលមិញ ដើម្បី​ស៊ើប​អង្កេតករណី​ឃាតកម្ម​ លើ​លោក ជា វិជ្ជា, ហ៊ី វុទ្ធី និង​ រស់​សុវណ្ណារ៉េត។

 រីឯ​នៅលើ​ក្រប​មុខ រស្មី​កម្ពុជា មាន​អត្ថបទ​សន្តិសុខ​សង្គម​មួយ គឺ​នៅខេត្ត​កំពង់ធំ​រង​ខ្យល់​កន្ត្រាក់​ ផ្ទះ​ជាង​១០០ខ្នង​រលំ និង​មនុស្ស​៧នាក់​រង​របួស។ ហេតុការណ៍​នេះ​បា​នកើត​ពីថ្ងៃម្សិលមិញ។ កាសែត​នេះ បញ្ជាក់ទៀត​ថា នៅ​ថ្ងៃទី​២៨ខាងមុខ នឹង​មាន​ព្យុះ​ថ្មី​មួយ​ទៀត ដែល​បក​ពី​ភាគ​ខាង​ត្បួង​ប្រទេស​ចិន ឈ្មោះ Kujira៕

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s